jump to navigation

អបអរ​ទិវាសិទ្ធិនារី ខែ មីនា 5, 2009

Posted by ផ្កាយ​Novels in ទឹកខ្មៅកវី.
trackback

១.​ កបកាលសិរី

មង្គលសួស្តី

រស្មីសោភា

សោភ័ណសម្ផស្ស

នារីគ្រប់គ្នា

ក្នុង​ខែមីនា

ថ្ងៃទីប្រាំបី។

២. ជាថ្ងៃ​កបយស

នារីខ្ពង់​ខ្ពស់

មានសិទ្ធិសេរី

អាច​ធ្វើកិច្ចការ

តំណែង​មន្ត្រី

សេនាបតី

កុង្សីយ៍មានសក្តិ។

៣. ជាថ្ងៃ​ជ័យ​ជោគ​

នារីក្នុង​លោក

ទាមទារសស្រាក់

នូវសិទ្ធិសេរី

ពីពួកអប្បលក្ខណ៍

ដែល​ឲ្យ​ឋានៈ

ស្រីស្មើទាសី។

៤. គេតែង​ពោល​ថា

ស្រី​រាល់​រូបា

ទន់ខ្សោយ​ឥត​បី

ខ្សោយ​ទាំង​កំលាំង​

អាប់​ទាំង​ស្មារតី

មិន​អាច​ធ្វើ​អ្វី

បោះបង់​ជើង​ក្រាន។

៥. ស្រី​ជា​ជើង​ក្រោយ​

តែ​ជើង​មុខ​ធ្លោយ​

មិន​អាច​ទប់​បាន​

មុខ​ជា​ក្រឡាប់​

ក្រឡះ​ទាំង​ប្រាណ

សូម្បី​ជើង​ក្រាន

វិល​មិន​ជុំ​ផង​។

៦.​ ស្រី​ជា​បង្អែម

គេ​ញ៉ាំ​បន្ថែម​

ពេល​បាយ​កន្លង​

គ្រាន់​ជា​បង្អែម

ចំអន់​ផ្ទៃ​ផង​

ញ៉ាំ​រួច​បោះ​បង់

ឲ្យ​រង​ទុក្ខា។

៧. ប្រុស​ជា​កន្លង់​

រូប​ស្រី​ផូរ​ផង់

ប្រៀប​បាន​បុប្ផា

ពេញ​វ័យ​ក្រពុំ

កន្លង់​ត្រូវ​ការ

ស្រពោនកាល​ណា

ហិចហើរ​ទៅ​ឆ្ងាយ។

៨. ការ​ពិត​ពំនោល​

នេះ​ចេះ​តែ​ពោល​

ចេះ​តែ​បរិយាយ

មិន​គិត​មិនគូរ

មិន​គន់​នាយ​អាយ

មិន​មើល​ឲ្យ​ឆ្ងាយ

មុន​នឹង​ហាស្តី។

៩. ឯការ​ពិត​នោះ

ស្រី​មិន​ជជុះ

ដូច​គេ​ស្រដី

ស្រី​អាច​បង្វិល

វិល​ទាំង​ផែន​ដី

ទំរាំ​បើ​អី

ចង្ក្រាន​តូច​មួយ។

១០. ការពិត​ស្រីៗ

ជា​អ្នក​មាន​ថ្វី-

ដៃ​ខាង​ជំនួញ

អាច​ខាប​ព្រលឹង​

ប្រុសៗ​ឲ្យ​ព្រួយ

ឲ្យ​ញ័រ​រញ្ជួយ

រលួយកោះថ្លើម។

១១. ដូច​អង្គក្សត្រា

នាម​ជ័យ​ជេដ្ឋា

អស់​ដី​សំបើម

ដោយ​ស្នាដៃ​ស្រី

អង្គ​ចូវ​ដ៏​ឆ្នើម​

ខ្មែរ​ឡុង​ចុង​ដើម

ដោយ​ចាញ់​កិច្ចកល។

១២. ស្រី​អាច​រក្សា

តំណែង​រាជការ

ដោយ​មិន​កង្វល់

មិន​មាន​កង្វះ

ពលានុពល-

ភាព​ជា​បុគ្គល

សម្បូរគ្រប់​ប្រាណ។

 ១៣. សម្បូរ​ដោយ​គុណ-

សម្បត្តិ​ធ្ងរ​ធ្ងន់

រក​ប្រៀប​ពុំ​បាន

ដូច​កាល​សម័យ​

គោក​ធ្លក​ថ្កើង​ថ្កាន

ស្រុក​យើង​បាន​ក្សាន្ត

ដោយ​នាង​លីវយី។

១៤. នាង​អាច​រក្សា

សុខចិត្ត​រៀប​ការ​

ជាមួយ​អ្នក​ជី-

ព្រាហ្មណ៍ឈ្មោះហ៊ុនទៀន

