ពេលដែលត្រូវបែក… ខែ កក្កដា 10, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទស្សនៈសង្គម, មិត្តគឺខ្ញុំ, រយពាន់យោបល់.trackback
ខ្ញុំមិនដឹងថា ជីវិតខ្ញុំកើតមកសម្រាប់តែការបែកគ្នាឬយ៉ាងណានោះទេ តែខ្ញុំទទួលអារម្មណ៍ដឹងថា តាំងពីខ្ញុំស្គាល់អ្វីដែលហៅថាមិត្តភាពមក ខ្ញុំតែងតែទទួលការឈឺចាប់ កើតទុក្ខរាល់លើក នៅពេលមកដល់ថ្ងៃដែលយើងត្រូវបែកគ្នា។
ឈិន សុភា! បើខ្ញុំចាំមិនខុសទេ នាងឈ្មោះឈិន សុភា! …កាលនោះយើងរៀននៅថ្នាក់ទី៨ រៀនបានប្រមាណ១ឆមាស នាងក៏មកនិយាយពាក្យលា ជាមួយមិត្តភក្តិទាំងអស់គ្នា។ នាងត្រូវឪពុកម្តាយឲ្យឈប់រៀន ព្រោះគ្មាននរណានៅដាំបាយជូនយាយគេពិសារ នៅពេលឪពុកម្តាយទៅធ្វើការអស់។ មិត្តភក្តិទាំងអស់សោកស្តាយជំនួសនាងយ៉ាងខ្លាំង ព្រោះនាងជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ ហើយក៏ជាគូប្រជែងជើងខ្លាំងម្នាក់របស់ខ្ញុំដែរ។ ថ្វីបើយើងទាំងពីរគឺជាគូរប្រជែងនឹងគ្នា តែការរាប់អានរបស់យើងមិនដែលថ្នាំងថ្នាក់នឹងគ្នាទេ យ៉ាងច្រើនមានតែសម្តីផ្លែផ្កាឡកឡឺយដាក់គ្នាលេងប៉ុណ្ណោះ។ ថ្ងៃដែលនាងលាខ្ញុំទៅ នាងនិយាយទាំងញញឹមលាយទឹកភ្នែក បែបលេងសើចថា «កុំគិតថាខ្ញុំចាញ់ឲ្យសោះ! ថ្វីបើ១ឆមាសនេះ ខ្ញុំមិនដែលដណ្តើមលេខ១ពីអ្នកឯងបាន តែខ្ញុំមិនព្រមចាញ់ទេ ព្រោះខ្ញុំមិនធ្លាប់ចាញ់នរណា តាំងពីខ្ញុំចូលរៀនមក!» បន្តិចមកគេក៏សើច តែខ្ញុំដឹងថាគេសើចទាំងឈឺចុកចាប់៖«សប្បាយចិត្តណាស់មែនទេ… ពេលនេះខ្ញុំព្រមចាញ់ហើយ! ចាញ់! ចាញ់ដោយគ្មានថ្ងៃនឹងឈ្នះ!»។ ពេលនោះខ្ញុំស្រក់ទឹកភ្នែកប៉ាត់ៗអាណិតគេ… ព្រោះតែភាពក្រ គេត្រូវចុះចាញ់នឹងជីវិត! ហើយខ្ញុំនឹងចងចាំគេទុក គឺចងចាំមិត្តម្នាក់ដែលចេះតស៊ូនឹងជីវិត តែការតស៊ូក៏គង់នៅចាញ់កម្លាំងទឹកប្រាក់។
