សុក្រឹត បិទភ្នែកស្រមៃឃើញរូបភាពខ្លួនឯងកាន់កាំបិត កាប់ចិញ្ច្រាំសាកសពដាវីនចេញពីគ្នាជាដុំៗ ក្បាលខ្ទាតទៅម្ខាង ពោះវៀនពោះតាំងធ្លាយចេញមកគរលើឥដ្ឋ ចោលក្លិនឆ្អាបឈាមស្អុយគគ្រុក គេត្រូវតែចិញ្ច្រាំ… ចិញ្ច្រាំ… ចិញ្ច្រាំ… កាត់កដៃ ម្រាមដៃជាកង់តូចៗ យកដាក់ក្នុងថង់ ហើយដឹកជញ្ជូនចេញទៅ។
សុក្រឹតរមូលពោះវៀន ហើយក្អួតវ៉កៗចេញមកទៀត។ ក្នុងបំពង់កមានតែជាតិជូរនិងល្វីងឡើងណែនច្រាល រហូតដាំក្បាលធ្លាក់ពីលើគ្រែ ប្រញាប់ប្រវេប្រវាឡើងអង្គុយ អស់កម្លាំងកំហែងរលីង។
ទេ… ខ្ញុំធ្វើមិនបានទេ វាសាហាវព្រៃផ្សែពេកហើយ។
នោះមិនមែនជាទង្វើរបស់មនុស្សទេ។
ត្រូវតែធ្វើបាន នោះជាមធ្យោបាយតែមួយដែលនៅសល់។ ដាវីនស្លាប់ទៅហើយ នាងគ្មានការឈឺចាប់អ្វីទាំងអស់ ទោះបីជាឯងធ្វើយ៉ាងណា ជាមួយសាកសពនោះក៏ដោយ។ ក្រោកឡើង… ទៅទិញកាំបិតប៉័ងតោធំៗ និងកូនកាំបិតមុតៗមកផង។
សតិសម្បជញ្ញៈនៃការយករួចខ្លួន និងបទដ្ឋានសង្គម កំពុងប្រឆាំងគ្នាយ៉ាងខ្លាំងក្លា។
សុក្រឹតបិទភ្នែកនៅស្ងាត់ស្ងៀម តំណក់ទឹកក្តៅឧណ្ហៗ ស្រក់ចេញពីកែវភ្នែកទាំងសងខាង។ ណ្ហើយចុះ បណ្តោយឲ្យប៉ូលីសមកចាប់ញាត់គុក ឬបាញ់សម្លាប់តាមតែកម្មពៀរចុះ ព្រោះគេធ្វើមិនបានពិតមែន។
កំលោះខ្សឹកខ្សួលគ្មានសំឡេង ព្រមចុះចាញ់ចំពោះព្រេងវាសនា។
តែ… វាខ្សឹបក្បែរត្រចៀក។
កុំប្រញាប់ចុះចាញ់អី ឯងនៅមានផ្លូវដើរទៀត។ សាកបង្វែងដានឃាតកម្មទៅ! បើទុកសាកសពចោលបែបនេះ ពេទ្យពិតជាពិនិត្យឃើញថា នាងត្រូវគេខ្ទប់ច្រមុះសម្លាប់មិនខាន។
ហេតុអ្វី មិនគ្រវែងសាកសពចុះទៅក្រោម ហើយប្រាប់គេឯងថា នាងលោតចុះទៅ ដោយខ្លួនឯង? ប៉ូលីសច្បាស់ជាមិនសង្ស័យទេ។ ប្រឌិតរឿងឲ្យដូចការពិតបន្តិចរបួសផ្សេងៗទៀតក៏គ្មាន ឯងប្រហែលជាអាចរួចខ្លួន។
