jump to navigation

កម្មវិធី«សៀវភៅល្អៗ» ខែ កុម្ភៈ 29, 2008

Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ.
trackback

កម្ម​វិធី​ «សៀវភៅ​ល្អៗ»​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ការ​ងារ​ទី​៣​ នៃ​សហព័ន្ធ​អ​ភិ​វឌ្ឍន៍​សៀវ​ភៅ​នៅ​កម្ពុជា រួម​សហការ​ជាមួយ​ទូរទស្ស​ន៍​ជាតិ​កម្ពុជា(ទទក) ដោយ​មាន​ជំនួយ​ឧបត្ថម្តពី​មូល​និធិ​រ៉ុក​ហ្វេល័រ(Rockefeller Foundation) ។​កម្មវិធី​នេះ​មាន​ចាក់​ផ្សាយតាម​កញ្ចក់ទូរទស្សន៍​ជាតិ​កម្ពុជា(ទទក) រៀង​រាល់ថ្ងៃ​អាទិត្យ​​វេលាម៉ោង​៥:៣០ ដល់​ ម៉ោង​៦:៣០ល្ងាច និង​មាន​ចាក់​ផ្សាយ​ឡើង​វិញ រៀងរាល់​ថ្ងៃ​អង្គារវេលា​ម៉ោង៧:៣០ ដល់ ម៉ោង៨:៣០ព្រឹក ។

គោល​បំណង
គោលបំណង​របស់​កម្មវិធី​ «សៀវភៅ​ល្អៗ​» គឺ ៖
-ដើម្បី​ជម្រុញ​មនុស្ស​ឲ្យ​ស្រឡាញ់ និង​ចូល​ចិត្ត​អាន​ស្នា​ដៃ​អក្សរ​សិល្ប៍​នានា ។
-បង្ហាញ​ជូន​អ្នក​អាន​ឲ្យ​បាន​ដឹង​ បានស្គាល់​ ពី​សៀវភៅ​អក្សរ​សិល្ប៍​ដែល​ល្អ ។
-បង្ហាញ​ពីស្នាដៃ​អក្សរ​សិល្ប៍​ខ្មែរ​ចាស់ៗដែល​កប់​បាត់ ។
-បង្ហាញ​ពីស្នាដៃ​អក្សរសិល្ប៍​បរទេស ។
-ដើម្បីអ្នក​អាន​បានទទួល​ចំណេះ​ដឹង​ និង​បទពិសោធន៍ ពី​ស្នាដៃ​អក្សរ​សិល្ប៍​ខ្មែរ​ និង​អក្សរ​សិល្ប៍​បរទេស​មួយ​ចំនួន ។
-ជួយ​បង្កើន​ចរាចរណ៍​លក់​សៀវភៅ ឲ្យ​បាន​ទូលំទូលាយ ។
-មានចំណែក​ជួយ​ផ្តល់​បទពិសោធន៍ដល់​អ្នកនិពន្ធ​ខ្មែរ ដើម្បី​ធ្វើ​ឲ្យ​សំណេររបស់​ពួក​គាត់​​មានភាព​កាន់​តែ​ប្រសើរ​ឡើង។
-​មានចំណែក​ជួយ​លើក​កំពស់​ ដល់ជីវភាព​អ្នក​និពន្ធ ។
-មានចំណែក​ជួយ​បង្កើន​​ ការលើក​ទឹក​ចិត្ត​ដល់​កិច្ច​ខិតខំនិពន្ធ​របស់​ស្មេរ ។
-​មិនមែន​ជាកម្មវិធី​ដើម្បីលើក​តម្កើង​នរណាម្នាក់ ហើយ​ក៏​មិនមែន​កម្ម​វិធី​ដើម្បីរក​ប្រាក់​ចំណេញដែរ ។

កុំ​ភ្លេចណា៎! បើចាប់​អារម្មណ៍រៀង​រាល់​ថ្ងៃ​អាទិត្យ ឬថ្ងៃអង្គារ តាមពេល​វេលាដូច​កំណត់​ខាង​លើ ជាមួយនឹងក​ម្មវិធី «សៀវភៅ​ល្អៗ»!!!

