jump to navigation

ប្រវត្តិនំ​ផ្លែ​អាយ ខែ មីនា 25, 2009

Posted by ផ្កាយ​Novels in ចំណេះដឹងទូទៅ, ពីនេះពីនោះ, វប្បធម៌ប្រពៃណី, អាហារខ្មែរ.
trackback
នំផ្លែអាយដែល​ខ្ញុំ​ធ្វើ​ញ៉ាំនៅលាវ(ខ្វះវត្ថុធាតុដើម)

នំផ្លែអាយដែល ខ្ញុំ ធ្វើ ញ៉ាំនៅប្រទេសលាវ(ខ្វះវត្ថុធាតុដើម)

នៅ​ស្រុក​គេ​យូរ​ ពេល​ខ្លះ​មាន​អារម្មណ៍​នឹក​ឃើញអ្វី​ៗ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ខ្មែរ​ៗ​ មិន​ថា​ជា​សិល្បៈដូរតន្ត្រី​ ភាពយន្ត​ ឬបុណ្យ​ប្រពៃណី​ជាតិ​នោះ​ទេ ចំណី​អាហារ​គឺ​ជា​ចំណុច​ចាប់​អារម្មណ៍​សំខាន់​មួយ​ដែល​ម្នាក់​ៗ​មិន​អាច​បំភ្លេច​បាន​ ហើយ​តែង​តែ​នឹក​ចង់​ភ្លក្ស​រសជាតិ​នោះ​ឡើង​វិញ​ បើ​ទោះជា​គេ​ទៅ​ដល់​គ្រហែង​ប្រទេស​ណា​ក៏​ដោយ។

ដូចជា​រូប​ខ្ញុំ​អ៊ីចឹង​ដែរ​ នៅ​ថ្ងៃ​មួយ​ដោយ​អត់​ទ្រាំ​នឹក​ឃ្លាន​នំ​ផ្លែ​អាយ​ខ្លាំង​ពេក​ ក៏​ចាត់​ចែង​ធ្វើ​ដោយ​ខ្លួន​ឯង​។ ផ្លែអាយ​គឺ​ជា​នំ​ខ្មែរ​មួយ​ប្រភេទ​ដែល​គេ​ធ្វើ​ពី​ម្ស៉ៅ​ដំណើប​ និង​មាន​ស្ករត្នោត​ជា​ស្នូរ​កណ្តាល។ ប៉ុន្តែក៏​​មាន​បង​ប្អូន​ខ្មែរ​យើង​ខ្លះ​ ​នៅ​មិន​ស្គាល់​ថា​នំ​ផ្លែ​អាយ​នោះ មាន​រូប​រាង​យ៉ាង​ណា​ទេ។ នំ​នេះ​ខ្ញុំ​ក៏​មិន​ឃើញ​មា​​ន​ប្រទេស​ណា​គេ​មាន​នោះ​ដែរ វា​គឺ​ជា​នំ​ដែល​មាន​លក្ខណៈ​ខ្មែរ​ពិត​ៗ​ ដូច្នេះ​នៅ​តាម​ហាង​អាហារ​ឬភោជនីយដ្ឋាន​តំបន់​ទេសចរណ៍​ខ្មែរ​ណា​មួយ​គួរ​តែ​មាន​នំ​នេះ​ ដោយ​ច្នៃ​ប្រឌិត​យ៉ាង​ណា​ឲ្យ​មានល​ក្ខណៈ​ទាក់​ទាញខ្ពស់​ ដើម្បី​ដាក់​បម្រើ​ជូន​ដល់​ភ្ញៀវ​បរទេស​នានានូវ​អ្វី​ដែល​យើង​មាន ហើយ​ប្លែក​ ឆ្ញាញ់​ និង​ប្រទេស​ដទៃ​ទៀត​គ្មាន… ជឿ​ថា​ពិត​ជា​បាន​កម្រៃ​កាក់​កប និង​ការ​លើក​ទឹក​ចិត្ត​ពី​អតិថិជន​ទាំង​ជាតិ​និង​អន្តរជាតិ​មិន​ខាន។

