jump to navigation

ព្រិល​ធ្លាក់​កណ្តាល​សមុទ្រ​ខ្សាច់(៤) ខែ វិច្ឆិកា 25, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿង​ហ្គេហ៍.
trackback

«សួ​ស្តី​​មិត្ត​ទាំង​អស់​គ្នា! ខ្ញុំ​ឈ្មោះ​ សន្សើម​ មេឃា ហៅ​ខ្លីៗ​ថា​មេឃ​ក៏​បាន។»

​នៅ​ពេល​ណែ​នាំ​ខ្លួន​រួច​ គេ​ក៏​រក​កន្លែង​អង្គុយ​​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​​ថ្ងៃ​ ដែល​ខ្ញុំ​មក​រៀន​នៅ​ទី​នេះ​ថ្មីៗ។ ខ្ញុំ​ក៏​យល់​ដល់​ចិត្ត​គេ​ដូច​គ្នា​ ប្រហែល​ជា​​​ពេល​នេះ​ គេ​ឯកា​​មិន​ខុស​ពី​ខ្ញុំ​ប៉ុន្មាន​ទេ។​ មេឃ​ញញឹម​ដាក់​មិត្ត​ភក្តិ​គ្រប់​ៗ​គ្នា មុខ​មាត់​ក៏​​ស្រស់​សង្ហា សខ្ពស់​ មាឌមាំ ​ប្រហែល​ជា​​កី​ឡាករប្រចាំ​សាលា​ក្នុង​​ផ្នែក​អី​មួយ​ហើយ។ គេ​ដើរ​រក​តុ​អង្គុយ​ ​ហើយ​ងាក​មក​ខាង​ខ្ញុំ​​ ព្រម​ទាំង​​ញញឹម​ដាក់​ខ្ញុំ​​ប្លែក​ៗ​យ៉ាង​ម៉េច​មិន​ដឹង។

លុះ​ពេល​សម្រាក​ថ្ងៃ​ត្រង់​ ក៏​មាន​មិត្ត​ភក្តិ​ទៅ​សួរ​រាក់​ទាក់​វា។ ពេល​ខ្ញុំ​បម្រុង​ងើប​ទៅ​រក​ញ៉ាំ​បាយ…

«​សួស្តី​! ឯង​ឈ្មោះ​អី? ខ្ញុំ​មេឃ​រីក​រាយ​ដែលបាន​ស្គាល់!»

«​ខ្ញុំ​ឈ្មោះ​នទី! រីក​រាយ​ដែល​បាន​ស្គាល់​ដូចគ្នា!»

«​ទី! គេ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​នៅ​ឯណា?»

«​នៅ​ហាង​បាយ​ក្រោយ​សាលា​នោះ​អី ឯង​ស្គាល់​អត់?»

«​ខ្ញុំ​មិន​ធ្លាប់​មក មិន​ដឹង​ថា​នៅ​កន្លែង​ណា​ផង!»

សម្តី​វា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​មក​ដល់​ទី​នេះ កណ្តោច​កណ្តែង​ម៉ង់​ៗ​​មិន​ដឹង​ទៅ​ណា​ ជា​មួយ​អ្នក​ណា…

«​អ៊ីចឹង​ ទៅ​ញ៉ាំ​បាយ​ជាមួយ​គ្នា​តែ​ម្តង​ទៅ ចាំ​ខ្ញុំ​នាំ​ទៅ!»

ចំណែក​សមុទ្រ​ដែល​ឈរ​នៅ​ទី​នោះ​ដែរ មិន​មាត់​ក​ថា​អ្វី​ទេ​​​បាន​តែ​នៅ​ស្ងៀម​ៗ​ធ្វើ​មុខ​ស្មើ​ ហើយ​ក៏​ដើរ​នាំ​មុខ​ទៅ។ ​ពេល​កំពុង​ដើរ​ទៅ​ហាង​បាយ​ ខ្ញុំ​​ក៏​ដឹង​ថា​មេឃ​ចូល​ចិត្ត​លេង​បាល់បោះ​ ហើយ​ក៏​ជា​  កី​ឡា​ករ​​បាល់​បោះប្រចាំ​សាលា​ ដែល​វាទើប​តែ​ផ្លាស់​មក​ផង​ដែរ​។ យើង​ទៅ​អង្គុយ​​ញ៉ាំ​បាយ​ជុំ​គ្នា​មានខ្ញុំ ​សមុទ្រ មេឃ​ បុត្រ​ និង​នេត្រ។ អង្គុយ​បាន​​បន្តិច​ក៏​ឃើញ​ព្រិល​ស​ដើរ​មក​​ម្នាក់​ឯង ហើយ​ក៏​នាំ​គ្នា​បបួល​ឲ្យ​មក​ចូល​ញ៉ាំ​បាយ​ជាមួយ​គ្នា។ ខ្ញុំ​ក៏​ក្រោក​ចេញ​ឲ្យ​ព្រិល​ស​អង្គុយ​ជិត​សមុទ្រ។

