មិត្តសម្លាញ់និងសង្សារ(វគ្គបញ្ចប់) ខែ មករា 28, 2008
Posted by អាចម៍ផ្កាយ in រឿងខ្លី.10 comments
ចាប់តាំងពីពេលនោះ ខ្ញុំមិនបានជួបពួកគេទាំងពីរទៀតសោះ។ ណាត់ជួបម្តងណា ក៏ថារវល់ដូចៗគ្នា ទាល់តែថ្ងៃមួយ…
ខ្ញុំយកក្រមាជូតទឹកភ្នែកសិន! ហ៊ឹក! ហ៊ឹក! ហ៊ឹក!… ថ្ងៃមួយនោះ… ខ្ញុំក៏បានជួបពួកគេទាំងពីរនាក់។ ពិសិដ្ឋដឹកដៃដារីយ៉ាងសង្ហា ហើយវាចាយ៉ាងស្រស់ ៖
- «សុខសប្បាយទេរតនាសម្លាញ់?»
ខ្ញុំរវល់តែភាន់ភាំង អត់បានឆ្លើយទេ ទាល់តែដារីសួរម្តង ៖
- «សុខសប្បាយទេបងរតនា?»
- «ចុះអ្នកទាំងពីរវិញ?» ខ្ញុំសួរបកវិញ ទាំងមិនគាប់ចិត្ត។
- «ពួកយើងសុខសប្បាយទេ ហើយ…» ពិសិដ្ឋបន្លឺទុកកន្ទុយឃ្លា ងាកទៅដារី។
ដារីសម្លឹងភ្នែកពិសិដ្ឋ រួចបន្តកន្ទុយឃ្លា ៖
- «…ហើយពួកយើងមានដំណឹងល្អមួយប្រាប់បងរតនាឯង…»
- «ដំណឹងស្អីទៅ?» ខ្ញុំសួរដោយរន្ធត់ចិត្ត។
- «នេះនែ៎… ដំណឹងល្អ…!» សម្តីដារី។
ខ្ញុំធ្លាក់ថ្លើមក្តុក បេះដូងលោតផ្លោតៗ ញ័រដៃញ័រជើង ចង់ស្ទុះទៅធាក់កំប៉េះគូទដារីទម្លាក់ស្ថានភុជង្គនាគ ហើយដាល់ពិសិដ្ឋឲ្យហោះផ្លោងទៅកប់ក្នុងផ្ទាំងពពក។
- «ម៉េចភ្លឹកទៅណាហើយ? ឯងមិនឃើញសំបុត្រញ៉ាំការ របស់ពួកយើងទេអេះ?» សំឡេងដ៏ឈ្លើយ របស់ពិសិដ្ឋ។
- «ហេតុអ្វីមិនជូនពរពួកយើងផង?» សំឡេងដ៏មាយា របស់ដារីជួយបន្ទរ។
ខ្ញុំក្លាយជាគ និយាយមិនចេញ។ ចិត្តចង់ឆ្លើយថា ខ្ញុំមិនមែនអត់គ្រាប់ភ្នែកមើលមិនឃើញសំបុត្របុណ្យខ្មោច របស់ពួកឯងទេ ហើយខ្ញុំក៏មិនមែនអត់មាត់ ដាក់បណ្ដាសាពួកឯងដែរ… ប៉ុន្តែខ្ញុំនិយាយមិនចេញសោះ!
ដល់ឃើញខ្ញុំឈរធ្មឹង ដូចគ្មានព្រលឹងក្នុងខ្លួនអ៊ីចឹង ទាំងពីរនាក់ហ្នឹងគេនិយាយមកខ្ញុំថា ៖
- «អរគុណហើយណា៎ ដែលណែនាំឲ្យពួកយើងស្គាល់គ្នា!» និយាយផុតពួកគេក៏ដឹកដៃបណ្តើរគ្នា ដើរចេញពីខ្ញុំបាត់ទៅ។
ឱ! សម្លាញ់និងសង្សាររបស់ខ្ញុំ ក្លាយទៅជាប្តីប្រពន្ធហើយតើ!
