ជំនោររដូវរងា ខែ វិច្ឆិកា 10, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ.3 comments
[8:45PM]
24/Oct/09
ជាងពីរម៉ោងមកហើយក៏មិនដឹង ដែលខ្ញុំកំពុងរកនឹកថា ខ្ញុំធ្លាប់ហិតក្លិននេះនៅទីណា កន្លែងណា ពេលណា… ពីមុនមក? ព្រោះជាក្លិនដែលខ្ញុំចូលចិត្ត ហើយខ្ញុំក៏ធ្លាប់ស្រង់ក្លិនបែបនេះច្រើនដងមកហើយកាលពីមុន។
ជាក្លិនក្រអូបពីធម្មជាតិ ក្រអូបតិចៗតាមជំនោរខ្យល់ ដែលផាត់ចូលមកតាមបង្អួចខ្ញុំ។ ខ្ញុំព្យាយាមអង្គុយស្រង់ក្លិន រួចរកនឹកហើយរកនឹកទៀត ថាក្លិននេះខ្ញុំធ្លាប់ហិតនៅកន្លែងណា?
រកនឹកយ៉ាងណាក៏រកមិនឃើញ រហូតមកដល់ម៉ោងជិត៩យប់ ក្លិននេះក៏ផាត់មកម្តងៗតាមវាយោត្រជាក់ ខ្ញុំក៏ភ្ញាក់ដឹងភ្លាមថា នេះជាក្លិនអ្វី? គឺដោយសារតែខ្យល់ត្រជាក់មួយវឹបនោះ ដែលធ្វើឲ្យខ្ញុំដឹង។
ក្លិននោះគឺជាក្លិនផ្កាព្រៃចម្រុះគ្នា ដែលតែងចោលក្លិនក្រអូបភាយៗ នៅពេលដល់រដូវរងាម្តងៗ។ ដូច្នេះថ្ងៃនេះគឺជាថ្ងៃដំបូងហើយ ដែលរដូវរងានៅប្រទេសលាវបានចាប់ផ្តើម។ ប៉ុណ្ណេះខ្ញុំនឹងបានកំសាន្តចិត្តជាមួយក្លិនធម្មជាតិនេះ រៀងរាល់យប់ម្តងទៀតហើយ។
រដូវរងាចូលមកដល់ ភ្លៀងនឹងលែងធ្លាក់ ហើយខ្ញុំក៏នឹងលែងមានទុក្ខកង្វល់ ដោយសារភ្លៀងទៀតដែរ…
សម្រង់ចាកកំណត់ហេតុផ្ទាល់ខ្លួន
២៤តុលា២០០៩
ភ្លៀងពិស(តចប់) ខែ តុលា 20, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, រឿងខ្លី.add a comment
នរណាថាខ្ញុំស្អប់ភ្លៀង?
គឺជារឿងកុហកខ្លួនឯងប៉ុណ្ណោះ!
នរណាថាខ្ញុំមិននឹកដល់គេ នៅពេលមានភ្លៀងធ្លាក់?
គឺជារឿងបោកប្រាស់សុទ្ធសាធ!
នរណាថាខ្ញុំបំភ្លេចគេបាន?
មាត់ខ្ញុំនេះឯងជាអ្នកថា តែបេះដូងបដិសេធជានិច្ច!
ខ្វាប់! ខ្វាប់!… ឆាំងងងងង!!! ហ៊ើយ! អៃយ៉ា…
ភ្លឺចែសដូចថ្ងៃ ហើយរូបភាពដែលឃើញ គឺជាទិដ្ឋភាពចាស់ៗដែលធ្លាប់ឃើញដូចរាល់ថ្ងៃ។
ហ៎ា!!……… នឹកឃើញហើយ ថាហេតុអីបានជាត្រូវមកឈរធ្វើឆ្កួតនៅត្រង់នេះ? ភ្នំ ព្រៃឫស្សី វាលស្មៅ ផ្ទះដែលឃើញរៀងរាល់ថ្ងៃ ព្រោះវាប្រព្រឹត្តទៅតាមវដ្តចក្ករបស់ថ្ងៃយប់នោះឯង។ តែយប់នេះជាយប់ពិសេសនិងអច្ឆរិយៈបំផុត ដែលខ្ញុំអាចមើលឃើញទិដ្ឋភាពគ្រប់បែបយ៉ាង ទោះបីជាកណ្តាលយប់អធ្រាត្រក៏ដោយ ថ្វីបើឃើញតែមួយភ្លែតៗតែនោះហើយគឺគំហើញ!!! យេៗៗ!!!