បន្ទាប់ពីឈិន សុភាចេញទៅផុត គង់ ស៊ាងលី សិស្សស្រីល្បីឈ្មោះខាងពូកែសួរនោះ ក៏ចេញទៅដែរយ៉ាងស្ងៀមស្ងាត់។ នាងមិនបានមកលាមិត្តភក្តិទេ គឺយើងដឹងថានាងឈប់រៀន ក្រោយពីការបាត់ខ្លួនរបស់នាង២អាទិត្យ។ ភាពក្រទៀតហើយ ដែលជាមូលហេតុនៃការឈប់រៀនរបស់នាង។ នាងអាចចាត់ទុកថាជាមិត្តភក្តិស្រីដំបូងរបស់ខ្ញុំ ដែលទាំងសុភាព ចិត្តល្អ និងចេះជួយយកអាសារអ្នកដទៃ ពិសេសនាងចូលចិត្តឈឺឆ្អាលរឿងរបស់ខ្ញុំណាស់។ នៅពេលនាងមានបញ្ហាក្នុងគ្រួសារ នាងចូលចិត្តយកមកនិយាយប្រាប់ខ្ញុំ… សៀវភៅកំណត់ហេតុរបស់នាង ក៏យកមកឲ្យខ្ញុំមើលដែរ ព្រោះនាងជឿជាក់និងទុកចិត្តខ្ញុំ។ តាមពិតខ្ញុំស្គាល់នាងតាំងពីររៀននៅថ្នាក់ទី២ម្ល៉េះ! គឺថ្ងៃមួយនោះ គ្រូថ្នាក់ខ្ញុំមិនបានមកបង្រៀន ហើយនាយកសាលាក៏នាំពួកខ្ញុំឲ្យចូលរៀនជាមួយថ្នាក់នាង។ កាលនោះនាងជាសិស្សដែលឆ្លាតនិងពូកែជាងគេនៅក្នុងថ្នាក់។ ខ្ញុំឃើញនាងលើកដៃឡើងអាន និងតបមេរៀនគ្រប់ពេល ហើយខ្ញុំតែងនឹកស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងធ្វើខ្លួនឲ្យពូកែដូចនាង។ សូមបញ្ជាក់ថា នៅថ្នាក់ទី២ខ្ញុំជាសិស្សដែលកំជិលបំផុត អន់បំផុតគឺប៊ិះតែនឹងធ្លាក់ទៀតផង ហើយខ្ញុំចាប់ផ្តើមក្លាយជាសិស្សម្នាក់ដែលពូកែនៅថ្នាក់ទី៣ គឺក្រោយពីបានទទួលការលត់ដំអស់ជាច្រើនខ្សែតីគោ ក្នុងពេលឈប់សម្រាកវ៉ាកងធំមក
។ ខ្ញុំចងចាំនាងតាំងពីពេលនោះមក ហើយយើងក៏មិនដែលរៀនជាមួយគ្នាទៀតដែរ រហូតមកដល់ថ្នាក់ទី៨ទើបបានជួបគ្នាម្តងទៀត ហើយពេលនោះខ្ញុំក៏ដឹងថា សមត្ថភាពនាងធ្លាក់ចុះយ៉ាងខ្លាំង គឺមិនអាចមកប្រៀបធៀបនឹងខ្ញុំបានទេ។ ខ្ញុំដឹងថា សមត្ថភាពនាងធ្លាក់ចុះព្រោះបញ្ហាជីវភាព ត្បិតអីកាលរៀននៅបឋមសិក្សា ខ្ញុំឃើញនាងស្លៀកពាក់ស្អាតបាត សំពត់អាវថ្មីៗ លុះចូលមកដល់វិទ្យាល័យ នាងប្រើតែសំលៀកបំពាក់ចាស់ៗ មិនដែលមានថ្មីម្តងណាឡើយ គឺគ្រួសារនាងធ្លាក់ខ្លួនក្រ។ យើងជិតស្និទ្ធនឹងគ្នាបែបនេះហើយ តែនាងបែរជាមិនបាននឹកឃើញខ្ញុំ នៅពេលដែលនាងចូលរោងការ… តែត្រូវដឹងណា! ខ្ញុំមិនដែលភ្លេចនាងទេ។
