jump to navigation

នំបញ្ចុក​ក្នុងផ្នត់​គំនិត​ខ្មែរ ខែ កក្កដា 13, 2009

Posted by ផ្កាយ​Novels in ចំណេះដឹងទូទៅ, វប្បធម៌ប្រពៃណី, អាហារខ្មែរ.
4 comments

ក្នុង​បំណង​ជួយផ្សព្វផ្សាយ​វប្បធម៌ជាតិ

          «នំបញ្ចុក​» គឺ​ជា​មុខ​ម្ហូប​មួយ​ប្រភេទ​ កើត​ឡើង​ដោយ​ការ​រួម​ផ្សំ​អំពី​ភោគ​ផល​ ដែល​មាន​សម្បូរ​ហូរ​ហៀរ​នៅ​ក្នុង​ប្រទេស​ពិតៗ សម្រាប់​ស៊ី​ចុ​ក​បន្ទាប់​ពី​បាយ​ដែល​ជា​អាហារ​ប្រចាំ​ថ្ងៃ​ ប្រកប​ដោយ​រស​ជាតិ​ប្លែក​ មាន​ជីរ​ជាតិ​សំខាន់​ច្រើន​យ៉ាង​ ដោយ​សារ​គ្រឿង​ផ្សំ​ផ្សេងៗ​ដទៃ​ទៀត​ មា​នទឹក​សម្ល​ និង​របោយ​បន្លែ​ ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ និងតាម​តំបន់​នីមួយៗ។

          នំបញ្ចុកផលិត​ចេញ​ពី​ម្សៅអង្ករ​ ដែល​បាន​ម​ក​ពី​រុក្ខជាតិ​មួយ​ប្រភេទ​ ហៅថា«ស្រូវ»។ តាម​ជំនឿ​ជា​ប្រពៃ​ណី​ពីបុរាណ​ របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ចាត់​ទុក​«ស្រូវ» ជា​វត្ថុ​មាន​គុណ​បំណាច់​ខ្ពស់​ក្នុងការ​ចិញ្ចឹម​មនុស្ស​លោក​ រហូត​ប្រសិទ្ធិ​ឈ្មោះ​ផ្សេង​ទៀត​ថា «ព្រះមេរុ ឬប្រពៃស្រព» ហើយ​ដើម្បីជា​ការ​​រំឭក​ដល់​គុណ​ប្រយោជន៍​នៃ​វត្ថុ​ដ៏​ថ្លៃ​ថ្លា​នេះ​ ទើប​ប្រជាជន​ខ្មែរ​ចូល​ចិត្ត​យក​ចំណី​ចំណុក​ជា​កត្តា​សំខាន់​ក្នុងការ​ប្រគេ​ន​ភត្តាហារ​ចំពោះ​ព្រះសង្ឃ និង​ជា​អាហារ​សម្រាប់​លាង​ភ្ញៀវ​នៅក្នុង​​ឱកាស​បុណ្យ​«ដារលាន»​ ដែល​ជាពិធី​រំឭក​គុណ​ព្រះអគ្គី ព្រះ​ធរណី ព្រះ​គង្គា និង​ព្រះ​ពាយ​ផងដែរ ក្រោ​យ​ពីការ​ច្រូត​កាត់​​ប្រមូល​ផល​ស្រូវ​ទុក​ដាក់​រួច​រាល់​ហើយ។

ទន្ទឹម​នឹង​នេះ​ ចំណី​នំ​បញ្ចុក​ក៏​បាន​វិវត្តន៍​តួនាទីយ៉ាង​សំខាន់​ខ្លាំងឡើង​ថែម​ទៀត​​​ ទៅ​តាម​និយម​​​ចំណង់​ចំណូល​ចិត្ត​របស់​ប្រជាជាតិ​​ សឹងជា​ចំណី​ពេល​ព្រឹក​ ពេល​រសៀល​ ពេល​ល្ងាច​ ឬប្រើ​ជំនួស​បាយ​ម្តង​ម្កាល​ថែម​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​នំ​បញ្ចុក​កាន់​តែ​បាន​ទទួល​នូវ​ការ​និយម​ជា​ទូទៅ​ និង​ខ្លាំង​ឡើង​ទៀត​ក្នុង​គ្រប់​ស្រទាប់​ប្រជា​ជន​ ដែលបាន​កែ​ច្នៃគ្រឿង​ផ្សំ​សម្រាប់​ស៊ី​ចុក​បាន​ជា​ច្រើន​មុខ​ថែម​ទៀត ដូច​ជា​ទទួល​ទាន​ជាមួយ​សម្ល​ខ្ទិះ​(ការី) ផ្ទាប់​ជាមួយ​សាច់​ផ្សេងៗ​ដែល​អម​ទៅ​ដោយ​ទឹក​គ្រឿង​ជាដើម។ ដោយ​សារ​មាន​សារៈសំខាន់​ដូចនេះ​ហើយ ទើប​បាន​ជា​«ការ​ធ្វើ​នំបញ្ចុក» ក្លាយ​ជា​មុខ​របរ​មួយ​ដ៏​ប្រសើរប្រចាំ​ជីវភាព​គ្រួសារ​ ព្រោះ​ជា​របរ​មួយ​សាមញ្ញ​ ប្រើ​ប្រាស់​នូវឧបករណ៍​ធម្មតា​ ដែល​ជួន​កាល​គេ​អាច​កែ​ច្នៃ​ធ្វើ​ដោយ​ខ្លួន​ឯង​បានដូចជា៖ ប៉ែន កញ្ជ្រែង កញ្ជើ កន្ត្រង​ ត្បាល់​បុក​ ត្បាល់​ជាន់ ត្បាល់​កិន​ជាដើម។ ម្យ៉ាង​ទៀត​ពុំ​ចាំ​បាច់​មាន​ចំណេះ​វិជ្ជា​ជ្រៅ​ជ្រះ​ផងទេ គឺ​ប្រើ​ប្រាស់​ត្រឹម​កម្លាំង​កាយ​ និង​ការ​អំណត់ ឧស្សាហ៍​ព្យាយាម និង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ផ្ទាល់​ជាមួយ​អ្ន​កចេះ​តែ​បីបួន​ដង​ប៉ុណ្ណោះ។

