jump to navigation

សេណារីយោរឿង​«អាត់​បី»សេកង់ទី១ ខែ មីនា 16, 2008

Posted by អាចម៍ផ្កាយ in រៀនធ្វើកុន, សេណារីយោ(នាដកថា).
trackback

ដើម្បី​បង្ក​ភាព​ងាយ​ស្រួល ​ដល់​ប្រិយ​មិត្ត​ទាំង​ឡាយ​ ដែល​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ​ភាព​យន្ត​(screen​ writer)​ ខ្ញុំ​សូម​លើក​យក​សេណារី​យោ​រឿង​ «អាត់​​​បី» ដែល​ជា​ស្នាដៃ​និពន្ធ របស់​អ្នក​ស្រីម៉ៅ​សំណាង​​ហៅ​«ទន្សាយ» មក​បង្ហាញ​ជូន​ជា​គំរូ​ម្តង​មួយសេកង់ៗ ដោយ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ ឈុត​ឆាក​ភាព​យន្ត​ខ្លីៗ​ក្នុង​សេកង់​នីមួយៗផង​។

ការ​សរសេរ​សេណារីយោ​កុន​(screenplay)របស់​អ្នក​និពន្ធ​ខ្មែរ មិន​មាន​ក្បួន​ខ្នាត​អ្វី​ឲ្យ​ជាក់​លាក់​នោះ​ទេ គឺ​គេ​សរសេរ​យ៉ាង​ណា​ឲ្យ​តែ​អ្នក​ដឹកនាំ​រឿង​ និង​អ្នក​សម្តែង​ អាន​បាន​ ងាយ​យល់​គឺ​វាបាន​ទៅ​ហើយ។​ ជា​ធម្មតាគេ​សង្កេត​ឃើញ​ថា នៅ​ផ្នែក​ខាង​លើ​នៃ​សេកង់​​នីមួយៗ​(sequence) តែង​មាន​សរសេរ​បញ្ជាក់​ពី​ពេល​វេលា​ ទី​កន្លែង​ តួ​សម្តែ​ង​ និង​សំលៀក​បំពាក់​របស់​តួ។ ហើយ​ផ្ទៃ​រឿង​ក្នុង​សេកង់​នីមួយៗ​ មាន​បែង​ចែក​ជា​បី​តារាង ដោយ​តារាង​ទី​មួយ​និយាយពី សកម្មភាពរបស់​តួ ប្លង់​កាមេរ៉ា(ប្លង់​ទូទៅ​ ប្លង់​សំណុំ ប្លង់​មធ្យម​ ប្លង់​អា​សេទិច​ ប្លង់​ធំ…) ចលនា​កាមេរ៉ា​(ស្កុប ច្បាស់​​ ព្រាល​​​​ ឬ​រូបភាព​ស្រមៃ)។ តារាងទី​ពីរ​បង្ហាញ​ពី​ឈ្មោះ​តួ​អង្គ និង​តារាង​ទី​បី​ជា​សម្តី​ឆ្លើយ​ឆ្លង​របស់​តួអង្គ។

ដូច្នេះ​ដោយ​មាន​ការពិបាកក្នុង​ការគូស​តារាង តាម​សំណៅ​ដើម​របស់​អ្នក​និពន្ធ ខ្ញុំសូម​ធ្វើ​ការ​កែប្រែដោយ​ត្រលប់មក​សរសេរ​រៀ​ង​លំដាប់​ចុះ​ក្រោម​វិញ គឺ​ផ្នែក​ទី​១ជា​សកម្មភាពតួអង្គ ផ្តើម​សរសេរដោយ​រជ្ជុសញ្ញា(-) ផ្នែកទី២ឈ្មោះតួអង្គ(សរសេរ​ជា​ឈ្មោះ​អក្សរ​ដិត​) និងផ្នែកទី៣ជាសម្តីតួអង្គ ដោយ​សរសេរ​បន្ត​ភ្ជាប់​ពី​ឈ្មោះ​​តួ​​អង្គ​តែ​ម្តង​។

