jump to navigation

ប្រស្នា​ឃាតកម្ម(៥) ខែ វិច្ឆិកា 24, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿង​ស៊ើប​អង្កេត.
trackback

អាន​វគ្គ៤

ទីងងង…

ទ្វារ​ជណ្តើរ​យន្ត​បើក​ចេញ​ម្តង​​ទៀត… នៅ​ពេល​ឈាន​ជើង​ចេញ​ទៅខាង​ក្រៅ ការ​ប៉ះ​ពាល់​ដំបូង​ដែល​ទទួលបាន​គឺភាព​​​ទន់​​ល្មើយ​នៅ​ក្រោម​ជើង។ ជាន់​ទី​៤​គឺ​ជា​ទីកន្លែងដោយ​ចំពោះ​របស់​សាកល​វិទ្យាធិការ ដូច្នេះ​​គ្មាន​អ្វី​ប្លែក​នោះទេ ដែល​​ផ្ទៃ​ទាំង​មូល​ត្រូវ​ក្រាល​ដោយ​ព្រំគ្រប់​ច្រក​ល្ហក។ នាង​ក្រមុំ​ដើរ​នាំ​មុខកំលោះ​យ៉ាង​រហ័ស​រហួន​ ហើយ​ឈប់​ស្ងៀម​នៅ​ត្រង់​​តុ​​មុខ​បន្ទប់។ ស្រ្តី​វ័យ​កណ្តាល​ម្នាក់​ងើប​មុខ​ឡើង​មើល​​រាង​ដែល​ឈរ​នៅចំពោះ​មុខ៖

«ឱ! នាង​តូចមុន​នឹង​​​មក​ ម៉េច​​មិន​តេ​ណាត់​លោក​ប៉ា​មុន? ថ្ងៃ​នេះ​លោក​ប៉ា​មាន​ប្រជុំ​ ទម្រាំ​តែ​រួច​ប្រហែល​ជា​មួយ​ម៉ោងទៀត​ឯណោះ។» អ្នក​ទាំង​ពីរ​និយាយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។

នាង​តូចឬ? នាង​​ម្នាក់​នេះ ​ជាអ្នក​ណាឲ្យ​ប្រាកដ? ហើយ​លោក​ប៉ា​របស់​នាង ​គឺ​នរណា?        ប៉ូលីស​​​​កំលោះ​ចាប់​ផ្តើម​វង្វេង។

«ពុទ្ធោ! អ៊ំចាន់… កា​ជា​កូន​ណ៎ះ! តើចាំ​បាច់​ត្រូវ​តេ​ណាត់ ​លោក​សាកលវិទ្យាធិការ​ដែរឬ?» នាង​ក្រមុំ​និយាយធ្វើ​ង៉ក់ងរ​ហើយ​បែរ​មុខ​ចេញ។

«បើ​អ៊ីចឹង​ នាង​តូច​ចូល​ទៅ​ចាំ​លោក​ប៉ា ​នៅ​ក្នុង​បន្ទប់​សិន​ចុះ!» និយាយ​ហើយ​ក៏​ឈាន​ជើង​ទៅ​បើក​ទ្វារ​បន្ទប់ បណ្តោយ​ឲ្យ​នាយ​ប៉ូលីសយ៉ាង​លោក​រតនៈឈរ​មីង​មាំងថា តើគេ​គួរ​​ទៅ​នៅ​ទី​ណា?

«អេ! លោក​មិន​ចូល​មក​ទេ?» ខណៈ​ដែល​កំពុង​និយាយ​ រាងកាយ​នោះ​កំពុង​​ឈានជើង​ឆ្លង​​កាត់​​ទ្វារ​ចូល​បាន​ពាក់​កណ្តាលខ្លួន​ទៅ​ហើយ។

«អឺ… បាទ​! មិន​ល្អ​ទេ​ដឹង?» អ្នក​កំលោះ​ងា​ក​ទៅ​ប្រទាក់​ភ្នែក​នឹង​អ៊ំ​ចាន់ លេខា​មុខ​បន្ទប់​ដែល​សម្លឹង​មក​គេដោយ​ក្រសែ​ភ្នែកក្រឡោត។

«នាង​តូច ប្រុស​ម្នាក់​នេះ​ជា​អ្នក​ណា?» ក្រមុំ​ចាស់​សម្លឹង​មើល​រតនៈ​ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

«​គាត់​គឺ​ជា​អ្នក​ដែល​​មក​ដាក់​ពាក្យ​ ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​ទី​នេះ​ណាអ៊ំ!»

