ចម្ប៉ាមឿងលាវ ខែ មិថុនា 29, 2008
Posted by អាចម៍ផ្កាយ in បទចម្រៀង, ប្រទេសលាវ.4 comments
ប៉ុន្មាន ថ្ងៃ កន្លង មក នេះ ខ្ញុំ សង្កេត ឃើញ ថា មាន ការ ប្រ កែ កសម្តីគ្នា យ៉ាង តឹង សរសៃ ក ក្នុង ពិភព wordpress ព្រោះ តែ រឿង ប្រាសាទ ព្រះ វិហារ ។ ដូច្នេះ ដើម្បី បន្ធូរ បរិយាកាស ឲ្យ ត្រឡប់ មក ភាព ល្អ ប្រសើរ ឡើង វិញ ខ្ញុំ សូម អញ្ជើញ មិត្ត ៗ ទាំង អស់ នាំ គ្នា បំ បែរ អារម្មណ៍ មក ស្តាប់ និង ទស្សនា បទ ចម្រៀង ដ៏ ពិរោះ និង ល្បីល្បាញ ប្រចាំ ប្រទេស ឡាវ វិញ ម្តង ។
ចំ ពោះ អត្ថន័យ និង ខ្លឹមសារ យ៉ាង ណា នោះ លោក អ្នក អាច អាន ទំនុក ច្រៀង ប្រែ ជា ភាសា អង់គ្លេស នៅ ខាង ក្រោម បាន៖
ចម្ប៉ាមឿងលាវ
Oh! My dear Champa, When I enjoy with you.
I thought to many thousand ways to please in heart.
I love your scented perfume.
You are grown in the garden that my father planted along time ago.
When I am sad you help me to reduce the sadness.
Oh, My dear Champa you are born with me since I am young.
You branches are important, linking with my heart.
The love that I am pleased to take care of you.
When I am sad I smell your scented perfume.
When I smell you, I fell that I meet my old departed fancy.
You are the fine looking since the early time.
Oh, My dear Champa the flower of my love.
Oh, My dear Champa, you are the flower of Laos.
You are beautiful like the stars, to please Lao people.
You are growing in the LaneXang territories.
When leaving from my native land, I have you as the friend for my life.
ប្រាសាទព្រះវិហារជារបស់ខ្មែរ ខែ មិថុនា 24, 2008
Posted by អាចម៍ផ្កាយ in ប្រវត្តិសាស្ត.47 comments
ប្រាសាទព្រះវិហារជាបូជនីយដ្ឋានដ៏វិចិត្រមួយ ដែលស្ថិតនៅយ៉ាងខ្ពស់ត្រដែតលើខ្ពង់រាបស្មើ នៃភ្នំដងរែកក្នុងខេត្តព្រះវិហារ។ប្រាសាទព្រះវិហារបានសាងឡើងដំបូងបង្អស់ដោយ ព្រះបាទយសោវរ្ម័នក្នុងចុងសតវត្សទី៩។ លក្ខណៈគ្រប់បែបនៃប្រាសាទនេះ តាំងពីទម្រង់ផែនការ របៀបសំណង់ ឬក្បូរក្បាច់រចនាផ្សេងៗ ជារបស់សិល្បៈខ្មែរសុទ្ធសាធ សូម្បីនៅតាមសិលាចារឹកក៏ឃើញតែអក្សរខ្មែរ និងសំស្ក្រឹតប៉ុណ្ណោះ។ ភស្តុតាងទាំងនេះ បានបញ្ជាក់យ៉ាងប្រត្យក្សថា «ប្រាសាទព្រះវិហារជារបស់ខ្មែរ ពិតប្រាកដ» ។
សម័យអាណានិគមបារាំង ប្រាសាព្រះវិហារបានធ្លាក់ក្រោមការត្រួតត្រា របស់ប្រទេសសៀមទៅវិញ រហូតខ្មែរយើងបាន ឯករាជ្យហើយ ក៏នៅតែពុំទាន់មកឲ្យវិញដែរ។ ជាងនេះទៅទៀតសៀមបានប្រើឧបាយមិច្ឆាចារ រំលោភបំពានដោយប្រកាន់ថាជារបស់ខ្លួន។ ទើបតែក្នុងឆ្នាំ១៩៦២ដោយមានតុលាការអន្តរជាតិវិនិច្ឆ័យជាឯកច្ឆន្ទថា «ប្រាសាទ ព្រះវិហារ ជារបស់ ខ្មែរ»។
ដំណឹងដ៏សែនរីករាយនេះ បានធ្វើឲ្យខ្មែរទាំងអស់ក្រោកឡើង ស្រែកជ័យឃោសអបអរសាទរទទួលប្រាសាទនេះ ដែល បាន វិលត្រលប់មកជាសម្បត្តិរបស់ខ្មែរដូចដើមវិញ។ ដើម្បីជាសក្ខីភាព សម្តេចព្រះប្រមុខរដ្ឋ ទ្រង់យាងទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រាសាទព្រះវិហារ ជានិមិត្តរូបនៃមរតកជាតិខ្មែរ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣។
អក្សរថៃត្រូវបានលុបចោល(វាត្រូវតែចឹង
)
ថ្ងៃទី១៦ មករា ឆ្នាំ២០០៣ មានព្រឹត្តិការណ៍សំខាន់មួយគឺ ការរឹតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញជាមួយខេត្តព្រះវិហារ។ អ្នកផ្តួចផ្តើមនិងដោះស្រាយនូវបញ្ហានេះគឺ ឯកឧត្តម ជា សុផារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនផង។ គោលការណ៍សំខាន់គឺអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ ក៏ដូចជាខេត្តព្រះវិហារឲ្យក្លាយជា តំបន់ទេសចរណ៍ជាតិ និងអន្តរជាតិ រួមទាំងដោះស្រាយដោយការឧបត្ថម្ភគ្រប់រូបភាព ទាំងស្មារតីនិងសំភារៈដល់រាស្ត្រតំបន់នោះ។
