jump to navigation

ព្រិល​ធ្លាក់​កណ្តាល​សមុទ្រ​ខ្សាច់(៤) ខែ វិច្ឆិកា 25, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿង​ហ្គេហ៍.
3 comments

«សួ​ស្តី​​មិត្ត​ទាំង​អស់​គ្នា! ខ្ញុំ​ឈ្មោះ​ សន្សើម​ មេឃា ហៅ​ខ្លីៗ​ថា​មេឃ​ក៏​បាន។»

​នៅ​ពេល​ណែ​នាំ​ខ្លួន​រួច​ គេ​ក៏​រក​កន្លែង​អង្គុយ​​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​​ថ្ងៃ​ ដែល​ខ្ញុំ​មក​រៀន​នៅ​ទី​នេះ​ថ្មីៗ។ ខ្ញុំ​ក៏​យល់​ដល់​ចិត្ត​គេ​ដូច​គ្នា​ ប្រហែល​ជា​​​ពេល​នេះ​ គេ​ឯកា​​មិន​ខុស​ពី​ខ្ញុំ​ប៉ុន្មាន​ទេ។​ មេឃ​ញញឹម​ដាក់​មិត្ត​ភក្តិ​គ្រប់​ៗ​គ្នា មុខ​មាត់​ក៏​​ស្រស់​សង្ហា សខ្ពស់​ មាឌមាំ ​ប្រហែល​ជា​​កី​ឡាករប្រចាំ​សាលា​ក្នុង​​ផ្នែក​អី​មួយ​ហើយ។ គេ​ដើរ​រក​តុ​អង្គុយ​ ​ហើយ​ងាក​មក​ខាង​ខ្ញុំ​​ ព្រម​ទាំង​​ញញឹម​ដាក់​ខ្ញុំ​​ប្លែក​ៗ​យ៉ាង​ម៉េច​មិន​ដឹង។

លុះ​ពេល​សម្រាក​ថ្ងៃ​ត្រង់​ ក៏​មាន​មិត្ត​ភក្តិ​ទៅ​សួរ​រាក់​ទាក់​វា។ ពេល​ខ្ញុំ​បម្រុង​ងើប​ទៅ​រក​ញ៉ាំ​បាយ…

«​សួស្តី​! ឯង​ឈ្មោះ​អី? ខ្ញុំ​មេឃ​រីក​រាយ​ដែលបាន​ស្គាល់!»

«​ខ្ញុំ​ឈ្មោះ​នទី! រីក​រាយ​ដែល​បាន​ស្គាល់​ដូចគ្នា!»

«​ទី! គេ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​នៅ​ឯណា?»

«​នៅ​ហាង​បាយ​ក្រោយ​សាលា​នោះ​អី ឯង​ស្គាល់​អត់?»

«​ខ្ញុំ​មិន​ធ្លាប់​មក មិន​ដឹង​ថា​នៅ​កន្លែង​ណា​ផង!»

សម្តី​វា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​មក​ដល់​ទី​នេះ កណ្តោច​កណ្តែង​ម៉ង់​ៗ​​មិន​ដឹង​ទៅ​ណា​ ជា​មួយ​អ្នក​ណា…

«​អ៊ីចឹង​ ទៅ​ញ៉ាំ​បាយ​ជាមួយ​គ្នា​តែ​ម្តង​ទៅ ចាំ​ខ្ញុំ​នាំ​ទៅ!»

ចំណែក​សមុទ្រ​ដែល​ឈរ​នៅ​ទី​នោះ​ដែរ មិន​មាត់​ក​ថា​អ្វី​ទេ​​​បាន​តែ​នៅ​ស្ងៀម​ៗ​ធ្វើ​មុខ​ស្មើ​ ហើយ​ក៏​ដើរ​នាំ​មុខ​ទៅ។ ​ពេល​កំពុង​ដើរ​ទៅ​ហាង​បាយ​ ខ្ញុំ​​ក៏​ដឹង​ថា​មេឃ​ចូល​ចិត្ត​លេង​បាល់បោះ​ ហើយ​ក៏​ជា​  កី​ឡា​ករ​​បាល់​បោះប្រចាំ​សាលា​ ដែល​វាទើប​តែ​ផ្លាស់​មក​ផង​ដែរ​។ យើង​ទៅ​អង្គុយ​​ញ៉ាំ​បាយ​ជុំ​គ្នា​មានខ្ញុំ ​សមុទ្រ មេឃ​ បុត្រ​ និង​នេត្រ។ អង្គុយ​បាន​​បន្តិច​ក៏​ឃើញ​ព្រិល​ស​ដើរ​មក​​ម្នាក់​ឯង ហើយ​ក៏​នាំ​គ្នា​បបួល​ឲ្យ​មក​ចូល​ញ៉ាំ​បាយ​ជាមួយ​គ្នា។ ខ្ញុំ​ក៏​ក្រោក​ចេញ​ឲ្យ​ព្រិល​ស​អង្គុយ​ជិត​សមុទ្រ។

«ឱះ! ចុះ​ឯង​ទៅ​អង្គុយ​កន្លែង​ណា​ទី?» នេត្រ​សួរ​ខ្ញុំ។

«​ខ្ញុំ​រក​កៅ​អី​អង្គុយ​ថ្មី​ក៏​បាន!»

​ពេល​ខ្ញុំ​កំពុង​សម្លឹង​រក​មើល​កៅ​អី​អង្គុយ មេឃ​ក៏​លើក​កៅ​អី​មួយ​មក​ដាក់​ក្បែរ​ខ្លួន​៖

«​មក​អង្គុយ​ក្បែរ​ខ្ញុំ​នេះ​ក៏​បាន!»

«​អរគុណ​ណា​មេឃ!» ខ្ញុំ​ញញឹម​អរគុណ​ព្រម​ទាំង​អង្គុយ​ចុះ។

បន្ទាប់​ពី​នោះ​ យើង​ក៏​ញ៉ាំ​បាយ​ជា​មួយ​គ្នា​យ៉ាង​រីក​រាយ។ ចំណែក​សមុទ្រ​និង​ព្រិល​ស​គឺ​​ផ្អែម​ល្ហែម​នឹង​គ្នា​ដូច​ដើម​អ៊ីចឹង រហូត​មិត្ត​ភក្តិ​នាំ​គ្នា​លាន់​មាត់​ច្រណែន។

«អាខ្មុត​អើយ! ពួក​យើង​ច្រណែន​ឯង​ដល់​ហើយ​…» បុត្រ​និយាយ​ឡើង​ ធ្វើ​ឲ្យ​​អ្នក​ដទៃ​ទៀត​សើច​គឹល​ តែ​ខ្ញុំ​សម្ងំ​ឈ្ងោក​មុខ​ស៊ី​បាយ​ធ្វើ​មិន​ដឹង។

«ចុះ​ទី​ ម៉េច​ក៏​មិ​ន​នាំ​សង្សារ ​មក​អង្គុយ​ញ៉ាំ​បាយ​ជាមួយ​ដែរ​ទៅ?​» មេឃ​សួរ​​​ឡើង​​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឈ្លក់​បាយ។

«​ខ្ញុំ​​មិន​ទាន់​មាន​សង្សារ​ទេ!»

«អេ៎… ឯង​គួរ​ឲ្យ​ស្រឡាញ់​បែប​នេះ ម៉េច​ក៏​មិន​ទាន់​មានសង្សារ?»

គ្រប់​គ្នាធ្វើ​​ភ្នែក​ស្លឺ ​ជា​ពិសេស​សមុទ្រ សម្លឹង​មុខ​មេឃ​មិន​ដាក់។ ​បែប​… ​ប្រហែល​ជាពួក​គេ​​សង្ស័យ​ថា​ ហេតុ​អី​ក៏​មេឃ​សរសើរ​មនុស្ស​ប្រុស​ដូច​គ្នា? ឬ​មួយ​ក៏​…

«​អត់​ទេ! គ្មាន​នរណា​មក​ចាប់​អារម្មណ៍​នឹង​ខ្ញុំ​ទេ!»

«​មិន​ពិត! អា​ទី​ជា​បុរស​ក្តៅ​គគុក​បំផុត​ហើយ​នៅ​សាលា​នេះ មាន​សិស្ស​ប្អូន​ៗ​​មក​រោម​វា​ឲ្យ​គគោក​ តែ​វា​លេង​ខ្លួន​​ ឬប្រហែល​ជា​រើស​មិន​ត្រូវ​ចិត្ត​ច្រើន​ជាង!»

«​អានេត្រ ឯង​កុំ​មក​ប្រូ!!» គ្រប់​គ្នា​ក៏​នាំ​គ្នា​សើច។

«​ទី! ញ៉ាំ​​ទឹក​អីឬ​អត់ ចាំ​ខ្ញុំ​ទិញ​ឲ្យ?»

«អូហូ… យក​ចិត្ត​តែ​អា​ទី​ម្នាក់​ហ្ន៎! គិត​អី​ឬ​អត់​ហ្នឹង?» បុត្រ​ពេប​មាត់​និយាយ។

«​អត់​មា​នអី​ទេ… តែ​​ទី​បបួល​ខ្ញុំ​មក​ញ៉ាំ​បាយ​ជាមួយ​ ទើប​ចង់​ប៉ាវ​អរគុណ​​​គេ​​ប៉ុណ្ណោះ!»

ចំណែក​សមុទ្រ​អង្គុយ​​ធ្វើ​ភ្នែក​តូច​ធំ​ដាក់ តែ​ខ្ញុំ​ធ្វើ​ព្រងើយ ​ហើយ​ចុង​ក្រោយ​មេឃ​ក៏​ប៉ាវ​ទឹក​ឲ្យ​គ្រប់​​គ្នា​​ លើក​លែង​តែ​សមុទ្រ​ដែល​វា​ប្រាប់​ថា​មិន​ផឹក។

ក្រោយ​ពេល​ចេញ​ពី​ផ្ទះ​ពេល​​ល្ងាច​ ពួក​យើង​ក៏​បបួល​គ្នា​លេង​ទាត់​បាល់​ ចំណែក​​មេឃ​មិន​​បាន​លេង​ជាមួយ​ពួក​យើង​ទេ ព្រោះ​វា​ប្រាប់​ថា​លេង​មិន​ពូកែ​ចង់​អង្គុយ​មើល​ច្រើន​ជាង។ នៅ​ពេល​លេង​រួច​ខ្ញុំ​ក៏​ប្រញាប់​ប្រមូល​របស់​របរ​ទុក​ដាក់​ ព្រោះ​ត្រូវ​ប្រញាប់​ត្រឡប់​ដែរ។

«​ទី! ចាំ​យើង​ជូន​ទៅ​ផ្ទះ!» សមុទ្រ​រត់​មក​និយាយ​ប្រាប់​ខ្ញុំ។

«​ចុះ​ឯង​មិន​ជូន​ព្រិល​ស​ទៅ​ទេ?»