មែនហើយ! សុក្រឹតភ្លឺភ្នែកច្បាស់ទែង។ គេដោលខ្លួនក្រោកចេញពីគ្រែ ហេតុអ្វីយើងល្ងង់បែបនេះ? គ្រវែងចុះតែម្តងទៅ កម្ពស់របស់សណ្ឋាគារប្រាំបីជាន់ ប្រហែលជាជួយឲ្យរាងកាយរបស់នាងខ្ទេចខ្ទី រហូតគ្មានពេទ្យឯណាចង់ពិសោធមើល ឬពិនិត្យដែរតែមិនជ្រាបសាហេតុពិតប្រាកដ។ ស្លាបអគារផ្នែកនេះ ក៏ជាទីធ្លាចតយានយន្ត មិនសូវមានមនុស្ស។ លុះទម្លាក់សាកសពរួច ក៏ធ្វើជាមកដេកលក់ ក្លែងជាមិនដឹងថា នាងលោតចុះតាំងពីថ្មើរណា។
សុក្រឹតនឹកអរភ្ញោចៗ ស្ទើរហើបជើងផុតពីដី។ ផ្លូវរួចខ្លួនជួយដាស់សេចក្តីសង្ឃឹម និងភាពស្វាហាប់របស់គេឲ្យត្រឡប់មកវិញ។ គេរត់សំដៅទៅបង្អួចកញ្ចក់ ប្រើក្រដាសអនាម័យទ្រាប់ផ្ទៃកញ្ចក់ រុញទៅម្ខាងឲ្យបើកចំហធំតាមដែលអាចធ្វើបាន ដោយមិនឲ្យមានស្នាមក្រយៅដៃជាប់នឹងកញ្ចក់ដាច់ខាត។
ខ្យល់ត្រជាក់ពីខាងក្រៅបក់វូចូលមក។ ខ្យល់បរិសុទ្ធ ចូលមកជំនួសក្លិនស្អុយឆួលនៅក្នុងបន្ទប់។ សុក្រឹត ឈ្ងោកមុខមើលទៅក្រោម។ ទីធ្លាចាក់បេតុងធំទូលាយ និងងងឹតគ្មានមនុស្សម្នាក់។ ប៉មអ្នកយាមនៅឆ្ងាយពីនេះជិតមួយរយម៉ែត្រ ជឿថា សំឡេងសាកសពធ្លាក់ផ្ទប់ដី គង់មិនឮដល់ទេ។
សំណាងល្អដែលសុក្រឹតមិនបានបើកភ្លើង បើមិនដូច្នោះ ពេលអ្នកយាមក្រឡេកមកលើ ពិតជាអាចមើលឃើញគេជាអ្នកបើកបង្អួចមិនខាន។
នៅពេលពិនិត្យមើលរហូតច្បាស់ក្នុងចិត្តហើយ សុក្រឹតក៏ថយមករម្លឹករឿងរ៉ាវសាជាថ្មី។ គេនឹងប្រឌិតរឿងថា មានទាស់សម្តីគ្នាបន្តិចបន្តួចរឿងប្រចែប្រចណ្ឌ អ្នកនៅបន្ទប់ជិតខាងអាចជួយធ្វើជាសាក្សីបាន។ ក្រោយមក គេក៏និយាយលួងលោមរហូតបានយល់ចិត្តគ្នា ហើយក៏មានសេចក្តីសុខជាមួយគ្នា ដែលត្រង់នេះអ្នកបម្រើសណ្ឋាគារ អាចជួយធ្វើជាសាក្សីបាន។ បន្ទាប់ពីនោះគេក៏អស់កម្លាំងលង់លក់ទៅ ឯខាងស្រីប្រហែលជាគិតច្រើនពេក ក៏លួចបើកបង្អួចលោតសម្លាប់ខ្លួន។
អាចប្រើការបាន មានហេតុមានផល មានទាំងសាក្សីទៀត!