យប់នេះម៉ោង២រំលងអធ្រាត្រ ប្រហែលជាមានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលអាចមើលអ្វីៗឃើញដូចពេលថ្ងៃ ជយោ! ជយោ!!… ខ្ញុំសប្បាយចិត្តពេញប្រៀបរហូតហូរហៀរ លេចចេញជាស្នាមញញឹម នៅលើផ្ទៃមុខ ហើយគ្រប់យ៉ាងក៏ប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ។ ខ្ញុំញញឹមហើយងើយក្បាលមើលទៅលើមេឃ ខ្យល់នៅមិនទាន់បន្ធូរបន្ថយមហិទ្ធិឫទ្ធឹដ៏ឆ្កួតលីលានៅឡើយ ភ្លៀងក៏មើលទៅដូចជាធ្លាក់ខ្លាំងជាងពេលនៅក្នុងបន្ទប់ទៅទៀត តែ… ខ្ញុំអាចបើកភ្នែកមើលមេឃបាន ទោះបីជាមើលមិនឃើញក៏ដោយ ព្រោះវាងងឹតនិងដោយសារឥទ្ធិពលរបស់ព្យុះភ្លៀង តែក៏ធ្វើឲ្យខ្ញុំងើយក្បាលនិងបើកភ្នែកបាន ដោយទឹកគ្រប់តំណក់ដែលស្រក់មកប៉ះនឹងកែវភ្នែកនោះជាទឹកភ្លៀង តែទឹកដែលហូរចេញពីភ្នែកធ្លាក់មកលើផ្ទៃរានហាល គឺជា«ទឹកភ្នែក»របស់ខ្ញុំ។
នរណាដឹងថាខ្ញុំយំ បើខ្ញុំកំពុងយំនៅក្រោមតំណក់ភ្លៀង? គ្រាប់ភ្លៀងនេះឬដឹង? ទេ! តំណក់ភ្លៀងនេះហើយដែលជាមូលហេតុធ្វើឲ្យខ្ញុំយំ។ បើភ្លៀងមិនធ្លាក់ខ្ញុំក៏មិនយំដែរ បើផ្គរមិនលាន់បេះដូងខ្ញុំក៏មិនរញ្ជួយដែរ។ ទាំងឈឺទាំងផ្សាក្នុងគ្រាប់ភ្នែក ខ្ញុំត្រូវតែដាក់មុខចុះតាមធម្មតាវិញ តែស្នាមញញឹមនៅរក្សាដដែល។ ខ្ញុំបែរខ្នងឈរផ្អែកបង្កាន់ដៃរានហាល ហើយយកដៃឱបទ្រូងគិតក្នុងចិត្តថា៖
«តាមពិតទៅគ្មានរឿងអ្វីកើតឡើងទេ ខ្ញុំគ្រាន់តែធ្វើឆ្កួតលេងៗប៉ុណ្ណោះ ព្រោះនេះគឺជាឆាកមួយនៅក្នុងឆាកជីវិតរបស់ខ្ញុំ ដែលខ្ញុំត្រូវសម្តែងយ៉ាងអស់ពីសមត្ថភាព ក្រោមការដឹកនាំរឿងផ្ទាល់របស់ខ្លួន។ ហា៎ស! ហ៎ាៗៗ!! ហើយព្រឹកស្អែកនេះ ខ្ញុំនឹងយករឿងដែលខ្ញុំអាចមើលទេសភាពកណ្តាលយប់ឃើញដូចកណ្តាលថ្ងៃ ទៅបោកក្មេងៗលេងឲ្យពួកគេភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់ខ្ញុំ។
បើមានក្មេងណាចង់ធ្វើបានដូចខ្ញុំ ខ្ញុំនឹងប្រាប់ទៅគេថា បើថ្ងៃណាដឹងជាមុនថានឹងមានភ្លៀងធ្លាក់នៅកណ្តាលយប់ ត្រូវប្រាប់ប៉ាម៉ាក់ថា មកដេកជាមួយខ្ញុំមក៍! ហើយឯងនឹងឃើញអ្វីដែលខ្ញុំបានឃើញ ហើយជួនកាលយើងអាចនឹងបានឃើញអ្វីៗប្លែកៗជាមួយគ្នាទៀតផង ម៉េចល្អទេ?»