តែគួរឲ្យសោកស្តាយ ក្រោយកុបកម្មដុតស្ថានទូតថៃនាថ្ងៃទី២៩ មករា ២០០៣ បានធ្វើឲ្យឯកឧត្តមជា សុផារ៉ា ត្រូវគេដកចេញពីតំណែង ហើយគម្រោងអភិវឌ្ឍតំបន់ព្រះវិហារ ក៏ត្រូវបានបញ្ចប់តាំងពីពេលនោះមក។
យុទ្ធសាស្រ្តរបស់ស្មេរ(ត) ខែ មិថុនា 22, 2008
Posted by អាចម៍ផ្កាយ in រៀននិពន្ធរឿង.add a comment
២. សរសេរដោយសេរី(Free writing)
សរសេរដោយសេរីនេះ ស្រដៀងគ្នានឹងឧយ្យោជន៍ដែរ វាគឺជាវិធីសាស្ត្រមួយសម្រាប់កំចាត់នូវភាពទាល់ច្រក ភាពគាំងស្តូក មិនដឹងនិយាយអំពីអ្វី។ វិធីនេះគឹយើងត្រូវសរសេរ ដោយឥតឈប់ក្នុងរយៈពេលពី១៥ទៅ២០នាទី ដោយព្យាយាមធ្វើយ៉ាងណាឲ្យសំណេររបស់យើងវាមានលក្ខណៈជាឃ្លា ជាល្បះ ជាអត្ថបទ។ វាខុសពីBrainstoming ព្រោះថាBrainstoming គឺជាការសរសេរបញ្ជី។ ក្នុងការសរសេរដោយសេរីនេះ ក៏យើងមិនចាំបាច់ត្រូវ គិតអំពីវេយ្យាករណ៍ ឬក៏អក្ខរាវិរុទ្ធឡើយ ឬក៏ថាវាត្រឹមត្រូវតាមរចនាបថក៏ទេដែរ គឺធ្វើយ៉ាងណាឲ្យសំណេររបស់យើងនេះ វាហូរចាប់រហូតនៅលើក្រដាស។ ការសរសេរដោយសេរីវាអាចបំភ្លឺគំនិតរបស់យើងឲ្យឃើញថា តើយើងមានអ្វីខ្លះត្រូវសរសេរ ហើយវាអាចបំផុសឲ្យចេញនូវគំនិត ដែលយើងចង់សរសេរ។
ខាងក្រោមនេះ គឺជាវិធីដែលយើងអាចអនុវត្តៈ
ក. សរសេរមួយល្បះ ឬពីរល្បះនូវគំនិតដែលយើងចង់ពង្រីក។
ខ. យើងត្រូវព្យាយាមសរសេរឲ្យបានរយៈពេល១០នាទី គឺត្រូវសរសេរឲ្យអស់នូវអ្វីដែលមានក្នុងគំនិតរបស់យើង។ ទោះបីជាយើងគ្មានគំនិតអ្វី ដែលត្រូវនឹងប្រធានបទក៏ដោយ ក៏យើងអាចសរសេរថា ខ្ញុំមិនចង់សរសេរអំពីអ្វីទេ ព្រោះថាខ្ញុំគ្មានអ្វីនឹងនិយាយ» ប្រសិនបើយើងគ្មានគំនិតចូរសរសេរថា ខ្ញុំគ្មានគំនិតទេ ខ្ញុំគ្មានយោបល់ទេ ខ្ញុំមិនដឹងបន្តទៅណាទៀតទេ» យើងសរសេរបែបនេះ រហូតដល់គំនិតថ្មីវាបានផុសឡើង រួចទើបយើងចាប់ផ្តើមសរសេរវាបន្តទៅទៀត។
គ. កុំចាប់ពិរុទ្ធខ្លួនឯងៈ នៅពេលដែលយើង ចាប់ផ្តើមសរសេរទោះបីជា វាសរសេរខុសក៏យើងពុំត្រូវគូសឬខ្វែងចោលដែរ ហើយទោះជាពេលសរសេរ គំនិតរបស់យើងនៅខ្វះចន្លោះ វាមិនអីទេ គឺវាអចជួសជុលបាន នៅពេលដែលយើងអានវាឡើងវិញ ហើយពាក្យណាដែលស្រពិចស្រពិល យើងអាចដាក់សញ្ញាសួរ?» ដើម្បីងាយស្រួលពិនិត្យ។
ឃ. ត្រូវមានអារម្មណ៍ដោយសេរី ក្នុងការរុករកគំនិត។ ប្រយោគដែលយើងសរសេរ ទោះបីជាមានភាពរដិបរដុបខ្លះ ក៏វាពុំមែនជាឧបសគ្គ សម្រាប់រារាំងគំនិតរបស់យើងឡើយ។ អ្នកនិពន្ធខ្លះគិតថា គេអាចចំនាយពេល២ឬ៣នាទី ដើម្បីគិតបណ្តើរៗ នៅពេលដែលគេកំពុងសរសេរ។
ចំណុចទី៣ ដែលយើងត្រូវលើកមកនិយាយ គឹការរក្សាទុកនូវកំណត់ត្រាទាំងឡាយ។
នៅមានត…
«អមរាវត្តី»វណ្ណកម្មល្អឯករបស់លោកគង្គប៊ុនឈឿន ខែ មិថុនា 19, 2008
Posted by អាចម៍ផ្កាយ in ប្រលោមលោក, សៀវភៅល្អៗ.9 comments
«អមរាវត្តី» គឺជាប្រលោមលោកតាមលំនាំប្រវត្តិសាស្រ្ត ដែលត្រូវបាននិពន្ធឡើងដោយលោកគង្គ ប៊ុនឈឿន វរអ្នកនិពន្ធខ្មែរដ៏ល្បីល្បាញ។
«អមរាវត្តី» មិនមែនជាប្រលោមលោកពាក្យរាយធម្មតានោះទេ តែជាប្រលោមលោកដែលសរសេរជាកំណាព្យកាព្យឃ្លោង ពិរោះណែងណងតាំងពីដើមដល់ចប់។
«អមរាវត្តី» ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រខ្មែរនាសម័យលង្វែក ដែលកាលនោះខ្មែរបានចាញ់សង្គ្រាមជាមួយសៀម ហើយត្រូវសៀមចាប់កៀរប្រជាជន អ្នកប្រាជ្ញ ទ្រព្យសម្បត្តិ ក្បួនច្បាប់សាស្ត្រា និងសិល្បៈវប្បធម៌ពីខ្មែរទៅយ៉ាងច្រើន។
[...]ជារឿងព្រាត់ប្រាស់កំសត់ស្នេហ៍
តាមប្រវត្តិខ្មែរពិតជាក់ស្តែង
សូមញាតិអភ័យកវីថ្លែង
ពាក្យពិតចារចែងក្រែងមិនសម។
ឆ្នាំនេះជាឆ្នាំពីពាន់មួយ
ចិត្តខ្ញុំរញ្ជួយព្រួយក្រៀមក្រំ
នឹកស្រុកនឹកទេសនិវេសន៍គមន៍
ដោយសារខ្លួនខ្ញុំព្រាត់ឃ្លាតឆ្ងាយ។
ភ្លៀងធ្លាក់រ៉ែៗខែមិថុនា
ទាញស្លាបប៉ាកកាមកអធិប្បាយ
នាថ្ងៃទីដប់រៀបរាប់ស្តាយ
នឹកញាតិមិត្តឆ្ងាយម្ខាងព្រំដែន។[...]