រឿងចុងក្រោយគឺ គ្រវែងនាងចុះទៅ! សាកសពគ្មានអារម្មណ៍ឈឺចាប់ ក្តៅត្រជាក់អីទាំងអស់ មនុស្សឯណេះតើ ដែលត្រូវនៅរងទុក្ខវេទនាយូរសែនយូរទៀត។
សុក្រឹត ដើរត្រឡប់ទៅកាន់គ្រែ។ ក្នុងបន្ទប់ងងឹតឈឹង តែមិនមែនជារឿងពិបាកទេ បើគ្រាន់តែលូកដៃចូលទៅក្រោមគ្រែ។
គេចាប់ប៉ះក្បាលត្រជាក់ស្រឹប និងសក់រឹងក្តាំង។ ណ្ហើយ! កុំទៅខ្វល់អី មនុស្សស្លាប់ហើយ ចាប់ត្រង់ណាក៏ដូចតែគ្នា មិនបាច់យកចិត្តទុកដាក់ពេកទេ។ សុក្រឹតយកម្រាមដៃច្បាមក្បាល អូសខ្លួនសាកសពរឹងកំព្រឹសសំដៅទៅមាត់បង្អួច។ ក្លិនស្អុយជះឆួលកាន់តែខ្លាំង ស្របពេលដែលសាកសពអូសចេញផុតពីក្រោមគ្រែ។ កំលោះគ្រញែងខ្លួន ញញើតញញើម ព្រឺសម្បុរខ្ញាកៗ នៅពេលប៉ះត្រូវសាច់ប៉ោងៗត្រជាក់ល្អូកដូចជក់ខ្យល់។
សុក្រឹតអត់ដង្ហើមរាប់ មួយ ពីរ បី បិទភ្នែកបិទត្រចៀក ទម្លាក់រាងកាយដែលគ្មានវិញ្ញាណចុះតាមបង្អួច។ សាកសព រសាត់ធ្លាក់ទៅលើទីធ្លាបេតុង ដែលគ្មានមនុស្សណាម្នាក់នៅទីនោះ។ សំឡេងធ្លាក់ក្ឌុកលាន់ពីក្រោមមកលើ ហើយគ្រប់យ៉ាងក៏ត្រឡប់មកក្នុងសភាពស្ងាត់ជ្រងំម្តងទៀត។ ក្លិនស្អុយនៅក្នុងបន្ទប់សាបរលាបបាត់បន្តិចម្តងៗ។ ខ្យល់ត្រជាក់ពីខាងក្រៅនៅតែបក់រសៀកចូលមក។ គេគ្មានបំណងនឹងបិទបង្អួចនេះទេ ព្រោះអាចក្លាយជាពិរុទ្ធឲ្យប៉ូលីសចាប់ថ្នាក់បាន។ មនុស្សដែលលោតសម្លាប់ខ្លួនទៅហើយ តើអាចត្រឡប់មកបិទបង្អួចវិញយ៉ាងម៉េចកើត? គេគិតបានហ្មត់ចត់ខ្លាំងណាស់។
សុក្រឹត ប្រះខ្លួនបិទភ្នែកដេក មានអារម្មណ៍ល្អឡើងវិញ យ៉ាងណាវាក៏ជាផ្លូវរួចខ្លួនមួយដែលមើលឃើញពីចម្ងាយស្រាប់ទៅហើយ សុំតែគ្រប់គ្រងអារម្មណ៍ឲ្យល្អ សម្តែងល្ខោនឲ្យដូចការពិត។ នៅពេលមានមនុស្សឃើញសាកសព នោះគឺជាពេលកំណត់ជោគវាសនារបស់គេ។
បន្ទាប់ពីនោះជិតមួយម៉ោង សុក្រឹតក៏ឮសំឡេងអ៊ូអែល្វើយៗពីខាងក្រោម។ ប្រហែលជាមានមនុស្សឃើញសាកសពហើយ! មួយសន្ទុះ ក៏
មានសំឡេងឡានពេទ្យ លាន់មកពីចម្ងាយ អាចនឹងមានប៉ូលីសតាមមកជាមួយផង។ គេមិនហ៊ានក្រោកទៅមើលទេ។
មិនដល់ដប់នាទី សំឡេងស្បែកជើងយ៉ាងតិចបួនគូ ដើរជាចង្វាក់ញាប់រន្ថើនចេញពីជណ្តើរយន្តមកឈប់នៅមុខបន្ទប់គេ។
«នេះគឺភ្នាក់ងារប៉ូលីស សូមបើកទ្វារជាបន្ទាន់!»
