អ្នកស្រីប៉ាល់វណ្ណារីរក្សនិងបទពិសោធន៍និពន្ធ(២) ខែ កុម្ភៈ 17, 2009
Posted by ផ្កាយNovels in រៀននិពន្ធរឿង, អ្នកនិពន្ធ, អ្នកនិពន្ធខ្មែរ.trackback
កាលពីលើកមុន យើងបានស្គាល់មកហើយពីប្រវត្តិត្រួសៗរបស់អ្នកស្រី ប៉ាល់ វណ្ណារីរក្ស នៅពេលនេះសូមបន្តមកស្វែងយល់ទាំងអស់គ្នាអំពី បទពិសោធន៍ក្នុងការនិពន្ធប្រលោមលោករបស់អ្នកស្រីវិញម្តង៖
- បង្កើតគំនិតស្រមៃសាច់រឿងលើបញ្ហាអ្វីមួយឲ្យច្បាស់ (អាចប្តូរបាន)
- បង្កើតចំណុចលំអិតនៃរឿង (អាចប្តូរបាន)
- បង្កើតចំណងជើង (អាចប្តូរបាន)
(ក).
- ផ្ទៃរឿងត្រូវតែមានការអប់រំ តែមិនចំពោះត្រង់ៗទេ
- អាចជារឿងដែលទិតៀននរណាម្នាក់? ទិទៀនសង្គម?
- អាចជារឿងដែលសរសើរនរណាម្នាក់? សង្គមណាមួយ?
- ជារឿងដើម្បីបង្ហាញប្រាប់អ្វីមួយដល់អ្នកអាន
- ជារឿងដែលអ្នកនិពន្ធមើលឃើញសភាពការណ៍សង្គមនាពេលអនាគត «អ្នកនិពន្ធត្រូវនៅលើមនុស្ស មើលឃើញអ្វីវែងឆ្ងាយជាងមនុស្សធម្មតា»
(ខ).
- អាចសរសេរជារឿងបែបស្រមើស្រមៃ មានយក្ស ទេវតា សត្វ…
- អាចសរសេរពីរឿងតថភាពក្នុងសង្គម ពីជីវិតពិតនាពេលបច្ចុប្បន្ន
(គ). ការតម្លើងរឿងមានៈ
- ការពណ៌នាដោយសរសេរឃ្លាប្រយោគឲ្យមានភាពរលូន ណែងណង ពិរោះស្តាប់ អាចប្រើពាក្យបែបមិនសាមញ្ញខ្លះៗ តែកុំច្រើនពេកព្រោះប្រលោមលោកមិនមែនអានដោយត្រូវបើកវចនានុក្រមមើលទេ(គំនិតអ្នកស្រី)។ ឧ. ព្រះទិនករ ជលវារី នទី…
- ការពណ៌នាមិនត្រូវវែងពេកទេ ប្រហែលមួយទំព័រ ឬមួយទំព័រកន្លះក្នុងវគ្គណាមួយ។
- ត្រូវចេះយកពាក្យមានការប្រៀបធៀប ឬពាក្យសុភាសិតមកបញ្ចូលក្នុងការសន្ទនា ឬពណ៌នា។ ឧ. សម្តីផ្អែមដូចទឹកឃ្មុំ ចិត្តដូចពិសពស់វែក ជីវិតក្រៀមស្រពោនដូចស្លឹកចេករងកំដៅថ្ងៃ…
- វគ្គកំសត់ អាចពណ៌នាពីធម្មជាតិឬពីសភាវៈអ្វី ដែលមើលទៅកំសត់។ ឧ. ព្រះអាទិត្យក្តៅហែងដុតកម្លោចសត្តនិករលើផែនដី ផ្កាក្នុងសួនស្រពោនរញ៉មព្រោះគ្មានជាតិទឹក ស្មៅមានពណ៌លឿងខ្លោចចុងក្រហមប៉ប្រឹម
