ស្នេហ៍ដែលគេបោះបង់ចោល(១) ខែ កក្កដា 1, 2009
Posted by ផ្កាយNovels in ប្រលោមលោក, មនោសញ្ចេតនា, រឿងខ្លី.trackback
ស្នេហ៍ដែលគេបោះបង់
ដោយ៖ មនុស្សម្នាក់ដែលគេបោះបង់ចោល
ទិដ្ឋភាពនៅក្នុងផ្សារស្ទឹងមានជ័យ មានសភាពអ៊ូអរខុសប្លែកពីធម្មតា ព្រោះថ្ងៃនេះជាថ្ងៃដែលកម្មកររោងចក្រកាត់ដេរបើកប្រាក់ខែរបស់ពួកគេ។
ដាវីជាកម្មការិនីមួយរូប ដែលបម្រើការក្នុងរោងចក្រកាត់ដេរមួយ ឈ្មោះថា«ខិននឺតិច»។ ដាវីនិងមិត្តសម្លាញ់របស់នាងម្នាក់ឈ្មោះរដ្ឋា កំពុងតែមានវត្តមាននៅក្នុងតូបលក់ខោអាវមួយ។ ដាវីលើករ៉ូបមួយយកមកដាក់លើដងខ្លួនរបស់នាង រួចចោទសួរទៅកាន់មិត្តរបស់នាង។
«រដ្ឋា! ឯងមើលរ៉ូបនេះមើល តើសមនឹងរូបរាងរបស់គ្នាដែរទេ?»
រដ្ឋាពិនិត្យមើលបន្តិច ទើបឆ្លើយតបទាំងទឹកមុខញញឹម៖
«ឯងស្អាតស្រាប់ទៅហើយ! ទោះជាស្លៀកពាក់អ្វីក៏សមតែទាំងអស់ហ្នឹង!»
ដាវីញញឹមយ៉ាងស្រស់ ពេលនេះក្រសែអារម្មណ៍របស់នាង កំពុងតែអណ្តែតត្រសែតនឹកដល់រូបភាពមួយ គឺនាងស្លៀករ៉ូបនេះបណ្តើរគ្នាដើរលេងកំសាន្តក្នុងសួនច្បារ ដែលមានបុប្ផាចម្រុះពណ៌រីកស្គុះស្គាយជាមួយថាវ៉ាន់ ជាសង្សាររបស់នាងយ៉ាងសប្បាយត្រេកត្រអាលឃ្លាតចាកទុក្ខា។
រដ្ឋាបន្លឺសម្តីដាស់អារម្មណ៍ដាវី៖
«អាវី! ឯងកំពុងតែគិតអីហ្នឹង? ឈរញញឹមមើលតែមនុស្សឆ្កួតយ៉ាងអ៊ីចឹង?»
ដាវីភ្ញាក់រួចស្រដីទាំងទឹកមុខអៀនប្រៀន៖
«គ្នា! គ្មានគិតអីទេ!»
«អ៊ីចឹង ឯងទិញរ៉ូបនេះដែរទេ?»
«គ្នាមិនបានទិញទេ ព្រោះវាថ្លៃណាស់!»
«អាវី! គ្នាដឹងថាឯងមិនទិញ ព្រោះឯងសន្សំសំចៃប្រាក់ សម្រាប់សង្សាររបស់ឯងបានរៀនសូត្រ តែឯងគួរតែគិតពីខ្លួនឯងខ្លះទៅ! មើលចុះគ្នាឃើញឯងស្លៀកពាក់ខោអាវតែដដែលៗ គ្មានឃើញប្លែកសោះ!»
ដាវីញញឹមស្ងួត រួចវាចាបង្វែសាច់រឿង៖
«រដ្ឋា! គ្នាសុំទៅតូបខាងនោះមួយភ្លែត។»
ថារួច ដាវីក៏ចាកចេញទៅ។ រដ្ឋា នាងឈរគ្រវីក្បាលដកដង្ហើមធំ ក្នុងកែវភ្នែកបង្កប់នូវសេចក្តីអាណិតអាសូរចំពោះដាវីយ៉ាងខ្លាំង។
ម៉ោងប្រមាណជាជិតប្រាំមួយ ដាវីនិងរដ្ឋាក៏បានត្រឡប់មកដល់ផ្ទះជួល។ អ្នកទាំងពីររកចែកផ្លូវគ្នាទៅរកបន្ទប់រៀងៗខ្លួន។ ពេលដាវីបើកទ្វារបន្ទប់ ក៏លេចចេញកំលោះរូបរាងខ្ពស់ស្រស់សង្ហាម្នាក់ ឈរញញឹមពព្រាយទទួលរូបនាង។ អ្នកកំលោះចោទសំណួរ៖
«ថ្ងៃនេះអូនទិញអីឡើងសំពីងសំពោងខ្លាំងម្ល៉េះ?»
