កម្មវិធី«សៀវភៅល្អៗ» ខែ កុម្ភៈ 29, 2008
Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ.trackback
កម្មវិធី «សៀវភៅល្អៗ» ត្រូវបានបង្កើតឡើងដោយក្រុមការងារទី៣ នៃសហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅកម្ពុជា រួមសហការជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក) ដោយមានជំនួយឧបត្ថម្តពីមូលនិធិរ៉ុកហ្វេល័រ(Rockefeller Foundation) ។កម្មវិធីនេះមានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា(ទទក) រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង៥:៣០ ដល់ ម៉ោង៦:៣០ល្ងាច និងមានចាក់ផ្សាយឡើងវិញ រៀងរាល់ថ្ងៃអង្គារវេលាម៉ោង៧:៣០ ដល់ ម៉ោង៨:៣០ព្រឹក ។
គោលបំណង
គោលបំណងរបស់កម្មវិធី «សៀវភៅល្អៗ» គឺ ៖
-ដើម្បីជម្រុញមនុស្សឲ្យស្រឡាញ់ និងចូលចិត្តអានស្នាដៃអក្សរសិល្ប៍នានា ។
-បង្ហាញជូនអ្នកអានឲ្យបានដឹង បានស្គាល់ ពីសៀវភៅអក្សរសិល្ប៍ដែលល្អ ។
-បង្ហាញពីស្នាដៃអក្សរសិល្ប៍ខ្មែរចាស់ៗដែលកប់បាត់ ។
-បង្ហាញពីស្នាដៃអក្សរសិល្ប៍បរទេស ។
-ដើម្បីអ្នកអានបានទទួលចំណេះដឹង និងបទពិសោធន៍ ពីស្នាដៃអក្សរសិល្ប៍ខ្មែរ និងអក្សរសិល្ប៍បរទេសមួយចំនួន ។
-ជួយបង្កើនចរាចរណ៍លក់សៀវភៅ ឲ្យបានទូលំទូលាយ ។
-មានចំណែកជួយផ្តល់បទពិសោធន៍ដល់អ្នកនិពន្ធខ្មែរ ដើម្បីធ្វើឲ្យសំណេររបស់ពួកគាត់មានភាពកាន់តែប្រសើរឡើង។
-មានចំណែកជួយលើកកំពស់ ដល់ជីវភាពអ្នកនិពន្ធ ។
-មានចំណែកជួយបង្កើន ការលើកទឹកចិត្តដល់កិច្ចខិតខំនិពន្ធរបស់ស្មេរ ។
-មិនមែនជាកម្មវិធីដើម្បីលើកតម្កើងនរណាម្នាក់ ហើយក៏មិនមែនកម្មវិធីដើម្បីរកប្រាក់ចំណេញដែរ ។
កុំភ្លេចណា៎! បើចាប់អារម្មណ៍រៀងរាល់ថ្ងៃអាទិត្យ ឬថ្ងៃអង្គារ តាមពេលវេលាដូចកំណត់ខាងលើ ជាមួយនឹងកម្មវិធី «សៀវភៅល្អៗ»!!!
លោកអ្នកអាចស្វែងយល់បន្ថែមពីកម្មវិធីនេះដោយចូលទៅកាន់ គេហៈទំព័រនេះ








កម្មវិធីនេះបានបញ្ចប់ការចាក់ផ្សាយហើយ។ យើងកំពុងស្វែងរកថវិកាសម្រាប់ដំណើរការក្នុងឆ្នាំទីបីទៀត។ បើសិនជាទទួលបាន យើងនឹងចាប់ផ្ដើមផលិតបន្តនៅខែមិថុនា។ បើសិនជាចាប់អារម្មណ៍ចង់បាន VCD ដើម្បីទស្សនាលោកអ្នកអាចទំនាក់ទំនងអ្នកគ្រូប៉ាល់ វណ្ណារីរក្សដែលជាអ្នកនិពន្ធជើងចាស់ម្នាក់និងជាម្ចាស់កម្មវិធី។ បើសិនជាចង់បានឯកសារសូមរកពីណារដ្ឋនិងអាចម៍ផ្កាយចុះឬពីខ្ញុំក៏បាន។ ទំព័រដែលខ្ញុំធ្វើនោះមិនមែនជាទំព័រផ្លូវការនោះទេ។ សូមកុំប្រកាន់អី។ ឯឯកសារដែលដាក់ឲ្យទាញយកក៏errorទៀត។
ទើបតែបញ្ចប់មែនទេ? ព្រោះប៉ុន្មានសប្តាហ៍កន្លងទៅនេះ ខ្ញុំនៅឃើញចាក់ផ្សាយនៅឡើយ ហើយទើបតែថ្ងៃអាទិត្យម្សិលមិញនេះទេដែលខ្ញុំមិនឃើញមានផ្យាយ។