- ឬអាចពណ៌នាធម្មជាតិ ឬបរិយាកាសជុំវិញជាបែបសប្បាយ បែបល្អស្អាត ដើម្បីធ្វើឲ្យអណ្តែតភាពកំសត់កាន់តែកំសត់ឡើង។ ឧ. រលកបោកច្រាំងបាចផ្កាត្រែងសក្បុសដូចផ្កាទឹកកក ផ្ទៃមេឃមានពណ៌ខៀវស្រងាត់លាយស បង្កើតជារូបភាពដែលប្លែកៗមិនអាចគូរដោយវិចិត្រករដៃឯកណាបាន ខ្យល់ផាត់ដុំពពកអណ្តែតគ្រឿនៗ ព្រះពាយបក់ផាត់មកបបោសអង្អែលចិត្តមនុស្សដែលឈរនៅទីនេះ តែយុវជនម្នាក់នេះមិនចាប់អារម្មណ៍ពីលំអជុំវិញខ្លួនសោះ មុខរបស់គេមានភាពជូរចត់ ខោអាវរបស់គេខ្ទេចខ្ទីសក់ក្បាលកន្ទ្រីងកន្ទ្រើង… សម្រាប់គេ ដូចជាផែនដីទាំងមូលសោះសូន្យគ្មានអ្វីឡើយ។
- ការផ្តើមរឿង«វគ្គទី១»សំខាន់បំផុត ព្រោះជាការទាញអារម្មណ៍អ្នកអានដើម្បីឲ្យចង់អាន។
- វគ្គបញ្ចប់សំខាន់ណាស់ដែរ ព្រោះបន្ទាប់ពីគេអានចប់ត្រូវបន្សល់ការជាប់ចិត្តដិតអារម្មណ៍សម្រាប់គេ នាពេលឈប់អានសៀវភៅយើង(មិនមែនមានន័យថា វគ្គដទៃមិនសំខាន់ទេ តែវគ្គកណ្តាលរឿងអាចអន់បន្តិចជាងវគ្គទាំងពីរ តែបើល្អដូចគ្នាជាការពិសេសបំផុត)
- ដំណើរសាច់រឿងអាចចៀសឲ្យផុតពីការបង្កភាពធុនទ្រាន់ដល់អ្នកអាន គឺសាច់រឿងត្រូវតែបង្កបញ្ហាឡើងៗ តឹងតែងឡើងៗមិនធូរស្រាលទេ។
- បង្កើតចម្ងល់ឬបញ្ហាជាបន្តបន្ទាប់ ជាបញ្ហាតូចៗតែត្រូវមានបញ្ហាធំមួយដែលនឹងត្រូវស្រាយនៅពេលដែលបញ្ចប់រឿងតែប៉ុណ្ណោះ។ រាល់ចម្ងល់ឬបញ្ហាតូច កុំដោះស្រាយភ្លាមៗបន្ទាប់ពីចងបញ្ហា(បើជារឿងមានទំហំ៣០០ទំព័រ ត្រូវចងបញ្ហាទី១នៅទំព័រទី៤ឬទី៥ នឹងត្រូវស្រាយនៅទំព័រទី៤០យ៉ាងតិច មិនមែនចងបញ្ហានៅតំព័រទី៤ឬទី៥ រួចស្រាយនៅទំព័រទី១០ឬទី១៥នោះទេ។
- ចម្ងល់មួយហើយមួយទៀត បង្កើតមួយហើយបង្កើតមួយទៀតជាបន្តបន្ទាប់។
- (តួ) បើអាចចៀសវាងបានកុំបង្កើតតួច្រើនពេក
- រាល់គ្រប់តួអង្គរងទាំងអស់ ត្រូវតែមានទំនាក់ទំនងជាមួយតួឯកជាចាំបាច់
- សកម្មភាពតួរងមិនត្រូវឲ្យមានទំហំស្មើតួឯកទេ។ ចំណុចគុណសម្បត្តិរបស់តួរង ចាំបាច់ត្រូវអន់ជាងតួឯក។
- បុគ្គលិកលក្ខណៈតួនីមួយៗ ត្រូវតែកំណត់ឲ្យច្បាស់(កាច ចិត្តល្អ មានល្បិច ស្លូតត្រង់…) បើមានការផ្លាស់ប្តូរលុះត្រាតែមានការជួបនឹងហេតុការណ៍ធំណាស់ក្នុងជីវិត
- ឈ្មោះតួអង្គគួរជាខ្មែរ(គំនិតអ្នកស្រី) ហើយគិតពីបរិយាកាសរបស់តួដែលរស់នៅ ឧ. អ្នកស្រែមិនមែនឈ្មោះ បុប្ផាទេវីទេ។
(ឃ).