សុក្រឹតរង់ចាំឲ្យប៉ូលីសហៅជាលើកទីពីរ ទើបព្រមឆ្លើយតប។ គេធ្វើជាក្រោកមមីមមើទៅបើកទ្វារ ហើយបើកភ្លើងក្នុងបន្ទប់ ដើម្បីបង្ហាញភាពស្អាតស្អំ។ ប៉ូលីសបួននាក់ និងអ្នកបម្រើសណ្ឋាគារមាឌធំម្នាក់ឈរធ្វើមុខតានតឹងនៅមុខបន្ទប់។
«មានរឿងអីឬ?» កែវភ្នែកក្រហមជាំព្រោះអត់ងងុយ មើលទៅស័ក្តិសមការពិត។
«ប៉ូលីសបានប្រទះឃើញសាកសពស្ត្រីម្នាក់ ធ្លាក់នៅត្រង់ទីធ្លាចតយានយន្តដែលមានទីតាំងចំនឹងបន្ទប់របស់លោក ហើយឃើញបង្អួចបន្ទប់របស់លោកបើកចំហចោល សន្និដ្ឋានថាមានរឿងឃាតកម្មកើតឡើងនៅក្នុងបន្ទប់នេះ ដូច្នេះសុំលោកជួយសហការផ្តល់ការសាកសួរចម្លើយ និងឲ្យភ្នាក់ងារប៉ូលីសចូលត្រួតពិនិត្យ រកមើលស្លាកស្នាមការធ្វើឃាត នៅក្នុងបន្ទប់នេះផង។»
«ឃាតកម្ម…?» សុក្រឹតវិលក្បាលខ្ញាល់ ដៃញ័រទទ្រើត «មិនមែនទេដឹង សាកសពនោះគឺជាសង្សាររបស់ខ្ញុំផ្ទាល់។ យើងទាស់សម្តីគ្នាបន្តិចបន្តួច។ ប្រហែលជានាងគិតច្រើនពេកក៏លោតសម្លាប់ខ្លួនពេលខ្ញុំដេកលក់ក៏ថាបាន!»
ប៉ូលីសមើលមុខគ្នា «លោកប្រាកដហើយ ថាសង្សាររបស់លោក លោតសម្លាប់ខ្លួនពីលើអគារ?»
«ប្រាកដហើយ ព្រោះមុនពេលខ្ញុំដេកលក់ ខ្ញុំឃើញនាងអង្គុយស្ងៀមស្ងាត់ម្នាក់ឯងក្បែរមាត់បង្អួច នាងប្រហែលជាគិតខ្លី។» សុក្រឹតធ្វើមុខក្រៀមក្រំ សមដូចការពិតឥតខ្ចោះ។
«ប្រហែលមិនមែនទេ រៀនសម្លឹងមើលពិភពលោកក្នុងផ្លូវល្អសិនទៅ នាងប្រហែលជាមិនបានសម្លាប់ខ្លួនក៏ថាបាន។ នាងអាចនឹងខឹងលោកខ្លាំងពេក ហើយលួចរត់ចេញទៅផ្ទះមុនក៏ថាបាន។» សុក្រឹតមិងមាំង ប៉ូលីសនិយាយអីហ្នឹង?
«តែអម្បាញ់មិញ លោកប៉ូលីសប្រាប់ថា បានប្រទះឃើញសាកសពរបស់នាង តើបានន័យថាម៉េចវិញ?»
