jump to navigation

ប្រស្នាឃាត​កម្ម(២) ខែ វិច្ឆិកា 6, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿង​ស៊ើប​អង្កេត.
trackback

អាន​ភាគ​១

អ្នក​មើល​ការខុសត្រូវ​អន្តេវាសិកដ្ឋាន​ ជា​បុរស​ចំណាស់​អាយុ​ចន្លោះ​ពី​៦០​ឆ្នាំ​ទៅ​៧០​ឆ្នាំ ពាក់​វ៉ែន​តា​ដង​ខ្មៅ​​រាង​បួន​ជ្រុងទ្រវែង។ ​កាយ​វិការ​គាត់​ទំនង​ជា​មនុស្សមាត់​អាក្រក់ ព្រោះ​អាច​មើល​ឃើញ​​តាម​​រយៈ​ទឹកមុខ​ដែលចង​ចិញ្ចើម​ជានិច្ច​ ហាក់​បញ្ជាក់​ប្រាប់​ថា គាត់​មិនសូវ​ជា​​​រាប់​មិត្ត​ជាមួយ​នរណា​ប៉ុន្មាន​​ទេ។ ប៉ូលីស​កំលោះ​កំពុង​រង់​ចាំ​មើល​ថា តើ​ពេល​ណា​បុរស​ចំណាស់​នេះ​ នឹង​បើក​ឱកាស​ឲ្យ​គេ​  បា​ន​ណែនាំ​ខ្លួន​ ព្រោះមើល​ទៅឫក​ពាគ្មាន​ផ្លូវ​ដែល​​គាត់​នឹង​​ងើយ​មុខ​​មក​ចាប់​អារម្មណ៍​នឹង​នាយ​កំលោះ​ឡើយ តែ​បែរ​ជាខំ​​ព្យាយាម​ឈ្ងោក​មុខ​ដាក់​​ភ្នែកចុះ​​ធ្វើ​អ្វី​ម្យ៉ាង​ដូច​ជា​ខ្លួន​ឯង​កំពុង​មានភារកិច្ច​ធំដុំ​ត្រូវ​ធ្វើ រហូត​គ្មាន​ពេល​មក​ចាប់​អារម្មណ៍​នឹង​អ្វី​ផ្សេង។

          «អ… អឺ… ជម្រាប​សួរបាទ ខ្ញុំ​ភ្នាក់​ងារ​រតនៈ​!» ប៉ូលីស​កំលោះ​ឈ្ងោក​មុខ​ចូល​ទៅ​ក្នុង​បន្ទប់​តាម​ប្រឡោះ​កញ្ចក់ ព្រម​ទាំង​ណែ​នាំ​ខ្លួន​ដោយ​កាយវិការម៉ឺង​ម៉ាត់។

          «ជម្រាប​សួរ! ជា​ប៉ូលីស​ហ៎? មើល​ដំណើរ​​គ្មាន​ដូច​អីសោះ!!» បុរស​ចំណាស់​ងើយ​មុខ​មើល​ដូច​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​ថា​ រូប​រាង​ខ្ពស់​ស្រឡះ​ស្គម​លង់​ទ្រនេស​បែប​នេះ ​ជា​ប៉ូលីសដែល​ត្រូវ​​ធ្វើ​ការ​     បង្ក្រាប​ជន​ពាល​។ នៅ​ក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​ទូទៅ ​ប៉ូលីស​ត្រូវ​តែ​​មាន​រាង​កាយ​មាំ​មួន មាឌ​ធំ​ក្រអាញ​សម​​ជា​បុរស​ពេញ​អង្គ ​ដូច​តួ​ឯក​កុនក្នុង​​សម័យ​សង្គម​ចាស់។

