jump to navigation

សង្សារប្រុស(២) ខែ ឧសភា 26, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿងខ្លី, រឿង​ហ្គេហ៍.
trackback

ម៉ោង​១២:៣០នាទីយប់…

«មេឃ! ក្រោកឡើង​ទៅផ្ទះ! មេឃ!!! មេឃ!!! ធ្វើ​ម៉េច​ទៅ មេឃ​គេ​ស្រវឹង​លែង​ដឹង​ខ្លួន​ទៅ​ហើយ? »

ឫទ្ធិ​ និង​រាជសួរ​ដោយ​ធ្វើ​ទឹក​មុខ​ខ្វាយ​ខ្វល់។ ឯក​ក្រោក​ឈរ​ឡើង ហើយ​និយាយ​យក​រួច​តែ​ខ្លួន៖​

«គ្នាមិន​ដឹង​ទេ! គ្នា​សុំ​ទៅផ្ទះមុន​ហើយ។ យប់​ជ្រុល​ផង​ ម៉ាក់​គ្នា​ប្រាកដ​ជា​បារម្ភ​!» 

«និយាយ​មើល​តែ​អ្នក​ដទៃ​ គ្មាន​ម៉ាក់​បារម្ភ!» ខ្ញុំ​នឹក​ខឹង​ក្នុង​ចិត្ត។ នរណា​ទៅ​ហ៊ាន​និយាយ​ឲ្យ​វាឮ វរៗឈឺ​ខ្លួន​ឥត​អំពើ។ ​ខ្ញុំ​នឹក​ព្រួយ​ភ្ញោចៗ​ ងាក​ទៅ​មើល​មេឃ ដែល​ស្រវឹង​រហូត​លក់​ស្រមុកឃុលៗ។ ស្ងាត់​មួយ​សន្ទុះ ឫទ្ធិក៏ងាក​មក​​​និយាយ​នឹង​ខ្ញុំ​៖

«ឯង​ជួយ​នាំ​មេឃទៅផ្ទះ​ផង​ទៅ!»

«ហេតុ​អី ក៏​ត្រូវ​ជា​ខ្ញុំ​ទៅវិញ???» ខ្ញុំ​ប្រញាប់​ប្រកែក។

«ក៏​ព្រោះ​ផ្លូវ​ទៅផ្ទះ​ឯង ត្រូវ​ឆ្លង​កាត់តាម​ផ្លូវ​ ទៅផ្ទះ​មេឃ​ដែរ​នោះ​អី!» រាជ​ប្រាប់​ហេតុ​ផល។

«​ទេ!… ខ្ញុំ​មិន​ជូន​គេ​ទៅទេ!!! ទោះ​យ៉ាង​ណា​ ខ្ញុំ​ក៏​មិន​ទៅ​ផ្ទះ​ជាមួយ​អាម្នាក់​នេះ​ដែរ! (x_x)! ​»

***

«ហេតុ​អី ខ្ញុំ​ត្រូវ​នាំ​អាម្នាក់​នេះ​ទៅ​ផ្ទះ​ដែរ​ហ្ន៎… ខ្ញុំ​គ្មាន​អី​ពាក់​ព័ន្ធ​នឹង​វា​បន្តិច​សោះ! ពិត​ជា​នាំ​ទុក្ខ​ដាក់​ខ្លួន​មែន… TT///TT » គ្រា​មេឃ​តាម​ផ្លូវ​បណ្តើរ​ ខ្ញុំ​រអ៊ូបណ្តើរ។

«មិន​ដឹង​ផ្ទះ​វា​នៅ​ដល់​ណា​ផង​ ឲ្យ​មនុស្ស​អត់​ស្គាល់​ជូន​មក​ យ៉ាប់​មែន!!! …មេឃ! មេឃ! ផ្ទះឯង​នៅ​ម្តុំ​ណា? ក្រោក​ឡើង​! ក្រោក​ឡើង​មើល៍ ដល់​មុខ​ផ្ទះ​ខ្ញុំ​ហើយ…»

មេឃ​ងើប​ឡើង​ បើក​ភ្នែក​ធ្វើ​មីង​មាំង៖

«ផ្ទះ​ខ្ញុំ​នៅ​ខាង​ក្រោយ… ​ជ័យ​ថាវី!»

«ជ័យ​ថាវី??? នេះ​ខ្ញុំ​នាំ​ឯង​មក​ដល់​ស្តាត​ហើយ​ណ៎ា!!!»