ឡៃ ចាន់ណារ៉ា! ពេលវេលានៃការស្គាល់គ្នារបស់យើងទាំងពីរខ្លីណាស់ គឺត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះដែលយើងនៅជាមួយគ្នា ក្នុងពេលប្រឡងសិស្សពូកែនៅខេត្តសៀមរាប។ អាចថាជានិស្ស័យក៏ថាបាន! ព្រោះសម្ព័ន្ធភាពយើងដែលមានចំពោះគ្នា គឺដូចមិត្តភក្តិដែលស្គាល់គ្នារាប់រយឆ្នាំហើយចឹង។ ថ្ងៃនោះក៏ជាការចៃដន្យ ព្រោះក្រោយពីសិស្សដទៃចាប់បន្ទប់អស់ហើយ គឺនៅតែយើងពីរនាក់ដែលមិនទាន់បានរើសបន្ទប់ស្នាក់នៅ ដូច្នេះយើងក៏ត្រូវដេកក្នុងបន្ទប់ជាមួយគ្នា ទាំងដែលយើងមិនធ្លាប់ស្គាល់គ្នាសោះពីមុនមក។ ណារ៉ារៀននៅវិទ្យាល័យសម្តេចជួនណាត ឯខ្ញុំរៀននៅវិទ្យាល័យសម្តេចម៉ែ។ គេប្រឡងសិស្សពូកែទូទាំងខេត្តបានលេខ៦ ឯខ្ញុំបានលេខ២លើមុខវិជ្ជាអក្សរសាស្រ្តខ្មែរដូចគ្នា។ យើងនិយាយឆាប់ត្រូវគ្នាណាស់ ហើយចំណេះវិជ្ជាយើងទាំងពីរត្រដុំត្រសងគ្នា គ្មាននរណាលើសនរណាទេ។ ទីបំផុតខ្ញុំប្រឡងជាប់លេខ២ទូទាំងប្រទេស ហើយណារ៉ាហក់លោតមកយកដល់លេខ១ឯនោះ។ កាលនោះខេត្តកំពង់ចាមល្បីមែនទែន ព្រោះលេខ១,២,៣ខាងអក្សរសាស្រ្តខ្មែរ ត្រូវបានខេត្តកំពង់ចាមវាត់ផ្តាច់ទាំងអស់។ ថ្ងៃសប្បាយកន្លងផុត ថ្ងៃទុក្ខក៏ចូលមកដល់… យើងម្នាក់ៗត្រូវស្រក់ទឹកភ្នែកនៅថ្ងៃដែលយើងបែកគ្នាទៅសាលារៀងៗខ្លួន។ ក្រោយៗមកដោយសារភាពនឹករឭកគ្នា ខ្ញុំក៏ទៅលេងផ្ទះគេ ហើយគេក៏មកលេងផ្ទះខ្ញុំ ទោះបីផ្ទះយើងទាំងពីរនៅឆ្ងាយៗពីគ្នាក៏ដោយ។ ថ្ងៃដែលខ្ញុំអាណិតគេមែនទែនគឺថ្ងៃដែលយើងប្រឡងសិស្សពូកែថ្នាក់ទី១២ គឺពេលនោះខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ ហើយគេបែរជាគ្មានចំណាត់ថ្នាក់ទៅវិញ។ នេះមកពីគេសម្រេចចិត្តខុស! ខ្ញុំស្រក់ទឹកភ្នែក នៅពេលទទួលមេដាយពីគណៈអធិបតី… ព្រោះខ្ញុំនឹកឃើញថ្ងៃដែលយើងទទួលមេដាយជាមួយគ្នា កាលពីបីឆ្នាំមុន។បន្ទាប់ពីនោះមកយើងក៏មិនបានជួបគ្នារហូត ព្រោះខ្ញុំត្រូវឡើងមករៀននៅភ្នំពេញ ហើយឮដំណឹងថា គេទៅរៀននៅសាកលវិទ្យាល័យខេត្តស្វាយរៀងឯនោះ។