និយាយតាមត្រង់ ខ្ញុំមិនសូវជាចូលចិត្តអាន ប្រលោមលោកបែបកំណាព្យប៉ុន្មានទេ ព្រោះវាពិបាកយល់។ តែសម្រាប់ «អមរាវត្តី»មិនដូច្នោះទេ អ្នកនិពន្ធបានសរសេរ ប្រកបដោយទឹកដៃ និងសិល្បិវិធីខ្ពស់ ធ្វើឲ្យអ្នកអានជក់ចិត្តងាយយល់ អានហើយមិនចង់ឈប់ ជាក់ស្តែងសម្រាប់ខ្ញុំផ្ទាល់ គឺអានភ្លេចបាយភ្លេចទឹក អានរហូតទាល់តែចប់ក្នុងរយៈពេលតែមួយថ្ងៃ។
កាលខ្ញុំនៅស្រុកខ្មែរ ក្របនិងចំណងជើងរឿងនេះបានទាក់ទាញចិត្តខ្ញុំយ៉ាងខ្លាំង តែនៅពេលខ្ញុំបើកមើលខាងក្នុង ឃើញសរសេរជាកំណាព្យ ខ្ញុំក៏លែងចង់អានភ្លាម។ រហូតដល់ពេលមួយ… គឺពេលដែលខ្ញុំឮអ្នកដែលបានអានរឿងនេះ នាំគ្នាសរសើរតៗគ្នាពីវណ្ណកម្មឯកនេះ ទើបខ្ញុំទៅរកមើលសៀវភៅនេះមកអានវិញ។
សូមបញ្ជាក់ថា ទឹកដៃក្នុងការសរសេរកំណាព្យនេះ ពិតជាល្អមែន គឺល្អមិនចាញ់រឿង «ទុំទាវ»ប៉ុន្មានទេ ហើយខ្ញុំសង្ឃឹមនិងជឿជាក់ថា មិនយូរមិនឆាប់រឿង «អមរាវត្តី» នឹងត្រូវបានក្រសួងអប់រំលើកយកទៅបញ្ចូល ក្នុងកម្មវិធីសិក្សាជាក់ជាមិនខាន។ ប្រសិនបើបងប្អូនណាមិនទាន់បានអានរឿងនេះ ហើយចង់ជ្រាបថា រឿងនេះល្អយ៉ាងណានោះ សូមអញ្ជើញទៅរកទិញយកមកអានចុះ ព្រោះមានលក់នៅគ្រប់ទីកន្លែង ហើយតម្លៃក៏មិនថ្លៃដែរ។
នាដើមសតវត្សទីដប់ប្រាំមួយ
លង្វែករញ្ជួយដោយភ្លើងសង្គ្រាម
ខ្មាំងចូលលុកលុយច្បាំងបង្ហូរឈាម
ខ្មែរចាញ់សង្គ្រាមសៀមកៀរដូចគោ។
គ្រិស្តសករាជមួយពាន់ប្រាំរយពីរ
នៅស្រុកគិរីអមរិន្ទ្របូរណ៍
ខេត្តកំពង់ឆ្នាំងក្បែរល្អាងភ្នំពោធិ៍
មានជាងឆ្លាក់ថ្មដ៏ល្បីល្បាញម្នាក់។
នាមឈ្មោះមានន្ទប្រពន្ធឈ្មោះពៅ
ចរិយាត្រឹមត្រូវដូចស្រីគ្រប់លក្ខណ៍
តាំងពីបានគ្នារកស៊ីកើនជាក់
នាងពៅចេះលាក់ទុកដាក់សន្សំ។
មានគោក្របីដីចំការស្រែ
ផ្ទះតូចក៏ប្រែក្លាយជាផ្ទះធំ
ព្រោះមានន្ទល្បីល្បាញគ្រប់ខេត្តឃុំ
អ្នកជាវចោមជុំមកសុំជួលឆ្លាក់។[...]
បើមានឱកាសខ្ញុំនឹងដាក់ផ្សាយជូនទាំងអស់
អាចរកអានបាននៅក្នុងប្លក់ លោកកូនខ្មែរ
ម្ចាស់សំណេរមកពីនាយសមុទ្រ ខែ មិថុនា 15, 2008
Posted by អាចម៍ផ្កាយ in អ្នកនិពន្ធ, អ្នកនិពន្ធខ្មែរ.10 comments
អ្នកស្រី កែវ ច័ន្ទបូរណ៍ និង លោក ជា សំណាង ក្នុងកម្មវិធីសៀវភៅល្អៗ
ថ្វីបើរស់នៅសហរដ្ឋអាមេរិក ឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីមាតុភូមិក៏ដោយ ក៏បេះដូង អារម្មណ៍ ចិត្តគំនិតអ្នកស្រីកែវ ចន្ទបូរណ៍ នៅកៀកកិតជិតប្រជាពលរដ្ឋខ្មែរជានិច្ច ហើយព្យាយាមបញ្ជូនអ្វីៗទាំងអស់នោះតាមរយៈសំណេរក្នុងប្រលោមលោក និងកំណាព្យមកទឹកដីកំណើតមិនឈប់ឈរ។ គិតមកទល់ពេលនេះក្នុងរយៈពេល៣ឆ្នាំអ្នកស្រីបានផ្ញើប្រលោមលោក និងកំណាព្យមកបោះពុម្ពនៅកម្ពុជាបានចំនួន១៧ហើយ នេះមិនទាន់គិតប្រលោមលោកខ្លី និងវែង អត្ថបទសិក្សា ព្រមទាំងអត្ថបទកំណាព្យ ដែលអ្នកស្រីបានសរសេរហើយចែកផ្សាយនៅសហរដ្ឋអាមេរិក និងនៅជំរំជនភៀសខ្លួនខាវអ៊ីដាងរាប់សិបទៀតផង។ ដើម្បីបានស្គាល់ច្បាស់អ្នកស្រីនិងស្នាដៃ មជ្ឈមណ្ឌលសម្លេងស្ត្រីខ្មែរបានជួបសម្ភាសអ្នកស្រីពេលអ្នកស្រីមក ប្រទេសខ្មែរ និងជួបជាមួយអ្នកអានស្នាដៃអ្នកស្រី ព្រមទាំងអ្នកដែលពាក់ព័ន្ធទៀតផង។
ជាស្ត្រីខ្លាំងម្នាក់
