jump to navigation

ពាក្យ​សន្យា(តចប់) ខែ តុលា 1, 2009

Posted by ផ្កាយ​Novels in រឿងខ្លី, រឿង​ខ្មោច, អាថ៌កំបាំង-អភិនិហារ.
trackback

ខ្ញុំ​មិន​បាន​មក​រក​រតន៍​៤ថ្ងៃ​ពេញ ព្រោះ​នៅ​ខឹង​នឹង​នាង​ច្រើន​រឿង​ដែរ…។ នាង​ទៀត​ក៏​ចិត្ត​អាក្រក់​មិន​ព្រម​ទូរស័ព្ទ​មកលួង​ខ្ញុំ​សោះ។ ថ្ងៃ​នេះ​ ខ្ញុំ​ហាក់​ដូច​ជា​ស្ងប់ចិត្ត​បាន​ខ្លះ​ហើយ ទើប​គិត​ថា​នឹង​ទៅនិយាយ​ជាមួយ​នាង​ឲ្យ​ច្បាស់លាស់​ ឲ្យ​ដឹង​រឿងដឹង​​រ៉ាវ​​តែ​ម្តង​ទៅ​ល្អ​ជាង​។

នាង​មិន​លួង​ខ្ញុំ​ ខ្ញុំ​ទៅ​លួង​នាង​វិញ​ក៏​បាន។ ​ជា​សង្សារ​នឹង​គ្នា​ ខុស​ត្រូវ​ធ្ងន់​ស្រាល​​បន្តិច​បន្តួ​ចក៏​ត្រូវ​ចេះ​អធ្យាស្រ័យ​ចំពោះ​គ្នា  ហើយ​ដែល​សំខាន់​យើង​ក៏​កំពុង​ជិត​រៀប​ការ​នឹង​គ្នា​ផង​ ឲ្យ​មក​ធ្វើ​ដូច​កូន​ក្មេង​ម៉េច​នឹង​កើត ង​ចុះ​ង​ឡើង​ចប់​មួយ​អាទិត្យ​ដល់​មួយ​អាទិត្យ​ ច្បាស់​ជា​មិន​សក្តិ​សម​ណាស់​ទៅ​ហើយ។

ខ្ញុំ​ទៅ​រក​នាង​នៅ​បន្ទប់ ​ឃើញ​បន្ទប់​មិន​ចាក់​សោ ក៏​លួច​ចូល​ទៅ។ ថ្ងៃ​នេះ​ខ្ញុំ​ក៏​បាន​ទិញ​ផ្កាកុលាប​ជូន​នាង​ ដើម្បី​ឲ្យនាង​​ភ្ញាក់​ផ្អើល​ផង។ ខ្ញុំ​គិត​ថា​នឹង​យក្​ផ្កា​កុលាប​ទៅ​ដាក់​នៅ​ខាង​មុខ​រូប​ថត​របស់​យើង​លើ​តុ​​ក្បាល​ដំណេក​។ តែ… ដូច​ដើម នាង​យក​រូប​ទៅ​លាក់​ទុក​នៅ​ឯណា​ទៀត​ហើយ​ក៏​មិន​ដឹង? ចង់​លេង​លាក់​ពួន​ជាមួយ​ខ្ញុំ​ឬយ៉ាង​ម៉េច? ទោះ​លាក់​យ៉ាង​ណា​ក៏​ខ្ញុំ​រក​ទាល់​តែ​ឃើញ​ដដែល! ខ្ញុំ​យក​រូប​មក​ដាក់​តាំង​នៅ​កន្លែង​ដើម ហើយ​ក៏​យក​ផ្កាកុលាប​ដាក់​ខាង​មុខ​រូប។

ខ្ញុំ​​ដើរ​ចេញ​មកក្រៅ​បន្ទប់​គេង​ ឃើញ​នាង​កំពុងឈរ​លាង​ចាន​។ នាង​មើល​ទៅ​ហាក់​​ដូច​ជា​សោក​សៅ​យ៉ាង​ចម្លែក។ មាន​អ្វី​កើត​ឡើង​ឬរតន៍? អូន​មា​នរឿង​អ្វី​លាក់​នៅ​ក្នុង​ចិត្ត​មែន​ទេ?