ភ្នំពេញ ថ្ងៃទី០៧ កញ្ញា ២០០៧
សូមឧទ្ទិសរឿងនេះចំពោះ មនុស្សស៊យទាំងអស់នៅលើលោក ព្រមទាំងប្រេតអនាថា អត់កូនចៅនឹកនា។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
- រតនា ពិសិដ្ឋ និងដារី ដែលបានបរិច្ចាគឈ្មោះ
- ភោជនីយដ្ឋានត្រីចង្វា ដែលផ្តល់បង្គន់អនាម័យ សម្រាប់ជាទីតាំងសរសេរ
- រុយនិងមូស ដែលមិនរំខានខ្ញុំ នៅពេលសរសេរ
- ក្មេងរើសសំរាមម្នាក់ ដែលជួយរិះគន់សាច់រឿង
- ពុកម៉ែមាមីងបងប្អូន ដែលចំណាយពេលវេលាដ៏មមាញឹក របស់ខ្លួនមកអានរឿងនេះ។
មិត្តសម្លាញ់និងសង្សារ ខែ មករា 24, 2008
Posted by អាចម៍ផ្កាយ in រឿងខ្លី.9 comments
រឿងខ្លីនេះនឹងថតជាខ្សែភាពយន្តទំហំ៣៥មីលីម៉ែត្រ
ដើម្បីចូលរួមប្រកួតប្រជែងជាមួយខ្សែភាពយន្តអន់ៗជាច្រើនទៀត
នៅមហោស្របភាពយន្តកំប្លែងរបស់ជនជាតិភាគតិចភូមិភាគឦសាន
មិត្តសម្លាញ់និងសង្សារ
ដោយៈសុខ ចាន់ផល
ខ្ញុំមិនដឹងថា វាជារឿងឈឺចាប់ ជារឿងកំប្លែង ឬជារឿងធម្មតានោះទេ។ ខ្ញុំមានមិត្តស្និទ្ធស្នាលម្នាក់ឈ្មោះពិសិដ្ឋនិងមាននារីជាទីស្រឡាញ់ម្នាក់ឈ្មោះដារី។ ខ្ញុំបាននិយាយពីដារីប្រាប់ពិសិដ្ឋថា ៖
- «គ្នាមិនដែលចាប់អារម្មណ៍ស្រីណាម្នាក់ដូចជានាងទេ! ដារីស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត រម្យទមក៏រម្យទម ក្លាហានក៏ក្លាហាន… គ្នានិយាយពីគុណសម្បត្តិរបស់នាងមិនអស់…»
- «មិនបាច់និយាយច្រើនទេ! ណែនាំគ្នាឲ្យស្គាល់នាងទៅ គ្នានឹងដឹងពីអ្វីដែលឯងចង់និយាយនោះហើយ!» ពិសិដ្ឋស្នើខ្ញុំ។
- «អ៊ើមែន! ទោះយ៉ាងណាដារីគឺជាអនាគតប្រពន្ធគ្នា ឯឯងគឺជាមិត្តសម្លាញ់មួយជីវិតរបស់គ្នា។ ពួកឯងទាំងពីរនាក់ត្រូវតែស្គាល់គ្នា!»
…ហើយខ្ញុំបាននិយាយពីពិសិដ្ឋប្រាប់ដារីថា ៖
- «បងមានមិត្តសម្លាញ់ម្នាក់…»
- «គេឈ្មោះអី?» នាងសួរខ្ញុំ។
- «គេឈ្មោះពិសិដ្ឋ ជាមិត្តជិតដិតបំផុតរបស់បង។បងស្គាល់គេតាំងពីរៀនវិទ្យាល័យ ទោះជាឥឡូវធ្វើការកន្លែងខុសគ្នា ក៏នៅតែរាប់អានគ្នាដូចពីមុន។»
- «គេប្រហែលជាមនុស្សល្អហើយ បានជាមើលទៅបងដូចជាស្រឡាញ់គេណាស់!»
- «គេល្អណាស់! គេរៀនពូកែជាងសិស្សមួយថ្នាក់ ពូកែជាងបងទៅទៀត រួចចិត្តល្អមែនទែនពេលប្រលង តែងឲ្យមិត្តភក្តិចម្លងចម្លើយគ្រប់ៗគ្នា។ បងស្គាល់គេនោះ វាគឺជាសំណាងបងណាស់ព្រោះមិនងាយមានមិត្តភក្តិឯណាដូចពិសិដ្ឋនេះទេ… គឺពិតជាកល្យាណមិត្តអត់ក្លែងក្លាយ។ អូនដឹងទេឲ្យតែមានអីពឹងពាក់គេៗតែងជួយជានិច្ច។…ដូចកាលថ្ងៃមួយនោះគ្រូពិន័យឲ្យបងហ្នឹងចម្លងមេរៀនមួយរយចប់ ពិសិដ្ឋក៏ជួយឲ្យគំនិតបងថា យកមេរៀនទៅហ្វូតូកូពីជូនគ្រូទៅ ទាល់តែគ្រូពិន័យថែមទាំងគេម្នាក់ទៀត… ហាស! ហាស!… អូ!គេច្រៀងពិរោះខ្លាំងណាស់ មិត្តភក្តិបានដាក់រហស្សនាមឲ្យគេថា ចាប សុវត្ថិ ហើយរាងវិញសង្ហាមិនចាញ់ហេង ប៊ុនលាភ ទេ! ស្រីៗក្នុងសាលាលួចស្រឡាញ់គេស្ទើរតែទាំងអស់…»
និយាយដល់ត្រឹមនេះ ខ្ញុំឃើញនារីសម្លឹងមើលពពក ដូចព្រលឹងកំពុងក្លាយទៅជាសត្វចាបហោះហើរចោលខ្ញុំបាត់ទៅហើយ។ ខ្ញុំឈប់និយាយសិន។ មួយសន្ទុះមក ទើបនាងងាកមុខមកខ្ញុំ ទើបខ្ញុំនិយាយបន្ត ៖
- «ពិសិដ្ឋល្អណាស់ និយាយបីយប់បីថ្ងៃប្រហែលនៅសល់ផង…»
- «មិនបាច់និយាយឲ្យហត់ទេ! ណែនាំអូនឲ្យស្គាល់គាត់ទៅ អូននឹងដឹងពីអ្វីដែលបងចង់និយាយ នោះហើយ!» ដារីស្នើខ្ញុំដូចពាក្យពេចន៍របស់ពិសិដ្ឋដែរ។
- «អ៊ើមែន! បងកំពុងតែចង់ណែនាំអូនឲ្យស្គាល់គេផង។អូនគឺជាអនាគតរបស់បង ឯពិសិដ្ឋគឺជាមិត្តសម្លាញ់អស់មួយជីវិតរបស់បង។ អ្នកទាំងពីរត្រូវតែស្គាល់គ្នាហើយ។»
ល្ងាចមួយខ្ញុំបានណាត់ពួកគេទាំងពីរនាក់ឲ្យជួបគ្នា។ ទីនោះគឺជាភោជនីយដ្ឋានបណ្តែតទឹក។ ខ្ញុំដើរនាំផ្លូវដារីទៅកាន់តុមួយ ដែលពិសិដ្ឋកំពុងអង្គុយរង់ចាំ។ បរិយាកាសនៅលើទឹកទន្លេ គឺរ៉ូម៉េនទិកណាស់។ ខ្យល់បក់ល្ហើយៗ ប៉ើងសក់ពោះវៀនជ្រូករបស់ដារីឲ្យរសាត់រសាយ ធ្វើឲ្យវង់ភក្ត្ររបស់នាងស្រស់នោះស្រស់ ឃើញហើយចងតែស្ទុះទៅសុំថើបនាងមួយខ្សឺត។ រវល់តែអណ្តែតអណ្តូងម្នាក់ឯង ស្រាប់តែ ៖
- «សួស្តីដារី!» សម្លេងពិសិដ្ឋ។
- «ចាស! សួស្តីពិសិដ្ឋ!» ដារីញញឹមដាក់ពិសិដ្ឋយ៉ាងស្រស់អស់ពីចិត្ត។
- «អ្ហ៎ា! ម៉េចក៏ដារីស្គាល់ឈ្មោះខ្ញុំ?»