លោកអ្នកអាចស្វែងយល់បន្ថែមពីកម្មវិធីនេះ​ដោយចូលទៅកាន់ គេហៈទំព័រនេះ

វិចារ នានា»

1. និមល - ខែ មីនា 1, 2008

កម្មវិធីនេះបានបញ្ចប់ការចាក់ផ្សាយហើយ។ យើងកំពុងស្វែងរកថវិកាសម្រាប់​ដំណើរការក្នុងឆ្នាំទីបីទៀត។ បើសិនជាទទួលបាន យើងនឹងចាប់ផ្ដើមផលិតបន្ត​នៅខែមិថុនា។ បើសិនជាចាប់អារម្មណ៍ចង់បាន VCD ដើម្បីទស្សនាលោកអ្នក​អាច​ទំនាក់ទំនងអ្នកគ្រូប៉ាល់ វណ្ណារីរក្សដែលជាអ្នកនិពន្ធជើងចាស់ម្នាក់និង​ជាម្ចាស់​កម្មវិធី។ បើសិនជាចង់បានឯកសារសូមរកពីណារដ្ឋនិងអាចម៍ផ្កាយ​ចុះឬពីខ្ញុំក៏បាន។ ទំព័រដែលខ្ញុំធ្វើនោះមិនមែនជាទំព័រផ្លូវការនោះទេ។ សូមកុំប្រកាន់អី។ ឯឯកសារដែលដាក់ឲ្យទាញយកក៏errorទៀត។

2. អាចម៍ផ្កាយ - ខែ មីនា 3, 2008

ទើប​តែ​បញ្ចប់​មែន​ទេ? ព្រោះ​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ខ្ញុំ​នៅ​ឃើញ​ចាក់​ផ្សាយ​នៅ​ឡើយ ហើយ​​ទើប​​តែ​​ថ្ងៃ​​អាទិត្យ​​ម្សិល​មិញ​​នេះ​​ទេ​​ដែល​​ខ្ញុំ​​មិន​​ឃើញ​​មាន​ផ្យាយ​។
សម្រាប់​​ការ​​ផ្សាយ​​ក្រោយ​ៗ​​មក​​នេះ ខ្ញុំ​​ឃើញ​​គេ​​ចាក់​​ក​ម្ម​វិធី​​ចាស់​ៗ​​ដែល​​ធ្លាប់​​ផ្សាយ​​ពីមុន​មកហើយ សូម្បី​តែ​កម្ម​វិធី​ដែល​ខ្ញុំ​បាន​ចូល​រួម​ក៏ឃើញ​ចាក់​ផ្សាយ​ឡើង​វិញ​ដែរ។

សូម​ធ្វើ​ចំណាប់​អារម្មណ៏​បន្តិច​ចុះ គឺ​សម្រាប់​កម្មវិធី​នេះ​ធ្វើ​បានល្អ​ហើយ នេះ​បើ​និយាយ​​ពី​​គុណ​ប្រយោជន៍​​ក្នុង​ការ​ជម្រុញ​ការ​អាន​សៀវ​ភៅ​នៅ​កម្ពុជា ដ៏​ដូច​ជា​ការ​រីក​​ចម្រើន​លើ​វិ​ស័យ​​អក្សរសាស្ត្រ​របស់​ជាតិ​ ។​តែ​អ្វី​ដែល​ខ្ញុំ​ឃើញ​នៅ​អសកម្ម​គឺ​ បញ្ហាវាគ្មិន និង​អ្នក​ចោទ​សំនួរ(​អ្នក​ចូល​រួម) ។​វាគ្មិន​ខ្លះ​ហាក់​ដូច​ជា​មិន​បាន​អាន​រឿង​ដែល​លើក​មកធ្វើ​ជា​ប្រធាន​បទ​ក្នុង​កម្មវិធីនោះ​ទេ​ ឬ​ក៏​អាន​ដែរ​តែ​មិន​បាន​យល់​ច្បាស់​ក៏​មិន​ដឹង​ ព្រោះ​នៅ​ពេល​ខ្លះ​ខ្ញុំ​ឃើញ​ថា​វាគ្មិន​បក​ស្រាយ​សំណួរ​មិន​ចំ​អ្វី​ដែល​អ្នក​សួរ​ចង់​បាន​​ទេ។ល។ គឺ​ឆ្លើយ​បែប​ពង្វាងៗ និយាយ​ឲ្យខ្លី​គឺ​ឆ្លើយ​បែប​ចាក់​ខ្សែ ។

