ភាពយន្តរដូវរងា Winter Sonata ខែ វិច្ឆិកា 12, 2009
Posted by ផ្កាយNovels in ភាពយន្តវីដេអូ.trackback
រដូវរងាមកដល់ហើយ! នឹកដល់ភាពយន្តរឿង Winter Sonata ខ្លាំងណាស់!! សម្រាប់ទស្សនិកជនដែលនិយមភាពយន្តកូរ៉េ ប្រហែលជាគ្មាននរណាមិនធ្លាប់មើល ភាពយន្តរឿងនេះនោះទេ។ រឿងនេះជាស៊េរីភាពយន្តរដូវលំដាប់ទី២របស់អ្នកដឹកនាំរឿង៤រដូវ Yun Seok Ho ដែលផ្តើមចេញពីរឿងទី១ឈ្មោះថា Autumn in My Heart ចាប់បញ្ចាំងលើកដំបូងនៅក្នុងឆ្នាំ២០០២។ បើនិយាយទៅរឿងមួយនេះថតច្រើនឆ្នាំមកហើយ តែក៏នៅមានអ្នកនិយាយអំពីវារឿយៗ។ ជាភាពយន្តដែលនិយាយពីស្នេហាគ្រាដំបូងដ៏ស្រស់បំព្រង ក្រោមព្រិលពណ៌សដែលធ្លាក់រោយរាយ គ្របដណ្តប់ពាសពេញផ្ទៃដី ស៊ីគ្នានឹងពណ៌ទឹកសមុទ្រដ៏ខៀវស្រងាត់របស់លំហមេឃ។
រឿងរ៉ាវស្នេហាគ្រាដំបូងដ៏សែនជាប់ចិត្ត កើតឡើងនៅចុងរដូវស្លឹកឈើជ្រុះ នៅពេលដែលជុងយូជីន អង្គុយដេកលក់នៅលើរថយន្តក្រុងពេលទៅសាលារៀន ធ្វើឲ្យនាងបានជួបនឹងគាំងជុនសាងបុរសក្នុងវ័យស្រករនាង ដែលទើបតែផ្លាស់មករៀននៅក្នុងសាលាតែមួយជាមួយយូជីន ដើម្បីស្វែងរកឪពុក។ យូជីននិងជុនសាង បានរៀននៅក្នុងថ្នាក់ជាមួយគ្នា ជំរុំជាមួយគ្នា។
ពួកគេចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នានៅក្រោមភាពមិនពេញចិត្តរបស់សាំងហ្វុក ដែលបានលង់ស្នេហ៍នឹងយូជីនមកយូរហើយ និងឆេលីនដែលលួចស្រឡាញ់ជុនសាង ហើយនៅថ្ងៃដែលព្រិលធ្លាក់ពួកគេក៏បានថើបគ្នាជាលើកដំបូង។ យូជីននិងជុនសាងណាត់ជួបគ្នានៅថ្ងៃទី៣១ធ្នូ តែជុនសាងមិនបានមកតាមការណាត់។ ថ្ងៃស្អែកឡើងទើបយូជីនដឹងថា ជុនសាងបានស្លាប់ដោយសារឧប្បត្តិហេតុរថយន្តបុកទៅហើយ។
១០ឆ្នាំបន្ទាប់មក… នៅថ្ងៃដែលយូជីនកំពុងធ្វើដំណើរ ទៅពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយនឹងសាំងហ្វុក នាងក៏បានជួបនឹងបុរសម្នាក់ ដែលមានមុខមាត់ដូចគ្នានឹងជុនសាងខ្លាំងណាស់។ នាងតាមស្វែងរកបុរសនោះរហូតធ្វើឲ្យនាងទៅពិធីភ្ជាប់ពាក្យរបស់ខ្លួនយឺត។ បន្ទាប់មកយូជីនក៏បានជួបគេម្តងទៀតនៅក្នុងឋានៈមិត្តរួមការងារ ព្រោះក្រុមហ៊ុនដែលនាងកំពុងធ្វើការ មានគម្រោងការណ៍កសាងកន្លែងលេងស្គីរួមគ្នាជាមួយក្រុមហ៊ុនលីមិនហុង ធ្វើឲ្យយូជីនបានដឹងថាបុរសដែលមានមុខមាត់ដូចជុនសាងឈ្មោះលីមិនហុង ហើយគេក៏ជាសង្សាររបស់ឆេលីនមិត្តដ៏ជិតស្និទ្ធរបស់នាងដែរ។
ភាពស្និទ្ធស្នាលនៅក្នុងឋានៈមិត្តរួមការងារ ធ្វើឲ្យយូជីនធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លីមិនហុងម្តងទៀត ទោះបីជានាងមានសាំងហ្វុកហើយក៏ដោយ។ ចំណែកលីមិនហុងក៏លង់ស្នេហ៍នឹងភាពទន់ភ្លន់ រួមទាំងគំនិតសុទិដ្ឋិនិយមរបស់យូជីន ទោះបីជាគេមានឆេលីនហើយដូចគ្នា។ ហេតុនេះស្នេហារបស់ពួកគេ បាននាំមកនូវភាពខកបំណងរបស់មនុស្សជុំវិញខ្លួនយ៉ាងច្រើន…
