សង្សារប្រុស(១១) ខែ មិថុនា 10, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងខ្លី, រឿងហ្គេហ៍.trackback
ប្រសិនបើសួរថា តើនរណាជាអ្នកដែលខ្ញុំ កំពុងនឹកទៅដល់បំផុតនៅពេលនេះ? ក៏ប្រហែលជាគ្មាននរណាក្រៅពីមេឃដែរ…
កន្លងមក មេឃបង្កតែបញ្ហាឈឺក្បាលដល់ខ្ញុំ ហើយខ្ញុំថែមទាំងធ្លាប់ព្យាយាមដេញមេឃ ឲ្យចេញទៅឲ្យឆ្ងាយពីជីវិតរបស់ខ្លួនទៀត។
ចុះហេតុអ្វីពេលនេះ ខ្ញុំបែរជានឹកគិតទៅដល់គេទៅវិញ? (_ _) …ខ្ញុំចង់ត្រឡប់ទៅជានានឹងគេវិញ… ហេតុអីខ្ញុំមានអារម្មណ៍ថាឯកោ នៅពេលដែលគេចេញឆ្ងាយពីខ្ញុំទៅ ទោះបើខ្ញុំនៅមានមិត្តភក្តិជាច្រើននាក់ទៀតនោះ?
មេឃ… ជាមនុស្សឆេវឆាវ ជាអ្នកលេង យកតែចិត្តខ្លួនឯង អាត្មានិយម មិនធ្លាប់ខ្វល់ពីអ្នកដទៃ ព្រៃផ្សៃ ប្រើសម្តីគ្រោតគ្រាត ចូលចិត្តប្រើកម្លាំងបាយដាក់ខ្ញុំ និងធ្វើឲ្យខ្ញុំខូចចិត្ត។ គេមិនមែនជាមនុស្សដែលខ្ញុំចង់សេពគប់ឡើយសូម្បីតែបន្តិច តែខ្ញុំបែរជាខូចចិត្ត នៅពេលដែលបាត់បង់គេទៅ…
ខ្ញុំធ្លាប់បែកពីមិត្តភក្តិជិតស្និទ្ធច្រើនគ្នាមកហើយ តែខ្ញុំក៏មិនធ្លាប់ខូចចិត្តអ្វីដល់ថ្នាក់នេះដែរ ឬក៏… ខ្ញុំគិតជាមួយមេឃ ច្រើនជាងត្រឹមជាមិត្តភក្តិ???
ដោយខ្វាយខ្វល់ក្នុងអារម្មណ៍ខ្លាំងពេក ខ្ញុំក៏ចូលទៅហាងអ៊ីនធើណេតមួយក្បែរស្តាត ហើយចូលទៅក្នុងទំព័រ http://archphkai.wordpress.com ដើម្បីសាកសួរយោបល់ផ្សេងៗ។ ខ្ញុំបានរៀបរាប់ពីអារម្មណ៍ខាងលើប្រាប់គេ ហើយក៏បន្ថែមប្រាប់រឿងសម្ងាត់មួយ ដែលខ្ញុំលាក់ទុកតែម្នាក់ឯងយូរមកហើយ…
«តើខ្ញុំមានអារម្មណ៍យ៉ាងណា ចំពោះមិត្តប្រុសម្នាក់នេះ? ខ្ញុំមានមិត្តប្រុសម្នាក់ដែលខ្ញុំធ្លាប់ទទួលអារម្មណ៍ថាមានសេចក្តីសុខ នៅពេលដែលខ្ញុំបាននៅក្បែរគេ។ គ្រប់ពេលវេលាដែលខ្ញុំនៅជិតគេ គឺខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់… ខ្ញុំមិនដឹងថាគួររ៉ាយរ៉ាប់ប្រាប់យ៉ាងណានោះទេ ខ្ញុំចង់នៅក្បែរគេ ខ្ញុំចង់មើលស្នាមញញឹមគេ ខ្ញុំចង់ឃើញពន្លឺកែវភ្នែកគេ ខ្ញុំចង់ឲ្យគេសម្លឹងមកខ្ញុំក្នុងខ្សែភ្នែកបែបនេះរហូត។ ខ្ញុំមិនដឹងថា គេមានអារម្មណ៍យ៉ាងណាចំពោះខ្ញុំនោះទេ តែខ្ញុំតែងរំភើបចំពោះការយកចិត្តទុកដាក់របស់គេមកលើខ្ញុំ។ គេតែងជួយជ្រោមជ្រែងខ្ញុំគ្រប់បែបយ៉ាង តាំងពីថ្ងៃដែលខ្ញុំមិនទាន់ស្គាល់គេច្បាស់ រហូតមកដល់ថ្ងៃនេះ។ គ្រប់ពេលវេលាដែលខ្ញុំមានភ័យអន្តរាយ គឺតែងតែលេចរូបគេមកជួយខ្ញុំជានិច្ច។ ខ្ញុំមិនភ្លេចអំពើល្អរបស់គេទេ ទោះបីជាពេលខ្លះ គេគំរោះគំរើយដាក់ខ្ញុំក៏ដោយ។
