Feeds:
ប្រកាស
មតិ

Archive for the ‘អក្សរសិល្ប៍​ខ្មែរ’ Category


ល្ខោនខោលរឿង«រាមកេរ្តិ៍»ខ្មែរ

ល្ខោនខោលរឿង«រាមកេរ្តិ៍»ខ្មែរ

ប្រសិន​បើ​យើង​បាន​ទៅ​ទស្សនា​ដល់​ ប្រាង្គ​ប្រាសាទ​អង្គវត្តដ៏​ល្អ​វិសិដ្ឋ​ របស់​ប្រទេស​កម្ពុជា​នោះ មហាជន​ទាំង​ឡាយ​រមែង​មាន​ការ​ជក់​ចិត្ត​ចាប់​អារម្មណ៍​ជាពន់​ពេក ទៅលើ​ទឹក​ដៃ​ចម្លាក់ក្បាច់​ក្បូរ​ដ៏វិចិត្រ។ ប៉ុន្តែ​ក្រៅ​អំពីតម្លៃ​សោភ័ណ​ខាង​​ស្ថាបត្យកម្មនេះ ប្រសិន​បើ​នរជនដែល​ជាអ្នក​សិក្សា​បាន​ជ្រៅជ្រះ រមែង​ផ្តោត​អារម្មណ៍​ទៅលើអត្ថន័យ ដែល​បង្កប់​​នៅ​ពីក្រោយចម្លាក់​ថ្ម ទាំង​នោះ​គឺ​ជាការ​លាត​ត្រដាង​ សង្គ្រាម​ដ៏​អស្ចារ្យ​មួយ​រវាងមនុស្ស​ យក្ស​ និង​ទេវៈ ពោល​គឺ​រឿង​«រាមកេរ្តិ៍»។ ជា​ការ​ពិត​ណាស់​ថា រឿង​នេះ​ត្រូវ​បាន​ជ្រាប​ចូល​មក​ក្នុងប្រទេសកម្ពុជា តាំង​ពីយូរលង់​ណាស់​មក​ហើយ គឺ​មុនសម័យ​មហា​នគរ​ទៅទៀត ដូច្នេះ​ហើយ​ទើប​ពេល​កសាង​ប្រាសាទអង្គរវត្ត បុព្វបុរស​ខ្មែរ​អាច​ចារឹក​រឿង​ នៅ​លើ​ផ្ទាំង​សិលា​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ សបញ្ជាក់​ថា គាត់​មានការចេះ​ចាំ​សាច់​រឿង​ ស្ទាត់​ជំនាញ​ខ្លាំង​​ណាស់​។

ប៉ុន្តែ​បើ​ក្រឡេក​ឲ្យ​ឆ្ងាយ យើង​នឹង​ឃើញ​ថា មិន​មែន​តែ​កម្ពុជា​នោះ​ទេ ដែល​មាន​រឿង​នេះ គឺ​ថារាមាយណៈ របស់​ឥណ្ឌា​ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំទូលាយ​ ពិសេស​វា​ជះ​ឥទ្ធិពល​មក​លើ​អាស៊ីអាគ្នេហ៍​យើង​នេះ។ មាន​ប្រទេស​ជា​ច្រើន​ បាន​ធ្វើ​ការ​ដក​ស្រង់​មក​បន្ថែម​បន្ថយ​កែ​ច្នៃ​ ទៅតាម​ពណ៌សម្បុរ​របស់​ជាតិសាសន៍​នីមួយៗ ដូចជា «ព្រះលក្ម្សណ៍​ព្រះរាម»​(ພຣະລັກພຣະຣາມ) របស់​លាវ, ​«រ៉ាមគៀន» (รามเกียรติ์) របស់​ថៃ, «រាមកេរ្តិ៍» នៅ​ប្រាសាទ​អង្គរ… ។ល។

ដោយ​ហេតុ​ថា​ អត្ថបទ​ដកស្រង់​ទាំង​នេះ​សុទ្ធ​តែ​បាន​បង្កប់​ នូវ​អត្តសញ្ញាណ​របស់​អ្នក​ប្រែ រៀងៗ​ខ្លួន​ ទើប​យើង​នៅ​តែ​អាច​ទាញ​ចេញ​បាន​ នូវ​លក្ខណៈ​ដោយ​ឡែក​ពី​គ្នា​នៃ​សាសន៍​ទាំង​ឡាយ​នោះ​។

