មិនគ្រប់ប្រាំ! ខែ កក្កដា 20, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ប្រលោមលោក, សៀវភៅផ្សេងៗ, សៀវភៅល្អៗ, អ្នកនិពន្ធបរទេស.trackback
«មិនគ្រប់ប្រាំ» គឺជាចំណងជើងរឿងជប៉ុនបែបស្វ័យជីវប្រវត្តិមួយ របស់អ្នកនិពន្ធអូតូតៈកិ ហ៊ីរ៉ូតៈដៈ (Ototake Hirotada)។ រឿងនេះមានភាពល្បីល្បាញណាស់នៅប្រទេសជប៉ុន ហើយត្រូវបានបកប្រែជាច្រើនភាសា។ សៀវភៅដែលខ្ញុំជួបប្រទះហើយបានអានខ្លះៗហើយនោះ គឺមានច្បាប់ជាភាសាថៃនិងភាសាលាវ។ មិនដឹងថា សៀវភៅនេះមានបកប្រែហើយឬនៅជាភាសាខ្មែរ?
រូបរាងស្រស់សង្ហាណាស់ ហេតុអី្វមិនគ្រប់ប្រាំ? តាមជំនឿរបស់ជនជាតិជប៉ុន រូបរាងសម្បទាសមប្រកបគ្រប់លក្ខណៈរបស់មនុស្សម្នាក់ ត្រូវមានអវយវៈគ្រប់ប្រាំគឺ ក្បាល ក ដងខ្លួន ដៃ និងជើង។ ចុះអ្នកនិពន្ធដ៏សង្ហាម្នាក់នេះ មានចំណុចខ្វះខាតត្រង់ណា ដែលនាំឲ្យមិនគ្រប់ប្រាំ?
ឃើញត្រឹមតែរូបថតកុំទាន់ប្រញាប់សន្និដ្ឋាន។ តាមពិតបុរសម្នាក់នេះ មានតែក្បាលនិងដងខ្លួនប៉ុណ្ណោះ គ្មានដៃគ្មានជើងអីទេ។ អូតូតាកិ ជាមនុស្សម្នាក់ដែលពិការតាំងពីនៅក្នុងផ្ទៃម្តាយម្ល៉េះ តែទោះយ៉ាងនេះក្តី ក៏គេនៅមានសមត្ថភាពរៀន និងក្លាយជាអ្នកនិពន្ធម្នាក់ដ៏ល្បីល្បាញបាន។ តាមរឿងដែលអូតូតាកិសរសេរ គេជាមនុស្សអំនួតខ្លាំងណាស់!
គេគ្មានដៃគ្មានជើង តែគេនៅហ៊ានក្លាហានតតាំងជាមួយមិត្តភក្តិរបស់ខ្លួន។ ពេលគេឈ្លោះជាមួយមិត្តភក្តិ គេហក់លោតដូចដុំបាល់ទៅរុញតុដែលមិត្តខ្លួនឈរឲ្យដួល។ គេគ្មានដៃជើង តែគេប្រើមាត់ខាំឲ្យគូសត្រូវស្រែកយំសុំចុះចាញ់បាន។
គេគ្មានដៃគ្មានជើង តែគេបបួលមិត្តភក្តិលេងបាល់ទាត់ បាល់បោះ និងលោតអន្ទាក់។ គេជាមនុស្សអំនួតណាស់! ដោយសារតែភាពអំនួតរបស់គេ ទើបគេមិនដែលចាញ់នរណា ព្រោះបើអួតហើយ ត្រូវតែធ្វើឲ្យបាន។ ដោយសារតែគេពូកែអួតទើបគេមានថ្ងៃនេះ!
និយាយពីសៀវភៅនេះ ច្បាប់ភាសាថៃខ្ញុំខ្ចីពីបណ្ណាល័យ ឯច្បាប់ភាសាលាវខ្ញុំទិញមួយឆ្នាំជាងហើយ! គឺទិញនៅថ្ងៃទី១៦ខែមិថុនា២០០៨ បើគិតមកដល់ថ្ងៃនេះ គឺ១ឆ្នាំ១ខែ៤ថ្ងៃហើយ តែខ្ញុំនៅមិនទាន់អានចប់សោះ! គឺទិញយកមកទុកចោល ទើបតែមានពេលអានប៉ុន្មានថ្ងៃមុននេះឯង។
ធ្វើជាអ្នកនិពន្ធគឺមិនត្រូវមើលរំលងសៀវភៅល្អៗ ឬសៀវភៅដែលគេល្បីគ្រប់គ្នាទូទាំងពិភពលោកនោះទេ ព្រោះក្រៅពីផ្តល់ចំណេះដឹងនិងបទពិសោធន៍ល្អៗដល់យើងហើយ គឺនៅផ្តល់មុខមាត់និងកិត្តិយសក្នុងចំណោមអ្នកនិពន្ធគ្នាឯងទៀតផង។
ហេតុអីបានជាខ្ញុំថាដូច្នេះ? ព្រោះគ្រប់ពេលដែលខ្ញុំជួបអ្នកនិពន្ធទាំងខ្មែរទាំងបរទេស គេតែងនិយាយគ្នាអំពីឈ្មោះសៀវភៅនិងឈ្មោះអ្នកនិពន្ធដែលល្បីៗ ហើយដែលអ្នកអាន-អ្នកនិពន្ធភាគច្រើនស្គាល់។ ដូចជាអ្នកនិពន្ធខ្លះសួរថា ធ្លាប់អានរឿងរបស់អ្នកនិពន្ធអង់គ្លេសរូបនេះ បារាំងរូបនោះ ជប៉ុន ឥណ្ឌា រូស្សី ឬអាមេរិច… រូបនេះរូបនោះទេ? បើអត់ស្គាល់សោះ ពិតជាបាក់មុខកណ្តាលចំនោមគេហើយ!
