jump to navigation

ពាក្យ​សន្យា ខែ កញ្ញា 29, 2009

Posted by ផ្កាយ​Novels in រឿងខ្លី, រឿង​ខ្មោច, អាថ៌កំបាំង-អភិនិហារ.
trackback

ស្នេហា​ដែល​មិន​សម​តាម​ប្រាថ្នា… ពាក្យ​សន្យា​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​វិល​វល់… ទំនួល​ខុស​ត្រូវ​ដែល​នៅ​ជាប់​ស្ទះ​ក្នុង​ចិត្ត… មុន​នឹង​ខ្លួនត្រូវ​ស្លាប់…

 

ខ្ញុំ​ជា​មនុស្ស​ដែលស្រឡាញ់​ពាក្យ​សត្យ ហើយ​មិន​ដែល​ធ្វើ​ខុស​សន្យានឹង​នរណា​ម្នាក់​ឡើយ​ ដែលនោះ​គឺ​ជា​​​មោទនភាពរបស់​ខ្ញុំ។

          «ចាប់​តាំង​ពី​ពេល​នេះ​តទៅ យើង​នឹង​រស់​នៅ​ជាមួយ​គ្នា​រហូត។»

          នេះ​គឺ​ជា​អ្វី​ដែល​នាង​និយាយ​ជាមួយ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​សុំ​នាង​រៀប​ការ។ ផ្ទៃ​មុខ​របស់​នាង​ដិតដាម​ដោយ​ទឹក​ភ្នែកនៃ​សុភមង្គល។ នាង​ស្អាត​ណាស់ ស្អាត​ដូច​ព្រះរាជនី​ក្នុង​​​ទេវកថា។

          «​នឹក​ថា​​បង​នឹង​មិន​សុំអូន​​រៀប​ការ​ទេ ព្រោះអូន​​រង់​ចាំថ្ងៃ​នេះ​​​យូរ​ណាស់​ហើយ!» នាង​​​​តវ៉ា។

          «គ្មាន​ផ្លូវ​ទេ រតន៍ក៏​ដឹង​ថា បង​រក្សា​សន្យា​ជានិច្ច! មិន​អ៊ីចឹង​ហ៎?…»

          «ព្រោះ​តែ​ពាក្យ​សន្យា​នេះ​ ​ ទើប​ធ្វើ​ឲ្យ​បង​​មាន​មោទនភាព​ជានិច្ច!» រតន៍​និយាយ​កាត់​ខ្ញុំ​  បណ្តើរ​សើច​បណ្តើរ។

          «មិន​បាច់​មក​ត្រាប់​តាមសម្តីបង​​ទេ!»

          «ក៏ព្រោះ​​​បង​​ចូល​ចិត្ត​និយាយ​បែប​នេះ មិន​មែន​ឬ? តែ​ណ្ហើយ​ចុះ! ដ្បិត​​​បង​ជាមនុស្ស​​បែប​នេះ​ហើយ ទើប​អូន​ស្រឡាញ់បង។»

និយាយ​ចប់​ នាង​ក៏​ឱប​ខ្ញុំ​យ៉ាង​ណែនមិន​ព្រម​លែង​ ហើយ​ខ្សឹប​ថា៖

          «អរគុណបង​ខ្លាំង​ណាស់! បង​ត្រូវ​ដឹង​ថា អូន​ជឿចិត្ត​បង​ជានិច្ច។»

          ខ្ញុំ​មិន​បាន​និយាយ​អ្វី​ទាំង​អស់​ គ្រាន់​តែ​ញញឹម​ជំនួស​សម្តីតប។

          នេះ​គឺ​ជាពាក្យ​សន្យា ​របស់​យើង​ទាំង​ពីរ​នាក់។ យើង​នឹង​នៅ​ជាមួយ​គ្នាយ៉ាង​មាន​   សេច​ក្តីសុខរហូត​ទៅ។

…ខ្ញុំ​សន្យា…​

 

រឿង​ស្នេហា​ខ្ញុំ​និង​រតន៍ឬ? ជួន​កាល​អ្នក​ទាំងអស់​គ្នា​អាច​នឹង​នៅ​សង្ស័យ​ថា ស្នេហា​របស់​ពួក​យើង​ចាប់​ផ្តើម​យ៉ាង​ណា?…