- «គឺបងរតនាប្រាប់ខ្ញុំ។»
- «ដារីពិតជាឆ្លាតដូចរតនាប្រាប់ខ្ញុំមែន!»
- «ពិសិដ្ឋក៏សង្ហាដូចគាត់ប្រាប់ខ្ញុំដែរ។»
ខ្ញុំឈរញញឹមញញែមទាំងភ្លឹកភ្លាំង ដូចកំពុងរង់ចាំឲ្យម្នាក់ក្នុងចំណោមពួកគេណែនាំខ្ញុំឲ្យគ្នាស្គាល់។ គិតទៅដោយសារតែខ្ញុំនិយាយឲ្យពួកគេស្គាល់គ្នាច្បាស់ទៅហើយ ទើបខ្ញុំអស់ភារកិច្ចណែនាំឲ្យពួកគេស្គាល់គ្នាម្តងទៀត។
- «តោះរតនាអង្គុយចុះទៅ!» ពិសិដ្ឋប្រាប់ខ្ញុំ។
ខ្ញុំអង្គុយចុះក្បែរដារី ឯពិសិដ្ឋអង្គុយទល់មុខពូកយើង។
- «ដារីចង់ញ៉ាំអី?» ពិសិដ្ឋសួរដារី។
- «មើលទៅខ្ញុំចង់ញ៉ាំអ្វីដែលពិសិដ្ឋចូលចិត្តវិញ ព្រោះញ៉ាំអ្វីដែលខ្លួនចូលចិត្តដែលៗទៅ ដូចគ្មានអីអស្ចារ្យសោះ!»
- «អេ! ម៉េចគិតអ៊ីចឹង? នេះគែយកគំនិតខ្ញុំទៅនិយាយមុនហើយនៀក! ខ្ញុំថាចង់ញ៉ាំអាហារដែលដារីចូលចិត្តទេតើ!»
ពួកគេសើចព្រមគ្នា រួចក៏បន្លឺមកខ្ញុំព្រមគ្នា ៖
- «អ៊ីចឹងពួកយើងញ៉ាំអាហារ ដែលរតនាចូលចិត្តទៅ» រួចពួកគេក៏សើចម្តងទៀត។ ខ្ញុំក៏បានហៅអាហារជាច្រើនមុខ ដែលខ្ញុំចូលចិត្តឲ្យពួកគេញ៉ាំ។ ដារីដួសម្ហូបដាក់ចូលមាត់ទំពារ ខ្ញុំប្រុងនឹងសួរនាងថា តើឆ្ងាញ់ឬទេ?
- «ដា…»
- «ម៉េចឆ្ងាញ់ទេ?» ពិសិដ្ឋសួរមុនខ្ញុំបាត់។
- «លោកញ៉ាំមួយម៉ាត់ដែរដឹងហើយ!» ដារីឆ្លើយជាមួយកែវភ្នែកដ៏មហាមុត។
ពិសិដ្ឋដួសម្ហូបនោះដាក់ចូលមាត់ រួចសម្លឹងមុខដារីដោយពោលបណ្តើរ ៖
- «ម្យ៉ាងដែរ! រតនាពូកែរើសម្ហូបណាស់មែនទេ?»
- «ត្រូវហើយ! ឥឡូវលោកយកគំនិតខ្ញុំ ទៅនិយាយមុនម្តងហើយណា៎!» រួចពួកគេក៏សើចកាច់កដាក់គ្នាម្តងទៀត។ ក្រោយមកពួកគេញ៉ាំមួយម៉ាត់ សម្លឹងមុខគ្នាម្តង វិភាគពីអាហារប្រាប់គ្នាម្តង រួចតាំងយកឈ្មោះខ្ញុំ ទៅនិយាយនៅចុងឃ្លា ដើម្បីសើចលេង។ គ្រានោះខ្ញុំគ្មានឱកាសបាននិយាយអ្វីសោះ។ អ្វីដែលខ្ញុំចង់និយាយទៅដារី ត្រូវពិសិដ្ឋនិយាយមុន រីឯអ្វីដែលខ្ញុំចង់និយាយទៅពិសិដ្ឋក៏ត្រូវដារីនិយាយមុន។ រូបខ្ញុំប្រៀបដូចអ្នកតាថ្ម អង្គុយចំហមាត់ កំដរពួកគេជជែកគ្នា។ ដល់ពេលបែកគ្នាម្នាក់ៗសុទ្ធតែប្រាប់ខ្ញុំថា ពួកគេយល់ពីអ្វីដែលខ្ញុំចង់និយាយនោះហើយ។ នឹកៗទៅគួរឲ្យក្តៅក្រហាយតិចៗដែរ !
