jump to navigation

ស្នេហ៍​ដែល​គេ​បោះ​បង់ចោល(២) ខែ កក្កដា 9, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿងខ្លី.
trackback

ថ្ងៃ​មួយ​ពេល​ដាវី​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ​ ស្រស់​ស្រីស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​ នៅ​ពេ​ល​ដែល​នាង​បាន​យល់​រូប​សង្សារសំណព្វ​ចិត្ត​របស់​ខ្លួន​ កំពុង​តែ​អង្គុយ​ឱប​ក្បាល​ជង្គង់​ ទឹក​មុខ​ដិត​ដាម​នូវ​ស្នាម​ទុក្ខ​ព្រួយ​ក្រៀម​ក្រំ។ ដាវី​ប្រញាប់​ស្ទុះ​ចូល​ទៅ​សួរ​ដោយ​ក្តី​បារម្ភ​៖

«បង​កើត​អី​ហ្នឹង​បាន​ជា​ក្រៀម​ក្រំ​ចម្លែក​ម្ល៉េះ? បង​មិន​ស្រួល​ខ្លួន​ទេ​ដឹង? តែ​ខ្លួន​បង​អត់​ក្តៅ​ទេ! បង​មាន​បញ្ហា​អី​ ឆាប់​និយាយ​ប្រាប់​អូន​មក!»

ថាវ៉ាន់​ក្រោក​ឈរ​ឡើង​ រួច​ដើរ​ទៅ​ក្បែរ​មាត់​បង្អួច​ ហើយ​ឆ្លើយ​ទាំង​ចិត្ត​ព្រងើយ​កន្តើយ៖

«បង​ចង់​ឈប់​រៀន!»

«ថាម៉េច! ហេតុ​អី​ក៏​បង​មាន​គំនិត​ចង់​ឈប់​រៀន​អី​ក៏​ងាយ​ៗ​ម្ល៉េះ? តើ​ការ​តស៊ូ​របស់​បង​បាត់​ទៅ​ណា​អស់​ទៅ?»

ថាវ៉ាន់​ងាក​មុខ​មក​ឆ្លើយ​តប​ទាំង​គ្រវី​ក្បាល​អស់​សង្ឃឹម៖

​«ជាមួយ​ការ​តស៊ូ​ ពេល​ខ្លះ​មិន​អាច​យក​ឈ្នះជាមួយ​ប្រាក់​បានទេ។​ ឆ្នាំ​នេះ​ជា​ឆ្នាំបញ្ចប់​របស់​បង… បង​ត្រូវ​ការ​ប្រាក់​ច្រើន​ដើម្បី​ចាយ​វាយ ទិញ​ឯកសារ​សម្រាប់​ត្រៀម​ប្រឡង​យក​បរិញ្ញាបត្រ។​ គ្រា​នេះ​យើង​កំពុង​ខ្វះ​ខាត​ បង​ទ័ល​ច្រក​ហើយ អូន​មិន​មែន​ជាបង អូន​ពិត​ជាមិន​យល់ទេ។»

ដាវី​ឈរ​ស្តាប់​ថាវ៉ាន់រៀប​រាប់​ទាំង​ដក​ដង្ហើម​ធំ​ក្រៀម​ក្រំ​ចិត្ត​។ មាណវី​ដើរ​ចេញ​ពី​បន្ទប់នេះ​អស់​មួយ​ស្របក់​ធំ ទើប​ត្រឡប់​មក​ជួប​ថាវ៉ាន់​វិញ។ នាង​ល្អ​ដើរ​មក​ឈរ​ជិត​ថាវ៉ាន់ ហើយ​ដកកូន​កន្សែង​ពី​ចង្កេះ​ខោ​ រួច​លា​យក​ប្រាក់​ហុច​ទៅឲ្យ​ថាវ៉ាន់៖

«​ប្រាក់​នេះ​អូន​ខ្ចី​រដ្ឋា​និង​មិត្ត​ភក្តិ​មួយ​ចំនួន​ទៀត យក​មក​ឲ្យ​បង​ទុក​ប្រើ​ការ។»

