ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់(១) ខែ វិច្ឆិកា 7, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងហ្គេហ៍.trackback
វគ្គ១
ក្រោយពីប្រឡងឌីប្លូមជាប់ ប៉ាម៉ាក់ក៏ផ្លាស់ឲ្យខ្ញុំមករៀននៅទីរួមខេត្ត ព្រោះការអប់រំនៅទីនេះមានលក្ខណៈល្អប្រសើរជាងនៅឯស្រុក។ ថ្ងៃនេះ ជាថ្ងៃដំបូងដែលខ្ញុំត្រូវចូលរៀននៅថ្នាក់ទី១០។ ខ្ញុំទទួលអារម្មណ៍ភ័យផងអរផងរកថាមិនត្រូវ ហើយត្រូវក្រោកពីព្រឹកទៀត ដើម្បីមកឈរចាំរកមើលម៉ូតូ ឌុបជិះទៅសាលារៀន។ ថ្ងៃនេះខ្ញុំរំភើបញាប់ញ័រយ៉ាងខ្លាំង ហើយក៏មានអារម្មណ៍ថាឯកាយ៉ាងម៉េចមិនដឹង ព្រោះខ្ញុំគ្មានស្គាល់នរណាម្នាក់សោះនៅទីនេះ។ អ្នកដែលធ្លាប់ឆ្លងកាត់ការសិក្សា ប្រាកដជាយល់ពីអារម្មណ៍របស់ខ្ញុំច្បាស់ណាស់។
មុននឹងខ្ញុំមករៀននៅថ្ងៃនេះ ខ្ញុំក៏បានមកមើលឈ្មោះមើលថ្នាក់ រួចរាល់អស់ហើយដែរតែនៅមិនទាន់មានកន្លែងអង្គុយទេ។ ពេលព្រឹក ខ្ញុំចូលទៅតម្រង់ជួរនិងគោរពទង់ជាតិជាមួយគេឯង រួចរាល់ហើយក៏នាំគ្នាឡើងទៅថ្នាក់រៀន។ ពេលនោះ ខ្ញុំស្រាប់តែទទួលអារម្មណ៍កាន់តែកណ្តោចកណ្តែងខ្លាំងឡើងៗ នៅពេលឃើញអ្នកឯទៀតៗដើរហូរហែជាក្រុមៗ និយាយគ្នាលេងយ៉ាងសប្បាយរីករាយ។ ខុសគេតែម្នាក់ឯង ខ្ញុំបែរជាត្រូវដើរយ៉ាងត្រមង់ត្រមោច និងសោះកក្រោះបែបនេះទៅវិញ T^T ។
ខណៈដែលកំពុងឡើងជណ្តើរសំដៅទៅថ្នាក់រៀន ដើរសុខៗក៏មានគេរត់មកបុកខ្ញុំដួលព្រូស ហើយកាតាបក៏របូតធ្លាក់ចេញពីដៃ។ ខ្ញុំប្រញាប់ងាកមុខមកមើលអ្នកដែលជាដើមហេតុ សង្ឃឹមថានឹងបានទទួលពាក្យសុំទោសពីគេ តែផ្ទុយទៅវិញពាក្យដែលខ្ញុំបានឮ…
«ដើរយ៉ាងម៉េចហ្នឹង!(^O^)!!! មិនមើលគេមើលឯងសោះអ៊ីចឹង ចង់ឈឺខ្លួនហ្អេ៎?»
វាធ្វើឲ្យខ្ញុំខឹងយ៉ាងខ្លាំង។ បើស្ងាត់មាត់មិនអីទេ តែនេះវាចង់បង្ករឿងស្រស់ៗតែម្តង!!
«យើងហ្នឹងដើរមិនមើល? មិនដឹងអាណាទេ ខ្វាក់ភ្នែករត់មកបុកគេទាំងរស់!? ចង់ដឹងដល់ហើយថាឈឺខ្លួនវាយ៉ាងម៉េច! ហ៊ានឬអត់ហ្នឹង? (>.<)!!! »
ខ្ញុំក៏ពូកែរករឿងដូចគ្នានៅពេលខឹង។ វាទ្រាំមិនបានពិតមែន បើខ្ញុំខុសមិនអីទេ តែនេះវាខុសហើយ នៅធ្វើឫកគ្រាន់បើមករករឿងឯងទៀត។ មុននឹងមានទំនាស់ជាមួយគ្នាខ្លាំងជាងនេះ ស្រាប់តែមិត្តភក្តិរបស់វាក៏ចូលមកឃាត់៖
«គ្នាថាកុំមានរឿងល្អជាង! សង្ស័យជាសិស្សទើបតែមកថ្មីហើយ… នុ៎ះ! លោកគ្រូក៏កំពុងសម្លឹងមកខាងនេះដែរ។»
«ផ្ញើទុកសិនចុះអាសាច់កម្ម! >///< »
ខ្ញុំនឹកមួម៉ៅឡើងភ្លាមៗ ទើបតែមកចូលរៀននៅថ្ងៃដំបូងផង គិតថានឹងជួបតែរឿងល្អៗតែនេះមិនទាន់បានធ្វើអីផង ក៏មានគេមកតាមរករឿងទៅហើយ។ TT///TT អារម្មណ៍កំពុងតែស្រងេះស្រងោចស្រាប់ ដល់ពេលមានរឿងដូច្នេះ ខ្ញុំក៏កាន់តែបាក់ទឹកចិត្តថែមមួយកម្រិតទៀត ហើយនឹកចង់ទៅរៀននៅសាលាចាស់វិញ។
ទីបំផុតខ្ញុំក៏បានចូលថ្នាក់រៀន។ ដោយហេតុថា សិស្សភាគច្រើនជាសិស្សចាស់ និងសុទ្ធតែស្គាល់គ្នារួចរាល់អស់ហើយនោះ ទើបគ្មានការណែនាំខ្លួនឲ្យគ្នាស្គាល់។ លុះពេលខ្ញុំចូលទៅដល់ អ្វីៗក៏រៀបរយអស់ហើយដែរ ទើបគ្រូប្រចាំថ្នាក់ហៅខ្ញុំឲ្យចូលទៅជួប។
«ថ្ងៃនេះ ថ្នាក់យើងមានសមាជិកថ្មីម្នាក់ទើបតែផ្លាស់មក… អញ្ជើញចូលមកណែនាំខ្លួនឲ្យមិត្តភក្តិយើងបានស្គាល់ផង!»