នៅពេលចប់គម្រោងការណ៍ និងការគិតផ្សេងៗអស់ត្រឹមនេះ ខ្ញុំក៏ចាត់ចែងលូកដៃទៅបើកទ្វារនៅមុខរានហាល។ ស្លាប់ហើយ!!! ខ្ញុំដាក់គន្លឹះជាប់នេះណ៎ា! នឹកឃើញភ្លាមបែបនេះ ខ្ញុំក៏រត់ទៅរកបង្អួច។ លុះពេលបើកបង្អួចឈានជើងម្ខាងចូលទៅ ក៏ទទួលអារម្មណ៍ថាជើងខ្ញុំកំពុងជាន់លើអ្វីទន់ៗ ដូចជាកន្លែងដេក… ហ៊ើយ! ខ្លួនសើមជោគយ៉ាងនេះចូលយ៉ាងម៉េចទៅ តិចសើមកន្លែងដេកអស់!!!
អូ៎យយយយយ!!! ល្ងីល្ងើមែន! ហេតុអីក៏ខ្ញុំក្លាយជាមនុស្សបែបនេះ? ច្រឡោះបោះ ឡេះឡោះ ធ្វើអីមិនគិតមុខគិតក្រោយសោះ!!! ឥឡូវធ្វើយ៉ាងម៉េចទៅ???
ខ្យល់ត្រជាក់បក់មកមួយភឹប ធ្វើឲ្យព្រឺរងាដល់ឆ្អឹងខ្នង មាត់ប្រហែលជាឡើងពណ៌ខៀវស្លាំងហើយ ដៃចាប់កាន់បង្អួចជាប់ ចិញ្ចើមជ្រួញចូលគ្នា ឱនមុខចុះបន្តិច ហើយគ្រប់យ៉ាងក៏ភ្លឺត្រចះឡើងនៅក្នុងខួរក្បាល។
«អឺ… យ៉ាងម៉េចក៏យ៉ាងម៉េចទៅ គ្មាននរណាឃើញទេ!»
ខ្ញុំស្រាតខោអាវចេញទាំងអស់ យកទៅដាក់ពាក់នៅលើបង្កាន់ដៃរានហាល ហើយឈានជើងចូលមកជាន់លើគ្រែដេក អឺ… មិនភ្លេចដើរង៉ុកៗឆ្លងកាត់ភាពងងឹត ទៅទាញយកកន្សែងពោះគោដែលព្យួរនៅម្ខាងទៀតនៃបន្ទប់មកជូតខ្លួនយ៉ាងប្រញាប់ ហើយក៏រុំសក់ក្បាលទុកការពារមិនឲ្យសើមខ្នើយ។
រួចរាល់ហើយប៉ុណ្ណេះ! ខ្ញុំក៏ត្បុលខ្លួនចូលទៅក្រោមភួយ ដូចអ្នកដទៃទៀតដែលកំពុងនាំគ្នាធ្វើនៅពេលនេះ។
«ស្អែកនេះនឹងបានសប្បាយហើយ!»
ហើយគ្រប់យ៉ាង ក៏ស្ងប់ស្ងាត់ទៅក្នុងភាពលង់លក់ នៃពេលវេលាដែលសេសសល់ ក្នុងយប់នោះ៕
ភ្លៀងពិស ខែ តុលា 15, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, រឿងខ្លី.1 comment so far
ភ្លៀងធ្លាក់ទៀតហើយ!
ហេតុអ្វី គ្រប់ពេលដែលមានភ្លៀងធ្លាក់ម្តងៗ ខ្ញុំតែងទទួលអារម្មណ៍ឈឺពើតផ្សា អួលណែន ពេញដើមទ្រូងយ៉ាងនេះ?
ភ្លៀងធ្លាប់ជាទីសោមនស្សសម្រាប់ខ្ញុំ ធ្លាប់ជាទឹកមន្តសណ្តំហឫទ័យខ្ញុំឲ្យរីករាយ តែពេលនេះភ្លៀងគ្រប់តំណក់ត្រឡប់ក្លាយជាតំណក់ពិស ទន្ទ្រានជ្រួតជ្រាបចូលបំផ្លាញបេះដូងខ្ញុំ ឲ្យចុកចាប់រីងរៃស្ទើរស្លាប់ស្ទើររស់។
ភ្លៀងក្លាយជាចុងកាំបិតដ៏មុតស្រួចចាក់ទម្លុះបេះដូងខ្ញុំ។ តំណក់ភ្លៀងប្រៀបបាននឹងតំណក់ឈាម ដែលស្រក់ចេញពីស្នាមរបួសបេះដូង។ ភ្លៀងស្រក់កាន់តែខ្លាំងហើយយូរប៉ុណ្ណា បេះដូងខ្ញុំក៏កាន់តែឈឺផ្សានិងវេទនាប៉ុណ្ណោះ។
ក្ឌុង…!!!