រូបគំនូររឿង«រាមកេរ្តិ៍»ខ្មែរតាមជញ្ជាំងព្រះវិហារព្រះកែវមរកត(ភ្នំពេញ)

រូបគំនូររឿង«រាមកេរ្តិ៍»ខ្មែរតាមជញ្ជាំងព្រះវិហារព្រះកែវមរកត(ភ្នំពេញ)

ស្រប​ពេល​នឹង​ស្ថានភាព​ដ៏​គំហុក​ នៃ​ការ​ហូរ​ចូល​នូវ​វប្បធម៌​បរទេស ដែល​កំពុង​ពង្វក់​សតិ​អារម្មណ៍​កូន​ខ្មែរ​ឲ្យ​ភ្លើត​ភ្លើនទៅ​តាម​ទំនាញ ដ៏​ងងឹត​ងងល់​ពីសំណាក់​បរទេស ទទួល​យក​វប្បធម៌​ថ្មី​ដ៏ពិសពុល ដែល​អ្នក​ដទៃ​គេ​ប្រើ​ប្រាស់ ដើម្បី​ជាសំណាញ់​មក​គ្របដណ្តប់ បំបិទ​ដាន​ប្រវត្តិសាស្ត្រ​ ធ្វើ​ឲ្យ​ខ្មែរ​វក់វីវង្វេង​វង្វាន់ លែង​ដឹង​លែង​ស្គាល់នូវអ្វី​ដែល​ជា​របស់​ខ្លួន​ យល់​ខុស​ថា​ខ្លួន​ឯង​ជា​ជាតិ​អន់​ថយ ផ្ទុយ​ស្រឡះ​ពី​ពូជពង្សាវតារ នៃ​អ្នក​កសាង​មហានគរ​ដ៏​ស្កឹមស្កៃ។

ដូច្នេះ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា រឿង​«រាមកេរ្តិ៍»ខ្មែរ មាន​លក្ខណៈ​ខុស​ប្លែក​ពី​រឿង​«រាមកេរ្តិ៍» បរទេស​ត្រង់​ណា​ខ្លះ​នោះ អាចម៍ផ្កាយ សុំ​លើក​យក​រឿង​បរទេស​ទាំង​នោះ​មក​បង្ហាញ​ជូន​ម្តង​មួយៗ ដើម្បីកូន​ខ្មែរ​បាន​សិក្សា​ប្រៀប​ធៀប​ស្វែង​រក​លក្ខណៈ ដាច់​ដោយ​ឡែក​ពី​គ្នា​ឲ្យ​ឃើញ ចៀសវាង​ការ​ភាន់​ច្រឡំ​ទៅ​ថ្ងៃ​ក្រោយ។

តែ​ក្នុង​ឱកាស​នេះ​ អាចម៍ផ្កាយ សុំ​លើក​យក​តែ​រឿង​«រ៉ាមគៀន»( รามเกียรติ์) របស់​ថៃ​មក​សិក្សាសិន​ប៉ុណ្ណោះ ឱកាសក្រោយ​នឹង​លើក​យក​រឿង​«ព្រះលក្ម្សណ៍ព្រះរាម»(ພຣະລັກພຣະຣາມ) របស់​លាវ​មក​សិក្សាម្តង។