«ឱះ! ចុះ​ឯង​ទៅ​អង្គុយ​កន្លែង​ណា​ទី?» នេត្រ​សួរ​ខ្ញុំ។

«​ខ្ញុំ​រក​កៅ​អី​អង្គុយ​ថ្មី​ក៏​បាន!»

​ពេល​ខ្ញុំ​កំពុង​សម្លឹង​រក​មើល​កៅ​អី​អង្គុយ មេឃ​ក៏​លើក​កៅ​អី​មួយ​មក​ដាក់​ក្បែរ​ខ្លួន​៖

«​មក​អង្គុយ​ក្បែរ​ខ្ញុំ​នេះ​ក៏​បាន!»

«​អរគុណ​ណា​មេឃ!» ខ្ញុំ​ញញឹម​អរគុណ​ព្រម​ទាំង​អង្គុយ​ចុះ។

បន្ទាប់​ពី​នោះ​ យើង​ក៏​ញ៉ាំ​បាយ​ជា​មួយ​គ្នា​យ៉ាង​រីក​រាយ។ ចំណែក​សមុទ្រ​និង​ព្រិល​ស​គឺ​​ផ្អែម​ល្ហែម​នឹង​គ្នា​ដូច​ដើម​អ៊ីចឹង រហូត​មិត្ត​ភក្តិ​នាំ​គ្នា​លាន់​មាត់​ច្រណែន។

«អាខ្មុត​អើយ! ពួក​យើង​ច្រណែន​ឯង​ដល់​ហើយ​…» បុត្រ​និយាយ​ឡើង​ ធ្វើ​ឲ្យ​​អ្នក​ដទៃ​ទៀត​សើច​គឹល​ តែ​ខ្ញុំ​សម្ងំ​ឈ្ងោក​មុខ​ស៊ី​បាយ​ធ្វើ​មិន​ដឹង។

«ចុះ​ទី​ ម៉េច​ក៏​មិ​ន​នាំ​សង្សារ ​មក​អង្គុយ​ញ៉ាំ​បាយ​ជាមួយ​ដែរ​ទៅ?​» មេឃ​សួរ​​​ឡើង​​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឈ្លក់​បាយ។

«​ខ្ញុំ​​មិន​ទាន់​មាន​សង្សារ​ទេ!»

«អេ៎… ឯង​គួរ​ឲ្យ​ស្រឡាញ់​បែប​នេះ ម៉េច​ក៏​មិន​ទាន់​មានសង្សារ?»

គ្រប់​គ្នាធ្វើ​​ភ្នែក​ស្លឺ ​ជា​ពិសេស​សមុទ្រ សម្លឹង​មុខ​មេឃ​មិន​ដាក់។ ​បែប​… ​ប្រហែល​ជាពួក​គេ​​សង្ស័យ​ថា​ ហេតុ​អី​ក៏​មេឃ​សរសើរ​មនុស្ស​ប្រុស​ដូច​គ្នា? ឬ​មួយ​ក៏​…

«​អត់​ទេ! គ្មាន​នរណា​មក​ចាប់​អារម្មណ៍​នឹង​ខ្ញុំ​ទេ!»

«​មិន​ពិត! អា​ទី​ជា​បុរស​ក្តៅ​គគុក​បំផុត​ហើយ​នៅ​សាលា​នេះ មាន​សិស្ស​ប្អូន​ៗ​​មក​រោម​វា​ឲ្យ​គគោក​ តែ​វា​លេង​ខ្លួន​​ ឬប្រហែល​ជា​រើស​មិន​ត្រូវ​ចិត្ត​ច្រើន​ជាង!»

«​អានេត្រ ឯង​កុំ​មក​ប្រូ!!» គ្រប់​គ្នា​ក៏​នាំ​គ្នា​សើច។

«​ទី! ញ៉ាំ​​ទឹក​អីឬ​អត់ ចាំ​ខ្ញុំ​ទិញ​ឲ្យ?»

