ផ្កាយNoVeLs*– សព្វថ្ងៃនេះ មិនមែនមានតែនារីប៉ុណ្ណោះទេ ដែលផ្តល់ភាពសំខាន់លើការថែរក្សាស្បែក និង ផ្ទៃមុខជារឿងចម្បង ព្រោះបច្ចុប្បន្ននេះ បុរសភាគច្រើនក៏បានងាកមកយកចិត្តទុកដាក់នឹងរឿងនេះកាន់តែច្រើនឡើងៗដែរ។ សាកសួរគ្នាមើលចុះថា តើនៅមាននរណាទៀត ដែលប្រើដុំសាប៊ូដុសខ្លួន មកលាងសម្អាតផ្ទៃមុខ?
តែនិយាយទៅ មានឈ្មោះជាមនុស្សប្រុស តើឲ្យដឹងវិធីលាងសម្អាតផ្ទៃមុខបានត្រឹមត្រូវ ស្អាត និងមានប្រយោជន៍ដល់ស្បែកមុខខ្លួនឯងដូចម្តេចកើត បើទោះជាចំណាយប្រាក់កាសទិញហ្វូមលាងមុខដែលល្អផុតលេខ មកទុកក្នុងបន្ទប់ទឹកក៏ដោយចុះ។ រឿងបែបនេះ អាចនិយាយបានថា សូម្បីតែមនុស្សស្រីក៏មានចំនួនតិចដែរ ដែលដឹងវិធីលាងសម្អាតផ្ទៃមុខបានយ៉ាងត្រឹមត្រូវបំផុតនោះ។
ដើម្បីមានផ្ទៃមុខកាន់តែភ្លឺថ្លា ជាការប្រសើរបើលោកអ្នកព្រមចំណាយពេល បន្ថែមដំណាក់ការលាងសម្អាត និងប្រុងប្រយ័ត្នថែមបន្តិចទៀត ប្រហែលមិនធ្វើឲ្យព្រឹកថ្ងៃថ្មីរបស់លោកអ្នកកើតភាពចលាចលនោះទេ។ សូមបោះបង់ជំនឿ និងទម្លាប់ចាស់ចោលចុះ ហើយងាកមកប្រើការលាងសម្អាតផ្ទៃមុខដែលត្រឹមត្រូវ ដែលនឹងជួយឲ្យលោកអ្នកលែងពិបាក ក្នុងការប្រើក្រេមរក្សាស្បែកមុខប្រភេទផ្សេងៗបានយ៉ាងច្រើន។
មុនដំបូង ចាប់ផ្តើមដោយទឹកដែលប្រើសម្រាប់លាងសម្អាតមុខ។ ក្បួនតម្រាជាច្រើនបានប្រាប់ថា ប្រើទឹកក្តៅឧណ្ហៗល្អ។ ខ្លះថាប្រើទឹកត្រជាក់កាន់តែពិសេស ឬខ្លះទៀតក៏ថាប្រើរួមគ្នាទាំងពីរ ទឹកក្តៅឧណ្ហៗមុន ហើយទឹកត្រជាក់តាមក្រោយទើបកាន់តែអស្ចារ្យ… ណែនាំគ្នានូវវិធីផ្សេងៗជាច្រើន តែជឿចុះថា គ្រាន់តែប្រើទឹកស្អាតធម្មតាៗ តាមសីតុណ្ហភាពនៅក្នុងបន្ទប់ទឹក គឺល្អបំផុតហើយ ព្រោះក្រៅពីមិនបាច់ពិបាកត្រៀមទឹកឲ្យរញ៉េរញ៉ៃរហូតធ្វើឲ្យស្មុគស្មាញក្នុងចិត្ត ទឹកធម្មតានឹងមិនធ្វើឲ្យស្បែកមុខរបស់យើង ប្តូរសីតុណ្ហភាពទៅមកញឹកញាប់ពេក ព្រោះការលាងមុខដោយទឹកក្តៅនឹងធ្វើឲ្យរន្ធរោមចំហងាយ ទោះជាអាចសម្អាតបានដល់ផ្ទៃខាងក្នុងក៏ដោយ តែក៏ធ្វើឲ្យប្រហោងនៅលើផ្ទៃមុខបើកធំ និងឃើញកាន់តែច្បាស់ដែរ។ ចំណែកទឹកត្រជាក់ពេក ទោះជាធ្វើឲ្យរន្ធរោមបិទជិត ស្បែកមុខតឹងណែន តែស្បែកអាចស្ពឹកនឹងភាពត្រជាក់ រហូតបាត់បង់តុល្យភាពបាន។ ដូចនេះ ទឹកធម្មតានេះហើយ ដែលល្អបំផុត។ បន្ទាប់មក ចូរធ្វើតាមដំណាក់ការខាងក្រោមនេះយ៉ាងយឺតៗ សន្សឹមៗ៖
