ថិរវេលា(២ចប់) ខែ វិច្ឆិកា 4, 2009
Posted by ផ្កាយNovels in រឿងខ្លី, រឿងហ្គេហ៍.trackback
យូរណាស់ហើយ… ពេលវេលាកន្លងទៅដូចទឹកហូរមិនត្រឡប់។ នៅពេលមកដល់វេលាដែលសមប្រកប បំណងប្រាថ្នាដែលនឹកប៉ងយូរមកហើយក៏ប្រាកដខ្លួនឡើង តែបែរជាមានសរសៃឆ្មារៗមកខណ្ឌជាឧបសគ្គរវាងគេនិងអ្នកដែលគេស្រឡាញ់។
[...]
ថ្ងៃនេះថិរាយុបានសុំច្បាប់ឈប់ វិស្សមកាលរដូវក្តៅប្រចាំឆ្នាំ ពីក្រុមហ៊ុនរបស់ខ្លួន។ កំលោះត្រៀមខ្លួនជាស្រេចថានឹងបើករថយន្ត ទៅជួបសុរាសីនៅឯខេត្តកោះកុង។ គេបានទូរស័ព្ទណាត់សុរាសីរួចរាល់ហើយ តែក៏មិនភ្លេចធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់ភ្ញាក់ផ្អើលដែរ គឺអ្វីដែលកំលោះបានរក្សាទុកក្រោយពេលជួបគ្នាក្នុងថ្ងៃដែលណាត់ជួបគ្រាដំបូង, ចិញ្ចៀនប្រាក់ដែលគេតាំងចិត្តនឹងប្រគល់ឲ្យអ្នកដែលខ្លួនស្រឡាញ់ និងមានមនោសញ្ចេតនាល្អៗជាមួយគ្នា។ ថិរាយុរៀបចំត្រៀមវ៉ាលីរួចរាល់ហើយ ក៏យកទៅដាក់នៅខាងក្រោយរថយន្ត ហើយកង់រថយន្តក៏ចាប់ផ្តើមវិល សំដៅទៅរកគោលដៅ។
សុរាសីក៏កំពុងភ្លេចខ្លួន នឹងការងារដែលគេកំពុងធ្វើដែរ។ ខ្លួនគេផ្ទាល់គ្មានសមាធិនឹងធ្វើអ្វីឡើយ ព្រោះគេសប្បាយចិត្តដែលមនុស្ស ដែលខ្លួនចង់ជួបកំពុងនឹងមករកគេ។ កំលោះក៏កំពុងតែរង់ចាំអ្វីដែលគេបានរង់ចាំយូរមកហើយដូចគ្នា។ នៅពេលរថយន្តរត់មកដល់ ព្រំប្រទល់ខេត្តកោះកុងហើយ ថិរាយុក៏ទូរស័ព្ទទៅសុរាសី ដើម្បីសួរថាពេលនេះនៅទីណា។
«នេះបងយុណ៎ា! មិនដល់២ម៉ោងទៀតទេ បងនឹងទៅដល់ហើយ។»
«បាទបង! ខ្ញុំរង់ចាំបងរហូតនៅលែងស្ងៀមហើយ ជ្រួលច្រាល់ចង់ជួបបងខ្លាំងណាស់។»
«បងយល់ចិត្តសីណ៎ា! បងនឹងទៅឲ្យទាន់ ឬសីទៅចាំបងនៅសណ្ឋាគារតែម្តងទៅ បងបានកក់បន្ទប់ទុករួចរាល់ហើយ នៅរង់ចាំខាងក្រោមសិនក៏បាន!»
នៅពេលសំឡេងសន្ទនាបញ្ចប់ទៅ ថិរាយុក៏ជាន់លេខបន្ថែមល្បឿន ដើម្បីសំដៅឆ្ពោះទៅរកអ្វីដែលគេបានរង់ចាំមកជាយូរហើយ។ ឬមួយនោះគឺជារបស់ចុងក្រោយដែលគេនឹងបានជួប??
