ថ្ងៃកំណើតដ៏សោកសៅ ខែ កក្កដា 15, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទស្សនៈសង្គម, មិត្តគឺខ្ញុំ, រយពាន់យោបល់.trackback
សុជាតិគឺជាមិត្តរបស់ខ្ញុំ ហើយក៏ជាសង្សាររបស់សារី មិត្តដ៏ជិតស្និទ្ធម្នាក់របស់ខ្ញុំដែរ។ ពួកយើងទាំងបីជាមិត្តល្អនឹងគ្នា ហើយស្និទ្ធស្នាលនឹងគ្នាខ្លាំងបំផុត ជាងនិស្សិតខ្មែរដទៃៗទៀត ដែលមករៀននៅលាវនេះ។ មានអ្វីប្លែកពិសេសញ៉ាំ ពួកយើងមិនដែលរំលងគ្នាទេ។ ថ្ងៃនេះថ្ងៃ១៥កក្កដា គឺជាថ្ងៃខួបកំណើតរបស់សុជាតិ។
កាលពីព្រឹកសារីប្រាប់ខ្ញុំថា ល្ងាចនេះនឹងទៅញ៉ាំអីជាមួយគ្នានៅខាងក្រៅ ខ្ញុំក៏ងក់ក្បាលយល់ព្រម។ លុះពេលល្ងាចមកដល់ សុជាតិក៏គោះទ្វារបន្ទប់ចូលមករកខ្ញុំ។ នាងសួរខ្ញុំថា ល្ងាចនេះរវល់ទេ? ខណៈនោះខ្ញុំកំពុងអង្គុយរៀនហ្វូតូសបដោយខ្លួនឯង ហើយឆ្លើយតបដោយមិនងាកមើលថា ម៉េចគេ? ខ្ញុំធ្វើជាសោះអង្គើយបែបនេះ ព្រោះខ្ញុំបានឮមិត្តដទៃទៀតបបួលគ្នាទៅញ៉ាំអីនៅហាងខាងក្រៅ ហើយក៏បានបបួលនាងទៅដែរ។ តែនាងក៏បានប្រាប់ថា ជាប់ទៅហាងផ្សេងជាមួយខ្ញុំនិងសារីហើយ។
«ម៉េច! បងឯងរវល់ទេ ទៅញ៉ាំអីជាមួយគ្នានៅខាងក្រៅហ៊ី?»
ខ្ញុំដាក់ដៃចុះពីកុំព្យូទ័រហើយងាកទៅមើលនាង។ នាងទើបតែងូតទឹកហើយ និងស្លៀកពាក់យ៉ាងស្អាតបាតរួចជាស្រេច។ ងាកមកមើលខ្ញុំ ខ្លួនឡើងស្រមកដោយសារញើសដែលអង្គុយតាំងពីព្រឹកមិនទាន់បានសម្រាក។
«ចុះម៉េចមិនទៅជាមួយគេ?» ខ្ញុំសួរនាងបញ្ជាក់។
«ចាំទៅជាមួយបងនោះអី! តែបើបងរវល់ក៏មិនអីដែរ ខ្ញុំទៅជាមួយគេក៏បាន!»
«ទៅជាមួយគេចុះ! ទៅជាមួយបងអត់សប្បាយទេ ព្រោះបងមិនសូវចូលចិត្តភាពអ៊ូអរផង!»
«បងឯងនិយាយឲ្យស្រួលមើល! រវល់ឬអត់?»
ខ្ញុំមិនឆ្លើយ បានតែញញឹម ហើយរៀបចំបិទកុំព្យូទ័រ និងទាញកន្សែងថាប្រុងចូលងូតទឹក។
«ចុះពួកគេទៅហាងណា?» មុននឹងចូលបន្ទប់ទឹក ខ្ញុំងាកសួរ។
«ខ្ញុំក៏អត់ដឹងដែរ! ចាំសួរបងសារីសិន!»
ស្របពេលនោះ សារីក៏ដើរចូលមកដល់ល្មម៖
«បើថានេះ ទៅជាមួយគេទាំងអស់គ្នាតែម្តងទៅ ក៏សប្បាយដែរ!»