ដាវី​ដោះ​ក្រវិល​ពី​ត្រចៀក​របស់​នាង ហុច​ទៅឲ្យ​ថាវ៉ាន់​​ទាំង​ស្រដី​ទៀត​ថា៖

«​បង​យក​ក្រវិល​នេះ​ទៅ​លក់​ចុះ​ វា​មាន​ទម្ងន់​មួយ​ជី… ថ្ងៃ​ក្រោយ​សូម​បង​កុំ​និយាយ​ពាក្យ​ថា ឈប់​រៀន​ឲ្យ​អូន​ឮ​ទៀត​ណា!»

«​បង​អរគុណ​អូន​ហើយ! ថ្ងៃ​ស្អែក​នេះ​មហា​វិទ្យាល័យ​របស់​បង​ នឹង​មាន​ដំណើរ​កម្សាន្ត​ទៅ​លេង​កំពង់​សោម​ចំនួន​ពីរថ្ងៃ អូន​នៅ​ផ្ទះ​ថែ​ខ្លួន​ឲ្យ​បាន​ល្អ។»

«​អូន​ចេះ​មើល​ថែ​ខ្លួន​ឯងហើយ ចាំ​អូន​ទៅ​រៀប​ចំ​ឥវ៉ាន់​ត្រៀម​ទុក​ឲ្យ​បង។»

ក្រោម​ខ្យល់​ជំនោររំភើយៗ​នៃ​តំបន់​មាត់​សមុទ្រ​កំពង់​សោម​ គូស្នេហ៍​មួយ​គូ​កំពុងតែ​រត់​ប្រដេញ​ប្រឡែងគ្នា​យ៉ាង​សប្បាយ​ត្រេក​ត្រអាល​ឃ្លាត​ចាក​ទុក្ខ។ នោះ​គឺ​កំលោះ​ថាវ៉ាន់​និង​សង្សារ​របស់​គេ​ ដែល​រៀន​នៅ​មហាវិទ្យាល័យ​ជាមួយគ្នា។

«បង​ថាវ៉ាន់! ដេញ​ចាប់​អូន​ឲ្យ​បានមក។ បើ​បង​ចាប់​អូន​បាន អូន​នឹងប្រាប់​ដំណឹង​ល្អ​មួយ​ដល់​បង​ភ្លាម។»

ឮដូចនេះ នាយ​ថាវ៉ាន់​ប្រញាប់​បន្ថែម​ល្បឿន​នៃការ​រត់ រហូត​ចាប់​បាននារី​រូប​ស្រស់។

«កេសនី! បង​ចាប់​បានហើយ អូន​ឆាប់​ប្រាប់​ពីដំណឹងល្អ​នោះ​ភ្លាមមក!»

កេសនី​ដើរ​នាំ​មុខ​ថាវ៉ាន់ មក​ដេក​សំដិល​ថ្ងៃ នៅ​លើ​ប៉ាវអ៊ី​ផ្អែក​ក្បែរគ្នា។​ កេសនី​និយាយ​ទាំង​រីក​រាយ​៖

«បងថាវ៉ាន់ លោក​ប៉ា​របស់​អូនសរសើរ​បងខ្លាំងណាស់! ថា​បង​ជា​ក្មេងកំព្រា​ដែលមានការ​តស៊ូ​ក្នុងជីវិត ក្នុង​ការ​រៀន​សូត្រ… ក្រោយ​ពេល​ទទួល​បរិញ្ញាបត្រ​ លោក​ប៉ា​របស់​អូន​នឹង​យក​បងទៅធ្វើ​ការ​​នៅ​ក្រុម​ហ៊ុន​របស់​លោក​ហើយ។»