នំ​ផ្លែ​អាយ​ដែល​កញ្ចប់​ខ្ទោង​ត្រឹមត្រូវ​

នំ ផ្លែ អាយ ដែល កញ្ចប់ ខ្ទោង ត្រឹមត្រូវ

ខាង​ក្រោម​នេះ​ គឺ​ជា​ប្រវត្តិ​ខ្លះ​ៗ​ដែលទាក់​ទង​ទៅនឹង​នំ​ខ្មែរ​មួយ​ប្រភេទ​នេះ​៖
តាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជជួនណាត បាន​ឲ្យ​ដឹង​ថានំ​ផ្លែ​អាយ​មាន​ឈ្មោះ​ដើម​ថា​«នំបំពួនស្ករ» ព្រោះ​ជា​នំ​ស្រស់​មួយ​ប្រភេទធ្វើ​ដោយ​ម្ស៉ៅ​ដំណើប​ លញ់​ស្រោប​បំពួន​ដុំស្ករត្នោត​បាត់​បំបាំង​មើល​មិន​ឃើញ ហើយ​ហេតុ​ដែល​នាំ​ឲ្យ​មាន​ឈ្មោះ​ថា​«នំផ្លែ​អាយ​»ដែលរនោះ​ ដោយ​ហេតុ​ថា កាល​ក្នុង​រជ្ជកាល​នៃព្រះបាទ​សម្តេច​ហរិរក្ស​រាមា​ឥស្សរា​ធិបតី គេ​ច្រើនយក​នំ​នេះ​ទៅ​ដាក់​ភ្ជាប់​នឹង​មែក​ឈើ​ឬ​មែកឫស្សី​ដែល​គេ​កាត់​យកមក​ដោត​លើកំណាត់​ដើមចេក គេ​ភ្ជាប់​នំ​នេះ​តម្រៀប​គ្នាស្រដៀង​នឹង​ឈើ​មាន​ផ្លែ… គេ​សន្មត់​ឈ្មោះ​ថា​នំ​ផ្លែ​អាយគឺ​ទុក​ដូច​ជា​ឈើ​ដែល​ផ្លែ​នៅ​អាយ ពុំ​មែន​ផ្លែ​ដែល​គេ​បេះ​យក​មក​ពីដើម​ឈើ​ឯនាយទេ។
នំ​នេះ​ក៏​មាន​​​ឈ្មោះ​មួយ​ទៀត​ថា​ «នំ​កើត​ក្តី​»ដែរ ដោយ​មាន​រឿង​តំណាល​ថា កាល​ពី​ព្រេង​នាយ​​មាន​បុរស​ពីរ​នាក់​អង្គុយ​ស៊ី​នំ​នេះ​ជិត​គ្នា, បុរស​ម្នាក់​ពម​នំ​នេះ​តាម​ទម្លាប់ ឯបុរស​ម្នាក់​ទៀត​ខាំ​នំ​នេះ​ចំ​ពាក់​កណ្តាល ទឹកស្តរ​ខាង​ក្នុង​ក៏​ធ្លាយ​បាញ់​ត្រូវ​មុខបុរស​ម្នាក់​, ស្រាប់​តែ​បុរស​នោះ​ក្រោកឡើង​ដាល់​តប់​គ្នា ហើយ​ក៏​កើត​ជា​ការ​ប្តឹង​ផ្តល់​គ្នា ទើប​ចៅ​ក្រម​ឲ្យ​ឈ្មោះ​នេះ​ថា «នំកើតក្តី»​ ចាប់​ដើម​តាំង​ពីកាល​នោះ​មក។
ដូច្នេះ​ នំ​នេះ​ក៏​មាន​ឈ្មោះ​បី​យ៉ាង​ដូច​ដែល​បាន​រៀប​រាប់​មក​ខាង​លើ, ប៉ុន្តែ​នំ​កើត​ក្តី​ជា​ពាក្យ​សាមញ្ញ គេ​មិន​សូវ​ហៅ​ទេ​ គេ​ច្រើន​ហៅ​តែ​ នំ​បំពួន​ស្ករ​ និង​នំ​ផ្លែ​អាយ។ នំ​បំពួន​ស្ករ​ជា​ឈ្មោះ​ដើម ត្រឹមត្រង់​តាម​អត្ថន័យ​ជាង​ឈ្មោះ​ទាំង​ពីរ ពីព្រោះ​មាន​ដុំ​ស្ករ​ត្នោត​ដែល​គេ​ដាក់​បំពួនខាង​ក្នុង​ពិត​មែន៕

វិចារ»

1. ជំនោរ - ខែ វិច្ឆិកា 14, 2009

ហេតុអ្វីមិនផ្ញើអោយបងយើងហូបផង!
ឆាប់ភ្លេចគ្នាម្លេះ!
បងអនឡៃរាល់ពេលទាំងអស់!
ជួបគ្នាថ្ងៃថ្មីលើទឹកដីឡានឆាង វ៉ាន់ពីម៉ៃឡាវ ណា….អាចម៍ផ្កាយ!

