jump to navigation

យូ សុភា អ្នកនិពន្ធដែលទទួលពានរង្វាន់ច្រើនជាងគេនៅកម្ពុជា ខែ វិច្ឆិកា 9, 2009

Posted by ផ្កាយ​Novels in អ្នកនិពន្ធ, អ្នក​និពន្ធខ្មែរ.
trackback

U-Sophea1

U-Sophea

ក្នុងចំណោម​អ្នកនិពន្ធ​វ័យក្មេង​របស់ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ននេះ​លោក យូ សុភា គឺជា ​អ្នកនិពន្ធ​មួយរូប​ដែលមាន​ភាពលេច​ធ្លោ​ខ្លាំង​ក្នុង​វិស័យ​តែង​និពន្ធ​ស្នារ​ដៃ​អក្សរសិល្ប៍​ផ្នែក​ប្រលោមលោក។ ដោយ​គិត​ចាប់​តាំងពី​ឆ្នាំ២០០២មកដល់​ឆ្នាំ២០០៩ នេះ​លោក​យូ សុភា បានទទួល​ពានរង្វាន់​និង​រង្វាន់​ចំនួន៩ស្នាដៃ​មានដូចជា​ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ព្រះបាទ​អង្គឌួង ឧកញ៉ា​សុត្ដ​ន្ដ​ប្រីជា​ឥន្ទ្រ    នូហាច។ល។

កាលពី​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៩នេះ លោក​យូ សុភា ក៏បាន​ទទួល​ពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួន​ណាត ជោ​ត្ដ​ញ្ញា​ណោ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្រោម​ប្រធានបទ «អក្សរសាស្ដ្រ​សង្គ្រោះ​មនុស្ស​ឱ្យ​ផុតពី​ភាពល្ងង់ខ្លៅ» ដោយ​លោក​ទទួលបាន​នូវ​លំដាប់​ពិន្ទុ​ខ្ពស់​​ជាងគេ​ក្នុងចំណោម​បេក្ខជន ​ដែល​បាន​ចូលរួម​ប្រលងប្រជែង។ ប៉ុន្ដែ​ទោះបីជា​ដូច្នេះ​ក្ដី​ក៏​ស្នាដៃ​ប្រលោមលោក​យូ សុភា រឿង “ទោះ​សុរិយា​នៅតែ​រះ” ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​និង​ជូន​ចំណាត់ថ្នាក់​ត្រឹម​លេខ២ប៉ុណ្ណោះ ហើយ​ពុំមាន​បេក្ខជន​រឺ​បេ​ក្ខ​នារី​ណា ទទួលបាន​ចំណាត់ថ្នាក់​លេខ១ឡើយ ព្រោះ​ប្រធានបទ​មាន​លក្ខណៈ​ធំ​ទូលាយ​ពេក​ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកនិពន្ធ​មានការ​លំបាក​ក្នុងការ       ​សរសេរ​ឱ្យដល់ចំណុចកំពូល ​និង​គ្រប់​ជ្រុងជ្រោយ​ដែល​ក្រសួង​ចង់បាន។

ទាក់ទង​ជាមួយ​ស្នាដៃ​ប្រលោមលោក​និង​រឿង​ខ្លី លោក​យូ សុភា មាន​ស្នាដៃ​ចំនួន​បីដែល​បានចេញ​ផ្សាយ​រួចមកហើយ​ គឺមាន​រឿងបរិញ្ញាបត្រ​ខ្ញុំ ចេញផ្សាយ​ពី​សមាគម​អក្សរសិល្ប៍នូហាច កញ្ញា​ម្ទេសខ្មាំង បើ​បេះដូង​ជាប់​ឈាម ចេញផ្សាយ​ពី​សមូហកម្ម​ស្លាប​ប៉ា​កា យូ សុភា ដែល​លោក​ជា​អ្នកបង្កើត​ដោយផ្ទាល់ ។ តាមរយៈ​រឿង​ទាំងបី​នេះ​បានធ្វើឱ្យ​លោក យូ សុភា ទទួលបាន​នូវ​ភាព​ល្បី​ក្នុង​ស្រទាប់​ប្រិ​យ​មិ​ត្ដ​ដែល​និយម​អាន​រឿង​ប្រលោមលោក​ក្នុងស្រុក ហើយ​បាន​សាយភាយ​ទៅដល់​បងប្អូន​ប្រជាជន​ខ្មែរ​មួយចំនួន​ដែល​រស់​នៅឯ​បរទេស​ផងដែរ ដែល​ពួកគាត់​បានទូរស័ព្ទ​និង​ផ្ញើរអ៊ីម៉េលសម្ដែង​នូវ​ការ​កោតសរសើរ​អំពី​ទឹកដៃ​របស់លោក​ដោយ​ក្ដី​ស្មោះស និង​រាប់អាន។ រឿង​ទាំងបី​ខាងលើនេះ​ក៏ត្រូវ​បាន​និស្សិត​នៅ តាម​មហាវិទ្យាល័យ​មួយចំនួន​ជ្រើស​រើសយក​ទៅធ្វើជា​ប្រធានបទ​ក្នុង​កិច្ចការ​សរសេរ​របស់​ពួកគេ​ទៀតផង ។