«ពិត​មែន​ឬកេសនីអូន?» ថាវ៉ាន់បញ្ជាក់។

«ពិត​ហើយ! មិន​តែ​ប៉ុណ្ណោះ​ លោក​ប៉ា​ក៏​បាន​ជ្រាបរឿងយើងទាំង​ពីរ​ហើយ ហើយ​លោក​មិន​ជំទាស់​ពីរឿងនេះទេ។ លោក​ប៉ា​ស្រឡាញ់​អូន តាម​ចិត្ត​អូន​ទាំង​ស្រុង។ ម្យ៉ាង​លោក​ប៉ា​ស្រឡាញ់​ការ​តស៊ូ​របស់​បង។»

សម្តី​របស់​កេសនី ​តម្រូវ​ឲ្យ​ថាវ៉ាន់​ញញឹម​ដោយ​រំភើប​ រហូត​បិទ​មាត់​លែង​ជិត។ គេ​អង្រួន​កាយ​កេសនី​​ បញ្ជាក់​ជាថ្មី៖

«អូន​និយាយ​នេះ​ជា​ការ​ពិតឬ? អូន​កុំ​លេង​សើច​នឹង​បង​ឲ្យ​សោះ​ណា!»

«​បងឯងមិន​ទុក​ចិត្ត​អូន​មែនទេ?»

«ទេៗ ឲ្យ​បង​សុំទោស! នេះ​គឺ​មក​ពី​បង​ត្រេក​អរ​ខ្លាំង​ពេក!»

«អ៊ីចឹង​ យើងគិត​នាំ​គ្នា​ដើរ​ទៅ​លេងខាងនោះ​វិញ ព្រោះ​ស្ងាត់​ល្អ មិត្ត​ភក្តិ​ឯទៀត​មិន​ឃើញ​ពួក​យើងផង។»

«តោះ! អ៊ីចឹង​យើងទៅ។»

ពេល​វេលា​បាន​កន្លងផុតទៅ​យ៉ាងឆាប់​រហ័ស បន្ទាប់​ពី​ថាវ៉ាន់​បាន​ទទួល​បរិញ្ញាបត្រ​ព័ត៌​មាន​វិទ្យា​​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញរួច​មក ស្រាប់​តែ​បាត់​ស្រមោល​គេ​សូន្យឈឹង មិន​ឃើញ​មក​ផ្ទះ​ជួល​វិញ​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​ដាវីកើត​ទុក្ខ​គ្មា​នពេល​ណា​បាន​រសាយ​ចិត្ត​ឡើយ បាយ​ទឹក​ក៏​មិន​​នឹក​នា​ទទួល​ទាន​ដំណេក​ក៏​ពុំ​លក់។

ថ្ងៃ​អាទិត្យ​នេះ ​​ស្រស់​ស្រី​ក៏​ចេញ​មក​យក​ខ្យល់​អាកាស​នៅ​ខាងក្រៅ មុខ​ព្រះ​បរម​រាជវាំងក្បែរ​ព្រះ​អង្គ​ដងកើ។ រំពេច​នោះ​ ស្រាប់​តែ​ដាវីស្ទុះ​វឹង​ទៅ​រក​សង្សារបណ្តូល​ចិត្ត​របស់​នាង​ ដែល​កំពុងចុះ​ពី រថយន្ត ហើយ​ត្រសង​គ្នា​ជាមួយ​កេសនី​ គូដណ្តឹង​ថ្មោងថ្មី សំដៅ​មក​ព្រះ​អង្គ​ដងកើ។ ដាវី​ចាប់​ដៃ​ថាវ៉ាន់​ជាប់​ រួច​វាចាទាំង​ទឹក​ភ្នែក៖

«បង​បាត់​ទៅ​ណា​មួយ​រយៈ​នេះ មិន​ឃើញ​ចូល​ផ្ទះ​សោះ​អ៊ីចឹង? បង​មាន​ដឹង​ថា​ អូន​បារម្ភ​ពី​រូប​បងយ៉ាងណា​ដែរ​ទេ? ម៉េច​ក៏​បង​មិន​ផ្តល់​ដំណឹងដល់​អូន​ផង!»