«ដល់​ស្តាត​ហើយ???… ធ្វើ​ម៉េច​ទៅ​អ៊ីចឹង នេះ​យប់​ជ្រុល​ហើយ​?»

«មក​ពីខ្លួន​ឯង​ហ្នឹង ស្រវឹង​ដូច​ងាប់​!!! ខ្ញុំ​អង្រួន​សួរ​បួន​ដប់​ដង​ អត់​កម្រើក​ខ្លួន​បន្តិច​ទេ!»

មេឃ​ញញឹម​ងាក​មក​និយាយ​នឹង​ខ្ញុំទាំង​ភ្នែក​មមី៖

«​បើ​អ៊ីចឹង​ បែប​ខ្ញុំ​ត្រូវ​សុំដេក​ផ្ទះ​ឯង​ មួយ​យប់​សិន​ហើយ…»

«ថាម៉េច!!!???»

«នេះ​ឯង​ចង់​បដិសេធ ជាមួយ​យើង​មែន​ទេ?» មេឃ​សម្លុត តែ​មាន​ន័យ​ដូច​អង្វរ « … បើ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​ក្នុង​សភាព​បែប​នេះ​… អ្នក​​ផ្ទះ​ខ្ញុំ​ពិត​ជា​ស្តី​បន្ទោស​ស្លាប់​ហើយ!…»

«តែថា…»

«ណ៎ា!… ព្រម​ទៅ​ណ៎ា…»

«ក៏​បាន​!»

« ^-^;; »

«… ហេតុ​អី​ខ្ញុំ​ត្រូវ​ព្រម​តាម​វា​ហ្ន៎?…» ខ្ញុំ​លួច​រអ៊ូក្នុង​ចិត្ត។

***

«អ្ហូ៎!… នេះ​ឬបន្ទប់​ឯង​? ​ធំ​ទូលាយគួរ​ឲ្យ​ចង់​រស់​នៅ​ណាស់!» មេឃ​ពោល​សរសើរ​បន្ទប់​ខ្ញុំ​ ខណៈ​ដែល​ខ្ញុំ​នាំ​គេ​ចូល​មក​ដល់​ក្នុង​បន្ទប់ «បែប​នេះ​នៅ​ពីរ​នាក់​ល្មម​រស់​​ស្រួល​​​តែ​ម្តង​! មើល​ចុះ គ្រែ​ក៏​ស្អាត​គួរ​ឲ្យ​ចង់​ដេក​ទៀត!»

ថា​ហើយគេ​ក៏​ទម្លាក់​ខ្លួន​ទៅលើ​គ្រែ​ព្រូស ហើយ​ធ្វើ​ដេក​ស្រមុក​ឃុលៗ​មួយរំពេច។ ខ្ញុំ​ស្រាប់​តែ​នឹក​សង្ស័យ​ភ្លាមៗ «តាម​ពិត​មេឃ​មិន​បាន​ស្រវឹង​ទេ តើ​មែន​ទេ? O[]O? តើ​គេ​ធ្វើ​បែប​នេះ​ដើម្បី​អ្វី? មិន​យល់​សោះ! … ណ្ហើយ​ឈប់​គិត!​ ទៅងូត​ទឹក​វិញ​ប្រសើរ​ជាង…»

«អ៊ីចឹង​ ខ្ញុំ​ទៅងូតទឹក​មុន​ហើយ​ណ៎ា!»

«… អឺ…​» […]

«ឯង​ទៅ​ងូត​ទឹក​ត​ទៅ!» ខ្ញុំ​និយាយ​ទៅកាន់​មេឃ​ នៅ​ពេល​ងូត​ទឹក​ជូត​ខ្លួន​ហើយ​រួច​រាល់ «ដេក​លក់​ហ៎!?? … ហ៊ឺ! សង្ឃឹម​ថា​ឯង​ មិន​អាក្រក់​ដូច​ដែល​ខ្ញុំ​​គិត​ទៅចុះ! …រាត្រី​សួស្តី!» […]

«ព្រូស!!! >O<!!! »

«អានេះ​ពិត​ជា​ដេក​អាក្រក់​អាក្រី​មែន! អូ៎យ​ចង់​បាក់​ចង្កេះ… T_T ម្នៅៗ មក​ដេក​ធាក់​ឯង​​ទម្លាក់​ពី​លើ​គ្រែ! អូ៎យ…» ខ្ញុំ​ងើប​មើល​ ឃើញ​មេឃ​ដេក​ច្រងេង​ច្រងាង​ពេញ​ទាំង​គ្រែ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដេក​ផ្ទាល់​ឥដ្ឋទល់​ភ្លឺ។

«នេះ​ព្រឹក​ហើយ​ឬ?… អ្ហ៎ា! O_O គេ​ត្រឡប់​ទៅ​វិញ​តាំង​ពី​ពេល​ណា​ហ្ន៎?»