- សរសេរពីពេលវេលាឲ្យច្បាស់ ឧ. ស្រូវទុំខែណា ភ្លៀងធ្លាក់ខែណា រៃយមថ្មើរណា ផ្កាណាគ្រីក្រអូបពេលណា
- ពាក្យនិយាយត្រូវសរសេរឲ្យត្រូវតាមសម័យកាល
- សម្ភារៈប្រើប្រាស់ ខោអាវ ឈ្មោះស្រុកភូមិ ឲ្យត្រូវសម័យកាល
- បើសរសេរពីជំនាញអ្វី ត្រូវស្រាវជ្រាវជំនាញនោះ ឧ. ច្បាប់ ពេទ្យ អេដស៍…
- ត្រូវស្គាល់ពីពិធីបុណ្យប្រពៃណីជាតិ បុណ្យអន្តរជាតិ ។ល។
- ត្រូវសរសេររឿងកុំឲ្យហួសពីជីវិតពិតពេក បើជារឿងតថភាព។
ក្រោយពីបានសិក្សាស្វែងយល់ពីសិល្ប៍វិធីតែងនិពន្ធរបស់អ្នកស្រី ប៉ាល់ វណ្ណារីរក្ស រួចមក ខ្ញុំសង្ឃឹមថាបណ្តាប្រិយមិត្តដែលចាប់អារម្មណ៍នឹងការសរសេររឿងខ្លីៗឬប្រលោមលោកនោះ ពិតជាបានយល់ជ្រាបច្បាស់ពី បែបបទមួយចំនួនដែលយើងត្រូវអនុវត្តតាមក្នុងការសរសេររឿង។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធម្នាក់ៗតែងតែមានយុទ្ធសាស្ត្រពិសេសដោយឡែកផ្ទាល់ខ្លួន ដែលគ្មាននរណាអាចមកកែប្រែ ឬបង្គាប់អ្នកនិពន្ធរូបនោះឲ្យផ្លាស់ប្តូរសិល្ប៍វិធីដែលជាអត្តសញ្ញាណរបស់ខ្លួនបានឡើយ។










If you wanna be a writer must be know how to imagine, imagination is the first step for the writer, this is my idea and most poeple agree with.
I agree with what Pal Vannarireak said, she is my big writer i love her novel than other.
ដំបូងត្រូវអានសៀវភៅរបស់គេឲ្យបានច្រើនសិន មិនថាល្អឬមិនល្អ ចាស់ឬថ្មី មុនឬក្រោយនោះទេ ត្រូវអានទាំងអស់។ ក្រោយពីនោះមក យើងនឹងបែកគំនិតដោយខ្លូនឯង។ ត្រូវចាំថា គ្មានសាលាបង្រៀនណា អាចបង្រៀនមនរណាម្នាក់ឲ្យក្លាយជាអ្នកនិពន្ធមានស្នាដៃល្អបានទេ គឺអាស្រ័យលើឧបនិស្ស័យ និង ចំណង់ច្រើនជាង។
តើត្រូវហាត់រៀនអ្វីខ្លះដើម្បីក្លាយជាអ្នកនិពន្ធនឹងគេ។ សំរាប់ខ្ញុំផ្ទាល់រៀនសូត្រខាងបច្ចេកទេស មិនសូវចេះអធិប្បាយបានវែងឆ្ងាយនឹងគេសោះ។
ជាសិល្ប៍វិធីដែលល្អណាស់នៀក អរគុណចំពោះការចែករំលែក