នៅយប់មួយ នៅពេលដែលមិត្តម្នាក់នេះ មកដេកនៅបន្ទប់ជាមួយខ្ញុំ ស្រាប់តែគេមមើមកឱបខ្ញុំ។ នៅពេលនោះខ្ញុំមានអារម្មណ៍រំភើបនិងរំជើបរំជួលយ៉ាងចម្លែក។ ខ្ញុំទទួលអារម្មណ៍ថាកក់ក្តៅរកថាមិនត្រូវ គេឱបខ្ញុំយ៉ាងណែនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មានសេចក្តីសុខខ្លាំងណាស់ទើបខ្ញុំក៏ឱបគេវិញ។ នៅយប់នោះ ពួកយើងទាំងពីរក៏ដេកឱបគ្នារហូតទល់ភ្លឺ។ លុះពេលភ្ញាក់ឡើងយើងម្នាក់ៗក៏ប្រញាប់ក្រោកចេញពីគ្នារៀងៗខ្លួន។ យើងអង្គុយបែរខ្នងដាក់គ្នា ខ្ញុំមិនហ៊ានមើលមុខគេទេព្រោះខ្ញុំអៀន តែគេមិនហ៊ានមើលមុខខ្ញុំ ព្រោះគេខឹងនិងគិតថាខ្ញុំជាអ្នកឱបគេមុន។ ទោះយ៉ាងណាខ្ញុំក៏មិនប្រកាន់នឹងគេដែរ ខ្ញុំសុខចិត្តទទួលស្គាល់ថាអ្វីៗខ្ញុំជាអ្នកចាប់ផ្តើម…
រឿងរ៉ាវមានតែប៉ុណ្ណេះទេ តើប្រិយមិត្ត wordpressទាំងអស់ គិតថាខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះមិត្តម្នាក់នេះ?»
«ម្ចាស់សំណួរពិតជាស្រឡាញ់គេច្បាស់ណាស់!»
«ខ្ញុំក៏យល់ឃើញដូចអ្នកទី១ដែរ! បើស្រឡាញ់ត្រូវតែហ៊ានសារភាព… @_@»
«អ្នកឯងប្រាកដជាហ្គេហ៍ហើយ!»
«តាមពិតទៅប្អូនមានចម្លើយនៅក្នុងចិត្តខ្លួនឯងរួចទៅហើយ គ្រាន់តែប្អូនមិនហ៊ានទទួលស្គាល់ដោយខ្លួនឯងប៉ុណ្ណោះ។ បងសំណូមពរប្អូនឲ្យព្រមទទួលស្គាល់ការពិតដោយរីករាយចុះ ព្រោះវាមិនមែនជារឿងខុសឆ្គងអ្វីទេ តែវាជារសនិយមរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ។ ប្អូនត្រូវដឹងថា ស្រឡាញ់មនុស្សម្នាក់គ្មានកំហុសទេ!»
«អូ៎…! បើដល់ថ្នាក់ដេកឱបគ្នាពេញមួយយប់អ៊ីចឹង ខ្ញុំយល់ថាអ្នកឯងពិតជាប្រុសស្រឡាញ់ប្រុសដូចគ្នាហើយ! យ៉ាងណាៗ សុំកុំភ្លេចការពារផង (e_e)*»
«សាកល្បងសួរចិត្តខ្លួនឯងឲ្យច្បាស់មើល៍! តើឱបគេក្នុងន័យអ្វី? មិត្តភក្តិឬស្នេហា?»
«អ្នកសាកល្បងទៅឱបគេម្តងទៀតទៅ! បើនៅតែមានអារម្មណ៍រំភើបញាប់ញ័រដូចយប់នោះទៀត គឺអ្នកច្បាស់ជាស្រឡាញ់គេច្បាស់ណាស់! យ៉ាងណាៗក៏សុំជាកម្លាំងចិត្តណ៎ា!»