Nom Banjok

អំពីជំនឿទាក់ទងនឹងការធ្វើនំបញ្ចុក

ដូច​បាន​​ជម្រាប​ខាង​លើ​រួច​មក​ហើយ​ថា​ ប្រជា​ជាតិ​កម្ពុជា​មាន​វប្បធម៌​អរិយ​ធម៌​ខ្ពង់​ខ្ពស់​ សម្បូរ​​ទំនៀម​ទម្លាប់​​និង​ប្រពៃ​ណី​ផ្សេងៗ។ យ៉ាង​ណា​មិញ​រាល់​ការ​សាង​សង់​ បង្កើត​ផលិត​នូវ​អ្វី​មួយ​សុទ្ធ​សឹង​មាន​វិធី​ផ្តើម​ ឬតំណម​ខ្លះៗ​ជាដរាប។ ក្នុង​ការ​ផលិត​នំ​បញ្ចុក​ក៏​មាន​ពិធី​បន្តិច​បន្តួច និងតំណម​ខ្លះ​ៗ​ដែរ ដែល​ទន្ទឹម​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង​សមត្ថភាព​របស់​រូប គឺ​នៅ​មាន​ពឹងលើ​កម្លាំង​ខាង​ក្រៅ​ផង​ដែរ។ មុន​នឹង​ចាប់​ផ្តើម​ អ្នក​ផលិត​តែង​អុជ​ទៀន​ធូប ​អម​ដោយ​ដង្វាយ​ជា​សំណែនបន្តិច​បន្តួច​ មាន​នំនែក​ផ្លែ​ឈើ​ស្លា​បារី បន់​ស្រន់​ចំពោះ​ទេវតា អ្នក​តា​ ឬម្ចាស់​ទឹក​ដី សុំ​ឲ្យ​ជួយ​ថែរក្សា​សុំ​ឲ្យ​បាន​សេច​ក្តី​សុខ​ចម្រើន​ក្នុង​មុខ​របរ​របស់​ខ្លួន។

ចំពោះ​តំណម​អ្នក​ធ្វើ​នំ​បញ្ចុក​ បាន​ប្រកាន់​ជំនឿខ្លះៗ​ទៅតាមចំណាំ​រៀងៗ​ខ្លួន​ រហូត​ដល់​គេ​អះ​អាង​ថា មាន​ភាព​សក្តិ​សិទ្ធ​​ទៀត​ផង។ គឺ​នៅ​ពេ​ល​កំពុង​ធ្វើ​គេ​តម​មិន​ឲ្យ​មាន​ឈ្លោះ​ប្រកែក​គ្នា មិន​ឲ្យ​យក​ភ្លើង​ពី​ជើងក្រាន​បន្ត​ទៅក្រៅ​ឬអុជ​បារី​ យក​អ្វី​មក​ដុត​អាំង​ចម្អិន​នៅ​ក្នុងជើងក្រាន​នោះ​ជាដើម។ ប្រសិន​បើ​ប្រព្រឹត្ត​​កន្លង​ប្រការ​ណា​មួយ​នោះ នឹង​នាំ​បណ្តាល​ឲ្យមាន​​បាតុភូតផ្សេងៗ​ដូចជា​ នំ​ធ្វើ​ពុំ​បាន​​ល្អ ម្សៅជ្រាយ​​ជ្រុល ឬសរសៃ​នំ​ផុយ​ដាច់ៗ​ជាដើម។

khmer-noodle

សម្លប្រហើរនំបញ្ចុក

*គ្រឿង​ផ្សំ

ត្រី​ឆ្អើរ ​ឬសាច់​ត្រីស្រស់ស្ងោរឆ្អិន​​ ប្រហុក​ ស្លឹក​គ្រៃ ខ្ទឹម​ស ខ្ជាយ រមៀត អំបិល ស្ករ។

*វិធីស្ល

១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះ​យក​សាច់​ឲ្យ​ល្អិតៗ។

២.​ ស្លឹក​គ្រៃ​ហាន់ល្អិតៗបុក​ឲ្យ​ម៉ត់ ដាក់​ខ្ទឹមស​ ខ្ជាយ​ រមៀត បុក​លាយ​ជាមួយ​គ្នា។

៣.​ យក​សាច់​ត្រី​ដែល​បេះ​រួច​មក​បុក​លាយ​ជាមួយ​គ្រឿង។

៤. ដាំ​ទឹក​ឲ្យ​ពុះ​ ជ្រុំ​ប្រហុក​ រួច​បង់​សាច់​ត្រី ដែល​បុក​លាយ​ជាមួយ​គ្រឿង។

៥. ដាំ២-៣អំពុះ​ទើប​បង់​អំបិល ស្ករ ភ្លក្ស​តាម​ចូលចិត្ត​ជាការ​ស្រេច។

*សម្ល​ប្រហើរ​របៀប​នេះ​សម្រាប់​ញ៉ាំជាមួយ​នំបញ្ចុក។

សេចក្តីសន្និដ្ឋាន

សិល្បៈ​នៃ​ការ​ដាំ​ស្ល​ធ្វើ​ម្ហូប​អាហារ សម្រាប់​ទ្រទ្រង់​ជីវិត​របស់​ជនជាតិ​ខ្មែរ មាន​ដើម​កំណើត​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ គឺ​បាន​ដើរ​ទន្ទឹម​គ្នា នឹង​ការ​កកើត​វប្បធម៌ដើម​មក​ម្ល៉េះ ហើយ​ដោយ​ការ​រីក​លូតលាស់​ខ្ពស់​ខាង​បញ្ញា​ស្មារតី​រួម​ផ្សំ និង​កត្តា​ឧស្សាហ៍​ព្យាយាម​របស់​ជនជាតិ​ខ្មែរ នាំ​ឲ្យ​ការ​ច្នៃប្រឌិត​ជីវភាព​​រស់​នៅក៏​កាន់​តែ​ប្រសើរ​ឡើង​ ជាលំដាប់​រហូត​រៀង​មក​បច្ចុប្បន្ន។