នាង​នៅ​តែ​បន្ត​លាង​ចាន​ដូច​ដើម ធ្វើ​ជា​មើល​មិនឃើញ​ខ្ញុំ​និង​ស្តាប់​មិនឮ​ខ្ញុំ​សួរ។ ខ្ញុំ​សម្រេច​ចិត្ត​ឈរ​ចាំ​នាង។​ ណ្ហើយ! មិន​ឃើញ​ក៏​មិន​ឃើញ ចាំ​ឲ្យ​នាង​ទៅ​ឃើញផ្កា​កុលាប​ក្នុង​បន្ទប់​សិន​ អ្វីៗ​ក៏​ស្រេច​បាត់​ទៅ​ហើយ!! ភាព​រ៉ូមែន​ទិកបន្តិច​បន្តួច ដែល​ភ្ជាប់​មក​ជាមួយ​នឹង​ផ្កា​កុលាប​​ ក៏​ប្រហែល​ជា​អាច​ជួយ​អ្វីៗ​ឲ្យ​បាន​ប្រសើរ​​ឡើង​វិញ​ខ្លះ។

រំពេច​នោះ ​ក៏​មាន​មនុស្ស​មក​គោះ​ទ្វារ។ នាង​ប្រញាប់​ជូត​ដៃ​ ហើយ​ដើរ​កាត់​មុខ​ខ្ញុំ​ទៅបើក​ទ្វារ​យ៉ាង​ប្រញាប់​ប្រញាល់​ ដោយ​​ធ្វើ​ជា​មើល​មិន​ឃើញ​ខ្ញុំ​ដូចគ្រាៗ​មុន!

ទ្វារ​របើក​ក៏​លេច​រូប… កិត្តិគុណ​ចេញ​មក។

កិត្តិគុណ ​​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​​តែ​មួយ​ជាមួយរតន៍ ហើយ​វា​ក៏​ដឹង​យ៉ាង​ច្បាស់​ថា   រតន៍​​មាន​សង្សារ​រួច​ទៅ​ហើយ តែ​វា​ក៏​នៅ​តែ​មក​លេង​មិន​ស្វាង​ គឺ​ព្រោះ​វា​ចង់​ដណ្តើម​រតន៍​​ពី​ខ្ញុំ​នោះ​អី!!! ខ្ញុំ​ទ្រាំ​មិន​បាន​ក៏​ក្រោក​ឡើង ​ដើរ​សំដៅ​ទៅមាត់​ទ្វារ​ដែរ។

«ហ៊ើយ! មក​ធ្វើ​អីហ៎?»

ខ្ញុំ​ស្រែក​សួរ​អាគុណ តែ​វា​ធ្វើ​ជា​មិន​ចាប់​អារម្មណ៍​។

«​ត្រឡប់​ទៅ​វិញ​ទៅ ទីនេះ​គ្មាន​នរណា​ស្វាគមន៍​ឯង​ទេ!» ខ្ញុំ​គំហកដាក់​វា​ម្តង​ទៀត។

ខ្ញុំ​គិត​ថា​ ខ្ញុំ​ស្រែក​​ខ្លាំងអស់​ប៉ុណ្ណឹង​​ហើយ ព្រម​ទាំង​គំហក​ដាក់​វាដដែលៗទៀត តែ​អ្នក​ទាំង​ពីរ​​ធ្វើ​ជា​ព្រងើយៗ ដូច​ជា​គ្មា​ន​រូប​ខ្ញុំ​នៅ​ទីនោះ។ ពួក​គេ​ឈរ​និយាយ​គ្នា​ដូច​គ្មា​ន​ឮ​ខ្ញុំ​និយាយ​សោះសូម្បី​តែ​បន្តិច​។ នេះ​ស្អីហ្នឹង!!?​ ចង់​មក​តាម​បញ្ឈឺ​ចិត្ត​ខ្ញុំ​ ដល់​បន្ទប់រតន៍​បែប​នេះ​ហ៎​? អ៊ីចឹង​តើ! បាន​ជា​រតន៍​ប្រែ​ប្រួល​…

ខ្ញុំ​ទ្រាំ​មើល​តទៅ​ទៀត​មិន​បាន​ ទើប​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ដេក​ហើយ​ទាញ​ទ្វារ​បិទ​គ្រាំង!!!.. ទាំង​រតន៍​ទាំង​កិត្តិគុណ​ ភ្ញាក់​ព្រើត​លោះ​អស់​ព្រលឹង​ តែ​ខ្ញុំ​មិន​ខ្ចី​ខ្វល់​ទេ!!

