jump to navigation

សេណារីយោ«រឿង​អាត់​បី»សេកង់ទី២-៦ ខែ មីនា 27, 2008

Posted by អាចម៍ផ្កាយ in រៀនធ្វើកុន, សេណារីយោ(នាដកថា).
trackback

សេកង់ទី២

ពេលវេលាៈ ពេលយប់

ទីកន្លែងៈ ភោជនីយដ្ឋាន, ផ្ទះណារ៉ា

តួសម្តែងៈ លោកពិសិដ្ឋ លោកស្រីផានី ភូមិន្ទ បូ្រព្រឹក្ស អ្នកបម្រើតុ ភ្ញៀវក្នុងហាងច្រើននាក់

សំលៀកបំពាក់ៈ ពិសិដ្ឋ ភូមិន្ទ ខោអាវដៃវែង​, បូព្រឹក្សខោជើងវែងអាវយឺតដៃវែង, លោកស្រីផានីអាវសាច់សូត្រកំប្លេ

-ពេលយប់

-នៅភោជនីយដ្ឋានរាត្រីមួយ នៅម្តុំព្រែកលាបដែលមានវង់តន្ត្រីនិងអ្នកចម្រៀងច្រៀងកំដរ

-បូព្រឹក្សស្លៀកខោចាស់ពាក់អាវយឺត ពាក់ខ្សែចងប្រអប់ជ័រដាក់កាសែតនិងវីស៊ីឌីចម្រៀងនៅនឹង ដើរលក់តាមតុភ្ញៀវដែលមកបរិភោគអាហារ

បូព្រឹក្សៈ លោកប្រុសៗជួយទិញវីស៊ីឌីចេញថ្មីទៅ សុទ្ធតែបទពិរោះ

-ប្រុសៗកំពុងនាំគ្នាក្លែមផឹកប៊ីយៀ ជល់កែវគ្នាងាកមកញាក់មុខដាក់បូព្រឹក្សរបៀបខិល

ភ្ញៀវៈ ជួយទិញក៏បានតែដាក់មួយបទសិនមកអាស្រី​!

-បូព្រឹក្សច្រៀងគោកមួយវគ្គភ្លាម

-ពួកភ្ញៀវនាំគ្នាទះ​​ដៃបន្ទរ

-អ្នកបម្រើតុលើកម្ហូបមកទើសនឹងបូព្រឹក្សក៏ស្តីឲ្យនាង

អ្នកបម្រើៈ នែ៎នាង! ចង់លក់ចង់ដុរទៅឲ្យផុតពីផ្លូវបន្តិចបានទេ​? តិចខានបានមកលក់នៅទីនេះទៀត​!

-បូព្រឹក្សងក់ក្បាលឱនលំទោន

បូព្រឹក្សៈ សុំទោស​!​ សុំទោស

-នៅតុមួយនៅកន្លែងពិសេសលោកពិសិដ្ឋលោកស្រីផានីនិងកូនប្រុសភូមិន្ទកំពុងនាំគ្នាបរិភោគអាហារលោកពិសិដ្ឋលូកដួសម្ហូបដាក់ឲ្យភរិយា ញញឹមបន្តិច

ពិសិដ្ឋៈសាកញ៉ាំជើងទាបន្តិចទៅអូនឆ្ងាញ់ណាស់!

-លោកស្រីញញឹមដាក់ប្តី

ផានីៈ ច៎ាសអរគុណ!

-ភូមិន្ទកំពុងកាន់កែវភេសជ្ជៈ ដៀងភ្នែកមើលទៅឪពុកម្តាយដោយមុខស្ងួតរួលើកែវផឹកយឺត

-នៅតុក្បែរនោះមានគ្រួសារមួយមានគ្នា,នាក់ កំពុងបរិភោគដែរ

-ភរិយាកេះស្វាមីបូញមាត់ទៅតុលោកសិដ្ឋនិយាយតិចៗប្រាប់ប្តី

ភរិយាៈ នោះហ្ន៎បង! លោកពិសិដ្ឋអ្នកជំនួញធំល្បីឈ្មោះនាំភរិយានិងកូនមកទីនេះដែរ​! មើលទៅគ្រួសារគាត់មានសេចក្តីសុខមែនទែន!