(យោង​ឯកសារ​របស់​លោក ចាន់ ភក្តី)

ប្រវត្តិនំឆាខ្វៃ ខែ ឧសភា 8, 2009

Posted by ផ្កាយ​Novels in ចំណេះដឹងទូទៅ, អាហារខ្មែរ.
1 comment so far

 

Chakwai

ឆាខ្វៃ​គឺ​ជា​នំ​ចិន​មួយ​ប្រភេទ​ ដែល​ខ្មែរ​យើង​និយម​ទទួល​ទាន​ជាមួយ​បបរ ទឹក​ដោះ​គោ កាហ្វេ ឬទទួល​ទាន​ទទេ​ក៏​បាន ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្សម្នាក់ៗ។​ សម្រាប់​ខ្ញុំ​ ក៏​ចូល​ចិត្ត​នំ​ប្រភេទមួយ​នេះ​ខ្លាំង​ណាស់​ដែរ តែ​មិន​ដឹង​ថា​នំ​នេះ​មាន​ដើម​កំណើត​​មក​ពី​ណា ហើយហេតុ​អ្វី បាន​ជា​ឈ្មោះ​ឆាខ្វៃ​នោះ​ដែរ។ រហូត​មក​ដល់​ថ្ងៃ​មួយ ពេល​បើក​វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ​ជួន​ណាត មក​ដល់​ទំព័រ៩៤៩ក៏​បាន​ប្រទះ​ពាក្យ​​​«យ៉ាវ​ឆាខ្វៃ​» ដែល​ជាឈ្មោះ​ពេញ​របស់​នំ​នេះ។

          វចនានុក្រម​ដដែល​នេះ​ បាន​ពន្យល់​ទៀត​ថា «យ៉ាវ​ឆាខ្វៃ» ជាពាក្យ​ចិនផ្សំ​ឡើង​ដោយ​​បី​ពាក្យ​គឺ យ៉ាវ«ខ្លាញ់» + ឆា«ចម្រាញ់» + ខ្វៃ«មនុស្សក្បត់ឈ្មោះខ្វៃ» > យ៉ាវ​ឆាខ្វៃ។ យ៉ាវ​ឆាខ្វៃ​គឺ​ឈ្មោះជា​នំ​ចិន​មួយ​បែប ជានំ​ដែល​គេ​ធ្វើ​ទុក​ឲ្យ​ជា​គ្រឿង​សម្គាល់ នូវ​រឿង​រ៉ាវ​នៃ​មនុស្ស​ក្បត់ផែន​ដី​ម្នាក់​ឈ្មោះ​ខ្វៃ ដែល​រាជការ​សឹក​ចិនបុរាណ​សម័យ​ព្រេង​នាយ បាន​ចាប់​យក​មក​ធ្វើ​ទារុណកម្មដោយ​អារ​សាច់​ទាំង​រស់ ចម្រាញ់​ធ្វើ​ជានំ​ឲ្យ​ឈ្មោះ​ខ្វៃ ស៊ីសាច់​របស់​វា ហើយ​គេ​ឲ្យ​ជាង​ឆ្លាក់​ថ្ម​ធ្វើ​ជារូបវា​ទុក​នៅទីមួយ​ជាសញ្ញាផ្ចាញ់​ផ្ចាល កុំ​ឲ្យ​ជន​ឯ​ទៀតៗយក​តម្រាប់​តាម, គេ​ឲ្យ​ធ្វើ​នំ​មួយ​បែប​ទុក​ជាភស្តុតាង​ ដើម្បី​ឲ្យ​បច្ឆាជន​ទាំង​ពួង​ស្គាល់​ឈ្មោះ​ជន​ក្បត់​ផែន​ដី​នោះតៗ​មក, គេ​ឲ្យ​ឈ្មោះ​នំ​នោះ​ថា យ៉ាវ​ឆាខ្វៃ«នំ​ចម្រាញ់​ខ្លាញ់​អាខ្វៃ»។

ចិន​នៅ​ប្រទេស​កម្ពុជា ពពាយ​នាយ​លក់​នំ​នេះ​ថា យ៉ាវឆាខ្វៃ! , អ្នក​ខ្លះ​ទៀត​ហៅ​នំ​នេះ​ថា នំ​ឆាខ្វៃ, អ្នក​ខ្លះ​ហៅ​នំប្រៃៗ ពីព្រោះ​នំ​នេះ​មាន​រសប្រៃ​បន្តិចៗ, អ្នក​ខ្លះ​ទៀត​ហៅ នំ​ប្រៃឡមៗ, គេ​ច្រើន​ប្រើ​បរិភោគ​ផ្សំជាមួយ​នឹង​កាហ្វេ ឬគុយ​ទាវ​ជាដើម តាម​ទម្លាប់​ប្រើ។ ចំណែករូប​ថ្មអាខ្វៃ​នោះ មាន​នៅប្រទេស​ចិន ដរាប​មក​ដល់​សព្វថ្ងៃ​នេះ៕​