សម្រាប់ការផ្សាយក្រោយៗមកនេះ ខ្ញុំឃើញគេចាក់កម្មវិធីចាស់ៗដែលធ្លាប់ផ្សាយពីមុនមកហើយ សូម្បីតែកម្មវិធីដែលខ្ញុំបានចូលរួមក៏ឃើញចាក់ផ្សាយឡើងវិញដែរ។
សូមធ្វើចំណាប់អារម្មណ៏បន្តិចចុះ គឺសម្រាប់កម្មវិធីនេះធ្វើបានល្អហើយ នេះបើនិយាយពីគុណប្រយោជន៍ក្នុងការជម្រុញការអានសៀវភៅនៅកម្ពុជា ដ៏ដូចជាការរីកចម្រើនលើវិស័យអក្សរសាស្ត្ររបស់ជាតិ ។តែអ្វីដែលខ្ញុំឃើញនៅអសកម្មគឺ បញ្ហាវាគ្មិន និងអ្នកចោទសំនួរ(អ្នកចូលរួម) ។វាគ្មិនខ្លះហាក់ដូចជាមិនបានអានរឿងដែលលើកមកធ្វើជាប្រធានបទក្នុងកម្មវិធីនោះទេ ឬក៏អានដែរតែមិនបានយល់ច្បាស់ក៏មិនដឹង ព្រោះនៅពេលខ្លះខ្ញុំឃើញថាវាគ្មិនបកស្រាយសំណួរមិនចំអ្វីដែលអ្នកសួរចង់បានទេ។ល។ គឺឆ្លើយបែបពង្វាងៗ និយាយឲ្យខ្លីគឺឆ្លើយបែបចាក់ខ្សែ ។
ចំពោះអ្នកសួរវិញឆ្គងច្រើនទាំងសំដីសំដៅ ក៏ដូចជាកាយវិការ(ការសំពះជាដើម) តែនេះមិនសំខាន់ប៉ុន្មានទេ អ្វីដែលសំខាន់គឺអ្នកសួរភាគខ្លះ សួរបានត្រឹមតែសួរ គឺឲ្យតែរួចពីមាត់ដើម្បីយករង្វាន់ប៉ុណ្ណោះ ។ តាំងពីខ្ញុំតាមដានកម្មវិធីនេះមក(មិនបានរាល់អាទិត្យទេ) ខ្ញុំសង្កេតឃើញថាប្រសិនបើវាគ្មិននោះជាម្ចាស់ស្នាដៃផ្ទាល់ គឺការបកស្រាយមានលក្ខណៈក្បោះក្បាយល្អណាស់ ហើយវាគ្មិនដែលខ្ញុំពេញចិត្តជាងគេគឺលោកគ្រូ «វ៉ាសំអាត» ដែលបកស្រាយរឿង«ភ្លើងវិបល្លាស» របស់គាត់ផ្ទាល់ បន្ទាប់មកគឺអ្នកគ្រូប៉ាល់ វណ្ណារីរក្ស ។ក្រៅពីនោះ វាគ្មិនដែលបកស្រាយបានល្អនូវរឿងរបស់អ្នកដទៃ គឺ(មិនចាំឈ្មោះ) ដែលលើកឡើងពីរឿងមាលាដួងចិត្ត និងរ៉ូមេអូស៊ុលីយ៉េត ។
មានមួយទៀតដែលខ្ញុំគិតថា គួរតែមានការកែប្រែគឺពិធីករស្រី ពេលខ្លះស្លៀកពាក់មិនសមរម្យសោះ(បញ្ចេញដើមទ្រូង) វាខុសកម្មវិធី និងពេលខ្លះទម្លាក់សក់ឲ្យសំពោង អាក្រក់មើលណាស់(បើបួងឡើងលើតាមទម្លាប់ឃើញថាល្អ)។
ចំពោះវីស៊ីឌីខ្ញុំបានទទួលពីគាត់ទៀតហើយ ដល់ទៅ២៥បន្ទះឯនោះ និងមានសៀវភៅរឿងប្រលោមលោកជាច្រើនក្បាលទៀត ដែលគាត់ឧបត្ថម្ភដល់បណ្ណាល័យជាតិឡាវ ។បើនិយាយទៅគួរឲ្យនឹកខ្មាសគាត់ដែរ កាលខ្ញុំទៅសុំសៀវភៅពីគាត់នោះ ព្រោះពេលនោះសៀវភៅមួយចំនួននៅផ្ទះគាត់បានអស់ទៅហើយ ដូច្នេះគាត់ក៏ឲ្យលុយខ្ញុំ១០ដុល្លាទៅទិញសៀវភៅបន្ថែម ខ្ញុំក៏ទទួលយកពីគាត់ដោយឥតខ្មាសអៀនទៀត(ធាតុពិតខ្មាសចង់ជ្រែកដីទៅហើយ តែពេលនោះខ្ញុំក៏គ្មានលុយដែរ) ព្រោះគាត់ឲ្យសៀវភៅហើយ ខ្ញុំនៅទទួលលុយពីគាត់ទៀត ។និយាយតាមត្រង់ទៅ ពេលខ្ញុំជិះឡានត្រលប់មកប្រទេសឡាវវិញ អារម្មណ៍ខ្ញុំមិននៅក្នុងខ្លួនទេ ចេះតែគិតខ្វាយខ្វល់ថា តើអ្នកគ្រូនឹងគិតយ៉ាងណាចំពោះខ្ញុំ?