-ប្តីញញឹមឆ្លើយ

ប្តីៈ ខាងប្រពន្ធអ្នកមានជាន់ចាស់​! ខាងប្តីអ្នកជំនួញលំដាប់ខ្ពស់ទៀតត្រូវតែមានសេចក្តីសុខ​! មានទុក្ខយ៉ាងម៉េចកើតនោះ​?

-ផានីប្រឹងស្តាប់ប្តីប្រពន្ធតុជិតនោះនិយាយបន្តិចមុខគាត់ស្ងប់រួចឈ្ងោកដួសបាយបរិភោគយ៉ាងស្ងៀមស្ងាត់

-បូព្រឹក្សដើរចូលមកពីក្រោយខ្នងលោកស្រីផានីនាងឱនលំទោនដោយគោរព

បូព្រឹក្សៈ លោកស្រីជួយទិញវីស៊ីឌីខ្ញុំទៅសុទ្ធតែចម្រៀងចេញថ្មីទាំងអស់​!

-លោកស្រីផានីងាកមុខមក​(ស្កុបយឺតៗ)

-បូព្រឹក្សធ្វើភ្នែកស្លឺធ្លាក់ទឹកមុខបបូរមាត់នាងញ័រដៃដែលកំពុងកាន់វីស៊ីឌីក៏ញ័រ

-ជើងនាងឈានថយក្រោយយ៉ាងលឿន

-ភ្នែកផានីមើលទៅចំប្រជ្រុយនៅចុងភ្នែកខាងស្តាំរបស់បូព្រឹក្សលោកស្រីប្រែទឹកមុខដូចជាភាំងបន្តិច

ផានីៈ នាងមានវ៉ុលណាខ្លះ​?

-បូព្រឹក្សដើរចេញយ៉ាងលឿនមិនឆ្លើយ

-លោកសិដ្ឋជ្រួញចិញ្ចើមបន្តិច

ពិសិដ្ឋៈ ក្មេងស្រីនេះខួរក្បាលមិនល្អទេដឹង​?

-ភូមិន្ទតាមមើលបូព្រឹក្សដែលចេញផុតពីហាងទៅក្រៅតែម្តង

-ផានីមើលទៅបូព្រឹក្សភាំងទឹកមុខប្រែប្រួលដូជាត្រេកអរបន្តិចស្រងូតស្រងាត់បន្តិច

សេកង់ទី

ពេលវេលាៈ យប់ដដែល

ទីកន្លែងៈ មុខភោជនីយដ្ឋាន

តួសម្តែងៈ ណារ៉ា​, បូព្រឹក្ស

សម្លៀកបំពាក់ៈ ណារ៉ាខោជើងវែងអាវយឺត​, ​បូព្រឹក្សដូចសេកង់ទី

-ណារ៉ាអង្គុយចាំប្អូននៅក្រោមសរសរដងគោមមុខហាងឃើញប្អូនស្រីចេញមកកំពុងគ្រវាសដៃជូតទឹកភ្នែកផងណារ៉ាបើកភ្នែកធំៗស្ទុះទៅចាប់ស្មាបូព្រឹក្ស

ណារ៉ាៈ មានពួកស្រវឹងលុកលាន់អូនមែនទេ​? ប្រាប់មកបងនឹងទៅប្រដៅពួកវា​!

-បូព្រឹក្ស​​ចាប់ដៃបងជាប់ទឹកភ្នែករលីរលោង

បូព្រឹក្សៈ គ្មានអ្នកណាធ្វើអ្វីខ្ញុំទេបង​! ខ្ញុំចង់ទៅផ្ទះមិនលក់ទៀតទេ!