          ភ្នាក់​ងារ​រតនៈ​មាន​អាយុ​ប្រហែល​២៧​ឆ្នាំ រូប​រាងសង្ហា​​ខ្ពស់​ស្រឡះ មុខ​មាត់មើល​ទៅ​នៅ​ក្មេង​ល្វក់​ ហើយ​ថែម​ទាំង​ឈរ​ខ្នង​កំពឹស​តាម​លក្ខណៈ​មនុស្ស​ខ្ពស់ ដែល​កាន់​តែ​មើល​ទៅ​ឃើញ​ថា​ គេគ្មាន​   លក្ខណៈ​​អង់​អាច​​​សម​ជា​ប៉ូលីស​បន្តិច​សោះ​។ រតនៈ​ជា​កូន​កាត់​ខ្មែរ-ជប៉ុន។ ឪពុក​ជន​ជាតិ​ជប៉ុន​របស់​គេ​ធ្លាប់​ធ្វើ​ជា​​អ្នក​ចាត់​ការ​របស់​ធនាគារ។ តែ​កាល​ពី​២០​ឆ្នាំ​មុន​មាន​ការ​ប្លន់​ធនាគារ​​កើត​ឡើង ហើយ​ឪពុក​​របស់​គេ​ក៏​​ត្រូវចោរ​បាញ់​សម្លាប់​​​នៅ​នឹង​កន្លែង​។ ដោយ​សារ​ហេតុ​ការណ៍​ថ្ងៃ​នោះ ទើប​ធ្វើ​ឲ្យ​កុមារ​រតនៈ​ អូកាវ៉ា មាន​ការ​ប្តេជ្ញា​ចិត្ត​​ថា នៅ​ពេល​គេ​ធំ​ឡើង​​គេ​ត្រូវ​តែ​ធ្វើ​ជា​ប៉ូលីស​ ដើម្បី​បង្ក្រាប​​ពួក​ជនពាល​​ឲ្យ​អស់​ពី​សង្គម ព្រោះ​មិន​ចង់​ឲ្យ​គ្រួសារ​ណា​ ត្រូវ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដូច​ជា​រូប​គេ​ទៀត។

          «នេះ​បាទ! ប័ណ្ណ​សម្គាល់​ខ្លួន!» កំលោះ​ធ្វើ​ខ្លួន​បែប​​ម៉ឺង​ម៉ាត់​ជាង​មុន ដើម្បី​ឲ្យ​មើល​ទៅ​គួរ​ជឿ​ទុក​ចិត្ត។

          «​ជឿ​តាំង​ពី​ដំបូង​ម្ល៉េះ​​ថា​ជា​ប៉ូលីស​ មិន​បាច់​បង្ហាញប័ណ្ណក៏​បាន​ដែរ។ មិន​ដឹង​ថា​ខំ​ធ្វើ​ឫក​ក្រអឺត​ទៅ​ដល់​ណា​អា​ពួក​ប៉ូលីស​នេះ ​ស្អប់​ដល់​ហើយ!!» តា​ចំណាស់កាន់​តែ​ផ្គឺន​ខ្លាំង​ឡើង។ មនុស្ស​​ស្អី​ក៏​មិន​ដឹង​ ពិបាក​​យក​ចិត្ត​ដល់​ហើយ! ក្មេងៗ​នៅ​អន្ទេ​វា​សិក​នេះ​ទ្រាំ​បាន​យ៉ាង​ម៉េច​ហ្ន៎… បើ​អ្នក​គ្រប់​គ្រង​អន្ទេ​ជា​មនុស្សរអ៊ូរទាំ​ក្រញែ​ក្រញូវថ្នាក់​​នេះ។

          «មិន​ដឹង​ថា​ បន្ទប់​កើត​ហេតុ​នៅ​ជាន់​ណា ហើយ​បន្ទប់​លេខ​ប៉ុន្មាន?» ចារជន​រតនៈ​ចាប់​​ផ្តើម​​ចូលសាច់​រឿង ឲ្យ​ត្រូវ​នឹង​បំណង​ដែល​ខ្លួន​មក​ដល់​ទី​នេះ។

          «​តក់​ក្រហល់​មែនទែន! បើ​ប៉ូលីស​គ្រប់​គ្នា​ដូច​រូប​លោក ស្រុក​ទេស​នឹងឆាប់​​ចម្រើន​រុង​រឿង​មិន​ខាន។​​» តា​ចាស់​ម្នាក់​នេះ​កើត​ស្អី​គាត់! ​ស្អប់​ប៉ូលីស​តាំង​ពី​ជាតិ​ណា​មកក៏​មិន​ដឹង ​បាន​ជា​និយាយ​ផ្គឺន​មិន​​ឈប់​សោះអ៊ីចឹង​!!?