សូមរង់ចាំអានវគ្គបញ្ចប់ជាបន្តទៀត!!!
បរិញ្ញាប័ត្របានពីកាកសំរាម(វគ្គបញ្ចប់) ខែ មករា 21, 2008
Posted by អាចម៍ផ្កាយ in រឿងខ្លី.21 comments
ខ្ញុំព្យាយាមប្រជ្រៀតហ្វូងមនុស្សជាច្រើនក្នុងសាកលវិទ្យាល័យដែលម្នាក់ៗសុទ្ធតែស្លៀកពាក់
ឯកសណ្ឋានទទួលសញ្ញាប័ត្រយ៉ាងហំហាន។មើលទៅនរណាៗក៏មានទឹកមុខរីករាយស្រស់ស្រាយ,
មានបងប្អូន ឪពុកម្តាយ មិត្តភក្តិមកសំដែងការអបអរសាទរ រហូតបរិវេណសាកលភូមិន្ទឆ្អៀត
ណែនដោយហ្វូងមនុស្សមីដេរដាស។ក្រឡេកទៅខាងណាក៏ឃើញតែបាច់ផ្កាពេញដៃគ្រប់ៗគ្នា
ម្នាក់ៗសង្វាតនាំញាតិមិត្តថតរូបទុកជាអនុស្សាវរីយ៍មួយប៉ុស្ត៍ហើយមួយប៉ុស្ត៍ទៀតឥតឈប់ឈរ។
ខ្ញុំសាកសួររកឈ្មោះសរខេមរិន្ទនឹងមនុស្សជាច្រើននាក់!…….រហូតដល់ទីបំផុត…
-ប្អូនប្រុស!បងសុំសួរបន្តិចតើប្អូនស្គាល់ឈ្មោះសរ ខេមរិន្ទឬទេ?
-អូ៎!សរ ខេមរិន្ទរឿងអីមិនស្គាល់!គេរៀននៅមហាវិទ្យាស័យអក្សរសាស្រ្តជាមួយខ្ញុំដែរ។នុ៎ះគេ!
កំពុងឈរតែម្នាក់ឯងនៅទីនោះ!
ខ្ញុំដើរត្រង់ចូលទៅរកតាមពាក្យណែនាំ។ខេមរិន្ទមានរាងខ្ពស់សង្ហាមុខមាត់ស្អាតបាតមើលហើយ
ក៏អាចចាត់ក្នុងជំពូកប្រុសស្អាតបានដែរ, ហើយខ្ញុំក៏ច្បាស់ក្នុងចិត្តថាគឺពិតជាគេហ្នឹងហើយ ព្រោះ
មុខមាត់ក៏ស្រដៀងនឹងអ៊ំស្រីម្នាក់នោះដែរ។ខ្ញុំអាចសង្កេតបានថាគេមានពន្លឺភ្នែកដែលដក់ជាប់នូវ
ភាពសៅហ្មងបែបណាមួយនៅក្នុងចិត្ត ទាំងដែលថ្ងៃនេះគេគួរតែសប្បាយចិត្តបំផុត នៅក្នុងជីវិត
របស់គេ។នៅក្នុងដៃខេមរិន្ទ មានកាន់បរិញ្ញាប័ត្រដ៏គួរឲ្យមានមោទនៈ តែកុំថាឡើយផ្កាមួយបាច់
សូម្បីតែមួយទងតូចក៏គ្មានដែរ។ខ្ញុំដើរមកឈរទល់នឹងមុខគេព្រមទាំងញញឹមផង គេក៏ញញឹមតប
តែធ្វើមុខមីងមាំងទ្រង់ឆ្ងល់!
-សួស្តី! ប្អូនគឺសរខេមរិន្ទមែនទេ?
-បាទ! គឺខ្ញុំនេះហើយ!
-សូមចូលរួមរីករាយជាមួយផង! បងយកបាច់ផ្កានេះមកឲ្យ ម្តាយប្អូនឯងបានផ្ញើតាមបងមក!
-បាទ! អរគុណច្រើនបង។បើអ៊ីចឹង ម៉ែខ្ញុំគាត់មិនបានអញ្ជើញមកទេ? អូ៎! សូមទោសបងជា
អ្នកណាដែរ?
-កុំបាច់ឆ្ងល់អី! ចាត់ទុកថាបងជាបងប្រុសរបស់ប្អូនទៅបានហើយ! ហើយបងមកនេះគឺដើម្បី
មកសម្តែងភាពរីករាយជាមួយប្អូន…តោះ!ទៅថតរូបជាមួយគ្នា។
ខ្ញុំស្រែកហៅអ្នកថតរូបដែលនៅឈរក្បែរនោះមកថត ហើយក៏ប្រាប់ខេមរិន្ទឲ្យនាំមិត្តភក្តិមក
ថតរូបជាមួយគ្នាបានប្រមាណជាដប់ប៉ុស្ត៍ដែរ។
-ស្រេចបាច់ហើយ! អ៊ីចឹងបងគិតថា បងគួរលាប្អូនទៅវិញហើយណា៎!
