ស្វែងយល់បន្ថែមអំពីរឿងខ្លី ខែ សីហា 14, 2007
Posted by អាចម៍ផ្កាយ in រៀននិពន្ធរឿង.trackback
រឿងខ្លីជាទំរង់បំព្រួញនៃរឿងប្រឌិតពាក្យរាយ។ ភាគច្រើនរឿង
ទាំងនេះមានទំហំខ្លីល្មមងាយស្រួលក្នុងការអាននាពេលឈប់សម្រាក
ម្តងម្កាល។ ទោះបីជារឿងទាំងនេះយើងអាចអានវាចប់ក្នុងរយៈពេលខ្លី
ក៏ដោយ ក៏វាអាចធ្វើឲ្យយើងរំភើប រីករាយ និងងឿងឆ្ងល់បានដែរ។
រឿងខ្លីវាអាចនាំយើង ទៅកាន់ការផ្សងព្រេងមួយដ៏រំភើប វាបង្ហាញ
ឲ្យយើងឃើញអំពីធម្មជាតិរបស់មនុស្ស ហើយវាបង្កើតនូវភាព
អស្ចារ្យធ្វើឲ្យយើងជឿជាក់លើភពផែនដី។ គ្រាន់តែប្រវែងពីរឬបីទំព័រ
នៃរឿងខ្លីគឺវាផ្ទុកពេញប្រៀបទៅដោយធាតុសំខាន់ទាំងបួនរបស់វា គឺ
ដំណើររឿង(Plot), តួអង្គ(Character), កាលអាកាស(Setting),
មូលន័យ(Them) ។ ធាតុទាំងបួននេះគឺជាធាតុដ៏សំខាន់ ដែលអ្នក
និពន្ធមិនអាចបោះបង់ចោល មួយណាបានឡើយ។ ធាតុទាំងនេះ
វាជួយឧបត្ថម្ភគ្នាទៅវិញទៅមក បំពេញគ្នាទៅវិញទៅមក។ តទៅនេះ
យើងនឹងបង្ហាញអំពីធាតុនីមួយៗដូចតទៅ៖
ក.ដំណើររឿងៈ
គឺជាព្រឹត្តិការណ៍ ឬបញ្ហាអ្វីៗដែលវាកើតឡើនៅក្នុងរឿង។
ព្រឹត្តិការណ៍មុនដំបូងវាតែងតែជាមូលហេតុធ្វើឲ្យកើតនូវព្រឹត្តិការណ៍
បន្ទាប់ទៀត។ នៅផ្នែកខាងក្នុងនៃដំណើររឿង វាគឺជាបញ្ហាទំនាស់វិបត្តិ
ដែលតួអង្គឯកប្រឈមមុខ។ទំនាស់វិបត្តិទាំងនេះវាអាចកើតជាមួយខ្លួន
ឯង ឬក៏ដោយការប្រកួតប្រជែងជាមួយអ្នកដទៃឬការប្រយុទ្ធតស៊ូទប់
ទល់ជំនះរាល់ការលំបាកទាំងឡាយ។ បញ្ហាទំនាស់នេះ វាកើតឡើង
ខ្ពស់ទៅៗ រហូតទៅដល់ចំណុចសំខាន់ខ្ពស់បំផុតមួយ។ នៅត្រង់
ចំណុចនេះហើយដែលតួអង្គឯកបានដោះស្រាយនូវរាល់វិបត្តទំនាស់
ព្រមទាំងបានយល់ បានស្គាល់អំពីខ្លួនរបស់គេ។
ខ.តួអង្គ
គឺជា បុគ្គលទាំងឡាយនៅក្នុងរឿង ។ ក្នុងរឿងនីមួយៗ តែងតែមាន
តួអង្គសំខាន់ ឬតួអង្គឯកមួយ ឬក៏ពីរជាមិនខាន។ហើយបុគ្គលទាំង
នេះត្រូវតែជាតំណាងឬឲ្យដូចមនុស្សនៅក្នុងសង្គម ព្រមទាំងមាន
ហេតុផលច្បាស់លាស់ក្នុងសកម្មភាពរបស់គេ។
គ.កាលអាកាស
