ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់(២) ខែ វិច្ឆិកា 14, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងហ្គេហ៍.trackback
វគ្គ២
ព្រឹកថ្ងៃបន្ទាប់មក ខ្ញុំប្រញាប់ក្រោកតាំងពីព្រលឹមដើម្បីទៅរៀន ព្រោះខ្លាចយឺតយ៉ាវជាមួយនឹងការស្លៀកពាក់រៀបចំខ្លួន ព្រមទាំងការធ្វើដំណើរ ដ្បិតអីកជើងខ្ញុំក៏នៅឈឺនៅឡើយ គ្រាន់តែបានធូរស្រាលបន្តិចបន្តួចប៉ុណ្ណោះ។
ខ្ញុំមកដល់សាលារៀនតាំងតែពីព្រឹក។ ក្រោយពីយកកាតាបនិងប្រដាប់ប្រដាររៀនសូត្រផ្សេងៗទៀតទៅទុកក្នុងថ្នាក់រួច ខ្ញុំក៏ចុះមកអង្គុយលេងនៅលើកៅអីថ្ម ក្រោមដើមឈើក្បែរអគាររៀនដើម្បីរង់ចាំមិត្តភក្តិមកចូលជួរគោរពទង់ជាតិ។ មិនយូរប៉ុន្មាន ក៏ឃើញសមុទ្រឡើងជណ្តើរទៅថ្នាក់រៀនដើម្បីយកកាតាបទៅទុក។ តែថ្ងៃនេះវាធ្វើខ្លួនប្លែកៗតាំងពីព្រឹក គឺវាក៏ឃើញខ្ញុំអង្គុយនៅត្រង់នេះ តែវាក៏មិនព្រមសួរនាំ។
ឆ្កួតស្អីវាទៀតហើយ!! (>.<^)? ខ្ញុំបានត្រឹមតែគិតនៅក្នុងចិត្តប៉ុណ្ណោះ មិនហ៊ាននិយាយអ្វីចេញមកក្រៅទេ។ ពេលគោរពទង់ជាតិរួច ម្នាក់ៗក៏នាំគ្នាឡើងទៅថ្នាក់រៀន តែខ្ញុំក៏ទៅយឺតជាងមិត្តភក្តិឯទៀតៗ ព្រោះនៅឈឺត្រង់កជើងនិងប្រាប់ឲ្យពួកគេឡើងទៅមុន។
ពេលមកចូលអង្គុយនៅក្នុងតុ ខ្ញុំក៏ងាកមុខទៅរកសមុទ្រ តែវាបែរជាធ្វើព្រងើយហើយងាកមុខចេញទៅទិសផ្សេង។ ពេលនោះខ្ញុំក៏ចាប់ផ្តើមមិនសប្បាយចិត្ត ព្រោះតាមធម្មតាសមុទ្រតែងតែនិយាយឬធ្វើអ្វីមួយឲ្យខ្ញុំខឹងជានិច្ច តែថ្ងៃនេះឃើញវានៅស្ងៀមៗមិនមាត់មិនក មិនរករឿងឈ្លោះជាមួយខ្ញុំ ដែលកាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្វល់ខ្វាយយ៉ាងចម្លែករកប្រាប់មិនត្រូវ។ ខ្ញុំក៏មិនយល់ពីខ្លួនឯងដូចគ្នា… តាមធម្មតា ក៏មិនសូវចូលចិត្តមុខវាម្នាក់នេះស្រាប់ហើយ! ចុះហេតុអ្វីពេលនេះ ពេលដែលវាមិនព្រមនិយាយអ្វីសោះ គួរណាស់តែជារឿងល្អសម្រាប់ខ្ញុំ តែបែរជាធ្វើឲ្យខ្ញុំត្រឡប់ជាមិនសប្បាយចិត្តទៅវិញ??។ ឬមួយក៏ខ្ញុំ កំពុងគិតអ្វីផ្តេសផ្តាសជាមួយវា?… ខ្ញុំចាប់ផ្តើមស្មុគស្មាញជាមួយនឹងអារម្មណ៍ខ្លួនឯង តែខ្ញុំក៏នៅរក្សាភាពស្ងាត់ស្ងៀមមិនព្រមនិយាយអ្វីដូចគ្នា។
លុះដល់ពេលថ្ងៃត្រង់ ខ្ញុំនិងមិត្តភក្តិក៏នាំគ្នាទៅញ៉ាំបាយដូចសព្វដង។ ពេលទៅដល់ហាងបាយក៏ឃើញព្រិលសមកអង្គុយចាំនៅតុបាយ មុនជាស្រេចទៅហើយ៖
«បងសមុទ្រមកខាងនេះ ព្រិលបានកក់កន្លែងអង្គុយ ទុកសម្រាប់បងរួចហើយ!»
«ហ៊ើយអាខ្មុត! អ៊ីចឹងពួកយើងនាំគ្នាទៅអង្គុយកន្លែងផ្សេងក៏បានណ៎ា! មិនចង់ធ្វើជាឆ្អឹងទទឹងកគេទេ!!» បុត្របន្លឺបែបឌឺដង។
«តាមចិត្តពួកឯងចុះ!»
«បងបុត្រ បងនេត្រ… អឺ…បង…»
«ឈ្មោះទី បាទ!» ខ្ញុំតបទៅព្រិលស ពេលឃើញនាងរកនឹកឈ្មោះខ្ញុំ។
«ច៎ាស… បងទី! មកអង្គុយជាមួយគ្នាតែម្តងទៅ ព្រោះខ្ញុំក៏បានត្រៀមកៅអីទុកសម្រាប់ពួកបងៗដែរ!! មានមិត្តភក្តិច្រើនអង្គុយញ៉ាំជុំគ្នា ទើបសប្បាយ!!»