ផ្កាយ​Novels - ខែ វិច្ឆិកា 15, 2009

ទៅ​ដល់​ស្រុក​ខ្មែរ​ហើយ​នៅ​នឹក​ឃ្លាន​ផ្លែ​អាយទៀត!!? :evil:
ខ្ញុំ​ឯនេះ​នឹក​ស្រុក​ខ្មែរសឹង​ងាប់​ មិន​នឹង​បាន​ទៅ​ផង!! :cry:
គ្មាន​នរណា​ភ្លេច​បង​ឯង​ទេ… អរគុណ​សម្រាប់​ជំនួយ​គ្រប់​បែប​យ៉ាង​នៅ​លាវ… ហើយ​សុំ​ទោស​សម្រាប់​ថ្ងៃ​ដែល​បង​ចាក​ចេញ​ទៅ.. ខ្ញុំ​មិន​បាន​ជា​នៅក្បែរ​បង​ព្រោះ​ខ្ញុំ​មិន​ចូលចិត្ត​មនុស្ស​មួយ​ចំនួន អ៊ីចឹង​ទៅ​ខ្ញុំ​មើល​ទៅ​ដូច​ជា​រៀង​ឃ្លាត​ឆ្ងាយ​ពី​បង តែ​ការ​ពិត​ខ្ញុំ​មិន​ដែល​ភ្លេច​បំណង​ល្អ​របស់​បង​មក​លើ​ខ្ញុំ​ទេ… ខ្ញុំ​ចងចាំ​គ្រប់​ពេល!
អរគុណ​សម្រាប់​អ្វី​គ្រប់យ៉ាង!! :)

2. ពិសិដ្ឋ - ខែ មេសា 10, 2009

កាល​ពី​ខ្ញុំ​នៅ​តូច​មាន​តែ១០០រៀលទិញ​នំ​នេះ​ហូប​ បាន​យ៉ាង​ឆ្ងាញ់​មាត់ តែ​ឥលូវ​នេះទោះ​មាន​លុយ​១០០ដុល្លារ ក៏​មិន​ដឹង​ត្រូវ​ទៅ​ទិញ​នៅ​ទីណា​ដែរ គឺ​លែងមាន​​អ្នក​ធ្វើលក់​តា​ម៉ង។

3. Posoky - ខែ មេសា 8, 2009

ចេះនិពន្ឋរឿង ចេះធ្វើនំ ចេះ អីទៀតទេ ពិតជាអស្ចារ្យមែន។

4. ស្រីភា - ខែ មេសា 2, 2009

ខ្ញុំ​ធ្លាប់បានអ៊ីតម្តងកាលចេញពីរៀនយឺត!
ឆ្ងាញ់តើបង!
តែដូចជាមិនសូវជាជក់ចិត្តណាស់ណាទេ!
រីករាយបុណ្យចូលឆ្នាំថ្មីនឹងឈានចូលមកដល់ឆាប់ៗនេះ!