នេះគឺជាពេលវេលា និងទីកន្លែងដែលដំណើររឿងត្រូវបានកើតឡើង។
តើរឿងនេះកើតឡើងពេលណា ហើយនៅទីណា? ការអធិប្បាយបាន
ពិស្តារនូវកាល និងអាកាស វាជួយជំរុញរឿងរបស់យើង ឲ្យវាមានភាព
ស្រពាប់ស្រពោន និងរស់រវើក។
ឃ.មូលន័យនិងមូលបញ្ហា
មូលន័យនេះ គឺជាន័យសំខាន់បំផុតនៅក្នុងរឿងដែលអ្នកនិពន្ធចង់
និយាយ។ ចំណុចសំខាន់នេះ គឺពុំមែនអាចមើលឃើញភ្លាមៗនោះ
ទេ គឺវាត្រូវឆ្លងកាត់ការពិចារណា ការវិភាគទើបអាចរកឃើញ។
ធម្មតាក្នុងការសរសេររឿងមួយ អ្នកនិពន្ធតែងតែមានបំណងអប់រំ
អំពីមេរៀនជីវិត។ហើយមេរៀនទាំងនេះ ត្រូវបានដកស្រង់ចេញ
មកអំពីការសង្កេតទៅលើបញ្ហាសង្គម។ លទ្ធផលនៃការសង្កេត
ទាំងនេះ ត្រូវបាន គាត់យកមកបញ្ចូលនៅក្នុងកថាខណ្ឌណាមួយ
របស់រឿង តាមរយៈសម្តីតួអង្គឬក៏តាមសម្តីរបស់ខ្លួនផ្ទាល់។
ឧទាហរណ៍ៈនៅក្នុង រឿងទុំទាវ គឺគេនិយាយអំពីអំណាចផ្តាច់ការ
ក្នុងនោះមានផ្តាច់ការសព្វបែបយ៉ាងទាំងអស់ដូចជាៈ ក្នុងគ្រួសារ
ក្នុងវត្ត ក្នុងរបបស្តេចត្រាញ់ រហូតដល់ផ្តាច់ការរបស់ស្តេចផែនដី។
ចុះមូលបញ្ហាជាអ្វី?
មូលបញ្ហាគឺជាគំនិតតូចៗរាយរងទាំងឡាយ ដែលសរសេរឡើងដើម្បី
គាំទ្រដល់មូលន័យ។ មូលបញ្ហាជាច្រើនរួមបញ្ចូលគ្នា ទើបបង្កើតបាន
ជាមូលន័យមួយ។ មូលបញ្ហាដែលមាននៅក្នុងរៀងទុំទាវមានដូចជាៈ
-ការផ្តាច់ការរបស់ម្តាយទៅលើការរើសគូរស្រករ, ផ្តាច់ការរបស់
លោកគ្រូចៅអធិការ។
-ផ្តាច់ការរបស់ស្តេចត្រាញ់, ផ្តាច់ការរបស់ស្តេចផែនដី។
គោលការណ៍នៃការសរសេររឿងខ្លី
ក្នុងការសរសេររឿងមួយឲ្យមានលក្ខណៈត្រឹមត្រូវតាមហេតុតាមផល
នោះគឺយើងត្រូវតែ អធិប្បាយឲ្យបានច្បាស់លាស់អំពីតួអង្គ និងកាល
អាកាស។ ក្នុងការសរសេររឿងយើងត្រូវៈ
១.ត្រូវមានគំនិត ទស្សនៈ គិតអំពីវិបត្តិចម្បងៗ។ក្នុងការសរសេរ
ដែលល្អគឺបើគេចង់និយាយអំពីរឿងអ្វីមួយ អ្នកនិពន្ធត្រូវដឹងរឿង
នោះឲ្យច្បាស់លាស់ ជាមុនសិន។
២.យើងត្រូវគិតរកឱ្យឃើញនូវវិធីដែលជំរុញឱ្យតួអង្គរបស់យើង
ធ្លាក់ចូលទៅក្នុងវិបត្តិទំនាស់។ ហើយតើយើងត្រូវដោះស្រាយ
វិបត្តិទាំងនោះដោយវិធីណា?