ខ្ញុំ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ព្រិល​ស​ក៏​រត់​មក ប្រហែល​ជា​ទើប​តែ​សម​ហាត់​រាំរួច​​​ហើយ​ព្រោះ​មិន​ប៉ុន្មាន​អាទិត្យ​ទៀត សាលា​នឹង​មាន​ពិធី​ជប់​លៀង​ប្រចាំ​ឆ្នាំ។

«​បង​សមុទ្រ ត្រឡប់​ទៅ​ផ្ទះ​បាន​នៅ?» នាង​រត់​មក​ចាប់​ដៃ​សមុទ្រ។

«​អ… អឺ…»

ខ្ញុំ​ក៏​ដើរ​ចេញ​ពី​​សមុទ្រ​មក ក្នុង​ចិត្ត​ក៏​នឹក​ខឹង​និង​តូច​ចិត្ត។

«អូ! មេឃ​… ឯង​មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​ទេ?»

«​នៅ​ទេ! ខ្ញុំ​​នៅ​មើល​ពួក​ឯង​​​ទាត់​បាល់ មើល​ទៅគួរ​ឲ្យ​សប្បាយ​ដល់​ហើយ ថ្ងៃ​ក្រោយ​សុំ​លេង​ជាមួយ​ផង​ណា!?»

«​បាន​តើ!»

«​ទី ជូត​មុខ​សិន​ទៅ!» មេឃ​ហុច​កន្សែង​ត្រជាក់​ឲ្យ​ខ្ញុំ ប្រហែល​ជា​វា​ទើប​តែ​ទិញ​មក ព្រោះ​នៅ​ត្រជាក់​​​នៅ​ឡើយ។

«អរគុណណាមេឃ!»

«​មិន​អីទេ… ខ្ញុំ​ពេញ​ចិត្តជានិច្ច! ចុះ​ទី​ត្រឡប់​ទៅ​ផ្ទះ​យ៉ាង​ម៉េច?»

«​ខ្ញុំ​​ជិះម៉ូតូ​ឌុប​ទៅ! អ៊ីចឹង​ខ្ញុំ​ទៅ​សិន​ហើយ​ណ៎ា!!»

«​ទី​ឈប់​សិន! ចាំខ្ញុំ​ជូន​ទៅ​… ខ្ញុំ​យក​ម៉ូតូ​មកដែរ​តើ។»

«​មិន​អី​ទេ! ខ្ញុំ​ខ្លាច​ចិត្ត​ឯង​ណាស់ ខ្ញុំ​ជិះ​ម៉ូតូ​ឌុប​ក៏​បាន។»

«​ឯង​ស្អប់​ខ្ពើម​គ្នាឬ​ទី?»

មិន​ដឹង​ឆ្លើយ​តប​ថា​ម៉េច ខ្ញុំ​ក៏​ងក់​ក្បាល​យល់​ព្រម​។ ចំណែក​​សមុទ្រ ​​​ក៏​ដើរ​ធ្វើ​មុខ​ងរ​​ជ្រែក​ពួក​យើង​ទៅ​មុន។

«​បង​សមុទ្រ! ម៉េច​ក៏​ដើរ​លឿន​ម្ល៉េះ​ ចាំ​ព្រិល​ផង!?» ​ខ្ញុំ​ក៏នៅ​តែ​​ធ្វើ​ជា​មិន​ចាប់​អារម្មណ៍។

លុះ​ពេល​មក​ដល់​ផ្ទះ​ជួល​ ខ្ញុំ​ក៏​ប្រញាប់ចូល​​ងូត​ទឹក។ ងូត​មិន​ទាន់​រួច​ផង ​ក៏​ឮ​សំឡេង​គោះ​ទ្វារ​ លាន់​ឡើង ប្រហែល​ជា​មេឃ​ភ្លេច​របស់អី​​ហើយ ទើប​ប្រញាប់​មក​យក​វិញ។ ខ្ញុំ​ក៏​​ទាញ​កន្សែង​ពោះ​គោ​ដែល​ទុក​ជូត​ខ្លួន​មក​រុំ ហើយ​ដើរ​ចេញ​ទៅ​បើក​ទ្វារ។ តែ​ពេល​បើក​ទ្វារ​ចេញ​មក​ ស្រាប់​តែ​ជា​សមុទ្រ​ទៅ​វិញ៖

«អេ… សមុទ្រ ឯង​មាន​ការ​អីហ៎?»

«ហេតុ​អី​ទី ទាល់​តែ​មាន​ការ​អី​ឬ ទើប​មក​បាន? មែន​ហើយ! យើង​មិន​មែន​ជា​អាមេឃ​ ដែល​អាច​​មក​បាន​គ្រប់​ពេល​វេលា​ឯណា!! នេះ​បែប… រួច​រាល់​ហើយមែន​ទេ ​ទើប​ងូត​ទឹក​លាង​សម្អាត​ខ្លួន?»

«​សមុទ្រ!! ឯង​និយាយ​ស្អី? នេះ​ឯង​គិត​ថា​ យើង​ជា​​មនុស្ស​បែប​នោះ​ មែន​ទេ? បែប​មែន​ហើយ ព្រោះ​យើងក៏​​ប្រហែល​ជា​គ្មាន​តម្លៃ​អ្វី​សម្រាប់​ឯង​ដែរ… រាល់​ថ្ងៃ​នេះ​ឯង​ធ្វើ​ចំពោះ​យើង​ ហាក់​ដូច​ជា​យើង​នេះ​គ្មាន​បេះ​ដូង​ថ្លើម​ប្រមាត់​អ៊ីចឹង! ឯង​ធ្លាប់យល់​ពី​អារម្មណ៍​របស់​យើង​ខ្លះ​ទេ? ឯង​ធ្លាប់​គិត​ខ្លះ​​ទេ​នៅ​ពេល​ដែលឯង ​កំពុង​មាន​សេចក្តី​សុខ​ជា​មួយ​អ្នក​ដទៃ តើ​យើងនឹង​​គិត​បែប​ណាខ្លះ? ឯង​ធ្លាប់​គិត​​ឬ​ទេ​ ថា​​មាន​មនុស្ស​ម្នាក់កំពុង​ឈឺ​ចាប់​ ស្ទើរ​ស្លាប់​ស្ទើរ​រស់​អង្គុយ​នៅ​ក្បែរ​ឯង? ​ហើយ​តើ​ពាក្យថា​​ស្រឡាញ់​របស់​ឯង មាន​ន័យ​យ៉ាង​ម៉េច? មាន​ន័យ​ថា​​ ​​បោះ​បង់​មនុស្ស​ដែល​ឯង​ប្រាប់​ថា​ស្រឡាញ់ឲ្យ​នៅ​ឯកោ​កណ្តោច​កណ្តែង​ ដោយ​ឯង​​មិន​ដែល​ខ្វល់​ខ្វាយ​​ ថា​គេ​មាន​អារម្មណ៍​យ៉ាងណា មែន​ទេ…    សមុទ្រ?»

«​ទី… យើង​សុំ​ទោស…»

«​កុំ​អីសមុទ្រ! យើង​យល់ពីឯង… យើង​​មិន​ឲ្យ​ទោស​ឯង​ទេ យើង​ខុស​ដោយ​ខ្លួន​ឯង! យើង​មិន​គួរ​បណ្តោយ​ចិត្ត​ឲ្យ​គិត​បែប​នោះ ​ជាមួយ​ឯងតាំង​ពី​ដំបូងម្ល៉េះ។ ​យើង​ក៏​ដឹង​ថា​ ឯង​មាន​មនុស្ស​ដែល​ឯង​ស្រឡាញ់រួច​ទៅ​ហើយ! ឯ​ជាមួយ​យើង​ សម្រាប់​ឯង​ប្រហែល​ជា​គ្មាន​ន័យ​អ្វី​ទេ! យើង​​គិត​ថា​រឿង​រវាង​​យើង​ទាំង​ពីរ​គួរ​តែ​បញ្ចប់​ត្រឹម​នេះ​ចុះ ហើយ​យើង​សុំ​ទោសដែល​ត្រូវ​ធ្វើ​ឲ្យ​ឯង​មក​ពិបាក​ជាមួយ។»

«​វា​មិន​មែន​ដូច​ដែល​ឯងគិត​ទេទី… សមុទ្រ​ស្រឡាញ់​ទី! ទី​ចង់​ឲ្យ​សមុទ្រ​ធ្វើ​យ៉ាង​ម៉េច​ទើប​ជឿ?»

«សមុទ្រ… ប៉ុណ្ណេះ​នៅ​មិន​ទាន់​សម​ល្មម​នឹង​ចិត្ត​របស់​ឯង​ទៀត​ឬ​អី? ឯង​ចង់​ឲ្យ​យើង​​ឈឺ​ចាប់​រហូត​ស្លាប់​ឬ​យ៉ាង​ម៉េច ទើប​ឯង​ពេញ​ចិត្ត? រឿង​របស់​យើង​គួរ​តែ​បញ្ចប់​ទៅចុះ!!»

«​យើង​យល់​ហើយ!… ឯង​ប្រហែល​ជា​ចង់​ទៅ​ទាក់​ទង​ជាមួយ ​អាមុខស្លាំង​អត់​ជាតិ​ជៅ​នោះ​ឡើង​ញ័រ​ខ្លួន​ទៅ​ហើយ​មែនទេ ទើប​បាន​ជា​យើង​និយាយ​យ៉ាងណា ពន្យល់​យ៉ាង​ម៉េច​ក៏​វា​នៅ​តែ​គ្មាន​ន័យ!!»