“គេច្រើននិយាយថាមានតែបុរសទេដែលធ្វើការខ្លាំង ប៉ុន្តែខ្ញុំយល់ថាអ្នកស្រីកែវ ចន្ទបូរណ៍ខ្លាំងជាងបុរសទៅទៀត ព្រោះគាត់ធ្វើការគ្រប់៨ម៉ោងហើយនៅតែមានឱកាសឆ្លៀតនិពន្ធបាន រីឯស្នាដៃនោះទៀតសោត ក៏ច្រើនហើយមានគុណភាពខ្ពស់ នេះមកពីគាត់សំបូរគំនិតហើយចេះយកគំនិតទាំងនោះទៅច្នៃប្រឌិតបាន យ៉ាងលឿន ប្រកបដោយទេពកោសល្យទៀតផង” នេះជាសំដីរបស់លោក ខូ តារាឬទ្ធិ នាយកសមាគមអក្សរសិល្ប៍នូហាច។ លោកបន្តទៀតថា អ្វីដែលធ្វើអោយលោកសរសើរបំផុតនោះគឺអ្នកស្រីកែវ ចន្ទបូរណ៍រស់នៅឯបរទេសសោះ តែអាចសរសេរពីស្រុកខ្មែរបានយ៉ាងល្អ។ ចំណែកឯនិស្សិត រឿត សុខុន ដែលកំពុងរៀននៅដេប៉ាម៉ង់អក្សរខ្មែរ មហាវិទ្យាល័យមនុស្ស និង សង្គមសាស្ត្រក៏បានសំដែងការសរសើរដែរថា អ្នកស្រីមិនដែលរៀនផ្នែកអក្សរសាស្ត្រសោះតែអាចសរសេរបានល្អ។
វិជ្ជមានហើយអហិង្សា
បើនិយាយពីឧត្ដមគតិដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញអោយអ្នក ស្រីសរសេរទាំងលោកខូ តារាឬទ្ធិ ទាំងនិស្សិតដែលបានអានស្នាដៃអ្នកស្រីលើកឡើងដូចៗគ្នាថា អ្នកស្រីមានបំណងចង់អប់រំសង្គម ជាពិសេសដាស់តឿនយុវជន និងស្ត្រីអោយក្លាហាន ប្រើប្រាជ្ញាក្នុងការដោះស្រាយបញ្ហាផ្សេងៗដោយជៀសវាងហិង្សា។ ចំណុចមួយទៀតដែលអ្នកអានមើលឃើញគ្រប់គ្នាដែរនោះ គឺដំណោះស្រាយក្នុងរឿងរបស់អ្នកស្រីច្រើនតែវិជ្ជមាន ពោលគឺធ្វើអោយតួអង្គអាក្រក់ដឹងកំហុសខ្លួនហើយកែទៅជាមនុស្សល្អ រីឯតួអង្គល្អតែងតែអត់អោនសន្ដោសប្រណីដល់អ្នកធ្វើខុស ព្រមទាំងលើកទឹកចិត្តពេលគេកែខ្លួន។ គេកម្រឃើញណាស់តួអង្គអាក្រក់ត្រូវដាក់ទោសដោយជេរស្ដី ឬវាយដំ ឬសម្លាប់ចោល។ ដោយឡែកចំពោះស្ត្រីដែលសង្គមធ្លាប់វាយតម្លៃថាជាមនុស្សទន់ខ្សោយ អ្នកស្រីមានការយកចិត្តទុកដាក់ពិសេស។ ប្អូនប្រុស សំ អេងលាង រឿត សុខុន បញ្ជាក់ពីចំណុចនេះថា “អ្នកនិពន្ធកែវ ចន្ទបូរណ៍ ច្រើនលើកដំកើងតួស្ត្រីជាតួមានប្រាជ្ញា មានចំណេះវិជ្ជា ក្លាហាន តស៊ូ ហ៊ានប្រឈមមុខនឹងបញ្ហាមិនរាថយ ហើយដោះស្រាយបញ្ហាដោយអហិង្សា “អ្នកទាំងពីរបន្ថែមថា នេះបញ្ជាក់ថាអ្នកនិពន្ធមានបំណងចង់បំផុសអោយស្ត្រីយកគំរូតាមតួ អង្គក្នុងរឿង។
បានមកពីលោកឪពុកនិងការងារ
អ្នកស្រីកែវ ចន្ទបូរណ៍ទទួលថាអ្នកស្រីពិតជាមានគំនិតនេះមែន ហើយក៏គឺជាគំនិតដែលជំរុញអោយអ្នកស្រីចងក្រងស្នាដៃទាំងអស់នោះ ដែរ។ អ្នកស្រីបានបញ្ជាក់ពីមូលហេតុដោយរំលឹកពាក្យប្រៀនប្រដៅរបស់ឪពុក ថា “តាំងពីខ្ញុំនៅក្មេង លោកឪពុកខ្ញុំតែងណែនាំថា កូនត្រូវធ្វើអោយគេខ្លាចហើយចង់ធ្វើអ្វីៗតាមបំណងយើង ទោះពេលនេះគេមិនបាននៅជាមួយយើងក៏ដោយ”។ អ្នកស្រីបន្ថែមថា អ្នកស្រីមានបំណងជួយប្រទេសជាតិតាមរយៈបណ្ដុះចំណេះដឹងដល់អ្នក អាន។ ក្នុងចំណុចដដែលនេះអ្នកនិពន្ធកែវ ចន្ទបូរណ៍លើកឡើងឥទ្ធិពលរបស់ការងារបច្ចុប្បន្នរបស់អ្នកស្រីដែលនាំ អោយឈានដល់គោលដៅនេះ។ អ្នកស្រីរៀបរាប់ថាអ្នកស្រីធ្វើការនៅក្រសួងការពារសិទ្ធិកុមារ ដែលជាផ្នែកមួយរបស់តុលាការ ក្នុងរដ្ឋមីនីសូតាសហរដ្ឋអាមេរិកក្នុងតួនាទីជាអ្នកធ្វើរបាយការណ៍ ស្ដីពីសកម្មភាពអប់រំរបស់តុលាការទៅលើអ្នកប្រព្រឹត្តខុសមាន មាតាបិតា យុវជននិងកុមារ និងស្ដីពីលទ្ធផលដែលទទួលបានពីការអប់រំនោះផងដែរ។ ការងារនេះធ្វើអោយអ្នកស្រីចេះវិធីសាស្ត្រក្នុងការអប់រំមនុស្សអោយ កែខ្លួនដោយប្រើអហិង្សា។ ម៉្យាងទៀតនោះអ្នកស្រីមានសញ្ញាប័ត្រអនុបណ្ឌិត២គឺទីមួយខាង វិទ្យាសាស្ត្រអប់រំគ្រួសារ និងទី២ខាងសង្គមសង្គ្រោះ។
ក្រោយពីបានអាន លែងគិតដូចមុន