រឿង«រាមាយណៈ»ឥណ្ឌា

រឿង«រាមាយណៈ»ឥណ្ឌា

  • ប្រភពរឿងរ៉ាមគៀន

តាម​ឯកសារ​«Thai Ramayana» ដែល​បក​ប្រែ​ជាភាសា​អាឡឺម៉ង់ ហើយ​បោះពុម្ព​ដោយChalermnit Bookshop. 1-2 Erawan arcads, Bangkok បានសរសេរ​ថា រឿង​ដើម​របស់​រ៉ាមគៀន ត្រូវ​បាន​កវី​ថៃ​បក​ប្រែ​ពី​រឿង​«រាមាយណៈ» របស់​ឥសីវាល្មិគិ ជាភាសាបាលី​សំស្រ្កឹត ហើយវាល្មិគិបាន​សរសេរ​ឡើង​នៅ​ប្រហែល ២០០០ឆ្នាំមុន។ អត្ថបទ​របស់​ថៃ​ដែល​សរសេរ​ឡើង​វិញ​នេះ​ នៅ​តែ​ល្បីល្បាញ​ដល់បច្ចុប្បន្ន ប៉ុន្តែ​ស្នាដៃ​ដែល​មាន​លក្ខណៈពេញ​លេញ​គ្រប់​គ្រាន់​ជាង​គេ​ គឺ«រ៉ាមគៀន»ដែល​សរសេរ​ដោយ ស្តេចរ៉ាម៉ាទី១(១៧៨៨-១៨០៩) ជា​អ្នក​បង្កើត​ទី​ក្រុង​បាងកក​មុនគេ​ និង​ជា​អ្នក​បង្កើត​ របប​រាជានិយម​តាម​បែប​បច្ចុប្បន្ននេះ កាល​ពី​១៧០ឆ្នាំមុន ឬក្នុងឆ្នាំ​១៨០៧។ រឿង​នេះ​ត្រូវ​បាន​សរសេរ​ជាកំណាព្យ​ ហើយ​ដំណើរ​រឿង​នេះ​ ក៏​ត្រូវ​បាន​គេ​ឆ្លាក់​នៅ​ប្រាសាទ​ព្រះ​កែវ​មរកត នៅ​ក្នុង​រាជវាំង​ទីក្រុង​បាង​កក​ទៀត​ផង។

ក្រៅ​ពី​នេះ យើង​ឃើញ​នៅ​មាន​ការឯកភាពគ្នា​ដែរ​ ចំពោះ​ឯកសារ «History of Thai Literature» ដែល​បោះ​ពុម្ព​នៅ​ឆ្នាំ១៩៩២ បានបញ្ជាក់ថា ស្តេចរ៉ាម៉ាគឺ​ជាមហាកវី នៃ​រឿងវីរកថា«រាមាយណៈ» ដែល​ជា​រឿង​ត្រូវ​បាន​គេ​អាននិងសម្តែង​ដល់​បច្ចុប្បន្ន។ រឿង​នេះ​ត្រូវ​បាន​ចម្លង​មកពី​វីរកថា​ដើម​របស់វាល្មិគិ ប៉ុន្តែ​មនោសញ្ចេតនា​នៃ​រឿង​ និងហេតុការណ៍​លំអិត​តាំង​ឡាយ ត្រូវ​បាន​គេ​ផ្លាស់ប្តូរ​ដើម្បី​សម្រប​ទៅនឹង​ប្រវត្តិការណ៍​នៃ​បច្ចុប្បន្នភាព។ ព្រះរាជា​បាន​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​ក្លា​នឹង​សង្គ្រាម ដូច្នេះ​រឿង​នេះ​ ពិត​ជា​បាន​ជាប់​ទាក់​ទង​នឹង​រឿង​ចំបាំង​ផ្ទាល់​ខ្លួន​, ឆាកស្នេហា និង​ទម្រង់​សណ្តាប់ធ្នាប់​ទាំង​ឡាយ នៃ​សង្គម​ដែល​បាន​កើត​មាន​រៀង​រាល់​ថ្ងៃ​ជុំវិញ​ព្រះអង្គ។

រូបគំនូររឿង«រ៉ាមគៀន»ថៃនៅតាមជញ្ជាំងវិហារព្រះកែវ(បាងកក)
រូបគំនូររឿង«រ៉ាមគៀន»ថៃនៅតាមជញ្ជាំងវិហារព្រះកែវ(បាងកក)
  • កាលបរិច្ឆេទរឿងរ៉ាមគៀន