«អូហូ… យក​ចិត្ត​តែ​អា​ទី​ម្នាក់​ហ្ន៎! គិត​អី​ឬ​អត់​ហ្នឹង?» បុត្រ​ពេប​មាត់​និយាយ។

«​អត់​មា​នអី​ទេ… តែ​​ទី​បបួល​ខ្ញុំ​មក​ញ៉ាំ​បាយ​ជាមួយ​ ទើប​ចង់​ប៉ាវ​អរគុណ​​​គេ​​ប៉ុណ្ណោះ!»

ចំណែក​សមុទ្រ​អង្គុយ​​ធ្វើ​ភ្នែក​តូច​ធំ​ដាក់ តែ​ខ្ញុំ​ធ្វើ​ព្រងើយ ​ហើយ​ចុង​ក្រោយ​មេឃ​ក៏​ប៉ាវ​ទឹក​ឲ្យ​គ្រប់​​គ្នា​​ លើក​លែង​តែ​សមុទ្រ​ដែល​វា​ប្រាប់​ថា​មិន​ផឹក។

ក្រោយ​ពេល​ចេញ​ពី​ផ្ទះ​ពេល​​ល្ងាច​ ពួក​យើង​ក៏​បបួល​គ្នា​លេង​ទាត់​បាល់​ ចំណែក​​មេឃ​មិន​​បាន​លេង​ជាមួយ​ពួក​យើង​ទេ ព្រោះ​វា​ប្រាប់​ថា​លេង​មិន​ពូកែ​ចង់​អង្គុយ​មើល​ច្រើន​ជាង។ នៅ​ពេល​លេង​រួច​ខ្ញុំ​ក៏​ប្រញាប់​ប្រមូល​របស់​របរ​ទុក​ដាក់​ ព្រោះ​ត្រូវ​ប្រញាប់​ត្រឡប់​ដែរ។

«​ទី! ចាំ​យើង​ជូន​ទៅ​ផ្ទះ!» សមុទ្រ​រត់​មក​និយាយ​ប្រាប់​ខ្ញុំ។

«​ចុះ​ឯង​មិន​ជូន​ព្រិល​ស​ទៅ​ទេ?»

ខ្ញុំ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ព្រិល​ស​ក៏​រត់​មក ប្រហែល​ជា​ទើប​តែ​សម​ហាត់​រាំរួច​​​ហើយ​ព្រោះ​មិន​ប៉ុន្មាន​អាទិត្យ​ទៀត សាលា​នឹង​មាន​ពិធី​ជប់​លៀង​ប្រចាំ​ឆ្នាំ។

«​បង​សមុទ្រ ត្រឡប់​ទៅ​ផ្ទះ​បាន​នៅ?» នាង​រត់​មក​ចាប់​ដៃ​សមុទ្រ។

«​អ… អឺ…»

ខ្ញុំ​ក៏​ដើរ​ចេញ​ពី​​សមុទ្រ​មក ក្នុង​ចិត្ត​ក៏​នឹក​ខឹង​និង​តូច​ចិត្ត។

«អូ! មេឃ​… ឯង​មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​ទេ?»

«​នៅ​ទេ! ខ្ញុំ​​នៅ​មើល​ពួក​ឯង​​​ទាត់​បាល់ មើល​ទៅគួរ​ឲ្យ​សប្បាយ​ដល់​ហើយ ថ្ងៃ​ក្រោយ​សុំ​លេង​ជាមួយ​ផង​ណា!?»

«​បាន​តើ!»

«​ទី ជូត​មុខ​សិន​ទៅ!» មេឃ​ហុច​កន្សែង​ត្រជាក់​ឲ្យ​ខ្ញុំ ប្រហែល​ជា​វា​ទើប​តែ​ទិញ​មក ព្រោះ​នៅ​ត្រជាក់​​​នៅ​ឡើយ។

«អរគុណណាមេឃ!»

«​មិន​អីទេ… ខ្ញុំ​ពេញ​ចិត្តជានិច្ច! ចុះ​ទី​ត្រឡប់​ទៅ​ផ្ទះ​យ៉ាង​ម៉េច?»

«​ខ្ញុំ​​ជិះម៉ូតូ​ឌុប​ទៅ! អ៊ីចឹង​ខ្ញុំ​ទៅ​សិន​ហើយ​ណ៎ា!!»

«​ទី​ឈប់​សិន! ចាំខ្ញុំ​ជូន​ទៅ​… ខ្ញុំ​យក​ម៉ូតូ​មកដែរ​តើ។»

«​មិន​អី​ទេ! ខ្ញុំ​ខ្លាច​ចិត្ត​ឯង​ណាស់ ខ្ញុំ​ជិះ​ម៉ូតូ​ឌុប​ក៏​បាន។»

«​ឯង​ស្អប់​ខ្ពើម​គ្នាឬ​ទី?»