5. engsamnang - ខែ មីនា 29, 2009

តែខ្ងុំលឺចាស់ថានំនេះឈ្មោះដើមហៅថានំសំលាប់ប្តី។

6. ទឹម បឿន - ខែ មីនា 27, 2009

ស្រួល​អ៊‍ីចឹង ប្រហែល​ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដែរ។

7. កេសី - ខែ មីនា 27, 2009

អរគុណដែលជួយប្រាប់វិធីធ្វើ ។ ចាំមើលថ្ងៃណាទំនេរសឹមសាកធ្វើម្តង ។

8. អាចម៍ផ្កាយ - ខែ មីនា 26, 2009

វិធី​ធ្វើ​គ្មាន​អី​ពិបាកទេ គឺ​ដំបូង​យើង​ត្រូវ​មាន​គ្រឿង​ផ្សំ​ដូច​ជា ម្ស៉ៅ​ដំណើប២កញ្ចប់​(ទិញ​ស្រាប់​ ព្រោះ​នៅ​ស្រុក​គេ​មិន​ងាយ​កិន​ទេ), ម្ស៉ៅ​ខ្សាយ​១​កញ្ចប់, ស្ករ​ផែនស្ករ​ត្នោត​, ដូង​ចាស់​ស្ទើរ​ទុំ​មួយ និង​អំបិល​មួយ​ចិប។
វិធី​ធ្វើ​មាន​ដូច​តទៅ៖
- ដាក់​ដាំ​ទឹក​ក្នុង​ឆ្នាំង​ចោល និង​កោស​ដូង​ឲ្យ​បាន​ជា​សរសៃ​វែងៗ។
- យកម្ស៉ៅដំណើប​ទាំង​២កញ្ចប់​មក​លាយ​ជា​មួយ​ម្ស៉ៅខ្សាយ​១កញ្ចប់​(បើ​ដាក់​ម្ស៉ៅ​ដំណើប​តែ​មួយ​កញ្ចប់​ ត្រូវ​ដាក់​ម្ស៉ៅខ្សាយ​កន្លះកញ្ចប់ ព្រោះ​បើ​ដាក់​តែ​ម្ស៉ៅ​ដំណើប​ទទេ​ នំ​នឹង​មិន​ទន់​ស្វិត​ល្អ​ទេ) ហើយ​យកអំបិល​មួយ​ចិប និង ​ទឹក​ក្តៅ​ឧណ្ហៗ​មក​លាយ​ជា​មួយ​ និង​ច្របាច់​ច្របល់​ចូល​គ្នា​ទាល់តែ​ក្លាយ​ជា​ដុំ​ម្ស៉ៅ​ ដែល​ទន់​ល្មមលញ់​បានហើយ​ទុក​ចោល​មួយ​អន្លើ​សិន។
-​ យក​ស្ក​រ​ផែន(ស្ករត្នោត)មក​កាត់​ជា​ដុំ​តូចៗ​ប៉ុន​ចុង​កូន​ដៃ​ ឬ​ធំ​ជាង​នេះ​បន្តិច​ទៅ តាម​ទំហំ​នំ​ដែល​ចង់​បាន​។
- យក​ម្ស៉ៅ​ដែល​លាយ​ស្រេច​ហើយ​នោះ​មក​លញ់តូចៗ​ប៉ុន​មេដៃ​ ហើយ​យក​ស្ករ​ដែល​កាត់​ជា​ដុំៗ​រួច​នោះ​ មក​ដាក់​កណ្តាល​ជា​ស្នូររួច​លញ់​ឲ្យ​មូល​បង់​ចូល​ទៅក្នុង​ទឹក​ដែល​ដាំពុះ ។ ធ្វើ​បែបនេះ​រឿយៗ​រហូត​ទាល់​តែ​អស់​ម្ស៉ៅ​និង​ស្នូល​ស្ករ។
- នំ​ដែល​ឆ្អិន​នឹង​អណ្តែត​ឡើង​លើ​ ដូច្នេះ​ត្រូវ​យក​វែក​ដួស​នំ​ដែល​អណ្តែត​នោះ​ទៅ​ដាក់​ក្នុង​ទឹក​ត្រជាក់​ រហូត​ទាល់​តែ​នំ​អស់​ពី​ឆ្នាំង​។
- ​បើ​ចេះ​ធ្វើ​កន្តោង​ស្លឹក​ចេក​កាន់​តែ​ល្អ​ ហើយ​ស្រង់​នំ​នោះ​ប្រាំ​ៗ​គ្រាប់​ដាក់​ក្នុង​កន្ទោង​ចេក​ រួច​ចាប់​រោយ​ដូង​ដែល​កោសរួច​ពី​លើ​ជា​ការ​ស្រេច៕

9. កេសី - ខែ មីនា 26, 2009

គ្រាន់តែឃើញស្រក់ទឹកមាត់តែម្តង ។ ចុងភៅអាចប្រាប់់វិធីធ្វើបានទេ នឹងអាល​ខ្ញុំរៀនធ្វើដែរ ។ អរគុណទុកជាមុន

10. វិចិត្រ - ខែ មីនា 26, 2009

ស្រក់​ទឹក​មាត់​តែ​ម្តង

11. ទឹម បឿន - ខែ មីនា 26, 2009

អាចម៍​ផ្កាយ​ចេះ​ធ្វើ​នំ​បំពួន​ស្ករ​ទៀត ខ្ញុំ​ឃើញ​ឃ្លាន​ដែរ​ហ្នឹង។ កាល​យាយ​ខ្ញុំ​នៅ គាត់​ឧស្សាហ៍​ធ្វើ​ឲ្យ​ស៊ី​ណាស់ ដល់​ឥឡូវ​មិន​ដែល​បាន​ស៊ី​ដែរ​។

12. អគ្គលីបុត្រ - ខែ មីនា 26, 2009

នៅពីតូច​ចូលចិត្តញុំា​ណាស់ តែឥលូវ​មិនដឹង​រកទិញនៅណាបាន​អាឆ្ងាញ់ទេ!

13. បូរាណ - ខែ មីនា 26, 2009

ហា ពីណាថាខ្ញុំអត់ស្គាល់…? ចូលចិត្តសឹងអីកាលពីក្មេង! អាឡូវនៅ​តាចូលចិត្តតាដែល…. អូ៎គ្រាន់តែស៊ីនំប៉ុណ្ណឹងក៏វ៉ៃគ្នាដែរ យ៉ាប់មែន​តាម៉ង… ;) )