កេសនី​ជ្រួញ​ចិញ្ចើមសម្លឹង​ថាវ៉ាន់ រួច​ចោទសួរ​ដោយ​សេច​ក្តី​ងឿង​ឆ្ងល់៖

«នាង​ជានរណា​បង?»

ថាវ៉ាន់​រលាស់​ដៃ​ចេញ​ពី​ដាវី​ ទាំង​ស្រដី៖

«​បង​មិន​ដែល​ស្គាល់​នាងនេះពី​មុន​មក​ទេ។ នាងប្រហែល​ជា​ច្រឡំ​មនុស្ស​ហើយ​មើល​ទៅ!»

ដាវីគ្រវីក្បាល រួច​ពោល​ទាំង​ទឹក​នេត្រា​ហូរ​រហាម៖

«​អូន​ឥត​មាន​ច្រឡំទេ ទោះ​បង​ក្លាយ​ទៅជា​អ្វី​ក៏​ដោយ ក៏​អូ​ន​នៅ​ចំណាំ​រូប​បងបាន​ជានិច្ច។ បង​ថាវ៉ាន់​ ហេតុ​អ្វី​ក៏​បងធ្វើ​ជា​មិន​ស្គាល់​អូន​? បងម៉េច​ក៏​ប្រែ​ប្រួល​លឿន​យ៉ាងនេះ។ តើ​អូន​ខុស​អី បាន​ជា​បង​ទៅ​ចោល​អូន ដោយ​គ្មាន​អាណិត​អាសូរដល់​ជីវិត​ជា​ស្រី​កំព្រា របស់​អូន​សោះ​អ៊ីចឹង? បង​ភ្លេចសម្តី​ហើយ​ឬ?»

ដាវី​នាង​យំ ហើយ​មិន​ព្រម​លែង​ដៃ​ថាវ៉ាន់​សោះ។ ថាវ៉ាន់​ក៏​ប្រើ​កម្លាំង​បាយរហូត​ធ្វើ​ឲ្យ​ដាវីដួល​ព្រូស​ទៅ​ជ្រុង​ផ្លូវ​ម្ខាង​។ កេសនី​ពោល​ទាំង​ទឹក​មុខ​មិន​សប្បាយ​ចិត្ត៖

«តោះ! ទៅ​វិញ​បង ថ្ងៃ​នេះស៊យ​ណាស់! ចាំ​សប្តាហ៍​ក្រោ​យ យើង​មក​ម្តង​ទៀត។»

រឿងនេះ​សុំ​ស្លេះ​តែ​ប៉ុណ្ណឹង​សិន​ចុះ ហើយ​នឹង​មិន​បញ្ចប់ជូន​ទេ…

វិចារ»

1. វឌ្ឍនា - ខែ កក្កដា 10, 2009

ខ្ញុំយល់ខុសគេ បើសិនជួបរឿងដូច ដាវី​ ខ្ញុំប្រាកដជាខូចចិត្តណាស់​ព្រោះចិត្តស្មោះ ដែលមានឲ្យបុរសម្នាក់ ការលះបង់របស់ខ្ញុំ ព្រមទាំង​សេចក្តីស្រលាញ់របស់ខ្ញុំបង់លើមនុស្សម្នាក់ដែលមានគ្មានឧត្តមគតិអញ្ចឹង!

តែខ្ញុំនឹងមិនស្លាប់ទេ ព្រោះជីវិតរបស់ខ្ញុំមានតំលៃជាងស្នេហា​ដែលបង់​លើមនុស្សប្រុសបេះដូងអេតចាយដូចជាប្រុសម្នាក់នោះ។ ខ្ញុំនឹងធ្វើខ្លួនជានារីរឹងមាំ រស់នៅ ដើម្បីខ្លួនឯង ស្រលាញ់ខ្លួនឯង លើលោកនេះមានតែខ្ញុំទេដែលស្រលាញ់ខ្លួនខ្ញុំជាងគេ។