ជាលទ្ធផលនៃការប្រឹងប្រែងនេះលោកខូ តារាឬទ្ធិ លើកឡើងថា មានអ្នកមានវិបត្តិម្នាក់ចង់លោតទឹកសម្លាប់ខ្លួន ក្រោយពីបានអានប្រលោមលោកអ្នកស្រីហើយ ក៏ប្រែគំនិតលែងគិតដូចមុនទៅវិញ ហើយបានទូរស័ព្ទ ទៅជម្រាបអ្នកស្រីអំពីរឿងនេះ។ អ្នកស្រីកែវ ចន្ទបូរណ៍ រំលឹកបន្ថែមពីឥទ្ធិពលនៃស្នាដៃអ្នកស្រីថា “មានអ្នកអានម្នាក់ទូរស័ព្ទមកប្រាប់ខ្ញុំថា ចៅហ្វាយនាយគេមិនសូវនិយាយស្ដី មិនងាយញញឹមមុខក្រញូវគ្រប់ពេល ប៉ុន្តែតាំងពីបានអានប្រលោមលោករបស់អ្នកស្រីមកគាត់រូសរាយ និងចេះញញឹមជាងមុន”។
ទទួលការចាប់អារម្មណ៍ខ្ពស់ពីអ្នកអាន
អ្នកស្រីបញ្ជាក់ថាបច្ចុប្បន្ននេះក្នុងមួយថ្ងៃទទួលអ៊ីមែលយ៉ាង តិច២០ និយាយពីចំណាប់អារម្មណ៍របស់គេចំពោះស្នាដៃអ្នកស្រី ហើយក៏ទទួលទូរស័ព្ទរៀងរាល់ថ្ងៃពីអ្នកអានដែរ។ នាងម៉េង ធីតាប្អូនថ្លៃអ្នកស្រី និងជាអ្នកជួយបោះពុម្ពសៀវភៅលើកឡើងថាបានទទួលទូរស័ព្ទជាច្រើនជា ពិសេសគ្រូ និងសិស្សសំដែងការសរសើរ ហើយផ្ដាំអោយផ្ញើការសរសើរនោះទៅអ្នកនិពន្ធផង។ និស្សិតសំ អេងលាង ក៏និយាយពីចំណាប់អារម្មណ៍របស់និស្សិតភាគច្រើនដែរថា ពួកគេពេញចិត្តនឹងគំនិតអប់រំ ព្រមទាំងសិល្ប៍វិធីសរសេរប្រទាក់សាច់រឿងក្នុងប្រលោមលោករបស់ អ្នកស្រីណាស់។ ក្រៅពីនេះអ្នកស្រីបានទទួលសំណៅរឿងពីស្រុកខ្មែរចំនួន៧០ ចង់អោយសរសេរទៅជាប្រលោមលោក អ្នកស្រីបានពិនិត្យ៣០ទៅ៤០រឿងហើយ ឃើញរៀបរាប់តែការឈឺចាប់ តែពុំឃើញមានដំណោះស្រាយសោះ។ អ្នកស្រីបានកែសម្រួលសាច់រឿងដល់ទៅ៨០%ដើម្បីសរសេរអោយទៅជា ប្រលោមលោក។ ជាមួយគ្នានេះដែរ អ្នកស្រីបានទទួលលិខិតសុំសិទ្ធិចុះផ្សាយប្រលោមលោករួមទាំង កំណាព្យក្នុងកាសែត និងព្រឹត្តិបត្រនានា។
សំណេរមានសិល្ប៍
រាល់អត្ថបទ ជាពិសេសអក្សរសិល្ប៍ ទោះបីមានអត្ថន័យខ្លឹមសារល្អយ៉ាងណាក៏ដោយតែបើអ្នកនិពន្ធមិនចេះ របៀបសរសេរអោយទាក់ទាញចិត្តទេនោះ នោះអត្ថន័យខ្លឹមសារពុំអានបានទេ ពោលគឺគេមិនចង់អាន អានហើយមិនជក់បោះបង់លែងអាន ឫក៏អានហើយមិនរំភើបចិត្ត មិនមានឥទ្ធិពលអ្វីមកបញ្ជ្រាបចិត្តគំនិតគេអោយចង់ធ្វើតាមការ អប់រំរបស់អ្នកនិពន្ធ ប៉ុន្តែស្នាដៃរបស់អ្នកស្រី កែវ ចន្ទបូរណ៍ សុទ្ធតែត្រូវទទួលបានការសរសើរពីអ្នកអានថា ជាសំណេរមានសិល្ប៍។ និស្សិត សំ អេងលាង ដែលពេញចិត្តជាងគេរឿងសំនៀងស្នេហ៍កវី និស្សិត ណន់ ពៅចាន់ណារិន ដែលពេញចិត្តជាងគេរឿងអប្សរា និង រឿត សុខុន និយាយដូចៗគ្នាថាអ្នកស្រី កែវ ចន្ទបូរណ៍ ប្រើពាក្យសាមញ្ញក្នុងសំណេរគាត់ធ្វើអោយងាយយល់ហើយគាត់ចេះរៀប សាច់រឿងអោយប្រទាក់គ្នា អ្នកអានជក់ចិត្តចង់តាមដានរហូតដល់ចប់។ ប្អូនប្រុស សំ អេងលាង លើកបន្ថែមពីសិល្ប៍វិធីរបស់អ្នកនិពន្ធថា “ការសរសេររបស់គាត់ប្លែកពីការសរសេររបស់អ្នកនិពន្ធដទៃ គឺគាត់មិនសូវមានការរៀបរាប់ទេ តែក៏អាចធ្វើអោយអ្នកអានមើលឃើញដឹងយល់ពីទិដ្ឋភាពអ្វីមួយតាមរយៈ ការសន្ទនារបស់តួអង្គតែម្ដង”។ ចំណែកប្អូន រឿត សុខុនបញ្ជាក់បន្ថែមត្រង់ចំណុចនេះថា “អានសំណេរគាត់ហាក់ដូចឃើញអ្វីៗនឹងភ្នែក ទោះបីមិនមានការរៀបរាប់ក៏ដោយ ខ្ញុំយល់ថាទាំងនេះដោយសារអ្នកនិពន្ធប្រើវិញ្ញាណទាំង១០ដូចដែល បានចែងក្នុងមេរៀនរបស់គាត់គឺដោយសារសិល្ប៍វិធីដែលមានក្នុងសំណេរ នេះហើយ ដែលបណ្ដាលអោយអ្នកអានរំភើបចិត្តហើយចង់កែខ្លួន ឬចង់ធ្វើតាមតួអង្គល្អក្នុងរឿង”។
មិនគិតបញ្ហាលុយកាក់ជាធំ