«សួស្តីមិត្តភក្តិទាំងអស់គ្នា! Y(^_^’)Y ខ្ញុំឈ្មោះ អារុណ នទី ហៅខ្ញុំថាទីៗក៏បានដែរ។ រីករាយណាស់ ដែលបានមករៀននៅទីនេះជាមួយអ្នកទាំងអស់គ្នា! យ៉ាងណាៗ សូមជួយណែនាំផង។»
បន្ទាប់ពីខ្ញុំណែនាំខ្លួនចប់ ក៏មានមិត្តនារីៗលាន់មាត់ហ៊ោក្រេវឡើង ព្រោះខ្ញុំក៏មានមុខមាត់ស្អាតបាត ស្រស់សង្ហាមិនធម្មតាដែរ ហើយថែមទាំងធ្លាប់ជាកីឡាករបាល់ទាត់ប្រចាំសាលាទៀតផង។
«(@_@)គួរឲ្យស្រឡាញ់ដល់ហើយ!»
«សង្ហាយ៉ាងនេះមានសង្សារហើយឬនៅ? o_O! »
«តើខ្ញុំអាចដាក់ពាក្យសុំជាបេក្ខនារីដំបូងបានទេ? ^v^ »
ពួកគេ ធ្វើឲ្យខ្ញុំអៀនឡើងមុខក្រហមដូចគូទស្វាទៅហើយ។ ទោះបីជាអៀនតែខ្ញុំក៏សប្បាយចិត្តព្រោះវាបានបង្ហាញពីភាពជាមិត្តភក្តិនឹងគ្នា ទើបខ្ញុំក៏តបតាមត្រង់ទៅថា៖
«បាទ! នៅមិនទាន់មានទេ(^_^) ។»
«យើងថា វាជាហ្គេហ៍ច្បាស់ណាស់! មកដល់ពេលនេះហើយ នៅមិនទាន់មានសង្សារទៀត។»
មានសំឡេងមនុស្សម្នាក់លាន់ឡើង។ សំឡេងឮខ្លាំងគួរសមល្មមឲ្យខ្ញុំឮបាន ទើបខ្ញុំងាកទៅមើលតាមប្រភពសំឡេង។ ផ្សែងចេញតាមត្រចៀកខ្ញុំភាយៗតែម្តង ព្រោះវាគឺជាអាម្នាក់ដែលរត់បុកខ្ញុំកាលពីព្រឹកមិញនេះ ~>.,<~។
«សមុទ្រ! យើងថាឯងកុំទៅរករឿងនទីធ្វើអី ព្រោះយ៉ាងណាវាក៏ជាមិត្តរួមថ្នាក់យើងដែរ។»
សំឡេងមិត្តវានិយាយឡើង។ មុននឹងរឿងរ៉ាវអាចនឹងវែងឆ្ងាយជាងនេះ លោកគ្រូក៏មានប្រសាសន៍ឡើង៖
«បានហើយៗ! នាំគ្នាឡូឡាប៉ុណ្ណឹងល្មមគ្រប់គ្រាន់ហើយហ្ន៎?… នទីចូលតុរកកន្លែងអង្គុយ ចុះ។»
ខ្ញុំសម្លឹងរកមើលកន្លែងអង្គុយឡើងយូរ… គ្មានតុណាទំនេរសោះ!! គឺមានសល់តែមួយកន្លែងក្បែរអាសាច់កម្មនោះឯង។
«ធ្វើយ៉ាងម៉េចល្អហ្ន៎…» ខ្ញុំគិតនៅក្នុងចិត្ត។(_ _) តែដោយការដាក់ចិត្តព្រមចុះចាញ់ ខ្ញុំក៏ត្រូវទៅអង្គុយនៅក្បែរអាសមុទ្រអំបិល។ លុះខ្ញុំអង្គុយប៉ាប់ វាក៏និយាយឡើងប៉ឹប៖
«អ៊ួកកកកក…!!! (O.L) គួរឲ្យស្រឡាញ់ចង់ក្អួតតតតតត…!!!»