          «​ចាំ​មួយ​ភ្លែត​ខ្ញុំ​នឹង​នាំ​ទៅ​ដោយ​ខ្លួន​ឯង បើ​បណ្តោយ​ឲ្យ​លោក​ទៅ​ម្នាក់​​ឯង ​មិន​ដឹង​ជា​បាន​​សាច់​​ការ​ឬ​អត់ ព្រោះ​មើល​ទៅ​មុខ​មាត់​មិន​ទំនង​ជាឆ្លាត​សោះ។» អៃយ៉ា​! តា​ចាស់​នេះ​មាត់​ស្អុយ​ម្ល៉ឹងៗ​មិន​​សម​មាន​អាយុ​ដល់​ប៉ុណ្ណឹង​សោះ ។

          «​មិន​អី​ទេ ​ខ្ញុំ​ក្រែង​ចិត្ត​លោក​អ៊ំ​ណាស់ អ៊ំ​គ្រាន់​តែ​ប្រាប់​ផ្លូវ​ដល់​ខ្ញុំ​មក​ល្អ​ជាង ខ្ញុំ​អាច​ឡើង​ទៅ​ដោយ​ខ្លួន​ឯង​បាន។» កំលោះ​និយាយ​ដោយ​កិរិយាឱន​លំទោន។

          «​មិន​អី​ទេ​ ចាំ​ខ្ញុំ​នាំ​លោក​ឡើង​ទៅ! មើល​តាម​មុខ​មាត់​មិន​ឆ្លាត​របស់​លោក បើ​ឡើង​ទៅ​វង្វេង​ផ្លូវ​នាំ​តែ​ខាត​ពេល​​ឥត​ប្រយោជន៍។» បុរស​ចំណាស់​ក្រោក​ឈរ​ឡើងសន្សឹមៗ មុន​នឹង​ដើរ​ចេញ​​មក​ក្រៅ​បន្ទប់ ដើម្បី​នាំ​ផ្លូវ​ប៉ូលីស​កំលោះដែល​ឈរ​ធ្វើ​មុខជូរដូច​ក្រូច​សើច​ តែ​មិន​អាច​និយាយ​អ្វី​តប​ត​នឹង​តា​ចាស់​នោះ​បាន​ព្រោះ​គិត​ថា​ជា​ចាស់​ទុំ។

          ពេល​សម្លឹង​ឆ្ពោះ​ទៅ​​ផ្នែក​ខាង​ក្នុង​បំផុត​របស់​ល្វែង​អន្ទេ​វាសិក​​ គឺ​ជា​បន្ទប់​ជណ្តើរ​យន្ត​ពីរ​ទូ​ដែល​  ​មាន​បែង​​ចែក​ជា​ជាន់​លេខ​គូ​និង​ជាន់​លេខ​សេស។ តាចំណាស់ដើរ​នាំ​ផ្លូវ​​​ប៉ូលីស​កំលោះ ​ដោយ​អាកប្ប​កិរិយា​​ធុញ​ទ្រាន់ ព្រោះ​​កើត​ហេតុ​នៅ​ជាន់​ទី៤។ នៅ​ពេល​ចេញ​ពី​ប្រអប់​យន្ត​​ ហើយ​បទ​ស្តាំ​គឺ​ជា​ល្វែង​ផ្លូវ​ដើរ​ទៅ​កាន់​បន្ទប់​ផ្សេងៗ។ បន្ទប់កើត​ហេតុ​​ជា​បន្ទប់​លេខ៤១៧​ ដែល​ជា​បន្ទប់​ចុង​ក្រោយ​ជាប់​នឹង​     ជណ្តើរ​រត់​គេច​ពី​អគ្គិភ័យ។​ នៅ​ពេល​ដើរ​មក​ដល់​បន្ទប់​កើត​ហេតុ​ ម្នាក់ៗ​ក៏​ភ្ញាក់​នឹង​សភាព​​ទ្វារ​ដែល​ត្រូវ​របស់​អ្វី​ម្យ៉ាង​ដំបំបាក់​រហូត​រនុក​ទ្វារ​​​ក្លាយ​ជា​ប្រហោងគ្រហូ។ ​ទ្វារ​ដ៏​រឹង​មាំ​តែ​បែរ​ជា​ប្រែ​សភាព​ទៅ​ជា​បែប​នេះ អាច​មក​ពី​នរណា​ម្នាក់​ចង់​ចូល​ទៅខាង​ក្នុង​តែ​ចូល​មិន​បាន ​ព្រោះ​ទ្វារត្រូវ​​បានគេ​​ដាក់​គន្លឹះ​ជាប់​ពី​ខាងក្នុង។