ខ្ញុំ​ក្រោក​ឡើង​ បាត់​មិន​ឃើញ​មេឃ​នៅ​លើគ្រែ មិនដឹង​ថា​គេ​ត្រឡប់​ទៅ​វិញ​តាំង​ពីថ្មើរ​ណា។

***

រាល់​ថ្ងៃ​ ​មិត្ត​ភក្តិខ្ញុំ​​ចូល​ចិត្ត​នាំ​គ្នា​ទៅ​ហែល​ទឹក​លេងនៅ​ស្តាត​អូឡាំ​ពិក​ជា​ញឹក​ញយ។ ដូច្នេះ​ពួក​យើង​ឧស្សាហ៍​ជួប​គ្នា​ណាស់​​​ ព្រោះ​ខ្លួន​ខ្ញុំផ្ទាល់​ក៏​​ត្រូវ​ទៅហ្វឹក​សមនៅ​ទី​នោះ​មិន​ដែល​ខាន។ … នៅ​ឯប៉ែក​ម្ខាង​នៃ​អាង​ហែល​ទឹក​​ គ្រូបង្វឹក​កំពុង​បង្កូក​ប្រាប់​ឲ្យ​កីឡា​ករខំ​ប្រឹង​ប្រែង​បង្កើន​កម្លាំង​ ដើម្បី​ហ្វឹក​ហាត់​ឲ្យ​ដល់​គោល​ដៅ​ ដែល​ខ្លួន​ចង់​បាន​។ ខ្ញុំ​ និង​ឯក​កំពុង​អង្គុយ​មើល​ពួកគេ​ហាត់។

«អឺ… បន្ថែម​ល្បឿន​ឲ្យ​លឿន​ជាង​នេះ​បន្តិច​ទៀត កម្លាំង​មាន​តែ​ប៉ុណ្ណេះ​ទេ​អី???»

«ក្រុម​ឯង​ហែល​ទឹក​បាន​ពូកែ​ គួរឲ្យ​ចង់​មើល​ណាស់ ផ្កាយ!»

«ក៏​ព្រោះ​ពួកគ្នា​ត្រូវ​ត្រៀមខ្លួន​ ​ចូល​រួម​ប្រកួត​កី​ឡា​ស៊ីហ្គេម​ក្នុង​ឆ្នាំ​ខាង​មុខ​នោះ​អី​!»

«មែន​ឬ​ផ្កាយ? ពិត​ជា​អស្ចារ្យ​មែន!»

រាជ​ និង​ឫទ្ធិ​ ទើប​តែ​ត្រឡប់​មក​ពី​ទិញ​នំ​ញ៉ាំ​ ពួកគេ​អង្គុយ​នៅ​ពី​ក្រោយ​យើង។ រាជ​មើល​មុខ​ខ្ញុំ​ចុះ​ឡើង​ៗ​ ដោយ​កាយ​វិការ​ប្លែក។ ឯ​ពីរនាក់​ទៀត​ក៏​ចេះ​តែ​ជម្រុញ​គេ​ឲ្យ​និយាយ​ទៅៗ! ខ្ញុំ​នឹកសង្ស័យ​ ក៏​សួរ៖

«ពួក​ឯង​មាន​រឿង​អីហ៎…?

«អ… អឺ…ខ្ញុំ​មាន​រឿង​មួយ​ចង់​ប្រាប់​ឯង​… តែ​មិន​ដឹង​ថា​ ខ្ញុំ​និយាយ​ទៅ​ល្អឬ​មួយ​ក៏​អត់!?…»

«មាន​រឿង​អី​ និយាយ​មក​ចុះ​?» ខ្ញុំ​អនុញ្ញាត​ទាំង​នឹក​មន្ទិល​ក្នុង​ចិត្ត។

«​តាម​ពិត​មេឃ​មក​បង្គាប់​យើង​ ឲ្យ​នាំ​ទៅ​ខារ៉ា​អូខេ​​ ព្រោះ​គេ​ចង់​ទៅដេក​នៅបន្ទប់​ឯង…»​

«ថាម៉េច!!!??? មាន​រឿង​បែប​នេះ​ផង?»

