ភាសាខ្មែរនិងភាសាសៀម(ត) ខែ កុម្ភៈ 27, 2008
Posted by ផ្កាយNovels in ភាសា អក្សរសាស្រ្ត.trackback
សៀមដែលខ្ចីពាក្យខ្មែរទៅប្រើ ខ្ចីយកទៅច្រើនពេក ហើយប្រើមកច្រើនឆ្នាំ ជ្រាបចូលក្នុងសន្តាននិស្ស័យសៀមពេកទៅ ដល់ជាវេលានេះនឹងថាពាក្យណាក្នុងភាសាសៀម ជាពាក្យរបស់សៀមដោយជាក់ច្បាស់ ក៏មិនមែនជាការងាយឡើយ ។ព្រះអង្គម្ចាស់វណ៌វៃទ្យាករ នាយករាជបណ្ឌិត្យស្ថានប្រទេសសៀម ក្នុងសៀវភៅ«ជំនុំព្រះនិពន្ធភាគ២» របស់ព្រះអង្គ បានទ្រង់សរសេរត្រង់ទំព័រ២១៣-២១៤ថាដូច្នេះ ៖ «ការពិចារណាទីមករបស់ពាក្យថៃដើមនោះ ជួយឲ្យចូលចិត្តសេចក្តីសំគាល់ល្អិតនិងជ្រៅជ្រះល្អណាស់ដែរ តែជារឿងដែលគប្បីប្រើសេចក្តីប្រយ័ត្នប្រយែង ព្រោះភាសាថៃមិនមែនជាភាសាដែលថែមឧបសគ្គ និងថែមកន្ទុយពាក្យ យើងមានការថែមភាគរបស់ពាក្យខាងមុខឆៀង និងឧបសគ្គខ្លះដែរដូច ទាំ កៈទាំ, ទប កៈទប(អានថា ថាំ កៈថាំ, ថុប កៈថុប) តែមានចំនួនតិច ហើយដោយច្រើនក៏ជាពាក្យដែលខ្ចីពីខ្មែរ ដូច សៈទឿន កៈទឿន(អានថា សៈថឿន, កៈថឿន)» ។
ពាក្យ ទាំ និង កៈទាំ ដែលថាជាពាក្យសៀមសុទ្ធនេះ ក៏នៅជាបញ្ហានៅឡើយ ។ទាំ ប្រែថា ធ្វើ, ពាក្យកិរិយា ធ្វើ កាលទៅជានាមនាម ថែមបទជ្រែក អន់ ទៅ ទម្វើ, ទំវើ ។សៀមយកតែមួយកំណាត់ ទំ > ទាំ ទៅប្រើ ចោល វើ ចេញ ។ត្រង់នេះជាយោបល់របស់ឪពុកខ្ញុំ ខ្ញុំក៏យល់ថាសមជាសេចក្តីពិតមែន ដោយហេតុផលដូចតទៅនេះ ៖ ទំវើ តាមរបៀបខ្មែរជានាមនាម, ទាំ របស់សៀមជាកិរិយាសព្ទ ។ការត្រង់នេះ មិនជាប្លែកអ្វីណាស់ទេ ។សៀមតែងខ្ចីពាក្យនាមនាមខ្មែរ ទៅប្រើជាកិរិយាសព្ទ ដូចជាពាក្យនាមនាម ដំណើរ ពំនាក់ សៀមយកទៅធ្វើកិរិយាសព្ទ ។ឯពាក្យខ្មែរទ្វីព្យាង្គ សៀមយកទៅកាត់ជាឯកព្យាង្គនោះ ក៏មិនមែនមានត្រឹមតែ ទំវើ ជា ទាំ នេះទេ នៅមានទៀតជាច្រើនដូចជា ដូច គ្នា > ឌុចក័ន(គ្នា > គនា > គ័នា >គ័ន >ក័ន), កន្លែង > ហ្លែង, ថ្មី > ម៉ៃ (ថ្មី > ម៉ី > ម៉ៃ > ហ្មៃ), របង > រ > រួ…។ឯ ទប និង កៈទប ដែលថាជាពាក្យសៀមសុទ្ធដែរនោះ គឺពាក្យខ្ចីពីយើងទៅពិតតៗ គឺពាក្យទប់, ខ្ទប់ យើងនេះឯង ។ក្នុងអំបូរពាក្យខ្ទប់ យើងនៅមាន បន្ទប់ ទំនប់ ពីរម៉ាត់ទៀត ។ត្រង់ពាក្យ សទឿន, កៈទឿន ដែលថាជាពាក្យខ្មែរនោះ កៈទឿន ក្លាយទៅពីពាក្យខ្មែរ ខ្ទ័រ, ឯ សទឿន នឹងថាសៀមខ្ចីពីខ្មែរដែរ នោះក៏មិនជាក់ណាស់ ។ប្រហែលជាពាក្យនេះ សៀមយកមូលបទខ្មែរ ទ័រ ទៅផ្សំនឹងបុព្វបទ ស តាមបែបសៀមក៏មិនដឹង តែពាក្យ ស្ទ័រ គ្មានក្នុងភាសាខ្មែរ ។
ពាក្យខ្មែរដែលសៀមខ្ចីយកទៅ មិនមែនត្រឹមតែពាក្យខ្មែរសុទ្ធទេ ។ពាក្យដែលយើងខ្ចីមកពីសំស្រ្កឹត សៀមក៏ខ្ចីមួយតទៅទៀត ។ក្រោយមក កាលព្រះពុទ្ធសាសនាចូលមកស្ថិតនៅក្នុងសុវណ្ណភូមិ ពាក្យបាលីក៏ជ្រាបចូលទៅក្នុងភាសាសៀម ភាសាខ្មែរព្រមគ្នា ។ទើបពាក្យសៀមនិងពាក្យខ្មែរ មានដូចគ្នាច្រើនណាស់ ។
ហេតុដែលញ៉ាំងពាក្យក្នុងភាសាទាំងពីរ ឲ្យដូចគ្នាជាច្រើននោះមានមួយប្រការទៀត ។សៀមដែលស្រូបយកអារ្យធម៌ខ្មែរទៅ មិនមែនតែក្នុងរយៈវេលា១០០០ឆ្នាំ ពីសតវត្សទី៣ ដល់សតវត្សទី១៣ ដែលថៃនៅក្នុងបង្គាប់ខ្មែរនោះទេ ។រហូតវេលាដែលសៀមវាយដណ្តើមយកក្រុងសុខោទ័យពីខ្មែរបានទៅ(សតវត្សទី១៣) រួចវាយយសោធរៈ(អង្គរធំ)បែកទៅទៀត(ចុងសតវត្សទី១៤ ឬដើមសតវត្សទី១៥) ដរាបមកដល់សៀមវាយបែកបន្ទាយលង្វែក(ចុងសតវត្សទី១៦) រួម៣០០ឆ្នាំ សៀមកាន់តែទទួលអារ្យធម៌ពីយើងទៅដោយពេញទី ដោយអាស្រ័យគម្ពីរសត្រាតំរាផ្សេងៗ ដែលសៀមយកពីស្រុកយើងទៅតាមកងទ័ពសៀមកាលត្រឡប់ពីស្រុកខ្មែរទៅវិញ ហើយដោយអាស្រ័យអ្នកប្រាជ្ញរាជបណ្ឌិត្យខ្មែរ ដែលត្រូវកៀរយកទៅនៅស្រុកសៀម។គម្ពីរសត្រាតំរាខ្មែរនោះ សៀមយកទៅសូត្ររៀន ហើយប្រែជាភាសាសៀម តែវេលានេះបាត់បង់ស្ទើរអស់ទៅហើយ ដោយភូមាដុតចោលកាលវាយយកក្រុងអយុធ្យាបាននា គ.ស.១៧៦៧(ព.ស.