សេកង់ទី១

ពេលវេលាៈ ពេល​ល្ងាច

ទី​កន្លែងៈ ផ្ទះណារ៉ា

តួសម្តែងៈ ណារ៉ា បូព្រឹក្ស កាណាន ផានី ភ្ញៀវក្នុង​ហាង​ច្រើន​នាក់ អ្នក​មើល​ប្រដាល់

សំលៀក​បំពាក់ៈ ណារ៉ា​ខោខ្លី​ខ្លួន​ទទេ កាណាន​សារុងក្រឡា​អាវ​យឺត បូព្រឹក្ស​ខោអាវ​កំភ្លេនៅ​ផ្ទះ ផានី​អាវ​យឺត​សំពត់​មីនី​ខ្លី

-ណារ៉ា​កំពុង​ខាំ​មាត់ដាល់​បាវ​ខ្សាច់​នៅ​ក្រោយ​ផ្ទះ មួយ​ដៃ​ហើយ​មួយ​ដៃ​ទៀត

-ដៃ​ណា​រ៉ា​បែក​ឈាម​រឹមៗ

-ដៃ​ដាល់​បាវ​ខ្សាច់​បណ្តើរ​ លេច​រូប​ភាព​ស្រមៃ​បណ្តើរ

-នៅ​លើ​សៃ​វៀន​ប្រដាល់​ កាណាន​ឪពុក​ណារ៉ា​នៅ​ពី​ក្មេង​ ត្រូវ​គូ​ប្រ​កួត​ទាត់​ប៉ើង​ទៅ​លើ​ខ្សែរេញ​រមៀល​ធ្លាក់​ទៅ​ក្រោម​ ចុក​រមួល​ខ្លួន​មាន​ឈាមតាម​មាត់​​​(ឃើញ​​រូប​ភាព​ភ្លឹប​ភ្លែតៗ)

-កាណាន​ត្រូវ​គេ​ដាក់​លើ​ប្រង់​កា សែង​រត់​ចេញ​ពី​កន្លែង​ប្រដាល់

-ផានី​កំពុងច្រៀង​បញ្ចប់​ រួច​ចុះ​ពី​លើ​ឆាក​ចម្រៀង​ មក​អង្គុយ​កំ​ដរ​ភ្ញៀវ

-ភ្ញៀវ​៤,៥នាក់នៅ​តុ​សុទ្ធ​តែ​មាន​កៀក​នារីកំដរ​មួយ​ម្នាក់ ភ្ញៀវ​ម្នាក់​ដែល​អង្គុយ​ជាប់​ផានី លើក​ស្រា​ចាប់​បង្ខំ​ឲ្យ​នាង​ផឹក

-នាង​គ្រ​វី​ក្បាល​រា​ដៃ តែ​ភ្ញៀវ​ចាប់​បញ្រ្ចកនាង ក្រពប់​ស្រា​ពេញ​ខ្លួន

-ណារ៉ា​នៅ​តូច​អាយុ៦,៧ឆ្នាំ កំពុង​ពរ​ប្អូន​ស្រីអាយុ​មួយ​ខួប លួង​រលាក់កុំ​ឲ្យ​យំ

-ណារ៉ា​ដាក់​ប្អូន​លើគ្រែ​ឬស្សី រត់​ទៅ ឆុង​ទឹក​ដោះ​គោ​ បូព្រឹក្ស​វារ​ធ្លាក់​ពី​លើ​គ្រែស្រែក​យំ​យ៉ាង​ខ្លាំង ណារ៉ា​ទម្លាក់​ដប់​ទឹក​ដោះ​គោ​ស្ទុះ​មក

-កាណាន​មាន​មុខ​ជាំហើម ដើរ​ទប់​ខ្លួន​ចូល​មក​ក្នុង​ផ្ទះ​យឺតៗ

-ឃើញ​កូន​ធ្លាក់​យំ​ឡើង​គាំង​ ស្ទុះ​ទៅ​លើក​បី​កូន​ឡើង​ឱប​ជាប់​នឹង​ទ្រូង

-ឡានតូច​មួយបើក​មក​ឈប់​មុខ​ផ្ទះ បុរស​ម្នាក់​ចុះ​មក​បើក​ឡាន​ឲ្យ​ផានីចុះ​មក​ សក់​នាង​រញ៉េ​រញ៉ៃអាវ​ដាច់​ឡេវ​ខាង​លើ ដើរ​យក​ដៃ​ខ្ទប់​ ដំណើរ​ទន់​របៀប​ស្រវឹង​​ចូល​មក​ក្នុង​ផ្ទះ

-កាណានដៃ​ម្ខាង​ព​កូន​កំពុង​យំ ដៃ​ម្ខាង​រើ​ខោ​អាវ​នាង​ពី​ក្នុង​ទូ​ បោះ​បោក​មក​លើ​ផានី មុខ​ខឹង​ញ័រ​ទទ្រើក

-ណារ៉ា​ឱប​ជើង​ឪពុក​យំ

-ផានី​ក៏​យំ​ប្រមូល​ខោអាវ ដាក់​ក្នុង​កាបូប​ខោអាវ

-ណារ៉ា​រត់​មក​ឱប​ម្តាយ

-ផានី​បេះ​ដៃ​ណារ៉ា​ចេញ ស្ពាយ​កាបូប​ចេញ​ទៅ(ស្កុប​យឺតៗ)

-បូព្រឹក្ស​ស្រែ​ក​យំ​យ៉ាង​ខ្លាំង

-កាណាន​ឱប​កូន​ស្រក់​ទឹក​ភ្នែក​ ណារ៉ា​អុក​បង្គុយ​លើដី​យំ

-ជើង​របស់​ណារ៉ា​ហក់​ធ្លោ​ ទៅ​ធាក់​ចំ​បាវ​ខ្សាច់​រយះ​ធ្លាយ​ខ្សាច់បាវ

-បូព្រឹក្ស​រុញ​រទេះ​ដែល​មាន​ឪពុក​អង្គុយ​លើ​ ចេញ​មក​រកកន្លែង​ណារ៉ា​ហាត់​ របៀប​ស្ទាក់​ស្ទើរ

បូព្រឹក្ស៖ បងរ៉ា!

-ណារ៉ា​ងាក​មក​ឃើញ​ឪពុក​ធ្វើ​មុខ​មាំ​ដាក់ គេ​ឈ្ងោក​មុខ​ជ្រប់ ទម្លាក់​ដៃ​ដែល​កំពុង​ផ្គង​ចុះ​និយាយ​តិចៗ

ណារ៉ា៖ ពុក!….

-ណាន​ជ្រួញ​ចិញ្ចើម(វ័យ​ចំនាស់​ទុក​ពុក​មាត់)

ណាន៖ ពុក​មិន​ឲ្យ​ឯង​ហាត់​ប្រដាល់​! ឯង​ហ៊ាន​ប្រឆាំង​នឹង​ពុក​មែន​ទេ?

-ណារ៉ា​ដើរ​មក​ឈរ​ទល់​មុខ​ឪពុក​សម្រូត​ខ្លួន​លុត​ជង្គង់​យឺតៗ​ចាប់​លើក​ដៃ​ឪពុក​ដាក់​លើ​ក្បាល

-ទឹក​ភ្នែក​រលីង​រលោង​ដក់​ក្នុង​កែវ​ភ្នែក

ណារ៉ា៖ ពុក! ឲ្យ​កូន​សុំ​ទោស! កូន​មាន​ឈាម​ជា​អ្នក​ប្រដាល់​ទៅ​ហើយ! កូន​ចង់​ប្រែ​ក្លាយ​ខ្លួន​ឲ្យ​ទៅ ជា​អ្វី​ក៏​មិន​បាន​ដែរ…

-ណាន​សម្លឹង​មុខ​កូន​ដោយ​ទឹក​មុខ​សោក​សៅ​រយច​គ្រវី​ក្បាល​តិចៗ(និយាយ​បណ្តើរ​ក្អក​បណ្តើរ)

ណាន៖ ណារ៉ា​ឯង​រឹង​រូស​ដូច​ពុក​កាល​នៅ​ពី​ក្មេង​អ៊ីចឹង! កិត្តិយស​ប្រៀប​ដូច​ផ្សែង​រសាត់! ឃើញ​តែ​មួយ​ភ្លែត​រួច​ក៏​រលាយ​បាត់​ទៅ​! ហើយ​ជីវិត​យើង​នឹង​គ្មាន​សេស​សល់​អ្វី​ឡើយ! សូម្បី​តែ​សុភមង្គល​ក្នុង​គ្រួសារ!