ជុងយូជីន៖ ស្នេហ៍គ្រាដំបូងរបស់នាងកប់យ៉ាងជ្រៅនៅក្នុងចិត្ត ទោះបីជាមានមនុស្សដ៏ល្អនៅក្បែរខ្លួននាងរហូតមក យូជីនក៏មិនអាចបំភ្លេចអ្នកដែលធ្វើឲ្យ បេះដូងរបស់នាងញ័ររញ្ជួយបានដែរ មិនថាពេលវេលាកន្លងទៅរាប់សិបឆ្នាំមកហើយក៏ដោយ។
លីមិនហុង៖ ស្នេហ៍គ្រាដំបូងរបស់លីមិនហុង មានសម្រាប់នារីដ៏គួរឲ្យស្រឡាញ់ដូចជាយូជីន សម្រាប់ឆេលីនប្រហែលគ្រាន់តែជាការចូលចិត្តច្រើនជាង គេគ្រាន់តែចូលចិត្តឆេលីនច្រើនជាងអ្នកដទៃ តែគេលង់ស្នេហ៍នឹងយូជីនយ៉ាងជ្រាលជ្រៅ។
គីមសាំងហ្វុក៖ ស្នេហ៍គ្រាដំបូងរបស់គេមានសម្រាប់ យូជីនតាំងពីក្មេងរហូតដល់ពេញវ័យ គេមិនដែលមានខ្សែភ្នែកទុកសម្រាប់មើលនារីដទៃទេ ទោះបីជាគេដឹងថាស្នេហ៍គ្រាដំបូងរបស់នាងមិនមែនជាគេ តែគេក៏នៅរង់ចាំតទៅទៀត គ្រាន់តែសង្ឃឹមថានឹងបានធ្វើជាស្នេហ៍ចុងក្រោយរបស់នាង។
ឆេលីន៖ អ្នកដែលជាស្នេហ៍គ្រាដំបូងរបស់នាងប្រហែលជាលីមិនហុងហើយ ចំណែកគាំងជុនសាងគ្រាន់តែជាអ្នកដែលនាងលួចស្រឡាញ់ចោលប៉ុណ្ណោះ ទោះបីជាក្រោយមកមិនហុងទទួលស្គាល់ថា គេគឺជាជុនសាង តែឆេលីននៅតែហៅគេថាមិនហុងដូចដើម នេះមកពីនាងស្រឡាញ់មិនហុងកប់យ៉ាងជ្រៅក្នុងចិត្តនោះឯង។
គាំងមីហ៊ី(ម្តាយជុនសាង)៖ ស្នេហ៍គ្រាដំបូងរបស់នាងមានសម្រាប់ឪពុករបស់យូជីន តែអ្នកម្ខាងទៀតបែរជាមិនបានស្រឡាញ់នាងដូចដែលនាងស្រឡាញ់គេ ដោយការខូចចិត្តធ្វើឲ្យនាងជ្រុលខ្លួនមានការពាក់ព័ន្ធជាមួយនឹងបុរសដែលនាងមិនស្រឡាញ់។
គីមជីនវូ(ឪពុករបស់សាំងហ្វុក)៖ ស្នេហ៍គ្រាដំបូងរបស់គេមានសម្រាប់គាំងមីហ៊ីដែលមិនខុសពីសាំងហ្វុកដោយរង់ចាំសេចក្តីស្រឡាញ់ពីគាំងមីហ៊ី ចាំដល់ពេលណាដែលនាងមានបេះដូងទំនេរសម្រាប់គេ។
ខ្ញុំជឿថា រឿងរ៉ាវស្នេហាគ្រាដំបូងរបស់ពួកគេទាំងនេះ នឹងនៅតែចាប់អង្រួនបេះដូងរបស់ទស្សនិកជនគ្រប់ៗគ្នាដែលបានមើលរឿងនេះ ទោះបីជាខ្យល់រងាបក់ផាត់រសាត់ផុតទៅ ប៉ុន្មានរដូវហើយក៏ដោយ…













តួស្អាតៗគួរឲ្យគយគន់ គឺស្អាតរបៀបកូរ៉េ។ សម្រាប់ខ្ញុំ នាងចងសក់ទីទុយ មានឫកពារដ័សុភាព ដោយសារគេស្លៀកពាក់តាមរបៀបអភិរក្សនិយម (conservative) ដែលជារចនាបទដែលខ្ញុំចូលចិត្ត។
ជូនគ្នាមែន! មុននេះបន្តិចខ្ញុំជជែកជាមួយ ពេជ្រ សោភា និង បង ច័ន្ទ មល្លិកា ពីរឿងស្នេហាគ្រាដំបូង ស្នេហាពិត ហ្នឹង! ពួកគាត់ប្រាប់ខ្ញុំថា ស្នេហាពិត ក្នុងជីវិតរបស់មនុស្សម្នាក់គឺមានតែម្ដង តែខ្ញុំអត់ដឹងទេ។