«អ៎… សាកសពដែលខ្ញុំប្រាប់អម្បាញ់មិញ គឺជាសាកសពរបស់ស្ត្រីចំណាស់ម្នាក់ ដែលស្លាប់រហូតសាកសពចាប់ផ្តើមធុំក្លិនទៅហើយ ដែលសន្និដ្ឋានថា គាត់ប្រហែលជាត្រូវគេសម្លាប់មុននេះមួយថ្ងៃ មុនពេលលោកមកស្នាក់នៅ មានស្នាមរឹតខ្សែជុំវិញកយ៉ាងច្បាស់ ហើយសាកសពប្រហែលជាត្រូវលាក់ទុកនៅកន្លែងណាមួយ ដូចជា ក្រោមគ្រែ ដោយអ្នកដែលមកស្នាក់នៅបន្ទាប់ពីឃាតករមិនដឹងរឿង តែវាជារឿងចម្លែក ដែលមាននរណាម្នាក់លួចទម្លាក់សាកសពនេះតាមបង្អួចបន្ទប់របស់លោកកាលពីមួយម៉ោងមុននេះ។»
សុក្រឹត ទម្លាក់ខ្លួនចុះលើកម្រាលឥដ្ឋ បំពង់កស្ងួតចែសអស់សម្តីតប។
«អេ៎! នោះជាស្អី??» ប៉ូលីសម្នាក់ចង្អុលទៅក្រោមគ្រែ។ មានជើងស្លេកស្លាំងតូចមួយលៀនស្តឹលចេញមកក្រៅគ្រែបន្តិច។
«គឺជាជើងរបស់សង្សារលោកទេដឹង???»
***
ចប់



![Valentine[fore]](http://farm8.staticflickr.com/7156/6651048413_fda1817ea2_m.jpg)
![BF-COVER[fore]](http://farm5.static.flickr.com/4152/5171678714_f6f9c6bbf1_m.jpg)










មាន២! o.O
ហិហិ យ៉ាងម៉េចដែរ បះសក់អត់???
Only one word i can say: EXCELLENCE!!! hahaha
ស្មានមិនដល់សោះថាវាទៅជាយ៉ាងហ្នឹង…
ha ha..
រឿងល្អទុកចំងល់នូវចុងបពា្ចប់ដល់អ្នកអាន
មិនសុខចិត្តទេតើវាមានរឿងអ្វីឲពិតប្រាកដទៅ?ញ៉មច្រលំអស់ហើយនេះបានន័យថាមុននិងពីអ្នកនឹងមកគេងទេនេះគឺបាននយ័ថាធ្លាប់មានសាកសពមួយនៅបន្ទប់នោះរួចទៅហើយមែនទេ?ហើយគាត់ចាឡំយកសាកសពស្រ្តីដែលមិនមែនជាសង្សាគាត់ទៅទំលាក់ចោលមែនទេ?
មែនហើយ!
ពូកែប្រឌិតរឿងមែន
អានដល់ចប់ ទើបចាប់អារម្មណ៍ថាមានសាកសព២
វ៉ោយ ពូកែរកនឹកឃើញមែន ល្អអានណាស់ សមមុខហើយ នេះគេហៅថាកម្មច្បាស់ណាស់។ អរគុណដែលបានចែករំលែករឿងនេះ
សកម្មភាពក្នុងរឿងសរសេរបានរួសរវើកដូចពិតៗ ពូកែមែន!
