មច្ឆាឈ្លក់ទឹក ខែ កញ្ញា 2, 2007
Posted by អាចម៍ផ្កាយ in ទឹកខ្មៅកវី.trackback
សួស្តី ប្អូនប្រុស!
បងមានកិត្តិយសសូមអោយប្ងូនចុះផ្សាយនូវកំណាព្យមួយ, បងសង្ឃឹមថាប្អូនមិនជំទាស់ចំពោះសំណូមពររបស់បងទេ។ កំណាព្យនេះវាជាផ្នែកមួយនៃការតែងនិពន្ធសាកល្បងរបស់ខ្ញុំ មានច្រើនចំនុចដែលប្អូនអាចបំពេញបន្ថែមជូនបង…..។
មច្ឆាឈ្លក់ទឹក
(បទពាក្យ៧)
១.. រថយន្តខ្វែងខ្វាត់ដូចសត្វខ្វែក សូរស័ព្ទសម្រែកហែករាត្រី
គូកនបាវសាវមិត្តថ្មីៗ(១) ស្រស់ស្រីស្រើបស្រោបឱបកាយា ។
២.. ខ្លះជិះសូនិចក្លិចមីអូ(២) តាមផ្លូវហែរហូរថេក(៣)បនបារ
រាត្រីយប់ស្ងាត់បាត់សុរិយា នាំគ្នាចូលបារដាក់មួយសិន ។
៣.. ខ្លះផឹកខ្លះជក់វក់យ៉ាបា(៤) ពុកម៉ែមិនថាព្រោះមិនប៉ិន
តាមពិតមាសមុំធំក្លែបក្លិន ដាក់មួយកែវសិនស៊ឹមគិតក្រោយ ។
៤.. ស្រីស្នេហ៍អូនបងឆ្លងរហ័ស រោគនេះកាចណាស់កុំបណ្តោយ
បើសិនមិនស្វែងយល់អោយហើយ បងប្អូនកូនអ្ហើយសោយអាសន្ន ។
៥.. ព្រោះតែវប្បធម៌លោកខាងលិច ក្រមុំធំប្រ៉ិចលេចសុដន់
ក្រមុំពេញខ្លួនត្រគាកហំ ទ្រូងទ្រើសមូលក្លំសមទេពី ។
៦.. ងងុលងងល់វល់វង្វេង លោតហក់កញ្ឆេងលែងស្តាឌី(៥)
កាមរាគរឹតរួតកាយនារី ស្តាឌីធ្វើអ្វីមិនសប្បាយ ។
៧.. ១៤កុម្ភះបុណ្យសង្សារ ប្តូរផ្លាស់កាយាអូនមិនស្តាយ
បានជូបរូបបងសេ្នហ៍មិនណាយ ប្តូរកាយរួមរស់ទាំងពីរប្រាណ ។
៨.. រាត្រីទឹកឃ្មុំមុំជូនបង ស្នេហ៍ស្នងបងអើយយើងសុខសាន្ត
ថ្ងៃនេះទៅមុខសុខទុក្ខបាន ប្រគល់ប្រុសប្រាណគ្មានសល់អ្វី ។
៩.. ចេញពីសាលាសង្សារចាំ កុំភ្លេចបណ្តាំណាពិសី
បាក់ខែងព្រែកលាភហាងបើកថ្មី ទឹកដីស្ថានសួគ៌នៃភូមិសុខ ។
១០.សែនស្ទាត់ជំនាញទាញទាក់យក នួននាងពន្លកអោយស្រណុក
ទៅរៀនទីក្រុងដូចផុងថ្លុក ងង៉ក់ងងក់ឈ្លក់វង្វេង….។
១១.ចន្រ្ទាផូរផង់ស្រង់រស្មី មានមារចង្រៃមកលលេង
ពពកខ្មាញ់ខ្មៅបាំងកំហែង ចន្រ្ទអើយអ្នកលែងមានពន្លឺ ។
១២.កំហុសទាំងនេះជាអ្វីទៅ? គ្រានេះពាលពៅអូនដេកឈឺ
បាត់មិត្តគូកនបនធ្លាប់ហ៊ឺ(៦) ជម្ងឺបៀតបៀនជីវិតស្រី…។
ដោយ ឡឹក ជំនោរ (វាយោ)
0១/09/2007
សកលវិទ្យាល័យជាតិលាវ, វៀងច័ន្ទ, ប្រទេសលាវ
កំណត់
១.បាវសាវៈ ក្រមុំកំលោះ
២.សូនិចក្លិចមីអូៈ យីហោម៉ូតូ
៣.ថេកៈ ឌិស្កូ(Disco)
៤.យ៉ាបាៈ ថ្នាំឆ្កូត
៥.ស្តាឌីៈ សិក្សា
៦.ហ៊ឺៈ ហ៊ឺហា








សូមអរគុណចំពោះបងជំនោរ ដែលបានផ្ញើកំណាព្យឲ្យខ្ញុំសម្រាប់ផ្សព្វផ្សាយ
បន្ត។ ខ្ញុំរីករាយនិងស្វាគមន៍ជានិច្ចនូវរាល់កំណាព្យទាំងឡាយរបស់បង ក៏ដូច
ជាប្រិយមិត្តដទៃទៀតដែរ។
កំណាព្យមួយនេះមានអត្្ថន័យល្អណាស់ សម្រាប់អប់រំក្រើនរំលឹកដល់កូន
ខ្មែរទាំងឡាយ។ ខ្ញុំគ្រាន់តែកែសម្រួលកំហុសអក្ខរាវិរុទ្ធមួយចំនួនប៉ុណ្ណោះ
ក្រៅពីនេះគឺនៅរក្សាដូចដើម។