ខេមរិន្ទងាកមើលមុខខ្ញុំ ទឹកភ្នែកក៏ចាប់ផ្តើមជ្រាបដក់ពេញប្រលង់ភ្នែក។ខ្ញុំរន្ធត់ចិត្តអាណិតគេ
យ៉ាងខ្លាំង ហើយគេក៏រត់មកអោបខ្ញុំទាំងទឹកភ្នែកហូរសស្រាក់។
-អរគុណបងខ្លាំងណាស់! ខ្ញុំមិនធ្លាប់គិតសោះថា ថ្ងៃនេះខ្ញុំនឹងបានទទួលបាច់ផ្កា ហើយបាន
ថតរូបដូចគេដូចឯងដែរទេ ព្រោះខ្ញុំគ្មានបងប្អូនដូចគេដូចឯងឡើយ។បងអើយ! ប្អូនអរគុណ
បងខ្លាំងណាស់…ប្អូនមិនដឹងថា គួរតបស្នងសងគុណបងយ៉ាងណាទេ?
ខ្ញុំព្រមទទួលស្គាល់ថាខ្ញុំខ្លួនឯងក៏មានអារម្មណ៍សប្បាយចិត្តហើយពេញចិត្តជាខ្លាំងប្រសិនបើ
បានខេមរិន្ទមកធ្វើជាប្អូនប្រុសបង្កើតពិតៗ។
-បានហើយ!… បានហើយ!… ធ្វើកូនប្រុសមិនត្រូវយំទេ! មើលហ្ន៎! មិនខ្មាសស្រីៗទេអ្ហេ៎!
ខេមរិន្ទញញឹមទាំងទឹកភ្នែក ហើយជូតទឹកភ្នែកចេញភ្លាមៗ។នៅខណៈនោះខ្ញុំក្រឡេកឃើញ
ស្រ្តីចំនាស់ម្នាក់ កំពុងលួចសម្លឹងមកពួកខ្ញុំ។គាត់ពាក់មួកធំបាំងមុខជិត ឈរអែបៗនឹងរបង
សាកលវិទ្យាល័យ។គំនិតខ្ញុំបានចេញប្រតិកម្មភ្លាមៗថា ហ្នឹងហើយជាអ៊ំស្រីម្នាក់នោះ! ខ្ញុំ
ប្រញាប់ចាប់ដៃខេមរិន្ទដើរយ៉ាងលឿនហើយរត់ចេញមកក្រៅ ទាំងខេមរិន្ទក៏នឹកឆ្ងល់ណាស់
ដែរ។ប្រហែលជាគាត់ដឹងខ្លួនមុនថា ខ្ញុំកំពុងរត់សំដៅទៅរកគាត់ ទើបគាត់ប្រញាប់ត្រលប់
ក្រោយដើរគេចចេញទៅយ៉ាងលឿន។
-លោកអ៊ំ! លោកអ៊ំ!… ឈប់សិន!!!…
អ៊ំស្រីម្នាក់នោះឈប់ស្ងៀមមួយភ្លែត តែគាត់មិនងាកមុខមកទេ។ភ្លាមនោះដែរខេមរិន្ទកន្ត្រាក់
ដៃចេញពីខ្ញុំ គេបន្តដើរសន្សឹមៗទៅខាងមុខស្រ្តីម្នាក់នោះហើយពិនិត្យមើលមុខ។
-ម៉ែ!ម៉ែ!… ហេតុអីម៉ែមិនចូលទៅក្នុង? ម៉ែដឹងទេ?… ថ្ងៃនេះកូនត្រូវការឲ្យម៉ែ មកជាទីបំផុត!
ព្រោះកូនគ្មាននរណាមកជួយអបអរសាទរ ឬលើកទឹកចិត្តឡើយ។កូនដឹង! ថាម៉ែគង់នឹងខ្លាច
រូបកូននេះខ្មាសអៀនមិត្តភក្តិដែលកូនមានម៉ែជាអ្នកបោសសំរាមតាមថ្នល់ ជាអ្នករើសសំនល់
សំរាម និងជាអ្នកក្រតោកយ៉ាក! តែម៉ែដឹងទេកូនអាចរៀនបានប៉ុណ្ណេះ មិនមែនម៉ែជាអ្នកផ្ចុង
ផ្តើមឧបត្ថម្ភឬ? កូនមិនខ្មាសអៀននរណាទាំងអស់! កូនពេញចិត្តសប្បាយចិត្តដែលបានកើត
ជាកូនម៉ែ!…
ខេមរិន្ទលុតជង្គង់ចុះលើកដៃទាំងពីរសន្សឹមៗ មកប្រណម្យហើយអោនក្បាលក្រាបសំពះបាត
ជើងម្តាយ ទាំងទឹកភ្នែកហូរឥតឈប់។ទិដ្ឋភាពនេះបានធ្វើឲ្យខ្ញុំ និងមិត្តភក្តិរបស់ខេមរិន្ទដែល
ឈរពេញទីនោះស្រក់ទឹកភ្នែកមកព្រមៗគ្នា, ខេមរិន្ទស្ទុះអោបម្តាយព្រមទាំងស្រែកយំ…
-ម៉ែ! កូនស្រឡាញ់ម៉ែ! កូនអាណិតម៉ែ… កូនដឹងថា ម៉ែបានធ្វើពលិកម្មច្រើនណាស់ដើម្បីកូន!