ខ្ញុំមិនដែលបានទស្សនាកម្មវិធីនេះសោះ គួរឱ្យស្ដាយដែរ។
កម្មវិធីនេះខ្ញុំក៏មិនបានមើលទៀងទាត់ដែរ ព្រោះមិនមានទូរទស្សន៍ផ្ទាល់ខ្លួន ។ បានមើលតែគេពិភាក្សាពីរឿង កងកែវកងកម្ម ដែលជារឿងដ៏ចំណាស់មួយ ព្រោះខ្ញុំធ្លាប់ឃើញវានៅ បណ្ណាល័យសាលាបារាំង(សាលាអាលីយ៉ង់យើងហ្នឹង :)) សៀវភៅសន្លឹកលឿងឡើងទក់ ។ រឿងនេះក៏ធ្លាប់ថតជាភាពយន្តដែរ កាលពីសង្គមដើម ។ ខ្ញុំមិនដែលបានអានទេ ខានទៅបណ្ណាល័យយូរហើយ…
យីខ្ញុំបាទនិយាយចាកប្រធានទេដឹងណ៎!
គ្មានទូរទស្សន៍អ៊ីចឹងតើ! បានសួរថាប៉ុស្ត៍ណាខ្លះមានផ្សាយភាពយន្តខ្មែរ? មិនឃើញឆ្លើយសោះ ស្ងាត់ឲ្យច្រៀប!
មិនបានចាកប្រធានទេបាទ! ព្រោះវាទាក់ទងគ្នាដែរ ។ ចំពោះសៀវភៅរឿងកងកម្មកងកែវ មានបោះពុម្ពថី្មហើយ ឯភាពយន្តក៏មានថតថ្មីដែរ សម្តែងដោយកញ្ញាក្នុងបេះដូងខ្ញុំ កែវ ពេជ្រពិសី ។
រឿងហ្នឹងវាអាចឹងឯង ហេហេ ! មិនសូវជ្រាបអីហ្នឹងគេទេ លោកប្អូនអើយ…
ចុម ចុះកញ្ញានោះម៉េចទៅនៅ ក្នុងបេះដូងឯណោះវិញ ? keke
ហើយកម្មវិធីហ្នឹងខ្ញុំបាទមើលកាលជាងម៉ាឆ្នាំមុនម៉េះ… តាំងពីមានធីវី រហូតដល់អត់ ហាហា
យើងទទួលស្គាល់ថាពិតជាមានចំណុចខ្វះខាតដូច្នោះមែន។ យើងនឹងខិតខំបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ យោបល់របស់អាចម៍ផ្កាយនឹងជួយឲ្យកម្មវិធីសៀវភៅល្អៗដំណើរការកាន់តែប្រសើរ។
បងរដ្ឋៈ ព្រោះកញ្ញានោះចង់ផឹកទឹកដូង! អូ៎,ទើបតែដឹងថាមុខបងរដ្ឋហ្នឹង ស៊ីទូរទស្សន៍អ៊ីចឹងសោះ។
បងនិមលៈ ពួកខ្ញុំតែងតែរង់ចាំមើល និងគាំទ្រកម្មវិធីដ៏ល្អនេះជានិច្ច។
និមលម៉េចមិនដាក់តំណឱ្យដោនឡូតថ្មី? ខ្ញុំចូលទៅដោនឡូតអត់មានអីសោះ។ ចង់មើលតើមានរឿងអីខ្លះ ដែលបានលើកឡើងមកពិភាក្សា និងណែនាំ។ ព្រោះឥឡូវដូចជាចាប់អារម្មណ៍អានរឿងនឹងគេ នឹងឯងតិចៗដែរ។
អាចទាញយកបានហើយនៅត្រង់នេះ http://freewebs.com/goodbooksprogram/download/stories.doc
សូមអរគុណច្រើន។ ខ្ញុំទាញយកបានហើយ។
អត់អីទេ! សប្បាយចិត្តណាស់បើមានមនុស្សចូលចិត្តអានសៀវភៅច្រើន។
ឥឡូវនេះ សហព័ន្ធអភិវឌ្ឍន៍សៀវភៅមានគេហទំព័រជាផ្លូវការហើយ។ http://www.bookfederation.org.kh ។ លោកអ្នកអាចទស្សនាកម្មវិធីសៀវភៅល្អៗ តាម http://bookfederation.blip.tv/
អរគុណសម្រាប់ដំណឹងដ៏ល្អនេះ!
សង្ឃឹមថាក្រុមការងាររបស់សហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅកម្ពុជា នឹងថ្វើឲ្យកម្មវិធីនេះចេះតែអភិវឌ្ឍន៍
ទៅមុខ!