នំបញ្ចុកក្នុងផ្នត់គំនិតខ្មែរ ខែ កក្កដា 13, 2009
Posted by ផ្កាយNovels in ចំណេះដឹងទូទៅ, វប្បធម៌ប្រពៃណី, អាហារខ្មែរ.trackback
ក្នុងបំណងជួយផ្សព្វផ្សាយវប្បធម៌ជាតិ
«នំបញ្ចុក» គឺជាមុខម្ហូបមួយប្រភេទ កើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ សម្រាប់ស៊ីចុកបន្ទាប់ពីបាយដែលជាអាហារប្រចាំថ្ងៃ ប្រកបដោយរសជាតិប្លែក មានជីរជាតិសំខាន់ច្រើនយ៉ាង ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀត មានទឹកសម្ល និងរបោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និងតាមតំបន់នីមួយៗ។
នំបញ្ចុកផលិតចេញពីម្សៅអង្ករ ដែលបានមកពីរុក្ខជាតិមួយប្រភេទ ហៅថា«ស្រូវ»។ តាមជំនឿជាប្រពៃណីពីបុរាណ របស់ប្រជាជនកម្ពុជាដែលបានចាត់ទុក«ស្រូវ» ជាវត្ថុមានគុណបំណាច់ខ្ពស់ក្នុងការចិញ្ចឹមមនុស្សលោក រហូតប្រសិទ្ធិឈ្មោះផ្សេងទៀតថា «ព្រះមេរុ ឬប្រពៃស្រព» ហើយដើម្បីជាការរំឭកដល់គុណប្រយោជន៍នៃវត្ថុដ៏ថ្លៃថ្លានេះ ទើបប្រជាជនខ្មែរចូលចិត្តយកចំណីចំណុកជាកត្តាសំខាន់ក្នុងការប្រគេនភត្តាហារចំពោះព្រះសង្ឃ និងជាអាហារសម្រាប់លាងភ្ញៀវនៅក្នុងឱកាសបុណ្យ«ដារលាន» ដែលជាពិធីរំឭកគុណព្រះអគ្គី ព្រះធរណី ព្រះគង្គា និងព្រះពាយផងដែរ ក្រោយពីការច្រូតកាត់ប្រមូលផលស្រូវទុកដាក់រួចរាល់ហើយ។
ទន្ទឹមនឹងនេះ ចំណីនំបញ្ចុកក៏បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមនិយមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ សឹងជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្តងម្កាលថែមទៀតផង។ មិនតែប៉ុណ្ណោះនំបញ្ចុកកាន់តែបានទទួលនូវការនិយមជាទូទៅ និងខ្លាំងឡើងទៀតក្នុងគ្រប់ស្រទាប់ប្រជាជន ដែលបានកែច្នៃគ្រឿងផ្សំសម្រាប់ស៊ីចុកបានជាច្រើនមុខថែមទៀត ដូចជាទទួលទានជាមួយសម្លខ្ទិះ(ការី) ផ្ទាប់ជាមួយសាច់ផ្សេងៗដែលអមទៅដោយទឹកគ្រឿងជាដើម។ ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបបានជា«ការធ្វើនំបញ្ចុក» ក្លាយជាមុខរបរមួយដ៏ប្រសើរប្រចាំជីវភាពគ្រួសារ ព្រោះជារបរមួយសាមញ្ញ ប្រើប្រាស់នូវឧបករណ៍ធម្មតា ដែលជួនកាលគេអាចកែច្នៃធ្វើដោយខ្លួនឯងបានដូចជា៖ ប៉ែន កញ្ជ្រែង កញ្ជើ កន្ត្រង ត្បាល់បុក ត្បាល់ជាន់ ត្បាល់កិនជាដើម។ ម្យ៉ាងទៀតពុំចាំបាច់មានចំណេះវិជ្ជាជ្រៅជ្រះផងទេ គឺប្រើប្រាស់ត្រឹមកម្លាំងកាយ និងការអំណត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ ធ្វើផ្ទាល់ជាមួយអ្នកចេះតែបីបួនដងប៉ុណ្ណោះ។
អំពីជំនឿទាក់ទងនឹងការធ្វើនំបញ្ចុក