២៣១០) ។សៀវភៅរឿងរាមកេរ្តិ៍សៀម មិនមែនសៀមប្រែពីសំស្ក្រឹតដោយត្រង់មកទេ គឺប្រែពីខ្មែរសម័យក្រោយអង្គរ ។ សេចក្តីត្រង់នេះ មានឡាក់ឋានជាច្រើន ។ឡាក់ឋានដែលសំខាន់ជាងគេនោះ គឺពាក្យ ផ្កាយព្រឹក ដែលមាននិយាយត្រង់វៃយរាពណ៍ លួចយកព្រះរាមនាំទៅបាតាល ។វៃយរាពណ៍ឡើងទៅលើកំពូលភ្នំ គ្រវីអំពង់កែវឲ្យមានពន្លឺដូចផ្កាយព្រឹក បញ្ឆោតពួកពលស្វាដែលចាំយាមរក្សាព្រះរាមពេលយប់ ឲ្យស្មានថាជិតភ្លឺហើយ ហើយឲ្យលែងយាមទៅព្រោះពិភេកបានទាយថា ដល់ភ្លឺឡើងព្រះរាមនឹងអស់គ្រោះ ។ក្នុងសៀវភៅរាមកេរ្តិ៍សៀម(មើលសៀវភៅសៀម «បទល្ខោនរឿងរាមកេរ្តិ៍» ក្បាលទី១ ទំព័រ១៨៧ ។ព្រឹក្ស សរសេរដាក់ជើងសដូច្នេះ ធ្វើឲ្យឃើញថាអ្នកចំឡងជាន់ក្រោយ មិនស្គាល់និរុត្តិសាស្ត្ររបស់ពាក្យនេះ ឬមិនចង់ឲ្យគេថា សៀមខ្ចីពាក្យពីខ្មែរ ។) ដាក់ «ដាវប្រៈកាយព្រឹក្ស» ៖ ដាវ ជាពាក្យសៀមប្រែថា ផ្កាយ , ប្រៈកាយ គឺពាក្យខ្មែរ ផ្កាយ ។«ដាវប្រៈកាយព្រឹក្ស»=ផ្កាយផ្កាយព្រឹក! ដូចពាក្យបារាំងchoucroute: chou=ស្ពៃ, croute ក្លាយពីពាក្យអាឡឺម៉ង់ប្រែថា ស្ពៃ ដែរ choucroute=ស្ពៃស្ពៃ ។
ពាក្យដែលសៀមខ្ចីពីខ្មែរទៅប្រើ មានចំនួនតិចច្រើនប៉ុណ្ណា? សេចក្តីត្រង់នេះ បើនឹងអះអាងថាក្នុងលិខិតសៀមណាមួយក៏ដោយ ពាក្យខ្ចីពីខ្មែរមាននៅគ្រប់បន្ទាត់ យ៉ាងតិចណាស់មានមួយម៉ាត់ដែរ ដូច្នេះដូចជាហួសហេតុបន្តិចតែក៏មិនហួសណាស់ទេ ប្រសិនជាថាមានពាក្យខ្ចីពីខ្មែរនៅគ្រប់ទំព័រវិញ នោះយើងអាចអះអាងបានដោយពេញមាត់ ហើយអាចបន្ថែមពាក្យថា មានច្រើនម៉ាត់ផង ។
តាំងពីជាតិយើងធ្លាក់ខ្លួនពេញទី ចាប់ពីខូចបង់បន្ទាយលង្វែកមក អារ្យធម៌ដែលធ្លាប់ហូរពីស្រុកខ្មែរទៅតាមទិសឯជើងនិងឯលិច កាលយើងជានាយចៅហ្វាយគេ ក៏ត្រឡប់ហូរបញ្ច្រាស់មកពីទិសឯលិច កាលយើងបរាជ័យនៅក្រោមបង្គាប់គេវិញ ។
ពាក្យសៀមទើបចូលមកក្នុងភាសាខ្មែរតាំងពីគ្រានោះមក ។ព្រះមហាក្សត្រិយ៍ខ្មែរដែលបានយាងទៅរៀនសូត្រនៅស្រុកសៀមនៅវ័យកុមារ តែងតែសព្វព្រះរាជហឫទ័យប្រើភាសាសៀម ។រួចទ័ពសៀមដែលចូលមកធ្វើសង្រ្គាមច្រើនលើកច្រើនគ្រាក្នុងស្រុកខ្មែរ ក៏នាំពាក្យសៀមចូលមកក្នុងភាសាយើងផង ។
សូមរង់ចាំអានអត្ថបទបញ្ចប់!










វិចារ»
No comments yet — be the first.