នៅឆ្នាំ២០០៥ ខ្ញុំបានទៅដេកនៅផ្ទះសំណាក់មួយ ក្នុងខេត្តកំពង់ចាម ដើម្បីត្រៀមប្រលងសិស្សពូកែនៅទីនោះ។ ពេលនោះ មានគូសង្សារមួយគូ ដេកក្នុងបន្ទប់ទល់មុខខ្ញុំឈ្លោះប្រកែកគ្នា ឮសំឡេងស្រែកចេញមកក្រៅ។ តាម្ចាស់ផ្ទះសំណាក់បានគោះទ្វារហៅឲ្យពួកគេចេញមកក្រៅ បើមិនត្រូវរ៉ូវគ្នាទេ កុំមកដេកនៅទីនេះ។ ពេលនោះគូសង្សារទាំងពីរក៏ស្រែកពីក្នុងបន្ទប់មកវិញថា អត់មានរឿងអីទេ ពួកគេគ្រាន់តែប្រឡែងគ្នាប៉ុណ្ណោះ។
…ហើយនេះ គឺជារឿងប្រឌិតមួយ ដែលកើតចេញពីហេតុការណ៍ថ្ងៃនោះ… «សាកសពក្រោមគ្រែ» ក្រោយអានចប់ ជឿថា គ្រប់គ្នានឹងបះសក់!!!
សុក្រឹត គិតថា ការពិតទៅ ខ្លួនឯងគ្មានចេតនាសម្លាប់នាងទេ។
មិនដឹងដែរ! អាចមកពីអារម្មណ៍ខឹងមួយឆាវរបស់គេក៏ថាបាន តែអ្វីដែលប្រាកដនោះគឺ ពេលនេះនាងកំពុងដេកស្តូកស្តឹង ខ្លួនសស្លេក អត់ដកដង្ហើមនៅលើគ្រែពូកចាស់ៗមួយ។
មនុស្សយើងក្រោយពេលស្លាប់ មិនបានបន្សល់ទុកអ្វី ដែលជាសោភ័ណភាពគួរឲ្យត្រេកត្រអាលសោះ។ ពីនារីស្បែកសរលោង បបូរមាត់ក្រហមប្រឿងៗ ត្រឡប់ក្លាយជាសាកសពរឹងកំព្រឹស ភ្នែកស្លឺ មាត់ចំហឃើញធ្មេញកខ្វក់ ធ្វើឲ្យស្រមៃឃើញរូបភាពមេរោគកំពុងពពាក់ពពូនគ្នាដណ្តើមខ្ញាំកកេរស៊ីស្បែកដែលមានសភាពស្លេកស្លាំងដូចសត្វជីងចក់។
«ជីវិត» គ្រាន់តែជាខ្សែជ័យឆ្មារៗមួយ ដែលមានគោលដៅចុងក្រោយ គឺសេចក្តីស្លាប់។ សភាវគតិនៃសេចក្តីស្លាប់ វិវឌ្ឍន៍មកពីសេចក្តីឃ្លានពាន និងត្រូវបង្ខាំងទុកដោយក្រមសីលធម៌ ប្រពៃណី និងបទដ្ឋាននៃច្បាប់បញ្ញត្តិ។ នេះជារឿងហួសវិស័យមួយ ដ្បិតមនុស្សនៅមានសេចក្តីស្រេកឃ្លាន ក្នុងការកាប់សម្លាប់គ្នាទៅវិញទៅមក ព្រោះទំនោរនៃការបំផ្លិចបំផ្លាញគ្នា បានចាក់ឫសចូលជ្រៅទៅក្នុងសរីរាង្គរបស់មនុស្សទៅហើយ។ នៅពេលដល់ចំណុចកំណត់ណាមួយ មនុស្សនឹងស្រេកឃ្លានការកាប់សម្លាប់គ្នាវិញ។
សម្លាប់សូម្បីតែខ្លួនឯង!