          ​​បន្ទប់​​​កើត​ហេតុ​ជា​បន្ទប់​ធំ​ទូលាយ ពេល​បើក​ទ្វារ​ចូល​ទៅ​គេ​នឹង​ឃើញ​ធ្នើរ​​ដាក់​សៀវភៅ​ធំ​មួយ​នៅ​ផ្នែក​ខាង​ឆ្វេង ឯខាង​ស្តាំ​ដៃ​មាន​ទូ​ដាក់​ខោអាវ ​​បន្ទាប់​មក​ជាតុ​អាន​សៀវភៅ   ​ជាប់​នឹង​ខាង​លើ​តុ​ជា      ​បង្អួ​ច​​​​​កញ្ចក់​ដែល​អាច​មើល​​ឃើញ​ តារាង​បាល់​ទាត់​របស់​សាកល​វិទ្យាល័យបាន។​ នៅ​ជ្រុង​កៀន​ជញ្ជាំង​របស់​បន្ទប់​នេះ​​ជា​គ្រែ​ដេក​ខ្នាត​៥ហ្វុត ហើយ​នៅ​ផ្នែក​ខាង​ក្រៅ​​មាន​​រាន​ហាល​​និង​បន្ទប់​ទឹក​។​​

          អ្នក​ស្លាប់​​ជា​និស្សិត​ប្រុស​មាន​អាយុ​ប្រមាណ​២០​ឆ្នាំ រាង​កាយ​ផ្នែក​ខាង​លើ​​មាន​តែ​ខ្លួន​ទទេស្អាត​ឯ​ផ្នែក​ខាង​ក្រោម​ស្លៀក​​តែ​ខោ​ខ្លី​ប៉ុណ្ណោះសម្រាប់​បិទ​បាំង​​កាយ។ សភាព​របស់​សាក​សពគឺ​​មានស្លាក​​ស្នាម​ម្រាម​ដៃ​ខៀវ​​ជាំ​​​​​ដិត​ជាប់​ឡើង​ក្រឡៅ​​​​នៅ​ជុំ​វិញ​ក មុខ​មាត់​រមួល​ខ្មូរ​បញ្ជាក់​ប្រាប់​ពី​ការ​ឈឺ​ចាប់ និង​ភ័យ​​ខ្លាច​​មុន​ពេល​ដែល​ព្រលឹង​ចាក​​ចេញ​ពីរាង​កាយ។ ភ្នែក​បើក​ធំៗ មាន​សរសៃ​ឈាមលេច​អណ្តែត​តាម​គ្រាប់​ភ្នែក​ដោយ​​សារ​តែ​គ្មាន​ខ្យល់​ដក​ដង្ហើម។ កម្រាល​ពូក​ក្រញិកក្រញុក​ កើត​ឡើង​ដោយ​សារ​ការ​ប្រតាយ​ប្រតប់​គ្នា​មុន​នឹង​ស្លាប់​។ មើល​តាម​សភាព​ទូទៅ​របស់​បន្ទប់​ គ្មាន​ស្លាក​ស្នាម​នៃ​ការ​រុះ​រើគាស់​​កកាយ​​អ្វី​ទេ គ្រប់​យ៉ាង​ឃើញ​ថា​​មានរបៀប​រៀប​រយ​​​ ធ្វើ​ឲ្យគេ​​ដឹង​ថា​អ្នក​ស្លាប់​គឺ​ជា​មនុស្ស​មាន​សណ្តាប់​ធ្នាប់ល្អ​ និង​ស្រឡាញ់​​ភាព​ស្អាត​​ខ្លាំង​ណាស់។