សំឡេងផ្គរលាន់និងរន្ទះបាញ់លាន់សូរឆាំងៗ ធ្វើឲ្យញ័ររញ្ជួយកក្រើកបន្ទប់និងបន្តឮងឺងទ្រហឹងដល់ក្នុងត្រចៀក។ ខ្ញុំស្ទុះភ្ញាក់មមីងមមាំងកណ្តាលយប់ងងឹត ទ្រនិចភ្លើងហ្វានៅលើនាឡិកាដៃចង្អុលម៉ោង០២និង១៧នាទី…
វូ! វូ!… ព្យុះភ្លៀងកំពុងសម្តែងឫទ្ធិ ប្រយុទ្ធបោកបក់គម្រាមផែនពសុធា ឲ្យញ័ររញ្ជួយគ្រប់ទិសទី។ សន្ធឹកខ្យល់បោកកួចយកចំហាយត្រជាក់ មកសន្ធប់ដាក់សព្វសត្វឲ្យព្រឺរងាញ័រអស់អង្គប្រាណ។
គ្រែដេករបស់ខ្ញុំស្ថិតជាប់នឹងមាត់បង្អួច ដែលខ្ញុំមិនដែលបិទវាឡើយ ព្រោះទុកមើលមេឃមើលផ្កាយ មើលដួងខែនារាត្រីកាល មុនពេលចូលដេករៀងរាល់យប់។ តែយប់នេះមិនបិទមិនបានទេ ព្រោះលំអងភ្លៀងកំពុងសាចជះមកលើផ្ទៃមុខត្រជាក់ស្រេប ត្រូវតែប្រញាប់ស្រវាចាប់ទាញក្តារបង្អួចទាំងពីរមកបិទផ្ទប់គ្នាជាបន្ទាន់។
នៅពេលបង្អួចបិទជិតអស់ សំឡេងធម្មជាតិក៏ស្ងប់ស្ងាត់ចុះបន្តិច តែបេះដូងខ្ញុំត្រឡប់ជាញ័ររញ្ជួយនឹងភាពងងឹត ដែលមិនអាចមើលអ្វីឃើញនៅខាងក្រៅ។ ភាពងោកងុយក៏រសាត់បាត់ទៅមួយរំពេច តែចិត្តមួយត្រឡប់ជាឆ្ងល់នឹងខ្លួនឯងថា ហេតុអ្វីពេលនេះខ្ញុំមានអារម្មណ៍ខ្លាចភ្លៀង ខណៈដែលភ្លៀងធ្លាប់នាំភាពសុខក្សេមក្សាន្តមកឲ្យ?
ទេ!… ច្បាស់ក្នុងចិត្តហើយ ខ្ញុំមិនបានខ្លាចភ្លៀងទេ តែខ្ញុំខ្លាចការរើកន្លែងដេក រើភួយខ្នើយយកទៅហាលនៅថ្ងៃស្អែកទៅវិញតើ! ខ្ញុំសម្រេចចិត្តក្រោកមកឈរនៅមុខបង្អួច ត្រៀមដៃទាំងពីរបម្រុងនឹងរុញបន្ទះក្តារបង្អួចឲ្យបើកចំហជាថ្មី តែ… អឺ… កុំល្អជាង! នាំតែផ្តាសាយពិបាកកាន់តែខ្លាំងទេ។ គិតដូច្នេះហើយខ្ញុំក៏លោតឡើងលើគ្រែម្តងទៀត ហើយទាញភួយដែលនៅចុងជើងមកដណ្តប់ដេកសាជាថ្មី។
បិទភ្នែក១០វិនាទីកន្លងទៅ… ២០វិនាទី, ៣០វិនាទី ត្របកភ្នែកបិទជិតតែត្រចៀកនៅស្តាប់ឮសំឡេងភ្លៀងធ្លាក់និងខ្យល់បក់ ដែលគ្រប់វិនាទី វាហាក់ដូចជាកំពុងសម្តែងឫទ្ធិដ៏ឆ្កួតលីលា បង្កកំហឹងដាក់នរណាម្នាក់ឲ្យចេញទៅប្រឈមមុខតទល់នឹងវា ហើយ… ហើយនឹងមានអ្វីកើតឡើង?