ចំពោះ​អ្នក​សួរ​​វិញ​ឆ្គង​ច្រើន​ទាំង​សំ​ដី​សំ​ដៅ ក៏​ដូចជា​កាយ​វិការ​(ការ​សំពះ​ជា​ដើម)​ តែនេះ​មិន​សំ​ខាន់​ប៉ុន្មាន​ទេ អ្វី​ដែល​សំខាន់​គឺ​អ្នក​សួរ​ភាគ​ខ្លះ សួរ​បាន​ត្រឹម​តែ​សួរ​ ​គឺ​ឲ្យ​តែ​រួច​ពី​មាត់​ដើម្បី​យក​រង្វាន់ប៉ុណ្ណោះ ។​ តាំង​ពី​ខ្ញុំ​តាម​​ដាន​​កម្មវិធី​នេះ​មក(មិន​បាន​រាល់​អាទិត្យទេ) ខ្ញុំ​​សង្កេត​ឃើញថា​ប្រសិន​បើ​វាគ្មិន​​នោះ​ជា​ម្ចាស់​ស្នាដៃ​ផ្ទាល់ គឺ​ការ​បក​ស្រាយ​មាន​លក្ខណៈក្បោះ​ក្បាយ​ល្អ​ណាស់​ ហើយ​វាគ្មិន​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាងគេ​គឺ​លោកគ្រូ​ «វ៉ា​សំអាត» ដែល​បក​ស្រាយ​រឿង​«ភ្លើង​វិបល្លាស»​ របស់គាត់​ផ្ទាល់ បន្ទាប់​មក​គឺ​អ្នក​គ្រូ​ប៉ាល់​ វណ្ណា​រី​រក្ស ។​ក្រៅពីនោះ​ វាគ្មិន​ដែល​បកស្រាយបាន​ល្អ​នូវ​រឿងរបស់​អ្នកដទៃ គឺ(មិនចាំ​ឈ្មោះ) ដែលលើក​ឡើង​ពី​រឿង​មាលាដួងចិត្ត និង​រ៉ូមេអូស៊ុលីយ៉េត ។​

មានមួយ​ទៀត​ដែល​ខ្ញុំ​គិត​ថា គួរ​តែ​មាន​ការ​កែ​ប្រែ​គឺ​ពិធី​ករ​ស្រី ពេល​ខ្លះ​ស្លៀក​ពាក់​មិន​សមរម្យ​សោះ​(​បញ្ចេញ​ដើម​ទ្រូង) វាខុស​កម្មវិធី និង​ពេល​ខ្លះ​ទម្លាក់​សក់​ឲ្យ​សំពោង​ អាក្រក់​មើល​ណាស់​(​បើ​បួង​ឡើង​លើ​តាម​ទម្លាប់ឃើញ​ថា​ល្អ)។