ខ្ញុំទាញទ្វារបន្ទប់ទឹកបិទគ្រឹប ទាំងឆ្លើយថា៖
«ខ្ញុំរវល់! ទៅជាមួយគេចុះ!»
តាមពិតខ្ញុំគ្មានរវល់អីទេ បើថារវល់គឺរវល់ទៅញ៉ាំអី ជាមួយពួកគេពីរនាក់នេះហើយ។ ក្រោយពីងូតទឹករួចរាល់ហើយ ខ្ញុំឃើញពួកគេទាំងពីរចុះទៅដល់ក្រោមជាស្រេច និងបម្រុងទាញម៉ូតូជិះទៅក្រៅ។ សារីក្រឡេកឃើញខ្ញុំ គេហៅខ្ញុំតែខ្ញុំដើរចូលក្នុងវិញធ្វើមិនឮ។ ក្រោយពីពួកគេទៅបាត់ ខ្ញុំសោកសៅយ៉ាងខ្លាំង។ ដៃខ្ញុំកំពុងកាន់កែវតែក្លិនម្លិះក្រអូបឈ្ងុយ តែខ្ញុំបែរជាមិនបានរំភើបនឹងក្លិននោះទៅវិញ។ ខ្ញុំចាប់ច្របាច់កែវកាន់តែណែនទៅៗ ហើយលើកបោកភុសទៅលើឥដ្ឋ។
ខ្ញុំជាមនុស្សពូកែតូចចិត្តខ្លាំងណាស់! នេះខ្ញុំកំពុងតែតូចចិត្តនឹងពួកគេ ដែលចាត់ទុកខ្ញុំមិនសំខាន់ស្មើនឹងមិត្តដទៃទៀត។ ពួកគេមិនដឹងថា ខ្ញុំបានទិញនំខេក សម្រាប់ថ្ងៃកំណើតគេរួចរាល់ហើយនោះទេ។ ខ្ញុំអន់ចិត្តយ៉ាងខ្លាំង! ខ្ញុំសម្លឹងទៅមើលមេឃយ៉ាងស្រងេះស្រងោច… ម៉ោង៧ទៅហើយ តែមេឃនៅក្រហមច្រាល ដោយរស្មីព្រះអាទិត្យរៀបអស្តង្គត។ ពិភពលោកនេះ ហាក់ដូចជាបោះបង់ខ្ញុំចោលឲ្យនៅតែម្នាក់ឯង…
ខ្ញុំបើកទូទឹកកកយកនំខេក ដែលរៀបទុកដាក់យ៉ាងត្រឹមត្រូវ ក្នុងប្រអប់ក្រដាស មកលាមើល ហើយសរសេរពាក្យជូនពរពីរបីម៉ាត់ មុននឹងយកទៅព្យួរចោលនៅមុខបន្ទប់របស់សុជាតិ។ រួចរាល់ហើយ ខ្ញុំក៏ចាក់សោបន្ទប់ ហើយដើរមកខាងក្រៅអន្ទេរតែម្នាក់ឯង។ ខ្ញុំទទួលអារម្មណ៍ថាសោកសៅយ៉ាងខ្លាំង មិនដឹងថាគួរទៅណាល្អ… ចុងក្រោយក៏សម្រេចចិត្តចូលមកហាងអ៊ីនធើណេត ហើយចាប់ផ្តើមសរសេរអារម្មណ៍នេះចេញមក។










ម៉ាក្រញ៉អាលូវ ប្អូនប្រុសមួយនេះ ប្រដៅប៉ុន្មានដងហើយថា មនុស្សកើតមកមិនបានយកធាតុជាគ្រូទាយមកតាមទេ បើមិននិយាយប្រាប់គេ គេដឹងថា យើងគិតអីទៅ? យ៉ាប់ហ្មង។
បើធ្វើបែបនេះ ដាក់ប្អូនរ៉េនណា បងរកសង្សារថ្មីអោយរ៉េនណាហើយ ប្រាប់អោយហើយ មិនអោយប្អូនស្រីបងទៅអង្គុយពិបាកចិត្តទាយចិត្តប្អូនទេណា។ ហេហេហេ