សំឡេងមនុស្សគោះទ្វារ។ បុរសរាងស្គម ភ្ញាក់ព្រើត។ រឿងដំបូង ដែលគេនឹកដល់ គឺ ប៉ូលីស។ អ្នកស្នាក់នៅបន្ទប់ជិតខាង ប្រហែលជាបានឮសំឡេងឈ្លោះគ្នា ហើយលួចមើលឃើញគេយកខ្នើយខ្ទប់ច្រមុះ ដាវីន។ ជញ្ជាំងបន្ទប់សណ្ឋាគារនៅតាមខេត្តចាស់ និងមានរន្ធប្រហោងច្រើនអាចលួចមើលបាន។
គេក្រឡេកទៅមើលសាកសពនៅលើគ្រែ។ បើប៉ូលីសនៅមុខបន្ទប់… ប្រាកដណាស់! គុកគឺជាកន្លែងស្នាក់នៅបណ្តោះអាសន្ន មុននឹងមានការជំនុំជម្រះក្តី។
«តុលាការ បានពិចារណារួចហើយឃើញថា ជនល្មើសបានធ្វើឃាតនារីដែលធ្លាប់ជាសង្សាររបស់ខ្លួន ដើម្បីបដិសេធការទទួលខុសត្រូវ លើការមានទម្ងន់ពីរខែរបស់សាកសព ដែលនេះជាអំពើព្រៃផ្សៃហួសវិស័យរបស់មនុស្ស មិនគួរទទួលបានការអភ័យទោសជាដាច់ខាត។ ដូច្នេះជនល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមានឲ្យជាប់ពន្ធនាគារមួយជីវិត…»
សុក្រឹត ឈឺក្បាលខ្ទោកៗ។
សំឡេងគោះទ្វារលាន់ឮម្តងទៀត។ លើកនេះឮខ្លាំងជាងមុន។
គេត្រូវតែធ្វើអ្វីម្យ៉ាង។ មែនហើយ… យ៉ាងហោចណាស់ ក៏មិនត្រូវឲ្យប៉ូលីសឃើញសាកសពនៅពេលនេះដែរ។ ធ្វើចិត្តឲ្យត្រជាក់ៗ… យកសាកសពទៅលាក់ទុកសិន។ មែនហើយ… មែនហើយ យកសាកសពទៅលាក់សិន ហើយរៀបចំកន្លែងដេកឲ្យស្រួល រួចសឹមបើកទ្វារឲ្យប៉ូលីសចូលមក ពន្យល់ប្រាប់ថា គ្មានរឿងអ្វីកើតឡើងទេ ប្រហែលជាសំឡេងបើកទូរទស្សន៍ខ្លាំងពេក ធ្វើឲ្យអ្នកដេកនៅបន្ទប់ក្បែរនេះយល់ច្រឡំ សុំទោសផង ពេលនេះបន្ថយសំឡេងហើយ សន្យាថា មិនធ្វើទៀតទេ ខ្ញុំសន្យា។
ពិតមែនណ៎ា… ខ្ញុំសន្យាថា មិនសម្លាប់នរណាទៀតទេ!
ព្រះអើយ! កុំភ្លាត់មាត់និយាយចេញមើល៍ អាល្ងង់!!!
បុរសរាងស្តើងដោលខ្លួនក្រោកឡើង។ ខ្លួនគេរេទៅមកដូចចង់ដួល អស់កម្លាំងពីក្នុងខ្លួនរលីង មុខស្លក់គ្មានឈាមមួយតំណក់។ ដៃគេញ័រទទ្រើក ពេលលូកទៅកាន់ជើងសាកសព ដែលមានសភាពស្លេកស្លាំង ត្រជាក់ល្អូក ធ្វើឲ្យញញើតញញើម រកកលចង់ក្អួតម្តងៗ។ ភាពតានតឹង បានសម្រុកចូលមកញាំញីគេ ឲ្យចំកោងខ្នងក្អួតចង្អោរ ច្រាលខ្យល់ចេញពីពោះវ៉កៗ។ សុក្រឹតប្រឹងអត់ដង្ហើម ប្រើដៃទាំងពីរចាប់ជើងសាកសព អូសមកខាងចុងគ្រែទាញដោយទាំងកម្រាលពូករបូតជ្រុះមកជាមួយ។
អាល្ងង់! ម៉េចមិនបីទៅ បើអូស កន្លែងដេកនឹងខ្ញុកខ្ញូវ ហើយប៉ូលីសនឹងសង្ស័យ។
បីសាកសពខ្មោចឬ? គ្មានផ្លូវទេ ស្លាប់វិញល្អជាង!!!