ក្រៅពី​មាន​អាជីព​ជា​សាស្ដ្រ​ចា​រ្យ​អក្សរសាស្ដ្រ​ខ្មែរ លោក​យូ សុភា​ក៏​ជា​គណៈកម្មការ​កំណែរ​រឿង​ខ្លី​មួយរូប​នៅ​សមូហកម្ម​អក្សរសិល្ប៍ នូ ហាច ផងដែរ។ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក ខូ តារា​ឬ​ទ្ធិ ដែលជា​នាយក​គ្រប់គ្រង​សមាគម​អក្សរសិល្ប៍ នូ ហាច លោក​យូ សុភា ត្រូវបាន​បណ្ដា​អ្នកនិពន្ធ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​សមាគមភែ​ន​កម្ពុជាដែលជា​សមាគម​អន្ដរជាតិ​មាន​ទីតាំង​ធំ​នៅទីក្រុង​ឡុង​ដ៍ប្រទេស​អង់គ្លេស​ ដែល​បច្ចុប្បន្ននេះ​មាន​សមាជិក​ប្រមាណ​ជា១០០ប្រទេស ។ នៅ​ថ្ងៃ​អនាគតប្រសិន បើ​សមាគម​ភែ​ន​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ទាំង​ជាតិ​និង​អន្ដរជាតិ​នោះ លោក​យូ សុភា មាន​គោលការណ៍​ជាច្រើន​ទាក់ទង​ជាមួយនឹង​វិស័យ​តែង​និពន្ធ​ និង​ការបោះពុម្ពផ្សាយ។ លោក​យូ សុភា ក៏មាន​ក្រុម​អ្នកនិពន្ធ​សម្រាប់​ទទួល​សរសេរ​អត្ថបទ​រឿង​ប្រលោមលោក អត្ថបទ​ភាពយន្ដរឿង​អប់រំ​ខ្លីទំនុកច្រៀង ឈុត​ផ្សាយពាណិជ្ជកម្ម។ល។ ក្នុង​តម្លៃថោក​សមរម្យ​ផងដែរ។ សកម្មភាព​នេះ​នឹង​បាន​ចូលរួមចំណែក​មួយផ្នែក​ក្នុងការ​ផ្ដល់ឱកាស ការងារក៏ដូចជា​ការផ្ដល់​តម្លៃ​ដល់​ក្រុម​អ្នកនិពន្ធ​កម្ពុជា។ លោក​យូ សុភា ស្វាគមន៍​ចំពោះ​ប្រិ​យ​មិ​ត្ដ​អ្នកអាន​និង​អស់លោក លោកស្រី ទាំងអស់​ដែលមាន​បំណង​ទាក់ទង​ក្រុម​អ្នកនិពន្ធ​របស់លោក​ក្នុង​វិស័យ​តែង​និពន្ធ​ដោយ​រីករាយ ។

ទោះបីជា​លោក យូ សុភា ទទួលបាន​នូវ​ជោគជ័យ​ច្រើន​ក្នុងការ​តែង​និពន្ធ​ ហើយ​ទទួលបាន​នូវ​កិ​ត្ដិ​យស​ និង​កេរ្ដិ៍ឈ្មោះ​ដ៏​ប្រពៃ​ក៏ដោយ ក៏​លោក​នៅតែ​បន្ដ​ហ្វឹកហាត់​បន្ថែមទៀត    ​ទៅលើ​ស​ម​ត្ថ​ភាពដែលមាន​ស្រាប់​តាមរយៈ​ការអាន​សៀវភៅ​ឱ្យបាន​ច្រើន​   រួមទាំងការសិក្សា​ស្វែងយល់​អំពី​រឿងរ៉ាវ​ដែល​កើតមាន​នៅក្នុង​សង្គម ព្រោះ​ចំណុច​ទាំងនេះ​គឺជា​គន្លឹះ​មួយ​ដ៏​ពិសិដ្ឋ​សម្រាប់​លោក​ក្នុងការបង្កើត​គោល​គំនិត​ឆ្ពោះទៅរក​ការសរសេរ​អត្ថបទ​ប្រលោមលោក​បានល្អ ៕ សីហា

ប្រភពអត្ថបទ ទស្សនវដ្តី​អាថ៌កំបាំង 

វិចារ»

1. vankhea - ខែ ធ្នូ 5, 2009

អ្នកនៅក្មេងសោះតែបានបង្កើតស្នាដៃច្រើនបែបនេះ ពិតជាយុវជនឈានមុខមែន

ខ្ញុំសូមសរសើរដោយស្មោះ

2. វឌ្ឍនា - ខែ វិច្ឆិកា 10, 2009

ខ្ញុំចូលចិត្ត រឿង បរិញ្ញាប័ត្រខ្ញុំ ណាស់… រឿងនោះជាងអ្នកជំរុញចិត្តខ្ញុំអោយ សរសេរប្រលោមលោកចេញជារូបរាងសាច់ការ… (ធ្លាប់សរសេរប្រលោមលោក ដំបូងឆ្នាំ២០០១ តែគ្មានការតស៊ូរ រឺ មិនសូវចាប់អារម្មណ៍រឿងហ្នឹងគ្មានថ្ងៃចប់ទៅ)

3. ផ្កាយNovels - ខែ វិច្ឆិកា 9, 2009

គាត់​មិន​មែន​ជា​កូន​របស់​លោក​គ្រូ យូ​ បូ ​ទេ គ្រាន់​តែ​មាន​ឈ្មោះ​ត្រកូល​ដូច​គ្នា​ប៉ុណ្ណោះ។

4. ច័ន្ទរឿន - ខែ វិច្ឆិកា 9, 2009

Great. Is he a son of Lok Grou You Bo?