មិន​ដឹង​ឆ្លើយ​តប​ថា​ម៉េច ខ្ញុំ​ក៏​ងក់​ក្បាល​យល់​ព្រម​។ ចំណែក​​សមុទ្រ ​​​ក៏​ដើរ​ធ្វើ​មុខ​ងរ​​ជ្រែក​ពួក​យើង​ទៅ​មុន។

«​បង​សមុទ្រ! ម៉េច​ក៏​ដើរ​លឿន​ម្ល៉េះ​ ចាំ​ព្រិល​ផង!?» ​ខ្ញុំ​ក៏នៅ​តែ​​ធ្វើ​ជា​មិន​ចាប់​អារម្មណ៍។

លុះ​ពេល​មក​ដល់​ផ្ទះ​ជួល​ ខ្ញុំ​ក៏​ប្រញាប់ចូល​​ងូត​ទឹក។ ងូត​មិន​ទាន់​រួច​ផង ​ក៏​ឮ​សំឡេង​គោះ​ទ្វារ​ លាន់​ឡើង ប្រហែល​ជា​មេឃ​ភ្លេច​របស់អី​​ហើយ ទើប​ប្រញាប់​មក​យក​វិញ។ ខ្ញុំ​ក៏​​ទាញ​កន្សែង​ពោះ​គោ​ដែល​ទុក​ជូត​ខ្លួន​មក​រុំ ហើយ​ដើរ​ចេញ​ទៅ​បើក​ទ្វារ។ តែ​ពេល​បើក​ទ្វារ​ចេញ​មក​ ស្រាប់​តែ​ជា​សមុទ្រ​ទៅ​វិញ៖

«អេ… សមុទ្រ ឯង​មាន​ការ​អីហ៎?»

«ហេតុ​អី​ទី ទាល់​តែ​មាន​ការ​អី​ឬ ទើប​មក​បាន? មែន​ហើយ! យើង​មិន​មែន​ជា​អាមេឃ​ ដែល​អាច​​មក​បាន​គ្រប់​ពេល​វេលា​ឯណា!! នេះ​បែប… រួច​រាល់​ហើយមែន​ទេ ​ទើប​ងូត​ទឹក​លាង​សម្អាត​ខ្លួន?»

«​សមុទ្រ!! ឯង​និយាយ​ស្អី? នេះ​ឯង​គិត​ថា​ យើង​ជា​​មនុស្ស​បែប​នោះ​ មែន​ទេ? បែប​មែន​ហើយ ព្រោះ​យើងក៏​​ប្រហែល​ជា​គ្មាន​តម្លៃ​អ្វី​សម្រាប់​ឯង​ដែរ… រាល់​ថ្ងៃ​នេះ​ឯង​ធ្វើ​ចំពោះ​យើង​ ហាក់​ដូច​ជា​យើង​នេះ​គ្មាន​បេះ​ដូង​ថ្លើម​ប្រមាត់​អ៊ីចឹង! ឯង​ធ្លាប់យល់​ពី​អារម្មណ៍​របស់​យើង​ខ្លះ​ទេ? ឯង​ធ្លាប់​គិត​ខ្លះ​​ទេ​នៅ​ពេល​ដែលឯង ​កំពុង​មាន​សេចក្តី​សុខ​ជា​មួយ​អ្នក​ដទៃ តើ​យើងនឹង​​គិត​បែប​ណាខ្លះ? ឯង​ធ្លាប់​គិត​​ឬ​ទេ​ ថា​​មាន​មនុស្ស​ម្នាក់កំពុង​ឈឺ​ចាប់​ ស្ទើរ​ស្លាប់​ស្ទើរ​រស់​អង្គុយ​នៅ​ក្បែរ​ឯង? ​ហើយ​តើ​ពាក្យថា​​ស្រឡាញ់​របស់​ឯង មាន​ន័យ​យ៉ាង​ម៉េច? មាន​ន័យ​ថា​​ ​​បោះ​បង់​មនុស្ស​ដែល​ឯង​ប្រាប់​ថា​ស្រឡាញ់ឲ្យ​នៅ​ឯកោ​កណ្តោច​កណ្តែង​ ដោយ​ឯង​​មិន​ដែល​ខ្វល់​ខ្វាយ​​ ថា​គេ​មាន​អារម្មណ៍​យ៉ាងណា មែន​ទេ…    សមុទ្រ?»