សំឡេងគោះទ្វារលាន់គ្រាំងៗម្តងទៀត។
«មាននរណានៅទេ? សូមបើកទ្វារផង!»
សុក្រឹតអត់ដង្ហើម កន្ត្រាក់សាកសពដែលធ្លាប់ជាគូស្នេហ៍មួយទំហឹង ធ្វើឲ្យរាងកាយរបស់នាងធ្លាក់ខ្ពាកទៅលើឥដ្ឋលាន់គ្រាំង។ កែវភ្នែករបស់សាកសពបើកក្រឡើត ដូចកំពុងសម្លឹងមើលសកម្មភាពរបស់អតីតសង្សារ។ សុក្រឹតព្រឺរោមខ្ញាកៗ ប្រញាប់ធាក់រាងកាយរបស់នាងចូលទៅក្រោមគ្រែ។
«សូមបើកទ្វារឥឡូវនេះ បើមិនដូច្នោះ ខ្ញុំនឹងចាក់សោចូលទៅហើយ!»
ជាយសំពត់នៅលៀនស្តឹលចេញមកក្រៅ។
«ចាំមួយភ្លែត កំពុងទៅបើកហើយ!» គេប្រញាប់យកជើងឆ្កឹះជាយសំពត់ ចូលទៅ ក្នុង។ ពេលនេះ គ្មានពេលរៀបចំកន្លែងដេកទៀតទេ។
សុក្រឹតរត់សំដៅទ្វារ ងាកមកក្រោយមើលភាពរៀបរយម្តងទៀត។
ឱ! ព្រះអើយ… ប្រហែលជាគេធាក់ខ្លាំងពេក ទើបធ្វើឲ្យជើងស្លេកស្លាំងម្ខាងរបស់សាកសព លេចហួសមកក្រៅចំហៀងគ្រែម្ខាងទៀត។
សំឡេងគ្រូកក្រាក ដូចមនុស្សកំពុងរើកូនសោ។ សុក្រឹត កើតគំនិតថ្មីមួយរំពេច។ គេប្រញាប់បិទភ្លើងនៅក្នុងបន្ទប់យ៉ាងរហ័ស ស្រាតខោអាវបោះទៅចុងគ្រែ យកកន្សែងពោះគោមករុំខ្លួន ដកដង្ហើមចូលវែងៗហើយមួលគន្លឹះទ្វារបើកសន្សឹមៗ។ គន្លឹះទ្វារទង់ដែងត្រជាក់ស្រឹបដូចកាន់ដុំទឹកកក។ កំលោះរាងស្តើង ព្យាយាមធ្វើទឹកមុខធម្មតា ខណៈដែលទ្វារចាប់ ផ្តើមចំហយឺតៗ តែក៏មិនអាចបិទបាំងដំណក់ញើសជោកថ្ងាសរបស់គេបាន។
នៅខាងក្រៅ អ្នកបម្រើសណ្ឋាគារមាឌធំ ឫកពារទំនងជាមនុស្សរួសរាយ ឈរកាន់ចង្កោមសោគ្រវីទៅមក។ គេសម្លឹងមកសុក្រឹតយ៉ាងពិនិត្យពិច័យ។
«សុំទោសបង កំពុងធ្វើអីហ្នឹង ដូចជាមានធុំក្លិនស្អុយៗនៅក្នុងបន្ទប់?»
«គឺ…» សុក្រឹតញ័រជើង ស្ងួតក ខះសំឡេងនិយាយមិនចេញ។ អ្នកបម្រើសម្លឹងឃើញភ្ញៀវស្លៀកកន្សែងពោះគោតែមួយចង្កេះ ក៏ញញឹមយ៉ាងមានកំណួច។
«ហ៊ែម… ខ្ញុំមិនគួរមករំខានពេលវេលា ដ៏មានសេចក្តីសុខរបស់បងសោះ! គឺមានភ្ញៀវនៅបន្ទប់ក្បែរនេះ ទូរស័ព្ទទៅប្រាប់ថា ឮសំឡេងដូចមនុស្សឈ្លោះគ្នា ហើយក៏បាត់មាត់បាត់កឈឹង។ លោកមេការខ្លាចមានរឿងមិនស្រួល ក៏ឲ្យខ្ញុំឡើងមកមើល។»
«អឺ…» សុក្រឹតនិយាយរអាក់រអួល។
«បើវាបញ្ចប់ដោយ សេចក្តីសុខស្រួលទៅហើយក៏ល្អ តែកុំឲ្យបាក់កម្លាំងខ្លាំងពេក! មើលចុះ ដៃញ័រមិនទាន់បាត់ផង សំឡេងក៏ស្ងួតអស់ទៀត… ប្រឹងពេកប្រយ័ត្នស្លាប់លើបង្គង នាំឲ្យពិបាកដល់គេឯងណ៎ា!»