ម៉ែមិនដែលត្អូញមិនដែលថានឿយហត់សូម្បីមួយម៉ាត់ឡើយ។មួយជីវិតម៉ែ! ម៉ែស្ទើរតែលះបង់
ដើម្បីកូនទាំងអស់ទៅហើយ។ ម៉ែមិនដែលឈប់សម្រាក! ម៉ែមិនដែលរកសេចក្តីសុខសម្រាប់
ខ្លួនឯងម្តងណាទេ! ពលិកម្មម៉ែធំធេងណាស់! ព្រះគុណម៉ែថ្លៃថ្លាណាស់ ទោះបើកូនខំតបស្នង
យ៉ាងណាក៏មិនអាចកាត់ថ្លៃបានដែរ។
សម្តីខេមរិន្ទ ធ្វើឲ្យម្តាយគេរំជួលចិត្តយ៉ាងខ្លាំង មាត់គាត់ញ័រហើបតិចៗរកនិយាយតែហាមិនរួច
គឺបានត្រឹមតែហូរទឹកភ្នែកដាបថ្ពាល់ប៉ុណ្ណោះ។
-អឺ!ទាំងអស់គ្នាជួយទះដៃឲ្យខេរិន្ទផង… ប្អូនៗមានដឹងទេ? ទោះបីអ្នកម្តាយរូបនេះ ជាអ្នកបោស
សំរាមតាមចិញ្ចើមថ្នល់ក៏ដោយ ក៏គាត់អាចទំនុកបំរុងកូនឲ្យរៀនរហូតចប់បរិញ្ញាប័ត្របាន! ឃើញ
ទេ ពលិកម្មរបស់ម៉ែធំធេងប៉ុណ្ណា?
គ្រប់គ្នាដែលនៅទីនោះទះដៃឡើងលាន់ប្រាវៗ សំដែងអំណរចំពោះគុណូបការៈដ៏ថ្លៃថ្លានេះ។ថ្ងៃ
នេះ ជាថ្ងៃពិសេសបំផុតសម្រាប់ខ្ញុំ។ខេមរិន្ទនិងម្តាយងាកមើលមុខខ្ញុំហើយញញឹម ខ្ញុំដឹងថាពួកគេ
ចង់អរគុណខ្ញុំ។ខ្ញុំដើរទៅអោបពួកគេទាំងពីរ ដោយចិត្តរំភើប។
-នេះហើយជាជោគជ័យនៃបរិញ្ញាប័ត្រ ដែលបានមកពីកាកសំរាម! ខេមរិន្ទ!… តទៅមុខប្អូនត្រូវ
ក្លាយជាអ្នកធ្វើការម្នាក់ដ៏ល្អ ហើយរកស៊ីចិញ្ចឹមម្តាយ តបបុណ្យសងគុណគាត់ឲ្យសក្តិសមណា៎!
ប្អូនដឹងទេ? គ្រួសារប្អូននឹងក្លាយជាឧទាហរណ៍ ឲ្យគ្រួសារដទៃទៀតជាច្រើន ដែលខ្លះជាគ្រួសារ
មានឋានៈតំណែងខ្ពស់ តែគ្មានកូនណាម្នាក់ខំរៀនសូត្រទេ គឺបែរជាទៅងប់ងល់នឹងឧបាយមុខ
សង្គម ហើយក្លាយជាជនកាកសំណល់សង្គមទៅវិញ។
វៀងច័ន្ទ,ថ្ងៃទី១០,មករា,២០០៨
សូមរង់ចាំអានរឿង«ផ្កាយធ្លាក់ពីលើមេឃ»ក្នុងពេលយូរៗនេះ!!!
បរិញ្ញាប័ត្របានពីកាកសំរាម ខែ មករា 14, 2008
Posted by អាចម៍ផ្កាយ in រឿងខ្លី.12 comments
បរិញ្ញាប័ត្របានពីកាកសំរាម
ដោយៈអាចម៍ផ្កាយ
តាមធម្មតាខ្ញុំមិនចូលចិត្តជិះម៉ូតូលឿនទេ។នៅព្រឹកថ្ងៃមួយខណៈដែលខ្ញុំជិះម៉ូតូទៅធ្វើការពេលជិះដល់ភ្លើងស្តុបត្រង់ផ្លូវបំបែកមួយ ខ្ញុំឃើញស្ត្រីចំនាស់ម្នាក់ កំពុងខំដើរទប់ខ្លួន
យ៉ាងពិបាកលើចិញ្ចើមថ្នល់។ដៃគាត់ម្ខាងកាន់អំបោស ឯដៃម្ខាងទៀតកាន់ប្រដាប់ប្រមូល
សំរាម មើលទៅគាត់ដូចជាកំពុងរកកល់នឹងដួល។ ខ្ញុំប្រញាប់ចតម៉ូតូចោល ហើយរត់ទៅ
ជួយទប់គ្រាខ្លួនគាត់យ៉ាងរហ័ស។
-លោកអ៊ំ!លោកអ៊ំ!…យី!លោកអ៊ំយ៉ាងម៉េចហ្នឹង?
ខ្ញុំសង្កេតឃើញទឹកមុខរបស់អ៊ំស្រីម្នាក់នោះ ឡើងខៀវស្លេកស្លាំងគ្មានឈាមមួយដំណក់។
ខ្ញុំអាចដឹងភ្លាមថា មុននេះគាត់ស្ទើរតែដូលសន្លប់ទៅហើយ ដោយសាររោគខ្យល់។មិនដឹង
ធ្វើម៉េច ខ្ញុំក៏ស្រែកហៅអ្នកធ្វើដំណើរទាំងឡាយ ដែលបញ្ឈប់យានយន្តរង់ចាំភ្លើងស្តុបឲ្យ
ជួយ។
-ជួយផង! មកជួយគាត់ផង… គាត់ខ្យល់គហើយ! ជួយយកគាត់ទៅមន្ទីរពេទ្យផង!!!