«​តែ​នៅ​ក្នុង​កាល​វិភាគ​របស់​លោក​ប្រធាន​​ក្នុង​ថ្ងៃ​នេះ​ មិន​ឃើញ​មានសរសេរ​ថា​លោក​ត្រូវ​ណាត់​​ជួប​​​សម្ភាសន៍​ការ​ងារ​ជាមួយ​នរណា​ឡើយ។»

ដោយ​បទ​ពិសោធន៍​ ជា​លេខា​មក​ច្រើន​ឆ្នាំហើយ ធ្វើ​ឲ្យ​អ៊ំចាន់​​ច្បាស់​ក្នុង​ចិត្ត​​ថា គ្មាន​រឿងភ្លាត់​ស្នៀត​ឬ​​ភ្លេច​ភ្លាំងឡើយ​ សម្រាប់​​​​ការ​ណាត់​ជួប​ផ្សេង​ៗ​របស់​ចៅ​ហ្វាយ​​នាយ ព្រោះ​​មិន​ថា​​ចៅហ្វាយ​នឹង​​ទៅ​ណា ធ្វើ​អ្វី? គាត់​ត្រូវ​តែ​ដឹងគ្រប់​រឿងទាំង​អស់​ រួម​ទាំង​រឿងផ្ទាល់​ខ្លួន​ទៀត​ផង។ ណា​មួយ​គាត់​ជា​លេខា​ដែល​​​ដាក់​​កាយ​​ដាក់​​​ចិត្ត ​​លើ​អាជីព​មួយ​នេះ​​ទៅ​ហើយ បើ​គាត់​​មិនចង់​ដឹង​មិន​ចង់​ឮ​រឿង​ចៅ​ហ្វាយ​នាយ​ ប្រហែល​ជារឿងមួយ​​ដែល​​មិន​អាចទៅ​រួច​ឡើយ។​

«​មិន​អី​ទេ​អ៊ំ… ព្រោះ​ខ្ញុំ​ក៏​នៅ​ក្នុង​បន្ទប់​ដែរ! មាន​សុវត្ថិភាព​ប្រាកដ​ណាស់ កុំ​បាច់​បារម្ភ​អី!» តូច​តន់​និយាយ​​ព្រម​ទាំង​ធ្វើ​ទឹក​មុខបញ្ជាក់​ហេតុ​ផល និង​សើច​តិចៗផង។

«បែប​នេះ​ហើយ​នាង​តូច​ ដែល​គ្មាន​សុវត្ថិភាព​នោះ! បើ​តាប៉ិ​ម្នាក់​នេះ​​ កើតកំរោល​​ព្រាន​នារី​ចេញ​​​មក ឲ្យ​ធ្វើ​យ៉ាង​ម៉េច​ទៅ? អ៊ំ​បារម្ភ​ពី​នាង​តូច​ខ្លាំង​ណាស់! មើល​មុខ​គេ​ចុះឡើង​ក្រហម​ទៅ​ហើយ បែប​កំពុង​ក្រហល់​ក្រហាយ ជ្រួល​ច្រាល​ដូច​ដំរី​ចុះ​ប្រេងក៏​មិន​ដឹង​!! មនុស្ស​ប្រុស​មុខបែប​​នេះ​ល្មោភ​កាម​​ខ្លាំង​​ណាស់!» អ៊ំ​ចាន់​យក​ដៃ​ស្ទាប​​ទ្រូង​ខ្លួន​ឯង​ដោយ​​សេចក្តី​ព្រួយ​បារម្ភ​ពី​ហេរិកា។

មុខ​មាត់​ប៉ូលីស​រតនៈ​ ដូច​ជា​គ្មាន​បង្ក​ទុក្ខ​ទោស​ដល់​នរណា​ទេ តែ​ហេតុ​អ្វី​​ក៏​ត្រូវ​មក​រង​គ្រោះ​ឲ្យ​អ៊ំ​ចាន់​លេខា​មាត់​ស្អុយ​ម្នាក់​នេះ និយាយ​លាប​ពណ៌​ខ្លួន​ទៅ​វិញ។ បែប​នេះ​​មិន​ព្រម​ជា​ដាច់​ខាត!