សុក្រឹតដេកយកដៃគងថ្ងាសនៅលើគ្រែ ដោយមានសាកសពនារីអាយុ២៤ឆ្នាំ ដេកចំហមាត់ បើកភ្នែកក្រឡើត នៅខាងក្រោមនោះ។ មុខរបស់នាងដែលមានពណ៌ស្វាយ ព្រោះអត់ខ្យល់ដកដង្ហើម ពេលនេះបានក្លាយជាពណ៌ខៀវស្លាំងទៅហើយ។
តើគេគួរធ្វើដូចម្តេច? សុក្រឹតទទួលអារម្មណ៍រងាយ៉ាងចម្លែក រហូតត្រូវទាញភួយយកមកដណ្តប់ ហើយប្រះខ្លួនដេកអង្កុញជើង យកដៃឱបជង្គង់។
នៅពេលភាពជឿជាក់ចាប់ផ្តើមត្រឡប់មកវិញ គេក៏គិតឃើញថា គ្មានប្រយោជន៍អ្វីដែលត្រូវមកដេកស្រណោះស្រណោកនោះទេ គ្មានអ្វីប្រសើរឡើងវិញឡើយ ដែលត្រូវមកបន្ទោសខ្លួនឯង។ អ្វីដែលត្រូវធ្វើនៅពេលនេះ គឺត្រូវរកមធ្យោបាយយករួចខ្លួនឲ្យបាន។
រត់គេចឬ? តើអាចរត់បានឆ្ងាយប៉ុណ្ណា? សុក្រឹតមិនមែនជាបក្សពួកបងធំឯណា គេគ្រាន់តែជាបុគ្គលិកកាស៊ីណូនៅជាយដែនធម្មតាៗម្នាក់
ដែលធ្វើអ្វីឆ្កួតៗឲ្យមនុស្សស្រីប្រុសច្រើនម្នាក់នេះ ចាប់ខ្លួនបាន។ គេមិនធ្លាប់ធ្វើការពាក់ព័ន្ធនឹងរឿងខុសច្បាប់។ មិនដឹងខ្លួនទាល់តែសោះថា គេសម្លាប់ដាវិនបានយ៉ាងដូចម្តេច? ប្រហែលមកពីកំហឹងមួយឆាបដែលនាងមិនព្រមយកកូនចេញ ហើយព្យាយាមចងជើងគេដោយការទទួលខុសត្រូវ ថែមទាំងស្រែកជំទាលឡូឡាដូចពួកស្រីរកស៊ី។ គេគ្រាន់តែយកខ្នើយខ្ទប់មាត់ ដើម្បីឲ្យនាងឈប់ ស្រែក។ អារម្មណ៍ខឹងមួយឆាវប៉ុណ្ណោះ ធ្វើឲ្យដៃទាំងពីររបស់គេនៅសង្កត់ខ្នើយជាប់ ទោះបីជាលែងឮសំឡេងស្រែកហើយក៏ដោយ។
ណ្ហើយចុះ! លែងសំខាន់ទៀតហើយ អ្វីដែលត្រូវគិតនៅពេលនេះគឺត្រូវរត់ទៅណា? រកស៊ីអ្វី? បើត្រឡប់ទៅផ្ទះ ប៉ូលីសច្បាស់ជារកខ្លួនឃើញមិនខាន ឬមួយឡើងទៅភ្នំពេញ?មិនខុសពីរត់ចូលរូងខ្លាទេ!
