ខ្ញុំជាមនុស្សម្នាក់ ដែលចូលចិត្តមើលកុនខ្មោច និងកុនដែលព្រឺរន្ធត់ ខ្លាំងបំផុត។ ចំពោះរឿង Insidious នេះ អ្នកណាដែលចូលចិត្តរឿងប្រភេទខ្ញុំ ពិតជាមិនខកបំណងទេ តែចំពោះអ្នកមិនចូលចិត្ត… ហិហិ… ក៏ថាមិនត្រូវដែរ។ ដំបូងខ្ញុំស្មានថា រឿងនេះ ជារឿងដែលនិយាយពីផ្ទះ ដែលមានខ្មោចសណ្ឋិត បើទោះជាឃើញ slogan នៅលើប៉ុស្ត័រភាពយន្តដាក់ថា It’s not the house that haunted ក៏ដោយ ក៏នៅនឹកសង្ស័យបន្ថែមទៀតថា… ឬមួយផ្ទះនេះមានខ្មោចលងលើសពីការរំពឹងទុករបស់ខ្ញុំ?
លុះបានមើលជិតដល់ពាក់កណ្តាលរឿង ទើបដឹងថាសាច់រឿងនិយាយពីការចង់គ្រប់គ្រងរាងកាយរបស់កុមារម្នាក់ពីពួកខ្មោច ដែលមកដល់ចំណុចនេះ អ្នកដឹកនាំរឿង បានធ្វើឲ្យអ្នកមើលកាន់តែចង់តាមដានសាច់រឿងបន្តទៀត។ ចំពោះខ្ញុំផ្ទាល់មិនសូវជាខ្លាចកុនខ្មោចប្រភេទនេះប៉ុន្មានទេ ព្រោះខ្លួនឯងជាអ្នកនិពន្ធរឿងខ្មោចស្រាប់(ខ្មោចប៉ះខ្មោច
ហិហិ..) ទើបអាចទាយសាច់រឿងដឹងមុន ថាខ្មោចនឹងចេញមកនៅពេលណា។ ប៉ុន្តែនៅក្នុង Insidious នេះ ទោះបីជាទាយត្រូវ តែខ្មោចដែលចេញមកគឺបែប Shot ត Shot ដូចយករូបភាពមកត្រួតលើគ្នា ធ្វើឲ្យប្លែកភ្នែកប្លែកអារម្មណ៍ និងជួយបន្ថែមភាពភ័យរន្ធត់ដល់សាច់រឿងបានយ៉ាងចាស់ដៃ។
ចំណែកនៅឈុតចុងក្រោយ រឿងបាននិយាយពីការដកវិញ្ញាណ ដើម្បីទៅជួយកុមារតូចដែលព្រលឹងបានចេញពីខ្លួនបាត់ ដែលមានការបញ្ចប់រឿងពោរពេញដោយភាពងឿងឆ្ងល់ និងធ្វើឲ្យចង់តាមដានបន្តទៀតបើរឿងនេះមានវគ្គបន្ត។ វិធីSurpriseបែបនេះ ខ្ញុំឃើញកុនជប៉ុន និងកុនហូលីវូដចូលចិត្តប្រើខ្លាំងណាស់ ឯខ្ញុំក៏ចូលចិត្តយកមកប្រើនៅក្នុងរឿងខ្មោចរបស់ខ្លួនដែរ។ សរុបមក រឿង Insidious ជារឿងបែបព្រឺរន្ធត់ដ៏ល្អមួយ មើលហើយពិតជាមិនស្តាយលុយទេ។
***ហេតុផល៤យ៉ាង ដែលគួរមើលរឿង Insidious:
១. ព្រោះ Insidious ជាភាពយន្តដែលថតចេញពី រឿងពិត
វីដេអូឃ្លីប អំពីរឿងខ្មោចនៅក្នុងផ្ទះដ៏សែនកាចសាហាវ បានលងបន្លាចប្រជាជនទូទាំងសហរដ្ឋអាមេរិក រហូតអ្នកខ្លះរន្ធត់ទាល់តែគាំងភ្លឹកបាត់ស្មារតី ធ្វើឲ្យផលិតកររឿង SAW និង PARANORMAL ACTIVITY យកមកផលិតជារឿងដ៏គួរឲ្យខ្លាច ដែលឲ្យតែនរណាបានមើល គឺសុទ្ធតែបះរោមព្រឺក្បាលទាំងអស់។
២. Insidious ជារឿងពញាក់អារម្មណ៍ប្រចាំឆ្នាំ២០១១