«អឺ… លោក​អ៊ំ! មនុស្ស​ដូច​ខ្ញុំ​នេះ​ឬ​ល្មោភ​កាម? អ៊ំ​យក​អ្វី​មក​វាស់បាទ?» ប៉ូលីស​កំលោះចាប់​ផ្តើម​ខូច​អារម្មណ៍​ដែល​ត្រូវ​​គេ​​ និយាយ​បង្ខូច​​នៅ​នឹង​មុខ​ស្រស់ៗ។

«នាំ​គ្នា​មាត់​ឡូឡា​អី​ហ្នឹង?» សំឡេង​មួយ​ឮ​ឡើង​មក​ពី​ចម្ងាយ ដែល​​ធ្វើ​ឲ្យ​អ្នក​ទាំង​បី​ងាក​ទៅ​មើល​​ប្រភព​សំឡេងស្ទើរ​តែ​ព្រម​គ្នា​។

«​លោក​ប៉ា​មក​ហើយ!» ហេរិកា​រត់​ទៅ​រកហើយ​ចាប់​ឱប​ដៃ​ នាំ​ដើរ​មក​កាន់​បន្ទប់​សាកល​វិទ្យា​ធិការ​​ប្រសិទ្ធ​ វង្សស័ក្តិ ដែល​ជា​បុរស​រាង​ខ្ពស់​មាឌធំ មុខ​មូល ថ្ពាល់​ក្រហម​ស្រគាំ ​មើល​ទៅ​ទំនង​ចិត្ត​ល្អ តែ​​កែវ​ភ្នែក​មុត​មាំមាន​អំណាច​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​គោរព ​និង​​ខ្លាច​រអែង​នៅលាយឡំ​គ្នា។​

«​មាន​រឿង​អី​កើត​ឡើង​ឬ អ្នក​ចាន់ បាន​ជា​​សំឡេង​លាន់ឮ​ខ្លាំង​ម្ល៉េះ?» ចៅ​ហ្វាយ​ងាក​មក​សួរ​លេខា​នៅ​មុខ​បន្ទប់។

«អឺ… គឺ​… បុរស​ម្នាក់​នេះ​​ប្រាប់​ថា ​នឹង​មក​សម្ភាសន៍​​ជា​គ្រូ​បង្រៀន ​នៅ​សាកល​វិទ្យាល័យ​របស់​យើង។» លេខា​ចាន់​ឆ្ការ​ដៃ​​ទៅ​បុរស​កំលោះ ដែល​ឈរ​ធ្វើ​មុខ​ភាន់​ភាំង មុន​នឹង​និយាយ​ណែនាំ​ខ្លួន​ចំពោះ​បុរស​រាង​ខ្ពស់​ដែល​ឈរ​នឹង​មុខ។

«បាទ! ជម្រាប​សួរ​លោក ខ្ញុំ​រតនៈ អូសាគិ!» និយាយ​ព្រម​ទាំង​លើក​ដៃ​សំពះ​យ៉ាង​សុភាព។

«អូ… គឺ​លោក​ទេ​ឬ? ខ្ញុំ​​កំពុង​រង់​ចាំលោក​ល្មម។ មក៍! ចូល​មក​ក្នុង​បន្ទប់​សិន​មក ចាំ​និយាយ​គ្នា។ អ្នក​ចាន់ ខ្ញុំ​សុំ​កាហ្វេ​ពីរ​ពែង​​ផង!» មាឌ​ធំ​ខ្ពស់​ឱប​​ស្មា​កំលោះ​យើង​នាំ​ចូល​ទៅ​ក្នុង​បន្ទប់ ទុក​ឲ្យ​បុត្រី​ក្រមុំ​និង​លេខា​សៅកែ​ឈរ​ធ្វើ​ភ្នែក​ស្លឺ​ដូច​ភ្នែក​ត្រី​ស្ងោរ។

នេះ​បើ​ប៉ូលីស​កំលោះ​ដឹង​ថា ​អ៊ំចាន់​ជា​ក្រមុំ​សៅ​កែ​ មិន​ដឹង​ថា​ទប់​សំណើច​ឈ្នះ​ឬ​អត់? ស្តាប់​គាត់​និយាយ​ចុះ! មើល​តែ​ខ្លួន​ឯង​ហ្នឹង ​ធ្លាប់​ឆ្លង​កាត់​ប្រុស​រាប់​រយ​នាក់​ហើយ​អ៊ីចឹង​។ សម្រេច​ទៅ​មក​នៅ​ក្រមុំ​សៅ​កែ​សោះ នឹក​ឡើង​ហួស​ចិត្ត!!