«​ទី… យើង​សុំ​ទោស…»

«​កុំ​អីសមុទ្រ! យើង​យល់ពីឯង… យើង​​មិន​ឲ្យ​ទោស​ឯង​ទេ យើង​ខុស​ដោយ​ខ្លួន​ឯង! យើង​មិន​គួរ​បណ្តោយ​ចិត្ត​ឲ្យ​គិត​បែប​នោះ ​ជាមួយ​ឯងតាំង​ពី​ដំបូងម្ល៉េះ។ ​យើង​ក៏​ដឹង​ថា​ ឯង​មាន​មនុស្ស​ដែល​ឯង​ស្រឡាញ់រួច​ទៅ​ហើយ! ឯ​ជាមួយ​យើង​ សម្រាប់​ឯង​ប្រហែល​ជា​គ្មាន​ន័យ​អ្វី​ទេ! យើង​​គិត​ថា​រឿង​រវាង​​យើង​ទាំង​ពីរ​គួរ​តែ​បញ្ចប់​ត្រឹម​នេះ​ចុះ ហើយ​យើង​សុំ​ទោសដែល​ត្រូវ​ធ្វើ​ឲ្យ​ឯង​មក​ពិបាក​ជាមួយ។»

«​វា​មិន​មែន​ដូច​ដែល​ឯងគិត​ទេទី… សមុទ្រ​ស្រឡាញ់​ទី! ទី​ចង់​ឲ្យ​សមុទ្រ​ធ្វើ​យ៉ាង​ម៉េច​ទើប​ជឿ?»

«សមុទ្រ… ប៉ុណ្ណេះ​នៅ​មិន​ទាន់​សម​ល្មម​នឹង​ចិត្ត​របស់​ឯង​ទៀត​ឬ​អី? ឯង​ចង់​ឲ្យ​យើង​​ឈឺ​ចាប់​រហូត​ស្លាប់​ឬ​យ៉ាង​ម៉េច ទើប​ឯង​ពេញ​ចិត្ត? រឿង​របស់​យើង​គួរ​តែ​បញ្ចប់​ទៅចុះ!!»

«​យើង​យល់​ហើយ!… ឯង​ប្រហែល​ជា​ចង់​ទៅ​ទាក់​ទង​ជាមួយ ​អាមុខស្លាំង​អត់​ជាតិ​ជៅ​នោះ​ឡើង​ញ័រ​ខ្លួន​ទៅ​ហើយ​មែនទេ ទើប​បាន​ជា​យើង​និយាយ​យ៉ាងណា ពន្យល់​យ៉ាង​ម៉េច​ក៏​វា​នៅ​តែ​គ្មាន​ន័យ!!»

«​ការ​ពិត​ទៅមេឃ​ក៏​ជា​មនុស្ស​ល្អ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង ខ្វាយ​ខ្វល់​ពី​អារម្មណ៍​របស់​យើង ហើយអាច​នឹង​ច្រើន​ជាង​ឯង​ផង!! ពេល​នេះ​យើង​មិន​ទាន់​គិត​អី​ទេ តែ​ត​ទៅ​មុខ​យើង​អាច​នឹង​ចាញ់​អំពើ​ល្អ​របស់​គេ​ក៏​ថាបាន។»

«​ឯង​ធ្វើ​បែប​នេះ​ដាក់​យើង​​ មិន​បាន​ទេណាទី!!!»

និយាយ​ហើយ សមុទ្រ​ក៏​ចាប់​ខ្ញុំ​ផ្តួលទៅ​លើ​គ្រែ សង្កត់​​ដៃ​ខ្ញុំ​ទាំង​ពីរ​ជាប់​ហើយ​ទ្រោប​ខ្លួន​មក​លើ​ ​ថើប​ញក់​ញី​ខ្ញុំ​យ៉ាង​ក្រពល់​មុខ។ ខ្ញុំ​មិន​​រើ​បម្រះ​អ្វី​ទេ តែ​ទឹក​ភ្នែក​ខ្ញុំ​ក៏​ហូរ​ចេញ​មក… សមុទ្រ​ឃើញ​ខ្ញុំ​យំ​ក៏​​ស្រឡាំង​កាំង​ ហើយ​ក៏​ព្រម​លែងដៃ​។

«​ឈប់​ធ្វើ​អី​សមុទ្រ? ធ្វើ​បន្ត​ទៀត​​ទៅ! ឯង​ចង់​ធ្វើ​អី​ជាមួយ​យើង​ក៏​ធ្វើ​តាម​សប្បាយ យ៉ាង​ណា​ក៏​ឯង​មិន​ធ្លាប់​ខ្វល់​​មិន​ធ្លាប់​ចាប់​អារម្មណ៍ ថា​យើង​គិត​យ៉ាង​ម៉េច​ស្រាប់​ហើយ… ចង់​ធ្វើ​អី​ក៏​ធ្វើ​ទៅ​ យើង​ក៏​គ្រាន់​តែ​ជា​មនុស្ស​គ្មាន​តម្លៃ​ម្នាក់​ប៉ុណ្ណឹង!!»