គេថាស្រលាញ់មនុស្សម្នាក់ពេញចិត្តដែលឃើញគេមានសេចក្តីសុខ ទោះបីជា វាធ្វើឲ្យយើងឈឺចាប់ម្តេចក្តី តែខ្ញុំមិនមែនជាព្រះស៊ីម៉ង់ត៍ទេ ខ្ញុំត្រូវការសេចក្តី​ស្រលាញ់តបមកវិញចំពោះការពលីដ៏សន្ធឹកសន្ធាប់របស់ខ្ញុំ។ បើនិយាយថា ដាវី​សុខចិត្តដើរចេញដើម្បីឲ្យ ថាវ៉ាន់ សមប្រាថ្នានៅពេលឃើញគេនៅជាមួយ​ មនុស្សស្រីដែលអាចផ្តល់ឲ្យគេនូវអ្វីដូចដែលគេស្រម៉ៃនោះ គឺជារឿងមួយដែល មិនយុត្តិធម៌សំរាប់ ដាវី ទេ។ ដាវី​គួរតែនិយាយជាមួយ កេសនី ប្រាប់នាងឲ្យដឹងខ្លួនថា ថាវ៉ាន់ជាមនុស្ស បែបណា ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តសងសឹកទេ តែមនុស្សប្រុសបែប ថាវ៉ាន់ នេះមិនសងសឹកមិនបានទេ។

2. អាចម៍ផ្កាយ - ខែ កក្កដា 10, 2009

ខ្ញុំ​ថា​ឲ្យ​តែ​ម៉ាម៉ាត់​សោះ​ ម៉េច​ក៏​បងឯង​មក​ទេស​នា​យ៉ាង​វែង​អន្លាយ​ ដូ​ច​កន្ទុយ​ជ្រូក​ចឹង? :P ថា​ទៅ​មក​ពី​អ្នក​និពន្ធ​នេះ​ជា​មនស្ស​ទន់​ជ្រាយ!

សម្តី​បង​និយាយ​ខាង​លើ​ ពេល​ខ្លះ​ខ្ញុំ​គិត​ថា​ គ្រាន់​តែ​បិទបាំង​ខ្លាច​គេ​ថា​យើង​អាត្មា​និយម​ប៉ុណ្ណោះ។ ធម្មតា​ស្រឡាញ់​មនុស្ស​ម្នាក់​ តែង​តែ​ចង់​បាន​គេ​មក​នៅ​ក្បែរ​កាយ​ហើយ ទោះ​បី​ជា​ពេល​ខ្លះ​ដឹង​ថា គេ​មិនស្រឡាញ់​យើង​ក៏​ដោយ​ ហើយ​ក៏​មិន​មែន​ស្រឡាញ់​គេ​ មិន​ចង់​ឲ្យ​គេ​មាន​សេច​ក្តី​សុខ​ឬអនាគត​ភ្លឺ​ស្វាង​នោះ​ទេ តែ​សម្រាប់​រឿងស្រឡាញ់​មួយ នរណា​ក៏​អាត្មា​និយម​ដែរ… មិន​ចឹង​ហ៎?

ខ្ញុំ​និយាយ​មិនមែន​បាន​ន័យ​ថា ការ​ពលិកម្ម​ឬលះ​បង់​​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​សម្រាប់​អ្នក​ដទៃ​​ គ្មា​ននោះ​ទេ តែ​ខ្ញុំ​ជឿ​ជាក់​ថា ការ​លះ​បង់​នោះ​ ធ្វើ​បាន​តែ​មាត់​​ឬ​ទង្វើ​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ តែ​ក្នុងចិត្ត​នៅ​តែ​ស្តាយ​ក្រោយ​ និង​នៅតែ​ចង់បាន​គេ​ មក​នៅ​ក្បែរ​ខ្លួន​ដដែល​ហ្នឹង!