ដាវីដាក់ស្បោងឥវ៉ាន់ចុះទៅលើគ្រែ ទើបតបទៅសង្សារ៖
«បងទៅរកងូតទឹកសិនទៅ! អាលនឹងញ៉ាំបាយ! ថ្ងៃនេះអូនមានរបស់សម្រាប់បង។»
«ពិតមែនឬ អូនសម្លាញ់?»
ដាវីញញឹមស្រស់ជំនួសសម្តី។ ថាវ៉ាន់ក៏ចេញទៅងូតទឹក នៅអណ្តូងខាងក្រោយផ្ទះ។ ដាវីរៀបចំម្ហូបអាហារបាយទឹក នៅលើគ្រែតូចមួយ។ ថាវ៉ាន់ដើរចូលមក៖
«ថ្ងៃនេះបានអីញ៉ាំបាយ?»
«ត្រីអាំងជាមួយជ្រក់មមាញណាបង!»
«អូ! ឆ្ងាញ់មាត់ហើយថ្ងៃនេះ។»
អ្នកទាំងពីរចាប់ផ្តើមទទួលទានអាហារ ក្នុងបរិយាកាសសប្បាយរីករាយ។ ថាវ៉ាន់ស្រដីឡើង៖
«អាវី! ម៉េចក៏អូនញ៉ាំតែជ្រក់អ៊ីចឹង? ធ្វើម៉េចនឹងមានកំលាំងកំហែងទៅ? អូនស្គមច្រើនណាស់!»
«អូនទុកត្រីឲ្យបងញ៉ាំឲ្យបានច្រើន នឹងមានកំលាំង មានខួរក្បាលល្អ សម្រាប់បន្តការរៀនសូត្រ ចំពោះអូន សូមបងកុំគិត ទោះជាទឹកត្រី អំបិល ក៏អូនបាយឆ្ងាញ់ដែរ!»
ពេលញ៉ាំបាយរួច ដាវីក៏យកកញ្ចប់ឥវ៉ាន់ មកស្រាយយករបស់របរបង្ហាញថាវ៉ាន់។ ស្រស់ស្រីយកខោអាវមួយកំប្ល៉េមកត្រដាង ទាំងនិយាយ៖
«បងលខោអាវនេះមើល សមនឹងបងទេ? អូនទិញឲ្យបងពាក់ទៅមហាវិទ្យាល័យ ឲ្យសង្ហាលើសគេម្តង!»
នាយថាវ៉ាន់ក៏យកខោអាវទៅល។ ដាវីលាន់មាត់៖
«សង្ហាណាស់បង!»
«ចុះអូនមានទិញខោអាវសម្រាប់ខ្លួនឯងទេ?»
ដាវីញញឹមរាងស្រពោន៖
«អូនមិនបានទិញទេ ឲ្យតែបងបានគ្រប់គ្រាន់ អូនអរណាស់ទៅហើយ! អូនក៏ទិញទឹកដោះគោ និងទឹកផ្លែឈើ សម្រាប់បងផងដែរ។»
ថាវ៉ាន់សម្លឹងមុខដាវី រួចគេទាញនាងមកឱបទាំងស្រដី៖
«អាវី! អូនល្អនឹងបងខ្លាំងណាស់ បងជំពាក់គុណអូនច្រើនណាស់ បងដូចជាខ្មាសអូនឯងណាស់។»
ដាវីឃ្លាតចេញអំពីផែនទ្រូងអ្នកប្រុសស្នេហ៍ ទើបពោល៖
«អូន! សូមឲ្យបងយល់ពីចិត្តរបស់អូនឲ្យបានច្រើន ហើយបានជ្រៅជាងនេះថែមទៀត។ អូនសូមបងតែម្យ៉ាងគត់ ថ្ងៃមុខថ្ងៃក្រោយ សូមបងកុំបោះបង់អូនចោលណ៎ា! ជាតិនេះអូនមានក្តីសង្ឃឹមលើរូបបងតែម្នាក់គត់ បើគ្មានរូបបង ជីវិតរបស់អូនក៏គ្មានន័យនឹងរស់នៅតទៅទៀតដែរ ព្រោះលោកនេះគ្មានអ្វីជាទីពឹងសម្រាប់អូនទេ។»
ថាវ៉ាន់ទាញកាយដាវីមកឱប រួចលើកហត្ថផ្តិតទឹកនេត្រាកម្សត់ឲ្យសង្សារ ព្រមជាមួយវាចាលួងលោម៖
«អូនកុំគិតច្រើនពេក! បងមិនបោះបង់អូនចោលទេ ព្រោះយើងសុទ្ធតែជាក្មេងកំព្រាដូចគ្នា។»
ដាវីញញឹមទាំងទឹកភ្នែក៖
«សូមឲ្យសម្តីបងជាការពិតរៀងរហូតតទៅ! អូនផ្ញើសង្ខាលើរូបបងហើយ។»
គូសង្សារកម្សត់កម្រ ស្រវាឱបគ្នាកាន់តែខ្លាំង ដោយសេចក្តីរំភើបឥតឧបមា។ ដំណើររឿងតទៅយ៉ាងណាគ្មាននរណាម្នាក់ដឹងទេ… មានតែទុកឲ្យព្រហ្មលិខិតជាអ្នកកំណត់ជោគជតា របស់ពួកគេទៅ ចុះ។
សូមរង់ចាំអានវគ្គបន្ត










ធ្លាប់ស្រលាញ់គេ ធ្វើដើម្បីគេ តែលទ្ធផលបានត្រឹមតែ « ចូលរួមមង្គលការបងផងណា!» ឥលូវនេះដេកចាំទៅ បើបងឯងមិនពលីដើម្បីខ្ញុំទេ គ្មានថ្ងៃខ្ញុំលះបង់ដើម្បីបងឯងឡើយ!