«​ទី… យើង​សុំ​ទោស! សមុទ្រ​ស្រឡាញ់​ទី… សមុទ្រ​មិន​ធ្លាប់​ធ្វើ​បែប​នេះ​ ជា​មួយ​នរណា​ទេ   សូម្បី​តែ​ព្រិល​ស​ក៏​ដោយ។ សមុទ្រ​គ្រាន់​តែ​ដឹង​ថា ​សមុទ្រ​មិន​ចង់​បាត់​បង់​ទី​ទៅ… សមុទ្រ​​មិន​ពូកែ​និយាយ​ទេ… តែ​បើ​ទី​ចង់​ឲ្យ​សមុទ្រ​​ធ្វើ​អីក៏​សមុទ្រ​ព្រម​ធ្វើ​គ្រប់​បែប​យ៉ាង! ចង់​ឲ្យ​​ឈប់​ទាក់​ទង​ព្រិល​ស​​ក៏​សមុទ្រ​ធ្វើ​បាន… សុំ​តែ​ម្យ៉ាង​ ទី​កុំ​បោះ​បង់​ចោល​សមុទ្រ​អី! ទី​យល់​ដល់​សមុទ្រ​ខ្លះ​ទេ? ទី​ដឹង​ឬទេ​ថា​ជីវិត​សមុទ្រ​ពាក់​កណ្តាល​​ជា​​របស់​​ទី​ទៅហើយ! តើ​ឲ្យ​សមុទ្រ​រស់​នៅ​យ៉ាង​ណា… ធ្វើ​យ៉ាង​ម៉េចបើ​គ្មាន​ទី?»

«​ទី​គិត​ថា យើង​គួរ​​តែ​ធ្វើ​ជា​មិត្ត​ភក្តិ​នឹងគ្នា​ដូច​ដើម​ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​អ្វីៗ​ល្អ​ឡើង​វិញ​បាន​ខ្លះ… យើង​មិន​ចាំ​បាច់​មក​​គិត​ច្រើន​​ទាំង​សង​ខាង ហើយ​សមុទ្រ​ក៏​មិន​បាច់​មក​ពិបាក​ចិត្តដោយ​សារ​ទី!»

«​ទី​មិន​ជឿ​សមុទ្រ​មែន​ទេ? អ៊ីចឹង​ចាំ​សមុទ្រ​ពិសោធន៍​ឲ្យ​ទី​ឃើញ​ថា សមុទ្រ​និយាយ​ពិត​មែន​មិន​​បាន​កុហក​ទេ!»

សមុទ្រ​ទាញ​ទូរស័ព្ទ​ចេញ​មក…

«​ឯង​ប្រុង​ធ្វើ​អីសមុទ្រ!??»

«​យើង​នឹង​និយាយ​បែក​គ្នា​ជាមួយ​ព្រិល​ស ហើយ​ប្រាប់​នាង​ឲ្យ​ដឹង​ថា យើង​ស្រឡាញ់​ឯង!!»

សមុទ្រ​​និយាយ​មែន វា​ចុច​ឈ្មោះ​ព្រិល​ស​ហើយ​តេចេញ។ ឃើញ​ដូចនោះ​ខ្ញុំក៏​​ដណ្តើម​ទូរស័ព្ទ​ពី​ដៃ​វា​ ហើយ​ចុច​បិទ។

«​ឯង​​​ឆ្កួត​ឬ? ឯង​ធ្វើ​បែប​នេះ​ធ្វើ​អី?»