          អ៊ំ​ប្រុស​អ្នក​​មើល​ការ​ខុស​ត្រូវ​អន្តេវាសិក ឈរ​មើល​​ពី​ខាង​ក្រៅ​បែប​លឹប​ល​ខ្លាចៗ។ យ៉ស! ពេល​មក​ឃើញ​សាក​សព​រញីរញ័រ​ភ្លាម មិន​ឃើញ​មាត់​ពូកែ​ដូច​មុន​ទៀត​ទៅ!!

          «សុំ​ទោស​អ៊ំ! មិន​ដឹង​ថា​នរណា​ជា​អ្នក​ឃើញ​សាក​សព​មុន​គេ?» ប៉ូលីសកំលោះ​​បង្ហើប​មាត់​សួរ តែ​ក៏​​អត់​​​អស់​សំណើច​នឹង​កិរិយា​របស់​អ៊ំ​ចំណាស់​មិន​បាន បាន​ត្រឹម​លួច​ញញឹម​តិចៗ​ដើម្បី​កុំ​ឲ្យ​គេ​ថា​គ្មាន​សុជីវធម៌។

          «អ៎… គឺ​នាយ​ភិរម្យ​ មិត្ត​ភក្តិ​របស់​កុល​បុត្រ ​ដែល​ជា​អ្នក​ស្លាប់។» តា​ចំណាស់​និយាយ​ឡើង​ដោយ​​មិន​ងើយ​មុខ​មើល ព្រោះ​ខ្លាច​​ឃើញ​រូប​ភាព​ស្លុត​រន្ធត់​ដែល​នៅ​ចំពោះ​មុខ។

          «​មិន​ដឹង​ថា​ អ្នក​ស្លាប់​​មាន​ឈ្មោះ​ពេញ​ដូច​ម្តេច​ ហើយ​អាយុ​ប៉ុន្មាន​ឆ្នាំ​ហើយ?» ដៃ​ស្តាំ​កត់​ត្រា​ព័ត៌​មាន​​​ទុក​​នៅ​ក្នុង​សៀវភៅ​កំណត់​តូច​មួយ។

          «​អ្នក​ស្លាប់​ឈ្មោះ វីរៈ កុលបុត្រ អាយុ​ប្រហែល​ជា​២០​ឆ្នាំ​​អស់​ហើយ ​លោក​ប៉ូលីស។» ទឹក​មុខ​របស់​បុរស​ចំណាស់​ប្រែ​ជា​ស្លេក​ស្លាំង​ នៅ​ពេល​ងាក​មក​​ឃើញ​​រូបភាព​​របស់​អ្នក​ស្លាប់​នៅ​ចំពោះ​មុខ ដៃ​ទាំង​ពីរ​​ចាក់​ស្រេះ​ចូលគ្នាយ៉ាង​ណែន ​រហូត​ទទួល​អារម្មណ៍​ថាថប់ៗ​នៅ​ក្នុង​ទ្រូង។

          «​ហើយ​មិន​ដឹង​ថា​ ពេលនេះ​នាយ​ភិរម្យ​នៅ​ទីណា?» ទឹក​សំឡេង​កាន់​តែ​ម៉ត់​ចត់​ឡើង មើល​ទៅ​ឃើញ​ជា​ការ​ជា​ងារ ដែល​ធ្វើ​ឲ្យ​ប៉ូលីស​កំលោះ​​​គួរ​ឲ្យ​​ជឿ​ទុក​ចិត្ត​ខ្លាំង​ឡើង​ នៅ​ក្នុង​ខ្សែ​ភ្នែក​របស់​​បុរស​​ចំណាស់។