“ខ្ញុំយល់ថាអ្នកស្រី កែវ ចន្ទបូរណ៍ខិតខំសរសេរនេះ មិនមែនដើម្បីលុយឡើយ គឺដើម្បីផ្សព្វផ្សាយគំនិតគាត់ប៉ុណ្ណោះ។ បានជាហ៊ានថាដូច្នេះ មកពីគាត់ទូលាយណាស់ក្នុងការចែកចាយសៀវភៅជួនកាលអោយគេដល់ទៅ៥០០ ក្បាលក៏មាន” នេះជាសំដីរបស់លោក ខូ តារាឬទ្ធិ។ ចំណែកនាងម៉េង ធីតា ប្អូនថ្លៃរបស់អ្នកស្រីជាអ្នកទទួលបន្ទុកជួយបោះពុម្ពសៀវភៅអះអាង ដូចជាលោកតារាឬទ្ធិដែរ អំពីដៃទូលាយក្នុងការចែកចាយសៀវភៅ នាងបញ្ជាក់បន្ថែមអំពីគុណសម្បត្តិនេះថា “បងមន្តបូរណ៍ មិនដែលយកលុយដែលលក់ចំណេញទៅវិញទេ គាត់អោយខ្ញុំទាំងអស់ ហើយបើគាត់យកទៅចែកគេប៉ុន្មាន គាត់បន្ថែមលុយសម្រាប់ទុកអោយខ្ញុំបោះពុម្ពទៀត។ តាំងពីឆ្នាំ២០០៤ ដែលគាត់ចាប់ផ្ដើមអោយខ្ញុំបោះពុម្ពសៀវភៅជូនគាត់ គាត់ដំកល់លុយ៥០០០ដុល្លារទុកអោយខ្ញុំ”។ និស្សិតសំ អេងលាង ក៏បានលើកឡើងដែរពីចិត្តទូលាយនេះ ដែលមិនត្រឹមតែចំពោះលុយកាក់ និងការចែកចាយសៀវភៅប៉ុណ្ណោះទេ អ្នកស្រីមិនដែលខ្វល់ពីការលួចចម្លងឡើយ អ្នកស្រីគិតតែធ្វើយ៉ាងណាអោយបានផ្សព្វផ្សាយស្នាដៃគាត់ប៉ុណ្ណោះ។ ក្រៅពីនោះគេឃើញអ្នកស្រី កែវ ចន្ទបូរណ៍ មានចិត្តអាណិតអាសូរចំពោះអ្នកលំបាក ឬក្រីក្រកម្សត់ទៀតផង។ លោក ខូ តារាឬទ្ធិរៀបរាប់ពីកាយវិការសប្បុរសរបស់អ្នកស្រីថា នៅក្នុងឱកាសចែករង្វាន់ជ័យលាភីអក្សរសិល្ប៍នូ ហាច កាលពីខែកក្កដា ឆ្នាំ២០០៧នេះ អ្នកស្រីបានអោយលុយ៥០ដុល្លារដល់សិស្សប្រុសម្នាក់ដែលខំធាក់កង់ តាំងពីខេត្តព្រៃវែងមកភ្នំពេញ ដើម្បីចូលរួមប្រជុំដោយសារតែគ្មានលុយជិះឡានឈ្នួល។ឥឡូវនេះ អ្នកស្រីកែវ ចន្ទបូរណ៍កំពុងចង់សង្គ្រោះសិស្សនារីម្នាក់ ដែលរៀនផងដាំត្រកួនចិញ្ចឹមបងប្អូនចំនួន៨នាក់ផង។ អ្នកស្រីចង់ជួយអោយនាងបានរៀនបន្តនៅមហាវិទ្យាល័យ។ អ្នកស្រីបានដឹងរឿងនេះដោយសារសិស្សនារីនោះចូលចិត្តការនិពន្ធហើយ បានមកជួបអ្នកស្រីនៅសមាគមអក្សរសិល្ប៍នូ ហាច។ ចំនែកនាង ម៉េង ធីតា ជាប្អូនថ្លៃក៏ពោលសរសើរអ្នកស្រីដែរថាអ្នកស្រីបានជួយឧបត្ថម្ភ អ្នកក្រ និងអ្នកពិការជាញយដង មួយដងអោយលុយ១០០.០០០រៀល។ក្រៅពីនេះគាត់តែងចែកចាយលុយដល់ក្មេងៗ លក់នំនៅតាមតំបន់ទេសចរណ៍ទៀតផង។
ចេះនិពន្ធតាំងពីអាយុ៩ឆ្នាំ
“ខ្ញុំចេះនិពន្ធតាំងពីអាយុ៩ឆ្នាំ រឿងខ្លីដែលខ្ញុំតែងដំបូងគឺរឿងយក្សធាត់យក្សស្គម” អ្នកស្រីកែវ ចន្ទបូរណ៍រំលឹកពីការនិពន្ធក្នុងវ័យកុមាររបស់អ្នកស្រី ដោយទឹកមុខញញឹមទៀតថា ក្នុង១ខែអ្នកស្រីនិពន្ធរឿងទាំងនោះត្រូវបានចែកចាយអោយបងប្អូន មើលកម្សាន្ត។ អ្នកស្រីធ្វើបែបនេះរហូតដល់អាយុ១១ឆ្នាំ ទើបបែកគំនិតចេះរកកម្រៃពីការនិពន្ធ។ អ្នកស្រីនៅចាំច្បាស់ចំណុចនេះថា បន្ទាប់ពីអ្នកស្រីបានមើលកុនរឿង “លាហើយដួងតារា” មក ដោយមានពួកម៉ាកចង់អោយនិយាយរឿងនេះអោយអាន១នាក់តម្លៃ៥កាក់។ បន្ទាប់មកក៏បែកគំនិតយករឿងរបស់គេស្រាប់ មកតែងដោយកែចំណុចណាទុទ្ទិដ្ឋិនិយមទៅជាសុទិដ្ឋិនិយម និងកែចំណុចណាដែលខ្លួនមិនស្រលាញ់អោយមកតាមចិត្តរបស់ខ្លួនវិញ។ រឿងទាំងអស់នេះត្រូវយុវតី កែវ ចន្ទបូរណ៍ ជួលអោយសិស្សរៀននៅថ្នាក់ជាមួយ និងថ្នាក់ដទៃអានក្នុងតម្លៃ៥កាក់មួយនាក់។ ក្រោយមកកាន់តែបែកគំនិតក៏យករឿងទាំងនោះទៅអូសដោយម៉ាស៊ីនរ៉ូណេអូ ១រឿង៥០ច្បាប់ ហើយយកទៅផ្ញើនឹងអ្នកលក់បបរបាញ់កាញ់ ដើម្បី ទុកអោយគេជួលមើល។ រឿងទាំងនេះមានពី១០ទៅ១៥ទំព័រ។ យុវតីធ្វើបែបនេះរហូតដល់អាយុ១៤ឆ្នាំទើបចាប់ផ្ដើមសរសេរដោយគំនិត ខ្លួនឯង។ គឺជាសំណេរដៃដែលមានប្រមាណ៧០ទំព័រក្នុងរឿងនីមួយៗ។ ពេលនោះគឺជាសម័យលន់នល់។ ម្ដងនេះរឿងត្រូវបានដាក់នៅតាមតូបផ្សារអ្នកអានត្រូវអង្គុយអាន នៅតូបមិនអោយយកទៅផ្ទះទេខ្លាចបាត់។ អ្នកស្រីសរសេររឿងបែបនេះបាន៤៣រឿង។ លុយដែលបានពីការជួលត្រូវសន្សំទុករហូតដល់បាន៣០០០រៀល អ្នកស្រីក៏ទិញម៉ូតូធុនសូឡិចមួយគ្រឿង។ គឺពេលនោះហើយដែលឪពុកអ្នកស្រីបានដឹងរឿងនេះ។ អ្នកស្រី កែវ ចន្ទបូរណ៍រំលឹកពីជំហររបស់ឪពុកថា “លោកឪពុកខ្ញុំដឹងថាខ្ញុំចូលចិត្តអាននឹងនិពន្ធ គាត់មិនហាមឃាត់ទេ តែមិនអោយអាន និងនិពន្ធរឿងណានិយាយពីស្នេហាឡើយ ធ្វើតាមការណែនាំនេះខ្ញុំអានសៀវភៅគតិលោក ប៉ុន្តែក៏លួចអានសៀវភៅប្រលោមលោកដោយរូបភាពជាភាសាបារាំងឈ្មោះ “Nous deux” ផងដែរ។ នេះគឺជាការចាប់ផ្ដើមអោយខ្ញុំបែកគំនិតក្នុងការសរសេរកាន់តែ ច្រើន។ “អ្នកស្រី កែវ ចន្ទបូរណ៍ បន្តរៀបរាប់រឿងនិពន្ធរបស់អ្នកស្រីនៅសម័យប៉ុល ពតថា នៅពេលនោះអ្នកស្រីជួបការលំបាកវេទនាដូចពលរដ្ឋខ្មែរដទៃទៀតដែរ ប៉ុន្តែនៅតែអាចឆ្លៀតនិទានរឿងអោយពួកឈ្លបស្ដាប់ ដើម្បីដូរយកត្រីងៀត ហើយអ្នកស្រីបានលួចសរសេរទំនុកច្រៀងបាន២០បទ។ លុះដល់ឆ្នាំ១៩៧៩ ជាជនភៀសខ្លួននៅជំរំខាវអ៊ីដាង អ្នកស្រីបាននិពន្ធប្រលោមលោក៤រឿងនិងល្ខោននិយាយ៤រឿងហើយជួលអោយ គេមើលតម្លៃ១ដង១បាត។ ក្នុងមួយខែអ្នកស្រីរកបានពី២០០ទៅ៣៥០បាត។ ចាប់ពីឆ្នាំ១៩៨០ក្រោយពេលមកដល់សហរដ្ឋអាមេរិក អ្នកស្រីឈប់និពន្ធអស់រយៈពេល២ឆ្នាំដោយជាប់រៀន នៅនិពន្ធតែកំណាព្យខ្លីៗប៉ុណ្ណោះ។ ចាប់ពីឆ្នាំ១៩៨២អ្នកស្រីចាប់ផ្ដើមសរសេរឡើងវិញ។មកទល់ពេលនេះ អ្នកស្រីសរសេរបាន១៣៧រឿងប្រលោមលោក កំណាព្យ៥០០ និងអត្ថបទសិក្សាខ្លីៗមួយចំនួន។ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះក្នុង១ខែ អ្នកស្រីអាចសរសេរបានប្រលោមលោកមួយ។ អត្ថបទទាំងនោះមានចុះក្នុងព្រឹត្តិបត្រសមាគមខ្មែរ ព្រឹត្តិបត្រទស្សនៈខ្មែរនៅសហរដ្ឋអាមេរិក និងកាសែតកោះសន្តិភាពនៅប្រទេសកម្ពុជា។
និយាយពីការផ្សព្វផ្សាយស្នាដៃទាំងនោះវិញ នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០០២មក អ្នកស្រីផ្សាយតាមអ៊ីនធឺណិត ក្រោយពីទទួលពាក្យសុំទិញហើយអ្នកស្រីផ្ញើរឿងតាមប្រៃសណីយ៍ លក់ក្នុងតម្លៃ១០ដុល្លារ។ សៀវភៅទាំងនោះបោះពុម្ពដោយខ្លួនឯង។ ដោយអ្នកអាននៅស្រុកខ្មែរមួយចំនួនទាមទារ ចាប់ពីឆ្នាំ២០០៤មកអ្នកស្រីក៏ផ្ញើសំណៅអោយប្អូនថ្លៃបោះពុម្ពនៅ ស្រុកខ្មែរ។ ក្នុងចំណុចនេះនាង ម៉េង ធីតា ជាប្អូនថ្លៃ ហើយជាអ្នកជួយយកសៀវភៅទៅបោះពុម្ព និងដាក់លក់បានបញ្ជាក់ថាចំនួនបោះពុម្ពមានពី១.០០០ ទៅ១.៥០០ច្បាប់ក្នុង១រឿង ហើយមានប្រលោមលោក៣រឿង បានបោះពុម្ពលើកទី២ គឺរឿងផ្កាយវង្វេងមេឃ ក្លិនផ្កានារតី និងនិស្ស័យស្នេហ៍។ នាងនិយាយថាសៀវភៅរបស់អ្នកស្រីលក់ដាច់ជាងមុន តូបសៀវភៅខ្លះសុំទិញបន្ថែម។
សាមញ្ញហើយរួសរាយ
ជាមួយគ្នានឹងកិត្តិសព្ទល្អដែលអ្នកផងផ្ដល់ជូនអ្នកស្រីតាម រយៈស្នាដៃនិពន្ធអ្នកស្រីកែវ ចន្ទបូរណ៍ នៅមានគុណសម្បត្តិមួយទៀតដែលអ្នកផងសរសើរថា គឺជាស្ត្រីសាមញ្ញទាំងឫកពា ទាំងសំលៀកបំពាក់ ហើយមានសំដីរូសរាយរាក់ទាក់ទៀតផង។ កញ្ញា ណន់ ពៅចាន់ណារិន លាន់មាត់ថា “គាត់យកចិត្តទុកដាក់ក្នុងការចែកចាយចំណេះដឹងដល់គេណាស់ ក្នុងពេលគាត់ផ្ដល់មេរៀនស្ដីពីវិញ្ញាណទាំង១០ នៅដើមខែកក្កដា ទៅពុទ្ធសាសនបណ្ឌិត ខ្ញុំឃើញថាគាត់រីករាយនឹងសំនួររបស់សិស្សណាស់ ហើយខិតខំពន្យល់អោយទាន់អ្នកសួរ ខ្ញុំរំភើបចិត្តចំពោះសីលធម៌និងគុណធម៌របស់គាត់ជាពន់ពេក”។ និស្សិតរឿត សុខុននិយាយពីទំនាក់ទំនងជាមួយអ្នក និពន្ធ កែវ ចន្ទបូរណ៍ ថា “ខ្ញុំមិនដែលស្គាល់អ្នកស្រីទេ ដោយសារចាប់អារម្មណ៍ខ្លាំងលើស្នាដៃគាត់ ខ្ញុំបានផ្ញើអ៊ីមែលទៅ គាត់ក៏ទូរស័ព្ទមកខ្ញុំនិយាយស្និទ្ធស្នាលហាក់ដូចស្គាល់គ្នាយូរ ហើយ គាត់ហៅខ្ញុំថាកូនៗ ហើយទូរស័ព្ទម្ដង១ម៉ោងក៏មានដែរ”។