ប្រវត្តិនំ​ផ្លែ​អាយ ខែ មីនា 25, 2009

Posted by ផ្កាយ​Novels in ចំណេះដឹងទូទៅ, ពីនេះពីនោះ, វប្បធម៌ប្រពៃណី, អាហារខ្មែរ.
12 comments
នំផ្លែអាយដែល​ខ្ញុំ​ធ្វើ​ញ៉ាំនៅលាវ(ខ្វះវត្ថុធាតុដើម)

នំផ្លែអាយដែល ខ្ញុំ ធ្វើ ញ៉ាំនៅប្រទេសលាវ(ខ្វះវត្ថុធាតុដើម)

នៅ​ស្រុក​គេ​យូរ​ ពេល​ខ្លះ​មាន​អារម្មណ៍​នឹក​ឃើញអ្វី​ៗ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ខ្មែរ​ៗ​ មិន​ថា​ជា​សិល្បៈដូរតន្ត្រី​ ភាពយន្ត​ ឬបុណ្យ​ប្រពៃណី​ជាតិ​នោះ​ទេ ចំណី​អាហារ​គឺ​ជា​ចំណុច​ចាប់​អារម្មណ៍​សំខាន់​មួយ​ដែល​ម្នាក់​ៗ​មិន​អាច​បំភ្លេច​បាន​ ហើយ​តែង​តែ​នឹក​ចង់​ភ្លក្ស​រសជាតិ​នោះ​ឡើង​វិញ​ បើ​ទោះជា​គេ​ទៅ​ដល់​គ្រហែង​ប្រទេស​ណា​ក៏​ដោយ។

ដូចជា​រូប​ខ្ញុំ​អ៊ីចឹង​ដែរ​ នៅ​ថ្ងៃ​មួយ​ដោយ​អត់​ទ្រាំ​នឹក​ឃ្លាន​នំ​ផ្លែ​អាយ​ខ្លាំង​ពេក​ ក៏​ចាត់​ចែង​ធ្វើ​ដោយ​ខ្លួន​ឯង​។ ផ្លែអាយ​គឺ​ជា​នំ​ខ្មែរ​មួយ​ប្រភេទ​ដែល​គេ​ធ្វើ​ពី​ម្ស៉ៅ​ដំណើប​ និង​មាន​ស្ករត្នោត​ជា​ស្នូរ​កណ្តាល។ ប៉ុន្តែក៏​​មាន​បង​ប្អូន​ខ្មែរ​យើង​ខ្លះ​ ​នៅ​មិន​ស្គាល់​ថា​នំ​ផ្លែ​អាយ​នោះ មាន​រូប​រាង​យ៉ាង​ណា​ទេ។ នំ​នេះ​ខ្ញុំ​ក៏​មិន​ឃើញ​មា​​ន​ប្រទេស​ណា​គេ​មាន​នោះ​ដែរ វា​គឺ​ជា​នំ​ដែល​មាន​លក្ខណៈ​ខ្មែរ​ពិត​ៗ​ ដូច្នេះ​នៅ​តាម​ហាង​អាហារ​ឬភោជនីយដ្ឋាន​តំបន់​ទេសចរណ៍​ខ្មែរ​ណា​មួយ​គួរ​តែ​មាន​នំ​នេះ​ ដោយ​ច្នៃ​ប្រឌិត​យ៉ាង​ណា​ឲ្យ​មានល​ក្ខណៈ​ទាក់​ទាញខ្ពស់​ ដើម្បី​ដាក់​បម្រើ​ជូន​ដល់​ភ្ញៀវ​បរទេស​នានានូវ​អ្វី​ដែល​យើង​មាន ហើយ​ប្លែក​ ឆ្ញាញ់​ និង​ប្រទេស​ដទៃ​ទៀត​គ្មាន… ជឿ​ថា​ពិត​ជា​បាន​កម្រៃ​កាក់​កប និង​ការ​លើក​ទឹក​ចិត្ត​ពី​អតិថិជន​ទាំង​ជាតិ​និង​អន្តរជាតិ​មិន​ខាន។