          យើង​ស្គាល់​គ្នា​ពេល​ចូល​រៀន​នៅ​ឆ្នាំ​ទី១។ ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ចូល​រៀនដំបូង​ ខ្ញុំ​​​មក​រៀន​យឺត​ទើប​ប្រញាប់​ប្រញាល់​មិន​បានជា​មើល​ ក៏​​ដើរ​ប៉ះ​ទង្គិច​នារី​រូប​ស្រស់​ម្នាក់​ រហូត​ធ្វើ​ឲ្យ​សៀវភៅ​នាង​ជ្រុះ​រាយ​ពេញ​ដី។ នៅ​ពេល​ខ្ញុំ​ឱន​ទៅ​រើស​សៀវភៅ​ជូន​នាង​ ក្បាល​ខ្ញុំ​ក៏​ប៉ះ​ទង្គិច​នឹង​ក្បាល​នាង​​ម្តង​​ទៀត​ ព្រោះ​នាង​ក៏​ឱន​រើស​សៀវភៅ​​ដូច​គ្នា។ មែន​ហើយ​! នារី​ម្នាក់​នោះ​គឺ​រតន៍​របស់​ខ្ញុំ​។ ព្រហ្មលិខិត​បាន​កំណត់​ឲ្យ​យើង​ទាំង​ពីរ ​ដើរ​លើ​ខ្សែ​ស្រប​តែមួយ​ជាមួយ​គ្នា តាំង​ពី​ថ្ងៃ​នោះ​រហូត​មក​ដល់​ថ្ងៃ​នេះ។

          រតន៍​ជា​នារី​ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ ដូច្នេះ​គ្មាន​រឿង​អ្វី​ប្លែក​ទេ​ ដែល​មាន​ប្រុសៗ​ជា​ច្រើន​មក​តាម​សុំ​ស្នេហ៍​នាង​ ហើយ​ទម្រាំ​ខ្ញុំ​យក​ឈ្នះ​ចិត្ត​នាង​បាន​​ក៏​ពិបាក​ដូច​គ្នា។ នាង​ជ្រើស​រើ​ស​យក​ខ្ញុំ​ ព្រោះ​នាង​ពេញ​ចិត្ត​ខ្ញុំ​ ដែល​ជា​មនុស្ស​រក្សាសន្យា ហើយ​ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ ខ្ញុំ​ក៏​មិន​ដែល​ធ្វើ​ឲ្យ​នាង​ខក​ចិត្ត​​ម្តង​ណា​ឡើយ។

យើង​ជា​សង្សារ​នឹង​គ្នា ​តាំង​ពី​ពេល​នោះ​មក។ យើង​និយាយ​ឆាប់​ចូល​គ្នា​ណាស់ ហើយ​ខ្ញុំ​ក៏​សន្យា​​ជាមួយ​នាងទៀត​​ថា ខ្ញុំ​នឹង​សុំ​រៀប​ការ​ជាមួយ​នាង ​នៅ​ថ្ងៃ​គម្រប់​ខួប​៧ឆ្នាំ​ដែល​យើង​ទាំង​ពីរ​បាន​ជួប​គ្នា។

រាល់ៗ​ល្ងាច ​ខ្ញុំ​តែង​តែ​ទៅផ្ទះ​​ជួល​របស់​នាង​។ យើង​តែង​តែ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ជានិច្ច។ នាង​ជា​អ្នក​ធ្វើ​ម្ហូប​ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជាមេផ្ទះ ដ៏​ល្អ​នៅ​អនាគត។ ចំណែក​ខ្ញុំ​​ដែល​ជា​មនុស្ស​ខ្ជិល​ច្រអូស ក៏​បានត្រឹម​​តែ​ជួយ​លាង​ចាន​នាង​ប៉ុណ្ណោះ។ គ្រប់​   វិនាទី​​ដែល​យើង​​នៅ​ជាមួយ​គ្នា ខ្ញុំ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់ ខ្ញុំ​ស្ទើរ​តែ​អត់​ទ្រាំ​រង់​ចាំ​ដល់​ថ្ងៃ​រៀប​ការ​មិន​បាន ខ្ញុំ​ចង់​តែ​រៀប​ការ​នៅ​ថ្ងៃ​ស្អែក​ៗនេះទេ! បាន​រៀប​ការ​ជាមួយ​រតន៍,​ នារី​ដែល​ខ្ញុំ​ស្រឡាញ់​ជាង​ជីវិត​ ប្រាកដ​​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​ គឺ​ជា​សេចក្តី​សុខ​ដែល​ធ្វើឲ្យ​ខ្ញុំ​​​​​ភ្លេចភ្លាំង​​ម្តង​ម្កាល​ទៅ​​​​​​​ថា ខ្លួន​ឯង​កំពុង​រស់​នៅ​លើ​ពិភព​លោក​មួយ​ ដែល​មាន​អ្នក​ដទៃ​ទៀត​រស់​នៅ​ជា​មួយ​​ដែរ។ ​​​