-ណារ៉ា​និង​បូព្រឹក្ស​សម្លឹង​មុខ​គ្នា​ស្រងូត​ស្រងាត់

-ណារ៉ា​ដក​ដង្ហើម​ធំ​ក្តោប​ដៃ​ឪពុក​យ៉ាង​ណែន

ណារ៉ា៖ ពុក!​ កិត្តិយស​ជា​ផ្សែង​មិន​ស្ថិត​ស្ថេរ​មែន! ប៉ុន្តែ​ជា​មោទនភាព​របស់​កូន​ប្រុស​! កូន​នឹង​ដណ្តើម​កេរ្តិ៍​ឈ្មោះ​ពុក​មក​វិញ​ឲ្យ​បាន! ខ្ញុំ​មាន​ឈាម​ពុក​ពេញ​ខ្លួន​ទៅ​ហើយ!​ ​ពុក​កុំ​កែ​ប្រែ​ខ្ញុំ​ឲ្យ​ទៅ ជា​មនុស្ស​ផ្សេង​អី​!

-ណាន​សម្លឹង​មុខ​កូន​​យ៉ាង​មុត​រួច​គ្រវី​ក្បាល​តិចៗ​របៀប​ហួស​ចិត្ត​។

ខ្ញុំ​គិត​ថា​នឹង​ដាក់​ឈុត​ភាពយន្ត​នេះ​ ឲ្យ​មើល​តាម​សេកង់​នីមួយៗ តែដោយគេកាត់​ច្រើនពេក ទើប​ពិបាក​នឹង​មើល​យល់​ថា​វានៅ​ក្នុង​សេកង់​ទៅ​ប៉ុន្មាន? ដូច្នេះ​សូមមើល​ និង​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ចុះ បើ​ឆ្ងល់ចាំ​សួរទៀត…

ឈុតភាពយន្តនេះស្ថិត​នៅ​ក្នុង​សេកង់​ទី៩,១០…(គឺ​អ្នក​ដែល​ដាក់​ក្នុង​youtubeកាត់​ចេញ, ធាតុពិត​ត្រូវស្ថិត​ក្នុង​សេកង់​ទី​១)

សូម​រង់​ចាំ​អាន​និង​ស្វែង​យល់​ក្នុង​សេកង់​ទី​២​បន្ត​ទៀត!!!

វិចារ នានា»

1. naraths - ខែ មីនា 18, 2008

អ្វី​ដែល​ខ្ញុំ​រង់​ចាំ​នោះ​គឺ របៀប​សរសេរ​សេណារីយ៉ូ​នេះ​ឯង ហើយ​អាចម៍​ផ្កាយ​ទី១​ហើយ​ដែល​បង្ហាញ​នេះ សូម​អរគុណ ធំធំ​តែ​ម្ដង! ចង់​ដឹង​ថា​អា screenplay ហ្នឹង​គេ​សរសេរ​យ៉ាង​ម៉េច…ព្រោះ​មិន​ដឹង​ទៅ​រៀន​ពីណា​ទេ ចឹង​សូម​អាចម៍ផ្កាយ​កុំ​បោះបង់​ប្រការ​នេះ​អី ខ្ញុំ​នៅ​តាម​ដាន ឬ​ផ្ញើ​តាម​អ៊ីមែល​ក៏​បាន (អ៊ីមែល​ចាស់​ណា៎ អត់​មាន​ដូរ​ទៅ​ណា​ទេ :D )

2. អាចម៍ផ្កាយ - ខែ មីនា 18, 2008

ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ដឹង​ថា មានអ្នក​ចង់​ចេះ​សរសេរ​សេណារីយោ​នេះដែរ ខ្ញុំ​នឹង​មិន​បោះ​បង់​ ប្រកាស​នេះ​ទេ​ ទោះ​បើ​មិនមាន​អ្នក​មើល​ច្រើន​ក៏​ដោយ​ ព្រោះ​វា​ជា​កម្ម​វត្ថុ​របស់​ប្លក់​ខ្ញុំ​។
សោក​ស្តាយ​ដែល​​សេណារី​យោ​នេះ​​«អាត់​បី​» ស្ថិត​ក្នុង​ឯក​សារ​សំណៅ​សរសេរ​ដៃ​នៅ​ឡើយ មិន​ទាន់​បាន​វាយ​ជា​កុំ​ព្យូទ័រ​ទេ ហើយ​បើ​ខ្ញុំ​ចង់​ផ្សាយ​ទាល់​តែ​វាយ​ម្តង​មួយ​សេកង់​ ដូច្នេះ​ខ្ញុំ​ក៏​មិន​អាច​ផ្ញើ​ជូន​បង​រដ្ឋ​ យ៉ាង​ម៉េច​ដែរ គឺ​មាន​តែ​រង់​ចាំ​អាន​ម្តង​មួយ​សេកង់​ហើយ…​ សុំ​ទោស​ណា៎! :(