ទីបំផុតខ្ញុំខ្លួនឯងគឺជាហ្គេហ៍! ខ្ញុំច្បាស់ក្នុងចិត្តហើយ ថាខ្ញុំពិតជាស្រឡាញ់មេឃមែន។ តែស្នេហារបស់ខ្ញុំជាស្នេហាដែលសង្គមមិនទទួលស្គាល់ ជាស្នេហាដែលខុសពីច្បាប់ធម្មជាតិ… ហើយបើម្នាក់ៗតាមសម្លឹងខ្ញុំក្នុងខ្សែភ្នែកចំអកឡកឡឺយ និងរើសអើងបែបនេះ តើឲ្យខ្ញុំសម្រេចចិត្តយ៉ាងណា? មិត្តភក្តិគ្រប់គ្នាក្នុងសាលាក៏គេមិននិយាយរក គេនាំគ្នាពេបជ្រាយ បង្អាប់ បរិហារកេរ្តិ៍ ហើយនិយាយបញ្ចើចបញ្ចើដាក់ខ្ញុំ។ តើខ្ញុំគួរដោះស្រាយយ៉ាងណា? មិត្តភក្តិឬក៏គេ ដែលខ្ញុំត្រូវជ្រើសរើស?
«ខ្ញុំក៏មិនដឹងប្រាប់យ៉ាងម៉េចដែរ បើសង្គមខ្មែរយើងបែបនេះទៅហើយ! (?.?)!!»
«ស្នេហាជារឿងសំខាន់ណាស់!ដូច្នេះត្រូវពិចារណាឲ្យបានល្អិតល្អន់សិនចាំសម្រេចចិត្តជាក្រោយ។»
«ចុះអ្នកស្រឡាញ់ខាងណាច្រើនជាងរវាងមិត្តម្នាក់នោះហើយនឹងមិត្តដទៃៗទៀត? បើស្រឡាញ់មិត្តម្នាក់នោះច្រើនជាង ចុះហេតុអ្វីអ្នកចាំបាច់ទៅខ្វល់នឹងអ្នកដទៃខ្លាំងម្ល៉េះ? តែបើអ្នកខ្វាយខ្វល់នឹងអ្នកដទៃច្រើនជាងមិត្តម្នាក់នោះ តើអ្នកស្រឡាញ់គេមានន័យអ្វីទៅ? រវាងមនុស្សរាប់រយនាក់ដែលអ្នកមិនបានស្រឡាញ់ និងមនុស្សតែម្នាក់ដែលអ្នកស្រឡាញ់ជាទីបំផុត តើអ្នកខ្វល់ពីអារម្មណ៍របស់នរណាច្រើនជាង? សាកល្បងសួរចិត្តខ្លួនឯងឲ្យច្បាស់ណា៎!»
«អ្នកខាងលើនិយាយត្រូវណាស់ ខ្ញុំឯកភាពតាមមួយរយភាគរយ! Q_Q»
«ខ្ញុំក៏យល់ដូចគ្នា! បើអ្នកស្រឡាញ់មិត្តម្នាក់នោះច្រើនជាងអ្នកដទៃ ហេតុអីអ្នកត្រូវបោះបង់គេដើម្បីអ្នកដទៃ? O[]O? »
«ខ្ញុំយល់ថា អ្នកគួរតែត្រឡប់ទៅជានានឹងមិត្តម្នាក់នោះវិញទៅ មិនខុសទេ!!!។ អ្នកចង់បោះបង់គេដើម្បីអ្នកដទៃ ចុះអ្នកដទៃវិញមានដែលគិតពី អារម្មណ៍របស់អ្នកទេ? គិតមើលចុះ!!!»
សរុបមក ខ្ញុំគួរតែព្រមទទួលស្គាល់ថាខ្លួនឯងជាហ្គេហ៍ពិតមែនឬ? តែបើខ្ញុំព្រមទទួលស្គាល់ ខ្ញុំនឹងត្រូវមិត្តភក្តិបន្តុះបង្អាប់ តែបើខ្ញុំមិនព្រមទទួលស្គាល់ ខ្ញុំនឹងត្រូវបាត់បង់មនុស្សដែលខ្ញុំស្រឡាញ់បំផុតអស់មួយជីវិត។ តើខ្ញុំគួរធ្វើយ៉ាងណាល្អហ្ន៎? តើខ្ញុំត្រូវរើសយកខាងណា? ផ្លូវណាដែលល្អបំផុតសម្រាប់ខ្ញុំ?
***
«អរុណសួស្តី ផ្កាយ!»
«…មេឃ!…» ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលជួបមេឃនៅក្នុងទីធ្លាសាលា «ចុះរឿងប្រណាំងហែលទឹកជាមួយចន្ទ្រថ្លា យ៉ាងម៉េចហើយ?»