ថាហើយ វាក៏ងាកមុខទៅទិសផ្សេង។ ខ្ញុំគ្រាំចិត្តខ្លាំងណាស់ តែក៏ទ្រាំអត់ធន់ Y^Y ។
«តើយើងត្រូវស៊ូទ្រាំជាមួយអាឆ្កួតឯង បានយូរប៉ុណ្ណា?» ខ្ញុំគិតនៅក្នុងចិត្ត។
លុះដល់ម៉ោងចេញលេង ក៏មានមិត្តភក្តិជាច្រើននាក់មកសួររាក់ទាក់ខ្ញុំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់! ហើយតាមការសង្កេតមើល មិត្តភក្តិដែលអាចនិយាយចូលគ្នាបានមាន នេត្រ បុត្រ និង ចិត្រដែលសុទ្ធតែមាននិស្ស័យល្អនិងនិយាយឆាប់ចូលគ្នា។ ចំណែកអាម្នាក់ដែលអង្គុយក្បែរខ្ញុំនោះ ធ្វើព្រងើយ វាមិនចាប់អារម្មណ៍នឹងមករាក់ទាក់ខ្ញុំទេ តែខ្ញុំក៏មិនបានគិតអ្វីច្រើនហើយក៏មិនខ្ចីខ្វល់ពីវាដែរ។
ពេលដល់ម៉ោងសម្រាកថ្ងៃត្រង់ ខ្ញុំក៏ប្រមូលសៀវភៅប៊ិចក្នុងថតតុដាក់ចូលក្នុងកាតាប ហើយប្រញាប់ដើរចេញមកបម្រុងទៅរកទិញបាយញ៉ាំ។ តែក៏មិនដឹងថាកន្លែងលក់បាយ និងនំចំណីផ្សេងៗ របស់សាលា ស្ថិតនៅកន្លែងណា? ហើយនឹងទៅរកទិញញ៉ាំជាមួយអ្នកណា? កំពុងតែឈរខ្វាយខ្វល់ នេត្រក៏មកទះស្មាខ្ញុំពីក្រោយ៖
«ទី! ទៅញ៉ាំបាយជាមួយគ្នាណ៎ះ! ឯងទើបតែមកថ្មី ប្រហែលជាមិនដឹងថា គេលក់បាយនៅឯណាទេ។»
«ស្មានថាគ្រាន់បើ…ហ៊ឹះ! \(^O^\) រកតែបាយស៊ីខ្លួនឯងក៏មិនបានផង!!!» អាសមុទ្រសាគរមកដៀមដាមឲ្យខ្ញុំទៀតហើយ!!
« /(>_<)\ »
«សមុទ្រ! យើងថាឯងគួរតែបិទមាត់ខ្លះទៅ!»
នេត្រ និយាយសម្លុតទៅសមុទ្រដើម្បីសម្រួលស្ថានការណ៍ ចំណែកខ្ញុំនៅសម្ងំស្ងៀមមិនមាត់មិនកថាអ្វី។ មិនមែនខ្ញុំខ្លាចទេ តែខ្ញុំមិនចង់ឲ្យមានរឿង ហើយដែលសំខាន់វាជាថ្ងៃដែលខ្ញុំមកចូលរៀនថ្ងៃដំបូងផង។
«អរគុណនេត្រហើយ ខ្ញុំមិនដឹងពិតមែនថាគេលក់បាយនៅឯណា បើគ្មានឯងជួយខ្ញុំពិតជាពិបាកស្លាប់ហើយ!»
«មិនអីទេ យើងជាមិត្តនឹងគ្នាតើ!»
«ស្មានថាជា… (c_C)» អាសមុទ្រកម្ម នៅមិនទាន់ស្ងាត់មាត់ដដែល។
«នែ៎!អា…សា…មុតតតត!!! អាមាត់ស្អុយ!!! ឯងវាកើតថីបានមាត់ចង្រៃឥតឈប់អ៊ីចឹង? យើងឃើញរាល់ដង ឯងមិនសូវមាត់កទេណ៎ះ! ចុះថ្ងៃនេះវាយ៉ាងម៉េចឯង???» ម្តងនេះបុត្រសម្លុតទៅវាម្តង។
«បើឯងមិនចង់ឲ្យយើងទៅជាមួយ យើងទៅម្នាក់ឯងក៏បាន! U__U ទៅសួរមិត្តភក្តិនៅក្បែរៗនេះក៏ដឹងដូចតែគ្នា ថាគេលក់បាយនៅឯណា?»
«ទៅជាមួយគ្នាទៅណ៎ា…ទី! កុំទៅខ្វល់នឹងវាច្រើនពេក សមុទ្រវាមាត់អាក្រក់តែអ៊ីចឹង តែសារជាតិពិតរបស់វាមិនមែនអ៊ីចឹងទេ។»
នេត្រនិយាយពន្យល់ខ្ញុំ រឿងរ៉ាវគ្រប់យ៉ាងក៏ចប់។ ពួកយើងក៏ទៅញ៉ាំបាយជាមួយគ្នាជាក្រុម ដោយភាគច្រើនបុត្រជាអ្នកនាំនិយាយ ព្រោះវាពូកែនិយាយហើយថែមទាំងកំប្លុកកំប្លែងទៀត។ ដោយសារវាទើបខ្ញុំអាចរំសាយអារម្មណ៍តប់ប្រមល់នឹងរឿងអាសមុទ្របានខ្លះ។
ពេលស្រស់ស្រូបបាយថ្ងៃត្រង់ហើយ យើងក៏នាំគ្នាត្រឡប់មកថ្នាក់រៀនវិញ។ តាមផ្លូវដើរមកថ្នាក់ ក៏មានសិស្សនារីម្នាក់រត់មករកខ្ញុំ។ បើតាមពិនិត្យមើលរូបរាងកម្ពស់កម្ពរ នាងប្រហែលជារៀននៅថ្នាក់ក្រោមខ្ញុំ។
«បង! បងឈ្មោះអី? មិនដែលឃើញបងពីមុនមកសោះ! គឺមិត្តរបស់ខ្ញុំប្រើមកឲ្យសុំលេខទូរស័ព្ទរបស់បង តើបងប្រើលេខប៉ុន្មានដែរ?»