«​ឯង​នឹង​បាន​ដឹង​នោះ​អី ថា​យើង​មិន​បាន​និយាយ​លេង! យើង​មិន​ធ្លាប់​គិត​បែប​នេះ​ជាមួយ​នរណា​ទេ យើង​ស្រឡាញ់​ឯង​ណាស់​ទី! យើង​ត្រៀម​​ខ្លួន​រួច​រាល់​ហើយ​ សម្រាប់​ការ​លះ​បង់​គ្រប់​បែប​យ៉ាង!​ យើង​ព្រម​​ឲ្យ​មិត្ត​ភក្តិ​ស្អប់​ខ្ពើម ឬ​ក៏​ជេរ​ឡក​ឡឺយ​ គ្រាន់​តែ​សុំ​ឲ្យ​ឯងជឿ​យើង​ថា​យើ​ង​មិន​​បាន​និយាយ​​លេង​ទេ តែ​វា​ជាអារម្មណ៍​ដែល​ផុស​ចេញ​មក​ពីចិត្ត​យើង​ពិត​ៗ។ ឯង​មិន​ដឹង​ទេ​ថា ​យើង​​ស្រឡាញ់​​ឯង​តាំង​ពី​ថ្ងៃ​ដំបូង ​ដែល​ឯង​ចេញ​មក​ណែ​នាំ​ខ្លួនម្ល៉េះ!​ ឯង​មក​អង្គុយ​ជាមួយ​យើង​ធ្វើ​ឲ្យ​យើង​គ្មាន​សមាធិ យើង​ចង់​និយាយ​ជាមួយ​ឯង ចង់​រក​រឿងនិយាយ​លេង តែ​មិន​ដឹង​ថា​គួរ​ចាប់​ផ្តើមយ៉ាង​ម៉េច​ ក៏​បាន​ត្រឹម​តែ​រក​រឿង​ឈ្លោះ​នឹង​ឯង។ ព្រោះ​តែ​ចង់​ជជែក​នឹង​ឯង ទើប​យើង​​ខំ​ជិះ​ម៉ូតូ​តាម​ម៉ូតូ​ឌុប​ដែល​ឯង​ជិះ ដើម្បី​ចង់​ដឹង​ថា​ឯង​ស្នាក់​នៅឯណា? ថ្ងៃ​ដែល​មាន​ភ្លៀង​ធ្លាក់ យើង​ក៏​អង្គុយ​ចាំ​ឯង​បារម្ភ​ពី​ឯង​ ខ្លាច​ឯង​គ្មាន​ម៉ូតូ​ឌុប​ជិះ​ទៅ​​ផ្ទះ ​តែ​ព្រិល​ស​មក​ឃើញ​យើង​ក៏​សុំ​ទៅ​ផ្ទះ​ជាមួយ ហើយ​​​យើង​ក៏​ប្រាប់​ថា​នៅ​មិន​ទាន់​ចង់​ទៅ តែ​ធាតុ​ពិត​យើង​នៅ​រង់​ចាំ​មើល​ឯង រួច​យើង​ក៏​ប្រញាប់​ឌុប​ព្រិល​ស​ទៅ​ដើម្បី​ត្រឡប់​មក​ទទួល​ឯងវិញ​… តែ​ឯង​បែរ​ជា​គិត​ថា​យើង​មិន​ស្រឡាញ់​ឯង មិន​ចាប់​អារម្មណ៍​ មិ​ន​ខ្វាយ​ខ្វល់ ​​មិន​យក​ចិត្ត​​ទុក​ដាក់ ចុះ​អ្វី​ដែល​យើង​ធ្វើ​ទៅ​គ្រប់​បែប​យ៉ាង​នេះ​គឺ​អ្វី? ​ឯង​ជួយ​ប្រាប់​យើង​បន្តិច​មើល៍!»

«សមុទ្រ…»

          ​នៅ​ពេល​និយាយ​ចប់ សមុទ្រក៏​ទម្លាក់​ខ្លួន​អង្គុយ​ចុះ​ផ្ទាល់​ឥដ្ឋ។ ខ្ញុំ​ស្រឡាំង​កាំង​ចំពោះ​អ្វី​ដែល​សមុទ្រ​និយាយ​ ហើយ​ក៏​ខ្លោច​ផ្សា​ចិត្ត​ដូច​គ្នា​នៅ​ពេល​ឃើញ​សមុទ្រ​ស្ថិត​នៅ​ក្នុង​សភាព​បែប​នេះ តែ​ខ្ញុំ​ក៏​នៅ​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​ថា ការ​ពិត​នោះសមុទ្រ​ស្រឡាញ់​​ខ្ញុំ​មែន​ឬ​ទេ? ជួន​កាល​សកម្មភាព​និង​ទង្វើរបស់​វា​ក៏​​ដើរ​បញ្ច្រាស​គ្នា។ មិន​មែន​ខ្ញុំ​រឿង​ច្រើន​ទេ តែ​ក៏​មិនទាន់​ចង់​សម្រេច​ចិត្ត​ភ្លាមៗ​ ព្រោះអាច​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​រង​ទុក្ខ​វេទនាជាមួយ​វា​អស់​មួយ​ជីវិត ដ្បិត​អី​បើ​ខ្ញុំ​ស្រឡាញ់​នរណា​ហើយ ខ្ញុំ​នឹង​ប្រគល់​ទាំង​ចិត្ត​ទាំង​កាយ​ឲ្យ​គេ​តែ​ម្នាក់។