«ការ​ពិត​មេឃ​មិន​មែន​ជា​មិត្ត​របស់​ពួក​យើង​ទេ!» ឯក​បញ្ជាក់បន្ថែម។

«…???…»

ខ្ញុំ​ខ្វាយ​ខ្វល់​ក្នុង​អារម្មណ៍​មែន​ទែន… ហេតុ​អី​មេឃ​ចាំ​បាច់​ធ្វើ​បែប​នេះ? ខ្ញុំ​មិន​យល់​សោះ! តើ​គេ​ចង់​បាន​អី???

«អ្ហេ៎! ស្រី​ស្អាត​!!! ឯង​មើល​ហ្ន៎…» រាជ​ឧទាន​ភ្លាត់​សម្លេង​ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ព្រើត​ឈប់​​គិតពី​រឿង​មេឃ។ ខ្ញុំ​និង​មិត្ត​ដទៃ​ទៀត​សម្លឹង​តាម​ដៃ​ចង្អុល​របស់​រាជ។យើង​ម្នាក់​ៗ​គាំង​សម្តី​ស្តូកបាត់​មាត់​បាត់​ក​ព្រោះ​តែ​សម្រស់​​ដ៏​ស៊ិច​ស៊ី​របស់​នារី​ម្នាក់​នោះ។​

«សួស្តី​!» មិន​ដឹង​យ៉ាង​ម៉េច​នាង​ក៏​និយាយ​សួ​ស្តីជាមួយ​ពួក​យើង​ ដោយ​ស្នាម​ញញឹម​​​ស្រស់។

«បាទ​សួស្តី!» យើងទាំង​អស់​គ្នាជ្រួល​ជ្រើម​និយាយ​តប​ទៅ​នាង​វិញ។

បន្តិច​មក​ស្រាប់​តែ​ឃើញ​គ្រូ​បង្ហាត់​របស់​ខ្ញុំ​ ដើរ​តាម​ពីក្រោយ​នាង​មក ​ហើយ​ណែ​នាំ៖

«​នាង​គឺចន្ទ្រថ្លា ជា​កី​ឡា​ករ​ក្នុង​ក្លិប​របស់​យើង​ម្នាក់​ទៀត​ ដែល​ទើប​មក​ហាត់​នៅ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដំបូង​។ ស្គាល់​ៗ​គ្នា​សិន​ទៅណា​ ផ្កាយ!»

«រីក​រាយ​ដែល​បាន​ស្គាល់!»

«​បាទ​រី​ក​រាយ​ដែល​បាន​ស្គាល់!»

«លោក​គ្រូ​មាន​អ្វី​ឲ្យ​ពួក​ខ្ញុំ​ជួយ​នៅ​អាង​ហែល​ទឹក​ទេ???» កំលោះ​ជ្រើម​ទាំង​បី​សួរ​យក​លេស។

«យ៉ាប់​មែន​ពួក​នេះ!»  ខ្ញុំ​រអ៊ូនៅ​ក្នុងចិត្ត។

***

«មក​ពីឯង​ហ្នឹង​ នៅ​មិន​នៅ​ទៅ​សុំ​ការ​ងារ​គេ​ធ្វើ​នាំ​ឲ្យ​ពិបាក!» ឯក​រអ៊ូខណៈ​កំពុង​ជូត​លាង​បាត​អាង​។

«​ឯង​ហ្នឹង​ក៏ដែរ!» រាជ​បន្ទោស​ដាក់​វិញ។

«អ្ហ៎ា! ម៉ោង​ជិត​៨​ហើយតើ?…»

***

ថ្ងៃ​នេះ ​ខ្ញុំ​​នៅអង្គុយ​អាន​សៀវ​ភៅ​តែ​ម្នាក់​ឯង​ក្នុង​បន្ទប់​រៀន។ បរិយាកា​ស​កំ​ពុង​តែ​ស្ងប់​ស្ងាត់​ល្អ​ ស្រាប់​តែ​៖

«វ៉ាក់​អឺ!!!»

«អ្ហ៎ា!… T^T!!!… អូ! មេឃ​!???»

«អឺ! ចេះ​ភ្ញាក់​ទៅកើត​ ខ្ញុំ​មិន​មែន​ខ្មោច​ឯណា?»

«​ចុះ​ឯង​មាន​ធុរៈ​អ្វី​ជា​មួយ​ខ្ញុំ?»