ឃិន ពិសី! ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ ដូច្នេះខ្ញុំមិនដែលបានទទួលការថ្នាក់ថ្នម ឬភាពកក់ក្តៅពីបងម្តងណាឡើយ។ នៅថ្ងៃដែលខ្ញុំមកប្រឡងសិស្សពូកែនៅថ្នាក់ទី៩ បងពិសីដែលជាសិស្សពូកែថ្នាក់ទី១២ តែងយកចិត្តទុកដាក់មើលការខុសត្រូវចំពោះខ្ញុំជានិច្ច ព្រោះមានតែយើងពីរនាក់តែប៉ុណ្ណោះ ដែលចាកចេញពីវិទ្យាល័យតែមួយជាមួយគ្នា។ នៅពេលជិះឡានក្រុងធ្វើដំណើរទៅខេត្តសៀមរាបជាមួយសិស្សៗដទៃទៀត គាត់បានដូរកៅអីមុខឲ្យខ្ញុំអង្គុយ ហើយគាត់ខ្លួនឯងទៅអង្គុយនៅខាងក្រោយ ព្រោះខ្ញុំធ្លាប់ប្រាប់គាត់ថា ខ្ញុំជាមនុស្សពុលឡានណាស់! ពេលនោះខ្ញុំស្ទើរតែស្រក់ទឹកភ្នែក ព្រោះស្ញប់ស្ញែងនឹងអំពើល្អនេះពេក។ បន្តិចមក គាត់ក៏យកស្ករកៅស៊ូមកឲ្យខ្ញុំទំពារ ដើម្បីកាត់បន្ថយអាការពុលឡាន តែទោះយ៉ាងណាខ្ញុំនៅតែគេចពីការពុលមិនបាន។ ខ្ញុំចាប់ផ្តើមក្អួតវ៉កៗដាក់ថង់! គាត់រត់មកគក់ខ្នងឲ្យខ្ញុំ ហើយយកប្រេងកូឡាលាបតាមថ្ងាសនិងចិញ្ចើមរបស់ខ្ញុំ។ ហេតុអីក៏គាត់ល្អជាមួយខ្ញុំយ៉ាងនេះ? ខ្ញុំនិងគាត់មិនដែលស្គាល់គ្នាសោះ គឺទើបតែមកស្គាល់នៅពេលត្រៀមប្រឡងសិស្សពូកែជាមួយគ្នានេះឯង។ ពេលមកដល់សៀមរាប ខ្ញុំ គាត់ ណារ៉ា រួមនឹងបងម្នាក់ទៀត ក៏ដេកនៅក្នុងបន្ទប់ជាមួយគ្នា តែមានតែយើងបីនាក់ប៉ុណ្ណោះ ដែលត្រូវរ៉ូវគ្នាហើយចូលចិត្តទៅណាមកណាជាមួយគ្នា។ ខ្ញុំតែងចាត់ទុកគាត់ជាបងប្រុសដ៏ល្អម្នាក់របស់ខ្ញុំ … តែយើងក៏លែងបានជួបគ្នារហូត តាំងពីថ្ងៃដែលគាត់ប្រឡងជាប់បាក់ឌុបរួចមក។ មកដល់ថ្ងៃនេះ ខ្ញុំនៅតែមិនបានទទួលដំណឹងពីគាត់ដដែល…