3. រចនា - ខែ មីនា 18, 2008

-បូព្រឹក្ស​ស្រែ​ក​យំ​យ៉ាង​ខ្លាំង

-កាណាន​ឱប​កូន​ស្រក់​ទឹក​ភ្នែក​ ណារ៉ា​អុក​បង្គុយ​លើដី​យំ

~~គួរ​តែ​បញ្ជាក់​ថា ការ​ស្រមៃ​បាន​បញ្ចប់​ទៅ​ហើយ! ហេតុ​អីទើប​គ្មាន?

-ជើង​របស់​ណារ៉ា​ហក់​ធ្លោ​ ទៅ​ធាក់​ចំ​បាវ​ខ្សាច់​រយះ​ធ្លាយ​ខ្សាច់បាវ

-បូព្រឹក្ស​រុញ​រទេះ​ដែល​មាន​ឪពុក​អង្គុយ​លើ​ ចេញ​មក​រកកន្លែង​ណារ៉ា​ហាត់​ របៀប​ស្ទាក់​ស្ទើរ

បូព្រឹក្ស៖ បងរ៉ា!

»»បង!​ ការ​សរសេរ​គឺ​បែប​នេះ​មែន​ទេ? អញ្ចឹង​បើ​យើង​ចង់​បំលែងពី​ប្រលោម​លោក ទៅ​ជា​រឿង​កុន​ប្រហែល​ជា​ត្រូវ​កាត់ឈុត​ខ្លះ​ចេញហើយ… តើ​មែន​ទេ?

ឈុត​ដែល​បង​ដាក់​នេះ ដូច​ជា​គ្មាន​ស្អីទាក់​ទង​គ្នា​សោះ (សេណារីយូ និង ឈុត​រឿង)​ បង​ដាក់​ខុស​តើ​មែន​ទេ? ព្រោះ​ប្អូន​មិន​បាន​មើល​រឿង​នេះ​ទេ!!!

4. អាចម៍ផ្កាយ - ខែ មីនា 18, 2008

ឱ!ប្អូន​ស្រី​ដ៏​កំសត់​របស់​បង​អើយ…
បាត់​មុខ​យួរ ព្រោះ​រវល់​តែ​តស៊ូ​នឹង​ពិភព​កុន ឯកម្លាំង​ធាតុ​ក៏​ខ្សោយ​ហ្ន៎… ទើប​ធ្វើ​ឲ្យ​ភ្នែក​តូច​របស់​ប្អូន​មើល​មិន​ឃើញ​អ្វី​ដែល​បង​បញ្ជាក់​។