-ណារ៉ាមើលមុខបូព្រឹក្សទ្រង់ឆ្ងល់រួចងក់ក្បាល

សេកង់ទី

ពេលវេលាៈយប់ដដែល

ទីកន្លែងៈ ផ្ទះណារ៉ា

តួសម្តែងៈ ណារ៉ា​,បូព្រឹក្ស

សម្លៀកបំពាក់ៈ ដដែលដូចសេកង់

-យប់ដដែលបូព្រឹក្សអង្គុយសំកុកនៅលើបង់ថ្មក្រោមដើមឈើធំមុខផ្ទះងើបមុខសម្លឹងដួងច័ន្ទមួយចំណិតតូចត្រូវពពកបាំងបិទ រួចបន្ធូរដង្ហើមធំ ដៃកាន់រូបថតកាណាន ផានីនិងកូននៅពីតូចមើល

-ណារ៉ាដើរចូលទៅបន្ទប់​​ឪពុកឃើញឪពុកដេកលក់ក៏លាតភួយថ្មមៗដណ្ដប់ឲ្យរួចដើរចេញមកមុខផ្ទះឃើញបូព្រឹក្សអង្គុយសំកុកមុខស្រពោន

-ណារ៉ាដើរមកច្រត់ដៃលើកៅអីក្រោយខ្នងបូព្រឹក្សឈ្ងោកមើលមុខប្អូន

ណារ៉ាៈ មានរឿងអ្វីមិនសប្បាយចិត្តអូនគួរតែប្រាប់បង​! ព្រោះយើងមានតែពីនាក់បងប្អូនប៉ុណ្ណោះ​!

-បូព្រឹក្សងាកមកខ្ទប់ក្បាលនឹងខ្លួនណារ៉ាទឹកភ្នែករមៀលធ្លាក់ចុះយឺតនាងខាំមាត់លេបទឹកមាត់ទាំងអួលបំពង់

បូព្រឹក្សៈ អូនបានជួប​… ជួបនឹងមនុស្សដែលមិនចង់ជួប​! គ្រួសារពួកគេមានសុភមង្គលណាស់​… ផ្ទុយស្រលះពីយើង​… ខ្ញុំនៅចំនាំមុខគាត់នៅក្នុងរូបថតបាន!

-ណារ៉ាក្រសោបស្មាប្អូនយ៉ាងណែនញញឹមស្ងួតញញឹមរបៀបឈឺចាប់

ណារ៉ាៈ មានប្រាក់មិនប្រាកដថាមានសុភមង្គលទេ អូនជឿបងចុះ!

សេកង់ទី

ពេលវេលាៈយប់ដដែល

ទីកន្លែងៈ មុខផ្ទះផានី

តួសម្តែងៈ ពិសិដ្ឋ ផានីភូមិន្ទ សូហ្វ័រឡាន

សំលៀកបំពាក់ៈ ដូចសេកង់ទី២

-យប់ដដែល

-ឡានទំនើបរបស់លោកពិសិដ្ឋបើកមកឈប់នៅមុខទ្វាររបង

-សូហ្វ័ររត់ចុះមក​​បើកទ្វារឡានឲ្យលោកស្រីផានីនិងភូមិន្ទចុះពីឡានលោកពិសិដ្ឋនៅអង្គុយស្ងៀមមិនចុះពីឡាទេ

-ភូមិន្ទងាកមើលមុខឪពុក

ភូមិន្ទៈ លោកប៉ា! ស្អែកនេះកូនត្រូវទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា! លោកប៉ាអញ្ចើញទៅ ដែរទេ​?

-លោកសិដ្ឋមានទឹកមុខស្មើធេងគ្មានញញឹម

ពិសិដ្ឋៈឲ្យម៉ាក់ឯងចូលរួមម្នាក់បានហើយប៉ារវល់!

-សូហ្វ័របិទទ្វារឡានរួចចូលមកបើកឡានដឹកលោកសិដ្ឋចេញទៅ

-លោកស្រីផានីមានទឹកមុខជូរចត់ភូមិន្ទលូកដៃមកចាប់ក្តោបដៃម្តាយជាប់ផានីញញឹមស្ងួតដាក់កូន

ផានីៈ មានតែម៉ាក់ម្នាកគ្រប់គ្រាន់ហើយកូន​!

សេកង់ទី

ពេលវេលាៈយប់ដដែល

ទីកន្លែងៈ ក្នុងផ្ទះផានី

តួសម្តែងៈ ផានីភូមិន្ទ យាយផានបម្រើ២នាក់

សំលៀកបំពាក់ៈ ដូចសេកង់ទី៥, យាយផានសារុងសូត្រអាវស្តើង

-នៅក្នុងបន្ទប់សាឡុងភូមិគ្រឹះដ៏ធំ

-លោកយាយផានទម្រេតខ្លួនលើក្តារងឿ នាងបម្រើ២នាក់កំពុងគក់ច្របាច់គាត់

-អ៊ំមេដោះកំពុងរៀបថូផ្កាដាក់លើតុក្បែរនោះ

-​ផានីនិងភូមិន្ទដើរចូឡមកដល់លោកយាយងើបអង្គុយត្រង់ខ្លួនមើលមុខកូនស្រីមុខស្មើ

ផានៈសិដ្ឋហួសផ្ទះទៀតហើយមែនទេ?