គ្រប់​យ៉ាង​មើល​ទៅ​គឺ​ដំណើរ​ការ​ល្អ​ធម្មតា រហូត​មក​ដល់​មួយ​ខែ​ មុនថ្ងៃ​រៀប​ការ​របស់​យើង​ រតន៍​ក៏​ប្រែ​ប្រួល​អស់…

រតន៍​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​នាង ​ដូច​ទម្លាប់​រាល់ៗល្ងាច តែ​នាង​មិន​ព្រម​និយាយ​ជាមួយ​​ខ្ញុំទេ។ ខ្ញុំ​ក៏​មិន​ដឹង​ថា​​ត្រូវ​ធ្វើ​យ៉ាង​ណាដែរ​ គឺ​បាន​តែ​ត្រឹម​អង្គុយ​ក្បែរ​នាង​ស្ងាត់ៗមើល​នាង​យំយែក។ ខ្ញុំ​អង្អែល​ដៃ​នាង​ថ្នមៗ នាង​សម្តែង​អាការភ្ញាក់រអារតិចៗ មុន​នឹង​គ្រញែង​ខ្លួន​​​​ដើរ​គេច​ចេញ​​ពី​ខ្ញុំ​ទៅ។

រតន៍​កើត​អីហ្ន៎? ខ្ញុំ​បាន​ត្រឹម​តែ​សួរ​ខ្លួន​ឯង​។ នាង​ព្រងើយ​កន្តើយ មិន​ចង់​និយាយ​ជាមួយ​ខ្ញុំ ប្រហែល​ជានាង​ខឹង​ព្រោះ​ជិត​ដល់​ថ្ងៃ​រៀប​ការ​ហើយ តែអ្វីៗ​គ្រប់​ច្រើន​យ៉ាង​នៅ​មិន​ទាន់​រៀប​រយ​ទេដឹង? ឬ​ក៏​នាង​រំភើប​ពេក ដែល​នឹង​​ក្លាយ​ជាកូន​ក្រមុំឆាប់ៗ​នេះ​ រហូត​កើត​ក្លាយ​ជាស្ត្រែស?

តែ​មិន​អី​ទេ… ខ្ញុំ​នឹង​អត់​ធន់ ​តាំង​ចិត្ត​តាំង​ជំហរ នៅ​ក្បែរៗ​នាងជានិច្ច។

កន្លង​ទៅ​៣ថ្ងៃ គ្រប់យ៉ាង​ក៏​នៅ​តែ​ខុស​​ប្រក្រតី​ដដែល។ នាង​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​អង្គុយ​ក្បែរៗ​នាង តែ​នាង​មិន​និយាយ​ជាមួយ​ខ្ញុំ​ ធ្វើ​ដូច​ខ្ញុំ​ហ្នឹង​គ្មាន​រូប​រាង គ្មាន​វិញ្ញាណ​សោះ​តែ​ម្តង។ តើ​នាង​កំពុង​ធ្វើអ្វី? នាង​ខឹង​ខ្ញុំ​ហ៎? ឬមួយ​ខ្ញុំធ្វើ​អ្វី​ខុស​ដែល​នាំ​ឲ្យ​នាង​មិន​ពេញ​ចិត្ត?​​

នៅ​ទីបំផុត​ខ្ញុំ​ក៏​សម្រេច​ចិត្ត​សួរ…

«រតន៍ អូន​កើត​អ…» ខ្ញុំ​មិន​ទាន់​នឹង​និយាយ​ចប់​ផង​ សំឡេង​គោះ​ទ្វារ​ក៏​លាន់​ឡើង​។ នាង​ងើប​ទៅ​បើក​ទ្វារ ក៏​លេច​រូប​លក្ខិណា​ មិត្ត​ជិតស្និទ្ធតែ​ម្នាក់​របស់​នាង​។

«គ្នា​ទិញ​ម្ហូប​មក សុំ​​ញ៉ាំ​បាយ​ជាមួយ​ម្នាក់​ដែរណ៎ា!»

លក្ខិណា​និយាយ​រាក់​ទាក់​នឹង​រតន៍​ដោយ​ញញឹម​ញញែម។

«អឺ… ចូល​មក។»

«សួស្តីលក្ខិណា!»