ការ​ដែល​រតន៍​ប្រែ​ប្រួល​យ៉ាង​នេះ​ គឺ​ពិត​ជា​មក​ពី​អាម្នាក់​នេះ​ហើយ។ ថ្ងៃ​មួយ​នោះ​ដែល​ខ្ញុំ​បាន​លួច​ស្តាប់​ឮ លក្ខិណា​​និយាយ​ជាមួយ​រតន៍​ថា បើ​ខ្ញុំ​នៅ​តែ​តាម​វិល​វល់​​មិន​ព្រម​ទៅ​ណា​បែប​នេះ​ មិន​ខ្លាច​ខ្ញុំ​ទេហ៎? ក៏​ប្រហែល​ជា​ចង់​មាន​ន័យ​លើ​រឿង​នេះ​ហើយ។ រតន៍​អាច​នឹង​ផ្លាស់​ប្តូរ​ចិត្ត​ពី​ខ្ញុំ​ទៅ​​​ តែ​មិន​ហ៊ាន​ប្រាប់​ខ្ញុំព្រោះ​មួយ​ខែ​ទៀត​ក៏​ដល់​ថ្ងៃ​សំខាន់​របស់​យើង​។

តែ​រតន៍​មាន​ដឹង​ខ្លួន​ទេ?… ការ​ដែល​រតន៍​មិនព្រម​​ប្រាប់បង​ ហើយ​បណ្តោយឲ្យ​បង​មក​ឃើញ​ដោយ​ខ្លួន​ឯង​បែប​នេះ​ វា​ឈឺ​ចុក​ចាប់​ប៉ុណ្ណា? មិន​បាច់​ខ្លាច​បង​ទេរតន៍ បើ​អូន​មិន​ហ៊ាន​ហាមាត់ បង​នឹង​​ធ្វើ​ជា​អ្នក​សុំ​បែក​ក៏​បាន! បង​នឹង​ធ្វើ​ជា​អ្នក​បណ្តោយ​ឲ្យ​អូន​ទៅ ដោយ​ខ្លួន​ឯង​ ល្អ​ជាងការ​មក​ស៊ូ​ទ្រាំ​​ឃើញ​អូន​ ក្បត់​បង​នឹង​មុខ​ស្រស់ៗ​បែប​នេះ។

បន្តិច​មក ​ខ្ញុំ​ក៏​ឮរតន៍​និយាយ​ជាមួយ​អាម្នាក់​នោះ​៖

«ត្រឡប់​ទៅសិន​ទៅណ៎ាគុណ ខ្ញុំ​ត្រូវ​ការនិយាយ​ជាមួយ​បង​សិទ្ធិ។»

«រតន៍​មិន​ខ្លាច​ទេហ៎? ឲ្យ​ខ្ញុំ​នៅ​កំដរ​ទេ?»

អាឆ្លៀត​ឱកាស! ស្តាប់​វា​និយាយ​ចុះ!!

«បង​មិន​ធ្វើ​បាប​រតន៍​ទេ បង​ស្រឡាញ់​រតន៍ ​ច្រើន​​​ជាង​​វា​​ស្រឡាញ់​​ទៀត។»

ខ្ញុំ​មិន​បាន​ឮ​នាង​តប​ថា​យ៉ាង​ម៉េច​ ឮតែ​សំឡេង​ទ្វារបិទ នាង​ប្រហែល​ជា​ជូន​អានោះ​រៀប​រយ​ហើយ។ មួយ​សន្ទុះ​មក​នាង​ក៏​បើក​ទ្វារ​បន្ទប់​ចូល​មក​រក​ខ្ញុំ។ នាង​បើក​ទ្វារ​ចូល​មក​ហើយ ក៏​សម្លឹង​ទៅ​មើលលើ​តុ​ក្បាល​ដំណេកភ្លាមៗ។ នៅ​ពេល​ឃើញ​រូប​របស់​ពួក​យើង ​ត្រឡប់​មក​តាំង​នៅ​កន្លែង​ដើម​វិញ ហើយ​ថែម​ទាំង​មាន​ផ្កាកុលាបតាំង​លំអ​នៅ​ខាង​មុខ​រូប​ដូច្នោះ នាង​ក៏​ស្រែក​យំ​ភ្លាមៗ។