«ខ្ញុំបានបោះបង់ការប្រកួតហើយ!»
«ហេតុអី?»
«…អ…អឺ… ខ្ញុំក៏មិនយល់ពីអារម្មណ៍ខ្លួនឯងដែរ… តែថា… ឯងប្រហែលជាដឹងច្បាស់ជាងខ្ញុំ…»
«ឯងចង់និយាយពីអី… ខ្ញុំមិនយល់ទេ!??»
«ក៏ព្រោះតែ…អឺ… ខ្ញុំ…អ…អឺ…»
«និយាយអ៊ីចឹង ខ្ញុំក៏មានរឿងមួយចង់ប្រាប់ឯងដែរ…» ខ្ញុំកាត់សម្តីគេដោយមិនដឹងខ្លួន ព្រោះខ្ញុំគិតថា ដល់ពេលដែលខ្ញុំត្រូវនិយាយហើយ។
«មានរឿងអីទៅ?»
«ខ្ញុំ… ខ្ញុំស្រ…»
«ត្រឡប់មកត្រូវរ៉ូវគ្នាវិញហើយឬ? ហ៎ាស!… ហ៎ាស!!! TTOTTo»
ខ្ញុំមិនទាន់បាននិយាយចប់ផង ស្រាប់តែរាជមកស្រែកប្រកូកប្រកាសខ្លាំងៗ ពេញទីធ្លាសាលាធ្វើឲ្យអ្នកដទៃទៀតងាកមកមើលពួកយើងលាន់។
«នៅទីបំផុតគូស្នេហ៍ភក្តីដ៏ប្តូរផ្តាច់ ក៏ត្រឡប់មកជានានឹងគ្នាវិញ!»
«ហ៎ាស!… ហ៎ាស!… ហ៎ាៗៗៗ… TOT!! »
«ថ្ងៃមុនឃើញឈ្លោះគ្នា តែឥឡូវត្រឡប់មកត្រូវរ៉ូវគ្នាវិញហើយហ៎?»
មេឃសម្លឹងមើលទៅមនុស្សជុំវិញខ្លួន ហើយងាកមកនិយាយនឹងខ្ញុំដោយសំឡេងស្រាល៖
«សុំទោសណ៎ា! ខ្ញុំធ្វើឲ្យមិត្តភក្តិសើចចំអកឲ្យឯងទៀតហើយ ថ្ងៃក្រោយខ្ញុំនឹងមិនមកឲ្យឯងឃើញមុខទៀតទេ… ខ្ញុំគួរតែទៅសិនហើយ ល្អជាង!»
«(- -)(_ _)(- -)(_ _)»
មេឃនិយាយហើយក៏ដើរចេញពីខ្ញុំទៅ… ចិត្តមួយចង់ឃាត់គេ តែចិត្តមួយទៀតធ្វើឲ្យខ្ញុំអល់ឯក។ ពេលមានគេនៅក្បែរ ខ្ញុំទទួលអារម្មណ៍ថាបានកក់ក្តៅ តែពេលគេឃ្លាតទៅ អារម្មណ៍ខ្ញុំក៏ត្រឡប់ជាហេងហាង… ខ្ញុំតាមសម្លឹងមើលគេពីក្រោយដោយមិនអស់ចិត្ត ហើយខ្ញុំដឹងថាពេលនេះគេកំពុងតែឈឺចាប់ ហើឯខ្ញុំក៏កំពុងតែសម្លាប់បេះដូងខ្លួនឯងដូចគ្នា។ បើដូច្នេះ តើជីវិតខ្ញុំសម្រាប់នរណា?
«មេឃ ខ្ញុំស្រឡាញ់ឯង!!!»
«ហ្អ៎ា!!!??? o_O! »
« -_o …… O_o ….. OoO ….. »
មិត្តភក្តិនៅជុំវិញភ្ញាក់ផ្អើលគ្រប់គ្នា។ ម្នាក់ៗបើកភ្នែកធំៗសម្លឹងមកមើលខ្ញុំ ឯមេឃក៏ទុចដំណើរង៉ក់ ងាកមកខ្ញុំ៖
«ផ្កាយ!? O.O!»
«មែន! ខ្ញុំស្រឡាញ់មេឃ។ ការដែលខ្ញុំស្រឡាញ់មនុស្សប្រុស តើខុសត្រង់ណា? អ្នកទាំងអស់គ្នាម៉េច នៅចេះស្រឡាញ់ប៉ា ស្រឡាញ់បងប្រុសបាន!??»
«ខុសគឺពិតជាខុស! ព្រោះថាពួកយើងមិនដែលគិតចង់ធ្វើអីផ្តេសផ្តាស ជាមួយប៉ាឬបងប្រុសខ្លួនឯងនោះទេ!!!»