ជាជាតិ​ឥណ្ឌា

ដើម្បីការ​ពារ

នគរ​ថ្កើង​ថ្កាន។

១៥. ខ្លួន​ចាញ់​គេ​ហើយ

មិន​សុខ​ចិត្ត​ឡើយ​

ស៊ូបូជា​ប្រាណ

ដើម្បី​ទឹកដី

ប្រជាជាតិ​បាន

ជួប​សុខក្សេមក្សាន្ត

​ផុតភាព​ហាយនៈ។

១៦. ស្រី​មាន​ប្រាជ្ញា

ស្មារតី​ក្លៀវក្លា

ចេះ​ឆ្លៀត​ចេះ​ឆ្កាក់

ចេះ​កល​ចេះ​ស្នៀត​

គន្លៀត​គន្លាក់

មិន​ដែល​អន់​អាក់

ធ្លាក់​ដល់​អន្ធការ។

១៧. ដូច​រឿង​ភ្នំ​ប្រុស-

ភ្នំ​ស្រី​ខ្ពង់​ខ្ពស់

ខ្ពស់​ជាង​ក្រៃ​មហា

ដោយ​ប្រុសៗ​ឆោត​

ចាញ់​កលមាយា

ស្រី​ប្រើ​ប្រាជ្ញា

ឈ្នះ​បាន​ដោយ​ងាយ។

១៨. ស្រី​ជា​ប្រមុខ

នាំ​រាស្រ្ត​ឲ្យ​សុខ

ដូច​នៅ​ឯនាយ

ប្រទេស​អង់គ្លេស

នាកាល​សម័យ​

ម៉ាការ៉ែត​ថ្លៃ

រាស្រ្ត​ផង​ផុត​ទុក្ខ។

១៩. ស្រី​ជា​មាតា

មនុស្ស​គ្រប់​អាត្មា

លើ​ពិភព​លោក

ប្រៀប​បាន​ចង្វា

ជួយ​ចែវ​ជួយ​ចូក​

ដើម្បី​ឲ្យ​ទូក​

ឆ្លង​បាន​ដល់​ត្រើយ។

២០. ដូច្នេះ​សង្គម

មាន​ស្រី​ជា​ធំ

ខ្វះ​មិន​បាន​ឡើយ

ដើម្បី​ដឹកនាំ

ប្រទេស​ឲ្យ​ស្បើយ

ជាតិ​បាន​ដល់​ត្រើយ​

រុង​រឿង​សន្តិភាព។

២១. ដូច្នេះ​ប្រុសៗ​

គួរ​ឈប់​យល់​ខុស​

ឲ្យ​សិទ្ធិ​ស្រី​ទាប

រាល់​មនុស្ស​ទាំង​អស់

មាន​សិទ្ទិ​ស្មើ​ភាព

មិន​ចែក​ខ្ពស់​ទាប

ក្មេង​ចាស់​ប្រុស​ស្រី។

២២. សូម​អប​អរ​សិទ្ធិ

នារី​ពិតៗ

ថ្ងៃ​ទី​ប្រាំបី

ក្នុង​ខែ​មីនា

សូម​ជូន​ពរ​ជ័យ​

មង្គល​សួស្តី

សិរីថ្លៃ​ថ្លា។

២៣. អាយុវណ្ណៈ

សុខៈពលៈ

ពរ​បួន​ប្រការ

សូម​កើត​មានដល់

ស្រី​រាល់​រូបា

ក្នុង​កម្ពុជា

និង​លោក​សកល។

 

 

វិចារ»

1. Panha - ខែ មីនា 12, 2009

សូមសរសើរដោយស្មោះ
វាធ្វើឲ្យខ្ញុំនឹកដល់ការតស៊ូរបស់ម្តាយខ្ញុំ

2. Boeun - ខែ មីនា 10, 2009

ខ្ញុំ​បាន​យក​កំណាព្យ​នេះ​ទៅ​ដាក់​នៅ មិត្តលាភ ​ដែរ ព្រោះ​ឃើញ​កំណាព្យ​នេះ​ល្អ។

http://mitleap.com/forum/topics/2262081:Topic:24660

3. បឿន - ខែ មីនា 7, 2009

ខ្សែ​ទី ១៣ មាន​ឃ្លា​ជាន់​គ្នា​មួយ

អាចម៍ផ្កាយ - ខែ មីនា 9, 2009

អរគុណ​ហើយ​បង​! ក្រោយ​ពី​សរសេរ​ហើយ​ ខ្ញុំ​មិន​បាន​ពិនិត្យ​ឡើង​វិញ​ទេ​ ព្រោះ​រវល់​ពេក។

4. បឿន - ខែ មីនា 7, 2009

តែង​បាន​ល្អ​ណាស់!

5. បូរាណ - ខែ មីនា 6, 2009

អាវ! ឡូយមែន!…