ខណៈដែលថិរាយុកំពុងបើករថយន្ត លើដងផ្លូវដែលមានលក្ខណៈកោងចោត បត់បែនតាមជ្រលងភ្នំ កំលោះក៏នឹកទៅដល់រឿងរ៉ាវអតីតកាល ដែលគេបានជួបនឹងសុរាសីគ្រាដំបូងនៅបណ្ណាល័យ ថ្ងៃដែលបានទទួលទូរស័ព្ទពីគេ ថ្ងៃដែលពួកគេទាំងពីរណាត់ជួបគ្នា… នឹកឃើញរឿងនេះ ថិរាយុទទួលអារម្មណ៍ថាមានសេចក្តីសុខយ៉ាងខ្លាំង គេក៏លូកយកចិញ្ចៀនចេញពីហោប៉ៅអាវ ហើយគិតថារបស់នេះហើយ ដែលគេនឹងប្រគល់ជូនមនុស្សដែលខ្លួនស្រឡាញ់។
តែភ្លាមៗនោះឯង ព្រោះកំលោះរវល់តែសម្លឹងមើលចិញ្ចៀន ទើបមិនបានឃើញថានៅខាងមុខមានរថយន្តត្រង់សឺណ័រធំមួយកំពុងបត់ចូលមកតាមផ្លូវកោង… ថិរាយុភ័យស្លន់ស្លោជាន់ហ្វ្រាំងង៉ក់។
ងឺតតតតតតតតតត………… គ្រាំងងងងងងងងងង!!!!!!!!!!
លឿនហួសពីការស្មាន រថយន្តតូចមុជក្បាលមកបុកនឹងត្រង់សឺណឺកង់១០ ដែលកំពុងបើកក្នុងល្បឿនលឿនស្លេវ មុននឹងខ្ទាតទៅបុកបង្កាន់ដៃដែក ដែលដាក់សម្រាប់ការពារផ្លូវកោងម្តងទៀត រហូតធ្វើឲ្យរថយន្តតូចក្រឡាប់ពីរបីត្រឡប់ ហើយក៏រមៀលធ្លាក់ចេញពីលើទ្រូងថ្នល់។
ថិរាយុប្រញាប់ក្តោបចិញ្ចៀន ដែលគេទុកសម្រាប់ជូនមនុស្ស ដែលខ្លួនស្រឡាញ់យ៉ាងជាប់ ក្នុងខណៈដែលរថយន្តកំពុងក្រឡាប់ចុះឡើង។ ចុងក្រោយ រថយន្តក៏មកជាប់គាំងស្ងៀមនៅក្រៅថ្នល់ ហើយដៃរបស់គេក៏ស្រវាចេញមកខាងក្រៅរថយន្ត។ កំលោះគិតថាខ្លួនឯងនៅមានជីវិតរស់…
«សន្យាណា បងយុ… បងកុំបោះបង់ខ្ញុំចោលណ៎ា!» សំឡេងរបស់សុរាសី នៅលាន់រំពងក្នុងត្រចៀករបស់ថិរាយុ។
គេប្រឹងសង្កត់ចិត្តស៊ូទ្រាំនឹងការឈឺចាប់ ដើម្បីរង់ចាំអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនេះ នឹងអាលបានជួយសង្គ្រោះ តែអនិច្ចាកំលោះមិនអាចអត់ធន់នឹងស្នាមមុខរបួស ដែលមានសុះសាច់នោះបានទេ។ ថិរាយុក៏ផុតដង្ហើមទៅ ហើយដៃដែលគេក្តោបចិញ្ចៀនទុកក៏សន្សឹមៗរលាចេញ ចិញ្ចៀនក៏ជ្រុះទៅលើដី។
[...]
«ទ្រូតតត!! ទ្រូតតត!!…»
សំឡេងទូរស័ព្ទរង់ចាំការឆ្លើយតបពីថិរាយុ ដែលសុរាសីតេមកជាង១០ដងទៅហើយ តែមិនឃើញមានការឆ្លើយតបសោះ។ សុរាសីចាប់ផ្តើមទទួលអារម្មណ៍មិនសូវល្អ ហើយនៅពេលដែលគេកំពុងរង់ចាំនោះ ដៃរបស់គេក៏វាសមកត្រូវកែវទឹកធ្លាក់បែកខ្ចាយ។ ដោយសេចក្តីភិតភ័យគេក៏ប្រញាប់រើសកំទេចកែវ ហើយកំទេចកែវនោះក៏មុតម្រាមដៃគេរហូតចេញឈាម។ ពេលនេះកំលោះមានប្រផ្នូលមិនសូវល្អហើយ តើមានរឿងអ្វីកើតឡើង…???