សុក្រឹតទទួលអារម្មណ៍ងងឹតស្លុប អនាគតងងឹតសូន្យឈឹង។ អារម្មណ៍នៅពេលនេះប្រៀបដូចកំពុងរមៀលធ្លាក់ ពីលើជម្រាលភ្នំដ៏សែនខ្ពស់ ដៃទាំងពីរស្រវាចាប់បានតែខ្យល់អាកាស។
គេពិតជារត់គេចមិនផុតទេ ដាក់ពាក្យចូលធ្វើការនៅកន្លែងណា ក៏សុទ្ធតែមានសេចក្តីប្រកាសចាប់ខ្លួនឃាតករគ្រប់កន្លែង ឯកាសែតក៏មានចុះផ្សាយព្រោងព្រាត។ មានផ្លូវតែមួយគឺក្លាយជាជនអនាថា ដើរពនេចរ គ្មានឈ្មោះ គ្មានទីអាស្រ័យ រត់គេចរឿងក្តីរហូតដល់ ២០ឆ្នាំទម្រាំតែអស់អាយុតាមចាប់។
ឬរត់ចូលប្រទេសថៃ ប្រទេសតែមួយដែលលុយក្នុងហោប៉ៅរបស់គេ អាចនាំទៅបានក្នុងពេលនេះ?
អត់ទេ វាគួរតែមានផ្លូវផ្សេងដែលល្អជាងនេះ។
យកនាងទៅកប់កន្លែងណាមួយ កុំឲ្យនរណារកសាកសពនាងឃើញ បើប៉ូលីសរកសពមិនឃើញ ក៏មិនអាចយកទោសគេតាមច្បាប់បានដែរ ព្រោះគ្មានភស្តុតាងថានាងបានស្លាប់ទៅហើយ។ តែ… តើយកសាកសពនាងទៅកប់ដោយរបៀបណា? យកកម្រាលពូករុំហើយលីចេញទៅទាំងបែបនេះ?
គ្មានផ្លូវទេ។
ឬរង់ចាំឲ្យយប់ជ្រៅជាងនេះ?
សុក្រឹតអង្គុយគិតទាល់តែឈឺក្បាល ហើយដូចជាធុំក្លិនស្អុយអ្វី ភាយចេញពីក្រោមគ្រែ។ មនុស្សយើងពេលស្លាប់ ស្អុយលឿនណាស់។ មិនដឹងយូរប៉ុណ្ណាទៀត ខ្មោចនាងនឹងហើម។ បើហើម ពោះច្បាស់ជាប៉ោងស្ពីងរហូតទល់ហើបគ្រែមិនខាន។ មនុស្សដែលស្លាប់ហើយ ស្មោកគ្រោកដូចតែគ្នា មិនថាពេលនៅរស់ស្អាត ឬមិនស្អាតទេ។
ធ្វើយ៉ាងណាល្អៗ? ក្នុងខួរក្បាលមានតែសំណួរដដែលៗ។ រង់ចាំឲ្យយប់បន្តិច សឹមអូសសាកសពចេញទៅក៏មិនបាន ព្រោះត្រូវឆ្លងកាត់កន្លែងទទួលភ្ញៀវ។ ឬមួយលួចចេញតាមជណ្តើរគេចអគ្គិសភ័យ?