ភាពយន្តព្រឺរន្ធត់មួយនេះ បានបើកបង្ហាញខ្លួនដោយប្រាក់ចំណូលជាង១៣,៣លានដុល្លារសហរដ្ឋអាមេរិក ហើយកម្រៃធ្លាក់ចុះទាបបំផុតនៅត្រឹម១០សប្តាហ៍ដំបូង រហូតមកដល់បច្ចុប្បន្នបានទទួលប្រាក់ចំណូលដល់ទៅ ៥០លានដុល្លារសហរដ្ឋអាមេរិក ដោយបានយកឈ្នះភាពយន្តប្រភេទតភាគដែលគ្រប់គ្នាគិតថានឹងទទួលបានប្រាក់ចំណូលខ្ពស់ដូចជា Scream 4 ជាដើម។
៣. ព្រោះអ្នកដែលមើលរួចហើយ សុទ្ធតែនិយាយដូចៗគ្នាថា ខ្មោចនៅក្នុង Insidious ចេញមកបែបពេញលក្ខណៈ លងបានទាំងថ្ងៃទាំងយប់ ក្នុងទូ ក្រោមគ្រែ លើពិតាន ឆ្លុះកញ្ចក់ ចោលសំរាម ឬសូម្បីតែដូរផ្ទះក៏នៅតាមមកលងដល់ផ្ទះថ្មីទៀត ហើយការមកដល់លើកនេះ គឺមកទាំងគ្រួសារ និងលងដោយរូបភាពប្លែកៗគួរឲ្យព្រឺឆ្អឹងខ្នង។
៤.បើលោកអ្នកជាមនុស្សស្រលាញ់ក្មេង ខ្ញុំសូមណែនាំឲ្យមើលរឿងនេះ ព្រោះខ្មោចកូនក្មេងនៅក្នុង Insidious ចូលចិត្តលេងបិទពួនខ្លាំងណាស់ លើកៅអីក្បែរខ្លួនអ្នក តាមជ្រុងបន្ទប់ ឬនៅក្នុងទូ។ បើលោកអ្នកជាមនុស្សចូលចិត្តលេង លោកអ្នកនឹងបានឃើញវិធីតាមរកមិត្តភក្តិលេងជាមួយ ដែលនៅផ្ទះជាមួយលោកអ្នកតែមិនធ្លាប់មើលឃើញពីមុនមក ព្រោះអ្នកដែលធ្លាប់មានបទពិសោធជាមួយនឹងរឿងនេះសុទ្ធតែអះអាងដូចៗគ្នាថា វិញ្ញាណមាននៅគ្រប់ទីកន្លែង ហើយនៅក្នុងផ្ទះរបស់លោកអ្នក… ក៏មានដែរ!!!








![Valentine[fore]](http://farm8.staticflickr.com/7156/6651048413_fda1817ea2_m.jpg)
![BF-COVER[fore]](http://farm5.static.flickr.com/4152/5171678714_f6f9c6bbf1_m.jpg)










អត់មានអីគួរអោយខ្លាចផង! មកពីខ្ញុំមើលរឿងហ្នឹងបើកភ្លើងភ្លឺពេកក៏មិនដឹង!
បែបចឹងហើយ ព្រោះរឿងបែបនេះ គេត្រូវចេះជ្រើសរើសបរិយាកាសមើល ដូចជាត្រូវបិទភ្លើងទាំងអស់ ហើយមើលនៅពេលយប់ និងពេលនៅម្នាក់ ឯង។ ជឿថា រន្ធត់មិនចាំបាច់ពញ្ញាក់! ហិហិ
ហេហេហេ តែថាទៅខ្ញុំដូចម្ចាស់ប្លុកនេះដែរ អត់សូវខ្លាចរឿងខ្មោចទេ តែបើរឿងរបៀបពន្លះសាច់ឆៅអីនោះវិញ គឺថាស្រែកចេចចាចពេញផ្ទះ តែម្តង។ ហើយមកដល់ពេលនេះក៏មានតែក្រុមរឿង Hellraiser តែមួយគត់ ដែលខ្ញុំនៅតែមិនហ៊ានមើលអោយពេញភ្នែក ទោះបីជាមើល រាប់សិបដងក៏ដោយ ក៏នៅតែលួចមើលតាមចន្លោះម្រាមដៃដដែល
ចាំហៅក្មេងនេះនាំទៅស្ទូចត្រីនៅមាត់បឹងតែ២នាក់