ខ្ញុំខកចិត្ត និងសោកស្តាយជាខ្លាំងដែលគិតខុស ទាំងម៉ូតូទាំងរថយន្តបើកចេញទៅធ្វើ
ព្រងើយបានត្រឹមតែងាកមើលប៉ុណ្ណោះ។ខ្ញុំចាប់ត្រកងយករាងកាយដ៏ស្គមរបស់គាត់ មក
ឲ្យអង្គុយទំរេតខ្លួនក្រោមម្លប់ឈើលើចិញ្ចើមថ្នល់ ហើយចាប់យកក្រដាសឯកសារក្នុង
កាតាបមកបក់ឲ្យគាត់។
-លោកអ៊ំ! លោកអ៊ំ!… លោកអ៊ំយ៉ាងម៉េចហើយ? បានឮខ្ញុំនិយាយទេ?… លោកអ៊ំ!…
លោកអ៊ំ!!!…
ឃើញហេតុមិនស្រួលខ្ញុំគិតតែម្យ៉ាងគឺត្រូវនាំគាត់ទៅមន្ទីរពេទ្យ។ខណៈដែលខ្ញុំកំពុងងើប
ទៅរកហៅរ៉ឺម៉កតុក!តុក! មកដឹកគាត់ទៅ គាត់ក៏ស្រែកឡើង…
-អូ៎យ!… មិនបាច់ទេ… កុំ!កុំទៅអី…អឺ…ខ្ញុំធូរគ្រាន់បើហើយ…
-អ្ហូ៎!អ៊ំដឹងខ្លួនហើយ!?…ក្មួយគិតថាទៅមន្ទីរពេទ្យល្អជាង!
-ទេ!មិនអីទេ…ខ្ញុំធ្លាប់ខ្ញុំស៊ាំអស់ទៅហើយ សំរាកតែបន្តិចទៅលែងអីហើយ!
ប្លែកចិត្តបន្តិចដែរ…គាត់និយាយជាមួយខ្ញុំប្រើសុទ្ធតែពាក្យ«ខ្ញុំ!ខ្ញុំ!» យ៉ាងទន់ផ្អែមពិរោះ
ណាស់។តែសម្រាប់ខ្ញុំ វាមានន័យគោរព និងអោនលំទោនពេកហើយ ទាំងដែលគាត់ក៏
មានអាយុច្រើនចាស់ស្មើម្តាយ ឬស្មើអ៊ំរបស់ខ្ញុំទៅហើយ!
-ឱ!លោកអ៊ំ…មិនចាំបាច់និយាយពាក្យ«ខ្ញុំ!ខ្ញុំ»ទេ ព្រោះខ្ញុំក៏មានអាយុស្របាលៗនឹងកូន
ឬក្មួយរបស់អ៊ំដែរ។
-អូ៎!អរគុណច្រើន…ខ្ញុំ…អ៎..អ៊ំរាងធូរគ្រាន់បើហើយ! ក្មួយពិតជាមានសន្តានចិត្តល្អមែន។
ខ្ញុំទទួលអារម្មណ៍ថា ពេញចិត្តយ៉ាងខ្លាំងចំពោះពាក្យសរសើរនេះ។
-មិនជាអ្វីទេលោកអ៊ំ! និយាយអ៊ីចឹងអ៊ំធ្វើការនៅទីនេះមែនទេ?
-មែនហើយ!… អ៊ំបោសសំរាមតាមថ្នល់, ស៊ីឈ្នួលកាត់ស្មៅ, ស៊ីឈ្នួលលាងចានតាមរោង
ការ ឬរោងបុណ្យផ្សេងៗ, ស៊ីឈ្នួលលាបរបងផ្ទះ, ជូតផ្ទះ, ស្រោចផ្កាដាំផ្កា, និងការងារមេ
ផ្ទះ គ្រប់បែបយ៉ាងអ៊ំអាចធ្វើបានទាំងអស់។
ខ្ញុំបានទទួលចំលើយយ៉ាងវែងដោយមិនចាំបាច់សួរលំអិត ព្រោះគាត់ធ្លាប់និយាយពីការងារ
ដែលគាត់អាចធ្វើបានឲ្យគ្រប់ៗគ្នាបានដឹង ដើម្បីបង្ហាញខ្លួនប្រាប់ឲ្យគេដឹងថា គាត់ត្រូវការ
ការងារធ្វើ។ខ្ញុំមិនធ្លាប់គិតសោះថា ស្រ្តីមាឌតូចបែបនេះអាចធ្វើការងារច្រើន ហើយធ្ងន់ធ្ងរ
ដល់ថ្នាក់ហ្នឹង! ខ្ញុំគិតអាណិតគាត់ណាស់ដែរ ព្រោះមើលទៅក៏ឃើញថាគាត់ជាអ្នកក្រីក្រ
តោកយ៉ាកយ៉ាងខ្លាំង។
-បើអ៊ីចឹងអ៊ំមិនមានកូននិងប្តីទេឬ? សុំអភ័យទោស! ក្មួយសួរបែបនេះអ៊ំមិនថាអីទេ?
-មិនអីទេ! អ៊ំមានកូនពីរនាក់ ឯប្តីអ៊ំគាត់ស្លាប់យូរហើយ។ថ្ងៃស្អែកនេះកូនច្បងអ៊ំ គេនឹងរៀន
ចប់ហើយ ហើយឮថាបានទទួលសញ្ញាប័ត្រស្អីមិនដឹងទេ!…ឮតែ…បរិ…អឺ…បរិ…
-បរិញ្ញាប័ត្រ!
-អឺ…មែនហើយ! តែអ៊ំក៏គង់នឹងមិនបានទៅចូលរួម… ព្រោះជាប់ការងារច្រើនណាស់!…
តែ…អឺ…
-តែអីអ៊ំ? និយាយមកចុះ! បើខ្ញុំជួយបានខ្ញុំនឹងជួយ!