នំ​ផ្លែ​អាយ​ដែល​កញ្ចប់​ខ្ទោង​ត្រឹមត្រូវ​

នំ ផ្លែ អាយ ដែល កញ្ចប់ ខ្ទោង ត្រឹមត្រូវ

ខាង​ក្រោម​នេះ​ គឺ​ជា​ប្រវត្តិ​ខ្លះ​ៗ​ដែលទាក់​ទង​ទៅនឹង​នំ​ខ្មែរ​មួយ​ប្រភេទ​នេះ​៖
តាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជជួនណាត បាន​ឲ្យ​ដឹង​ថានំ​ផ្លែ​អាយ​មាន​ឈ្មោះ​ដើម​ថា​«នំបំពួនស្ករ» ព្រោះ​ជា​នំ​ស្រស់​មួយ​ប្រភេទធ្វើ​ដោយ​ម្ស៉ៅ​ដំណើប​ លញ់​ស្រោប​បំពួន​ដុំស្ករត្នោត​បាត់​បំបាំង​មើល​មិន​ឃើញ ហើយ​ហេតុ​ដែល​នាំ​ឲ្យ​មាន​ឈ្មោះ​ថា​«នំផ្លែ​អាយ​»ដែលរនោះ​ ដោយ​ហេតុ​ថា កាល​ក្នុង​រជ្ជកាល​នៃព្រះបាទ​សម្តេច​ហរិរក្ស​រាមា​ឥស្សរា​ធិបតី គេ​ច្រើនយក​នំ​នេះ​ទៅ​ដាក់​ភ្ជាប់​នឹង​មែក​ឈើ​ឬ​មែកឫស្សី​ដែល​គេ​កាត់​យកមក​ដោត​លើកំណាត់​ដើមចេក គេ​ភ្ជាប់​នំ​នេះ​តម្រៀប​គ្នាស្រដៀង​នឹង​ឈើ​មាន​ផ្លែ… គេ​សន្មត់​ឈ្មោះ​ថា​នំ​ផ្លែ​អាយគឺ​ទុក​ដូច​ជា​ឈើ​ដែល​ផ្លែ​នៅ​អាយ ពុំ​មែន​ផ្លែ​ដែល​គេ​បេះ​យក​មក​ពីដើម​ឈើ​ឯនាយទេ។
នំ​នេះ​ក៏​មាន​​​ឈ្មោះ​មួយ​ទៀត​ថា​ «នំ​កើត​ក្តី​»ដែរ ដោយ​មាន​រឿង​តំណាល​ថា កាល​ពី​ព្រេង​នាយ​​មាន​បុរស​ពីរ​នាក់​អង្គុយ​ស៊ី​នំ​នេះ​ជិត​គ្នា, បុរស​ម្នាក់​ពម​នំ​នេះ​តាម​ទម្លាប់ ឯបុរស​ម្នាក់​ទៀត​ខាំ​នំ​នេះ​ចំ​ពាក់​កណ្តាល ទឹកស្តរ​ខាង​ក្នុង​ក៏​ធ្លាយ​បាញ់​ត្រូវ​មុខបុរស​ម្នាក់​, ស្រាប់​តែ​បុរស​នោះ​ក្រោកឡើង​ដាល់​តប់​គ្នា ហើយ​ក៏​កើត​ជា​ការ​ប្តឹង​ផ្តល់​គ្នា ទើប​ចៅ​ក្រម​ឲ្យ​ឈ្មោះ​នេះ​ថា «នំកើតក្តី»​ ចាប់​ដើម​តាំង​ពីកាល​នោះ​មក។
ដូច្នេះ​ នំ​នេះ​ក៏​មាន​ឈ្មោះ​បី​យ៉ាង​ដូច​ដែល​បាន​រៀប​រាប់​មក​ខាង​លើ, ប៉ុន្តែ​នំ​កើត​ក្តី​ជា​ពាក្យ​សាមញ្ញ គេ​មិន​សូវ​ហៅ​ទេ​ គេ​ច្រើន​ហៅ​តែ​ នំ​បំពួន​ស្ករ​ និង​នំ​ផ្លែ​អាយ។ នំ​បំពួន​ស្ករ​ជា​ឈ្មោះ​ដើម ត្រឹមត្រង់​តាម​អត្ថន័យ​ជាង​ឈ្មោះ​ទាំង​ពីរ ពីព្រោះ​មាន​ដុំ​ស្ករ​ត្នោត​ដែល​គេ​ដាក់​បំពួនខាង​ក្នុង​ពិត​មែន៕

ប្រវត្តិនៃពិធីបុណ្យបណ្តែតប្រទីប ខែ វិច្ឆិកា 13, 2008

Posted by ផ្កាយ​Novels in ចំណេះដឹងទូទៅ.
4 comments

ប្រវត្តិ​នៃ​ពិធី​បុណ្យ​បណ្ដែត​ប្រទីប

ដោយ កេសរណ្ណីយ្យា
2008-11-11

ជា​ទូទៅ​ពិធី​បុណ្យ​បណ្តែត​ប្រទីប ដែល​ប្រារព្ធ​ធ្វើ​រួម​គ្នា​ជាមួយ​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ​​និង​អក​អំបុក តែង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​យប់ ៣​ថ្ងៃ តាម​ប្រតិទិន​ច័ន្ទ​គតិ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​១៤​កើត រហូត​ដល់​ថ្ងៃ​១​រោច ខែ​កត្តិក។

 

AFP File

ការបណ្ដែត​ប្រទីប​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក នា​ថ្ងៃ​ទី​៦ វិច្ឆិកា ២០០៦។

 

សៀវភៅ «ព្រះ​រាជពិធី​ទ្វារ​ទសមាស​និង​ពិធី​សង្ក្រាន​ចូល​ឆ្នាំ» បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​១៩៦៩ ដែល​និពន្ធ​ចងក្រង​ដោយ​លោក​ឧកញ៉ា ទេពពិទូរ -ក្រសេម បណ្ឌិត​ទី​១ នៃ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ បាន​កត់ត្រា​ឲ្យ​ដឹង​ថា តាម​កំណត់​ព្រះរាជ​ពិធី​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត ព.ស. ២៥០១ ឬ គ.ស. ១៩៥៨ ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​ក្នុង​ខែ​កត្តិក​នេះ គឺ​ជា​ព្រះរាជ​ពិធី​មួយ ដែល​ព្រះរាជា​ខ្មែរ តែង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ទន្លេ​ចតុមុខ​និង​កំពង់​ព្រះដំណាក់​ផែ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ មាន​ការ​បណ្តែត​ប្រទីប​ជា្វលា នៅ​គ្រប់​ទាំង​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ។

ប៉ុន្តែ​លោក​ឧកញ៉ា ទេពពិទូរ ក្រសេម ក៏​បាន​សរសេរ​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ចំពោះ​ខាង​ប្រជារាស្ត្រ ពុទ្ធបរិស័ទ នៅ​តាម​វត្ត​អារាម​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ជា​ប្រពៃណី​នៅ​រៀងរាល់​ឆ្នាំ តែង​ធ្វើ​ពិធី​បណ្តែត​ប្រទីប​នៅ​វេលា​យប់​១៥ កើត​ពេញ​បូណ៌មី ខែ​អស្សុជ ដែល​ជា​ថ្ងៃ​ព្រះសង្ឃ​បវារណា​ចេញ​វស្សា ឬ​ហៅ​ថា​ពិធី​បុណ្យ​ចេញ​ព្រះវស្សា ពោល​គឺ​ធ្វើ​មុន​១​ខែ។

ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ គង់​នៅ​វត្ត «លង្កា​ព្រះកុសុមារាម» ក្នុង​រាជ​ធានី​ភ្នំពេញ បាន​មាន​ថេរ​ដីកា​អំពី​ដំណើរ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​បណ្តែត​ប្រទីប​នេះ ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​និង​តាម​ទីអារាម​ពុទ្ធសាសនា​ដែល​ចាប់​ធ្វើ ១​ខែ មុន​ពិធី​បុណ្យ​បណ្ដែត​ប្រទីប​ផ្លូវការ​ក្នុង​ខែ​កត្តិក​នេះ។

ព្រះតេជគុណ ហួរ សុខរ័ត្ន មាន​ថេរ​ដីកា​ដូច្នេះ​ថា ៖ «ប្រវត្តិ​នៃ​ប្រទីប​ហ្នឹង ធ្វើ​ហ្នឹង គឺ​ធ្វើ​ចាប់តាំង​ពី​ថ្ងៃ​ដែល​ព្រះសង្ឃ​ចេញ​វស្សា​មក​ម្ល៉េះ។ ព្រះសង្ឃ​ចេញ​វស្សា​គឺ​ថ្ងៃ​១៥​កើត ខែ​អស្សុជ​ហ្នឹង ពេល​ព្រឹក​គេ​មាន​ទេសនា​ជាតក អ៊ីចឹង​ទៅ នៅ​ពេល​យប់​ឡើង គឺ​យប់​ថ្ងៃ​ទី​១៥​កើត​ហ្នឹង គេ​ហែ​ប្រទីប​ទៅ​តាម​វត្ត​នីមួយៗ​ទូទាំង​ប្រទេស​កម្ពុជា​យើង បើ​នៅ​តាម​មាត់​ទន្លេ គេ​ធ្វើ​ជា​ដង្ឃឹក ដាក់​សម្ភារៈ ដាក់​អាហារ​ភោជន​សព្វ​បែប​យ៉ាង គេ​បណ្ដែត​ទៅ​តាម​ទន្លេ​ទៅ ហើយ​អុជ​ជា​ប្រទីប​ជ្វាលា ដង្ហែ​ទៅ​តាម​ដង្ឃឹ​ធំ​ហ្នឹង។ ហើយ​ដាក់​នៅ​ក្នុង​ដង្ឃឹក​ហ្នឹង មួយ​ចំនួន ល្អៗ គេ​យក​សម្រាប់​ប្រគេន​ព្រះសង្ឃ​ពេល​ព្រឹក​ឡើង​អ៊ីចឹង ហើយ​ដល់​ពេល​មួយ​ចំនួន​ទៀត យក​សម្រាប់​ចែក​ក្មេងៗ​ដែល​ហែ​ហ្នឹង ឲ្យ​បរិភោគ ជូន​ចាស់ៗ សល់​ប៉ុន្មាន​ទៀត គឺ​ដាក់​បណ្ដែត​ទៅ​តាម​ទឹក។ ដង្ឃឹក​ហ្នឹង គេ​ធ្វើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ប្រៀប​បាន​ដូច​ជា​ប្រាសាទ​តូច​មួយ​អ៊ីចឹង ហើយ​នៅ​តំបន់​មួយ​ចំនួន ដូច​ខាង​នៅ​ខេត្ត​កំពង់ចាម អាត្មា​ធ្លាប់​គង់​នៅ ក៏​នៅ​តែ​មាន​ធ្វើ​អ៊ីចឹង​ដែរ តាម​មាត់​ទន្លេ​គឺ​បណ្ដែត​ប្រទីប ពេញ​ព្រោង​ព្រាត​ទាំង​អស់ ហើយ​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​ដាច់​ស្រយាល​ពី​មាត់​ទន្លេ ក៏​គេ​ធ្វើ​ជា​ដង្ឃឹក​អ៊ីចឹង អុជ​ចន្លុះ​សម្រាប់​តំណាង​ជា​ប្រទីប​បណ្ដែត​ហ្នឹង ឲ្យ​ក្មេងៗ​កាន់​ជា​ជួរៗ មើល​ពី​ចម្ងាយ​ស្អាត​ដូច​ក្នុង​ទន្លេ​អ៊ីចឹង»

ទាក់ទង​នឹង​គោល​គំនិត​ផ្នែក​ជំនឿ​ប្រពៃណី​ទំនៀម​ទម្លាប់​នៃ​ការ​រៀបចំ​ដាក់​ផ្លែ​ឈើ នំ​នែក អាហារ​ភោជន និង​គ្រឿង​រណ្តាប់​តាក់​តែង​ផ្សេងៗ នៅ​ក្នុង​ពិធី​បុណ្យ​បណ្តែត​ប្រទីប​នេះ ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខា​លង្ការោ បាន​មាន​ដីកា​បញ្ជាក់​ថា ជា​ការ​បង្ហាញ​នូវ​ភោគផល​កសិកម្ម​-សិប្បកម្ម​របស់​អ្នក​ស្រុក អ្នក​ភូមិ ក្នុង​តំបន់​នីមួយៗ។

ព្រះតេជគុណ ហួរ សុខរ័ត្ន មាន​ថេរ​ដីកា​ដូច្នេះ​ថា ៖ «បុណ្យ​នេះ គឺ​ធ្វើ​ក្រោយ​ពី​ថ្ងៃ​ដែល​យើង​ប្រមូល​ផល​កសិកម្ម ហើយ​យើង​ធៀប​មក​ក្នុង​សម័យ​បច្ចុប្បន្ន គឺ​យើង​បាន​បង្ហាញ​នូវ​ផលិតផល ភូមិ​មួយ​ផលិត​ផល​មួយ ដើម្បី​ឲ្យ​ដឹង ប្រមូល​តាម​ស្រុក​មក​ថា តើ​នៅ​តាម​ខេត្ត​នីមួយៗ​មាន​ផលិតផល​អ្វី​ខ្លះ​ដែល​បាន​ពី​ផល​កសិកម្ម ឬ​ក៏​ផលិត​ផល​សិប្បកម្ម​ផ្សេងៗ ហើយ​តើ​ឆ្នាំ​ហ្នឹង មាន​កំណើន​ជាង​ឆ្នាំ​មុន ឬ​ក៏​មាន​អត្រា​ថយ​ចុះ​ជាង​ឆ្នាំ​មុន? ម្យ៉ាង​ទៀត​ដើម្បី​យក​មក​បែងចែក​គ្នា​បរិភោគ​នូវ​អាហារ​ទាំង​ហ្នឹង បង្ហាញអំពី​ភាព​សាមគ្គី​មួយ​ក្នុង​ភូមិ​ហ្នឹង ក្រោយ​ពី​បាន​មក លោក​អត់​ដែល​ចិត្ត​កំណាញ់​អី​ទេ តែង​តែ​យក​មក​ចែក​គ្នា​ពិសា​អ៊ីចឹង​ទៅ»