ចំពោះ​វីស៊ី​ឌីខ្ញុំ​បាន​ទទួល​ពីគាត់ទៀតហើយ ដល់​ទៅ​២៥​បន្ទះ​ឯនោះ និង​មាន​សៀវភៅ​រឿងប្រលោម​លោក​​ជា​ច្រើន​​ក្បាលទៀត​ ដែល​គាត់​ឧបត្ថម្ភ​ដល់​បណ្ណាល័យ​ជាតិ​ឡាវ ។​បើ​និយាយ​ទៅគួរឲ្យ​នឹក​ខ្មាស​គាត់​ដែរ កាល​ខ្ញុំ​ទៅ​សុំ​សៀវភៅ​ពីគាត់នោះ ព្រោះពេល​នោះ​សៀវភៅមួយ​ចំនួន​នៅ​ផ្ទះ​គាត់​បាន​អស់​ទៅ​ហើយ ដូច្នេះ​គាត់​ក៏​ឲ្យ​លុយ​ខ្ញុំ​១០ដុល្លា​ទៅទិញ​សៀវ​ភៅ​បន្ថែម ខ្ញុំ​ក៏​ទទួល​យក​ពី​គាត់​ដោយ​ឥត​ខ្មាស​អៀន​ទៀត(ធាតុពិតខ្មាស​ចង់ជ្រែក​ដី​ទៅ​ហើយ​ តែ​ពេល​នោះ​ខ្ញុំ​ក៏​គ្មានលុយ​ដែរ) ព្រោះ​គាត់​ឲ្យ​សៀវភៅ​ហើយ​ ខ្ញុំ​នៅ​ទទួល​លុយ​ពី​គាត់​ទៀត ។​និយាយ​តាម​ត្រង់​ទៅ​ ពេល​ខ្ញុំ​ជិះ​ឡាន​ត្រលប់​មក​ប្រទេស​ឡាវ​វិញ​ អារម្មណ៍​ខ្ញុំ​មិន​នៅ​ក្នុង​ខ្លួន​ទេ ចេះ​តែ​គិត​ខ្វាយ​ខ្វល់​ថា តើអ្នកគ្រូ​នឹងគិត​យ៉ាងណា​ចំពោះ​ខ្ញុំ?

3. ទឹម បឿន - ខែ មីនា 3, 2008

ខ្ញុំ​មិន​ដែល​បាន​ទស្សនា​កម្មវិធី​នេះ​សោះ គួរ​ឱ្យ​ស្ដាយ​ដែរ។

4. naraths - ខែ មីនា 3, 2008

កម្ម​វិធី​នេះ​ខ្ញុំ​ក៏មិន​បាន​មើល​ទៀងទាត់​ដែរ ព្រោះ​មិន​មាន​ទូរទស្សន៍​ផ្ទាល់​ខ្លួន  ។ បាន​មើល​តែ​គេ​ពិភាក្សា​ពី​រឿង កងកែវកងកម្ម ដែល​ជា​រឿង​ដ៏​ចំណាស់​មួយ ព្រោះ​ខ្ញុំ​ធ្លាប់​ឃើញ​វា​នៅ បណ្ណាល័យ​សាលាបារាំង​(សាលាអាលីយ៉ង់​យើង​ហ្នឹង :)) សៀវភៅ​សន្លឹក​លឿង​ឡើង​ទក់ ។ រឿង​នេះ​ក៏​ធ្លាប់​ថត​ជា​ភាពយន្ត​ដែរ កាល​ពី​សង្គម​ដើម ។ ខ្ញុំ​មិន​ដែល​បាន​អាន​ទេ ខាន​ទៅ​បណ្ណាល័យ​យូរ​ហើយ…

យី​ខ្ញុំ​បាទ​និយាយ​ចាក​ប្រធាន​ទេ​ដឹង​ណ៎!

5. អាចម៍ផ្កាយ - ខែ មីនា 3, 2008

គ្មានទូរទស្សន៍​អ៊ីចឹង​តើ​! បាន​សួរ​ថាប៉ុស្ត៍​ណា​ខ្លះ​មាន​ផ្សាយ​ភាពយន្ត​ខ្មែរ? មិន​ឃើញ​ឆ្លើយ​សោះ​ ស្ងាត់​ឲ្យ​ច្រៀប!
មិន​បាន​ចាក​ប្រ​ធាន​ទេ​បាទ! ព្រោះ​វាទាក់​ទង​គ្នា​ដែរ ។ ចំពោះ​សៀវ​ភៅ​រឿង​កង​កម្ម​កង​កែវ​ មាន​បោះ​ពុម្ព​ថី្មហើយ ឯ​ភាពយន្ត​ក៏​មាន​ថត​ថ្មី​ដែរ សម្តែង​ដោយ​កញ្ញា​ក្នុង​បេះ​ដូង​ខ្ញុំ​ កែវ​ ពេជ្រ​ពិសី ។