3. rainbowpig - ខែ កក្កដា 10, 2009

មិនបានធ្វើអោយខូចសាច់រឿងទេ ប៉ុន្តែ ចង់ប្រាប់មនុស្សស្រីក្នុងលោកទាំងអស់គ្នាថា ស្រីៗមិនបានកើតមក សំរាប់តែរស់នៅជាមួយមនុស្សប្រុសទេ រឺក៏រស់ដើម្បីកំដរមនុស្សប្រុសទេ។ ពួកយើងមានសិទ្ធិស្មើគ្នា ក្នុងរឿងស្នេហា។ ប្រសិនបើគេបោះបង់យើងចោល ទៅរកអ្នកថ្មី តើយើងត្រូវរស់ក្នុងទុក្ខរហូតរឺ?

ម្យ៉ាងវិញទៀត
តើដាវីស្រលាញ់ថាវ៉ាន់ប៉ុណ្ណា?
បើស្រលាញ់គេ តើដាវីនឹងយកថាវ៉ាន់មករងទុក្ខជាមួយទេ នៅពេលថាវ៉ាន់អាចមានជំរើសថ្មីល្អជាងនាងនោះ?
ប្រសិនបើដាវីចង់ គឺបានន័យថា ដាវីចង់បានថាវ៉ាន់ជាកម្មសិទ្ធិផ្ទាល់ខ្លួន រឺហៅថា ស្រលាញ់ថាវ៉ាន់ ក៏ដើម្បីតំរូវការរបស់ខ្លួនឯងប៉ុណ្ណោះ។

ដាវីកើតទុក្ខ ព្រោះអី អោយប្រាកដ?
ព្រោះតែមិនបានយកថាវ៉ាន់មកអោប រឺក៏ក្តៅចិត្តត្រង់ប្រុសនោះទៅអោបស្រីថ្មី?

និយាយទៅមើលថា តើដាវីស្រលាញ់ថាវ៉ាន់ មែនរឺក៏អត់ទេ?
ការពិត គឺដាវីស្រលាញ់ខ្លួនឯងទេ។
ហើយបើដាវីសំលាប់ខ្លួន រឺក៏អត់អាហារនោះ គឺមកពីក្តៅចិត្តពេក ដែលមិនបានថាវ៉ាន់មកធ្វើជាកម្មសិទ្ធិដាច់មុខតែប៉ុណ្ណឹងឯង។

ប្រុសក៏ដោយ ស្រីក៏ដោយ។ បើហ៊ានលេងល្បែងស្នេហា គឺត្រូវចេះទទួលខុសត្រូវផង។ សំលាប់ខ្លួនដោយសារស្នេហា គឺគ្រាន់តែជាការគេចវេសពីការឈឺចាប់មួយ ដែលខ្លួនខ្ជិល មិនចង់រៀនពីការឈឺចាប់នោះ ដើម្បីធ្វើអោយជីវិតថ្ងៃក្រោយ ប្រសើរឡើងតែប៉ុណ្ណឹងឯង។

បរាជ័យ គឺជាបទពិសោធន៍សំរាប់ទទួលជោគជ័យទៅថ្ងៃក្រោយ។

បងមិនចង់អោយនារីទាំងអស់គិតថា ស្នេហា គឺជាអ្វីៗទាំងអស់នៅក្នុងជីវិតទេ។ វាមានអ្វីផ្សេងទៀត ដែលល្អជាង និងគួរធ្វើជាង។ ឧទាហរណ៍ មានក្មេងកំព្រាច្រើនណាស់នៅក្នុងប្រទេសយើង ប្រសិនបើយើងចូលរួមចំណែកជួយក្មេងៗនោះវិញ មិនប្រសើរជាងសំលាប់ខ្លួនព្រោះស្នេហាទេហ្អី?
ជួយអោយពិភពលោក កាន់តែស្រស់ស្អាត កាន់តែជាកន្លែង ដែលគួររស់នៅ វាមិនសំខាន់ជាងស្នេហាទេរឺ?