«អ៊ីចឹងល្អហើយ! ប្រសិនបើខ្ញុំស្រឡាញ់មេឃ ព្រោះនៅជាមួយគេខ្ញុំមានសេចក្តីសុខ តែមិនមែនដោយសារ ខ្ញុំចង់មានស៊ិចជាមួយគ្នា ក៏អស់បញ្ហាហើយ តើមែនទេ?»
«…!!!…»
«ខ្ញុំស្រឡាញ់មេឃ ក្នុងឋានៈដែលគេជាមនុស្សពិសេសបំផុតរបស់ខ្ញុំ តើវាខុសត្រង់ណាដែរ? បើគ្រាន់តែស្រឡាញ់មនុស្សម្នាក់ខុសដែរនោះ ពិភពលោកមិនចាំបាច់មានថ្ងៃស្ងប់សុខទេ!»
ខ្ញុំនិយាយម៉ាត់ៗយ៉ាងច្បាស់លាស់ ប្រាប់អ្នកដែលកំពុងចោមរោមមើល។ មេឃរត់មកឱបខ្ញុំដោយទឹកភ្នែករលីងរលោង។ ទឹកភ្នែកខ្ញុំក៏ហូរស្រក់មកដូចគ្នា… ទឹកភ្នែកយើងហូរព្រោះរំភើប! ហូរព្រោះយើង ម្នាក់ៗបានយល់ចិត្តគ្នា! ហូរព្រោះយើងបានឆ្លងឧបសគ្គមកជាច្រើនជាមួយគ្នា! ហូរព្រោះស្នេហាយើងបានមកដល់គោលដៅ!
«ជិតដល់ម៉ោងចូលរៀនហើយ តោះយើងនាំគ្នាចូលក្នុងទៅ!» មេឃងើបមុខឡើង ហើយចាប់កាន់ដៃខ្ញុំ នាំដើរទៅ (^^)(._.)។…
បន្ទាប់ពីនោះមក ខ្ញុំក៏ដឹងថា «ការទទួលស្គាល់នូវអ្វីដែលខ្លួនឯងមាន គឺជារឿងមួយដ៏ល្អបំផុត!» ខ្ញុំជាមិត្តដែលពិសេសបំផុតរបស់មេឃ ទើបធ្វើឲ្យគេស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់គេ ព្រោះគេក៏ជាមិត្តពិសេសរបស់ខ្ញុំដូចគ្នា។ មែនហើយ! យើងស្រឡាញ់គ្នា ព្រោះយើងមានអារម្មណ៍ដែលពិសេសចំពោះគ្នា។
ខ្ញុំមិនច្បាស់ក្នុងចិត្តថា អារម្មណ៍ល្អៗដែលយើងមានចំពោះគ្នានេះ អាចជាទំនាក់ទំនងដែលហៅថា«សង្សារ»បានឬទេ? តែអ្វីដែលច្បាស់ក្នុងចិត្តនោះ គឺខ្ញុំលែងខ្វល់ទៀតហើយថា នរណាចង់និយាយថាយ៉ាងម៉េចក៏ថាទៅ គឺខ្ញុំមិនបោះបង់មនុស្សដែលខ្ញុំស្រឡាញ់ព្រោះតែអ្នកដទៃទៀតទេ ^^។
***
សូមរង់ចាំអាន«វគ្គបញ្ចប់»! ^^










រ៉ូមែនទិកមែន ស្នេហាបុរសពីរនាក់នេះ។
ស្រលាញ់មនុស្សម្នាក់ ខុសដែរហ្អ?
សំណាងហើយ ដែលស្រលាញ់ ចំមនុស្សគេស្រលាញ់វិញ។
ស្រលាញ់ប៉ះគេមិនមើលមុខយើងនោះ តើគិតយ៉ាងម៉េចទៅ?
បេះដូងមនុស្ស មាននរណាអាចបញ្ជាបានពីកាលណា។
បញ្ហាស្នេហា ស្មុគ្រស្មាញណាស់ ជាពិសេសសំរាប់យុវវ័យ ទើបស្រលាញ់គ្នាថ្មោងថ្មីដូចអ្នកនិពន្ធអាចម៍ផ្កាយ និងរចនា។
សង្ឃឹមថា ពេលវេលា នឹងជួយអោយអ្នកទាំងពីរស្គាល់គ្នាកាន់តែច្បាស់ ហើយយល់ពីគ្នាពិតប្រាកដ និងជឿជាក់លើគ្នា។