មើលចុះ! គ្រាន់តែគិតអ៊ីចឹងភ្លាម ខ្ញុំក៏ក្រោកអង្គុយឆ្កុបឡើងក្នុងកាយវិការដើម ហើយយកដៃទាំងពីរទៅចាប់រុញបង្អួចឲ្យចំហជាថ្មី ដោយមិនចង់គិតពីផលល្អផលអាក្រក់ ដែលនាំឲ្យកើតអារម្មណ៍ភ័យខ្លាច។
គ្រាំង… !!! ខ្យល់បក់បង្អួចផ្ទប់ជញ្ជាំងយ៉ាងខ្លាំង ដៃខ្ញុំស្ថិតនៅក្នុងសភាពត្រៀមនឹងរុញបង្អួចចេញដដែល។ លំអងភ្លៀងជះសាចដាក់មុខព្រាកៗ រហូតខ្ញុំត្រូវបិទភ្នែកព្រឹមៗម្តងៗ…
តែហេតុអ្វីបេះដូងខ្ញុំហាក់ដូចជារីកមាឌឡើង ហើយរំភើបរីករាយនឹងការដែលបានធ្វើបែបនេះហ្ន៎… នៅមិនអស់ចិត្ត ខ្ញុំក៏ក្រោកឈរឡើង ហើយលោតចេញតាមបង្អួច ទៅឈរនៅរានហាលខាងក្រៅ។
ខ្ញុំទាញបង្អួចផ្ទប់ ហើយអង្គុយសណ្តូកជើងចុះកណ្តាលយ៉រានហាល ដោយមិនខ្វល់ថាខោអាវឬខ្លួនប្រាណនឹងជោគជាំយ៉ាងណា តែបែរជាខំព្យាយាមងើយក្បាលមើលទៅលើមេឃ។ ម៉េចក៏ពិបាកយ៉ាងនេះ? ហេតុអ្វីភ្លៀងត្រឡប់ក្លាយជាឧបសគ្គសម្រាប់ខ្ញុំ ក្នុងការសម្លឹងមើលលំហមេឃទៅវិញ ទាំងដែលវាគ្មានជីវិត វាគ្រាន់តែជាទឹក ជាតំណក់ទឹក… តែហេតុអ្វីខ្ញុំមិនអាចយកឈ្នះតំណក់ទឹកដែលមានរាប់រយលានតំណក់នេះបាន?
ខ្លួនខ្ញុំសើមជោគ អាការរងាញ័រក៏ចាប់ផ្តើមបញ្ចេញឫទ្ធិ។ ខ្ញុំទទួលអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងដែលគ្មានអ្នកណាមើលឃើញ ព្រោះអីពេលនេះគ្រប់គ្នាក៏ប្រហែលជាកំពុងដេកឃ្លុំភួយយ៉ាងមានសេចក្តីសុខជាមិនខាន តែប្រសិនបើមានអ្នកមើលឃើញ ម្នាក់នោះគួរឲ្យស្អប់ខ្លាំងណាស់ឬសមមុខហើយដែលមិនស្គាល់ដេកស្គាល់ពួន តែបែរជាចចេសមកអង្គុយហាលភ្លៀងឲ្យរងាញ័រថ្គាមលេងៗ។
ខ្វាប់ៗ… !!! ក្ឌាំង!!!… រាងកាយខ្ញុំកន្ត្រាក់ភ្ញាក់ព្រើតជាលើកទីពីរ។ រន្ទះបាញ់ផ្ទុះកំហឹងលាន់សូររញ្ជួយប្រថពី ព្រមជាមួយផ្លេកបន្ទោរជះពន្លឺឆ្វេចឆ្វាច បណ្តាលឲ្យឃើញរូបភាពដែលស៊ាំភ្នែករាល់ពេលរាល់ថ្ងៃបានមួយភ្លែត ហើយគ្រប់យ៉ាងក៏ងងឹតស្លុបវិញ។
ពេលនេះភាពរងាញ័រញាក់ កំពុងបន្ថែមឥទ្ធិពលទន្រ្ទានរាងកាយខ្ញុំកាន់តែខ្លាំង ដែលធ្វើឲ្យខ្ញុំដឹងថាទាំងដៃទាំងមុខមាត់ ប្រហែលជាឡើងពណ៌ស្វាយស្លាំងដូចខ្មោចឆៅទៅហើយ។ ខ្ញុំទទួលអារម្មណ៍ចាប់រងាត្រជាក់ស្រឺតៗ ជ្រាបចូលបន្តិចម្តងៗរហូតទៅដល់ជម្រៅបេះដូង។ ទាំងរងាទាំងញ័រញាក់រណ្តំថ្គាម… តែហេតុអ្វីក៏រាងកាយខ្ញុំគ្មានប្រតិកម្ម ដើម្បីត្រឡប់ចូលទៅក្នុងបន្ទប់វិញអ៊ីចឹង?