៣.យើងត្រូវព្យាយាមរកនឹកថាតើឲ្យតួអង្គរបស់យើងមានលក្ខណៈ
ដូចម្តេច? រូបរាងយ៉ាងណា, សម្តីយ៉ាងណា, ឫកពាយ៉ាងណា?
តែការដាក់នេះក៏ត្រូវឲ្យវាសមស្របជាមនុស្សដែរ។ តែគម្រោង
ទាំងនេះ យើងពុំដាក់បញ្ចូលទាំងស្រុងទៅក្នុងដំណើររឿងរបស់
យើងទេ យើងត្រូវជ្រើសរើសតែចំនុចណាដែលត្រឹមត្រូវនឹងសាច់
រឿងរបស់យើង។
៤.កាលអាកាសៈ យើងត្រូវធ្វើគំរោងដោយពណ៌នាឲ្យល្អិតល្អន់
យ៉ាងច្រើន ដែលមានទាំងបញ្ហា, ទីកន្លែង, ពេលវេលា,
អាកាសធាតុ។តែព័ត៌មានទាំងនេះយើងពុំបានដាក់បញ្ចូលទាំង
អស់ទេ គឺយើងនឹងត្រូវជ្រើសរើសម្តងទៀត នៅពេលដែលយើង
សរសេរជាពង្រាងលើកទីពីរ។
៥.សរសេរគំរោងប្លង់ធំមួយ
គំរោងវាជួយឲ្យយើង ធ្វើដំណើរចំទិសដៅមិនចាប់ចុងប្រយុង
ដើម។ គំរោងមានដូចខាងក្រោមៈ
ក.ផ្តើមរឿង
ក.១បង្ហាញតួអង្គឯក
ក.២រៀបរាប់កាលអាកាស
ក.៣ចាប់ផ្តើមដំណើររឿង
ខ.តួរឿងចែកជាបីគឺៈ
ខ.១បង្ហាញអំពីវិបត្តិរបស់តួអង្គឯក
ខ.២បង្ហាញតួអង្គរង
ខ.៣ជំរុញវិបត្តិទំនាស់ឲ្យទៅកាន់ចំណុចខ្ពស់បំផុត
គ.បញ្ចប់រឿង
ត្រូវឲ្យមានដំណោះស្រាយមួយឲ្យត្រឹមត្រូវព្រមទាំងបង្ហាញឲ្យអស់
ឡើងវិញនូវតួអង្គទាំងឡាយដែលមានវត្តមាននៅក្នុងសាច់រឿង។
៦.នៅពេលដែលយើងសរសេរគំរោងប្លង់ របស់យើងបានស្រេច
បាច់ហើយ យើងត្រូវនិទានដំណើររឿង (សាច់រឿង) របស់យើង។
យើងត្រូវកំណត់ឱ្យច្បាស់ចំណុចកំពូលនៃទំនាស់ បន្ទាប់មកយើង
ត្រូវបង្ហាញត្រួសៗអំពីដំណោះស្រាយ។
៧.យើងត្រូវត្រៀមល្បះសន្ទនា រវាងតួអង្គនិងតួអង្គ។
ល្បះទាំងនេះវាអាចបង្កើនសម្រស់ ជំនក់អារម្មណ៍ពីសំណាក់អ្នក
អាន ។ ក្នុងនោះយើងត្រូវជ្រើសរើសល្បះណាមួយដែលត្រូវទៅ
នឹងសកម្មភាព និងសាច់រឿងរបស់យើង។ខាងក្រោមនេះគឺជារឿង
ខ្លីមួយ ដែលយើងបានយកលំនាំតាមរឿងបរទេសមួយមានចំណង
ជើងថា “The gift of the magi” ឬ «អំណោយដ៏អស្ចារ្យ» ។
សូមអានរឿងនេះបន្ថែមនៅទំព័ររឿងខ្លី








វិចារ នានា»
No comments yet — be the first.