ស្តាប់ទៅដូចជាគ្មានរឿងអីធ្ងន់ធ្ងរផង ម៉េចក៏អាចម៍ផ្កាយចូលចិត្តងក់ងរដូច មនុស្សស្រីអញ្ចឹង? ចរិតបែបនឺងមិនមែនជាមនុស្សរឹងមាំទេ… ជាមិត្តជិតស្និទ ក៏ដោយ, សូម្បីតែប្តីប្រពន្ធក៏ដោយ ប្រការដែលសំខាន់បំផុតគឺនិយាយគ្នា អង់គ្លេស គេថា “ Dialogue” ឬ “ Communication” ចំណែកខ្មែរយើងវិញ ថា “ មនុស្សគេយកសំដី… ” ឬ “ ថោកអីនឹងដៃថ្លៃអីនឹងមាត់” ។ បើអាចម៍ផ្កាយ នៅតែធ្វើ ចរិតបែបនេះ ពិបាកនឹងរកអ្នកដែលនៅជាមួយបានស្រួលណាស់ ហើយជា ពិសេសនៅពេលមានគ្រួសារ ក៏កាន់តែពិបាកណា៎។
បែបដូចវណ្ណនិយាយហើយ គ្រប់គ្នាភាគច្រើនថាដូចវណ្ណចឹង! តែមែនឬមិនមែនមិនទាន់ដឹងទេ ទាល់តែសាក!
ពេលនេះកំពុងរៀនកែចរិតមិនល្អទាំងនេះចោល ព្រោះខ្លាចបងជ្រូកផ្តាច់ពាក្យ!
ចរិតមនុស្សពិតជាកែប្រែបានណា៎ ខំប្រឹងទៅ, មិនអត់ប្រយោជន៍ទេ។
ដឹងខ្លួន ចេះកែខ្លួន ល្អហើយ។ ប្អូនប្រុសបងជាមនុស្សល្អស្រាប់ គ្រាន់តែអាត្មានិយមតិចតួច គឺបើចង់បានអ្វី ចង់បានផ្តាច់មុខ។ មិត្តភ័ក្រ្តផង នៅចង់បានដាច់មុខ មិនចង់អោយគេរាប់អានអ្នកដទៃ ទំរាំសង្សារ ហាហាហា មិនដឹងជា ប្រច័ណ្ឌយ៉ាងណាទេ បើកាងតែរហូតចឹងនោះ។
តែត្រូវចាំណាប្អូនសំលាញ់ គ្មាននរណាម្នាក់ជាកម្មសិទ្ធិរបស់យើង ដាច់មុខទេ។ សូម្បីតែរូបយើង មិនមែនជាកម្មសិទ្ធិរបស់យើងផង ទំរាំអ្នកដទៃនោះ។ រៀនបើកចិត្តអោយទូលាយណា។
បងកំពុងរកទៅលេងឡាវផង គិតប្រុយទៅដេកផ្ទះប្អូនអាលូវហ្នឹង។ ហាហាហា
មានអីបង អញ្ជើញមកចុះ ខ្ញុំស្វាគមន៍ជានិច្ច! មកថ្ងៃខែណាដែរ ខ្ញុំនឹងបានរៀបចំធ្វើទ្រុងជ្រូកថ្មីទុកចាំទទួល។
ហ្នឹងហើយ ធ្វើទ្រុងហ្នឹង មិនបាច់ធំពេកទេ តូចល្មមម៉ាខ្លួនអូនទៅបានហើយ។ ពេលបងទៅ ស្រួលប្រុសពៅ ដេកបានស្រួលក្នុងទ្រុងនោះ។
ចាំមើល រកបបួលរ៉េនណាទៅដែរ មិនដឹងជាចង់ទៅអត់ទេនៀក។ ហេហេហេ
ទៅណា…ហើយទៅអង្កាល? ចង់ស្ងាត់ៗឬ? តិចថាដើរខាំដៃខាំជើងគ្រប់គ្នា ឥលូវចង់បំបាត់មុខខ្ញុំផង…ហេហេហេហ
ចេះភ្លេច កូនថ្លែនអោយឈឹងទៅណ៏។ បើបានកូនថ្លែនទៅជាមួយ ពេលដាច់បាយដាច់អី គ្រាន់បានថ្លែនអាំងញ៉ាំ បណ្តោះអាសន្នដែរណេះ។ ទៅជាមួយគ្នាអត់ចឹង កូនថ្លែន។ ហេហេហេ
ហ្នឹងៗៗ! មិនដឹងនរណាចាត់ការនរណាទេពេលហ្នឹង…
កំពុងតែនឹកចង់ស៊ុបកន្ទុយជ្រូកផង…ហាហាហាហា
កន្ទុយបង កន្ទុយពិសេស កាត់ហើយ ដុះវិញ ដូចកន្ទុយជីងចក់ចឹង។ ណេះ យកមួយទៅស្ងោរស៊ុបទៅចឹង។ ហេហេហេ
ហ៊ឺយ ពូកែសរសេរម្ល៉េះ លោកម្ចាស់អឺយ…! ខ្ញុំអានមិនទាំងទាន់ផង…
ឥឡូវទំនេរច្រើន មិនដឹងធ្វើអីក៏ចេះតែសរសេរទៅ..