១. ចាត់ចែងសក់នៅបរិវេណផ្ទៃមុខឲ្យស្រឡះ បើសក់វែង គឺចងតែម្តងទៅ ឬរកអ្វីកៀបការពារសក់ធ្លាក់មកបិទមុខពេលកំពុងធ្វើការសម្អាត។
២. យកទឹកមកលាបលើមុខម្តងសិន ដើម្បីឲ្យស្បែកមុខសម្របខ្លួនតាមសីតុណ្ហភាពទឹក និងដើម្បីឲ្យស្បែកមុខមានសំណើម ស្បែករីក ងាយស្រួលដល់ការសម្អាត។
៣. ច្របាច់ផលិតផលលាងមុខដែលត្រូវនឹងស្បែក ដាក់ក្នុងបាតដៃទំហំប៉ុនគ្រាប់ពោត២ដុំ។
៤. បន្តក់ទឹកពីរបីតំណក់លើបាតដៃ ហើយប្រើដៃម្ខាងទៀត ដុសថ្នមៗប្រមាណ១០-១៥វិនាទី ឲ្យចេញពពុះ រហូតទាល់តែអស់ម្សៅហ្វូម (បើសល់អាចធ្វើឲ្យបិទរន្ធរោម)។ ហាមច្របាច់ហ្វូម លាបលើផ្ទៃមុខតែម្តង ដោយមិនដុសឲ្យចេញពពុះសិន ព្រោះម្សៅហ្វូមដែលមិនទាន់រលាយអាចចូលទៅបិទរន្ធរោម ហើយបើលាងចេញមិនអស់ អាចនឹងក្លាយជាសារធាតុជាប់កកកើតក្លាយជាមុនបាន។
៥. យកពពុះហ្វូមនៅលើបាតដៃទាំងពីរ (បើជាផលិតផលដែលមានពពុះតិចសូមកុំភ្ញាក់ផ្អើលអី) លាងសម្អាតឲ្យពេញផ្ទៃមុខយ៉ាងស្រាលដៃជាទីបំផុត តាមដែលអាចធ្វើទៅបាន (កុំប្រើកម្លាំងដុសដាច់ខាត ព្រោះនេះជាស្បែកមុខមិនមែនជាការ៉ូបន្ទប់ទឹកទេ) ដោយចាប់ផ្តើមពីផ្នែកកណ្តាល ទៅផ្ទៃខាងៗតាមដំណាក់ការ និងទិសដៅដែលបានណែនាំ។
៦. ធ្វើចុះឡើងដដែលៗប្រមាណ២-៣នាទី ហើយប្រើទឹកទទេលាងពពុះចេញឲ្យអស់ រហូតផ្ទៃមុខជ្រះអស់។
៧. ប្រើកន្សែងពោះគោ«ផ្តិត» ទឹកចេញយ៉ាងយឺតៗរហូតស្ងួត។ សូមបញ្ជាក់ថា គ្រាន់តែ «ផ្តិត» ប៉ុណ្ណោះ ព្រោះបើជូតកន្សែងនឹងកកិតស្បែកមុខ ធ្វើឲ្យកោសិកាស្បែកដែលស្តើងត្រូវបំផ្លាញដោយងាយ៕






![Valentine[fore]](http://farm8.staticflickr.com/7156/6651048413_fda1817ea2_m.jpg)
![BF-COVER[fore]](http://farm5.static.flickr.com/4152/5171678714_f6f9c6bbf1_m.jpg)