          «សមុទ្រ… យើង​សុំ​ពេល​វេលា​បន្តិច​សិន​ណា! ​​បើ​ឯង​ស្រឡាញ់​យើង​​មែន​ឯង​ប្រហែល​ជា​ចាំ​បានហើយ​ ម្យ៉ាង​ទៀត​យើង​​ក៏​មិន​បា​ន​គិត​អ្វី​ជាមួយ​មេឃ​ដែរ មេឃ​គឺ​ជា​មិត្ត​ម្នាក់​របស់យើង​ប៉ុណ្ណោះ។»

            «បាន! សមុទ្រ​រង់​ចាំ​ទី​បាន​ជានិច្ច… សមុទ្រ​នឹង​ពិសោធន៍​ឲ្យ​ទី​ឃើញ​ថា សមុទ្រ​មិន​ធ្លាប់​បោក​ប្រាស់​​ទី​ទេ។​… អ៊ីចឹង​ឲ្យ​យើង​​សុំ​អ្វី​ទី​ម្យ៉ាង​បានទេ?»

          «ឯង​ចង់​សុំ​អី?»

          «​ទៅ​ញ៉ាំ​បាយ​កំដរ​​យើង​បាន​ទេ?»

          «​សុំ​តែ​ប៉ុណ្ណេះ​ទេ…?»

          «​ចុះ​ឯង​គិត​ថាយើង​​នឹង​សុំ​អី? ប៉ុណ្ណេះ​បើ​ទី​យល់​ព្រម យើង​ក៏​អរ​ណាស់​ទៅ​ហើយ!»

          «អា… សមុទ្រ! មិន​បាច់​ក្បូរ​ក្បាច់​ច្រើនទេ… យើង​ទៅ​ក៏​បាន​តែ​​ឯង​ជា​អ្នក​ប៉ាវ! ^O^ »

          «​អូហូ… ស្អីគេ​លោក​ប្រុស? អញ្ជើញ​​ចេញ​ខ្លួន​ឯងទៅ គ្រាន់​តែ​ឲ្យ​ទៅ​អង្គុយ​កំដរ​ញ៉ាំ​បាយ​ មិន​បាន​ប្រាប់​ថា​ប៉ាវ​ទេ!!»

          «​បើ​អ៊ីចឹង​យើង​មិន​ទៅ! អញ្ជើញ​ទៅ​ម្នាក់​ឯង​ចុះ បាយៗ!! (^A^)/ »

          «​ឈប់​សិនមើល៍! សមុទ្រ​និយាយ​លេង​ផង​ក៏មិន​បាន… ប៉ាវ​តើ! តាំង​ចិត្ត​រួច​ហើយ។ សង្សារ​​តែ​ម្នាក់ផង​រឿង​អី​ប៉ាវ​មិន​​បាន​ ចង់​ឲ្យ​ប៉ាវ​មួយ​ជីវិត​ក៏​បានដែរ! (^^)»

          «អ៊ួកកក…!!! ខ្ពើមណាស់! អ៊ីចឹង​ប្រញាប់​ទៅ កំពុង​ឃ្លាន​ផង។(A_A)»

សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

វិចារ»

1. ក្មេងតូច - ខែ វិច្ឆិកា 26, 2009

ចាំអានឡើងផ្សាភែ្នកហើយ ដាក់ត ឲ្យលឿនៗម៉ោណា៎ ^_^

2. ផ្កាយ​Novels - ខែ វិច្ឆិកា 26, 2009

ស្រក់​ទឹក​ភ្នែកព្រោះ​ឈឺ​ចិត្ត មិន​មែន​ព្រោះស្តាយ​ព្រហ្មចារី​នោះ​ទេ!!
ចាំ​អាន​តណ៎ា! វគ្គ​ក្រោយ​នឹង​ថែ​ម​គួ​ប្រជែង​បេះ​ដូង​កាន់​តែ​ច្រើន​ទៀត! >_^

3. ក្មេងតូច - ខែ វិច្ឆិកា 25, 2009

ពេលគេចាប់ ស្រក់ទឹកភ្នែកមើលតែស្រីអាទី