មែនហើយ! ជណ្តើរគេចពីអគ្គិសភ័យ។ សុក្រឹតក្រោកឡើងអង្គុយ ហើយសញ្ជឹងគិត។ យកសពចុះតាមជណ្តើរគេចអគ្គិសភ័យ ចេញតាមទ្វារចំហៀង រួចយកសាកសពទៅទម្លាក់ចោលក្បែរគំនរសំរាម ហើយចាំត្រឡប់មកគិតលុយចេញពីសណ្ឋាគារ។ បន្ទាប់មកទៅរកខ្ចីរថយន្តមិត្តភក្តិមកដឹកសាកសពយកទៅកប់នៅកន្លែងណាមួយ។
គេក្រោកឡើងស្លៀកពាក់ ទទួលអារម្មណ៍ស្រាលខ្លួនស្ងើក ដូចទើបតែយកដុំថ្មចេញពីលើទ្រូង។ កំលោះទាញកូនសោបន្ទប់ដើរចេញទៅក្រៅ ក្នុងចិត្តនឹកអរភ្ញោចៗ ព្រោះរកឃើញផ្លូវរួចខ្លួនបានលឹមៗហើយ។
នុ៎ះអី! ស្លាកពណ៌ក្រហម សញ្ញាសម្គាល់ជណ្តើរគេចអគ្គិសភ័យនៅខាងឆ្វេងដៃ។ ផ្លូវដើរស្ងាត់គ្មានមនុស្សម្នាក់។ សុក្រឹតដើរពាក់កណ្តាលរត់ សសៀរតាមផ្លូវលបៗ ទៅបើកទ្វារតូចចេញ។ ជណ្តើរដែកនៅចំហៀងអគារ សណ្តូកយ៉ាងវែងចុះទៅជាន់ក្រោម។ គេរត់គ្រូមៗចុះទៅក្រោម បេះដូងលោតតឹកតាក់ៗញាប់រន្ថើន មិនដឹងថាជណ្តើរនេះ អាចនាំចេញទៅក្រៅអគារបានឬក៏អត់ទេ?
ចម្លើយគឺ… មិន! នៅជាន់ក្រោមបំផុតគឺបន្ទប់តូចមួយ ដែលមានទ្វារបើកចំហទៅដល់កន្លែងទទួលភ្ញៀវ។ វាគួរតែបែបនេះស្រាប់ហើយ ព្រោះបើមិនដូច្នោះ ភ្ញៀវនឹងនាំគ្នាលួចចេញតាមជណ្តើរនេះអស់មិនខាន។
សុក្រឹតផ្លោះជណ្តើរឡើងមកវិញ ដោយក្តីអស់សង្ឃឹម មិនហ៊ានដើរកាត់តុទទួលភ្ញៀវទៅឡើងជណ្តើរយន្ត។ ពេលបើកទ្វារបន្ទប់ចូលទៅ ក្លិនស្អុយឆួល ក៏ជះមកប៉ះច្រមុះគេ។ ហេតុអ្វីសាកសពនេះស្អុយលឿនម្ល៉េះ? នាងស្លាប់មិនដល់មួយម៉ោងផង!
សុក្រឹត ដើរចុះដើរឡើងក្នុងបន្ទប់ងងឹត។ ខួរក្បាល ធ្វើការធ្ងន់ខុសពីធម្មតា។ ទោះយ៉ាងណា គេត្រូវតែបំផ្លាញសាកសពនោះ ទើបមានផ្លូវអាចរួចខ្លួនបាន។
ដុតឬ? កាសែតធ្លាប់ចុះពីរឿងឃាតកម្ម ដែលសម្លាប់ហើយដុតកម្ទេចចោល។ តែនៅទីនេះ គេមិនអាចធ្វើបានទេ ព្រោះបើគេធ្វើ មិនត្រឹមតែមានទោសសម្លាប់មនុស្សទេ គឺអាចត្រូវចោទប្រកាន់ពីបទលួចដុតសណ្ឋាគារទៀត។
ធ្វើយ៉ាងម៉េចល្អៗ ក្បាលជិតផ្ទុះហើយ!!
សុក្រឹតដាក់ខ្លួនអង្គុយចុះក្បែរគែមគ្រែ ក្លិនស្អុយឆួលភាយចេញពីក្រោមគ្រែ។ គេត្រូវតែធ្វើអ្វីម្យ៉ាងឲ្យលឿនបំផុត។
យកសាកសពដាក់ក្នុងអាងទឹក ហើយយកទឹកអាស៊ីតស្រោចពីលើល្អទេ? មិនកើតទេ បែបនេះមានតែក្នុងប្រលោមលោកស៊ើបអង្កេតប៉ុណ្ណោះ ម្យ៉ាងត្រូវប្រើទឹកអាស៊ីតពេញអាង ហើយនៅមិនដឹងថា បានផលពិតមែន ឬក៏អត់ផង។
កាប់ចិញ្ច្រាំ… ពាក្យនេះផុសឡើងក្នុងខួរក្បាល។ គ្រាន់តែគិតក៏ធ្វើឲ្យសុក្រឹតច្រាលខ្យល់ក្នុងបំពង់ក រកកលក្អួតចេញមកទៅហើយ។ គេធ្លាប់មើលកុនហូលីវូដរឿងឃាតកររោគចិត្ត ដែលហាន់ពន្លះសាកសពជាចម្រៀកៗ ហើយខ្ចប់ញាត់ក្នុងថង់ខ្មៅ។ តែនោះគឺពួកសរសៃប្រសាទ ឯគេមិនមែនទេ!