«អូហូ…នទី! ឯងគ្រាន់តែមករៀនថ្ងៃដំបូងសោះ ក៏មានស្រីៗលង់ស្នេហ៍ដល់ថ្នាក់នេះទៅហើយ(G_^) គ្នាច្រណែនដល់ហើយវ៉ើយ!»
បុត្រលាន់មាត់ឧទានឡើង។ ខ្ញុំធ្វើអេះអុញចង់ស្ទាក់ស្ទើរបន្តិចអីបន្តិច ចិត្រក៏លូកមាត់និយាយ៖
«ទី! ម៉េចមិនឲ្យលេខទៅនាងទៅ នៅញេមញ៉ុមដល់ណាទៀត?»
ខ្ញុំក៏ប្រាប់លេខទូរស័ព្ទទៅនាង ហើយក៏នាំគ្នាដើរចេញមក។ ចំណែកអាមហាសមុទ្រនោះមិនបាននៅរង់ចាំពួកយើងទេ វាដើរនាំមុខទៅមុនធ្វើដូចជាមិនចាប់អារម្មណ៍នឹងអ្នកណាសោះ។
លុះពេលល្ងាចចេញពីរៀន ខ្ញុំក៏មកឈរចាំម៉ូតូឌុបនៅមុខសាលា។ អង្គុយចាំបានបន្តិច ខ្ញុំក៏ឃើញសមុទ្រដើរមកជាមួយនារីម្នាក់ មុខមាត់ស្អាតបាតគ្រាន់បើ។
«បងសមុទ្រ! យើងនាំគ្នាទៅញ៉ាំការ៉េមសិនណ៎ា ចាំត្រឡប់ទៅផ្ទះ។ ព្រិលនៅមិនទាន់ចង់ទៅផ្ទះពេលនេះទេ។»
«តាមចិត្ត…»
និយាយគ្នារួច អ្នកទាំងពីរក៏នាំគ្នាមកអង្គុយលើកៅអីថ្មក្បែរខ្ញុំ។ អង្គុយរង់ចាំម៉ូតូឌុបទម្រាំមានបើកឆ្លងកាត់ទីនេះក៏យូរគួរសម ព្រោះសាលានៅឆ្ងាយពីទីប្រជុំជនបន្តិច ហើយក្នុងខេត្តនេះក៏មិនសូវមានអ្នករត់ម៉ូតូឌុបច្រើនដូចនៅភ្នំពេញដែរ។ មួយសន្ទុះក្រោយមក ក៏មានសិស្សនារីពីរនាក់ដើរសំដៅមករកខ្ញុំ។
«អេ៎…បងទី! បងអង្គុយចាំម៉ូតូត្រឡប់ទៅផ្ទះឬ? ខ្ញុំឈ្មោះទន្សាយស ឯនេះមិត្តខ្ញុំឈ្មោះកុលាប។»
ខ្ញុំធ្វើមុខឆ្ងល់(?.,?) ស្គាល់ឈ្មោះខ្ញុំពីអង្កាល់ហ្ន៎?
«អឺ…គឺអ្នកដែលបងឲ្យលេខទូរស័ព្ទ កាលពីថ្ងៃមិញនោះអី! បងភ្លេចហើយហ៎… ឬមួយមកពីខ្ញុំមិនសំខាន់?»
«ទេ! ទេ! មិនមែនអ៊ីចឹងទេ តែបងនឹកខ្លាចថាមិនមែន…» ខ្ញុំប្រញាប់ដោះសារ។
«ពួកខ្ញុំសុំអង្គុយក្បែរផងបានទេ?(@_@)»
«តាមសប្បាយ! (^O^) »
ក្រោយមកខ្ញុំក៏ដឹងថា ទន្សាយសគឺជាសិស្សប្អូនរបស់ខ្ញុំ រៀននៅថ្នាក់ទី៩។ ផ្ទះរបស់នាងនៅក្នុងទីរួមខេត្តនេះតែម្តង ថ្ងៃខ្លះម្តាយនាងជូនមករៀន ឯថ្ងៃខ្លះក៏ជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញ។ នាងគឺជាសិស្សម្នាក់ដែលយកចិត្តទុកដាក់រៀនសូត្រ ហើយរូបរាងក៏ស្រស់ស្អាតគួរឲ្យស្រឡាញ់ទៀត។
ខណៈដែលខ្ញុំកំពុងនិយាយគ្នាជាមួយអូនទន្សាយ
ខ្ញុំសង្កេតឃើញសមុទ្រចូលចិត្តលួចងាកមកមើលខ្ញុំ៣,៤ដងដែរ តែមិនព្រមនិយាយសួរនាំអ្វីសោះ ខ្ញុំក៏ធ្វើជាមើលមិនឃើញ មិនចាប់អារម្មណ៍ដូចគ្នា ដល់ពេលមានម៉ូតូឌុបមក ខ្ញុំក៏ជិះត្រឡប់មកផ្ទះជួល។
*-*-*-*-*-*
ថ្ងៃបន្តបន្ទាប់មក អ្វីៗក៏ល្អឡើងជារឿយៗ… ខ្ញុំមានមិត្តភក្តិជជែកគ្នា ហើយចេះតែស្និទ្ធស្នាលនឹងគ្នាជាលំដាប់។ ភាពឯកោកណ្តោចកណ្តែង ក៏ប្រែក្លាយជាភាពសប្បាយរីករាយ។
«ហ៊ើយ! ទី… ថ្ងៃនេះឯងត្រូវមកលេងបាល់ជាមួយពួកយើងសិនវ៉ើយ!» បុត្របបួលខ្ញុំ។
«ពួកយើង បានបបួលមិត្តភក្តិថ្នាក់ផ្សេងទៀត មកលេងភ្នាល់បាល់ជាមួយគ្នាម្នាក់ប្រាំរយ។» ចិត្រពន្យល់បន្ថែម។
ដូចដឹងឮគ្រប់គ្នាអ៊ីចឹង ប្រុសៗជាមួយការលេងបាល់ដាក់លុយ គឺក្លាយជារឿងធម្មតាទៅហើយ ពិសេសពួកប្រុសៗក្នុងវ័យរៀនដូចជាពួកខ្ញុំនេះ។ ដោយមិត្តភក្តិខ្ញុំបបួល ហើយខ្ញុំក៏គ្មានធុរៈអ្វីទៀតខ្ញុំក៏ចូលរួមលេងជាមួយពួកគេ។ តែ…
«មិនដឹងជាលេងកើតឬអត់ហ្នឹង? ឯងទៅបបួលវាឲ្យមកចូលក្រុមជាមួយ ប្រយ័ត្នចាញ់វ៉ើយ!» គ្មាននរណាផ្សេងក្រៅពីអាសមុទ្រខ្សាច់នោះទេ។ (>).(<)!!!