ខ្ញុំ​សួរ​រាក់​ទាក់​នាង​​ តែ​គេ​ទាំង​ពីរបែរ​ជាធ្វើ​ព្រងើយៗ ដូច​រូប​ខ្ញុំ​នេះ​គ្មាន​មុខ​នៅ​ទីនោះ។ ស្អីគេ!?? ដូច​ជាហួសហេតុ​ទេដឹង!!? មិន​ខ្លាច​គេ​ថា​គ្មាន​សុជីវធម៌​ទេហ៎ មើល​មក​ខ្ញុំ​នេះ​ថា​ជា​ស្អី​ទៅ??

ខ្ញុំ​ខ្វាយ​ខ្វល់​ពេក​ ក៏​គេច​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់​ដេក​ ហើយ​អ្វី​ម្យ៉ាង​នោះកាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វាយ​ខ្វល់​ទ្វេឡើង…

រតន៍​បានយក​រូប​ថត​របស់​យើង​ពី​រនាក់ ដែល​ធម្មតា​ដាក់​តាំង​នៅ​លើ​តុ​ក្បាល​ដំណេក​ ទៅ​ទុក​នៅ​ទី​ណា​ផ្សេង​ក៏​មិន​ដឹង។ ឃើញ​ដូច្នេះខ្ញុំ​កាន់​តែ​ពិបាកចិត្ត​ខ្លាំង​ឡើងៗ… ស្អីគេ ខ្ញុំ​មិន​ព្រម​ជាដាច់​ខាត!! ខ្ញុំ​មិន​ព្រម​ឲ្យ​រឿង​បែប​នេះ​កើត​ឡើង​ ដោយ​គ្មាន​ហេតុ​ផល​ទេ!!!

ខ្ញុំ​ក៏​ចាប់​ផ្តើម​រាវ​រក​យក​ស្លាប់​យករស់ តើ​រតន៍​យក​រូប​នោះ​ទៅ​លាក់ទុក​នៅឯណា? ទោះ​ជា​ត្រូវ​ឈ្លោះ​គ្នា​ព្រោះ​ខ្ញុំ​រុះរើ​បន្ទប់​នាង​ក៏​ដោយ​ចុះ នរណា​ឲ្យ​នាង​ធ្វើ​ហួស​ហេតុ​ដល់​ថ្នាក់​នេះ!!??

នៅ​ទីបំផុត ខ្ញុំ​ក៏​ឃើញ​ស៊ុម​រូប​ថត​នោះ នៅក្នុងថត​តុមួយ។ នាង​ផ្កាប់​រូប​នោះ​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុងថត​។ ខ្ញុំ​ទាញ​វា​ចេញ​មក​ ហើយ​យក​ទៅ​ដាក់​តាំង​នៅ​កន្លែង​ដើម។ រួច​រាល់​ហើយ ក៏​ប្រញាប់​ប្រញាល់ចេញ​ពី​បន្ទប់ ​ដោយ​សេចក្តីក្រោធខឹង។ ខ្ញុំ​ទាញ​ទ្វារ​បន្ទប់​បិទ​លាន់​សូរ​គ្រាំង!!!

 លក្ខិណា​ភ័យស្លន់​ស្លោ​​ស្រែក​ភ្លាត់​សំឡេង…

«បើ​គេនៅ​តែវិល​វល់ មិន​ទៅ​ណា​​បែប​នេះ តើ​ឯង​មិន​ខ្លាច​ទេ​ឬ​​ រតន៍​?»

«គេនៅតែ​អ៊ីចឹង​រហូត​មក​​ហើយ តាម​​ខ្ញុំ​ជាប់​រាល់ៗ​ថ្ងៃ ​មិន​ព្រម​ទៅ​ណា​ទេ។»     

រតន៍​​​តប​មួយៗហើយ​ក៏​ស្រវាឱប​លក្ខិណាយំ​ខ្សឹកខ្សួល ។

នេះ​ស្អីគេ មា​នរឿង​អី​កើត​ឡើង???

សូម​រង់​ចាំ​អាន​វគ្គ​បញ្ចប់!

វិចារ»

1. សុភា - ខែ កញ្ញា 30, 2009

ហ្អាក មាន​រឿង​អី​កើត​ឡើង។ នេះ​ប្រហែល​ជា​រតន៏​គិត​ថា ម្នាក់​ណឹង​ព្រម​រៀប​ការ​ជាមួយ​គេ​ក៏​ព្រោះ​តែ​ពាក្យ​សន្យា​ទេដឹង?

2. វឌ្ឍនា - ខែ កញ្ញា 29, 2009

សង្ស័យតែស្រីរតន៍ ហ្នឹងជ្រិញមុខនាយហ្នឹងដល់កហើយដឹងនេះ! កុំទុកយូរដូចខ្ញុំអីណា ដាក់វគ្គបញ្ចប់អោយឆាប់ៗមកចុះ។