នរណាខ្លះ មិនធ្លាប់ខូចចិត្តនឹងស្នេហា? មានមិនតិចទេ នៅក្នុងលោកនេះ ប៉ុន្តែ គេប្រែក្លាយការខូចចិត្តនោះ អោយទៅជាមេរៀនល្អមួយសំរាប់ជីវិតរបស់យើង ទៅថ្ងៃអនាគត។

រចនា - ខែ កក្កដា 10, 2009

ត្រូវ! មនុស្ស​យើង​មិន​មែន​រស់​នៅ​ដើម្បី​ស្នេហា​តែ​មួយ​មុខ​ឯ​ណា ណ៎​បង​ស្រី? នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​រង់​ចាំ​ឱ្យ​យើង​ទៅ​ធ្វើ! មាន​មនុស្ស​ជា​ច្រើន​ដែល​សម្លាប់​ខ្លួន​ព្រោះ​រឿង​ស្នេហា​ខក​ខុស តែ​ខ្ញុំ​ថា​នោះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ទេ! ជីវិត​មនុស្ស​មាន​តម្លៃ​ណាស់ ហើយ​ស្លាប់​ក៏​មិន​មែន​វិល​វិញ​ល្ងាច​ដែរ! រឿង​អ្វី​ក៏​ដោយ មិនថា​តែ​រឿង​ស្នេហា​ទេ គឺ​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ​របស់​វា! បញ្ហា​នៅ​ត្រង់​ថា មនុស្ស​ចង់​ដោះ​ស្រាយ​វា​ឬ​អត់​ប៉ុណ្ណោះ, ហ៊ាន​ទទួល​យក​លទ្ធផល​ឬ​អត់​ប៉ុណ្ណោះ!

Bandith - ខែ កក្កដា 15, 2009

និយាយហ្នឹងមកពីមិនទាន់ទាល់ច្រកដោយសាររឿងស្នេហា…. អ្នកខ្លះមកពីគ្នាទាល់ច្រកពេក សុញគំនិតមិនគិតមិនលេច បានដាច់ចិត្ត​ដល់ថ្នាក់ហ្នឹង

4. rainbowpig - ខែ កក្កដា 10, 2009

ចាំបង បញ្ចប់អោយ។

ក្រោយពីដាវី យំអស់ចិត្តហើយ នាងជូតទឹកភ្នែក ហើយក្រោកឈរឡើងភ្លឹប។
- ដាវី ៖ បងថាវ៉ាន់ បងមិនចូលផ្ទះព្រោះតែបងមានសង្សារថ្មីរឺ? អូខេ អាចឹងក៏បានដែរ ប៉ុន្តែ លុយបងជំពាក់អូន សងអោយអស់មកវើយ។ នែប្អូនស្រី ប្អូនស្រីស្រលាញ់កំលោះអន់ចារិកនេះរឺ? ថ្ងៃនេះ គេក្បត់ចិត្តបង ទៅយកប្អូនស្រី ថ្ងៃក្រោយ គេក៏អាចក្បត់ចិត្តប្អូនស្រី ទៅរកស្រី ដែលមានលុយជាងប្អូនស្រីទៅទៀតក៏ថាបាន។ ហាហាហា សំណាងល្អ។ ខំតែភ័យថា បងថាវ៉ាន់ បាត់ខ្លួន ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ រឺក៏មានជំងឺខ្យល់គ នៅណា។ ការពិត ទៅសំងំក្រាបជាមួយស្រីថ្មី។ ដឹងបែបនេះ ក៏យើងអស់ចិត្តហើយវើយ។ អោយវាអាចឹងទៅចុះ សោះនឹងជាប់កម្មពៀរគ្នាទៀត។ អូនកំពុងតែពិបាកចិត្តថា មិនដឹងជាលែងបងយ៉ាងម៉េចផង ព្រោះទើបតែត្រូវឆ្នោតម៉ាលានដុល្លា មិនដឹងជាគិតថា ចែកអោយបងរឺក៏អត់។ អាលូវ មិនចាំបាច់ចែកទេ។ ដេកស៊ីម្នាក់ឯង សប្បាយជាង។ បាយបាយ