«​ការ​ពិត​ទៅមេឃ​ក៏​ជា​មនុស្ស​ល្អ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង ខ្វាយ​ខ្វល់​ពី​អារម្មណ៍​របស់​យើង ហើយអាច​នឹង​ច្រើន​ជាង​ឯង​ផង!! ពេល​នេះ​យើង​មិន​ទាន់​គិត​អី​ទេ តែ​ត​ទៅ​មុខ​យើង​អាច​នឹង​ចាញ់​អំពើ​ល្អ​របស់​គេ​ក៏​ថាបាន។»

«​ឯង​ធ្វើ​បែប​នេះ​ដាក់​យើង​​ មិន​បាន​ទេណាទី!!!»

និយាយ​ហើយ សមុទ្រ​ក៏​ចាប់​ខ្ញុំ​ផ្តួលទៅ​លើ​គ្រែ សង្កត់​​ដៃ​ខ្ញុំ​ទាំង​ពីរ​ជាប់​ហើយ​ទ្រោប​ខ្លួន​មក​លើ​ ​ថើប​ញក់​ញី​ខ្ញុំ​យ៉ាង​ក្រពល់​មុខ។ ខ្ញុំ​មិន​​រើ​បម្រះ​អ្វី​ទេ តែ​ទឹក​ភ្នែក​ខ្ញុំ​ក៏​ហូរ​ចេញ​មក… សមុទ្រ​ឃើញ​ខ្ញុំ​យំ​ក៏​​ស្រឡាំង​កាំង​ ហើយ​ក៏​ព្រម​លែងដៃ​។

«​ឈប់​ធ្វើ​អី​សមុទ្រ? ធ្វើ​បន្ត​ទៀត​​ទៅ! ឯង​ចង់​ធ្វើ​អី​ជាមួយ​យើង​ក៏​ធ្វើ​តាម​សប្បាយ យ៉ាង​ណា​ក៏​ឯង​មិន​ធ្លាប់​ខ្វល់​​មិន​ធ្លាប់​ចាប់​អារម្មណ៍ ថា​យើង​គិត​យ៉ាង​ម៉េច​ស្រាប់​ហើយ… ចង់​ធ្វើ​អី​ក៏​ធ្វើ​ទៅ​ យើង​ក៏​គ្រាន់​តែ​ជា​មនុស្ស​គ្មាន​តម្លៃ​ម្នាក់​ប៉ុណ្ណឹង!!»

«​ទី… យើង​សុំ​ទោស! សមុទ្រ​ស្រឡាញ់​ទី… សមុទ្រ​មិន​ធ្លាប់​ធ្វើ​បែប​នេះ​ ជា​មួយ​នរណា​ទេ   សូម្បី​តែ​ព្រិល​ស​ក៏​ដោយ។ សមុទ្រ​គ្រាន់​តែ​ដឹង​ថា ​សមុទ្រ​មិន​ចង់​បាត់​បង់​ទី​ទៅ… សមុទ្រ​​មិន​ពូកែ​និយាយ​ទេ… តែ​បើ​ទី​ចង់​ឲ្យ​សមុទ្រ​​ធ្វើ​អីក៏​សមុទ្រ​ព្រម​ធ្វើ​គ្រប់​បែប​យ៉ាង! ចង់​ឲ្យ​​ឈប់​ទាក់​ទង​ព្រិល​ស​​ក៏​សមុទ្រ​ធ្វើ​បាន… សុំ​តែ​ម្យ៉ាង​ ទី​កុំ​បោះ​បង់​ចោល​សមុទ្រ​អី! ទី​យល់​ដល់​សមុទ្រ​ខ្លះ​ទេ? ទី​ដឹង​ឬទេ​ថា​ជីវិត​សមុទ្រ​ពាក់​កណ្តាល​​ជា​​របស់​​ទី​ទៅហើយ! តើ​ឲ្យ​សមុទ្រ​រស់​នៅ​យ៉ាង​ណា… ធ្វើ​យ៉ាង​ម៉េចបើ​គ្មាន​ទី?»

«​ទី​គិត​ថា យើង​គួរ​​តែ​ធ្វើ​ជា​មិត្ត​ភក្តិ​នឹងគ្នា​ដូច​ដើម​ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​អ្វីៗ​ល្អ​ឡើង​វិញ​បាន​ខ្លះ… យើង​មិន​ចាំ​បាច់​មក​​គិត​ច្រើន​​ទាំង​សង​ខាង ហើយ​សមុទ្រ​ក៏​មិន​បាច់​មក​ពិបាក​ចិត្តដោយ​សារ​ទី!»

«​ទី​មិន​ជឿ​សមុទ្រ​មែន​ទេ? អ៊ីចឹង​ចាំ​សមុទ្រ​ពិសោធន៍​ឲ្យ​ទី​ឃើញ​ថា សមុទ្រ​និយាយ​ពិត​មែន​មិន​​បាន​កុហក​ទេ!»

សមុទ្រ​ទាញ​ទូរស័ព្ទ​ចេញ​មក…

«​ឯង​ប្រុង​ធ្វើ​អីសមុទ្រ!??»

«​យើង​នឹង​និយាយ​បែក​គ្នា​ជាមួយ​ព្រិល​ស ហើយ​ប្រាប់​នាង​ឲ្យ​ដឹង​ថា យើង​ស្រឡាញ់​ឯង!!»

សមុទ្រ​​និយាយ​មែន វា​ចុច​ឈ្មោះ​ព្រិល​ស​ហើយ​តេចេញ។ ឃើញ​ដូចនោះ​ខ្ញុំក៏​​ដណ្តើម​ទូរស័ព្ទ​ពី​ដៃ​វា​ ហើយ​ចុច​បិទ។

«​ឯង​​​ឆ្កួត​ឬ? ឯង​ធ្វើ​បែប​នេះ​ធ្វើ​អី?»

«​ឯង​នឹង​បាន​ដឹង​នោះ​អី ថា​យើង​មិន​បាន​និយាយ​លេង! យើង​មិន​ធ្លាប់​គិត​បែប​នេះ​ជាមួយ​នរណា​ទេ យើង​ស្រឡាញ់​ឯង​ណាស់​ទី! យើង​ត្រៀម​​ខ្លួន​រួច​រាល់​ហើយ​ សម្រាប់​ការ​លះ​បង់​គ្រប់​បែប​យ៉ាង!​ យើង​ព្រម​​ឲ្យ​មិត្ត​ភក្តិ​ស្អប់​ខ្ពើម ឬ​ក៏​ជេរ​ឡក​ឡឺយ​ គ្រាន់​តែ​សុំ​ឲ្យ​ឯងជឿ​យើង​ថា​យើ​ង​មិន​​បាន​និយាយ​​លេង​ទេ តែ​វា​ជាអារម្មណ៍​ដែល​ផុស​ចេញ​មក​ពីចិត្ត​យើង​ពិត​ៗ។ ឯង​មិន​ដឹង​ទេ​ថា ​យើង​​ស្រឡាញ់​​ឯង​តាំង​ពី​ថ្ងៃ​ដំបូង ​ដែល​ឯង​ចេញ​មក​ណែ​នាំ​ខ្លួនម្ល៉េះ!​ ឯង​មក​អង្គុយ​ជាមួយ​យើង​ធ្វើ​ឲ្យ​យើង​គ្មាន​សមាធិ យើង​ចង់​និយាយ​ជាមួយ​ឯង ចង់​រក​រឿងនិយាយ​លេង តែ​មិន​ដឹង​ថា​គួរ​ចាប់​ផ្តើមយ៉ាង​ម៉េច​ ក៏​បាន​ត្រឹម​តែ​រក​រឿង​ឈ្លោះ​នឹង​ឯង។ ព្រោះ​តែ​ចង់​ជជែក​នឹង​ឯង ទើប​យើង​​ខំ​ជិះ​ម៉ូតូ​តាម​ម៉ូតូ​ឌុប​ដែល​ឯង​ជិះ ដើម្បី​ចង់​ដឹង​ថា​ឯង​ស្នាក់​នៅឯណា? ថ្ងៃ​ដែល​មាន​ភ្លៀង​ធ្លាក់ យើង​ក៏​អង្គុយ​ចាំ​ឯង​បារម្ភ​ពី​ឯង​ ខ្លាច​ឯង​គ្មាន​ម៉ូតូ​ឌុប​ជិះ​ទៅ​​ផ្ទះ ​តែ​ព្រិល​ស​មក​ឃើញ​យើង​ក៏​សុំ​ទៅ​ផ្ទះ​ជាមួយ ហើយ​​​យើង​ក៏​ប្រាប់​ថា​នៅ​មិន​ទាន់​ចង់​ទៅ តែ​ធាតុ​ពិត​យើង​នៅ​រង់​ចាំ​មើល​ឯង រួច​យើង​ក៏​ប្រញាប់​ឌុប​ព្រិល​ស​ទៅ​ដើម្បី​ត្រឡប់​មក​ទទួល​ឯងវិញ​… តែ​ឯង​បែរ​ជា​គិត​ថា​យើង​មិន​ស្រឡាញ់​ឯង មិន​ចាប់​អារម្មណ៍​ មិ​ន​ខ្វាយ​ខ្វល់ ​​មិន​យក​ចិត្ត​​ទុក​ដាក់ ចុះ​អ្វី​ដែល​យើង​ធ្វើ​ទៅ​គ្រប់​បែប​យ៉ាង​នេះ​គឺ​អ្វី? ​ឯង​ជួយ​ប្រាប់​យើង​បន្តិច​មើល៍!»

