ប្រវត្តិនំឆាខ្វៃ ខែ ឧសភា 8, 2009
Posted by ផ្កាយNovels in ចំណេះដឹងទូទៅ, អាហារខ្មែរ.trackback

ឆាខ្វៃគឺជានំចិនមួយប្រភេទ ដែលខ្មែរយើងនិយមទទួលទានជាមួយបបរ ទឹកដោះគោ កាហ្វេ ឬទទួលទានទទេក៏បាន ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ សម្រាប់ខ្ញុំ ក៏ចូលចិត្តនំប្រភេទមួយនេះខ្លាំងណាស់ដែរ តែមិនដឹងថានំនេះមានដើមកំណើតមកពីណា ហើយហេតុអ្វី បានជាឈ្មោះឆាខ្វៃនោះដែរ។ រហូតមកដល់ថ្ងៃមួយ ពេលបើកវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត មកដល់ទំព័រ៩៤៩ក៏បានប្រទះពាក្យ«យ៉ាវឆាខ្វៃ» ដែលជាឈ្មោះពេញរបស់នំនេះ។
វចនានុក្រមដដែលនេះ បានពន្យល់ទៀតថា «យ៉ាវឆាខ្វៃ» ជាពាក្យចិនផ្សំឡើងដោយបីពាក្យគឺ យ៉ាវ«ខ្លាញ់» + ឆា«ចម្រាញ់» + ខ្វៃ«មនុស្សក្បត់ឈ្មោះខ្វៃ» > យ៉ាវឆាខ្វៃ។ យ៉ាវឆាខ្វៃគឺឈ្មោះជានំចិនមួយបែប ជានំដែលគេធ្វើទុកឲ្យជាគ្រឿងសម្គាល់ នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះខ្វៃ ដែលរាជការសឹកចិនបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្មដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះខ្វៃ ស៊ីសាច់របស់វា ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល កុំឲ្យជនឯទៀតៗយកតម្រាប់តាម, គេឲ្យធ្វើនំមួយបែបទុកជាភស្តុតាង ដើម្បីឲ្យបច្ឆាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក, គេឲ្យឈ្មោះនំនោះថា យ៉ាវឆាខ្វៃ«នំចម្រាញ់ខ្លាញ់អាខ្វៃ»។
ចិននៅប្រទេសកម្ពុជា ពពាយនាយលក់នំនេះថា យ៉ាវឆាខ្វៃ! , អ្នកខ្លះទៀតហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅនំប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ។ ចំណែករូបថ្មអាខ្វៃនោះ មាននៅប្រទេសចិន ដរាបមកដល់សព្វថ្ងៃនេះ៕










Opps… see this history I’ll stop eat this cake…so creepy !