ទីបំផុតពួកយើងក៏អង្គុយញ៉ាំបាយជុំគ្នាទាំងអស់ ដោយព្រិលសនៅចាំអង្គុយបម្រើសមុទ្រគ្រប់យ៉ាងមិនឲ្យឃ្នើសចិត្តឡើយ។
«សមុទ្រ ឯងជាប្រុសណាវ៉ើយ! ម៉េចក៏មកឲ្យនាងបម្រើទៅវិញ? ឯងគួរណាស់តែធ្វើអ្វីៗដើម្បីនាងខ្លះផង មិនមែនឲ្យនាងមកថែទាំឯងមើលតែកូនង៉ែតនោះទេ!!» នេត្រនិយាយចំអន់។
បន្ទាប់ពីនោះ សមុទ្រក៏ទៅទិញទឹកយកមកឲ្យព្រិលស។ គឺវាទិញទឹកផ្លែឈើពីរកំប៉ុងសម្រាប់វានិងនាង។ មិត្តភក្តិក៏នាំគ្នាខ្សឹបខ្សៀវរឿងវានិងព្រិលសថា ផ្អែមល្ហែមនឹងគ្នាគួរឲ្យច្រណែនដល់ហើយ!! ចំណែកខ្ញុំ ក៏អង្គុយស្ងាត់ស្ងៀមធ្វើព្រងើយមិនមាត់មិនកអ្វី។ តែហេតុអ្វី ក៏ក្នុងចិត្តខ្ញុំទទួលអារម្មណ៍ថាក្រៀមក្រំ សោកសៅ ហេងហាង… ហើយតូចចិត្តបែបនេះ? ឬមួយខ្ញុំច្រណែននឹងសមុទ្រ? វាក៏មិនគួរទៅជាបែបហ្នឹង! ឬមួយក៏ខ្ញុំ……… មិនពិតទេ!!! គ្មានរឿងបែបហ្នឹងកើតឡើងចំពោះខ្ញុំជាដាច់ខាត ព្រោះខ្ញុំស្អប់មុខវាម្នាក់ហ្នឹងណាស់! ខ្ញុំជឿថា ចិត្តខ្ញុំមិនប្រែប្រួលលឿនដល់ថ្នាក់នេះទេ… ប្រហែលខ្ញុំកំពុងនឹករលឹកស្រុកកំណើតក៏ថាបាន!
ខ្ញុំមិនដឹងថា ខ្លួនឯងអណ្តែតអណ្តូងទៅដល់ណាទេ លុះត្រាតែនេត្រមកទះស្មានិយាយជាមួយខ្ញុំ ទើបភ្ញាក់ស្មារតីឡើងវិញ៖
«ហ៊ើយទី! ថ្ងៃនេះឯងយ៉ាងម៉េចហ្នឹង បានដូចជាអណ្តែតអណ្តូងម្ល៉េះ? អង្គុយឆ្កឹះតែបាយលេង ប្រុងញ៉ាំឬអត់ បាយហ្នឹង? ឬមួយក៏ឯង នឹកទៅដល់អូនម្នាក់នោះ? គ្នាគិតថា នាងគួរឲ្យស្រឡាញ់ណាស់ ឯងក៏មិនទាន់មានសង្សារដែរមែនទេ? ញ៉ែយកតែម្តងទៅ ចាំពួកគ្នាជួយ!!»
ខ្ញុំបានត្រឹមញញឹមតែមិននិយាយថាអ្វី… ចំណែកសមុទ្រនិងព្រិលស ក៏ផ្អែមល្ហែមនឹងគ្នាដល់ក ដោយមិនចាប់អារម្មណ៍នឹងអ្នកនៅជុំវិញបន្តិចទេ។ ដួសបាយឲ្យគ្នា… បញ្ចុកម្ហូបគ្នា… បញ្ច្រកទឹកគ្នា… តែហេតុអ្វី ខ្ញុំចាំបាច់ទៅខ្វល់នឹងរឿងគេ? វាធ្វើអីក៏ធ្វើទៅ ម៉េចក៏ខ្ញុំខ្វាយខ្វល់សម្បើមម្ល៉េះ?? តើខ្ញុំកើតអីហ្នឹង??! ឬមួយក៏….. ហ៊ើយ! ឈឺក្បាលណាស់!!! TOT!!
ដោយទ្រាំមិនបាន ខ្ញុំក៏ក្រោកចេញពីតុអង្គុយ៖
«អេ៎… ទី ប្រុងទៅណាហ្នឹង?» បុត្រហៅខ្ញុំសួរ។
«ខ្ញុំឆ្អែតហើយ ថ្ងៃនេះមិនសូវឃ្លានសោះ! សុំខ្លួនទៅបន្ទប់ទឹកសិនណ៎ា!…»
និយាយហើយ ខ្ញុំក៏ក្រោកចេញមក។ តើក្នុងខ្លួនខ្ញុំកំពុងកើតអី? ខ្ញុំចាប់ផ្តើមមិនយល់ពីចិត្តខ្លួនឯង ហេតុអ្វីខ្ញុំមិនសប្បាយចិត្ត ពេលឃើញសមុទ្រល្អូកល្អឺនជាមួយសង្សារ? ឬមួយខ្ញុំហួងហែងគេ? តែគេក៏មិនមែនជាមនុស្សពិសេសអី ជាងមិត្តភក្តិឯទៀតៗឯណា?…
ខ្ញុំដើរមកអង្គុយម្នាក់ឯង នៅលើកៅអីថ្មក្រោមដើមឈើកាលពីព្រឹកមិញ ដែលពេលនេះមិនសូវមានមនុស្សទេ ព្រោះម្នាក់ៗក៏នាំគ្នាទៅញ៉ាំបាយអស់។ ខ្ញុំអង្គុយគិតទៅគិតមកតែផ្តេសតែផ្តាស… ប្រហែល១០នាទីក្រោយមក ខ្ញុំក៏ឮសំឡេងសួរមកពីក្រោយខ្នង៖
«ទី! ឯងកើតអី? ឬមួយឯងនឹកអូនទន្សាយ?»