ទ្វារ​ត្រូវ​បិទ​ជិត។ ​ក្នុង​បន្ទប់របស់​លោក​វង្សស័ក្តិ​ ក៏​ដូច​ជា​បន្ទប់​របស់​អ្នក​គ្រប់​គ្រង​ទូទៅ ដែល​មាន​តុ​នៅ​កណ្តាល​បន្ទប់ ធ្នើរ​ដាក់​សៀវភៅ​មានសៀវភៅ ​ភាសា​បរទេស​យ៉ាង​ច្រើន ​ដាក់​​តាំង​រៀង​គ្នា​ជា​លំដាប់​យ៉ាង​ណែនណាន់ មិន​ដឹង​ថា​លោក​​អាន​អស់​គ្រប់​​ក្បាល​ហើ​យ​ឬ​នៅ​ ឬ​គ្រាន់​តែ​ជា​ការ​ដាក់​តាំង​បង្ហាញ​ដើម្បី​ឲ្យ​គេ​ឃើញ​ថា​អ្នក​ចេះ​ដឹង? នៅ​ផ្នែក​ខាង​ស្តាំ​ជាបង្អួច​កញ្ចក់​ដ៏​ធំ ដែល​អាច​មើល​ឃើញ​ទិដ្ឋភាព​ជុំវិញសាកល​វិទ្យាល័យ​បាន​យ៉ាង​ច្បាស់​ ស័ក្តិ​សម​ជា​បន្ទប់​របស់​អ្នក​គ្រប់​គ្រង​ប្រាកដ​មែន។

«អញ្ជើញ​អង្គុយ លោក​ប៉ូលីស!» លោក​វង្សស័ក្តិ​ពោល​ឡើង ​មុន​នឹង​ដើរ​ទៅ​អង្គុយ​លើ​កៅ​អី​របស់​ខ្លួន។

«​ទៅ​មើល​កន្លែង​កើត​ហេតុ​រួច​ហើយ​មែ​ន​ទេ… មិន​ដឹង​ថា​មាន​តម្រុយ​ខ្លះ​ហើយ​ឬ​នៅ?» លោក​សាកល​វិទ្យា​ធិការ​សួរ​ត ​ដោយ​ក្តី​តក់​ក្រហល់​ចង់​ដឹង។

«​ពេល​នេះ​នៅ​មិន​ទាន់​អាច​បញ្ជាក់​​បាន​ទេ​ថា ឃាតករ​ជា​​នរ​ណា? តែ​មើល​តាម​សភាព​សាក​សព​​ហើយ​ ឃាតករ​មិន​មែន​សម្លាប់​ដើម្បី​ប្លន់​យក​ទ្រព្យ​សម្បត្តិ​នោះទេ ព្រោះ​​បន្ទប់ដែល​កើត​ហេតុ​គ្មាន​​ ការ​រើ​គាស់​កកាយ​អ្វី​ទាំង​អស់ អាច​ដោយ​សារ​រឿង​គំនុំ​ផ្ទាល់​ខ្លួន​ច្រើន​ជាង។ តែ​ថា… ​លោក​ច្បាស់​ក្នុងចិត្ត​ហើយ​ឬ​ ថា​នឹងអាច​​បិទ​បាំង​រឿង​នេះ​ជា​ការ​​សម្ងាត់បាន?» ខ្សែ​ភ្នែក​បង្កប់​ដោយ​ភាព​​កង្វល់​ថា បើ​មាន​​មនុស្ស​ដឹង​​រឿង​នេះ​ច្រើន​ពេក​ទៅ ​នឹង​ធ្វើ​ឲ្យ​កើត​ភាព​ជ្រួល​ច្របល់​តាម​មក។

«ច្បាស់​ហើយ! ព្រោះ​ខ្ញុំ​បាន​និយាយ​គ្នា​ជាមួយ​អ្នក​ ដែល​បាន​ឃើញ​ហេតុ​ការណ៍​រួច​រាល់​ហើយ ថា​មិន​ឲ្យ​រំឭក​ដល់​រឿង​ដែលបាន​កើត​ឡើងទេ។» ប្រសិទ្ធ​វង្សស័ក្តិ​ និយាយ​ដោយ​ទឹក​មុខម៉ត់​ចត់​​ប្រាកដ​​ក្នុង​ចិត្ត ព្រោះ​បើ​រឿង​នេះ​ត្រូវ​ខ្ចរខ្ចាយ​ឡើង​​នឹង​ធ្វើ​ឲ្យ​មាន ​ផល​ប៉ះ​ពាល់​ដល់​សាកល​វិទ្យាល័យ​របស់​ខ្លួន​ដូច​គ្នា។

តុក! តុក! តុក!…

«​នាង​ខ្ញុំ​លើក​កាហ្វេ​មក​ជូន​ច៎ា!» សំឡេង​របស់​លេខា​ចាន់ លាន់​ឮ​ពី​ក្រៅ​បន្ទប់។

«​ចូល​មក​ចុះ!»

ទ្វារ​របើក​ចេញ អ៊ំ​ចាន់​លើក​ថាស​កាហ្វេ​ពីរពែង ចូល​មក​ក្នុង​បន្ទប់។ ពេល​ក្រឡេក​មើល​​ទៅមាត់​​ទ្វារគេ​​​នឹង​ឃើញ​នាង​ក្រមុំ​តូច​អើត​ឡឺមៗ ​ដោយ​ទឹក​មុខ​សង្ស័យ​សម្លឹង​ចូល​មក។ នៅ​ពេល​អ្នក​លេខា​​ដាក់​​ពែង​​កាហ្វេ​ចុះ​រៀប​រយ​ហើយ​ ក៏​ដើរ​​​​ត្រឡប់​ក្រោយចេញ​ទៅវិញ​ សំឡេង​បិទ​ទ្វារក៏​ឮឡើង​យ៉ាង​ស្រាល​​ដៃ​។ បទ​សន្ទនា​របស់​បុរស​ទាំង​ពីរ​ នៅ​ក្នុង​បន្ទប់​ក៏ចាប់​ផ្តើម​ម្តង​ទៀត៖

«​យ៉ាង​ៗ​ខ្ញុំ​ក៏​ត្រូវ​ចូល​មក​ក្នុង​សាកល​វិទ្យាល័យ​នេះ​មួយ​រយៈ​សិន​ហើយ!»

«បាន​តើ! ខ្ញុំ​នឹង​ប្រាប់​គេ​ថា លោក​គឺ​ជា​គ្រូ​បង្រៀន​ពិសេស​នៅ​ទី​នេះ។ ធ្វើ​បែប​នេះ​លោក​នឹង​អាច​​​ស៊ើប​រឿង​ក្តី​បាន​ងាយ​ស្រួល​។» ប្រសិទ្ធវង្ស​ស័ក្តិ​រក​​ផ្លូវ​ចេញ​ឲ្យ​ ប៉ូលីស​កំលោះ​ចូល​មក​ក្នុង​សាកល​វិទ្យា​ល័យ​ដោយ​គ្មាន​ពិរុទ្ធ​។

«បាន​លោក តែ​ខ្ញុំ​​បង្រៀន​សិស្ស​មិន​កើត​ទេ​ណា៎!» ប៉ូលីស​កំលោះ​​ចាប់​ផ្តើម​មិន​ស្រួល​​ក្នុង​ខ្លួន​ជាមួយ​នឹង​មុខ​នាទី​ថ្មី​ដែល​លោក​សាកល​វិទ្យាធិការ​ផ្តល់​ឲ្យ។

«​ចុះ​នរណា​ទៅ​ឲ្យ​លោក​​បង្រៀន​អក្សរ​ពិត​មែន​នោះ! ខ្ញុំ​គ្រាន់​តែតែង​តាំង​លោក​ជា​គ្រូ​ពិសេស​ត្រឹម​​ជា​មុខ​តំណែង​ប៉ុណ្ណោះ ដើម្បី​ងាយ​ស្រួល​នៅ​ពេល​មាន​មនុស្ស​សួរ។»