អាចម៌ផ្កាយ ខ្ញុំឆ្ងល់ថាហេតុអីបានជាពេលដែលគេអូសសាកសពចេញពីក្រោមគ្រែដើម្បីច្រានទម្លាក់តាមបង្អួច តើបុរសនោះមិនបានឃើញមុខមាត់នោះទេឬ? សំលៀកបំពាក់ក៏ខុសគ្នា ហើយវ័យ រូបរាង ជាពិសេសគឺសក់របស់សាកសពទាំងពីរក៏ខុសគ្នា។
ដូចជាប្រឌិតមិនទាន់សមសោះ!!! មិនទំនងថា ភ័យរហូតទាល់តែមើលច្រឡំនោះទេ ព្រោះអីបុរសនោះគិតអំពីកលល្បិចបានហូរហែរបែបនេះ។
ពីព្រោះគេភ័យពេកពេលដែលបោះសាកសពទៅក្រោម ហើយណាមួយគេបិទភ្លើងងងឹតផងទើបមិនដឹងថាមិនមែនជាសាកសពគេ។
ចង់ថាមិនដឹងថាជាសាកសពសង្សារគេ
(បង)សុជីវីឆ្លើយត្រូវហើយ! អរគុណដែលបានយល់សាច់រឿង និងបានឆ្លើយសំណួរ។ Jet មានចាំអត់ ថា អ្នកនិពន្ធប្រាប់ថា ពេលនោះគេបិទភ្លើង ក្នុងបន្ទប់ងងឹតឈឹង តែក៏មិនពិបាកអីដែរ បើគ្រាន់តែលូកដៃចូលទៅក្រោមគ្រែ ដើម្បីយកសាកសពនោះ។ ពេលនោះគេខ្ពើម គេបិទភ្នែក គេខ្លាច គេពិតជាមិនបានចាប់អារម្មណ៍ទេ ថានោះជាសាកសពផ្សេង (គ្រាន់តែភាពងងឹតមួយមុខ គឺអាចឲ្យគេចាប់ច្រឡំបាត់ទៅហើយ ពិសេសទោះគេបើកភ្នែកមើល ក៏មើលមិនឃើញដែរ)។ ម្យ៉ាងទៀត អ្នកនិពន្ធក៏បានប្រាប់ទៀតថា ពេលគេលូកដៃទៅប៉ះសក់ក្បាលដែលរឹងក្តាំង(ដែលនោះពុំមែនជាលក្ខណៈសក់ក្បាលរបស់សង្សារគេ) គេក៏គិតកម្លាចិត្តខ្លួនឯងភ្លាមថា [ណ្ហើយ! កុំទៅខ្វល់អី មនុស្សស្លាប់ហើយ ចាប់ត្រង់ណាក៏ដូចតែគ្នា មិនបាច់យកចិត្តទុកដាក់ពេកទេ។] ប៉ុន្តែអ្វីដែលគេគួរឆ្ងល់នោះ គឺក្លិនរបស់សាកសពទៅវិញទេ! ហេតុអ្វីស្អុយ? ខ្មោចស្លាប់មិនទាន់បានមួយថ្ងៃផង? នេះមកពីភាពភ័យខ្លាចពីអំពើឧក្រិដ្ឋរបស់ខ្លួន និងខ្លាចខ្មោចតិចៗផង គេក៏មិនបានចាប់ភ្លឹកពីរឿងនេះ។ ចង់ប្រាប់យ៉ាងខ្លីថា បើរឿងនេះមិនសមហេតុផល មិនមែនអ្នកនិពន្ធអាចបោកអ្នកអានបានគ្រប់គ្នានោះទេ!
ទំលាក់ខុសសាកសពហ្នឹង អ្នកនិពន្ធបានលើកមកនិយាយតើ ថាបូកផ្សំភាពភ័យខ្លាច និង ខ្ពើមរអើមក្លិនស្អុយពីសាកសព បានជាបុរសនោះបិទភ្នែកផង និង បិទច្រមុះផង។ lolz…
2 b a gud reader, u guys also must not only jus read but remember all words tat writers mentions b4 complainin lala… sorry
ចុងបញ្ចប់ដេកគុកដដែល។
អាណិតតួប្រុសដល់ហើយ! គ្នាខំធ្វើ Master Plan យ៉ាងយកចិត្តទុកដាក់ បែរជា… បងផ្កាយពូកែបន្លំចិត្តអ្នកអានណាស់
មាន១ទៀត….:D