ខ្ញុំងាកក្រោយមើល ក៏ឃើញសមុទ្រដើរចូលមក។
«អេ៎… ចុះឯងឈប់នៅញ៉ាំបាយជាមួយអូនព្រិលហើយហ៎?»
«ឬមួយក៏ឯងប្រចណ្ឌយើងជាមួយនាង? (>_^)!»
«អាសមុទ្រខ្សាច់!!! អាឆ្កួត!! យើងទៅប្រចណ្ឌឯងធ្វើអី? យើងមិនមែនជាមនុស្សប្រុសស្រឡាញ់ភេទដូចគ្នាទេវ៉ើយ!»
«ចុះម៉េចក៏ឯងចាំបាច់ងរ កាច់ឫកកាច់រាងដើរចេញមកធ្វើអី? បាយក៏មិនព្រមស៊ី អ៊ីចឹងឲ្យហៅអីវិញ?»
«យើងមិនឃ្លាន!! (^A^)/»
«ហើយចុះពីព្រឹកមិញ ម៉េចក៏មិនព្រមចាំយើង? ក្រែងប្រាប់ហើយតើ ថាយើងនឹងទៅទទួល!! នេះទុកឲ្យយើងទៅចាំហៅអស់រាប់ម៉ោង!!»
«ឱះ! នរណាទៅដឹងថាឯងទៅទទួលយើង? គិតថានិយាយលេងតើ! ហើយម្យ៉ាងទៀតយើងក៏មិនមែនជាសង្សាររបស់ឯងដែរ! មិនចាំបាច់ជូនទៅជូនមកទេ នាំតែសង្សារឯងយល់ច្រឡំ!!»
ខ្ញុំនិយាយហើយ ក៏គេចដើរចេញឡើងមកថ្នាក់រៀន។ សមុទ្ររត់តាមខ្ញុំប្រកិត ដោយនិយាយតម្អូញបណ្តើរ៖
«អេ៎… ង៉ក់ងរមិនព្រមឈប់ មើលតែស្រីសោះអ៊ីចឹង!!»
លុះមកដល់ពេលរសៀល មិនដឹងជាយ៉ាងម៉េចខ្ញុំក៏ចាប់ផ្តើម មានអារម្មណ៍សប្បាយចិត្តឡើង ឬមួយក៏ខ្ញុំស្រឡាញ់សមុទ្រពិតមែន? ឬក៏ខ្ញុំពិតជាប្រចណ្ឌវា? ច្បាស់ជាមិនមែនដូច្នោះទេ…
ចាប់តាំងពីពេលនោះមក ខ្ញុំនិងសមុទ្រក៏កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើង។ ពេលខ្លះមើលទៅវាហាក់ដូចជាយកចិត្តទុកដាក់លើខ្ញុំជាពិសេស រហូតធ្វើឲ្យមិត្តភក្តិដទៃទៀតលាន់មាត់ថាវាលំអៀង។ ចំពោះខ្ញុំវិញ ខ្ញុំចាប់ផ្តើមមិនច្បាស់នៅក្នុងចិត្ត ចំពោះអារម្មណ៍របស់ខ្លួនឯង… មិនដឹងថាពេលនេះខ្ញុំគិតចំពោះវាត្រឹមជាមិត្តធម្មតាឬមិនមែន? អារម្មណ៍ដែលកើតមានចំពោះខ្ញុំ និងការយកចិត្តទុកដាក់ដែលវាមានមកលើខ្ញុំ កាន់តែធ្វើឲ្យខ្ញុំស្មុគស្មាញ ជាមួយអារម្មណ៍របស់ខ្លួនឯងទ្វេឡើង ដែលនៅពេលនេះ ខ្ញុំចាប់ផ្តើមមិនច្បាស់នៅក្នុងចិត្តថា ធាតុពិតតើខ្ញុំគិតជាមួយវាត្រឹមជាមិត្តភក្តិ ឬខ្ញុំកំពុងបាក់ចិត្តស្រឡាញ់វាមែន? មុននឹងអ្វីៗកើតឡើងជ្រុលហួសលើសពីនេះ ខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីឲ្យអារម្មណ៍របស់ខ្លួនដែលមានចំពោះវា ស្ថិតនៅត្រឹមជាមិត្តភក្តិប៉ុណ្ណោះ។
ខ្ញុំចាប់ផ្តើមដកខ្លួនចេញឆ្ងាយពីវាបន្តិចម្តងៗ… ភាគច្រើនបើគ្មានមិត្តភក្តិដទៃទៀតទៅជាមួយ ខ្ញុំនឹងព្យាយាមមិនទៅណាមកណា ជាមួយវាតែពីរនាក់តទល់ដាច់ខាត។ ពេលលេងបាល់ជាមួយគ្នា សមុទ្រចូលចិត្តយកកន្សែងត្រជាក់មកឲ្យខ្ញុំជូតមុខជាប្រចាំ។ តែពេលនេះ ខ្ញុំចូលចិត្តបដិសេធវាថាខ្ញុំចាញ់នឹងកន្សែងនោះ ជូតហើយច្រើនតែផ្តាសាយ ហើយខ្ញុំក៏គេចទៅលាងមុខដោយព្យាយាមមិនទទួលអ្វីដែលវាឲ្យ ដើម្បីបញ្ឈប់គំនិតរវើរវាយរបស់ខ្លួនកុំឲ្យជ្រុលហួសជាងនេះទៀត ដែលជាច្រើនលើកច្រើនសារ ខ្ញុំសង្កេតឃើញសមុទ្រក៏មិនសូវពេញចិត្តនឹងការបដិសេធរបស់ខ្ញុំដែរ តែខ្ញុំក៏គ្មានផ្លូវជ្រើសរើសដូចគ្នា។
