ហេតុអ្វីបានជាខ្មែរប្រើពុទ្ធសករាជខុសពីសៀម? ខែ មេសា 3, 2008
Posted by អាចម៍ផ្កាយ in ចំណេះដឹងទូទៅ.trackback
ប្រទេសកម្ពុជា ជាប្រទេសមួយដែលគោរពព្រះពុទ្ធសាសនាដ៏ម៉ឺងម៉ាត់តាំងពីបុរាណកាលមក ដូចប្រទេសនានាលើពិភពលោក។ នៅលើទំព័រឯកសារផ្សេងៗជាពិសេសឯកសារព្រះរាជពង្សាវតាខ្មែរ ឯកសារប្រវត្តិសាស្រ្តខ្មែរ សាស្ត្រាស្លឹករឹតនិងក្រាំងបុរាណជាដើម។ គេតែងសង្កេតឃើញកាលបរិច្ឆេទដោយកំណត់យកព្រះពុទ្ធសាសនាជាគោល។
តើព្រះពុទ្ធសករាជបានសេចក្តីយ៉ាងណាដែរ?
ពុទ្ធសករាជជាចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្សមុនីគោតម ទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ទី១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ដូច្នេះគេរាប់ពីត្រឹមថ្ងៃទី១រោច ខែពិសាខ នោះមក ជាពុទ្ធសករាជ។
មុនឆ្នាំ១៩៦៨ គឺចាប់ពីឆ្នាំ១៩៦៧ថយក្រោយ ខ្មែរយើងប្រើពុទ្ធសករាជពេញ ដូចសៀមដែរ។ លុះក្រោយពី អនុសំវច្ចរ មហាសន្និបាត នៃមន្ត្រីសង្ឃលើកទី២៤ ដែលចាប់ផ្តើមធ្វើ ពីថ្ងៃទី២៧ខែមករាឆ្នាំ១៩៦៨មក ខ្មែរយើងបានកែប្រែការប្រើពុទ្ធសករាជជាអតីត មកប្រើពុទ្ធសករាជបច្ចុប្បន្នវិញ។ រឿងនេះធ្វើឲ្យមានបញ្ហាចោទឡើងថាៈ
ហេតុអ្វីបានជាខ្មែរប្រើពុទ្ធសករាជខុសពីសៀម?
យើងអាចឆ្លើយយ៉ាងខ្លីថា ដោយខ្មែរយើងប្រើពុទ្ធសករាជបច្ចុប្បន្ន ឯសៀមប្រើពុទ្ធសករាជអតីត។
ដើម្បីឲ្យយល់កាន់តែច្បាស់ អំពីពុទ្ធសករាជ ខ្ញុំសូមជម្រាបថា ពុទ្ធសករាជមាន៣យ៉ាង ៖
១. ពុទ្ធសករាជអតីត គឺពុទ្ធសករាជដែលកន្លងមកហើយ ពេញទាំងថ្ងៃ ខែ ឆ្នាំឥតមានខ្វះ។
២. ពុទ្ធសករាជបច្ចុប្បន្ន គឺពុទ្ធសករាជបច្ចុប្បន្នសុទ្ធសាធ ដែលកំពុងស្ថិតនៅក្នុងថ្ងៃខែឆ្នាំ ដែលមិនទាន់មកដល់។
៣. ពុទ្ធសករាជអនាគត គឺពុទ្ធសករាជដែលពេញទាំងថ្ងៃ ខែ ឆ្នាំ តែមិនទាន់មកដល់។
ដើម្បីបង្ហាញឲ្យកាន់តេច្បាស់ថែមទៀត ខ្ញុំសូមលើកឧទាហរណ៍ដូចខាងក្រោមនេះ
ឧទាហរណ៍ៈ
ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨ ដូច្នេះយើងអាចបកស្រាយថាៈ
អតីតកាល
- ព្រះពុទ្ធសាសនាកន្លងទៅហើយ២៥៤៧ព្រះវស្សា
- ខែកន្លងទៅហើយបាន៨ខែ (ពីខែពិសាខ ដល់ មិគសិរ)
- ថ្ងៃកន្លងទៅហើយបាន២ថ្ងៃ (គឺ១រោច និង២រោច)
បច្ចុប្បន្នកាល
ថ្ងៃ៣រោចខែមិគសិរឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨, ថ្ងៃខែឆ្នាំនេះ លោកកំណត់ទុកជាបច្ចុប្បន្នវារៈ។