ជួនកាលមិនគួរណាចិត្តខ្លាំងទេ! មិនអីទេណា ១៥ ថ្ងៃទៀតក៏ដល់វេនខ្ញុំដែរ ត្រៀមតែនំខេកទៅបានហើយលឺអត់?
និយាយទៅខ្ញុំជាមនុស្សចិត្តច្រើនណាស់! ហើយខ្ញុំក៏មិនចូលចិត្តនិយាយអ្វីដែលខ្ញុំគិតនៅក្នុងចិត្តនោះទេ គឺខ្ញុំចង់ឲ្យគេទទួលដឹងដោយខ្លួនឯង។ ជាមិត្តនឹងគ្នា គួរតែយល់ចិត្តគ្នាហើយ ថាមិត្តត្រូវការបែបណា?
បើរាប់ទាំងវឌ្ឃនាទៀត ចូលដល់៦នាក់ហើយគ្រាន់តែខួបកំណើតក្នុងខែនេះ!
ខ្ញុំធ្លាប់មានពួកម៉ាកស៊េរី អាចម៍ផ្កាយ ដែរ។ មិនចូលចិត្តនិយាយចេញមក ចំៗទេ ចូលចិត្តលេងឲ្យវាស់ទឹកចិត្ត…សំណាងដែលខ្ញុំចេះប្រើអារម្មណ៍ និងទឹកចិត្តដែរ ខ្ញុំក៏អាចយល់។ តែទោះជាយ៉ាងណាក៏ដោយ ប៉ះមនុស្ស ដែលមានអារម្មណ៍ដូចគ្នាទើបយល់..ហើយមិនមែនយល់គ្រប់ពេលនោះទេ ជួនកាលយើងត្រូវនិយាយការពិតចេញមកដែរទើបបាន….
បើអញ្ចឹងខែហ្នឹង អាចម៍ផ្កាយ រហាមព្រោះទិញនំឲ្យគេហើយ:D
អត់យល់
។ ចុះក្រែងប្រាប់គេថារវល់ហ្អី? អ្នកណាទៅដឹងថាយើងកុំពុងគិតពីអី!!!
ប្រាប់តែមាត់តើ តែការពិតគ្មានរវល់អីទេ! រវល់ព្រោះខឹង ណាត់គ្នាពីព្រឹកហើយ នៅចិត្តរារែកអីទៀត? បើចង់ទៅជាមួយគេក៏ទៅៗ! មិនចាំបាច់មកសួរថារវល់ឬអត់ទេ!
09:38:51
16/7/09
Good morning!
I’m so sad and so sorry for yesterday that I told going out with you but when the evening came I went out with other friends. That restaurant I always want, but I can’t go there so yesterday I decided to go. I think no body knows what someone thinking about if they don’t speak what they want. The good way for best friends is good talking. You are always our best friend.
នេះគឺជាមេសិចដែលខ្ញុំបានទទួលពីសារី នៅព្រឹកនេះ។ គេមិនបានមកចូលរួមកាត់នំខេកជាមួយសុជាតិទេ ព្រោះគេអត់ដឹងថាខ្ញុំទិញមក។ ប្រហែលជាព្រឹកឡើងសុជាតិប្រាប់ហើយ ទើបគេមេសិចមកខ្ញុំ។