រហូតមកដល់ថ្ងៃមួយ ជាថ្ងៃដែលខ្ញុំនិងមិត្តភក្តិមួយក្រុម ត្រូវវេនសំអាតថ្នាក់ក្រោយពេលចេញពីរៀន។ ក្រុមរបស់ខ្ញុំគ្មាននេត្រ បុត្រនិងសមុទ្រនៅជាមួយទេ ដូច្នេះពួកគេក៏ត្រឡប់ទៅផ្ទះមុនអស់។ មិត្តភក្តិភាគច្រើននៅក្នុងក្រុមខ្ញុំ សុទ្ធតែជិះម៉ូតូមករៀន ហើយពួកគេក៏ប្រាប់ឲ្យខ្ញុំត្រឡប់ទៅផ្ទះមុនព្រោះល្ងាចបន្តិចនឹងគ្មានម៉ូតូឌុបរត់មកតាមផ្លូវនេះ។ តែខ្ញុំប្រកែកមិនព្រមទៅព្រោះចង់ជួយបង្ហើយការងារមិត្តភក្តិ ដោយប្រាប់ពួកគេថា មិនអីទេខ្ញុំក៏មានម៉ូតូជិះទៅវិញដែរ។ លុះពេលសំអាតថ្នាក់រួចរាល់ហើយ ខណៈដែលដើរទៅរកហៅម៉ូតូឌុប មេឃក៏ចាប់ផ្តើមភ្លៀង ហើយមិត្តភក្តិក៏នាំគ្នាត្រឡប់ទៅផ្ទះ អស់។ ខ្ញុំប្រញាប់រត់ទៅជ្រកក្រោមរោងយាមរបស់សាលា តែពេលនេះម៉ោង៦ល្ងាចហើយ ខ្ញុំមិនច្បាស់ក្នុងចិត្តថា នឹងមានម៉ូតូឌុបជិះកាត់ទីនេះឬអត់។ ខ្ញុំចាប់ផ្តើមទទួលអារម្មណ៍មិនសូវល្អ ឯភ្លៀងក៏ចាប់ ផ្តើមធ្លាក់កាន់តែខ្លាំងឡើង។
ពេលមកអង្គុយយ៉ាងស្ងប់ស្ងាត់ម្នាក់ឯង ក្រោមសូរសៀងរណ្តំរបស់ទឹកភ្លៀង រួមនឹងចំហាយត្រជាក់របស់លំអងភ្លៀងដែលជះសាចមកលើខ្ញុំ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍ឯកោកណ្តោចកណ្តែង ហើយនឹកទៅដល់ផ្ទះយ៉ាងខ្លាំង។ បើនៅឯស្រុក ម្ល៉េះសមថ្មើរនេះលោកប៉ានឹងបើកឡានមកទទួលត្រឡប់ទៅផ្ទះជាមិនខាន។ នៅសុខៗអ្នកដែលខ្ញុំនឹកទៅដល់ខ្លាំងបំផុត ក៏ត្រឡប់ក្លាយជាសមុទ្រទៅវិញ ព្រោះពេលមានបញ្ហាវាចូលចិត្តមកជួយខ្ញុំជានិច្ច។ ខ្ញុំគិតរវើរវាយផ្តេសផ្តាសទៅតាមអារម្មណ៍ របស់មនុស្សដែលឯកោ។ ភ្លាមៗនោះក៏ឮសំឡេងម៉ូតូមួយបើកមកដល់ គឹជាសមុទ្រនិងព្រិលសជិះឌុបគ្នាដោយមានទទូរឆត្រផង។ ព្រិលសជិះឱបចង្កេះសមុទ្រពីក្រោយយ៉ាងណែន។ រូបភាពដែលខ្ញុំឃើញ ហេតុអ្វីក៏ធ្វើឲ្យខ្ញុំទទួលអារម្មណ៍តូចចិត្តខ្លាំងបែបនេះ។ ពេលនោះខ្ញុំកំពុងអង្គុយឱបទ្រូងញ័រតិចៗព្រោះរងានឹងអាកាសធាតុដែលត្រជាក់ដល់ឆ្អឹង។ សមុទ្របញ្ឈប់ម៉ូតូហើយសួរខ្ញុំ៖
«ទី! ឯងនៅមិនទាន់ត្រឡប់ទៅផ្ទះទៀតហ៎? ចុះមានម៉ូតូទៅទេ យប់ហើយណ៎ា!??»
«មែនហើយបងទី បងមានអីទៅផ្ទះឬអត់?»
អារម្មណ៍របស់ខ្ញុំនៅពេលនោះ មិនដឹងថាគួរអធិប្បាយបែបណាទើបល្អ… គឺវាសែនស្រងេះស្រងោចឯកោ ដូចគ្មាននរណានៅក្បែរ។ ហេតុអីពួកគេត្រូវមកសួរខ្ញុំ? ម៉េចក៏មិននាំគ្នាជិះម៉ូតូឲ្យហួសបាត់ៗទៅ? ភ្លាមនោះទឹកភ្នែកខ្ញុំក៏ហូរចេញមក តែជាធម្មតាខ្ញុំមិនមែនជាមនុស្ស ដែលចូលចិត្តយំងាយៗទេ… TT_TT
«ទី! ឯងកើតអីឬអត់ហ៎? ហេតុអី សុខៗក៏ឯងយំអ៊ីចឹង?»