«សមុទ្រ…»

          ​នៅ​ពេល​និយាយ​ចប់ សមុទ្រក៏​ទម្លាក់​ខ្លួន​អង្គុយ​ចុះ​ផ្ទាល់​ឥដ្ឋ។ ខ្ញុំ​ស្រឡាំង​កាំង​ចំពោះ​អ្វី​ដែល​សមុទ្រ​និយាយ​ ហើយ​ក៏​ខ្លោច​ផ្សា​ចិត្ត​ដូច​គ្នា​នៅ​ពេល​ឃើញ​សមុទ្រ​ស្ថិត​នៅ​ក្នុង​សភាព​បែប​នេះ តែ​ខ្ញុំ​ក៏​នៅ​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​ថា ការ​ពិត​នោះសមុទ្រ​ស្រឡាញ់​​ខ្ញុំ​មែន​ឬ​ទេ? ជួន​កាល​សកម្មភាព​និង​ទង្វើរបស់​វា​ក៏​​ដើរ​បញ្ច្រាស​គ្នា។ មិន​មែន​ខ្ញុំ​រឿង​ច្រើន​ទេ តែ​ក៏​មិនទាន់​ចង់​សម្រេច​ចិត្ត​ភ្លាមៗ​ ព្រោះអាច​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​រង​ទុក្ខ​វេទនាជាមួយ​វា​អស់​មួយ​ជីវិត ដ្បិត​អី​បើ​ខ្ញុំ​ស្រឡាញ់​នរណា​ហើយ ខ្ញុំ​នឹង​ប្រគល់​ទាំង​ចិត្ត​ទាំង​កាយ​ឲ្យ​គេ​តែ​ម្នាក់។

          «សមុទ្រ… យើង​សុំ​ពេល​វេលា​បន្តិច​សិន​ណា! ​​បើ​ឯង​ស្រឡាញ់​យើង​​មែន​ឯង​ប្រហែល​ជា​ចាំ​បានហើយ​ ម្យ៉ាង​ទៀត​យើង​​ក៏​មិន​បា​ន​គិត​អ្វី​ជាមួយ​មេឃ​ដែរ មេឃ​គឺ​ជា​មិត្ត​ម្នាក់​របស់យើង​ប៉ុណ្ណោះ។»

            «បាន! សមុទ្រ​រង់​ចាំ​ទី​បាន​ជានិច្ច… សមុទ្រ​នឹង​ពិសោធន៍​ឲ្យ​ទី​ឃើញ​ថា សមុទ្រ​មិន​ធ្លាប់​បោក​ប្រាស់​​ទី​ទេ។​… អ៊ីចឹង​ឲ្យ​យើង​​សុំ​អ្វី​ទី​ម្យ៉ាង​បានទេ?»

          «ឯង​ចង់​សុំ​អី?»

          «​ទៅ​ញ៉ាំ​បាយ​កំដរ​​យើង​បាន​ទេ?»

          «​សុំ​តែ​ប៉ុណ្ណេះ​ទេ…?»

          «​ចុះ​ឯង​គិត​ថាយើង​​នឹង​សុំ​អី? ប៉ុណ្ណេះ​បើ​ទី​យល់​ព្រម យើង​ក៏​អរ​ណាស់​ទៅ​ហើយ!»

          «អា… សមុទ្រ! មិន​បាច់​ក្បូរ​ក្បាច់​ច្រើនទេ… យើង​ទៅ​ក៏​បាន​តែ​​ឯង​ជា​អ្នក​ប៉ាវ! ^O^ »

          «​អូហូ… ស្អីគេ​លោក​ប្រុស? អញ្ជើញ​​ចេញ​ខ្លួន​ឯងទៅ គ្រាន់​តែ​ឲ្យ​ទៅ​អង្គុយ​កំដរ​ញ៉ាំ​បាយ​ មិន​បាន​ប្រាប់​ថា​ប៉ាវ​ទេ!!»

          «​បើ​អ៊ីចឹង​យើង​មិន​ទៅ! អញ្ជើញ​ទៅ​ម្នាក់​ឯង​ចុះ បាយៗ!! (^A^)/ »

          «​ឈប់​សិនមើល៍! សមុទ្រ​និយាយ​លេង​ផង​ក៏មិន​បាន… ប៉ាវ​តើ! តាំង​ចិត្ត​រួច​ហើយ។ សង្សារ​​តែ​ម្នាក់ផង​រឿង​អី​ប៉ាវ​មិន​​បាន​ ចង់​ឲ្យ​ប៉ាវ​មួយ​ជីវិត​ក៏​បានដែរ! (^^)»

          «អ៊ួកកក…!!! ខ្ពើមណាស់! អ៊ីចឹង​ប្រញាប់​ទៅ កំពុង​ឃ្លាន​ផង។(A_A)»

សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

ប្រស្នា​ឃាតកម្ម(៥) ខែ វិច្ឆិកា 24, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿង​ស៊ើប​អង្កេត.
add a comment

អាន​វគ្គ៤

ទីងងង…

ទ្វារ​ជណ្តើរ​យន្ត​បើក​ចេញ​ម្តង​​ទៀត… នៅ​ពេល​ឈាន​ជើង​ចេញ​ទៅខាង​ក្រៅ ការ​ប៉ះ​ពាល់​ដំបូង​ដែល​ទទួលបាន​គឺភាព​​​ទន់​​ល្មើយ​នៅ​ក្រោម​ជើង។ ជាន់​ទី​៤​គឺ​ជា​ទីកន្លែងដោយ​ចំពោះ​របស់​សាកល​វិទ្យាធិការ ដូច្នេះ​​គ្មាន​អ្វី​ប្លែក​នោះទេ ដែល​​ផ្ទៃ​ទាំង​មូល​ត្រូវ​ក្រាល​ដោយ​ព្រំគ្រប់​ច្រក​ល្ហក។ នាង​ក្រមុំ​ដើរ​នាំ​មុខកំលោះ​យ៉ាង​រហ័ស​រហួន​ ហើយ​ឈប់​ស្ងៀម​នៅ​ត្រង់​​តុ​​មុខ​បន្ទប់។ ស្រ្តី​វ័យ​កណ្តាល​ម្នាក់​ងើប​មុខ​ឡើង​មើល​​រាង​ដែល​ឈរ​នៅចំពោះ​មុខ៖

«ឱ! នាង​តូចមុន​នឹង​​​មក​ ម៉េច​​មិន​តេ​ណាត់​លោក​ប៉ា​មុន? ថ្ងៃ​នេះ​លោក​ប៉ា​មាន​ប្រជុំ​ ទម្រាំ​តែ​រួច​ប្រហែល​ជា​មួយ​ម៉ោងទៀត​ឯណោះ។» អ្នក​ទាំង​ពីរ​និយាយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។

នាង​តូចឬ? នាង​​ម្នាក់​នេះ ​ជាអ្នក​ណាឲ្យ​ប្រាកដ? ហើយ​លោក​ប៉ា​របស់​នាង ​គឺ​នរណា?        ប៉ូលីស​​​​កំលោះ​ចាប់​ផ្តើម​វង្វេង។

«ពុទ្ធោ! អ៊ំចាន់… កា​ជា​កូន​ណ៎ះ! តើចាំ​បាច់​ត្រូវ​តេ​ណាត់ ​លោក​សាកលវិទ្យាធិការ​ដែរឬ?» នាង​ក្រមុំ​និយាយធ្វើ​ង៉ក់ងរ​ហើយ​បែរ​មុខ​ចេញ។

«បើ​អ៊ីចឹង​ នាង​តូច​ចូល​ទៅ​ចាំ​លោក​ប៉ា ​នៅ​ក្នុង​បន្ទប់​សិន​ចុះ!» និយាយ​ហើយ​ក៏​ឈាន​ជើង​ទៅ​បើក​ទ្វារ​បន្ទប់ បណ្តោយ​ឲ្យ​នាយ​ប៉ូលីសយ៉ាង​លោក​រតនៈឈរ​មីង​មាំងថា តើគេ​គួរ​​ទៅ​នៅ​ទី​ណា?

«អេ! លោក​មិន​ចូល​មក​ទេ?» ខណៈ​ដែល​កំពុង​និយាយ​ រាងកាយ​នោះ​កំពុង​​ឈានជើង​ឆ្លង​​កាត់​​ទ្វារ​ចូល​បាន​ពាក់​កណ្តាលខ្លួន​ទៅ​ហើយ។

«អឺ… បាទ​! មិន​ល្អ​ទេ​ដឹង?» អ្នក​កំលោះ​ងា​ក​ទៅ​ប្រទាក់​ភ្នែក​នឹង​អ៊ំ​ចាន់ លេខា​មុខ​បន្ទប់​ដែល​សម្លឹង​មក​គេដោយ​ក្រសែ​ភ្នែកក្រឡោត។

«នាង​តូច ប្រុស​ម្នាក់​នេះ​ជា​អ្នក​ណា?» ក្រមុំ​ចាស់​សម្លឹង​មើល​រតនៈ​ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

«​គាត់​គឺ​ជា​អ្នក​ដែល​​មក​ដាក់​ពាក្យ​ ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​ទី​នេះ​ណាអ៊ំ!»

«​តែ​នៅ​ក្នុង​កាល​វិភាគ​របស់​លោក​ប្រធាន​​ក្នុង​ថ្ងៃ​នេះ​ មិន​ឃើញ​មានសរសេរ​ថា​លោក​ត្រូវ​ណាត់​​ជួប​​​សម្ភាសន៍​ការ​ងារ​ជាមួយ​នរណា​ឡើយ។»

ដោយ​បទ​ពិសោធន៍​ ជា​លេខា​មក​ច្រើន​ឆ្នាំហើយ ធ្វើ​ឲ្យ​អ៊ំចាន់​​ច្បាស់​ក្នុង​ចិត្ត​​ថា គ្មាន​រឿងភ្លាត់​ស្នៀត​ឬ​​ភ្លេច​ភ្លាំងឡើយ​ សម្រាប់​​​​ការ​ណាត់​ជួប​ផ្សេង​ៗ​របស់​ចៅ​ហ្វាយ​​នាយ ព្រោះ​​មិន​ថា​​ចៅហ្វាយ​នឹង​​ទៅ​ណា ធ្វើ​អ្វី? គាត់​ត្រូវ​តែ​ដឹងគ្រប់​រឿងទាំង​អស់​ រួម​ទាំង​រឿងផ្ទាល់​ខ្លួន​ទៀត​ផង។ ណា​មួយ​គាត់​ជា​លេខា​ដែល​​​ដាក់​​កាយ​​ដាក់​​​ចិត្ត ​​លើ​អាជីព​មួយ​នេះ​​ទៅ​ហើយ បើ​គាត់​​មិនចង់​ដឹង​មិន​ចង់​ឮ​រឿង​ចៅ​ហ្វាយ​នាយ​ ប្រហែល​ជារឿងមួយ​​ដែល​​មិន​អាចទៅ​រួច​ឡើយ។​

«​មិន​អី​ទេ​អ៊ំ… ព្រោះ​ខ្ញុំ​ក៏​នៅ​ក្នុង​បន្ទប់​ដែរ! មាន​សុវត្ថិភាព​ប្រាកដ​ណាស់ កុំ​បាច់​បារម្ភ​អី!» តូច​តន់​និយាយ​​ព្រម​ទាំង​ធ្វើ​ទឹក​មុខបញ្ជាក់​ហេតុ​ផល និង​សើច​តិចៗផង។