ហេតុ​អី​ក៏​យំ? រំជួល​ចិត្ត​នឹក​ដល់​​ស្នេហ៍​ចាស់ហ៎? ឬ​​ប្រហែល​ជា​ដឹងថា​ខ្លួនឯង​ធ្វើ​​ខុសច្រើន​ណាស់​មែន​ទេ​?… នាង​ចាប់​​រូប​របស់​យើង​មក​ឱប​សម្លឹងទៅ​ជុំ​វិញ​ខ្លួន ហាក់​ដូច​ជា​កំពុង​រក​អ្វី​ម្យ៉ាង។

«បង​សិទ្ធិ!… បង​នៅ​ក្នុង​បន្ទប់​នេះ​តើ​មែន​ទេ?» នាង​ស្រែក​ឡើង​ដោយ​សំឡេង​ខ្សឹកខ្សួល តែ​នាង​បែរ​ជា​បែរ​មុខ​ទៅ​រក​ ទិស​ផ្សេង​គ្នានឹង​ខ្ញុំ​ដែល​កំពុង​ឈរ។

«​មែន​ហើយ! បង​​នៅ​ត្រង់​នេះ​   នៅ​ខាង​ក្រោយ​រតន៍​នេះ​ឯង​  ម៉េច​មិនងាក​មក​មើល​!​!»​

ខ្ញុំ​និយាយ​ឡើងដោយ​សំឡេងស្អកស្អា។ មិន​ចាំ​បាច់​មក​សួរ​នាំ​អី​វែង​ឆ្ងាយទេ បើ​ចង់​​និយាយ​រឿង​អាម្នាក់​នោះ​ប្រាប់​បង​ ក៏​និយាយ​មក​ចុះ!!

«បង​សិទ្ធិ​! … អូន​ដឹង​ណ៎ា… ថា​បងកំពុង​នៅ​ជាមួយ​អូន» នាង​យំ​កាន់​តែ​ខ្លាំងឡើង «​អូន​​មិន​ដឹង​ថា បង​ដឹង​ឬអត់​… ថា​អូន​នៅ​តែ​ស្រឡាញ់​បង​ជានិច្ច! …​ស្រឡាញ់​តាំង​តែ​ថ្ងៃ​នោះ​មក​ តាំង​ពី​ថ្ងៃ​ដែល​យើង​ដើរ​បុក​ទង្គិច​គ្នា រហូតមក​ដល់​ថ្ងៃ​នេះ។»

និយាយ​អី​បែប​នេះរតន៍? បើ​អូន​ពិត​ជា​ស្រឡាញ់​បង​មែន អូន​មិន​មែន​ក្បត់​បង​យ៉ាង​នេះទេ!!!

«លក្ខិណា​​ប្រាប់​ថា​ អូន​ចាំ​បាច់​ត្រូវ​តែ​ប្រាប់​ឲ្យ​បង​ដឹង ថា​បង…» នាង​ព្យាយាមខាំ​មាត់​​សង្កត់​ចិត្ត​មិន​ឲ្យ​ខ្សឹក​ខ្សួល​​​ «​លក្ខិណា​គិត​ថា បង​ប្រហែល​ជា​មិន​ទាន់​ដឹងទេ ​ថា…»

មិន​ទាន់​ដឹង​ថា បង​ជា​របស់​ចាស់! រតន៍​ធុញទ្រាន់​នឹង​បង​ហើយ!! និង​កំពុង​បោះ​បង់​បង​ចោល​ ហើយ​ទៅ​រក​បុរសថ្មី​​ម្នាក់​នោះ​ មែន​ទេ??? ហេតុ​អី​រតន៍​ធ្វើ​ដាក់​បង​បែប​នេះ? បង​ខំ​រក្សា​សន្យា​របស់​បង​ជាមួយ​អូន​រហូត​មក… តែ​មើល​អ្វី​ដែល​អូន​​តប​ស្នងជាមួយ​​​បង​ចុះ​!?!