«ទេៗ! ខ្ញុំមិនបានយំទេ… តែមុនឯងមកដល់ មានសត្វល្អិតហើរចូលភ្នែកខ្ញុំ ហើយក៏ឈឺផ្សាៗពេញភ្នែក ទើបទឹកភ្នែកក៏ហូរចេញមកដោយឯងៗ។ ពួកឯងទៅផ្ទះចុះ មិនបាច់បារម្ភពីខ្ញុំទេ បន្តិចទៀតនឹងមានម៉ូតូឌុបមកហើយ…»
«តែនេះយប់ហើយណាទី!»
«អឺ… យើងក៏ដឹង! តែពួកឯងនាំគ្នាត្រឡប់ទៅចុះ តិចភ្លៀងធ្លាក់ខ្លាំងជាងនេះ នាំឲ្យពិបាកទៅផ្ទះមិនកើត!»
ក្រោយពីពួកគេជិះម៉ូតូចេញទៅ ខ្ញុំកាន់តែមានអារម្មណ៍ឯកោឡើងៗ ខ្ញុំទទួលអារម្មណ៍ដឹងថានៅទីនេះសល់តែខ្លួនឯងម្នាក់ប៉ុណ្ណោះ ហើយក៏នឹងគ្មានម៉ូតូឌុបជិះទៅផ្ទះវិញដែរ ឯភ្លៀងក៏នៅតែបន្តធ្លាក់ជាប់ជានិច្ច តើខ្ញុំគួរធ្វើយ៉ាងម៉េចល្អ? ចម្ងាយផ្លូវពីទីនេះទៅផ្ទះក៏ឆ្ងាយប្រមាណជា៤គីឡូម៉ែត្រ ខ្ញុំអស់សង្ឃឹមនឹងពឹងនរណាលែងបានទៀតហើយ។ ខ្ញុំសម្រេចចិត្តដើរចេញពីរោងយាម ដើរកាត់ភ្លៀងទៅមុខរឿយៗ ដោយគិតថាទោះយ៉ាងណាក៏ត្រូវតែដើរឲ្យដល់ផ្ទះឲ្យទាល់តែបាន គឺយើងត្រូវតែជួយខ្លួនឯង! YOY
អាកាសធាតុដែលរងាត្រជាក់ និងតំណក់ភ្លៀងដែលបាចសាចមកប៉ះខោអាវខ្ញុំ ឲ្យសើមជោគជាប់ដិតនឹងខ្លួន រួមនឹងអារម្មណ៍ឯកោកណ្តោចកណ្តែង ក្រៀមក្រំស្រងេះស្រងោច ហើយនឹងភាពអស់សង្ឃឹមថានឹងមាននរណា មកទន្ទឹងចាំយកចិត្តទុកដាក់នៅក្បែរខ្លួនទៀតនោះ ធ្វើឲ្យខ្ញុំត្រូវស្រក់ទឹកភ្នែកជោគថ្ពាល់ទាំងសងខាង TT TT ។ ខ្ញុំបន្តដើរទៅរហូតបានប្រមាណជា១០នាទី ក៏ឮសំឡេងម៉ូតូបើកកាត់មក ហើយម៉ូតូនោះក៏ឈប់នៅចំពោះមុខខ្ញុំ។ គ្មាននរណាមកពីណាឆ្ងាយទេ គឺសមុទ្រនេះឯង។ វាសួរខ្ញុំថា ហេតុអ្វីក៏ដើរហាលភ្លៀង? ហើយម៉េចក៏មិនប្រាប់វាថាគ្មានម៉ូតូជិះទៅផ្ទះ? ខ្ញុំនៅស្ងាត់ស្ងៀមមិនព្រមនិយាយអ្វីមួយម៉ាត់ឡើយ។ អៀនផង តូចចិត្តផង… ហេតុអ្វីខ្ញុំកើតមានអារម្មណ៍បែបនេះ? ខ្ញុំគិតអ្វីមិនចេញ មិនដឹងថាគួរតបយ៉ាងណា បានត្រឹមតែយំ… យំកាន់តែខ្លាំងឡើងៗរហូតធ្វើឲ្យសមុទ្រទៅជាភ័យ៖
«ទី! …ទីយ៉ាងម៉េចហើយ? ហេតុអីឯងមិនប្រាប់យើង ថាឯងគ្មានម៉ូតូទៅផ្ទះ? ហើយចុះម៉េចក៏ឯងដើរហាលភ្លៀងអ៊ីចឹង? ដឹងទេ វានាំឲ្យឈឺណ៎ា!!»
សមុទ្របើកឆត្រទទូរឲ្យខ្ញុំ៖
«តោះ! យើងជូនទៅផ្ទះ។»
តែក្រោយពីជិះម៉ូតូទៅបានប្រមាណជាមួយគីឡូម៉ែត្រ យើងក៏មិនអាចបើកតទៅមុខទៀតបាន ព្រោះភ្លៀងកាន់តែស្រក់មកខ្លាំងឡើងៗរហូតមើលផ្លូវលែងឃើញ។ យើងនាំគ្នាឈប់ម៉ូតូចូលជ្រកភ្លៀងក្រោមសាលាឆទានតាមចិញ្ចើមថ្នល់។ ខ្ញុំរងាញ័រញាក់យ៉ាងខ្លាំង ព្រោះខោអាវសើមជោគដោយសារដើរកាត់ភ្លៀងមុននេះ។ សមុទ្រឆ្លៀតពេលនេះមកសួរខ្ញុំទៀតថា ហេតុអីមិនប្រាប់វាថាគ្មានម៉ូតូជិះទៅផ្ទះ? ហើយម៉េចក៏មិនប្រាប់វាឲ្យជូនទៅ?
«ក៏ព្រោះយើងខ្លាចចិត្តឯង!… ហើយណាមួយឯងមកជាមួយសង្សារទៀត យើងមិនចង់រំខានទេ!!»
«រំខាន??? ឯងនិយាយស្អីហ៎ះទី!!? ឯងមិនយល់ថា យើងជាមិត្តរបស់ឯងទេអេះ??»