ព្រោះតែសរសេរពីទីឆ្ងាយ និងធ្វើការតែម្នាក់ឯង
ទន្ទឹមនឹងទទួលការកោតសរសើរ អ្នកស្រីក៏ទទួលការទិតៀនមួយចំនួនដែរ។ លោកខូ តារាឬទ្ធិនិយាយថា “ដោយសារសរសេរពីទីឆ្ងាយ មានអន្លើខ្លះអ្នកស្រីបង្ហាញមិនទាន់ដល់ស្ថានភាពពិតនៃប្រទេស ខ្មែរទេ ហើយក៏មានចំណុចខ្លះ សរសេរមិនត្រូវនឹងស្ថានភាពសង្គមខ្មែរដែរ”។ ចំណែកកញ្ញា ណន់ ពៅចាន់ណារិន និស្សិតមហាវិទ្យាល័យ មនុស្សសាស្ត្រ និងសង្គមសាស្ត្រក៏មានយោបល់ដូចលោក ខូ តារាឬទ្ធិដែរនាងបន្ថែមថា រឿងខ្លះអ្នកនិពន្ធបង្ហាញសង្គមខ្មែរមិនច្បាស់ ហើយជួនកាលដំណោះស្រាយមិនសូវសមទៀតផង។ ត្រង់ចំណុច “មិនសូវសម” នេះនិស្សិត សំ អេងលាង លើកឧទាហរណ៍បញ្ជាក់ថា “ដូចជាក្នុងរឿង អំបែងអណ្ដែត អ្នកនិពន្ធសរសេរមិនសមត្រង់កន្លែងធ្វើបាបតួដែលធ្លាប់ជាតួកាច ឆ្នាសឆើតឆាយដែរនោះ បែរជាមិនឃើញតួនោះរើបម្រាស់អ្វីសោះ ម្យ៉ាងទៀតក្នុងរឿងដដែលបងបង្កើតមិនស្គាល់ប្អូនរបស់ខ្លួន ដោយគ្រាន់តែប្អូននោះត្រូវកាត់សក់និងកែប្រែមុខមាត់រូបរាង បន្តិចបន្តួចប៉ុណ្ណោះ”។ ក្នុងរឿងអំបែងអណ្ដែតដដែល និស្សិត រឿត សុខុន ក៏ចង់បង្ហាញពីចំណុចដែលខ្លួនមិនពេញចិត្តដែរថា ក្រៅពីការសរសេរខុសអក្ខរាវិរុទ្ធខ្លះក្នុងរឿងនេះអ្នកនិពន្ធ បង្អាប់បុរសពេក ធ្វើអោយតួអង្គនេះមិនមានប្រាជ្ញាសោះ ប្រើតែកម្លាំងបាយសុទ្ធសាធ។ ក្នុងផ្នែកអត្ថរូបវិញ និស្សិត សំ អេងលាង និងរឿត សុខុន និយាយពីអត្ថបទកំណាព្យថា “កំណាព្យរបស់អ្នកស្រីខ្លី មានខ្លឹមសារទូលាយក្នុងការទិតៀនសង្គម ប៉ុន្តែគួរអោយស្ដាយ ដោយល្បះខ្លះមានចុងជួនមិនត្រូវដែលអាចផ្ដល់ជាគំរូអាក្រក់”។ ចំណែក កញ្ញា ណន់ ពៅចាន់ណារិនវិញ ទន្ទឹមនិងការកោតសរសើរល្បឿននៃការសរសេរ នាងមានយោបល់ថា បន្ទាប់ពីពេលសរសេរហើយ ប្រសិនបើអ្នកស្រីកែលំអអត្ថបទអោយបានច្រើនដង ប្រហែលជាស្នាដៃអាចបានល្អជាងនេះ។ និស្សិត អេងលាង ក៏ចង់អោយអ្នកស្រីបង្អន់ល្បឿនសរសេរបន្តិចដែរ ដោយមានយោបល់ថា ការសរសេរលឿនរបស់អ្នកស្រី ជួនកាលធ្វើអោយឃ្លាខ្លះមិនសូវពីរោះហើយជាន់គ្នាផងក៏មានដែរ។ ចំពោះការទិតៀននេះ អ្នកស្រីបានពោលថា អ្នកស្រីនឹងទទួលហើយខិតខំកែលំអ ព្រោះនោះគឺជាការចំណេញមួយទៀត។ អ្នកស្រីបញ្ជាក់ជាចុងក្រោយថា ក្រៅពីបានឱកាសជួយមាតុភូមិតាមរយៈការបណ្ដុះចំណេះដឹងដោយប្រើ សិល្ប៍វិធី អ្នកស្រីបានចំណេញច្រើនពីការសរសេរនេះគឺបានសប្បាយសម្រាប់ខ្លួន ឯង ដោយបានធ្វើអ្វីតាមចំណង់ចំណូលចិត្តរបស់ខ្លួន បានហាត់គំនិតប្រាជ្ញាទន្ទឹមគ្នានឹងការហាត់ប្រាណ ហើយក៏បានប្រាក់សម្រាប់ចិញ្ចឹមក្រុមគ្រួសារនៅឯប្រទេសខ្មែរផង ដែរ។ គឺហេតុនេះហើយបានជាអ្នកស្រីគិតថា តទៅអនាគតអ្នកស្រីនឹងបន្តការនិពន្ធដោយខំរកគំនិតប្លែករហូត គឺរឿងមួយឧត្ដមគតិមួយ។
ចំពោះការខ្វះខាតនេះជាយោបល់រួមលោក ខូ តារាឬទ្ធិ អះអាងថាជារឿងតិចតួចប៉ុណ្ណោះ ព្រោះក្នុងការបោះពុម្ពអ្នកស្រីម្នាក់ឯងធ្វើជាអ្នកនិពន្ធផង រៀបរៀងផងនិងពិនិត្យអក្ខរាវិរុទ្ធផងមិនអាចបានគ្រប់ជ្រុងជ្រោយ ឡើយ។ លោកបញ្ជាក់ថាជាធម្មតាលុះត្រាតែមានទាំង៣ផ្នែកនេះ ទើបរាល់ស្នាដៃពេលបោះពុម្ពចេញទៅបានល្អ។
ចំពោះរាល់យោបល់អ្នកអាន អ្នកស្រីនិយាយថា ប្រសិនបើជាការសរសើរនោះគឺជាការលើកចិត្ត តែបើជាការទិតៀនប្រាប់ពីចំណុចខ្សោយវិញនោះអ្នកស្រីពេញចិត្ត ទទួលដើម្បីកែលំអ។
ប្រភពៈ ទស្សនាវដ្តីសម្លេងស្ត្រីខ្មែរ ចេញផ្សាយ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨







