jump to navigation

ជាប់ដៃ-ដៃល្អ ខែ កក្កដា 23, 2008

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ដំណឹងផ្សេងៗ, ទស្សនៈសង្គម.
1 comment so far

ហ៊ឺ!… សុំ​ដក​ដង្ហើម​ធំ​សិន​ចុះ មុន​នឹង​ចាប់​ផ្តើម​និយាយ​ :-D …​គឺ​ពី​មុន​ខ្ញុំ​គិត​ថា​ នៅ​ពេល​ឈប់​សម្រាក​ពេល​វ៉ា​កង​ធំ​៣ខែ​នេះ​ ខ្ញុំ​នឹង​មាន​ពេល​ទំ​នេរ​ច្រើន​ ខ្ញុំ​អាច​អាន​​សៀវ​ភៅ​ ខ្ញុំ​អាច​សរសេរ​រឿង​ និង​អាច​ដើរ​កំ​សាន្ត​តាម​ទី​ជិត​ឆ្ងាយ​នានា តាម​សេចក្តី​ត្រូវ​ការ​ និង​តាម​គម្រោង​ការដែល​បាន​គិត​ទុក។

តែ​មិន​ដូច្នោះ​អី​ ការងារ​ថ្មី​ក៏​មកដល់… :-( ពេល​វេលា​នៅ​តែ​មមាញឹក នៅ​តែ​ចង្អៀត​ចង្អល់​សម្រាប់​ខ្ញុំ​ដដែល​។​ ខ្ញុំ​បាន​ជាប់​ដៃ​រវល់​វីវក់​ជា​មួយ​ដៃ​ល្អ​… ដៃ​ល្អ​ឬ​Good​ Hands គឺ​ជា​អង្គការ​ព្រះ​ពុទ្ធ​សាសនាដើម្បី​មនុស្ស​ធម៌​មួយ របស់​ប្រទេស​កូរ៉េ​ ដែល​គេ​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​ប្រទេស​កម្ពុជា​ ប្រទេស​លាវ​ និង​ប្រទេស​កូរ៉េ​ផ្ទាល់​ ដើម្បី​បំរើ​ការងារ​មនុស្ស​ធម៌​មួយ​ចំ​នួន​ដូច​ជា៖ សង់​សាលា​រៀន មណ្ឌល​សុខភាព​ បណ្ណា​ល័យ​ បរិច្ចាគ​សៀវភៅ… ដល់​ប្រជា​ជន​ក្រី​ក្រ នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ឆ្ងាយៗ​។

នៅ​ក្នុង​នោះ​ខ្ញុំ​ក៏​បាន​ចូល​រួម​ក្នុង​ការងារ​មនុស្ស​ធម៌​នេះ​ យ៉ាង​សកម្ម​ផង​ដែរ​ ដោយ​ធ្វើ​ការ​មួយ​អាទិត្យ​ប្រាំ​ថ្ងៃ​ ចាប់​ពី​ម៉ោង​ប្រា​បី​ព្រឹក​ រហូត​ដល់​ម៉ោង​ប្រាំ​ល្ងាច។ ការងារ​របស់​ខ្ញុំ​គឺ​ ធ្វើ​ជា​គ្រូ​បង្រៀន​ភា​សា​អង់គ្លេស​-លាវ​ ដល់​ក្មេងៗ, ជា​បណ្ណា​រក្ស​ថែ​រក្សា​​គ្រប់គ្រង​ និង​ផ្គត់​ផ្គង់​សៀវ​ភៅ​ដល់​សាលា​នានា តាម​បណ្តាញ​បណ្ណា​ល័យ​យុវវ័យ​, ជា​អ្នក​រៀប​ចំ​បន្ទប់​អាន​អេកូ​ឡូ​ស៊ី​បែប​ធម្មជាតិ​… និង​ជា​យុវជន​ស្ម័គ្រ​ចិត្ត​ ចុះ​កម្មសិក្សា​ទៅ ទី​ជនបទ​ឆ្ងាយៗ ដើម្បី​សួរ​សុខ​ទុក្ខ​ប្រជាជន​ក្រី​ក្រ​ ដោយ​ពិនិត្យ​និង​តាម​ដាន​ ការ​ទទួល​ការ​អប់​រំ​នៅ​តំ​បន់​នោះ​ ដើម្បី​ស្រង់​ស្ថិតិ​ពី​តម្រូវ​ការ​របស់​ប្រជា​ជន​ក្រី​ក្រ​ ទាក់​ទង​នឹង​ការ​អប់​រំ​ សុខ​ភាព​ បរិស្ថាន​…។

សរុប​ទៅ​ឃើញ​ថា មួយ​អាទិត្យ​ខ្ញុំ​ទំ​នេរ​បាន​តែ​ពីរ​ថ្ងៃ​ទេ ដែល​ថ្ងៃ​ទាំង​ពី​រ​នេះ​ ខ្ញុំ​ត្រូវ​ទៅ​ជួប​អ្ន​ក​និពន្ធ​លាវ​ រៀង​រាល់​ពីរ​សប្តាហ៍​ម្តង​ទៀត​ ព្រោះ​ខ្ញុំ​ត្រូវ​ត្រៀម​សរសេរ​រឿង​ខ្លី​ ប្រលោមលោក និង​អត្ថបទ​សិល្បៈវប្បធម៌ ដែល​ទាក់​ទង​នឹង​ខ្មែរ​ ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ «ស្លឹករឹតមាស» របស់​លាវ​ផង​។ ;-) ដូច្នេះ​ឃើញ​ថា​ ជី​វិត​ខ្ញុំ​មមាញឹក​ខ្លាំង​ណាស់។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​បានធ្វើ​ដែរ​ ថ្វី​បើ​ហត់​នឿយ​ខ្លាំង​ និង​ជា​ការ​ងារ​ស្ម័គ្រ​ចិត្ត​ គ្មាន​ប្រាក់​ខែ​ស៊ី​ក៏​ដោយ។

«មនុស្ស​មិនមែន​រស់​នៅ ​ក្នុង​ពិភព​ផែន​ដី​នេះ​ តែ​ម្នាក់​ឯង​បាន​ទេ។ ធ្វើ​មនុស្ស​មិន​ត្រូវ​អាត្មា​និយម​ ធ្វើ​មនុស្ស​ត្រូវ​ញញឹម​ដើម្បី​មនុស្ស​ជាតិ​។ ធ្វើ​មនុស្ស​ត្រូវ​មើល​ឲ្យ​ខ្ពស់​សម្លឹង​ឲ្យ​ឆ្ងាយ ហើយ​ធ្វើ​ជា​មនុស្ស​មិនមែន​រស់​ដើម្បី​តែ​ខ្លួន​ឯង​ តែ​ត្រូវ​រស់​ដើម្បី​អ្នក​ដទៃ​ផង​ដែរ​ ព្រោះ​ពាក្យ​ថា​មនុស្ស​មាន​ន័យ​ខ្ពស់​ដូច​មេឃ​ ធំទូលាយ​ដូច​ដី​។»

ដោយ​សារ​ហេតុ​ផល​នេះ​ ពេល​វេលា​ខ្ញុំ​ជា​មួយ​វើតប្រែស​ បែប​ត្រូវ​ខកខាន​មិនបាន​ផ្សាយ​ និង​មិនបាន​ចូល​មក​មើល​ឲ្យ​បាន​ញឹកញាប់​ទេ។ សម្រាប់​កំ​ហុស​ឆ្គង​ និង​ការ​រអាក់​រអួល​ផ្សេង​ៗ សូម​អ្នក​ទាំង​អស់គ្នា​ខន្តី​អភ័យ​ទោស​ផង​។ បាយ! បាយ!…