«ព្រោះយើងយល់ថាឯងជាមិត្តរបស់យើង ទើបយើងធ្វើយ៉ាងនេះ! ឯងកុំមកធ្វើល្អដាក់យើងបានទេ? ដឹងទេ ឯងធ្វើបែបនេះ ធ្វើឲ្យយើង… … … ណ្ហើយ! កុំខ្វល់អី!!»
«ធ្វើឲ្យឯង… … … យ៉ាងម៉េច? និយាយមកមើល ទី! ឯងចង់និយាយអី? ហេតុអីឯងមិនហ៊ាននិយាយ? ម៉េចក៏ឯងបានត្រឹមតែរត់គេចបែបនេះ? ហើយឯងគិតថាគ្រប់យ៉ាង វានឹងល្អឡើងឬុ? ឯងនេះអាត្មានិយមណាស់! ឯងមិនដែលគិតពីអារម្មណ៍របស់អ្នកដទៃទេ!! តើឯងមានដែលគិតពីអារម្មណ៍របស់យើងខ្លះទេ ទី!?? ឯងធ្លាប់ខ្វល់ពីអារម្មណ៍របស់សមុទ្រខ្លះទេ???»
ខ្ញុំបានតែនៅស្ងៀម មិនដឹងនិងមិនហ៊ាននិយាយអ្វីចេញទៅ។ សមុទ្រស្រវាចាប់ដើមដៃរបស់ខ្ញុំដើម្បីទាញខ្លួនខ្ញុំឲ្យទៅជិតវា៖
«ទី… សម្លឹងមុខសមុទ្រមក ហើយប្រាប់ការពិតដល់សមុទ្រ… ថាទីគិតយ៉ាងណាចំពោះសមុទ្រ?»
«សមុទ្រ…»
ខ្ញុំសម្លឹងមុខសមុទ្រ ដោយខ្សែភ្នែកឈឺចាប់យ៉ាងលើសលប់។ ខ្ញុំទើបតែដឹងការពិតថា ខ្លួនឯងមិនបានគិតជាមួយវាត្រឹមតែជាមិត្តទេ… តែខ្ញុំស្រឡាញ់វាពិតមែន!!! តើខ្ញុំគួរធ្វើយ៉ាងណាល្អ? ខ្ញុំមិនចង់បាត់បង់វាទៅទេ! ប្រសិនបើវាមិនបានគិតដូចអ្វីដែលខ្ញុំកំពុងគិតចំពោះវា តើវានឹងស្អប់ខ្ញុំឬទេ? ហើយខ្ញុំអាចនឹងបាត់បង់វាទៅជារៀងរហូត… តែផ្ទុយមកវិញ បើវាក៏ស្រឡាញ់ខ្ញុំ តើយើងទាំងពីរនាក់នឹងហ៊ានប្រឈមមុខ ចំពោះភាពប្រែប្រួលដែលអ្នកដទៃសម្លឹងមកយើងទេ? សម្តីពេបជ្រាយរបស់មនុស្សក្នុងសង្គម ហើយនឹងភាពស្អប់ខ្ពើមរបស់មិត្តភក្តិ តើពួកយើងព្រមទទួលទេ? កាន់តែគិតខ្ញុំកាន់តែស្មុគស្មាញ តែអ្វីដែលខ្ញុំគិតឃើញ គឺខ្ញុំនឹងមិនធ្វើឲ្យវាខូចចិត្ត ហើយបើយើងស្រឡាញ់គ្នា លទ្ធផលចុងក្រោយដែលយើងនឹងទទួលគឺទុក្ខព្រួយ…
ខ្ញុំត្រូវតែរឹងមាំ! ខ្ញុំនឹងមិនធ្វើជាអ្នកបំផ្លាញអនាគតរបស់វាដោយខ្លួនខ្ញុំនោះទេ… វាល្អជាមួយនឹងខ្ញុំណាស់ ខ្ញុំត្រូវតែតបស្នងឲ្យវាវិញខ្លះ… ខ្ញុំនឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យវា ក្លាយជាសមុទ្រកាលពីមុន។ ខ្ញុំចាប់ផ្តើមជូតទឹកភ្នែក ប្រមូលយកសេចក្តីក្លាហានដែលមានទាំងអស់ និយាយទៅកាន់វា៖
«សមុទ្រ… ឯងនិយាយស្អី? ឯងកំពុងគិតអីហ្នឹង? យើងមិនបានគិតអ្វីជាមួយឯងឡើយ។ ការដែលយើងយំ ក៏ព្រោះថ្ងៃនេះយើងឃើញទន្សាយសទៅជាមួយមនុស្សប្រុសម្នាក់ ជាមួយនរណាក៏មិនដឹង… ទើបយើងក៏តូចចិត្តដែលនាងធ្វើបែបនេះចំពោះគ្នា។ យើងសុំទោសណា ដែលធ្វើឲ្យឯងយល់ខុស!»
សមុទ្រស្រាប់តែប្រែទៅជាស្រឡាំងកាំង… វាលែងដៃចេញពីខ្ញុំ ហើយទម្លាក់ខ្លួនអង្គុយចុះលើសាលា៖
«យើងយល់ហើយ… ចុះហេតុអ្វី ឯងមកធ្វើល្អដាក់យើងទៅវិញ? ឯងមកធ្វើឲ្យយើងគិតធ្វើអី!!? ឯងដឹងទេ… ដឹងទេថាយើង… យើងស្រឡាញ់ឯង! …សមុទ្រស្រឡាញ់ឯងណាទី!!»