អារម្មណ៍នោះប្រៀបដូចនឹងមនុស្សញៀនថ្នាំ ដែលកំពុងត្រូវការគ្រឿងញៀនជាបន្ទាន់បំផុត តែត្រឡប់ជាក្រឡេកទៅខាងណាក៏គ្មានថ្នាំ គ្មានអ្វីទាំងអស់។ ខ្ញុំក្តាប់មាត់ខាំធ្មេញព្យាយាមទប់ខ្លួនក្រោកឈរឡើង ហើយយកដៃច្រត់បង្កាន់ដៃរានហាលរួចគិតថា…
«យប់នេះបើបើកភ្នែកមើលមេឃមិនឃើញ នឹងមិនចូលដេកដាច់ខាត!!!»
ខ្យល់នៅតែមានកម្លាំង បន្តបក់បោកវិលវល់ជុំវិញអន្ទេវាសិកដ្ឋាន ហាក់ដូចជាមិនចេះក្រែងចិត្តម្ចាស់លំនៅបន្តិចសោះ។ វាជ្រុលពេកទេដឹង!! (គិតនៅក្នុងចិត្ត)… ហើយមាត់ក៏ចាប់ផ្តើមញ័រទទ្រើកនិងរាលដាលទៅដល់ថ្គាម ធ្វើឲ្យឮសំឡេងធ្មេញប៉ះទង្គិចគ្នាលាន់សូរ «គឹកៗៗៗ…» រណ្តំនៅក្នុងត្រចៀក។
ហេតុអ្វីខ្ញុំហាមឃាត់មាត់មិនឲ្យញ័រមិនបាន? ម៉េចក៏ខ្ញុំបង្គាប់អ្វីមិនបានសោះអ៊ីចឹង ទាំងដែលនេះជារាងកាយរបស់ខ្ញុំសោះហ្នឹង? ឲ្យធ្វើយ៉ាងម៉េចទើបមិនរងា? មិនស្លាំង? មិនញ័រ? មិនកញ្ជ្រោលជ្រើមជ្រួល មកឈរបង្កជម្លោះជាមួយភ្លៀងផ្គរនៅត្រង់នេះ? តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ??? ចុះហេតុអ្វីក៏ខ្ញុំត្រូវមកឈរអ៊ីចឹង បើវាទាំងរងា ទាំងញ័រ ទាំងស្ពឹក? ខ្ញុំចាប់ផ្តើមមានអារម្មណ៍រារែកឡើងមួយរំពេច នៅពេលនឹកឃើញថា…
«ខ្ញុំមកឈរនៅត្រង់នេះធ្វើអី? ម៉េចក៏មិនចូលទៅដេកទៅ?»
«មែនហើយ! ចូលទៅដេកទៅ គ្រប់យ៉ាងនឹងល្អឡើងដោយខ្លួនឯង!!» តែ…
«បើត្រឡប់ទៅដេក នឹងមិនបាននៅហាលភ្លៀង! មិនបានរងា មិនបានញ័រ មិនបានស្ពឹក មិនបានស្លេកស្លាំង ទៅហើយទេ!!?»
អេ៎… នឹងសម្រេចចិត្តបែបណាល្អនៀក!!? អូ៎… គឺធ្វើតាមគំនិតដំបូងនោះហើយ ទើបមិនធ្វើឲ្យក្រោកយឺត! អឺមមម… តែបើធ្វើតាមគំនិតទីពីរបន្តទៅទៀតក៏ល្អហ្ន៎ះ ព្រោះនឹងបានដឹងថាខ្លួនឯងអាចស៊ូទ្រាំនឹងឧបសគ្គដែលខ្លួនកំពុងប្រឈមជាមួយបានយូរប៉ុណ្ណា?…
(«ឆ្កួតហើយ!») ហេតុអ្វីត្រូវធ្វើតាមគំនិតទីពីរ? មានប្រយោជន៍អីទៅ? តែនេះជាពេលវេលាមួយដែលខ្ញុំអាចផ្តិតយកទឹកភ្លៀងឲ្យជ្រួតជ្រាបចូលបេះដូង ក្នុងបរិយាកាសមួយដែលហាក់ដូចជាមានតែខ្លួនឯងម្នាក់នៅក្នុងលោកនេះ! មិនល្អឬ យប់ស្អែកនេះក៏មិនដឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបែបនេះឬក៏អត់ផង បើដូច្នេះពេលវាមានក៏គួរតែឆ្លៀតឱកាសឲ្យហើយទៅ… ហ៊ើយ! ចិត្តពីរចិត្តបីឈ្លោះទាស់ទែងគ្នា វង្វេងវង្វាន់អស់ហើយ!!! តើខ្ញុំត្រូវធ្វើយ៉ាងណាល្អហ្ន៎…???