តាម​សៀវភៅ«Thai Literature» ដែល​បក​ប្រែ​ពី​ភា​សាអាឡឺម៉ង់​ដោយErich-W-Reinhold បាន​សន្និដ្ឋាន​ថា​រឿង​«រ៉ាមគៀន»របស់​ថៃ សរសេរ​ឡើង​នៅ​ចុង​សតវត្សទី១៨ ដោយ​ស្តេចរ៉ាម៉ាទី១ នៃ​សម័យ​កាលបាងកក(១៧៨២-១៩៣២) ដែល​បាន​កាន់​អំណាច​ពី​ឆ្នាំ(១៧៨៨-១៨០៩)។ ប៉ុន្តែ​តាម​ឯកសារ​មួយ​ផ្សេង​ទៀត​(Ramakien) បាន​បញ្ជាក់ថា នៅ​ប្រទេស​ថៃ​គេ​មាន​ការ​យល់​ដឹង​អំពី​រឿង​រាមាយណៈ តាំង​ពី​សម័យ​សុខោទ័យ និង​អាយុធ្យា​មក​ម្ល៉េះ ប៉ុន្តែ​គ្រាន់​តែ​ដឹង មិន​ទាន់​មាន​ជា​ឯកសារ​កត់​ត្រាបក​ប្រែ​នៅ​ឡើយ។ អតីតរាជធានី​ចាស់​ត្រូវ​បាន​បោះបង់​ចោល ហើយ​រាជធានី​ថ្មីនៃ​ប្រទេស​ថៃ(ក្រុងបាងកក) ក៏​បាន​កើត​ឡើង​នៅ​ឆ្នាំ១៧៨២ ហើយ​រាជា​ទី១នៃ​រាជធានី​បាងកក ក៏​បាន​ប្រែនិង​ចងក្រងជាឯកសាររឿង​«រ៉ាមគៀន» នេះឡើង។ តាមឯកសារ​ដដែល​បាន​បញ្ជាក់​ថា នៅ​ប្រទេស​ខ្មែរ​មាន​ការ​ចេះ​ចាំ​រឿង​នេះ ហើយ​បាន​ឆ្លាក់​នៅ​លើ​ថ្ម តាំង​ពី​សតវត្ស​ទី​៧​មក​ម្ល៉េះ។ ដូច្នេះ​យើង​បាន​មើល​ឃើញ​ច្បាស់​ថា ប្រទេស​ខ្មែរ​បាន​ចម្លង​រឿង​រាមាយណៈ មុន​ប្រទេស​ថៃ​ជា​ច្រើន​សតវត្ស។

ល្ខោនរឿង«ព្រះលក្ម្សណ៍ព្រះរាម»របស់លាវ
ល្ខោនរឿង«ព្រះលក្ម្សណ៍ព្រះរាម»របស់លាវ

តាម​ទស្សនៈ​របស់​លោកអៀវកើស ក្នុង​សៀវភៅ«ភាសាខ្មែរ» ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ទាញ​បញ្ញាក់​ថា រឿង​រាមកេរ្តិ៍​សៀម​មិន​មែន​សៀម​ប្រែ​ពី​សំស្ក្រឹត​ដោយ​ផ្ទាល់​ទេ គឺ​ប្រែ​ពី​ខ្មែរ​សម័យ​ក្រោយ​អង្គរ ដោយ​សម្អាង​តៅ​លើ​ការ​ប្រើ​ប្រាស់ពាក្យពេចន៍​ដូច​ជា​ពាក្យ«ផ្កាយព្រឹក» ដែល​និយាយ​ត្រង់​វគ្គវៃយរាពណ៍ លួច​យក​ព្រះរាម នាំ​ទៅ​បាតាល។ វៃយរាពណ៍ ឡើង​ទៅ​លើកំពូល​ភ្នំ គ្រវី​បំពង់​កែវ​ឲ្យ​មាន​ពន្លឺ​ដូច​ផ្កាយ​ព្រឹក បញ្ឆោត​ពួក​ពល​ស្វា ឲ្យ​ស្មាន​ថា​ជិត​ភ្លឺ ហើយ​ឈប់​ទៅ​យាម​ទៀត ព្រោះ​ពិភេក ទាយ​ថា​ដល់​ភ្លឺ​ព្រះរាម នឹង​អស់​គ្រោះ​ថ្នាក់។ ក្នុង​សៀវភៅ​រាមកេរ្តិ៍​សៀម​(បទល្ខោន​រឿង​រាមកេរ្តិ៍ ក្បាល​ទី​១​ទំព័រ​១៨២) ពាក្យ​ថា«ផ្កាយ​ព្រឹក» សៀមសរសេរ​ថា«ដាវប្រះកាយ​ព្រឹក្ស»។ ពាក្យ​«ដាវ» ជា​ភាសា​សៀម មាន​ន័យ​ថា​«ផ្កាយ»។ ពាក្យ«ប្រះកាយ» គឺ​សំដៅ​លើ​ពាក្យ​ខ្មែរ​«ផ្កាយ»។ ដូច្នេះ​«ដាវប្រះកាយព្រឹក្ស» មានន័យ​ថា «ផ្កាយផ្កាយព្រឹក» នេះ​សបញ្ជាក់​ថាអ្នក​ចម្លង​ដែល​ខ្ចី​ពាក្យ​ខ្មែរ យក​ទៅ​ប្រើ​ មិន​ស្គាល់​ឬចេះ​ឲ្យ​បាន​ប្រាកដ​ ថែមទាំង​កាឡៃ​ពាក្យ«ព្រឹក» របស់​ខ្មែរ​ដោយ​បន្ថែម​ទៅ​ជា«ព្រឹក្ស» ដើម្បី​កុំ​ឲ្យ​គេ​ថាសៀម​ខ្ចី​ពី​ខ្មែរ​ទៅ។