«បែប​នេះ​ហើយ​នាង​តូច​ ដែល​គ្មាន​សុវត្ថិភាព​នោះ! បើ​តាប៉ិ​ម្នាក់​នេះ​​ កើតកំរោល​​ព្រាន​នារី​ចេញ​​​មក ឲ្យ​ធ្វើ​យ៉ាង​ម៉េច​ទៅ? អ៊ំ​បារម្ភ​ពី​នាង​តូច​ខ្លាំង​ណាស់! មើល​មុខ​គេ​ចុះឡើង​ក្រហម​ទៅ​ហើយ បែប​កំពុង​ក្រហល់​ក្រហាយ ជ្រួល​ច្រាល​ដូច​ដំរី​ចុះ​ប្រេងក៏​មិន​ដឹង​!! មនុស្ស​ប្រុស​មុខបែប​​នេះ​ល្មោភ​កាម​​ខ្លាំង​​ណាស់!» អ៊ំ​ចាន់​យក​ដៃ​ស្ទាប​​ទ្រូង​ខ្លួន​ឯង​ដោយ​​សេចក្តី​ព្រួយ​បារម្ភ​ពី​ហេរិកា។

មុខ​មាត់​ប៉ូលីស​រតនៈ​ ដូច​ជា​គ្មាន​បង្ក​ទុក្ខ​ទោស​ដល់​នរណា​ទេ តែ​ហេតុ​អ្វី​​ក៏​ត្រូវ​មក​រង​គ្រោះ​ឲ្យ​អ៊ំ​ចាន់​លេខា​មាត់​ស្អុយ​ម្នាក់​នេះ និយាយ​លាប​ពណ៌​ខ្លួន​ទៅ​វិញ។ បែប​នេះ​​មិន​ព្រម​ជា​ដាច់​ខាត!

«អឺ… លោក​អ៊ំ! មនុស្ស​ដូច​ខ្ញុំ​នេះ​ឬ​ល្មោភ​កាម? អ៊ំ​យក​អ្វី​មក​វាស់បាទ?» ប៉ូលីស​កំលោះចាប់​ផ្តើម​ខូច​អារម្មណ៍​ដែល​ត្រូវ​​គេ​​ និយាយ​បង្ខូច​​នៅ​នឹង​មុខ​ស្រស់ៗ។

«នាំ​គ្នា​មាត់​ឡូឡា​អី​ហ្នឹង?» សំឡេង​មួយ​ឮ​ឡើង​មក​ពី​ចម្ងាយ ដែល​​ធ្វើ​ឲ្យ​អ្នក​ទាំង​បី​ងាក​ទៅ​មើល​​ប្រភព​សំឡេងស្ទើរ​តែ​ព្រម​គ្នា​។

«​លោក​ប៉ា​មក​ហើយ!» ហេរិកា​រត់​ទៅ​រកហើយ​ចាប់​ឱប​ដៃ​ នាំ​ដើរ​មក​កាន់​បន្ទប់​សាកល​វិទ្យា​ធិការ​​ប្រសិទ្ធ​ វង្សស័ក្តិ ដែល​ជា​បុរស​រាង​ខ្ពស់​មាឌធំ មុខ​មូល ថ្ពាល់​ក្រហម​ស្រគាំ ​មើល​ទៅ​ទំនង​ចិត្ត​ល្អ តែ​​កែវ​ភ្នែក​មុត​មាំមាន​អំណាច​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​គោរព ​និង​​ខ្លាច​រអែង​នៅលាយឡំ​គ្នា។​

«​មាន​រឿង​អី​កើត​ឡើង​ឬ អ្នក​ចាន់ បាន​ជា​​សំឡេង​លាន់ឮ​ខ្លាំង​ម្ល៉េះ?» ចៅ​ហ្វាយ​ងាក​មក​សួរ​លេខា​នៅ​មុខ​បន្ទប់។

«អឺ… គឺ​… បុរស​ម្នាក់​នេះ​​ប្រាប់​ថា ​នឹង​មក​សម្ភាសន៍​​ជា​គ្រូ​បង្រៀន ​នៅ​សាកល​វិទ្យាល័យ​របស់​យើង។» លេខា​ចាន់​ឆ្ការ​ដៃ​​ទៅ​បុរស​កំលោះ ដែល​ឈរ​ធ្វើ​មុខ​ភាន់​ភាំង មុន​នឹង​និយាយ​ណែនាំ​ខ្លួន​ចំពោះ​បុរស​រាង​ខ្ពស់​ដែល​ឈរ​នឹង​មុខ។

«បាទ! ជម្រាប​សួរ​លោក ខ្ញុំ​រតនៈ អូសាគិ!» និយាយ​ព្រម​ទាំង​លើក​ដៃ​សំពះ​យ៉ាង​សុភាព។

«អូ… គឺ​លោក​ទេ​ឬ? ខ្ញុំ​​កំពុង​រង់​ចាំលោក​ល្មម។ មក៍! ចូល​មក​ក្នុង​បន្ទប់​សិន​មក ចាំ​និយាយ​គ្នា។ អ្នក​ចាន់ ខ្ញុំ​សុំ​កាហ្វេ​ពីរ​ពែង​​ផង!» មាឌ​ធំ​ខ្ពស់​ឱប​​ស្មា​កំលោះ​យើង​នាំ​ចូល​ទៅ​ក្នុង​បន្ទប់ ទុក​ឲ្យ​បុត្រី​ក្រមុំ​និង​លេខា​សៅកែ​ឈរ​ធ្វើ​ភ្នែក​ស្លឺ​ដូច​ភ្នែក​ត្រី​ស្ងោរ។

នេះ​បើ​ប៉ូលីស​កំលោះ​ដឹង​ថា ​អ៊ំចាន់​ជា​ក្រមុំ​សៅ​កែ​ មិន​ដឹង​ថា​ទប់​សំណើច​ឈ្នះ​ឬ​អត់? ស្តាប់​គាត់​និយាយ​ចុះ! មើល​តែ​ខ្លួន​ឯង​ហ្នឹង ​ធ្លាប់​ឆ្លង​កាត់​ប្រុស​រាប់​រយ​នាក់​ហើយ​អ៊ីចឹង​។ សម្រេច​ទៅ​មក​នៅ​ក្រមុំ​សៅ​កែ​សោះ នឹក​ឡើង​ហួស​ចិត្ត!!

ទ្វារ​ត្រូវ​បិទ​ជិត។ ​ក្នុង​បន្ទប់របស់​លោក​វង្សស័ក្តិ​ ក៏​ដូច​ជា​បន្ទប់​របស់​អ្នក​គ្រប់​គ្រង​ទូទៅ ដែល​មាន​តុ​នៅ​កណ្តាល​បន្ទប់ ធ្នើរ​ដាក់​សៀវភៅ​មានសៀវភៅ ​ភាសា​បរទេស​យ៉ាង​ច្រើន ​ដាក់​​តាំង​រៀង​គ្នា​ជា​លំដាប់​យ៉ាង​ណែនណាន់ មិន​ដឹង​ថា​លោក​​អាន​អស់​គ្រប់​​ក្បាល​ហើ​យ​ឬ​នៅ​ ឬ​គ្រាន់​តែ​ជា​ការ​ដាក់​តាំង​បង្ហាញ​ដើម្បី​ឲ្យ​គេ​ឃើញ​ថា​អ្នក​ចេះ​ដឹង? នៅ​ផ្នែក​ខាង​ស្តាំ​ជាបង្អួច​កញ្ចក់​ដ៏​ធំ ដែល​អាច​មើល​ឃើញ​ទិដ្ឋភាព​ជុំវិញសាកល​វិទ្យាល័យ​បាន​យ៉ាង​ច្បាស់​ ស័ក្តិ​សម​ជា​បន្ទប់​របស់​អ្នក​គ្រប់​គ្រង​ប្រាកដ​មែន។

«អញ្ជើញ​អង្គុយ លោក​ប៉ូលីស!» លោក​វង្សស័ក្តិ​ពោល​ឡើង ​មុន​នឹង​ដើរ​ទៅ​អង្គុយ​លើ​កៅ​អី​របស់​ខ្លួន។

«​ទៅ​មើល​កន្លែង​កើត​ហេតុ​រួច​ហើយ​មែ​ន​ទេ… មិន​ដឹង​ថា​មាន​តម្រុយ​ខ្លះ​ហើយ​ឬ​នៅ?» លោក​សាកល​វិទ្យា​ធិការ​សួរ​ត ​ដោយ​ក្តី​តក់​ក្រហល់​ចង់​ដឹង។

«​ពេល​នេះ​នៅ​មិន​ទាន់​អាច​បញ្ជាក់​​បាន​ទេ​ថា ឃាតករ​ជា​​នរ​ណា? តែ​មើល​តាម​សភាព​សាក​សព​​ហើយ​ ឃាតករ​មិន​មែន​សម្លាប់​ដើម្បី​ប្លន់​យក​ទ្រព្យ​សម្បត្តិ​នោះទេ ព្រោះ​​បន្ទប់ដែល​កើត​ហេតុ​គ្មាន​​ ការ​រើ​គាស់​កកាយ​អ្វី​ទាំង​អស់ អាច​ដោយ​សារ​រឿង​គំនុំ​ផ្ទាល់​ខ្លួន​ច្រើន​ជាង។ តែ​ថា… ​លោក​ច្បាស់​ក្នុងចិត្ត​ហើយ​ឬ​ ថា​នឹងអាច​​បិទ​បាំង​រឿង​នេះ​ជា​ការ​​សម្ងាត់បាន?» ខ្សែ​ភ្នែក​បង្កប់​ដោយ​ភាព​​កង្វល់​ថា បើ​មាន​​មនុស្ស​ដឹង​​រឿង​នេះ​ច្រើន​ពេក​ទៅ ​នឹង​ធ្វើ​ឲ្យ​កើត​ភាព​ជ្រួល​ច្របល់​តាម​មក។

«ច្បាស់​ហើយ! ព្រោះ​ខ្ញុំ​បាន​និយាយ​គ្នា​ជាមួយ​អ្នក​ ដែល​បាន​ឃើញ​ហេតុ​ការណ៍​រួច​រាល់​ហើយ ថា​មិន​ឲ្យ​រំឭក​ដល់​រឿង​ដែលបាន​កើត​ឡើងទេ។» ប្រសិទ្ធ​វង្សស័ក្តិ​ និយាយ​ដោយ​ទឹក​មុខម៉ត់​ចត់​​ប្រាកដ​​ក្នុង​ចិត្ត ព្រោះ​បើ​រឿង​នេះ​ត្រូវ​ខ្ចរខ្ចាយ​ឡើង​​នឹង​ធ្វើ​ឲ្យ​មាន ​ផល​ប៉ះ​ពាល់​ដល់​សាកល​វិទ្យាល័យ​របស់​ខ្លួន​ដូច​គ្នា។

តុក! តុក! តុក!…

«​នាង​ខ្ញុំ​លើក​កាហ្វេ​មក​ជូន​ច៎ា!» សំឡេង​របស់​លេខា​ចាន់ លាន់​ឮ​ពី​ក្រៅ​បន្ទប់។

«​ចូល​មក​ចុះ!»

ទ្វារ​របើក​ចេញ អ៊ំ​ចាន់​លើក​ថាស​កាហ្វេ​ពីរពែង ចូល​មក​ក្នុង​បន្ទប់។ ពេល​ក្រឡេក​មើល​​ទៅមាត់​​ទ្វារគេ​​​នឹង​ឃើញ​នាង​ក្រមុំ​តូច​អើត​ឡឺមៗ ​ដោយ​ទឹក​មុខ​សង្ស័យ​សម្លឹង​ចូល​មក។ នៅ​ពេល​អ្នក​លេខា​​ដាក់​​ពែង​​កាហ្វេ​ចុះ​រៀប​រយ​ហើយ​ ក៏​ដើរ​​​​ត្រឡប់​ក្រោយចេញ​ទៅវិញ​ សំឡេង​បិទ​ទ្វារក៏​ឮឡើង​យ៉ាង​ស្រាល​​ដៃ​។ បទ​សន្ទនា​របស់​បុរស​ទាំង​ពីរ​ នៅ​ក្នុង​បន្ទប់​ក៏ចាប់​ផ្តើម​ម្តង​ទៀត៖

«​យ៉ាង​ៗ​ខ្ញុំ​ក៏​ត្រូវ​ចូល​មក​ក្នុង​សាកល​វិទ្យាល័យ​នេះ​មួយ​រយៈ​សិន​ហើយ!»

«បាន​តើ! ខ្ញុំ​នឹង​ប្រាប់​គេ​ថា លោក​គឺ​ជា​គ្រូ​បង្រៀន​ពិសេស​នៅ​ទី​នេះ។ ធ្វើ​បែប​នេះ​លោក​នឹង​អាច​​​ស៊ើប​រឿង​ក្តី​បាន​ងាយ​ស្រួល​។» ប្រសិទ្ធវង្ស​ស័ក្តិ​រក​​ផ្លូវ​ចេញ​ឲ្យ​ ប៉ូលីស​កំលោះ​ចូល​មក​ក្នុង​សាកល​វិទ្យា​ល័យ​ដោយ​គ្មាន​ពិរុទ្ធ​។

«បាន​លោក តែ​ខ្ញុំ​​បង្រៀន​សិស្ស​មិន​កើត​ទេ​ណា៎!» ប៉ូលីស​កំលោះ​​ចាប់​ផ្តើម​មិន​ស្រួល​​ក្នុង​ខ្លួន​ជាមួយ​នឹង​មុខ​នាទី​ថ្មី​ដែល​លោក​សាកល​វិទ្យាធិការ​ផ្តល់​ឲ្យ។

«​ចុះ​នរណា​ទៅ​ឲ្យ​លោក​​បង្រៀន​អក្សរ​ពិត​មែន​នោះ! ខ្ញុំ​គ្រាន់​តែតែង​តាំង​លោក​ជា​គ្រូ​ពិសេស​ត្រឹម​​ជា​មុខ​តំណែង​ប៉ុណ្ណោះ ដើម្បី​ងាយ​ស្រួល​នៅ​ពេល​មាន​មនុស្ស​សួរ។»

«បាទលោក! ខ្ញុំ​នឹង​ប្រើ​ពេល​មិន​យូរ​ទេ​ ក្នុង​ការ​វែក​មុខ​មនុស្ស​អាក្រក់​ឲ្យ​ឃើញ!» ទឹក​មុខ​    សម្តែង​​ភាព​ម៉ត់​ចត់​និង​ការ​ប្តេជ្ញា​ចិត្ត​ ដែល​ធ្វើ​ឲ្យ​​លោក​សាកល​វិទ្យា​ធិការ ជឿ​ជាក់​កាន់​តែ​ខ្លាំង​ឡើង​​ថា​គេ​​នឹង​ធ្វើ​បាន​សម្រេច​ក្នុង​ពេល​មិន​យូរ។​

«​បើ​អស់​អី​ហើយ ខ្ញុំ​សុំ​ខ្លួន​សិន​ណ៎ា!» រាង​ខ្ពស់​ជ្រងោ​ងើប​ឈរ​ឡើង​ លើក​ដៃ​សំពះ​លោក​ប្រសិទ្ធ​​វង្សស័ក្តិ​មុន​ងាក​ក្រោយ​ដើរចេញ​ទៅ។

«​សំណាង​ល្អ​ណា៎! ខ្ញុំ​សុំ​ឲ្យ​លោក​ស៊ើប​រឿង​ក្តី​នេះ ឲ្យ​​បាន​សម្រេច​ឆាប់ៗ!» កំលោះ​រតនៈ​ងាក​ក្រោយ​មក​ញញឹម​យ៉ាង​​ច្បាស់​ក្នុង​ចិត្ត​ម្តង​ទៀត ថា​មិន​​យូរទេ​ឃាតករ​ពិត​ប្រាកដ​ នឹង​ត្រូវ​វែក​មុខ​ឃើញ​ដោយ​ស្នាដៃ​របស់​គេ​ជា​មិន​ខាន។

នាយ​ប៉ូលីស​ទាញ​ទ្វារ​បើក។ នៅ​ពេល​ទ្វារ​បន្ទប់ចំហ​ឡើង​ ​ក៏ស្រាប់​តែ​​លេច​រាង​តូច​ច្រឡឹង​របស់​នាង​ក្រមុំ​ហេរិកា​ទ្រេត​ដួល​មក​លើ​ផែន​​ទ្រូង​របស់​អ្នក​កំលោះ​ ហើយ​ភ្លាត់​សំឡេង​ចេញ​មក៖

«វ៉ាយយយ…» អ្នក​ទាំង​ពីរ​ក៏​ដួល​ទ្រោប​លើ​គ្នា​ទៅ​លើ​ព្រំ។

«អ្ហ៎ា!… អ្នក​នាង​ហេរិកា​!»

ខាង​ស្រី​ងើប​ឡើង​បោស​ខ្លួន​តិចៗ៖

«សុំ​ទោសណ៎ា! ព្រោះ​ខ្ញុំ​កំពុង​ឈរ​ពិត​ទ្វារ​និយាយ​ជាមួយ​អ៊ំចាន់ លុះ​ពេល​លោក​បើក​ទ្វារ​ចេញ​មក​ខ្ញុំ​ក៏​អស់​ជំហ​រ​ដួល​ទៅ…» ពូកែ​រក​ពាក្យ​​ដោះ​សារ​រដាក់​រដុប​ល្អ​មែន! នរណា​ទៅ​ឈរ​ពិត​ទ្វា​រ​​ដោយ​បែរ​មុខ​មក​រក​ទ្វារ​នោះ??

«​មែន​ទេ​អ៊ំចាន់?» ហេរិកា​និយាយ​ដោយ​ញាក់​ភ្នែក​ជាសញ្ញា​ឲ្យ​អ៊ំ​ចាន់។

«ព… ព… ពិត​មែន​ហើយ!» ក្រមុំ​លេខា​​ពោល​ឡើង​មុន​នឹង​ដាក់​មុខចុះ ព្រោះ​ខ្លាច​ការ​ពិត​ដែល​​​​ខ្លួន​ទាំង​ពីរ​នាក់តាំង​ចិត្ត​លួច​ស្តាប់​ត្រូវ​បើក​ចំហ។ លោក​ប្រសិទ្ធ​វង្សស័ក្តិ ​ឈរ​​ធ្វើ​មុខ​មាំ​សម្លឹង​​ទៅ​បុត្រី​និង​លេខា​ផ្ទាល់​ខ្លួន។

សូម​រង់​ចាំ​អានវគ្គ​បន្ត!

រតនៈអូសាគិ ស៊ូនឹងអច្ឆរិយាក.០០៥ បានឬទេ? ខែ វិច្ឆិកា 18, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿង​ស៊ើប​អង្កេត, អត្ថបទសាកល្បង.
4 comments

[សូម​អភ័យ​ទោស ចំពោះ​ការ​ដូរ​ឈ្មោះ​តួអង្គ​ពី រតនៈអូកាវ៉ា>រតនៈ​អូសាគិ ព្រោះ​អ្នក​និពន្ធ​យល់​ថា​ពិរោះ​ជាង ^^]

 រតនៈ​អូសាគិ អាច​​ប្រៀប​មិន​ស្មើ​​នឹង​អច្ឆរិយាក.០០៥​កំពូល​បុរស​ចារកម្ម​របស់​លោក​វង់​ផឿង​ក៏​ដោយ​ចុះ តែ​បុរស​ខ្មែរ​​កូន​កាត់​ជប៉ុន​មួយ​នេះ​ក៏​មាន​សមត្ថភាព​លើ​​រឿង​ក្តី​ចារកម្ម​ផ្សេង​ៗ​មិន​ធម្មតា​ដែរ។

រតនៈអូសាគិ មាន​​រាង​ខ្ពស់​ស្គមស្ទើរ​តែ​លង់​ទ្រនេស​​ទៅ​ហើយ ដូច្នេះ​មិន​ចាំ​បាច់​​មាន​ដើម​ទ្រូង​ស្រាល​​តែ​ត្រគាក​ធ្ងន់​ៗ​ដូច​អច្ឆរិយា​ក៏​បាន។

​បើ​និយាយ​ពី​សមត្ថភាព​ដៃ​ឯក​ ភ្នែក​ឥន្ទ្រី​ ជើង​រន្ទះ បេះ​ដូង​ថ្ម ​និង​គំនិត​ប្រតិកម្មវិញ​នោះ រតនៈ​អូសាគិ​ អាច​នឹង​ដាក់​ពាក្យ​លើក​ទង់​ស​សុំ​ចុះ​ចាញ់​មុន ព្រោះ​សមត្ថភាព​របស់​អច្ឆរិយា​លឿន​និង​រហ័ស​ដូច​ផ្លេក​បន្ទោរ។