សេ​ណារី​យោ​មិន​ដូច​ប្រលោម​លោក ដែល​ត្រូវ​តែ​ប្រាប់​គ្រប់បញ្ហានោះ​ទេ។ ប្អូន​ធ្លាប់​ឃើញភាពយន្ត​ណាគេ​ដាក់​រាយ​អក្សរ​ប្រាប់​ថា«តួអង្គ​បាន​ស្រមៃ​ចប់​ហើយ​»​ឬទេ? ហា៎ស!..ហា៎…(សុំ​សើចមួយ​សិន!) ភាពយន្ត​គេ​តម្រូវ​ឲ្យ​អ្នក​អាន​មើ​ល​
រូប​ភាព​ និង​​កាយ​​វិការ​ដើម្បី​យល់​ មិន​មែន​ស្តាប់​សម្តី​និយាយ​របស់​តួអង្គ​ជា​ធំ​នោះ​​ទេ។​​ ដូច្នេះ​ហើយ​ទើប​មាន​អ្នក​មើល​ខ្លះ​យល់ និង​ខ្លះ​ទៀត​មិន​យល់។ ក្នុង​សេណារី​យោ​ អ្នក​ដឹកនាំ​រឿង​អាច​កែ​ប្រែ​សាច់​រឿង​ខ្លះ​ៗ​បាន​ទៅ​តាម​ស្ថានភាព​​ជាក់​ស្តែង​ណាមួយ ដូច​ជា​នៅ​ក្នុង​សេកង់​ទី​១​នេះ​ អ្នក​និពន្ធ​បាន​ឲ្យ«​ណារ៉ា​ដាក់​ប្អូន​លើគ្រែ​ឬស្សី ហើយរត់​ទៅឆុង​ទឹក​ដោះ​គោ» តែ​អ្នក​ដឹកនាំ​រឿង​ក៏​បាន​កែ​ឲ្យ​«ណារ៉ា​ដាក់​ប្អូន​លើគ្រែ​ឬស្សី ហើយរត់​ទៅដាំ​បាយ​»ទៅវិញ​។ ហេតុ​អី​បាន​មិន​ប្រាប់​ថា​ការ​ស្រមៃ​បាន​បញ្ចប់? សូម​ប្អូន​នឹក​ទៅ​ដល់​រូប​ភាព​តាម​បង​រៀប​រាប់​តាម​សេកង់​ខាង​លើ​ ពេល​មក​ដល់​ត្រង់​ «កាណាន​ឱប​កូន​ស្រក់​ទឹក​ភ្នែក​ ណារ៉ា​អុក​បង្គុយ​លើដី​យំ»នេះ ក្នុង​ភាព​យន្ត​នឹង​លេច​រូប​ភាព​មួយផ្ទាំង​ថ្មីមក​ទៀត​ភ្លាមៗ​ គឺ​រូប «ជើង​របស់​ណារ៉ា​ហក់​ធ្លោ​ ទៅ​ធាក់​ចំ​បាវ​ខ្សាច់​រយះ​ធ្លាយ​ខ្សាច់បាវ»នេះ​ឯង។​
យល់ទេ?

ឈុត​ដែល​បង​ដាក់​នេះ​មិន​ត្រូវ​នឹង​សេកង់​ទី​១​ទេ ដូច​បង​បាន​បញ្ជាក់​រួច​ហើយ​អ៊ីចឹង​(ប្រហែល​ប្អូន​មើល​មិន​ឃើញ)​ ។ បង​រក​មិន​ឃើញ​ឈុត​សេកង់​ទី​១​ក្នុង​យូធូប​ ទេ បើ​ប្អូន​ប្រទះ​ជួយ​ប្រាប់​ផង​ បង​នឹង​ដូរ​ចេញ។ តែ​បង​គិត​ថា​គ្មាន​ទេ​ ព្រោះ​គេ​បា​នកាត់​ចេញ​ពី​ ឈុត​ភាពយន្ត​ដែល​បង​បាន​ដាក់​ខាង​លើ​នេះ​ទៅ​ហើយ​។

5. រចនា - ខែ មីនា 20, 2008

យល់​ហើយ! ម៉េច​ក៏​មិន​និយាយ​ឱ្យ​ច្បាស់​ពី​ដំបូង… យ៉ាប់​មែន!

6. រចនា - ខែ មីនា 20, 2008

សេណារីយោ(នាដកថា)!? នាដកថា? មិនមែន​ជា នាដក​កថា ទេហ៍?!

7. អាចម៍ផ្កាយ - ខែ មីនា 20, 2008

នៅ​តែ​អ៊ីវ​ដដែល​ភ្នែក!!!
បញ្ជាក់​ប្រាប់​តាំង​ពី​ដំ​បូង​ ម៉េច​មិន​មើល​!!!???
សេណារីយោ=នាដ​កថា=មិន​មែន ​«នាដកកថា​»ទេ។

8. រចនា - ខែ មីនា 22, 2008

ម៉េច​ក៏​និយាយ​បែប​ហ្នឹង? ចុះ​បើ​ភ្នែក​តូច​មែន ឱ្យធ្វើម៉េច? មិន​បាន​ពាក់​វ៉ែន​តា​ឯ​ណា?