ការ​បក​ស្រាយ​បែប​នេះ ក៏​ត្រឹម​ត្រូវ​ម្យ៉ាង​ដែរ ផ្អែក​ទៅ​លើ​និរុត្តិសាស្ត្រ ហើយ​បើ​យើង​គិត​ទៅ​តាមកាល​បរិច្ឆេទ​នៃ​រឿង យើង​ឃើញ​ថា រឿង​រ៉ាមគៀនរបស់​ស្តេចរ៉ាម៉ាទី១ តែង​ឡើង​ក្រោយ​ពេល​ដែលសៀម​វាយ​បែក​បន្ទាយ​លង្វែក(ចុងសតវត្សតី១៦) ស្រប​នឹង​ទស្សនៈ​ទាំង​ឡាយ​ដែល​ថា សៀម​បាន​បញ្ជូនឯកសារ​ខ្មែរ រួម​ទាំង​រឿងរាមកេរ្តិ៍ ទៀត​ផង ទើប​ធ្វើ​ឲ្យ​រាមកេរ្តិ៍ខ្មែរ ត្រូវ​បាត់​ពី​ខ្សែតី១១ ដល់​ខ្សែទី៧៤។

ល្ខោនខោលរឿង«រ៉ាមគៀន»ថៃ
ល្ខោនខោលរឿង«រ៉ាមគៀន»ថៃ
  • អ្នកនិពន្ធ រឿង​រ៉ាមគៀន​និងស្នាដៃ

អ្នកនិពន្ធ​រឿង«រ៉ាមគៀន» ( รามเกียรติ์) ដែល​ជា​អត្ថបទគ្រប់គ្រាន់​ពេញ​លក្ខណៈ គឺព្រះបាទរ៉ាម៉ាទី១ ក្នុង​រាជវង្ស​ចក្រីនៃសម័យ​កាល​បាងកក។ ទ្រង់​បាន​សោយរាជ្យក្នុង​កំឡុង​ឆ្នាំ១៧៨៨-១៨០៩ ត្រូវ​បាន​គេ​កត់​ត្រា​ក្នុង​រាជពង្សាវតារថា ជារដ្ឋបុរស អ្នកនយោបាយ និង​ទាហាន​ក្នុង​ពេល​តែមួយ។ ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ ចំណេះដឹង​គ្រប់​យ៉ាង​នេះ ជា​រឿង​ធម្មតា​សម្រាប់​ស្តេច​ថៃ ដើម្បី​ឲ្យ​ទ្រង់​មាន​ទំនោរ​ចិត្តទៅ​ខាង​អក្សរសាស្ត្រ ដើម្បី​ផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ ល្អ​របស់​ព្រះ​រាជា។ រ៉ាម៉ាទី១ជា​អ្នក​គ្រប់​គ្រង​ទាហាន និង​រៀបចំបាន​យ៉ាង​ជោគ​ជ័យ ដែល​បន្ត​រហូត​ដល់​បុត្រ​របស់​ទ្រង់ ព្រះនាមPhra Phuthaloetle ដែល​កាន់​អំណាច​ជា​រ៉ាម៉ាទី២(១៨០៩-១៨២៤)