«អឺ! គ្នាក៏មិនបានអួតថាលេងពូកែស្អីដែរ គ្រាន់តែកាលរៀននៅសាលាចាស់ ធ្លាប់ជាតំណាងក្រុមរបស់សាលា ដូច្នេះប្រហែលជាអាចជួយលេងបានខ្លះៗ!»
«បានហើយទី កុំទៅគិតអីច្រើន! សមុទ្រគេនិយាយតែអ៊ីចឹងឯង កុំទៅចាប់អារម្មណ៍អីនឹងវា នាំគ្នាលេងឲ្យតែសប្បាយៗទៅ!» នេត្រជួយសម្របសម្រួល។
ដំបូងក៏គិតថាលេងត្រឹមសប្បាយៗ តែសប្បាយៗឯណាបាន បើដណ្តើមបាល់គ្នាអាក្រក់អាក្រីបែបនេះ? ម្នាក់ៗប្រឹងយកចាញ់យកឈ្នះស្ទើរស្លាប់រស់រៀងៗខ្លួន ព្រោះលេងបែបគ្មានអាប៊ីតជាអាជ្ញា កណ្តាល។ ខ្ញុំលេងជាស្លាបស្តាំ ចំណែកសមុទ្រលេងជាខ្សែប្រយុទ្ធ។ ក្នុងរយៈពេល១១០នាទីដំបូង ក្រុមរបស់យើងនាំមុខ១-០។ ក្រោយពីក្រុមរបស់យើងទាត់បាល់បញ្ចូលទីបានមួយគ្រាប់ដូច្នេះ ក្រុមដែលជាគូប្រកួតម្ខាងទៀត ក៏កាន់តែបង្កើនការប្រុងប្រយ័ត្នទ្វេឡើង ហើយប្រឹងលេងយកតែមែនទែន។ នៅពេលដែលខ្ញុំកំពុងបណ្តើរបាល់បម្រុងបញ្ជូនទៅឲ្យសមុទ្រ ស្រាប់តែត្រូវក្រុមផ្សេងទៀតមកស្ទាក់យកពីក្រោយ ហើយថែមទាំងបានកាប់ខ្ញុំមួយខ្មងយ៉ាងខ្លាំង រហូតធ្វើឲ្យខ្ញុំដួលខ្ពោកទៅដី។
នេត្ររត់មកមើលខ្ញុំមុនគេ៖
«កើតអីឬអត់ទី? មើលត្រូវកន្លែងណា?»
ពេលនេត្រលាត់ស្រោមជើងមើល ក៏ឃើញស្នាមក្រហមជាំនៅត្រង់កជើងរបស់ខ្ញុំ ព្រមទាំងមានហូរឈាមរឹមៗចេញមកទៀត។ ខ្ញុំព្យាយាមងើបក្រោកឈរតែងើបមិនរួចសោះ ព្រោះស្នាមរបួសត្រង់កជើងនោះឈឺខ្លាំងមែនទែន។ ខ្ញុំឮសំឡេងសមុទ្រទៅរករឿងអ្នកដែលមកស្ទាក់កាប់ខ្មងខ្ញុំ។
«ឯងធ្វើស្អីហ្អ៎ា!! លេងបាល់ឬលេងមនុស្សឲ្យប្រាកដហ្នឹង?!!»
សមុទ្រដើរទៅច្រានម្នាក់នោះ មើលទៅដូចជាចង់រករឿងឈ្លោះគ្នា រហូតមានមិត្តភក្តិទៅចាប់ឃាត់គេចេញមក។
«គ្នាថាកុំឲ្យមានរឿងអីល្អជាង!»