រតនៈអូសាគិ​សុខចិត្ត​​ប្រើ​ជំហានគីង្គក់ ដំណើរ​អណ្តើក ជើង​ដង្កូវ និង​ភ្នែកមាន់ ក្នុង​ដំណើរ​ការ​ក្តី​ចារកម្ម​របស់​ខ្លួន​ តែសួរ​មក​ចុះបើ​រតនៈ​អូសាគិ​ធ្លាប់​ភ្លាត់​ស្នៀត​ម្តង​ ព្រោះ​យុទ្ធ​វិធី​ទឹក​ត្រជាក់​ត្រី​កុំ​របស់​គេ​មាន​ប្រយោជន៍​ណាស់​​​សម្រាប់​គ្រប់​រឿង​ក្តី​។ នេះ​ក៏​ដោយ​សារ​គេ​​ជា​ចារបុរស ​ដែល​មាន​បេះដូង​ជា​ទឹក​កក​ព្រិលដែរ។

នរណា​ថាអច្ឆរិយា​មិន​ធ្លាប់​សុំ​ទិដ្ឋាការ ឬលិខិត​ឆ្លង​ដែន ទៅលេង​ឋាននរក​នោះ? នៅ​ពេល​នេះ​អច្ឆរិយា​បាន​បាត់​មុខ​ពី​ពិភព​ចារកម្ម​ទៅ​ហើយ! ដូច្នេះ​នាទី​នេះ​ ប្រហែល​ជា​ដល់​ពេល​ដែល​រតនៈ​អូសាគិ ចារជន​កូន​កាត់​ខ្មែរ-ជប៉ុន​បញ្ចេញ​ស្នាដៃ​ ឲ្យ​ពិភព​លោក​បាន​ស្គាល់​ម្តង​ហើយ។

សូម​បញ្ជាក់​ថាអច្ឆរិយា​ក.០០៥​ ចុះចាញ់​និង​គោរពបុគ្គល​តែ​ម្នាក់​គត់​ គឺ​​នាង​កាម​ទេព​០៧៧ តែ​​រតនៈអូសាគិ​សូម្បី​តែ​ទេព​ធីតា​មក​ពីឋាន​ព្រះ​ឥន្ទ្រ​ ក៏​​មិន​អាច​ធ្វើ​ឲ្យ​ចារបុរស​​ម្នាក់​នេះ​​ញ័រ​ក្បាល​ជង្គង់​បាន​ដែរ ព្រោះ​នារី​រាប់​ភ្លេច​ទៅ​ហើយ​ដែ​លគេ​ធ្លាប់​ឆ្លង​កាត់​ គឺយ៉ាង​ច្រើន​​​បាន​ត្រឹម​​ដើ​រ​កាត់​មុខ​!!!

សូម​ស្វែង​រក​អាន​រឿង​ «ប្រស្នាឃាតកម្ម» នៅ​ទីនេះ ដើម្បី​ជ្រាប​ថា រតនៈ​អូសាគិ​មាន​សមត្ថភាព​ប៉ុណ្ណាក្នុង​​​ពិភព​ចារកម្ម!!

អាន​អត្ថបទ​ទាក់​ទង៖ អច្ឆរិយាក.០០៥ជា​នរណា?

ព្រិល​ធ្លាក់​កណ្តាល​សមុទ្រ​ខ្សាច់(៣) ខែ វិច្ឆិកា 17, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿង​ហ្គេហ៍.
3 comments

តាម​ផ្លូវ​ជិះ​ម៉ូតូ​ត្រឡប់​ សមុទ្រ​​បើក​​យឺតៗ​ ព្រោះ​យើង​ទទូរ​ឆត្រ​ផង។ ខ្ញុំ​ទទួល​អារម្មណ៍​កក់​ក្តៅ​យ៉ាង​ខ្លាំង​ មិន​ចង់​ឲ្យ​ពេល​វេលា​នេះ​កន្លង​ទៅ​ឆាប់​ពេក​ទេ ចង់​នៅ​បែប​នេះ​ឲ្យ​បានយូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​ចង់​ឱប​ចង្កេះ​វា​ខ្លាំង​ណាស់​ តែ​មិន​ហ៊ាន…

«ទី! ឱប​ចង្កេះ​យើង​ផង​បាន​ទេ?» សមុទ្រ​និយាយ​ឡើង​​​មក​ជា​ថ្មី​ បន្ទាប់​ពី​ស្ងប់​ស្ងាត់​ទៅ​យ៉ាង​យូរ។

ខ្ញុំ​ស្ងាត់​​មិន​មាត់​ក​ថា​អ្វី​ តែ​យក​ដៃ​ដែល​សល់​ម្ខាង​ឱប​ចង្កេះ​វា​ជាប់​ រួច​ផ្តេក​ក្បាល​លើ​ស្មា​របស់​វា។

«ទី… យើង​ស្រឡាញ់​ឯងខ្លាំង​ណាស់!!»

និយាយ​ហើយ​ វា​ក៏​ងាក​ថ្ពាល់​មក ធ្វើ​ឲ្យ​បបូរ​មាត់​របស់​ខ្ញុំ​ប៉ះ​នឹង​ថ្ពាល់​របស់​វា​ថើៗ ដែល​ជា​ពេល​វេលា​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​សុខ​​ក្រែ​លែង ចង់​ប្រាប់​វា​ថា​ យើង​ក៏​ស្រឡាញ់​ឯង​យ៉ាង​លើស​លប់​ដូច​គ្នា។​ លុះ​មក​ដល់​ផ្ទះ​ជួល​របស់​ខ្ញុំ ខ្ញុំ​ក៏​ប្រាប់​ឲ្យ​សមុទ្រ​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ព្រោះ​​យប់​ក៏​កាន់​តែ​ជ្រៅ​ណាស់​ហើយ​ដែរ។

«សមុទ្រ​… អរគុណណ៎ា! ឯង​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​ចុះ បើ​ទៅ​យប់​ជ្រៅ​ជាង​នេះ​ អាច​នឹង​គ្មាន​សុវត្ថិភាព​ទេ!»

«អូហូ… ទី! នេះ​ឯង​ចិត្ត​អាក្រក់​ដល់​ម្ល៉ឹង​ឬ? យប់​ជ្រៅ​ហើយ​ណ៎ា! យើង​សុំ​ដេក​ទី​នេះ​ផង​មិន​បាន​ឬ?»

«អេ៎… ចុះ​ម៉ាក់​ឯង​ មិន​បារម្ភ​ស្លាប់​ហើយ​ទេ​អី?»

«​យើង​បាន​តេ​ទៅ​ប្រាប់​គាត់រួច​ហើយ!​ ​​យប់​នេះ​នឹង​ដេក​នៅ​ផ្ទះ​​​មិត្ត​ភក្តិ ​ព្រោះ​​ជាប់​រវល់​ធ្វើកិច្ច​ការ​​សាលា​​រួម​គ្នា! ~^^~ »

អេ៎… ចុះ​វា​តេ​តាំង​ពីអង្កាល់? … ឬ​មួយ​វា​បាន​រៀប​ចំ​គម្រោង​ការណ៍ទុក? អានេះ! អាក្រក់​មិន​​ធម្មតាទេ!!! T^T!!

«ចុះ​នាំ​គ្នា​ដេក​របៀប​ម៉េច​ទៅ? យើង​មិន​ចូល​ចិត្ត​ដេក​ប្រជ្រៀត​គ្នា​ទេ!! បើ​ឯង​ចង់​ដេក​ ទាល់​តែ​ដេក​​លើ​កម្រាល​ឥដ្ឋ​​ហើយ!»

«យ៉ាង​ម៉េច​ក៏​បាន​ដែរ! ជីវិត​ទាំង​មូល​ជា​របស់​ទី​ហើយ… ចង់​ឲ្យ​យើង​​ធ្វើ​យ៉ាង​ម៉េច​ក៏​ព្រម! ^^»

«​អាខ្មុត​ឆ្កួត! កុំ​មាត់​តាប៉ែ​ច្រើន​ពេក​ ឮ​ហើយ​ចង់​ក្អួត!!!​ -.,-/ »

«ឱះ! មិន​ទាន់​បាន​ធ្វើ​អី​ផង ចាញ់​កូន​ទៅ​ហើយហ៎ ម្ចាស់​ជីវិត? (o_O) »

​          វេន​កម្ម​មែន! ទី​បំផុត​ខ្ញុំ​ក៏​​ព្រម​ចាញ់ ត្រៀម​ក្រាល​កន្លែង​ដេក​​ឲ្យ​វា​ក្បែរ​គ្រែ តែ​ភួយខ្នាត​​​​ធំ​មាន​តែ​មួយ​ ខ្ញុំ​ក៏​យក​ភួយ​​អាតូច​ឲ្យ​វា ធ្វើ​បាប​វា​បន្តិច​ចុះ!! អាណា​ប្រើ​ឲ្យ​វា​ទាម​ទារ​ចង់​ដេក​នៅ​ទី​នេះ! >[]<​

លុះ​​ងូត​ទឹក​រួច​រាល់​ហើយ​ក៏​ចូលគេង។ ខ្ញុំ​ចូល​ចិត្ត​បើក​ម៉ាស៊ីន​ត្រជាក់ ដេក​ដណ្តប់​ភួយ​ព្រោះ​ធ្វើ​ឲ្យ​ដេក​លក់​ស្រួល។ ថ្ងៃ​នេះ​ក៏​បើក តាម​ធម្មតា​ខ្ញុំ​បើក​ត្រឹម​២​២​អង្សារ​ជា​ប្រចាំ ហើយ​ក៏​នាំ​គ្នា​ដេក​រៀងៗ​ខ្លួន។ ខ្ញុំ​ដេក​មិន​សូវ​លក់​ក៏​ងាក​ខ្លួន​មក​មើល​សមុទ្របន្តិច… វា​ដេក​លក់​ហើយ! តាម​ពិត​ទៅ​សមុទ្រ​ក៏​គួរ​ឲ្យ​ស្រឡាញ់​ដូច​គ្នាណា៎! វា​ដេក​អង្កុញជើង​និង​ឱប​ដៃ​ធ្វើ​ខ្លួន​ក្រវៀនៗ។ ប្រហែល​ជា​រងា​ហើយ​ ព្រោះ​ភួយ​តូច​មួយ​ វា​ធ្វើ​ខ្លួន​ញ័រ​ញាក់តិចៗ។ មិន​ដឹង​ថា​វា​ធ្វើ​ពុត​ជា​រងា​ឬ​ក៏​រងា​ពិត​មែនទេ តែ​សីតុណ្ហភាព​ក្នុង​បន្ទប់​កំពុង​ចុះ​ត្រជាក់ វា​ប្រហែល​ជា​មិន​ទម្លាប់​ខ្លួន​បែប​នេះ​ទេ​មើល​ទៅ។

«សមុទ្រ​! ឯង​រងា​ទេ?»