«បាទលោក! ខ្ញុំ​នឹង​ប្រើ​ពេល​មិន​យូរ​ទេ​ ក្នុង​ការ​វែក​មុខ​មនុស្ស​អាក្រក់​ឲ្យ​ឃើញ!» ទឹក​មុខ​    សម្តែង​​ភាព​ម៉ត់​ចត់​និង​ការ​ប្តេជ្ញា​ចិត្ត​ ដែល​ធ្វើ​ឲ្យ​​លោក​សាកល​វិទ្យា​ធិការ ជឿ​ជាក់​កាន់​តែ​ខ្លាំង​ឡើង​​ថា​គេ​​នឹង​ធ្វើ​បាន​សម្រេច​ក្នុង​ពេល​មិន​យូរ។​

«​បើ​អស់​អី​ហើយ ខ្ញុំ​សុំ​ខ្លួន​សិន​ណ៎ា!» រាង​ខ្ពស់​ជ្រងោ​ងើប​ឈរ​ឡើង​ លើក​ដៃ​សំពះ​លោក​ប្រសិទ្ធ​​វង្សស័ក្តិ​មុន​ងាក​ក្រោយ​ដើរចេញ​ទៅ។

«​សំណាង​ល្អ​ណា៎! ខ្ញុំ​សុំ​ឲ្យ​លោក​ស៊ើប​រឿង​ក្តី​នេះ ឲ្យ​​បាន​សម្រេច​ឆាប់ៗ!» កំលោះ​រតនៈ​ងាក​ក្រោយ​មក​ញញឹម​យ៉ាង​​ច្បាស់​ក្នុង​ចិត្ត​ម្តង​ទៀត ថា​មិន​​យូរទេ​ឃាតករ​ពិត​ប្រាកដ​ នឹង​ត្រូវ​វែក​មុខ​ឃើញ​ដោយ​ស្នាដៃ​របស់​គេ​ជា​មិន​ខាន។

នាយ​ប៉ូលីស​ទាញ​ទ្វារ​បើក។ នៅ​ពេល​ទ្វារ​បន្ទប់ចំហ​ឡើង​ ​ក៏ស្រាប់​តែ​​លេច​រាង​តូច​ច្រឡឹង​របស់​នាង​ក្រមុំ​ហេរិកា​ទ្រេត​ដួល​មក​លើ​ផែន​​ទ្រូង​របស់​អ្នក​កំលោះ​ ហើយ​ភ្លាត់​សំឡេង​ចេញ​មក៖

«វ៉ាយយយ…» អ្នក​ទាំង​ពីរ​ក៏​ដួល​ទ្រោប​លើ​គ្នា​ទៅ​លើ​ព្រំ។

«អ្ហ៎ា!… អ្នក​នាង​ហេរិកា​!»

ខាង​ស្រី​ងើប​ឡើង​បោស​ខ្លួន​តិចៗ៖

«សុំ​ទោសណ៎ា! ព្រោះ​ខ្ញុំ​កំពុង​ឈរ​ពិត​ទ្វារ​និយាយ​ជាមួយ​អ៊ំចាន់ លុះ​ពេល​លោក​បើក​ទ្វារ​ចេញ​មក​ខ្ញុំ​ក៏​អស់​ជំហ​រ​ដួល​ទៅ…» ពូកែ​រក​ពាក្យ​​ដោះ​សារ​រដាក់​រដុប​ល្អ​មែន! នរណា​ទៅ​ឈរ​ពិត​ទ្វា​រ​​ដោយ​បែរ​មុខ​មក​រក​ទ្វារ​នោះ??

«​មែន​ទេ​អ៊ំចាន់?» ហេរិកា​និយាយ​ដោយ​ញាក់​ភ្នែក​ជាសញ្ញា​ឲ្យ​អ៊ំ​ចាន់។

«ព… ព… ពិត​មែន​ហើយ!» ក្រមុំ​លេខា​​ពោល​ឡើង​មុន​នឹង​ដាក់​មុខចុះ ព្រោះ​ខ្លាច​ការ​ពិត​ដែល​​​​ខ្លួន​ទាំង​ពីរ​នាក់តាំង​ចិត្ត​លួច​ស្តាប់​ត្រូវ​បើក​ចំហ។ លោក​ប្រសិទ្ធ​វង្សស័ក្តិ ​ឈរ​​ធ្វើ​មុខ​មាំ​សម្លឹង​​ទៅ​បុត្រី​និង​លេខា​ផ្ទាល់​ខ្លួន។

សូម​រង់​ចាំ​អានវគ្គ​បន្ត!

វិចារ»

No comments yet — be the first.