«ហេតុ​អី​រឿង​បែប​នេះ ត្រូវ​កើត​ឡើងចំពោះ​យើង​ ហ៎…​បង​សិទ្ធិ? យើង​កំពុង​តែ​​ជិត​រៀប​ការ​នឹង​គ្នា… ពេល​វេលា​ដែល​យើង​ទាំង​ពីរ​ ទន្ទឹង​រង់ចាំ​​មក​ជាយូរ រហូត​​មក​ដល់​ពេល​ដែល​កំពុង​នៅ​នឹងមុខ ចុះ​​ហេតុ​អ្វី… ហេតុ​អ្វី​ត្រូវ​មក​ក្លាយ​ជា​ដូច្នេះ???»

នាង​យំ​ខ្សឹក​ខ្សួលកាន់​តែ​ខ្លាំង។

«មួយ​អាទិត្យ​កន្លង​ទៅ​ហើយ​ ដែល​បង​ចាក​ចេញ​ពី​អូនទៅ។ អូន​ធ្វើ​ចិត្ត​មិន​បាន​ពិត​មែន ហេតុ​អី​បង​បោះ​បង់​អូន​ចោល​ ឲ្យ​នៅ​ម្នាក់​ឯងបែប​នេះ?»

កាន់​តែ​រៀប​រាប់​នាង​កាន់​តែខ្សឹក​ខ្សួល។ ខ្ញុំ​ឈរ​ភាន់​ភាំង​ រក​និយាយ​​អ្វី​មិន​ត្រូវ តើ​នាងកំពុង​និយាយ​រឿង​អ្វីនេះ ខ្ញុំ​មិន​យល់​សោះ!!???

«ឯណា​ដែល​បង​ថានឹងរក្សា​សន្យា​នោះ? សន្យា​ថា​នឹង​រស់​នៅ​ជាមួយ​គ្នា​រហូត​ទៅ!! តែ​បែរ​ជា​មក​ស្លាប់​ ឲ្យ​អូន​រស់​នៅ​ម្នាក់​ឯង​បែប​នេះទៅ​វិញ តើ​មាន​ន័យ​យ៉ាង​ម៉េចហ៎???»

នាង​ស្រែក​គំហក​ដាក់​ជញ្ជាំង​ ហើយ​ទម្លាក់​ខ្លួន​អង្គុយចុះ​ផ្ទាល់​នឹង​ព្រំ យំខ្សឹក​ខ្សួល​គួរ​ឲ្យ​សង្វេគ។

ខ្លួន​ខ្ញុំ​ញ័រ​រញ្ជួយ​គ្រប់​សរសៃ​វិញ្ញាណ… ស្អីគេ? នាង​និយាយ​ថា​ម៉េច? ខ្ញុំ​ស្លាប់​ហើយឬ???

រំពេច​នោះ ស្រាប់​តែ​លេច​ពន្លឺចាំង​ចិញ្ចែង​ចិញ្ចាច ជះ​ចូល​មក​ក្នុង​ក្បាល​របស់​ខ្ញុំ… ហើយ​ខ្ញុំ​ក៏​ចង​ចាំ​អ្វី​គ្រប់​យ៉ាងដែល​កើត​ឡើង…

យប់​នោះ​ ខ្ញុំ​ចេញ​ពី​ផ្ទះ​ជួល​​របស់​រតន៍​ នៅ​ម៉ោង​ប្រមាណ​១០យប់ ខ្ញុំ​ដើរ​ឆ្លង​កាត់​ថ្នល់ហើយ​ក៏… មាន​រថយន្ត​ដឹក​ទំនិញ​ធំមួយ… បើក​មក​ពី​ណា​ក៏​មិន​ដឹង​… បុក​ខ្ញុំ​ពេញ​មួយ​ទំហឹង​… រហូត​ខ្ញុំ​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​។