[ចាំអានតណ៎ា! មិនដឹងថាខ្ញុំជិតឆ្កួតឬឡប់ទេ
នៅសុខៗក៏កើតអារម្មណ៍ផ្តេសផ្តាសនេះចេញមក? យ៉ាងណាៗចាំអានតណា ព្រោះអ្នកនិពន្ធវិកលចរិតមិនទាន់បាត់ផ្តាសាយ ដោយសារតែយប់ថ្ងៃនោះផងទេ...
]
ទឹកភ្នែកអ្នកក្រ ខែ កញ្ញា 22, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទស្សនៈសង្គម, រយពាន់យោបល់.9 comments
បើតាមខ្ញុំស្មានមិនខុសទេ រយៈពេលនេះគឺជាពេលដែលសាកលវិទ្យាល័យនានា នៅភ្នំពេញកំពុងត្រៀមខ្លួនឬបានចាប់ផ្តើមចូលរៀនជាបណ្តើរៗហើយ។ រយៈពេលនេះគឺជារយៈពេលទឹកភ្នែករបស់អ្នកក្រ អ្នកក្រដែលជានិស្សិតតោកយ៉ាក មកពីតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំនៅចាំបានថា កាលខ្ញុំទៅចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យភ្នំពេញនៅថ្ងៃដំបូង ខ្ញុំបានជួបហេតុការណ៍ដ៏អាណោចអាធមនិងគួរឲ្យស្អប់ខ្ពើមមួយ ដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកជំនួសអ្នកដែលរងគ្រោះ។ នៅថ្ងៃនោះមាននិស្សិតម្នាក់មកពីខេត្តកំពត ដែលជាប់អាហារូបករណ៍នៅដេប៉ាតឺម៉ង់ទេសចរណ៍ បានទៅសុំការអនុគ្រោះពីគ្រូដែលទទួលបន្ទុកដើម្បីពន្យារពេលបង់ប្រាក់ ព្រោះនិស្សិតអាហារូបករណ៍ទេសចរណ៍ត្រូវបង់ប្រាក់បន្ថែម ប្រមាណជា៦០ដុល្លាក្នុងមួយឆ្នាំបើខ្ញុំចាំមិនខុស។
និស្សិតម្នាក់នោះមានរាងស្គមខ្ពស់សម្បុរខ្មៅ គឺជាកូនអ្នកស្រែសុទ្ធសាធ ដែលខិតខំពុះពារធ្វើដំណើរផ្សងព្រេងមកទីក្រុង ដើម្បីគ្រាន់តែចង់ស្វែងរកពន្លឺជីវិតថ្មីសម្រាប់ខ្លួនប៉ុណ្ណោះ។ គេនិយាយសម្តីសុភាពមួយៗ ទៅកាន់គ្រូទទួលបន្ទុកដើម្បីជួយពន្យារពេល ឲ្យដល់ខែក្រោយទើបគេមានលទ្ធភាពបង់។ ផ្ទុយស្រឡះពីសម្តីរបស់អ្នកមានការអប់រំខ្ពស់ គ្រូម្នាក់នោះប្រើសម្តីគ្រោតគ្រាតសម្លុតប្រមាថដូចនិយាយទៅកាន់ខ្ញុំកញ្ជះ។ គ្រូនោះថាហេតុអីទើបចាំខែក្រោយបានបង់? បើមិនបង់ក្នុងពេលនេះទេ អាហារូបករណ៍នឹងត្រូវកាត់ផ្តាច់!!! ចុះពេលនេះម៉េចក៏គ្មានលុយ??? ម៉េចចាំខែក្រោយបានមាន???
សិស្សនោះតបដោយសម្តីភ័យៗតតាក់តតុប ព្រោះតែការសម្លុតដោយសម្តីខ្លាំងៗរបស់គ្រូដែលមានការអប់រំខ្ពស់ម្នាក់នោះ។ គេតបថា ពុកម៉ែឈឺទើបតែចំណាយលុយព្យាបាលហើយ ទើបគ្មានលុយ។ គ្រូនោះសួរទៀតថា មានបងប្អូនប៉ុន្មាននាក់? មានអ្នកធ្វើការទេ? មិនដឹងប៉ុន្មាននាក់ខ្ញុំចាំមិនច្បាស់ គ្រាន់តែចាំថា គេមានបងប្រុសម្នាក់ធ្វើការ(នៅភ្នំពេញ?)។ គ្រូនោះក៏បន្តថា អ៊ីចឹងឲ្យបងប្រុសនោះរកលុយជួយសិនមក ព្រោះពេលនេះសាលាកំពុងបន្ទាន់?!!! ឬបើមិនអ៊ីចឹងឲ្យពុកម៉ែលក់គោក្របី លក់ដីលក់ស្រែយកលុយមកបង់សាលាសិនមក!!! ឬក៏ឲ្យពុកម៉ែទៅខ្ចីលុយបងប្អូនណាដែលមានលុយឲ្យសិនក៏បាន!!!