          «អឺ… គេ​នៅ​​បន្ទប់លេខ​៤០៨។» និយាយ​ព្រម​ទាំង​ចង្អុល​ទៅ​បន្ទប់​​នោះ។ ​​សង្កេត​តាម​កាយវិការ​របស់​តា​ចាស់​ ឃើញ​ថា​គាត់​ចាប់​ផ្តើម​មាន​អារម្មណ៍​ល្អ​ជាមួយ​លោក​ប៉ូលីស​ហើយ។​

          «ចាំ​បន្តិច​ទៀត​លោក​អ៊ំ​ជួយ​នាំ​ខ្ញុំ​ទៅ​ជួប​​គេ​ផង​!» បុរស​ចំណាស់​ងក់​ក្បាល​ទទួល​ពាក្យ។ មិន​ដល់​ប៉ុន្មាន​នាទី​បន្ទាប់​មក ជំនាញ​ការ​​ធ្វើ​កោសល្យ​វិច្ច័យ​​ក៏​មក​ដល់កន្លែង​កើត​ហេតុ។

          «សួ​ស្តី​ភ្នាក់ងារ​រតនៈ! ការ​ងារ​មក​ដល់​ទាំង​ព្រឹក​តែ​ម្តង​ហើយ​ហ្ន៎!» អ្នក​ធ្វើ​កោសល្យ​វិច្ច័យ​ពោល​​រាក់​ទាក់​ជាមួយ​​ប៉ូលីស​ចារកម្ម​យ៉ាងស្និទ្ធ​ស្នាល។ កាតាប​ដែល​ស្ពាយ​មក ​ត្រូវ​បាន​ដាក់​ចុះ​នៅ​លើ​កម្រាល​​​​ឥដ្ឋ ហើយ​គេ​ក៏​លុត​ជង្គង់​ចុះ​ចាប់​យក​ឧបករណ៍​ផ្សេងៗ​ ចេញ​មក​យ៉ាង​រហ័ស​រហួនតាម​លំដាប់​លំដោយ​។

          «​មែន​ហើយ​! មើល​ទៅដូច​ជា​មិន​មែន​​រឿង​ឃាត​កម្ម​ធម្មតា​នោះទេ… លោក​មើល​ទៅ​ទ្វារ​ចុះ​ ត្រូវ​ចោះ​ប្រហោង​ដល់​ថ្នាក់​នេះ!!» ​អ្នក​ស្តាប់​បែរ​ទៅ​មើល​តាម​ការ​បង្ហាញ​ប្រាប់​របស់​ប៉ូលីស​កំលោះ។

          «​អូ… ប្រហែល​ជា​ធ្វើ​ឲ្យ​ អ្នក​ជួប​សព​ដំបូង​បះ​សក់​មិន​ស្ទើរ​ទេហ្ន៎​!» គេ​និយាយ​ដោយ​មិន​ងើយ​មុខ​​ ដៃ​ខាង​ស្តាំ​បន្ត​ធ្វើ​ការងារ​រហូត។ ម្សៅ​ខ្មៅ​សម្រាប់​ពិនិត្យរក​​មើល​ស្នាម​ក្រយៅ​ដៃ ត្រូវ​បាន​រោយ​ពាស​​ពេញ​បន្ទប់។

          «បែប​​អ៊ីចឹង​មែន​ហើយ!»

          «សុំ​ទោស​​លោក​ភ្នាក់​ងារ​ ខ្ញុំ​សុំ​ផ្លូវ​ចូល​ក្នុងបន្ទប់​ម្នាក់​ផង​បាន​ទេ?» ពេទ្យ​សង្កេត​​សព​និយាយ​កាត់​ឡើង នៅ​ពេល​មក​ដល់​ឃើញ​លោក​ប៉ូលីស​ឈរ​បាំង​​មាត់​ទ្វារ។

          «ឱះ…! សុំ​ទោស​លោក​គ្រូពេទ្យ!» រាង​ខ្ពស់​​គេច​​ខ្លួន​ចេញ​យ៉ាង​រហ័ស​ បើក​ផ្លូវ​ឲ្យ​អ្នក​ដែល​ទើប​មក​ដល់​ថ្មី​ចូល​ទៅ​ធ្វើ​ការ។