ចំណែក​លោក សួន ឱសថ លេខាធិការ​នៃ​គណៈកម្មការ​ទ្រទ្រង់​ព្រះត្រៃ​បិតក​ប្រចាំ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ បាន​អធិប្បាយ​ថា ពិធី​បុណ្យ​បណ្តែត​ប្រទីប​ដែល​ប្រជាពលរដ្ឋ ពុទ្ធ​បរិស័ទ​ខ្មែរ តែង​នាំ​គ្នា​ធ្វើ​ជា​ច្រើន​តំណ​ត​ជំនាន់​មក​នេះ គឺ​ជា​ពិធី​ជូន​ដំណើរ​វិញ្ញាណ​ក្ខន្ធ​នៃ​លោក​អ្នក​ដ៏​មាន​គុណ មាន​មាតា​បិតា​ជា​ដើម ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​ដឹង​គុណ​ផង និង​បាន​ជា​បុណ្យ​កុសល​មក​ដល់​បុគ្គល​ដែល​ជា​អ្នក​ធ្វើ​ផង​ដែរ។

លោក សួន ឱសថ មាន​ប្រសាសន៍​ថា ៖ «រឿង​បណ្ដែត​ប្រទីប​នេះ ការ​បូជា​ប្រទីប​នេះ ជា​មង្គល​ដ៏​ឧត្ដម​ដែរ ពីព្រោះ​បើ​យើង​ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំ​ហ្នឹង គឺ​ថា យើង​ធ្វើ​ដើម្បី​ឧទ្ទិស​កុសល​ហ្នឹង​ដល់​ញាតិ​មិត្ត ដល់​ជីដូន​ជីតា​យើង ដែល​លោក​បាន​ចែក​ឋាន​ទៅ ទៅ​កើត​នៅ​សុគតិ​ភព​ណា​មួយ។ ហើយ​ដល់​ពេល​ឃើញ​មក​ទទួល​នូវ​ទាន​ដែល​យើង​បាន​ធ្វើ​នា​រដូវ​ភ្ជុំ​ហ្នឹង គឺ​ជា​ការ​មួយ​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ត្រឡប់​ទៅ​វិញ យើង​ត្រូវ​តែ​ជូន​គាត់​ទៅ​វិញ អាហ្នឹង​ជា​បដិសណ្ឋារៈ​មួយ យើង​ចាត់​ទុក យើង​កំណត់​ថា អស់​រដូវ​ភ្ជុំ ញាតិ​មិត្ត​ជីដូន​ជីតា​យើង​ត្រឡប់​ទៅ​ស្រុក បើ​អ៊ីចឹង​យើង​ត្រូវ​ជូន​ដំណើរ​គាត់ ឃើញ​ថា​ធ្វើ​យ៉ាង​ហ្នឹង ជា​ការ​មួយ​គេ​ហៅ​ថា សគុណ គុណូបការៈ​របស់​ឧបការី​ជន ដែល​គាត់​បាន​ចែក​ឋាន​ទៅ។ ទោះ​បី​ជា​គាត់​បាន​អញ្ជើញ​មក​ផ្ទាល់​ក្ដី មិន​បាន​មក​ក្ដី ប៉ុន្តែ​យើង​បាន​ធ្វើ ហ្នឹង​ហើយ​ជា​ការ​បូជា​ដ៏​ឧត្ដម​ដែរ គេ​ហៅ​ថា​ជា​មង្គល​ដែរ»

រីឯ​គោល​គំនិត​ចម្បង​ផ្នែក​ពុទ្ធ​សាសនា​វិញ លោក​អ្នក​ជំនាញ​ទាំង​ពីរ​រូប​នេះ ក៏​បាន​បញ្ជាក់​ដូច​គ្នា​នឹង​សេចក្តី​ក្នុង​សៀវភៅ «ព្រះរាជ​ពិធី​ទ្វារ​ទសមាស​និង​ពិធី​សង្ក្រាន​ចូល​ឆ្នាំ» ដែល​ចែង​ថា ៖ ពិធី​បុណ្យ​បណ្តែត​ប្រទីប​ដែល​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ និង​អក​អំបុក គឺ​ជា​ការ​គោរព​បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ គឺ​ព្រះទន្ត ឬ​ធ្មេញ នៃ​ព្រះសម្មា​សម្ពុទ្ធ​ព្រះនាម សមណគោតម ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រតិស្ឋាន​ទុក​នៅ​ក្នុង​ពិភព​នាគ។ ម៉្យាង​ទៀត​គឺ​បូជា​រំឭក​ដល់​ស្នាម​ព្រះបាទ​របស់​ព្រះអង្គ ដែល​ប្រតិស្ឋាន​នៅ​ឯ​ឆ្នេរ​ស្ទឹង​មួយ​ឈ្មោះ «នម្មទា» និង​នៅ​ក្នុង​ទី​ដទៃ​ទៀត នា​សម័យ​ពុទ្ធកាល​ដែល​កន្លង​ទៅ​អស់​រយៈពេល ២៥៥២​ឆ្នាំ​មក​ហើយ​នេះ៕

ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ ខែ មិថុនា 24, 2008

Posted by ផ្កាយ​Novels in ប្រវត្តិសាស្ត​.
48 comments

ប្រាសាទ​ព្រះ​វិហារ​ជា​បូជនីយ​ដ្ឋាន​ដ៏​វិចិត្រ​មួយ​ ដែល​ស្ថិត​នៅ​យ៉ាង​ខ្ពស់ត្រដែត​លើ​ខ្ពង់​រាប​ស្មើ នៃ​ភ្នំ​ដង​រែក​ក្នុង​ខេត្ត​ព្រះ​វិហារ។​ប្រាសាទ​ព្រះ​វិហារ​បាន​សាង​ឡើង​ដំ​បូង​បង្អស់​ដោយ​ ព្រះ​បាទ​យសោវរ្ម័ន​ក្នុង​ចុង​សតវត្ស​ទី​៩។ លក្ខណៈ​គ្រប់​បែប​នៃ​ប្រាសាទ​នេះ​ តាំង​ពី​ទម្រង់​ផែន​ការ​ របៀប​សំណង់​​ ឬ​ក្បូរ​ក្បាច់​រចនា​ផ្សេងៗ​ ជា​របស់​សិល្បៈ​ខ្មែរ​សុទ្ធ​សាធ​ សូម្បី​នៅ​តាម​សិលាចារឹក​ក៏​ឃើញ​តែ​អក្សរ​ខ្មែរ​ និង​សំស្ក្រឹត​ប៉ុណ្ណោះ។ ភស្តុតាង​ទាំង​នេះ បាន​បញ្ជាក់​យ៉ាង​ប្រត្យក្សថា «ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ ពិត​​​ប្រាកដ»

សម័យ​អាណា​និគម​បារាំង ប្រាសាព្រះវិហារ​បានធ្លាក់​ក្រោមការ​ត្រួតត្រា​ របស់​​ប្រទេស​សៀម​ទៅ​វិញ រហូ​ត​​ខ្មែរ​​​​យើង​បាន ឯករាជ្យ​ហើយ ក៏នៅ​តែ​ពុំ​ទាន់​មកឲ្យវិញដែរ។​ ជាងនេះ​ទៅទៀតសៀមបានប្រើឧបាយមិច្ឆាចារ​ រំលោភបំពានដោយ​ប្រកាន់​ថាជារបស់ខ្លួន។ ទើបតែ​ក្នុង​ឆ្នាំ១៩៦២ដោយមានតុលាការអន្តរជាតិវិនិច្ឆ័យជា​ឯកច្ឆន្ទថា «ប្រាសាទ ព្រះវិហារ ជារបស់ ខ្មែរ»

ដំណឹងដ៏សែនរីករាយនេះ បានធ្វើឲ្យខ្មែរទាំងអស់​ក្រោកឡើង ស្រែកជ័យ​ឃោសអបអរសាទរទទួល​ប្រាសាទ​នេះ​ ដែល បាន វិល​​ត្រលប់​មក​ជា​សម្បត្តិរបស់​ខ្មែរ​ដូចដើម​វិញ។ ដើម្បីជាសក្ខីភាព សម្តេច​ព្រះ​ប្រមុខរដ្ឋ ទ្រង់​យាង​ទៅធ្វើទស្សនកិច្ចជា​ផ្លូវការ​នៅ​​ប្រាសាទ​ព្រះវិហារ​ ជា​និមិត្តរូប​នៃមរតក​ជាតិ​ខ្មែរ នៅថ្ងៃ​ទី៥ ខែមករា ឆ្នាំ​១៩៦៣

អក្សរថៃត្រូវបានលុបចោល(វាត្រូវតែចឹង :-P )

ថ្ងៃ​ទី១៦ មករា ឆ្នាំ២០០៣ មានព្រឹត្តិ​ការណ៍សំខាន់​មួយគឺ ការរឹតចំណង​សម្ព័ន្ធមេត្រីភាព រវាង​រាជធានីភ្នំពេញ​ជាមួយ​ខេត្ត​ព្រះវិហារ។ អ្នក​ផ្តួច​ផ្តើម​និង​ដោះស្រាយ​នូវ​បញ្ហានេះ​គឺ ឯកឧត្តម ជា សុផារ៉ា ប្រតិភូរាជ​រដ្ឋាភិបាល ទទួល​បន្ទុក​រាជធានី​ភ្នំពេញ​​​ ដោយ​មានការអនុញ្ញាត​ពីសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនផង។ គោលការណ៍​សំខាន់​គឺអភិវឌ្ឍ​តំបន់​ប្រាសាទ​ព្រះវិហារ​​ ក៏ដូចជា​ខេត្តព្រះវិហារ​ឲ្យ​ក្លាយ​ជា​ តំបន់ទេសចរណ៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ដោះស្រាយ​ដោយ​ការ​ឧបត្ថម្ភ​គ្រប់​រូប​ភាព​ ទាំង​ស្មារតី​និង​សំភារៈដល់​រាស្ត្រ​តំបន់នោះ។

តែ​គួរ​​ឲ្យ​សោក​ស្តាយ ក្រោយ​កុបកម្ម​ដុត​ស្ថានទូត​ថៃនាថ្ងៃ​ទី២៩ មករា ២០០៣ បានធ្វើឲ្យ​ឯកឧត្តមជា សុផារ៉ា ត្រូវ​គេ​ដក​ចេញ​ពីតំណែង ហើយគម្រោង​អភិវឌ្ឍតំបន់ព្រះវិហារ​ ក៏​ត្រូវ​បានបញ្ចប់​តាំង​ពីពេលនោះ​មក។