ស្តាប់មើលចុះសម្តីរបស់គ្រូដែលមានការអប់រំម្នាក់! គ្រាន់តែឮសម្តីនេះខ្ញុំស្រក់ទឹកភ្នែកប៉ាត់ៗជំនួសគេ។ ខ្ញុំឈរសម្លឹងហេតុការណ៍នេះមិនដាក់ភ្នែក ខ្ញុំខឹងខាំមាត់ក្តាប់ដៃជំនួសគេ ខ្ញុំស្ទើរតែទៅទះតុចង្អុលមុខស្តីឲ្យគ្រូនោះនៅមុខនិស្សិតទាំងអស់ភ្លាមៗ តែដោយខ្លាចភាពគ្មានសុជីវធម៌របស់ខ្ញុំ ធ្វើឲ្យអនាគតរបស់ខ្លួនត្រូវរលាយ ទើបខ្ញុំមិនខំប្រឹងយកពងមាន់ទៅជល់នឹងថ្មទេ។ គ្រូស្អីគ្មានវិចារណញ្ញាណសោះ!!! នេះដល់ថ្នាក់បង្គាប់ឲ្យនិស្សិតទៅប្រើម៉ែឪ ឲ្យលក់ដីលក់ស្រែនិងដើរខ្ចីបុលគេទៅវិញ??? មិនដឹងថាគ្រូបែបនេះ នៅស្រុកខ្មែរមានប៉ុន្មាននាក់ទេ???
ខ្ញុំក៏ជាកូនអ្នកក្រម្នាក់ដែរ ដូច្នេះខ្ញុំយល់ពីអារម្មណ៍របស់ជីវិតនិស្សិតក្រីក្រដូចគ្នា។ ឆ្នាំនេះខ្ញុំមានប្អូនម្នាក់ត្រូវមករៀននៅភ្នំពេញដូចគ្នា តែវាប្រឡងអាហារូបករណ៍មិនជាប់ទេ ព្រោះបានត្រឹមនិទ្ទេសDប៉ុណ្ណោះ។ រៀនបង់ប្រាក់ឬ? ពិតជាមិនអាចទៅរួចទេ! ម៉ែគ្មានសមត្ថភាពនឹងរកប្រាក់ឲ្យបង់សាលាបានទេ។ ត្រឹមម៉ារស់ពិបាកទៅហើយ ចុះទម្រាំត្រូវរកលុយមួយឆ្នាំ៤,៥រយដុល្លា សម្រាប់បង់សាលាទៀត?
សម្រាប់ខ្ញុំអាចជួយគេបានបន្តិចបន្តួចប៉ុណ្ណោះ ហើយមិត្តភក្តិនិងសង្សាររបស់គេអាចជួយបានបន្តិចបន្តួចទៀត ដូច្នេះឆ្នាំទី១គេអាចឆ្លងទៅផុត។ តែឆ្នាំបន្តបន្ទាប់គេធានាថានឹងរ៉ាប់រងដោយខ្លួនឯង ព្រោះគេនឹងរកការងារធ្វើ(?)។
ខ្ញុំនៅចាំបានថា កាលសម័យខ្ញុំនៅរៀន ខ្ញុំជានិស្សិតអាហារូបករណ៍រស់នៅផ្ទះបងប្អូន ហើយមិនត្រូវការលុយបង់សាលាផង គឺគ្រាន់តែត្រូវការលុយបន្តិចបន្តួចដើម្បីទិញឯកសាររៀន និងបាយទឹកហូបចុក។ គ្រាន់តែប៉ុណ្ណឹង ម៉ែក៏មិនអាចរកលុយជួយផ្គត់ផ្គង់ខ្ញុំបានផង សង្ឃឹមអីនំបញ្ចុកមួយកញ្ជ្រែងតូច លក់មួយថ្ងៃបានប៉ុន្មាន? ព្រោះតែខ្លាចម៉ែជំពាក់បំណុលគេ ខ្លាចម៉ែដើរខ្ចីលុយគេឲ្យកូនរៀន ទើបខ្ញុំសម្រេចចិត្តមករៀននៅប្រទេសលាវទាំងបង្ខំចិត្ត។
The Last Day ខែ កញ្ញា 13, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, មិត្តគឺខ្ញុំ, រូបភាព-រូបថត.5 comments


