មកដល់ថ្ងៃនេះ! ថ្ងៃ១០កក្កដា២០០៩ ខ្ញុំនៅតែគេចមិនផុតពីការបែកគ្នាដដែល… ព្រោះនេះជាក្រឹត្យក្រមរបស់ធម្មជាតិ មានជួបត្រូវតែមានបែក! ខ្ញុំនិងផនសាវ៉ាន់(ឈ្មោះចិនCui Zhi Hu) ស្គាល់គ្នាមួយឆ្នាំហើយ នាងជានិស្សិតចិនមកពីខេត្តគាន់មីង ហើយមករៀននៅលាវនេះតែមួយឆ្នាំប៉ុណ្ណោះ ព្រោះនាងរៀនភាសាលាវនៅប្រទេសចិន៣ឆ្នាំហើយ និងមកបន្តនៅទីនេះថែមមួយឆ្នាំទៀត។ ខ្ញុំស្គាល់នាងដំបូង គឺនៅពេលដែលខ្ញុំទ្រាំនឹងចម្ងល់ស្រួលៗរបស់នាងមិនបាន ហើយគ្រូលាវទៀតសោត គ្មានបច្ចេកទេសអីក្នុងការពន្យល់សោះ ខ្ញុំក៏ងើបឡើងជួយអធិប្បាយពន្យល់នាង ហើយនាងក៏យល់ យើងទាំងពីរក៏ស្គាល់គ្នាតាំងពីពេលនោះមក។ ជារឿងធម្មតាសម្រាប់ខ្ញុំ ដែលតែងទទួលការចាប់អារម្មណ៍ ពីនិស្សិតបរទេសដទៃៗទៀត មិនថាចិន ជប៉ុន កូរ៉េ ឬយួនលាវនោះទេ ព្រោះនរណាៗមើលមកខ្ញុំក៏ឃើញថា ជាសិស្សបរទេសម្នាក់ដែលឆ្នើមជាងគេក្នុងចំនោមនិស្សិតទាំងអស់។ ម្យ៉ាងខ្ញុំជានិស្សិតម្នាក់ដែលចូលចិត្តជួយយកអាសារអ្នកដទៃ ពិសេសអ្នកដែលមកដល់ប្រទេសលាវដំបូង ព្រោះខ្ញុំយល់ពីអារម្មណ៍របស់អ្នកទាំងនោះច្បាស់ណាស់ គឹពួកគេត្រូវការជំនួយនិងភាពកក់ក្តៅ។ មួយថ្ងៃទៅមួយថ្ងៃ ផនសាវ៉ាន់ចូលចិត្តធ្វើអំពើល្អផ្សេងៗតបមកខ្ញុំវិញ នាងចូលចិត្តទិញសៀវភៅ នំចំណី និងម្ហូបអាហារយកមកផ្ញើខ្ញុំជានិច្ច។ នាងជាមនុស្សមានចិត្តទូលំទូលាយណាស់ នរណាៗក៏ចូលចិត្តនាងដែរ(Friendly) គ្រប់ពេលដែលខ្ញុំមានបញ្ហា នាងគឺជាទីប្រឹក្សាដ៏ល្អ! មិនថាបញ្ហាមិត្តភក្តិ ឬបញ្ហាបេះដូងនោះទេ នាងមានគំនិតនិងយោបល់ល្អៗសម្រាប់ខ្ញុំជានិច្ច។ ថ្ងៃមួយដែលខ្ញុំមានបញ្ហាទាស់សម្តីគ្នាជាមួយសង្សារបណ្តូលចិត្ត
ខ្ញុំមិនបានទៅរៀនទេ ហើយខ្ញុំនៅសម្ងំតែក្នុងបន្ទប់ ថ្ងៃនោះខំអីផឹកស្រាឲ្យងាប់ខ្លួនហើយ ខំតែមានមេសេចគម្រាមមកពីស្រុកខ្មែរទេ
ហើយបានផនសាវ៉ាន់នេះហើយ មកនិយាយលួងលោមខ្ញុំ និងទិញបាយមកឲ្យខ្ញុំញ៉ាំ។ និយាយតាមត្រង់ គេជាមនុស្សតក្កនិយម ឯខ្ញុំជាមនុស្សមនោនិយម ចូលចិត្តប្រើមនោសញ្ចេតនានិងបញ្ហាផ្លូវចិត្តជាងអ្វីៗទាំងអស់។ គេពន្យល់ខ្ញុំច្រើនណាស់ ទើបខ្ញុំសម្រេចចិត្តដើរតាមផ្លូវរបស់គេ ហើយត្រឡប់មកសុំទោសម្ចាស់ជីវិត ដែលប៉ិនង៉ក់ងបំផុតនោះ។ ផនសាវ៉ាន់ជាមនុស្សស្រីដែលក្លាហាន គេហ៊ាននិយាយបញ្ហានៅក្នុងចិត្តប្រាប់ខ្ញុំ… នៅពេលគេប្រាប់ទើបខ្ញុំដឹងថា គេស្រឡាញ់ខ្ញុំ តែក៏ពេញចិត្តនៅពេលឃើញខ្ញុំមានសេចក្តីសុខជាមួយមនុស្សដែលខ្ញុំស្រឡាញ់។ គេមិនតូចចិត្តទេ តែគេស្តាយក្រោយ ដែលព្រហ្មលិខិតមិនបណ្តាលឲ្យគេមកជួបខ្ញុំ បានលឿនជាងនេះ។ ខ្ញុំពិតជាស្ញប់ស្ញែងនឹងទឹកចិត្តរបស់គេមែន… ហើយខ្ញុំនឹងមិនភ្លេចមិត្តល្អ ចិត្តទូលាយម្នាក់នេះទេ។
ខ្ញុំនៅមានមិត្តល្អៗជាច្រើននាក់ទៀត ដែលនៅមិនទាន់រៀបរាប់អស់… ឱកាសក្រោយខ្ញុំនឹងនិយាយពីពួកគេប្រាប់បន្តទៀត។ ធ្វើល្អចំពោះអ្នកដទៃ គឺគ្មានថ្ងៃនឹងទទួលអំពើអាក្រក់ ពីគេមកវិញនោះទេ… តែបើអំពើល្អរបស់យើង ធ្វើឲ្យគេមិនសប្បាយចិត្ត គ្រាន់តែញញឹមទទួល ហើយដើរចេញទៅ អ្វីៗនឹងចប់ដោយងាយ។










រឿងរបស់បងស្រដៀងខ្ញុំដែរ គឺអោយតែមិត្តសំលាញ់របស់ត្រូវចាកចេញពីខ្ញុំរហូត រហូតធ្វើអោយខ្ញុំមានការធន់ទ្រាន់ក៏សំរេចចិត្ត មិនខ្ចីរាប់អានមិត្តភ័ក្រ្ត មិនចាប់អារម្មណ៏ និងអ្នកនៅជុំវិញខ្លួន គិតតែងប់ងល់នឹងសៀវភៅ ជាមនុស្សសោះអង្គើយ ធ្មឹងៗ គ្មានមិត្តនឹងគេ ព្រោះគិតថាអោយតែមានមិត្តសំលាញ់ គេប្រាកដជាចាកចេញពីខ្ញុំដូច្នេះសុខចិត្តឯការវិញប្រសើរជាង ។ លុះដល់មហាវិទ្យាល័យ អ្វីៗក៏ប្រែប្រួលព្រោះខ្ញុំចាប់ផ្តើមមានគំនិតថ្មី មានអីអាឡូវមិត្តភ័ក្រ្តរាប់ភ្លេច ហើយមិនត្រឹមប៉ុននឹងទេ ច្រឡឺមក៏ច្រឡឺម រពឹសក៏រពឹសដែរ។ គិតសព្វៗតូវមានតែពេលវេលាអាចកែប្រែអ្វីៗគ្រប់យ៉ាងបាន
ស្នេហាធ្វើឲ្យមនុស្ស ឆ្កួត ជួនសើច ជួនទៅយំ ជួនកាលទៀតក្រេស៊ីតាហ្មង!
ខ្ញុំដូចមិនឃើញអីល្បង???
និយាយពីរឿងស្នេហា ខ្ញុំស្មានមិនដល់ទាយមិនត្រូវ ជួនកាលធ្វើអោយឈឺក្បាល ជួលកាលធ្វើអោយមានកម្លាំងចិត្ដ
ជួប រឺព្រាត់ជារឿងធម្មតាទេសម្រាប់សត្វលោក
តែសូមឲ្យការជួប និងការព្រាត់ បន្សល់ទុកនូវភាពរីករាយ និងស្និទ្ធស្នាល …