«បងសិទ្ធិ! ក្រែង​យើង​សន្យា​នឹង​គ្នា​ហើយ​មែនទេ? បើ​បង​សន្យា​ហើយ​ បង​នឹង​មិន​​ធ្វើ​ខុស​​សន្យា​ទេ មែនទេ? ចុះ​ហេតុ​អ្វី ហេតុ​អ្វី​ត្រូវ​ក្លាយ​ជា​បែប​នេះ? ក្រែង​យើង​បាន​សន្យា​នឹង​​គ្នា​ហើយ​តើ ថានឹង​រស់​នៅ​ជាមួយ​គ្នា​រហូត​ទៅ? បង​មិន​ធ្លាប់​ធ្វើ​ឲ្យ​អូន​ខក​បំណង​ឡើយ ចុះ​ហេតុ​អ្វី​ រឿង​របស់​យើងត្រូវ​មក​បញ្ចប់​បែបនេះ? ឯណា​ដែល​បង​ប្រាប់​ថា​យើង​ទាំង​ពីរ​នឹង​រស់​នៅ​ជាមួយគ្នា យ៉ាង​មាន​សេច​ក្តី​សុខ​ជា​រៀង​រហូត​ ដូច​ភាគបញ្ចប់​របស់​រឿង​​​និទាន​នោះ? ហេតុ​អី ក៏​បង​ទៅ​ចោល​អូន​បែប​​នេះ?» រតន៍​ស្រែកដង្ហោយ​យំពេញ​បន្ទប់ «​ឲ្យ​អូន​រស់​នៅ​ដោយ​របៀប​ណាបើ​គ្មាន​រូប​បង​?» នាង​ខ្សឹកខ្សួល​ខ្លាំង​ឡើងៗគួរ​ឲ្យ​អាសូរ។

ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច បាន​ត្រឹម​តែ​ឈរ​មើល​នាង​ស្រែក​ទួញយំ​ និង​ថ្ងួចថ្ងូរ​គំហក​ដាក់​ជញ្ជាំង​ ហើយ​ផ្តួល​ខ្លួន​ដេក​ននៀល​ឱប​រូប​ថតរបស់​យើង​ទាំង​ពីរ​យ៉ាងណែន​​។ នាង​យំ​ហើយ​យំ​ទៀត ​ហាក់​ដូច​ជា​នាងនឹងត្រូវ​ដាច់ខ្យល់​ស្លាប់​នៅ​នឹងកន្លែង​នោះ។

«បង​សិទ្ធិ! រតន៍​ចង់​ទៅ​នៅ​ជាមួយ​បង» នាង​សង្គ្រឺត​ធ្មេញ​ខាំ​មាត់​ស្រែក «យើង​នឹង​នៅ​ជាមួយ​គ្នា​ជា​រៀងរហូត»។

ខ្ញុំ​ចង់​និយាយ​ប្រាប់​នាង​ថា មិន​បាន​ទេ! រតន៍​នៅ​មាន​អនាគត ឱកាស​ និង​​​ក្តី​សង្ឃឹម​នៅ​មាន​ជានិច្ចសម្រាប់​រតន៍។ បង​បានស្លាប់​ទៅ​ហើយ តែ​រតន៍​នៅមាន​ជីវិត រតន៍​ត្រូវ​​រស់​តទៅ​ទៀត រស់​ជំនួស​បង! រស់​ដើម្បី​បង!

តែ…

រតន៍​ដឹង​ថា ខ្ញុំ​​ជា​មនុស្ស​ដែល​រក្សា​ពាក្យ​សន្យា​ជានិច្ច ដែល​នោះ​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​​មាន​មោទនភាព​ចំពោះ​ខ្លួនឯង។ ​

មុន​នឹង​ដង្ហើម​ចុង​ក្រោយ​របស់​នាង​ផុត​រលត់​ទៅ ផ្ទៃ​មុខ​ដ៏​ស្រស់​ផូរ​ផង់​របស់​នាង​ ដែល​ធ្លាប់​តែ​មាន​សាច់​មាន​ឈាម ពេល​នេះ​ត្រឡប់​ជា​សស្លេក​ស្លាំង​ដូច​ក្រដាស។ ខ្ញុំ​ដឹង​ថា​ រាជនីរបស់​ខ្ញុំ​នឹង​លង់​លក់​ទៅ​ដោយ​​សេចក្តី​សុខ នៅ​ក្នុង​រង្វង់​ដៃ​របស់​ខ្ញុំ​រហូត​ទៅ ព្រោះ​ពេល​នេះ​នាង​បានដឹង​ហើយ​ថា…