ខ្ញុំត្រឡប់ជាភាន់ភាំង… មិនគិតសោះថា សមុទ្រនឹងហ៊ាននិយាយពាក្យនេះចេញមក។ ហេតុអ្វីខ្ញុំបែរជាមកត្រូវសោកស្តាយចំពោះសម្តីរបស់ខ្លួន ដែលនិយាយចេញមកមុននេះទៅវិញ? ខ្ញុំមិនចង់ធ្វើដូច្នោះឡើយ! តើខ្ញុំអាចធ្វើបានឬទេ? ខ្ញុំចង់ប្រាប់គេណាស់… ចង់ប្រាប់ថា យើងក៏ស្រឡាញ់ឯងដែរ សមុទ្រ! ស្រឡាញ់ឯងលើសលប់ទៀតផង។
ខ្ញុំឱនចុះទៅចាប់លើកសមុទ្រឲ្យងើបឡើង… ខ្ញុំឃើញទឹកភ្នែករបស់វាហូរជោគថ្ពាល់ទាំងសងខាង… ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ ហើយក៏ដឹងថាខ្លួនឯងធ្វើខុសខ្លាំងណាស់ដែរ។ ខ្ញុំឈ្ងោកមុខយកមេដៃ ជូតផ្តិតទឹកភ្នែកចេញពីថ្ពាល់របស់សមុទ្រ វាចាប់ផ្តើមងើបមុខមើលខ្ញុំដោយខ្សែភ្នែកចម្លែកហើយក៏យកដៃមកក្រសាវឱបករបស់ខ្ញុំទាញខ្លួនឲ្យចូលទៅជិតវា រួចក៏ចាប់ផ្តើមថើបត្រង់មាត់របស់ខ្ញុំយ៉ាងថ្នមថ្នាក់(+_+)។
ខ្ញុំមិនបានរើបម្រះអ្វីទេ តែត្រឡប់ជាមានអារម្មណ៍ល្អៗ ចំពោះការប្រព្រឹត្តរបស់វា។ គេបន្តថើបមាត់ខ្ញុំដោយបញ្ចូលអណ្តាតមកលិទ្ធជញ្ជក់ប៉ែកខាងក្នុង។ ខ្ញុំមិនធ្លាប់ថើបគ្នាជាមួយអ្នកណាទេពីមុនមក នេះជាលើកដំបូងរបស់ខ្ញុំហើយ។ ចុងអណ្តាតរបស់យើងបានប៉ះពាល់គ្នា ខ្ញុំទទួលអារម្មណ៍ល្អខ្លាំងណាស់ ខ្ញុំចង់ឲ្យវាបន្តថើបខ្ញុំបែបនេះឲ្យបានយូរទៅទៀត។ ខ្ញុំបណ្តោយខ្លួនតាមវាយ៉ាងភ្លើតភ្លើន រហូតមកដឹងខ្លួនឡើងវិញនៅពេលវាយកអណ្តាតចេញទៅ។
«ឯណា ដែលឯងថាមិនបានគិតអ្វីជាមួយយើង? ហេតុអ្វី… ហេតុអ្វី ឯងថើបយើងដូចចង់លេបមនុស្សទាំងរស់អ៊ីចឹង?»
ខ្ញុំមុខក្រហម មិនដឹងជាត្រូវនិយាយ ត្រូវបដិសេធយ៉ាងម៉េច នៅពេលទង្វើដែលខ្ញុំសម្តែងចេញ ទៅត្រូវវាជាន់កែងជាប់យ៉ាងនេះ។ ខ្ញុំដឹងតែម្យ៉ាងថាខ្ញុំមិនចង់បាត់បង់វាទៅ គឺខ្ញុំស្រឡាញ់វាយ៉ាងលើសលប់… លើសលប់ជាងពាក្យថាមិត្ត។ ខ្ញុំមើលមុខវាម្តងទៀត៖
«សមុទ្រ…»
ហើយក៏ឱនមុខចុះយ៉ាងស្ងាត់ស្ងៀម… សមុទ្រយកដៃមកចាប់មុខខ្ញុំឲ្យងើយឡើង៖
«ទី… ឯងដឹងឬទេ? …យើងស្រឡាញ់ឯងខ្លាំងណាស់! ស្រឡាញ់ជាងនរណាៗទាំងអស់… សុំឯងកុំធ្វើឲ្យយើងវេទនាផ្លូវចិត្ត ដូចធ្លាក់នរកទាំងរស់ដូច្នេះណ៎ាទី… ឯងមិនត្រូវធ្វើព្រងើយកន្តើយដាក់យើងទេ… យើងមិនសុំអ្វីច្រើនឡើយ សុំឲ្យតែបាននៅជិតឯង… ឯងចង់ឲ្យយើងធ្វើយ៉ាងម៉េច យើងក៏ព្រមធ្វើគ្រប់យ៉ាង…»
ខ្ញុំសម្លឹងមុខសមុទ្រដោយការយល់ចិត្ត ហើយឱនទៅថើបវាម្តងទៀត។ គ្រានេះអ្នកដែលចាប់ផ្តើមមុនគឺខ្ញុំខ្លួនឯង ហើយវាក៏តបស្នងមកខ្ញុំវិញយ៉ាងពេញចិត្ត។ ខ្ញុំមិនពូកែអាខាងថើបនេះទេ តែគ្រាន់តែចង់ប្រើជំនួសពាក្យថា យើងក៏ស្រឡាញ់ឯងដូចគ្នា…(9_^)។
សមុទ្រញញឹមស្ទើរតែប្រេះថ្ពាល់ ហើយធ្វើភ្នែកយ៉ាងស្រទន់ដាក់ខ្ញុំ៖
«អាខ្មុតឆ្កួត!ឯងញញឹមធ្វើអីហ៎ះ?» ខ្ញុំនិយាយទៅទាំងអៀន ហើយគេចមុខចេញពីវា។
«មនុស្សស្អីមាត់មិនដូចចិត្តអ៊ីចឹង! ប្រាប់ថាមិនស្រឡាញ់គេ តែមកចាប់គេថើបយ៉ាងព្រងើយដូចចង់លេបទាំងរស់! ដឹងទេ ថាអំបាញ់មិញឯងខាំទាំងអណ្តាតយើងទៀតណ៎ា!»