ធម្មជាតិបានផ្តល់ពេលវេលា សម្រាប់មនុស្សម្នាក់ៗដូចៗគ្នា តែសួរថាមាននរណាខ្លះដែលប្រើពេលវេលានោះ ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ខ្លះទៅ? អ្នកខ្លះអាចនឹងត្រូវមករងទុក្ខវេទនាដូចសុរាសីដែលត្រូវមករង់ចាំមនុស្សដែលខ្លួនស្រឡាញ់ ដោយមិនដឹងថាមានរឿងអ្វីកើតឡើង។ តែអ្នកខ្លះអាចនឹងបណ្តោយពេលវេលា ឲ្យមានសេចក្តីសុខតែជាមួយនឹងរឿងស៊ិច។ ជួនកាលធ្វើជីវិតបែបលេងសើច ឡេះឡោះ រហូតមិនដឹងថាជីវិតគ្មានអ្វីជាលំនឹង ជាទីពំនាក់។
ស្នេហារបស់ថិរាយុនិងសុរាសីគឺជាស្នេហាដែលបរិសុទ្ធ ជាស្នេហាដែលមិនយករឿងស៊ិចមកពាក់ព័ន្ធ។ គេក៏ចង់បានជីវិតដែលស្រស់ថ្លា ដូចក្នុងប្រលោមលោកដែរ។ បើអាចទាញពេលវេលាឲ្យ ត្រឡប់ក្រោយបាន គេក៏មិនចង់ឲ្យសេចក្តីស្លាប់មកបំបែកសេចក្តីស្នេហារបស់ពួកគេទាំងពីរដែរ ហើយសុរាសីក៏មិនចាំបាច់មកលំបាកវេទនារង់ចាំដោយមិនដឹងខ្លួនថា គេបានបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ទៅហើយ។
ចុះអ្នកវិញ បានធ្វើអ្វីជាមួយមនុស្ស ដែលអ្នកស្រឡាញ់ហើយឬនៅ?
សេចក្តីស្នេហាក៏ប្រៀបបាននឹងដើមឈើមួយដើមអ៊ីចឹង បើថែរក្សាបានល្អក៏នឹងរីកស្រស់បំព្រង តែវានឹងនៅស្ថិតស្ថេរបានយូរប៉ុណ្ណា??
សូមឲ្យដើមឈើរបស់អ្នកកុំដូចនឹងដើមឈើរបស់ថិរាយុនិងសុរាសី!!









ហើយចុះពេលណាបានដាក់ ចង់អានណាស់
ធ្វើមើលតែព្រាត់ប្រាស់ហ្នឹងសប្បាយចិត្តណាស់! ខ្ញុំនិយាយពីស្អប់ការព្រាត់ប្រាស់គ្នា ហើយបើខ្ញុំជួបរឿងព្រាត់ប្រាស់ ខ្ញុំនឹងសរសេររឿងជួបជុំជួសរឿងពិតខ្ញុំវិញ។
មែននឹង ចាំមើលតារឿងអាសមុទ្រខ្សាច់ព្រាត់គ្នាទៀត ទៅវាយអ្នកនិពន្ធដល់ផ្ទះម៉ង
មិនដឹងដែរ… តែសម្រាប់ខ្ញុំបើគ្មានទុក្ខគ្មានការព្រាត់ប្រាស់… ជីវិតដូចជាគ្មានខ្លឹមសារ គ្មានរសជាតិយ៉ាងម៉េចមិនដឹង! រហូតពេលនេះខ្ញុំគិតថា ជីវិតសុភមង្គលរបស់ខ្ញុំគឺត្រូវតែរស់ក្នុងភាពឯកោ រស់ក្នុងទឹកភ្នែក បើរស់គ្មានទឹកភ្នែក ជីវិតខ្ញុំដូចជាមិនបានសប្បាយសោះ។
ក្មេងតួច៖ អាសមុទ្រខ្សាចឬ? … មានតែរឿងផ្អែមល្ហែមប៉ុណ្ណោះ! តែតួអង្គពូកែប្រចណ្ឌបន្តិច! ឯមា្នក់ទៀត ប្រុសច្រើនបន្តិច តែចិត្តគេមិនងាយទេ!! ចាំអានតទៅដឹងហើយ…
សាតាយរបស់ខ្ញុំចឹង ចូលចិត្តតែរឿងព្រាត់ប្រាស់ទេ! ព្រោះជីវិតអ្នកនិពន្ធខ្លួនឯងក៏ព្រាត់ប្រាសដូចគ្នា..
ព្រាត់ប្រាស់ហើយរស់នៅមា្នក់ឯងជាមួយទុក្ខសោក!! ចូលចិត្តណាស់!!!
យីអ្នកនិពន្ធនេះ ចូលចិត្តតាឲ្យគេបែកគ្នា
ដឹងគេឈឺចិត្តអត់? ^_^
អានចប់ហើយ! ម៉េចក៏ឱ្យមនុស្សស្រលាញ់គ្នាបែកគ្នាទៀតហើយណ៎? បើខ្ញុំសរសេរវិញ ខ្ញុំនឹងឱ្យពួកគេមានពេលវេលាក្បែរគ្នាឱ្យយូរ… អត់ចង់ឃើញម្នាក់ស្លាប់ ម្នាក់រស់អ៊ីចឹងទេ! បើមិននេះ សុខចិត្តដូចរឿង រ៉ូមេអូ ជូលីយ៉ែត តែម្ដងទៅ!