អាម្នាក់ដែលធ្វើឲ្យខ្ញុំមានរបួសនោះ ក៏ដើរចូលមកសុំទោសខ្ញុំ៖
«សុំទោសណាទី! ខ្ញុំគ្មានចេតនាទេ…»
«អឺ… មិនអីទេ!» មាត់និយាយថាមិនអី តែកជើងកំពុងចាប់ឈឺខ្ទោកៗ មិនដូចមាត់ដែលនិយាយឡើយ។
«ហើយនឹងត្រឡប់ទៅផ្ទះយ៉ាងម៉េចទៅហ៎ះ?» នេត្រនិយាយឡើង។
«មិនអីទេ គ្នាត្រឡប់ទៅផ្ទះវិញបាន។»
ខ្ញុំអូសជើងដើរប៉ាំងខ្ញើចៗ ដោយស្មាម្ខាងស្ពាយកាតាបផង។ ខ្ញុំទទួលស្គាល់ថា ជើងនេះឈឺពិតមែន ឈឺចាប់ខ្ទោកៗឥតស្រាកសោះ។ ចំណែកសមុទ្រ ខ្ញុំមិនឃើញនៅទីនោះទៀតទេ មិនដឹងថាគេបាត់ទៅណា។
«បាត់ក្បាលអាខ្មុតទៅណាហើយ?» បុត្រនិយាយឡើង។
«ប្រហែលជាវាប្រញាប់ទៅទទួលអូនព្រិលសរបស់វាហើយ!» ចិត្រជួយបន្ថែម។
«អាខ្មោចនេះ! វាមិនដែលចេះចាប់អារម្មណ៍ ពីមិត្តភក្តិអីបន្តិចសោះ!!» នេត្រនិយាយធ្វើមុខ ស្អុយ។
«មិនអីទេ! ខ្ញុំមិនបានកើតអីខ្លាំងឯណា?!!»
ខណៈដែលពួកយើងកំពុងដើរត្រឡប់ទៅវិញ ក៏ឃើញសមុទ្ររត់ត្រហេបត្រហបចូលមក។
«អេ៎… អាអត់ប្រមាត់ ឯងទើបតែមកពីណា?»
សមុទ្រមិនតបតថាអ្វីជាមួយមិត្ត គេងាកមុខមករកខ្ញុំ៖
«យកទៅស្អំទៅ ដើម្បីកុំឲ្យហើមខ្លាំងពេក!»
គេហុចថង់មួយមកឲ្យខ្ញុំ គឺជាថង់ទឹកកក។ សមុទ្រប្រហែលជាប្រញាប់រត់ទៅទិញមកឲ្យខ្ញុំ ព្រោះតូបលក់នៅខាងមុខសាលា។ ខ្ញុំទទួលយកមកស្អំ ក្នុងចិត្តក៏នឹកប្លែកតែក៏សប្បាយចិត្ត ព្រោះគេចេះបារម្ភពីខ្ញុំ ទោះបីជាវាមាត់មិនសូវល្អក៏ដោយ។ ស្អំរួចគេក៏យកកាតាបខ្ញុំទៅស្ពាយ ហើយចាប់គ្រាខ្ញុំឡើង៖
«តោះ! ទៅផ្ទះ។»
ថ្ងៃខ្លះសមុទ្រជិះម៉ូតូមករៀន។ តាមទំនងថ្ងៃនេះ គេប្រហែលជាមានបំណង ចង់ជូនខ្ញុំទៅផ្ទះ។
«ចុះថ្ងៃនេះ ឯងមិនជូនព្រិលសទៅផ្ទះទេអី?» ចិត្រសួរគេធ្វើមុខឆ្ងល់។
«យើងបានហៅម៉ូតូឌុប ឲ្យជូននាងទៅផ្ទះរួចរាល់ហើយ!»
តបនឹងចិត្ររួច វាក៏ងាកមកគំហកដាក់ខ្ញុំ៖
«ទៅផ្ទះឬមិនទៅ!!? (>w<)!!!»
ខ្ញុំក៏តបទៅវាវិញ បែបមិនពេញចិត្ត៖
«ជិះម៉ូតូឌុបទៅក៏បានដែរ! (_ _) »
វាមិនបាននិយាយតបតមកខ្ញុំវិញថាម៉េចទេ តែវាក៏ដណ្តើមកាតាបពីខ្ញុំយកទៅស្ពាយវិញហើយចូលមកកៀកស្មាខ្ញុំគ្រាអូសដើរ។
«គ្នាឈឺណាស់វ៉ើយ! T^T»
«បើឈឺ កុំរឿងច្រើនទៅបានហើយ!! / />.</ /»
ខ្ញុំក៏ត្រូវបង្ខំចិត្តទៅជាមួយវា តែនៅក្នុងជម្រៅចិត្តរបស់ខ្ញុំក៏នឹកអរគុណវាដូចគ្នា ទោះបីជាវាមាត់អាក្រក់ តែវាក៏មានចំណុចល្អខ្លះៗដែរ។ ធាតុពិតនោះ សមុទ្រក៏មានរូបរាងស្រស់សង្ហា មុខមាត់សស្អាតសមទាំងព្រម ឥតមានខ្វះចន្លោះត្រង់ណាទេ។ មានស្រីៗនិងសិស្សប្អូនៗនៅថ្នាក់ក្រោមយ៉ាងច្រើនមកតាមស្រឡាញ់ តែវាមិនសូវចាប់អារម្មណ៍ធ្វើព្រងើយៗ ហើយដែលឃើញមានទាក់ទងគ្នារាល់ថ្ងៃនេះ ក៏មានតែព្រិលសម្នាក់ប៉ុណ្ណោះ។
តាមផ្លូវដែលសមុទ្រជូនខ្ញុំមកផ្ទះ ខ្ញុំក៏នឹកប្លែកក្នុងចិត្តដូចគ្នា វាមិនបានសួរខ្ញុំមួយម៉ាត់សោះថាខ្ញុំជួលផ្ទះនៅម្តុំណា តែវាក៏ជូនខ្ញុំរហូតមកដល់មុខផ្ទះ ទើបខ្ញុំសួរវាទាំងឆ្ងល់៖
«ម៉េចក៏ដឹងថាខ្ញុំស្នាក់នៅទីនេះ?»