ខ្ញុំកាន់តែមុខក្រហមលែងហ៊ានមើលមុខវា។ មិនធ្លាប់ធ្វើបែបនេះមកពីមុនសោះ ដល់មកសាកធ្វើ ក៏ត្រូវវាចំអកលេងទៀត(D_D)។ ខ្ញុំនិយាយទាំងបែរខ្នងចេញ៖
«អឺ… យើងសុំទោស! លើកក្រោយ យើងឈប់ធ្វើបែបនេះទៀតហើយ។»
«ទី… យើងនិយាយលេងតើ! ឯងក៏ដឹងថាយើងស្រឡាញ់ឯង… នេះឯងនៅមកចង់បំផ្លាញបេះដូងរបស់សង្សារខ្លួនទៀត មែនទេ សម្លាញ់ចិត្ត?»
វាគួរឲ្យខឹងដែរហ្នឹងអាឆ្កួតអើយ! នេះនៅមកនិយាយផ្អែម ធ្វើភ្នែកស្រទន់ដាក់ទៀត!!… ដោយទ្រាំមិនបាននឹងវាញ៉ោះ ខ្ញុំក៏ក្រោកដើរចេញ។
«បានហើយ យើងចង់ត្រឡប់ទៅផ្ទះ! ល្មមនាំគ្នាទៅបានហើយ។»
សមុទ្រដោះអាវចេញ ឈរសម្លឹងមុខខ្ញុំដោយខ្សែភ្នែកចម្លែក។ ខ្ញុំស្រាប់តែចាប់ផ្តើមភ័យ៖
«ឯងប្រុងធ្វើស្អី សមុទ្រ? (o.?) កុំណាវ៉ើយ! តែហ៊ានធ្វើ យើងនឹងដាល់ឯងណ៎ា!»
សមុទ្រ យកដៃមកចាប់ត្រង់កអាវខ្ញុំ ហើយដោះឡេវចេញ៖
«សមុទ្រ… កុំ!… កុំណ៎ា! ឯងប្រុងធ្វើស្អី?» ខ្ញុំចាប់ដៃវាជាប់ មិនឲ្យវាដោះឡេវអាវបន្ត។
«អាទី!! ឯងកើតស្អី? យើងគ្រាន់តែចង់ឲ្យឯងពាក់អាវរបស់យើងតើ អាវរបស់ឯងសើមអស់ហើយ! ពាក់អាវសើមយ៉ាងនេះ តិចពិបាកហើមសួតងាប់!! (G_G)អាសណាស់ឯងនេះ! ចេះគិតឃើញទៅកើត… ហ៎ះ! ហ៎ា! យើងស្គាល់កាលៈទេសៈល្អណាស់ មិនមែនតែផ្តេសតែផ្តាស ដូចឯងគិតនោះទេ!! តែ… ពេលទៅដល់ផ្ទះឯង មិនប្រាកដដែរ!! v(^^)v »
វានិយាយញញឹមញាក់ចិញ្ចើម ធ្វើឲ្យខ្ញុំកាន់តែអៀនខ្មូរមុខលើសដើម៖
«ឆ្កួត! យើងមិនបានគិតស្អីទេ!!» គេជាន់កែងជាប់ហើយ នៅហ៊ានប្រកែកទៀត! ខ្ញុំអ៊ីចឹង!! (>_^)
សមុទ្រដោះអាវចេញ តែវាក៏មានអាវយឺតពណ៌សពាក់ពីក្នុង។
«ឯងនេះក៏ស៊ិចស៊ី មិនធម្មតាដែរណ៎ាទី!»
«ឆ្កួត!! កុំផ្តេសផ្តាសណ៎ា! ជូនយើងដល់ផ្ទះហើយ ត្រឡប់ទៅវិញចុះ!»
ភ្លៀងចាប់ផ្តើមរាំងតិចៗ សមុទ្របាំងឆត្រឡើងទទូរ៖
«ព្រលឹងចិត្តមកនេះ ប្រយ័ត្នសើមទៀតណ៎ា!»
«អាខ្មុតឆ្កួត! ឈប់និយាយផ្តេសផ្តាសណ៎ា!! ^_^;» ខ្ញុំមុខក្រហមម្តងទៀត។
«មិនទាន់ធ្វើអីផង អៀនទៀតហើយ! គួរឲ្យស្រឡាញ់ណាស់!! ~_~»
ខ្ញុំទៅដណ្តើមឆត្រពីវា ហើយដើរនាំមុខទៅរកម៉ូតូ។ សមុទ្រក៏រត់តាមខ្ញុំមក…
សូមរង់ចាំអានវគ្គបន្ត!











រឿងនេះ យកទៅនិពន្ធ ទៅដាក់ក្នុងសៀវភៅទុកអានល្អជាង។
ថ្ងៃនេះ ខ្ញុំបានលើកយករឿង ការអភិវឌ្ឍប្រទេសជាតិ មកបកស្រាយ សូមអញ្ជើញចូលមើល នៅប៉ុស http://peehs07.wordpress.com
ចិត្តងាយទាំង២នាក់ម៉ង
សាឡាញ់គ្នាបាត់ហើយ
អេ៎!សុំសួរ១ រឿងនេះនឹងចប់ដោយ happy ending ដែរទេ??
ពិតណាស់! ចប់ដោយhappy ending!!
តែយូរណាស់ទម្រាំតែចប់ ព្រោះមានរហូតដល់ទៅ៣៣វគ្គឯណោះ!!
ចុះវែងម៉េះ??? យ៉ាងណាៗ សង្ឃឹមថាបានមើលវគ្គបន្តឆាប់ៗ