-ផានីចូលមកអង្គុយនៅកៅអីសាឡុង

ផានីៈ ច៎ាស! គាត់មានធុរៈណាម៉ាក់!

-យាយផានជ្រួញចិញ្ចើមបន្តិច

ផានៈ មានធុរៈយ៉ាងណាក៏ត្រូវទៅជួយលើកទឹកចិត្តកូនបានដែរ​! ជារបៀបម៉េចហ្នឹង?

-ភូមិន្ទញញឹមស្ងួត

ភូមិន្ទៈ ខ្ញុំធ្លាប់ទៅហើយលោកយាយ​! ពេលខ្លះខ្ញុំភ្លេចស្មានថា ខ្លួនគ្មានឪពុកទៀតផង!

-ភូមិន្ទដើរទៅបន្ទប់ជាន់លើទាំងមុខស្ងួតស្ងប់

-ផានីតាមមើលកូនភាំងរួចឈ្ងោកមុខសន្សឹម

-យាយផាននិងមេដោះធ្លាក់ទឹកមុខដកដង្ហើមធំងាកមើលមុខគ្នា

ឈុតខ្លះៗនៅ​ក្នុង​រឿង

សូមរង់​ចាំ​អាន​សេកង់​ក្នុង​វគ្គ​បន្ត​ទៀត!

វិចារ នានា»

1. បូរាណ - ខែ មីនា 28, 2008

សុំទោសណា ខ្ញុំដូចជាមិនយល់ទេ… ប៉ុន្តែខ្ញុំជឿថាវាពិតជាមានប្រយោជន៍ណាស់​សម្រាប់មនុស្សឬអង្គភាពផ្សេងៗទៀត…

2. អាចម៍ផ្កាយ - ខែ មីនា 28, 2008

នេះ​ជា​សេណារីយោ​រឿង​«អាត់បី» ដែល​គេសរសេរ​ឡើង​ដើម្បី​​ថត​ខ្សែ​ភាព​យន្ត​ ។​ សេណារីយោ​មិន​ខុស​ពី​ប្រលោម​លោក​ប៉ុន្មាន​ទេ តែ​វា​មាន​លក្ខ​ណៈពិសេស​ដោយ​ឡែក​ដែល​យើង​​អាច​នឹង​កត់​សម្គាល់​បាន​​។ នៅ​ពេល​នេះ​ខ្ញុំ​រវល់​ណាស់​ ដូច្នេះ​ខ្ញុំ​ក៏​សុំ​ទោស​ចំពោះ​បូរាណ​ក៏​ដូច​ប្រិយ​មិត្ត​ដទៃ​ទៀត​​ដោយ​មិន​បាន​ចូល​ទៅ​លេង​គ្រប់​ប្លក់​នី​មួយៗ​បាន​ ហើយឱ​កាស​ក្រោយ​ខ្ញុំ​នឹង​បញ្ជាក់​បន្ថែម​ពី​សេ​ណារី​យោ​​នេះ​។​

3. khmerization - ខែ មីនា 29, 2008

សូមកោតសរសើរដល់អ្នកនិពន្ធវ័យកេ្មង។សូមអោយបានជោគជ័យក្នុងអាជីពជាអ្នកបិពន្ធ។

4. Sreyphea - ខែ មីនា 30, 2008

នាងខ្ញុំសូមសរសើរដោយចិត្តស្មោះចំពោះអ្នកនិពន្ធមួយរូប។
ហើយនាងខ្ញុំមានសេចក្តិសោមនស្សណាស់ដោឃើញមានអ្នកចេះដឹងច្រើន
នៅក្នុងប្រទេសខ្មែរយើងដូចសព្វថ្ងៃនេះ។
អ្នកពួកែណាស។