ដូចបានជម្រាបខាងលើរួចមកហើយថា ប្រជាជាតិកម្ពុជាមានវប្បធម៌អរិយធម៌ខ្ពង់ខ្ពស់ សម្បូរទំនៀមទម្លាប់និងប្រពៃណីផ្សេងៗ។ យ៉ាងណាមិញរាល់ការសាងសង់ បង្កើតផលិតនូវអ្វីមួយសុទ្ធសឹងមានវិធីផ្តើម ឬតំណមខ្លះៗជាដរាប។ ក្នុងការផលិតនំបញ្ចុកក៏មានពិធីបន្តិចបន្តួច និងតំណមខ្លះៗដែរ ដែលទន្ទឹមនឹងការប្រើប្រាស់កម្លាំងសមត្ថភាពរបស់រូប គឺនៅមានពឹងលើកម្លាំងខាងក្រៅផងដែរ។ មុននឹងចាប់ផ្តើម អ្នកផលិតតែងអុជទៀនធូប អមដោយដង្វាយជាសំណែនបន្តិចបន្តួច មាននំនែកផ្លែឈើស្លាបារី បន់ស្រន់ចំពោះទេវតា អ្នកតា ឬម្ចាស់ទឹកដី សុំឲ្យជួយថែរក្សាសុំឲ្យបានសេចក្តីសុខចម្រើនក្នុងមុខរបររបស់ខ្លួន។
ចំពោះតំណមអ្នកធ្វើនំបញ្ចុក បានប្រកាន់ជំនឿខ្លះៗទៅតាមចំណាំរៀងៗខ្លួន រហូតដល់គេអះអាងថា មានភាពសក្តិសិទ្ធទៀតផង។ គឺនៅពេលកំពុងធ្វើគេតមមិនឲ្យមានឈ្លោះប្រកែកគ្នា មិនឲ្យយកភ្លើងពីជើងក្រានបន្តទៅក្រៅឬអុជបារី យកអ្វីមកដុតអាំងចម្អិននៅក្នុងជើងក្រាននោះជាដើម។ ប្រសិនបើប្រព្រឹត្តកន្លងប្រការណាមួយនោះ នឹងនាំបណ្តាលឲ្យមានបាតុភូតផ្សេងៗដូចជា នំធ្វើពុំបានល្អ ម្សៅជ្រាយជ្រុល ឬសរសៃនំផុយដាច់ៗជាដើម។
សម្លប្រហើរនំបញ្ចុក
*គ្រឿងផ្សំ
ត្រីឆ្អើរ ឬសាច់ត្រីស្រស់ស្ងោរឆ្អិន ប្រហុក ស្លឹកគ្រៃ ខ្ទឹមស ខ្ជាយ រមៀត អំបិល ស្ករ។
*វិធីស្ល
១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះយកសាច់ឲ្យល្អិតៗ។
២. ស្លឹកគ្រៃហាន់ល្អិតៗបុកឲ្យម៉ត់ ដាក់ខ្ទឹមស ខ្ជាយ រមៀត បុកលាយជាមួយគ្នា។
៣. យកសាច់ត្រីដែលបេះរួចមកបុកលាយជាមួយគ្រឿង។
៤. ដាំទឹកឲ្យពុះ ជ្រុំប្រហុក រួចបង់សាច់ត្រី ដែលបុកលាយជាមួយគ្រឿង។
៥. ដាំ២-៣អំពុះទើបបង់អំបិល ស្ករ ភ្លក្សតាមចូលចិត្តជាការស្រេច។
*សម្លប្រហើររបៀបនេះសម្រាប់ញ៉ាំជាមួយនំបញ្ចុក។
សេចក្តីសន្និដ្ឋាន
សិល្បៈនៃការដាំស្លធ្វើម្ហូបអាហារ សម្រាប់ទ្រទ្រង់ជីវិតរបស់ជនជាតិខ្មែរ មានដើមកំណើតតាំងពីយូរយារណាស់មកហើយ គឺបានដើរទន្ទឹមគ្នា នឹងការកកើតវប្បធម៌ដើមមកម្ល៉េះ ហើយដោយការរីកលូតលាស់ខ្ពស់ខាងបញ្ញាស្មារតីរួមផ្សំ និងកត្តាឧស្សាហ៍ព្យាយាមរបស់ជនជាតិខ្មែរ នាំឲ្យការច្នៃប្រឌិតជីវភាពរស់នៅក៏កាន់តែប្រសើរឡើង ជាលំដាប់រហូតរៀងមកបច្ចុប្បន្ន។
(យោងឯកសាររបស់លោក ចាន់ ភក្តី)












ហ្អាក់!!!! អត់ដាក់ដូងទេ?
តាមក្បួនស្លរបស់ខ្មែរយើងបុរាណគឺអត់មានដាក់ខ្ទិះដូងទេ តែដោយវិវត្តិន៍ទៅតាមសម័យកាលនិងការនិយមចូលចិត្ត ទើបឥឡូវនេះគេស្លដាក់ខ្ទិះដូង និងខ្លះដាក់ប៊ីចេង ឬអ្វីផ្សេងទៀតដែលគេចូលចិត្ត។
ឃើញរូបហើយ នឹកស្រក់ទឹកមាត់តែម្ដង
yummy no matter what, I miss srok khmer! ;(