រីករាយដែលបានស្គាល់ ខ្ញុំប្រាកដជាទៅ ហើយទៅមុនគេទៀត
សួស្ដីប្អូនប្រុស
ឃើញថាប្លករបស់ប្អូនកាន់តែពេញនិយម មានអ្នកទស្សនាកាន់តែច្រើន
និយាយអញ្ចឹងសូមប្អូនជួយចូលទៅទស្សនាប្លករបស់បងផង ហើយប្រាប់ផងថា វាមានភាពលឿនយ៉ាងណា គឺបងចង់ដឹងព្រោះថាទើបតែផ្លាស់ម៉ាស៊ីនថ្មី
ចេញហើយអី!!
កំសត់ម្ល៉េះ!
អីយ៉ា ស្នាដែតែងនិពន្ធគ្រាន់បើ
ភាគបន្តនឹងចេញផ្សាយនៅពេលណា នឹងអាល ខ្ញុំមកអានឲ្យបានមុនគេ?
(ទស្សន៍ទាយ)
ចុងក្រោយ នារីនឹងត្រូវបុរសនោះបោះបង់ចោលដោយមិនមើលមុខ
ចុម! ម៉េចក៏ដឹង?? រឿងគេមិនទាន់ចប់ផង ហ៊ានសន្និដ្ឋានដោយយកមនោសញ្ចេតនាមកឡូកលំម៉េចនឹងបាន?
អីក៏អគតិចំពោះមនុស្សប្រុសម្ល៉េះ? បើអ៊ីចឹងម៉េចក៏គេសរសេរបទ សង្សារទាត់ចោល ឲ្យព្រាបសុវត្ថិច្រៀងបាន?
អាចម៌ផ្កាយ ថាទុកឲ្យព្រហ្មលិខិតជាអ្នកកំណត់ជោគជាតាម៉េចនឹងត្រូវ? គឺអាចម៌ផ្កាយឯងហ្នឹងជាអ្នកសម្រេចនោះ។
ហើយមើលន៎! កញ្ញាសុភាបានទោះទាយទុកមុនទៅហើយ។ អ៊ីចឹងអាចម៌ផ្កាយត្រូវធ្វើយ៉ាងណាកុំឲ្យសាច់រឿងលំអៀងទៅខាងណាឲ្យសោះ…
ខ្ញុំទស្សន៏ទាយបែបនេះព្រោះឃើញថានារីម្នាក់នោះស្រលាញ់បុរសម្នាក់នោះខ្លាំងយ៉ាងនេះ ធ្វើមេចនឹងបោះបង់ចោលបុរសនោះបាន។ តែបើបុរសនោះវិញ ថាមិនត្រូវទេ ពេលខ្លាយជានិសិត្ស មានស្រីផ្សេងតោង ចេញធ្វើការមានលុយភ្លេចអស់អនុស្សវរីយ៏កំសត់។ ដូចបទចំរឿងដែលគេច្រឿងថា “ មានឡានដុល្លា បងមានស្រីថ្មី អូនសុខចិត្តនៅក្រក្រី …….” ណឹងឯង
។ ឈប់មាត់ហើយ ចាំតែតាមដានរឿងវិញល្អជាង
អូ៎! ខ្ញុំពិតជាសោកស្តាយណាស់… ខ្ញុំអានមតិរបស់សុភាច្រឡំ។ ខ្ញុំអានថា “ ចុងក្រោយ នារីនឹងត្រូវបុរសបោះបង់ចោលដោយមិនរើសមុខ” ។ នេះហើយបានជាខ្ញុំគិតថាសុភាប្រើមនោសញ្ចេតនាផ្ទាល់ខ្លួនទៅវិញ… សូរី អីតស្មាយហ្វូល…
មាត់ទៀតទៅចុះ មិនបាច់ក្រែងចិត្តខ្ញុំទេ
តាមពិតខ្ញុំក៏យល់ថាអ៊ីចឹងដែរ គឺនារីនោះស្រឡាញ់បុរសនោះខ្លាំងពេក ថ្ងៃក្រោយនឹងជួបទុក្ខា ព្រោះចំណងជើងបានឲ្យតម្រុយរួចទៅហើយ
ហ្ហេ ចេញរឿងស្នេហាអ៊ីចឹង ចង់មើលតាម៉ង…