-មែនអ្ហេះ!? ក្មួយពិតជាជួយអ៊ំមែន? ក្មួយជាមនុស្សល្អណាស់!… បើអ៊ីចឹងស្អែកក្មួយទៅធ្វើ
ការទៀតទេ? ហើយមកតាមផ្លូវនេះដដែលទេ?… អ៊ំធ្វើការនៅផ្លូវនេះរាល់ៗព្រឹក។
-បាទ! ថ្ងៃស្អែកខ្ញុំក៏ទៅធ្វើការដូចធម្មតាអ៊ីចឹង ហើយមកតាមផ្លូវនេះដដែលទេ។
-អឺ! បើអ៊ីចឹងឆៀងចូលជួបអ៊ំនៅទីនេះបន្តិចផង អ៊ំនឹងមករង់ចាំណា៎!
ខ្ញុំក៏នឹកឆ្ងល់ណាស់ដែរតែក៏ដល់ម៉ោងទៅធ្វើការទៅហើយ! ថ្ងៃនេះទោះជាទៅធ្វើការយឺត
បន្តិចក៏ដោយ ក៏ខ្ញុំទទួលអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានជួយយកអាសារ
លោកអ៊ំចំនាស់ម្នាក់នោះ។ ថ្ងៃបន្ទាប់មកខ្ញុំក៏មកជួបគាត់តាមសន្យា អ៊ំស្រីសប្បាយចិត្ត
យ៉ាងខ្លាំង នៅពេលដែលឃើញខ្ញុំ។ ខ្ញុំឃើញគាត់កាន់បាច់ផ្កាកុលាបមួយបាច់ធំ ខ្ញុំគិត
សង្ស័យក្នុងចិត្តដែរ តែមិនទាន់សួរផងគាត់ក៏ប្រាប់មុន។
-លោកក្មួយអើយ! ឲ្យអ៊ំសុំពឹងយកបាច់ផ្កានេះទៅឲ្យកូនប្រុសរបស់អ៊ំផង។ថ្ងៃនេះគេទទួល…
អឺ… ទទួលបរិញ្ញាប័ត្រផង តើក្មួយអាចជួយបានទេ?
-បរិញ្ញាប័ត្រ!!!???… ហេតុអីលោកអ៊ំមិនអញ្ជើញទៅដោយខ្លួនឯង?
ខ្ញុំឆ្ងល់ព្រោះគិតថា កូនគាត់ពិតជាសប្បាយចិត្ត ប្រសិនបើបានទទួលបាច់ផ្កានេះពីម្តាយ
គេផ្ទាល់ ហើយគាត់ក៏…
-អ៊ំមិនហ៊ានទៅទេ!… ម្យ៉ាងអ៊ំរវល់ផងក៏គង់នឹងទៅមិនកើត ទើបបានជាសុំចិត្តក្មួយឲ្យជួយ
អ៊ំផង តើបានទេ?
ខ្ញុំងក់ក្បាលទទួលពាក្យ ព្រមទាំងទទួលយកបាច់ផ្កាពីគាត់។
-កូនប្រុសអ៊ំឈ្មោះអីដែរ?
-ឈ្មោះសរ ខេមរិន្ទ! ម៉ោងពីររសៀលនេះគេនឹងចាប់ផ្តើមពិធីហើយ។
ណ្ហើយចុះ! ខ្ញុំក៏គិតថាល្អម្យ៉ាងដែរ រាប់ថាជាការសម្តែងសេចក្តីត្រេកអរសាទរនឹងប្អូនធម៌
ដែលនៅមិនទាន់ស្គាល់មុខ! ថ្ងៃនោះនៅការិយាល័យ មានមិត្តភ័ក្តិច្រើនគ្នាសួរថាយក
បាច់ផ្កាទៅឲ្យនរណា?ខ្ញុំក៏ឆ្លើយថា «អូ៎!ថ្ងៃនេះប្អូនប្រុសខ្ញុំ ទទួលបរិញ្ញាប័ត្រអក្សរសាស្រ្ត
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ»។
សូមរង់ចាំអានវគ្គបញ្ចប់!!!
មិនតូចចិត្តទេ! ខែ មករា 11, 2008
Posted by អាចម៍ផ្កាយ in ទស្សនៈសង្គម, រយពាន់យោបល់.4 comments
«បើខ្ញុំទទួលទោសអាចធ្វើឲ្យគេសប្បាយចិត្ត
ខ្ញុំសុខចិត្តទទួលទោសនោះ?»
«គេចង់សប្បាយចិត្តលើគំនរទុក្ខរបស់អ្នកដទៃ
តែខ្ញុំព្រមកើតទុក្ខលើភ្នំរីករាយរបស់អ្នកដទៃ។»
ខ្ញុំចង់ឲ្យអ្នកដទៃសប្បាយចិត្ត ទោះបីគេសម្លក់ខ្ញុំក៏ខ្ញុំនៅតែញញឹម
ខ្ញុំចង់ឲ្យអ្នកដទៃមានសង្ឃឹម ទោះបីគេធ្វើខុសក៏ខ្ញុំនៅតែអធ្យាស្រ័យ
ខ្ញុំចង់ឲ្យអ្នកដទៃមានតម្លៃ ទោះបីគេមាក់ងាយខ្ញុំក៏ខ្ញុំនៅតែមិនខឹង…
ធម្មជាតិបង្កើតរូបខ្ញុំមកសម្រាប់មនុស្សដ៏ច្រើនមហិមា។
ដោយៈសុខ ចាន់ផល?ចន្ទ កត្តឹក?ចំណិតខែ?!!!(យ.អ.ខ)