          «អូហូ… ហេតុ​អី​មនុស្ស​សម័យ​នេះ​​កាច​សាហាវ​ម្ល៉ឹងៗ ច្របាច់​ក​សម្លាប់​គ្នា​ដោយ​បាត​ដៃ​ឯង​តែ​ម្តង!!» ពេទ្យ​ពិសោធន៍​សព​ស្រែក​ឡើង​​នៅ​ពេល​ឃើញ​សភាព​​អ្នក​ស្លាប់ បន្ទាប់​ពី​នោះ​ក៏​ឈ្ងោក​មុខ​ឈ្ងោក​មាត់​​​ត្រួត​ពិនិត្យ​ការ​ស្លាប់​​យ៉ាង​ល្អិត​ល្អន់។ មិន​យូរ​ប៉ុន្មាន ​លទ្ធផល​នៃ​ការ​សង្កេត​សព​ក៏​ចេញ​​   មក​។

          «​មូល​ហេតុ​នៃ​ការ​ស្លាប់​ កើត​ឡើង​ដោយ​សារ​គ្មាន​ខ្យល់​ដក​ដង្ហើម ព្រោះ​ក​ត្រូវ​ឃាតក​រ​​ច្របាច់​យ៉ាង​ខ្លាំង​​​។ ឯ​ពេល​វេលា​នៃ​ការ​ស្លាប់​អាច​សន្និដ្ឋាន​បាន​ថា អ្នក​ស្លាប់​បាន​​បាត់​បង់​ជីវិត​​​​ប្រមាណ​ជា​៦​ម៉ោង​មក​ហើយ ដូច្នេះ​​​ហេតុ​ការណ៍​អា​ច​នឹង​កើត​ឡើង​នៅ​ម៉ោង​៣​ទៀប​ភ្លឺ។ តាម​ដង​ខ្លួន​មិន​ឃើញ​មាន​ស្លាក​​ស្នាម​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​នៅ​ត្រង់​ប្រឡោះ​ក​នោះ​ទេ។» ពេទ្យ​វិភាគ​សាក​សព​ រាយ​ការណ៍​យ៉ាង​ស្ទាត់​ជំនាញ។

          «​លោក​អ៊ំ​ ជួយ​នាំ​ខ្ញុំ​ទៅ​ជួប​នាយ​ភិរម្យ​បន្តិច!» ប៉ូលីស​កំលោះ​ងាក​មក​រក​បុរស​ចំណាស់ ដែល​កំ​ពុង​ឈរ​ច្របាច់​ដៃ​ខ្លួន​ឯង​នៅ​មុខ​បន្ទប់។ «វិជ័យ​! ផ្ញើ​ជួយ​ត្រួត​ពិនិត្យ​មើល​បន្ទប់​នេះ ​ឲ្យ​បាន​ល្អិត​ល្អន់​ផង​ណ៎ា!» ភ្នាក់​ងារ​រតនៈ​ និយាយ​ប្រាប់​ទៅ​អ្នក​ធ្វើ​​កោសល្យ​វិច្ច័យ ​មុន​នឹង​ដើរ​តាម​តា​ចាស់​ទៅ​បន្ទប់​របស់​នាយ​​ភិរម្យ។

          «ប្រាកដ​ណាស់​ហើយ​ មិន​បាច់​បារម្ភ​ទេ!»។

សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

វិចារ»

1. កួរ​ស្រូវ - ខែ វិច្ឆិកា 7, 2009

បើ​សិន​ជា​អស់​លោក​អ្នក​មាន​បំណង​ចង់​លក់​​សៀវភៅរឿង សៀវភៅ​មេរៀន និងឬ​ អត្ថបទ​ផ្សេង​ៗ សូម​ទាក់​ទង​គេហទំព័រ CEN ឬ​អាន​សេចក្តី​ប្រកាស​ខាង​ក្រោម​នេះ​៖

http://www.cen.com.kh/images/announcement/news