អនាគតកាល
អនាគតកាលរបស់ព្រះពុទ្ធសាសនា ឬព្រះពុទ្ធសាសនកាល ដែលនៅសល់ខាងមុខទៀតគឺ
- ឆ្នាំនៅសល់ ២៤៥២ ព្រះវស្សា(៥០០០-២៥៤៨)
- ខែនៅសល់៤ខែ (បុស្ស មាឃ ផល្គុណ ចេត្រ)
- ថ្ងៃនៅសល់ ២៦ថ្ងៃ
បើបូករួមសិរីទាំងបីកាល គឺអតីត បច្ចុប្បន្ន និងអនាគត ប្រមូលបញ្ចូលគ្នាមកត្រូវជា ព្រះពុទ្ធសាសនា គ្រប់៥០០០ព្រះវស្សាដោយបរិបូណ៌។
សូមពិនិត្យមើលតារាងបូកពុទ្ធសករាជៈ
ម្យ៉ាងទៀតបើតាមព័ត៌មាន ដែលបានទទួលពីព្រះតេជគុណភាសាសិរីវិជ្ជា ឃី សុវណ្ណរតនា សាស្ត្រាចារ្យអនុបណ្ឌិតទស្សនវិជ្ជា ដែលលោក បាននិមន្តមកពីសិក្សា នៅប្រទេសសេរីលង្កា ក៏គេប្រើពុទ្ធសករាជបច្ចុប្បន្ន ដូចខ្មែរយើងដែរ។
សូមរង់ចាំអាននិងទស្សនាទិដ្ឋភាពទូទៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅសបប.ឡាវ









ផ្កាយ!ភាសូមសរសើរដោយស្មោះដែលផ្កាយជាមនុស្សម្នាក់ដែលមាន
មានសិការចំពោះជាតិបើទោះជាខ្លួនទៅដល់ទីណាក៏ដោយក៏ផ្កាយមិន
ដែលភ្លេចពីអក្សរសាស្រ្តជាតិខ្លួនឡើយ។នេះពិតជាបុរសខ្មែរម្នាក់ដែលពោរ
ពេញដោយឆន្ទះមុះមុតមែនសំរាប់ប្រទេសជាតិនិងគូរយកតំរាប់តាមណាស់។
ជាសំណាងណាស់ដែលប្រទេសយើងមានមនុស្សដូចផ្កាយនេះ។
ភាត្រេកអរណាស់ចំពោះការនិយាយរបស់ផ្កាយទាំងអស់បើទោះអោយ
ភាអានរាល់ថ្ងៃក៏ភាមិនធុញដែរព្រោះវាសែនល្អមែនទែនហើយក៏បាន
ជួយដាស់តឿនប្រជាពលរដ្ឋខ្មែរយើងច្រើយណាស់ដែរ។ភាសូមអរគុណដែលបាន
សរសេរបង្ហាញពីពុទ្ធសករាជរបស់ខ្មែរហើយនឹងសៀម។បើភាមិនបានអាន
របស់ផ្កាយទេភាពិតជាមិនបានយល់ច្បាស់អំពីពុទ្ធសករាជឡើយ។
សូមអរគុណម្តងទៀត។
ហ៊ីម….នៅតែមិនយល់ /
សួស្តីឆ្នាំថ្មីខ្មែរ
ចេះច្រើនម៉្លេះប្អូន
—————–
ប្លកប្អូនស្រីរបស់ខ្ញុំ
អតីតកាលរបស់ព្រះពុទ្ធសាសនា ឬព្រះពុទ្ធសាសនកាល ដែលនៅសល់ខាងមុខទៀត? ខ្ញុំថាអនាគតកាលទេដឹង សូមពិនិត្យមើលម្តងទៀត។ តែសូមសរសើរដែលយកចិត្តទុកដាក់
សូមអរគុណដែលបានបកស្រាយខាលើ។ខ្ញុំបានសើបសួរអ្នកសិក្សាជាច្រើនព្រមទាំងព្រះសង្ឃផងដែរទើបតែថ្ងៃនេះបានពើបប្រទះអត្ថបតមួយនេះវាពិតជាមានតំលៃឥតគណនាបានឡើយសំរាប់រូបខ្ញុំក៏ដូចជាកូនខ្មែរព្រមទាំងអ្នកសិក្សានិងព្រះសង្ឃ។
ចុងបញ្ចប់សូមជូនពរដល់ម្ចាស់អត្ថបទទទួលជោគជ័យរាល់ការងារនិងសុខភាព ល្អ៚
អរគុណkhmersport !
ខ្ញុំពិតជាមានការភ្លាំងភ្លាត់មែន! ឥឡូវខ្ញុំបានកែរួចហើយ អរគុណណ៎ា!