«យើងរស់នៅទីនេះតាំងពីកើតពោះម៉ែម្ល៉េះ ផ្ទះជួលប៉ុណ្ណឹង រឿងអីរកមិនឃើញ!!»
ខ្ញុំខ្ជិលសួរដេញដោលរកឫសគល់អីច្រើន ក៏និយាយអរគុណវាហើយចុះពីលើម៉ូតូ ខំដើរតតេះតតះចូលផ្ទះ។
«ម៉ោះ! យើងជួយ។»
«មិនបាច់ទេ យើងជួយខ្លួនឯងបាន! ម្យ៉ាងឯងមកក្រៀកឱបស្មាយើងយ៉ាងនេះ អ្នកផ្សេងគេអាចនឹងយល់ច្រឡំ!»
តែនិស្ស័យរបស់វា គឺមិនចាប់អារម្មណ៍នឹងអ្នកណាស្រាប់ហើយ កាន់តែហាមកាន់តែផ្គើន។ ពេលចតម៉ូតូទុកស្រួលបួលហើយ វាក៏រត់មកជួយគ្រាខ្ញុំឡើងលើផ្ទះ។ បន្ទប់ដែលខ្ញុំជួលនៅ ស្ថិតនៅជាន់ទី២។ ពេលចូលមកដល់ខាងក្នុង ខ្ញុំក៏ដើរតេះតះទៅចាក់ទឹកមកផឹក ហើយអូសជើងរំកិលខ្លួនមកអង្គុយនៅលើគ្រែទាំងពិបាក ព្រោះជើងនៅឈឺចាប់ខ្ទោកៗ។ ខ្ញុំលាត់ជើងខោមើលក៏ឃើញកជើងចាប់ផ្តើមឡើងហើមធំជាងមុន តែអាចកម្រើកបានបន្តិចបន្តួចប្រហែលជាមិនអីទេ។
«សមុទ្រ… អរគុណខ្លាំងណាស់ណ៎ា! ឯងអាចត្រឡប់ទៅផ្ទះបានហើយ។!»
«ចុះឯងនឹងទៅរកបាយញ៉ាំយ៉ាងម៉េចទៅ?»
«ប្រហែលជាត្រូវញ៉ាំមីសិនហើយ… ឯងមិនចាំបាច់បារម្ភទេ ខ្ញុំនៅម្នាក់ឯងបាន!»
ខ្ញុំនិយាយបណ្តើរក៏ដើរទៅចង្រ្កានបណ្តើរ ដើម្បីទៅដាក់ដាំទឹកទុកស្រុសមី។ តែហេតុការណ៍ដែលមិនបានគិតទុកក៏កើតឡើង… ខ្ញុំដើរទៅទាក់ខ្សែភ្លើង ហើយ… ហើយជ្រុលជំហរដួល។ ខណៈដែលខ្ញុំកំពុងដួល សមុទ្រក៏ស្ទុះចូលមកជួយទប់តែដោយមាឌខ្ញុំក៏ធំគ្រាន់បើ យើងក៏ដួលទៅលើព្រំទាំងពីរនាក់ ដោយខ្លួនរបស់ខ្ញុំសង្កត់លើសមុទ្រ ហើយគេក៏ឱបចង្កេះខ្ញុំជាប់។ ចំណែកមុខរបស់យើងទាំងពីរក៏ស្ទើរតែប៉ះគ្នាទៅហើយ គឺខ្វះតែប៉ុនសរសៃអំបោះប៉ុណ្ណោះក៏ប៉ះស្រេច។ យើងប្រែជាភ្លឹកភាំងនៅស្ងាត់ស្ងៀមទាំងពីរនាក់អស់មួយសន្ទុះ។ លុះពេលតាំងសតិបានឡើងវិញហើយ…
«សា…មុតតត!!! លែងយើង ឯងមកឱបចង្កេះហើយធ្វើអី!!? (6_^)!»
វាក៏ប្រញាប់លែងខ្ញុំ ហើយងាកមុខគេចចេញ គឺវានៅស្ងាត់ៗបាត់មាត់បាត់ក ខ្ញុំក៏សួរវាថាកើតអីឬអត់ព្រោះស្មានថាវាដួលប៉ះអីឈឺ តែវាក៏មិនបាននិយាយថាអ្វី។ លុះមួយសន្ទុះក្រោយមកទើបវានិយាយឡើង៖
«ឯងចាំយើងនៅទីនេះហើយ បន្តិចទៀតយើងនឹងមក…»
ហើយវាក៏ចេញទៅ ខ្ញុំក៏មិនបានចាប់អារម្មណ៍អ្វី គិតថាវាត្រឡប់ទៅផ្ទះវិញហើយ ទើបក្រោកទៅដាំទឹក។ ប្រមាណជា៣០នាទីក្រោយមក ក៏មានមនុស្សមកគោះទ្វារ គឺសមុទ្រ។ វាទៅទិញបាយប្រអប់មកចំនួន២ប្រអប់ និងថែមទាំងទិញប្រេងកូឡាមកផង។
«ហ៊ើយ! …សមុទ្រ!! ម៉េចក៏ឯងមិនទាន់ទៅផ្ទះអ៊ីចឹង យប់ហើយណ៎ា!??»
«កុំរឿងច្រើនពេក ទិញមកហើយក៏ស៊ីទៅ! មើល៍… ហុចជើងមកនេះ!!»