តែ… ក្រែងនេះជាផ្លូវរួចខ្លួនតែមួយឬ? គេគ្មានបំណងប្រាថ្នាចង់ធ្វើទេ តែគេត្រូវតែធ្វើ!
សូមរង់ចាំអានវគ្គបញ្ចប់!



![Valentine[fore]](http://farm8.staticflickr.com/7156/6651048413_fda1817ea2_m.jpg)
![BF-COVER[fore]](http://farm5.static.flickr.com/4152/5171678714_f6f9c6bbf1_m.jpg)










OHH សំលាប់មនុស្សយ៉ាប់ម៉េះ!
ហាហា សមមុខសុក្រិតហើយ មនុស្សអាក្រក់…
រឿងនេះសរសេរបានល្អណាស់
មិនស្មុគស្មាញ ហើយញុំចង់ចូលតួរសំលាប់គេដែរហើយបង
អានហើយមានអារម្មណ៏ថាហត់ជំនួសសុក្រិត។
ញ៉មគិតថាវគ្គបន្តប្រហែលជាតួប្រុសចិត្តអាក្រក់នោះកាត់មិត្តស្រីគាត់ជាកង់ៗហើយកប់នៅក្រោមគ្រេមែនទេ?គួឲខ្លាចមែន!!តែក៏អាណិតគាត់ដែរព្រោះគាត់មិនមែនបំណងសំលាប់នាងទេ!!វាជាគ្រោះថ្នាក់ដោយចៃដន្យតែប៉ុណ្ណោះ!!
សួស្ដីប្អូន ខានចូលមកលេងយូរស្មានថាឈប់សរសេរប្លក់ទៀតហើយ បងបានផ្អាកវេបសាយឈ្មោះ khmerbotra.com ដោយឈ្មោះវែងពេក សព្វថ្ងៃបានបង្កើតវេបសាយថ្មីមួយទៀតឈ្មោះ http://www.forkh.com
និយាយអញ្ចឹងប្អូនសុខសប្បាយជាទេ?
សុខសប្បាយណាស់ បងប្រុស! អរគុណ ខ្ញុំនឹងភ្ជាប់ទៅ លីង បងឥឡូវនេះ។
បងស៊ីណេត!!
ម៉េចក៏លើកលែងអោយមនុស្សប្រុសនឹងបែបនេះទៅវិញ?
គ្មានបំណងធ្វើអោយគេមានផ្ទៃពោះ?
គ្មានបំណងទទួលខុសត្រូវ?
ហាហា តិចទៀតខ្មោចនាងនោះ មករកហើយ ចាំមើលទៅ!!
នែ!!Tata បងថាស្រគ្រិតគួឲអាណិតពិតមែនតែមិនមែនបាននយ័ថាបងនឹងលើលែងទោសឲគេឯណា!!
មនុស្សប្រុសធ្វើឲគេមានពោះពង្សហើយមិនទទួលខុសត្រូវទោះបីបងស្លាប់ជាខ្មោចក៏បងមិនលើកលែង
ឲដែរហិហិហិ។
ហ៊ើយ!!!!!! មនុស្សប្រុសនេះពិតជាអាក្រក់មែនតែម្តង ចេះធ្វើតែមិនចេះទទួលហើយថែមទាំងសម្លាប់មនុស្សទៀត។ យ៉ាប់ណាស់ នេះបើខ្លួនឯងជាអ្នកពរពោះវិញច្បាស់ជាមិនហានដល់ថ្នាក់នេះហេ។
អាគិគិតែយ៉ាងណាជក់ចិត្តដែរតើ ចាំអានបន្តទៀត ពេលណាបានមានវគ្គបន្ត?
ហេហេ
ត្រូវហើយបងស៊ីណាត
ស្អប់ណាស់មនុស្សប្រុសបែបនឹង