«​អ៎… ក៏​គ្រាន់​តែ​មក​ប្រាប់​ឯង​ថា​ យប់​នេះ​សុំ​ទៅដេក​នៅ​បន្ទប់​ឯង​មួយ​យប់​ទៀត​ណ៎ា!»

«ម៉េច​ចឹង​!???…»

«កុំ​បាច់​សួរ! ម៉េចៗ​ល្ងាច​នេះ​ កុំ​ភ្លេច​ទៅរក​ខ្ញុំ​នៅ​ឯស្តាត​ផង​!»

«ហ៊ឺ!… អា​ម្នាក់​នេះ​ជាប់​ចិត្ត​អីនឹងបន្ទប់​យើង​ហ្ន៎?»

ខ្ញុំ​បាន​ត្រឹម​តែ​គិត​ឆ្ងល់​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ទោះ​យ៉ាង​ណា​ក៏ខ្ញុំ​មិន​ហ៊ាន​បដិសេធ​នឹង​គេ​ដែរ។ ពេល​មេឃ​ទៅ​បាត់​ ស្រាប់​តែ​លេច​ឯក​ ឫទ្ធិ និង​រាជចេញ​ពីជញ្ជាំង​បន្ទប់​ម្ខាង​ទៀត​។ ពួក​គេ​ធ្វើ​សើច​ញឹមៗមិន​ដឹង​ជា​គេ​គិត​យ៉ាង​ម៉េច​រវាងខ្ញុំ​ និង​មេឃ​នោះ​ទេ។

***

សូមរង់ចាំអានវគ្គបន្ត! ^^

វិចារ»

1. វណ្ណ - ខែ ឧសភា 26, 2009

ពេលកំពុងអានរឿង, ខ្ញុំគិតដូចកូនជ្រូកចឹង… ព្រោះធ្លាប់លឺអា​ចម៍ផ្កាយសួរយោបល់ អ្នករាល់គ្នាពីមិត្តម្នាក់ដែលចូលចិត្តសុំទៅគេងបន្ទប់ជាមួយនឹងអាចម៍ផ្កាយនោះអី។ ឥឡូវនឹងរង់ចាំអានបន្តទៀតក្រែងដល់វគ្គជិះម៉ូតូ អោបចង្កេះ ផ្តេកក្បាលលើស្មា, ហើយបណ្តែតអារម្មណ៍…. :)

2. សុភា - ខែ ឧសភា 26, 2009

តាម​ខ្ញុំ​គិត​តាម​អត្តចរិក​របស់តួ​អង្គ អ្នក​ដែល​​ផ្តើម​គំនិត​ជា​ហ្គេ​នោះ​មិនគួរ​ជា​មេឃ​ទេ សម​តែ​ជាផ្កាយ។ តែ​សង្ស័យ​តែ​មេឃ​និង​ក្រុម​ណឹង​ចង់​សាក​ថា​ផ្កាយ​ហ្គេ​រឺ​អត់​ទេ​ដឹង :?:

3. អាចម៍ផ្កាយ - ខែ ឧសភា 26, 2009

rainbowpig៖ ដូច​មែន​ហ៎? មិត្ត​ខ្ញុំ​ម្នាក់​នោះហ៎? ខ្ញុំ​មិន​ទាន់​ប្រាប់​ទេ ចាំ​អាន​រឿង​នេះ​បន្ត​ទៅ នឹង​ដឹង​ដោយ​ខ្លួន​ឯង​ហើយ! ;-)

RAsmey៖ រឿង​តទៅ​មុខ​នឹង​កាន់តែ​វែង​ឆ្ងាយ​ទៀត ចាំ​អាន​បន្ត​ណ៎ា!

4. RAsmey - ខែ ឧសភា 26, 2009

អម​មែន! រួចម៉េចទៅហ្ន។ ស្តាប់មើលទៅ គិតមិនខុសទេ!!! នេះពួកហ្នឹងចង់លេងហ្គេមអីមួយផ្កាយនឹង?

5. rainbowpig - ខែ ឧសភា 26, 2009

ចុះមិត្តប្អូនអាចម៍ផ្កាយ ឈប់សុំទៅដេកនៅបន្ទប់ហើយរឺនៅ?

6. rainbowpig - ខែ ឧសភា 26, 2009

អូ បែបនេះផងរឺ? ដូចរឿងរបស់អ្នកនិពន្ធពីថ្ងៃមុនដល់ហើយ។