ខ្ញុំ​រក្សា​ពាក្យ​សន្យា​ជា​និច្ច៕

វិចារ»

1. កែវ ឈុន - ខែ តុលា 3, 2009

ខាននិយាយយូរហើយ សូមនិយាយបន្ដិច
 
ពាក្យ​ថា «ពាក្យសន្យា» គឺ​ជា​ពាក្យ​ប្ដេជ្ញា​របស់​គូភាគី ដែល​ណាត់​កំនត់​គ្នា​ទុក ការ​ណាត់​សន្យា មាន​ច្រើន​ប្រភេទ សន្យា​អោយ​របស់​ផ្សេងៗ មាន​សន្យា​អោយ​មាស ប្រាក់ លុយ​កាក់​ សន្យា​ជួប​គ្នា សន្យា​ស្រលាញ់​គ្នា​ សន្យាប្ដូរ​ផ្ដាច់​ស្នេហា ជាដើម​។
 
ប៉ុន្ដែ «ពាក្យសន្យា» ដែល​​អ្នក​និពន្ធ​អាចម៍​ផ្កាយ ​លើក​យក​មក​លាត​ត្រដាង​នៅ​ទី​នេះ គឺ​ជា​ពាក្យ​សន្យា​ស្នេហា​ស្នេហា​ដ៏ផ្អែម​ត្រជាក់​ រវាង​កំលោះ​ក្រមុំ ជាសេ្នហាដ៏ឈឺចុកចាប់(Dramatic) សោក​សៅ​យ៉ាង​ក្រៃ​លែង​ ដោយ​គូភាគី​ម្ខាង​ទៀត​ជួប​ប្រទះ​នូវ​​គ្រោះហេតុ​ក្ស័យ​ជីវិត​បង់​ទៅ។
 
ពាក្យសន្យា​នៅក្នុង​សាច់​រឿង​«ពាក្យសន្យា»  អ្នក​និពន្ធ​ហាក់​ដូចជា​ចង់​បញ្ជាក់​ប្រាប់​ពី​ភាព​ផ្អែម​ពិរោះ​នៃ​ពាក្យ​ ហើយ​​វា​អាច​ប្រែ​ប្រួល​ទៅ​ជា​សភាវផ្សេង​ៗ មិន​ទៀង​ទាត់​ មិន​ពិត​សច្ច​ទៅ​តាម​ពាក្យ​សន្យា   គឺ​គ្មាន​អ្ចី​ទៀត​ទាត់​ទេ​ ​អ្នក​និពន្ធ​បាន​ដាក់​អោយ​តួអង្គ​សន្យា​ជួប​គ្រោះ​ហេតុ​បាត់​បង់​ជីវិត បាត់«​ពាក្យ​សន្យា»​ទៅ។

2. សុភា - ខែ តុលា 1, 2009

ពេល​មិន​ទាន់​ដឹង​សាច់​រឿង​អាន​ទៅ ដូច​ធម្មតា ដល់​តែ​ដឹង​ហើយ​អាន​ទៅ​ចង់​បះ​សក់​មេច​ទេ

3. វឌ្ឍនា - ខែ តុលា 1, 2009

បោកឯងមួយថ្ងៃអោយគេងគិតសាច់រឿង… ឡូយម៉ង..ចូលចិត្តណាស់រឿងតួតៃស្មឹង អញ្ចឹង!

4. សុភា - ខែ តុលា 1, 2009

ពេល​ដែល​អាន​ភាគ​បញ្ចប់​នេះ​ពាក់​កណ្តាល ទើប​ដឹង​ដាច់​រឿង។ ហើយ​អ្នក​និពន្ធ​ចេះ​តែ​នឹក​ឃើញ​ត្ម​ង​ហើយ :D

សុភា - ខែ តុលា 1, 2009

ហើយ​មេច​ចេះ​ខ្ញុំ​ ទៅ​ដាក់​ស្មេល​ហ្វេស​ទៅ​វិញ :(