ខ្ញុំមិនចង់ជឿសោះ! វាចាប់កជើងខ្ញុំយកទៅមើល ហើយដោះស្រោមជើងចេញថ្នមៗ រួចក៏យកប្រេងកូឡាមកលាបឲ្យត្រង់កន្លែងហើម។ លាបរួចវាក៏យកប្រអប់បាយមកបើក ខ្ញុំក៏ដណ្តើមវាមកបើកដោយខ្លួនឯង៖
«ឲ្យមកនេះ! បើកញ៉ាំដោយខ្លួនឯងក៏បាន យើងមិនទាន់ខ្វិនទេវ៉ើយ! O_<»
«អឺ… អាពូកែ! (^/\^) ឲ្យតែពូកែបែបនេះរហូតទៅ!!»
បន្ទាប់មកយើងក៏ញ៉ាំបាយជាមួយគ្នា។ ពេលនោះខ្ញុំទទួលអារម្មណ៍ថា អរគុណចំពោះសមុទ្រខ្លាំងណាស់។ បើគ្មានវាជួយខ្ញុំពិតជាលំបាក ម្យ៉ាងជើងក៏ឈឺខ្លាំងទៀត នៅម្នាក់ឯងមិនដឹងថាគួរធ្វើយ៉ាងណាឡើយ។ ពេលញ៉ាំបាយរួចស្រេចបាច់ហើយ ខ្ញុំក៏ប្រាប់ទៅវាថា៖
«ឯងគួរតែត្រឡប់ទៅផ្ទះហើយណ៎ា! នៅយប់ជាងនេះទៀតមិនបានទេ ព្រោះតាមផ្លូវគ្រោះថ្នាក់ខ្លាំងណាស់… ប៉ាម៉ាក់ឯងពិតជាបារម្ភស្លាប់ហើយ!»
«ចេះនិយាយផ្អែមដែរតើ! ឯងបារម្ភពីយើងមែនទេ នទី!??» លើកទី១ហើយ ដែលវាហៅឈ្មោះខ្ញុំ ^^ ។
«ឆ្កួត! >O<!!! យើងមិនបានគិតអីផ្តេសផ្តាសទេ កុំឆ្កួត!»
«អូហូ… គេខំមានចិត្តមកជួយយកអាសាហើយ នៅសម្តីអាក្រក់ដាក់ទៀត! ឬមួយឯងអៀន? ^ / / / ^»
«អៀនឆ្កួតឡប់អី!!? យើងប្រុសពេញតួណាវ៉ើយ! អាខ្មុតតតត… អាវិកលចរិត!!! >///<!!!»
«មិនអៀនយ៉ាងម៉េច បើមុខក្រហមយ៉ាងនេះ!!? ហ៎ាស..ហ៎ាស..ហ៎ា…»
សមុទ្រសើចយ៉ាងសប្បាយរីករាយ។ លើកដំបូងរបស់ខ្ញុំហើយ ដែលឃើញវាចេះញញឹមចេះសើចយ៉ាងនេះ។ ចំណែកខ្ញុំពេលនោះ ញញឹមក៏លែងសមដែរ… អៀន…ហិហិហិ (^_^); ។ បន្តិចក្រោយមក វាក៏ងាកមកសួរខ្ញុំ៖
«ចុះព្រឹកស្អែក ឯងទៅរៀនយ៉ាងម៉េចទៅ?»
«មានអីពិបាក! គឺហៅម៉ូតូឌុបជិះទៅដូចរាល់ថ្ងៃនោះអី។ គ្រាន់តែប៉ុណ្ណេះគ្នាមិនទាន់ពិកាទេ!»
«អឺៗ… ឯងវាពូកែស្រាប់ហើយ! តែអ៊ីចែសចុះ ព្រឹកស្អែកចាំយើងមកទទួល។»
វានិយាយធ្វើភ្នែកស្រទន់ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍ប្លែកខុសពីធម្មតា តែខ្ញុំក៏មិនបានជឿវាដែរ គិតថាវាគ្រាន់តែនិយាយលេងសើចជាមួយខ្ញុំប៉ុណ្ណោះ។ ក្រោយពីនោះ វាក៏ចុះទៅជាន់ក្រោម ហើយជិះម៉ូតូត្រឡប់ទៅផ្ទះ…
សូមរង់ចាំអានវគ្គបន្ត!









រឿងវែងអូស mouse តាមចង់គ្រិចដៃ។ បងផ្កាយឯងអាចហៅខ្ញុំបានថា ឆាយក៏បានដែរ មិនបាច់ហៅឈ្មោះ ពីដូនតាមកទេ ព្រោះឈ្មោះនេះ កាលខ្ញុំ
នៅថៃទេ ឥឡូវមកដល់ខ្មែរហៅ ឆាយក៏បានដែរ ចំនែកអាឈ្មោះវែងនោះ គេ
នៅស្រុកថៃ ហៅថា តារាមុន្នីៗ ដូចជាអាក្រក់ស្តាប់ណាស់ដែរ។
អេ៎ ម៉េចយូរហើយអត់ឃើញដាក់ ត ចឹង??
សម្រាប់សមុទ្រងាយស្រឡាញ់ ហើយក៏មិនងាយបែកដែរ…
ចាំតាមដានបន្តណា! ^^
ចុំយក្ស អត់ទាន់បានអីផងសាឡាញ់គេបាត់ ចិត្តងាយដល់ហើយហ្ន៎អាសមុទ្រអត់ខ្សាច់ ^_^