រ៉ាម៉ាទី១មាន​ជីវិតពោរពេញ​ដោយ​បញ្ហាសង្គ្រាម ចម្បាំង ដណ្តើមអំណាច​គ្នាក្នុង​រជ្ជកាល​របស់​ទ្រង់។ ទ្រង់​បាន​ប្រឹង​ប្រែង​ធ្វើ​ឲ្យប្រទេស​មានឯករាជ្យ សេរីភាព រួច​ផុត​ពីការ​លុក​លុយ​របស់​ភូមា ហើយ​នឹង​កសាង​ឡើង​វិញ​នូវ សមិទ្ធិផល​ជា​ច្រើន​ដែល​ត្រូវ​បាន​បំផ្លាយ​ដោយ​សារ​សង្គ្រាម បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​អយុធ្យា។ មិន​តែ​ប៉ុណ្ណោះ​ក្នុងចន្លោះ​ពេល​នៃ​សង្គ្រាម​នេះ ទ្រង់​បាន​ឆ្លៀត​ឱកាសបង្កើត​ផ្នែក​សំខាន់​មួយ នៃ​អក្សរសាស្រ្ត​ថៃ ដែល​ត្រូវ​បាន​គេ​យក​មក​អាន និង​សិក្សា​ដល់​បច្ចុប្បន្ន​នេះ។

សមិទ្ធិផល​នានាក្រៅអំពីសង្គ្រាម និង​ការ​រៀប​ចំប្រទេស រ៉ាម៉ាទី១បានរៀប​ចំតែង​ជា​ឈុត​ឆាកល្ខោន​ សម្រាប់​សម្តែង​ ស្តី​អំពី​វីរកថា និង​រឿង​សំខាន់​មួយ​ទៀត​គឺ «Anirut Khamchan» និង រឿង​«រ៉ាមគៀន» ដែល​ជា​វីរកថា​ដិតដាម​នៅ​ក្នុង​សតិ​អារម្មណ៍​ជនជាតិ​ថៃជាង​គេ ជា​អត្ថបទ​ប្រវត្តិសាស្ត្រ បន្ត​ពី​រាជវង្ស​ចក្រី​ពីរ​រូបគឺ រ៉ាម៉ាទី១និងរ៉ាម៉ាទី២។ ការ​ត្រួត​ពិនិត្យ​រៀប​ចំ​ឈុត​ឆាក ត្រូវ​បាន​ផលិត​និង​បែង​ចែក​ជាផ្នែក​ដោយ​ព្រះរាជា​ផ្ទាល់។ ការងារ​ដែល​មាន​ប្រជាប្រិយក្រៅ​ពី​រឿង​«រ៉ាមគៀន» រ៉ាម៉ាទី១បាន​តាក់​តែង​អត្ថបទ​ល្ខោន«អ៊ីណូ(bot lakhon Inao)» (រឿង​តែ​មួយ​នឹង​អ៊ីណាវ ខ្មែរ?) ទាំង​ពីរ​នេះ​ចាត់​ទុកជា​ផ្នែក​បុរាណ នៃ​របៀបផ្ទាល់​របស់​គេ ដោយ​មាន​ការ​រៀប​ចំសំណង់ឃ្លាប្រយោគ​ច្បាស់លាស់ ពិសេសសមស្របនឹង​តម្រូវការ​នៃ​ឈុត​សម្តែង។

អានអត្ថបទទាក់ទង៖

ភាសាខ្មែរនិងភាសាសៀម

ភាសាខ្មែរនិងភាសាសៀម(ត)

ភាសាខ្មែរនិងភាសាសៀម(តចប់)

Read Full Post »


សូម​ចាប់​យក​ឯកសារ​នៅ​ទីនេះ​tum-teav.pdf

រឿងទុំទាវបច្ចុប្បន្ន​ ត្រូវបានមតិអន្តរជាតិឲ្យតំលៃនិងចាត់ទុកថាជា «រឿងរ៉ូមេអូស៊ូលីយែតខ្មែរ» រឿងនេះខ្ញុំបានព្យាយាមស្រាវជ្រាវរកអស់រយៈពេលយ៉ាងយូរ ទម្រាំរកឃើញក្នុងវិបសាយមួយ​​(ភ្ជាប់តាមរយៈGoogle) កាលពីខែមេសា២០០៧កន្លងទៅនេះ។

ឯកសាររឿងនេះមានសារសំខាន់ណាស់ សម្រាប់ខ្ញុំក៏ដូចជានិស្សិតខ្មែរ និងបរទេសដទៃទៀតដែរព្រោះសព្វថ្ងៃរឿងនេះ​ត្រូវបាន​អន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង។ គេបានយករឿងនេះទៅសិក្សាប្រៀបធៀប វិភាគរកសិល្ប៍តំលៃ​របស់វា​ដើម្បីការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សារបស់ខ្លួន។

Read Full Post »

តាមដាន

Get every new post delivered to your Inbox.

Join 2,391 other followers