ធារ៉ា - ខែ កក្កដា 10, 2009

រឿងនឹងចុងបញ្ចប់មានន័យមែន ធ្វើចឹងបានថឹមថូវ! :D

អាចម៍ផ្កាយ - ខែ កក្កដា 10, 2009

ចេះ​តែ​មក​ធ្វើ​ឲ្យ​ខូច​រឿង​គេ​ហើយ! រឿង​គេ​ស្រក់​ទឹក​ភ្នែក​មិន​មែន​ស្រក់​ទឹក​មាត់​ទេ! :D ​រឿង​នេះ​នរណា​ថា​មិន​យំ? ព្រោះខ្លាច​គ្រប់​គ្នា​យំ​នេះ​ហើយ ទើប​អ្នក​និពន្ធ​មិន​ចង់​បញ្ចប់!

គ្រាន់តែ​ប្រាប់​ថា រដ្ឋា​​និង​មិត្ត​ភក្តិ​ដទៃ​ទៀត​អាណិតដាវីខ្លាំង​ណាស់​ នៅ​ពេល​ដែល​ដឹង​រឿង​រ៉ាវ​បែប​នេះ… ដាវី​មិន​ញ៉ាំ​បាយ​ទឹក​ មិន​ទៅ ធ្វើ​ការ​.. ថ្ងៃ​មួយ​ :cry: ​មិន​ចង់​និយាយ​ទេ! ដឹង​តែ​ថា ពេល​ថាវ៉ាន់​មក​ពីហាន់នីមូន​នៅ​កំពង់​សោម​វិញ គេ​ក៏​ឃើញ​ទង់​ក្រពើ​នៅ​មុខ​ផ្ទះ​ជួល… :cry:

​សូម​ប្រាប់​ថា រឿង​នេះខ្ញុំ​មិន​មែន​ជាអ្នក​សរសេរ​ទេ តែ​សរសេរ​ដោយ​មនុស្ស​ម្នាក់​ដែល​ត្រូវ​គេបោះបង់​ចោល… គេ​ផ្តាំ​ថា ដរាប​ណា​សង្សារ​គេ​មិន​ទាន់​ទាត់​គេ​ចោល រឿង​នេះ​នឹង​គ្មា​នថ្ងៃ​បញ្ចប់​ទេ! :P

5. machmorn - ខែ កក្កដា 10, 2009

ពេលណាទើបចេញភាគបញ្ចប់ ;-)

6. សុភា - ខែ កក្កដា 9, 2009

អី​គេ មេច​ក៏​អត់​បញ្ចប់​អោយ​អាចឹង?

ប្រុស​ដូច​ថាវ៉ាន់​នេះ​ហ្អា មិន​ដឹង​ថា​ត្រូវ​និយាយ​មេច​អោយ​ត្រូវទេ ហេហេ

វឌ្ឍនា - ខែ កក្កដា 9, 2009

និយាយថាអាប្រុសបាតសង្គម …រកនឹកបានតែម៉ាម៉ាត់ហ្នឹងទេ ចាំរកឃើញ ជាងហ្នឹងចាំប្រាប់ទៀត!

អាចម៍ផ្កាយ - ខែ កក្កដា 10, 2009

ព្រោះ​អ្នក​និពន្ធ​អត់​ទាន់​ត្រូវ​សង្សារ​ទាត់​ចោល! ចាំ​ថ្ងៃ​ណាគេ​ទាត់​ចោល​ ចាំ​បញ្ចប់! :D

7. អាចម៍ផ្កាយ - ខែ កក្កដា 9, 2009

ពិត​ជា​មាន​ហើយ ព្រោះ​ពួក​គេ​នៅ​ជាមួយ​គ្នា…

8. machmorn - ខែ កក្កដា 9, 2009

សុំសួរបន្តិច តើដាវីនិងថាវ៉ាន់មានអីៗនឹងគ្នាដែរទេ? (គឺទង្វើរទុំមុនស្រគាល់នោះអី) :-(