6. naraths - ខែ មីនា 3, 2008

រឿង​ហ្នឹង​វា​អាចឹង​ឯង ហេហេ ! មិន​សូវ​ជ្រាប​អី​ហ្នឹង​គេ​ទេ លោក​ប្អូន​អើយ…
ចុម ចុះ​កញ្ញា​នោះ​ម៉េច​ទៅ​នៅ ក្នុង​បេះដូង​ឯណោះ​វិញ ? keke

7. naraths - ខែ មីនា 3, 2008

ហើយ​កម្ម​វិធី​ហ្នឹង​ខ្ញុំ​បាទ​មើល​កាល​ជាង​ម៉ាឆ្នាំ​មុន​ម៉េះ… តាំង​ពី​មាន​ធីវី រហូត​ដល់​អត់ ហាហា

8. និមល - ខែ មីនា 3, 2008

យើងទទួលស្គាល់ថាពិតជាមានចំណុចខ្វះខាតដូច្នោះមែន។ យើងនឹងខិតខំ​បន្ថែមទៀតដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ យោបល់របស់អាចម៍ផ្កាយ​នឹងជួយឲ្យកម្មវិធីសៀវភៅល្អៗដំណើរការកាន់តែប្រសើរ។

9. អាចម៍ផ្កាយ - ខែ មីនា 4, 2008

បងរដ្ឋៈ ព្រោះ​កញ្ញានោះ​ចង់​ផឹក​ទឹក​ដូង! អូ៎,ទើ​ប​តែ​ដឹង​ថា​មុខ​បង​រដ្ឋ​ហ្នឹង​ ស៊ី​ទូរទស្សន៍​អ៊ីចឹង​សោះ។
បង​និ​មលៈ ពួក​ខ្ញុំ​តែង​តែ​រង់​ចាំ​មើល​ និង​គាំ​ទ្រ​កម្មវិធី​ដ៏​ល្អ​នេះ​ជា​និច្ច។

10. Boeun - ខែ មីនា 4, 2008

និមល​ម៉េច​មិន​ដាក់​តំណ​ឱ្យ​ដោនឡូត​ថ្មី? ខ្ញុំ​ចូល​ទៅ​ដោនឡូត​អត់​មាន​អី​សោះ។ ចង់​មើល​តើ​មាន​រឿង​អី​ខ្លះ ដែល​បាន​លើក​ឡើងមក​ពិភាក្សា និង​ណែនាំ។ ព្រោះ​ឥឡូវ​ដូច​ជា​ចាប់​អារម្មណ៍​អាន​រឿង​នឹង​គេ នឹង​ឯង​តិចៗ​ដែរ។

11. Nimol - ខែ មីនា 4, 2008

អាចទាញយកបានហើយនៅត្រង់នេះ http://freewebs.com/goodbooksprogram/download/stories.doc

12. Boeun - ខែ មីនា 5, 2008

សូម​អរគុណ​ច្រើន។ ខ្ញុំ​ទាញ​យក​បាន​ហើយ។

13. និមល - ខែ មីនា 6, 2008

អត់អីទេ! សប្បាយចិត្តណាស់បើមានមនុស្សចូលចិត្តអានសៀវភៅច្រើន។

14. Nimol - ខែ មីនា 10, 2008

ឥឡូវនេះ សហព័ន្ធអភិវឌ្ឍន៍សៀវភៅមានគេហទំព័រជាផ្លូវការហើយ។ http://www.bookfederation.org.kh ។​ លោកអ្នកអាចទស្សនាកម្មវិធីសៀវភៅល្អៗ តាម http://bookfederation.blip.tv/

15. អាចម៍ផ្កាយ - ខែ មីនា 10, 2008

អរគុណ​សម្រាប់​ដំណឹង​ដ៏​ល្អនេះ!
សង្ឃឹម​ថា​ក្រុម​ការ​ងារ​របស់​សហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅ​កម្ពុជា នឹង​​ថ្វើ​ឲ្យ​កម្មវិធី​នេះ​​ចេះ​តែ​អភិ​វឌ្ឍ​ន៍​
ទៅ​មុខ!