ឆ្លៀតឱកាសនេះ សុំប្រាប់ពីឈ្មោះអ្នកនិពន្ធទាំងខ្មែរនិងបរទេស ដែលខ្ញុំចូលចិត្តអាននិងស្រឡាញ់បែបបទការសរសេររបស់ពួកគាត់ម្តង… ក្រែងលោមានអ្នកណាពេញចិត្តអ្នកនិពន្ធតែមួយដូចខ្ញុំដែរ^^ ៖
អ្នកនិពន្ធខ្មែរ៖ លោក នូ ហាច។
អ្នកនិពន្ធអង់គ្លេស៖ លោក ជែនប្រោន(Emily Jane Bronte)
អ្នកនិពន្ធជប៉ុន៖ លោក អូតស៊ឹអ៊ិជិ (Otsuichi) ឬឈ្មោះពិត Hirotaka Adachi (安達 寛高,)
អ្នកនិពន្ធថៃ៖ លោក ស្រ៊ីប៊ូរះផា(ศรีบูรพา) ឬឈ្មោះពិត កុលាប សាយប្រតិដ្ឋ(กุหลาบ สายประดิษฐ์)
អ្នកនិពន្ធលាវ៖ គ្មាន(បែបមិនទាន់កើតទេដឹង!)
!










សុំសរសើរអ្នកទាំងអស់គ្នាហើយ ដែលចូលចិត្តអានសៀវភៅអញ្ចឹង ។ សំរាប់ខ្ញុំវិញក៏ចូលចិត្តដែរ តែមិនដែលមានពេលសោះ … hmmm..
ខ្ញុំមិនសូវបានអានសៀវភៅរបស់អ្នកនិពន្ធអាស៊ីទេ!
មូលហេតុៈ កាលនៅស្រុកខ្មែរអត់សូវឃើញមានគេលក់ជាភាសាខ្មែរ
អត់ចេះភាសាអាស៊ីទាំងនោះ(ជប៉ុន កូរ៉េ ថៃជាដើម) ហើយកាលនៅស្រុកខ្មែរខ្ញុំពិត ជាឆ្កួតជាមួយអ្នកនិពន្ធ រុស្ស៊ី សម្បើមណាស់.. ចូលចិត្តអានសៀវភៅស្តីពីសង្គ្រាម និង ប្រវត្តិសាស្ត្រ… អញ្ចឹងហើយបានជាអត់ស្គាល់អ្នកនិពន្ធអាស៊ីសោះ… ស្គាល់តែ Koji Suzuki អ្នកសរសេររឿង Ring តែម្នាក់ប៉ុណ្ណោះ។
អ្នកនិពន្ធខ្មែរៈ លោក ញ៉ុក ថែម
អ្នកនិពន្ធអង់គ្លេសៈ George Orwell, Elizabeth Waite, Dylan Jones និង Edgar Wallace
អ្នកនិពន្ធអាមេរិកៈ Mark Twain, Danielle Steel និង Harper Lee
អ្នកនិពន្ធរុស្ស៊ីៈ អាឡេកស៊ី អាវប៉ាឡិនកូ
អ្នកនិពន្ធឆែកៈ Božena Němcová, Tomáš Garrigue Masaryk និង Franz Kafka
អ្នកនិពន្ធអាល្លឺម៉ង់ៈ មិនទាន់ដឹងដែរ ព្រោះមិនដែលបានអានផង…
បើមានសៀវភៅល្អៗណែនាំអញ្ចឹង ពិតជាជួយចែករំលែកបទពិសោធន៍គ្នាមែន ទែន!
ហៅគាត់ ញ៉ែម ថុក វិញ ពីរោះស្តាប់ជាង
កាលពីក្មេងឆ្ងល់ដែរ… បើញ៉ុកហើយ ម៉េចក៏ចាំបាច់ថែម… ហាហាហហា
ចំពោះអ្នកនិពន្ធរូស្ស៊ី ខ្ញុំចូលចិត្តអានស្នាដៃរបស់លោក ម៉ាកស៊ីម គ័រគី។ រឿងដែលធ្វើឲ្យខ្ញុំចូលចិត្តលោកដំបូង គឺរឿង «ម៉ែ» ។
វាជាកេរ្តិ៍ដំណែលពីវិទ្យុសកម្មនៃគ្រាប់បែកបរិមាណូ។
oh, that makes sense to me!
អូ៎ មានតែប្រាំ, ក្បាល ក ដងខ្លួន ដៃ និងជើង ទេ? ដូចជាមានអារម្មណ៍ថាមិនទាន់គ្រប់…?!
ចុះបូរាណឯង មិនសម្លឹងចុះក្រោមមើលដោយខ្លួនឯងទៅ! រូបកាយមានដូចតែគ្នា… ពេលមើលឃើញអីប្លែក លើសពីខ្ញុំនិយាយប្រាប់ផង!
hahaha