វា​បើក​ភ្នែក​ឡើង៖

«​រងា​តែ​មិន​អីទេ… យើង​​ទ្រាំ​បាន!»

ខ្ញុំ​ក៏​ត្រឡប់​ជា​អាណិត​វា ដំបូង​គិត​ថា​ចង់​ធ្វើ​បាប​បន្តិច…

«​អឺ… ចាំ​យើង​បន្ថែម​កំដៅ​​ម៉ាស៊ីន​ត្រជាក់​ក៏​បាន!»

«ទី! យើង​​សុំ​ដេក​លើ​គ្រែ​ជាមួយ​ឯង​បាន​ទេ យើង​​ធានា​ថា​នឹង​មិន​ធ្វើ​អី​ឯង​ទេ… Y.Y »

​ស្តាប់​មើល​ចុះ! តើ​វា​កំពុង​គិត​អី​ហ្នឹង? ខ្ញុំ​សញ្ជឹង​គិត​មួយ​សន្ទុះ ដោយ​មិន​តប​ត។

«ឯង​ខ្លាច​យើង​ធ្វើ​អី​ឯងមែនទេ? កុំ​បារម្ភ​ យើង​​មិន​ធ្វើ​អី​​ទេ… ថ្ងៃ​នេះ​អស់​កម្លាំង​ណាស់ បើ​​ចង់​ក៏​ប្រហែល​ជា​​ទ្រាំ​ទ្រ​មិន​ឈ្នះ​ដែរ។» _  _*

«ឆ្កួត!!! ឯង​សាក​មក​ធ្វើ​មើល៍ យើង​​​នឹង​ដាល់​ឲ្យ​បែក​មាត់!! (>w<)!!!»

«​មាន​សង្សារ​ជា​កីឡាករ​បាល់​ទាត់ ពិត​ជាពិបាក​ខ្លួន​ហើយខ្ញុំ… ~_~»

«​នរណា​ជា​សង្សារ​ឯង? ព្រិល​ស​ទៅ​វិញ​តើ​! ទើប​ជា​សង្សារ​របស់​ឯង កុំ​មក​វង្វេង​វង្វាន់!!!»

«ទី! សមុទ្រ​​ស្រឡាញ់​ទីពិត​មែន​ណ៎ា! ព្រិល​ស​នាង​គួរ​ឲ្យ​ស្រឡាញ់ តែយើង​​ស្រឡាញ់​នាង​​ទុក​ដូច​ជា​ប្អូន​ស្រី​ប៉ុណ្ណោះ។ នាង​ជា​នារី​ដែល​​មិន​សូវ​រឿង​ច្រើន​ ហើយ​តែង​តែ​មក​ធ្វើល្អ​​ជាមួយ​យើង​ ទើប​យើង​ក៏​អាណិត​នាង…»

«​យើង​ក៏​មិន​បាន​ថា​អី​ដែរ!» ខ្ញុំ​និយាយ​គេច​មុខ​ចេញ​ពី​វា។ នៅ​សុខៗ វា​ក៏​លោត​ឡើង​មក​លើ​គ្រែ។

«បើ​មិន​ថា​អី ម៉េច​ក៏​ចាំ​បាច់​គេច​មុខចេញ? ឬ​មួយ​ក៏​ទី​ប្រចណ្ឌ​? សមុទ្រ​​​លួច​ឃើញ​ច្រើន​ដង​មក​ហើយ​ណ៎ា! ^^ »

«​យល់​ច្រឡំ​ខ្លួន​ឯង យើង​មិន​បាន​គិត​ស្អីសោះ! ចង់​ថា​​ម៉េច​ក៏​ថា​ទៅ យើង​មិន​ខ្ចី​ខ្វល់​ទេ!! >O<^ ​»

សមុទ្រ​លូក​ដៃ​មក​ឱប​ចង្កេះ​ខ្ញុំ​ពី​ក្រោយ ហើយ​ទាញ​ខ្លួន​ខ្ញុំ​ឲ្យ​ដេក​ជិត​វា៖

«សមុទ្រ​! ឯង​ប្រុង​ធ្វើ​ស្អី? TOT!! »

«សមុទ្រ​​​​សុំ​ដេក​ឱប​ទី​​យ៉ាង​នេះ​មួយ​យប់​បាន​ទេ? សមុទ្រ​សន្យា​ថា​ នឹង​មិន​ធ្វើ​អី​ទី​ទេ…» ហើយ​​​វា​ក៏​ខ្សឹប​ដាក់​ខ្ញុំ «ទី… សមុទ្រ​ស្រឡាញ់​ទី​ណ៎ា!»

សមុទ្រ​ដេក​ឱប​ខ្ញុំ​ពេញ​មួយ​យប់​ ធ្វើ​ឲ្យ​ខ្ញុំ​ទទួ​ល​អារម្មណ៍​ប្លែកៗ​យ៉ាង​ម៉េច​មិន​ដឹង តែ​​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​សុខ​។ លុះ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ​ក៏​មិន​ឃើញ​​វា​នៅ​លើ​គ្រែ​… ប្រហែល​ជា​ប្រញាប់​​ទៅ​រៀប​ចំ​តុប​តែង​ខ្លួន​នៅ​ឯ​ផ្ទះ​ហើយ ព្រោះ​វា​មិន​បាន​យក​ឯក​សណ្ឋាន​សិស្ស​មក​ផង​។ ខ្ញុំ​ឃើញ​Noteក្រដាស​លឿង​​នៅ​លើ​កញ្ចក់​ដែល​សមុទ្រ​សរសេរ​ទុក​ឲ្យ។ វា​សរសេរ​ថា​នឹង​ត្រឡប់​មក​ទទួល​ខ្ញុំ​ទៅ​សាលា​រៀន ខ្ញុំ​ក៏​ផ្ញើ​សារ​​តប​ទៅ​​វិញ​ មិនឲ្យ​វា​មក​​ទទួលទេ​ព្រោះ​នាំ​តែ​យឺត​យ៉ាវ​​ទៅ​រៀន​ខក។ តែ​ធាតុ​ពិត​ខ្ញុំ​មិន​ចង់​ឲ្យ​​មាន​បញ្ហា​… ខ្ជិល​ឆ្លើយនឹង​​សំណួរ​មិត្ត​​ភក្តិថា ហេតុ​អី​មក​ជាមួយ​គ្នា? មិន​ចង់​ឲ្យ​វា​ហត់​នឿយ​ទៅ​មក ចាំ​ជូន​ចាំ​ទទួល… ទើប​​ខ្ញុំ​ក៏​ប្រញាប់​ទៅ​រៀន​តាំង​ពី​ព្រឹក​ ហើយ​យក​កាតាប​ទៅ​ទុក​ រួច​ចុះ​មក​​អង្គុយ​​លើ​កៅ​អី​ថ្ម​ក្រោម​ដើម​ឈើដូច​រាល់​ដង ព្រោះ​នៅ​ព្រឹក​​មិន​ទាន់​សូវ​មាន​សិស្ស​មក​សាលា​រៀន​នៅ​ឡើយ ម្យ៉ាង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទម្លាប់​​មក​រៀន​យឺត​រាល់ៗ​ថ្ងៃ។ បន្តិច​ក្រោយ​មក ​ក៏​ឃើញ​សមុទ្រ​ដើរ​ចុះ​មក​ធ្វើ​ទឹក​មុខ​ក្រញូវ​តាំង​ពី​នាយ។

«ហេតុ​អី​មិន​ឲ្យ​ទៅ​ទទួល ខ្លាច​នរណា​ឃើញ​ឬ​អី?»

វា​ពូកែ​ងរ​ង៉ក់រក​រឿង​មែន​ទែន! ពូកែ​តូច​ចិត្ត​ណាស់ អាម្នាក់​នេះ!!​​ / />.<\\

«​ទី​ខ្លាច​ឯង​​ហត់​នឿយ​ ទើប​ក៏​ខំ​មក​ដោយ​ខ្លួន​ឯង…»

«​លើក​ក្រោយ​ឯង​មិន​ចាំ​បាច់​មក​បំណង​ល្អ​ដាក់​យើង​បែប​នេះ​ឡើយ! ឯង​ដឹង​ទេ? ធ្វើ​បែប​នេះ យើង​កាន់​​នឿយ… នឿយ​ចិត្ត​ខ្លាំង​ថែម​ទៀតណ៎ា!»

«អាខ្មុត​ឆ្កួត!!! ឯង​និយាយ​អី ឲ្យ​ចេះ​រៀន​ខ្មាស​អៀន​ខ្លះ​មើល៍! យើង​គ្មាន​អី​នឹង​គ្នា​បន្តិច​ផង!» ខ្ញុំ​ចាប់​ផ្តើម​ក្រហមមុខ​ទៀត​ហើយ(6_^)!។

«មើលហ្ន៎… ឯង​អៀន​ឬទី!! ឬ​មួយ​ឯង​ចង់​មាន​អីៗ​នឹងយើង​ពិត​មែន? បែប​នេះ​ក៏​មិន​ប្រាប់… កុំ​អី​យប់​មិញ​នឹង​បាន…»

«អ… អា… ខ្មុតតតតតតតតតតតតត!!!!» ខ្ញុំ​កាន់​តែ​មុខ​ក្រហម​ទ្វេ​ឡើង(+_+)។

ខណៈ​ដែល​ខ្ញុំ​កំពុង​ជេរ​វា…

«បង​សមុទ្រ! សួស្តី​បង​ទី!»

«បាទ​សួស្តី!ព្រិល​ស…»

«នាំ​គ្នា​និយាយ​រឿង​អីហ្នឹង ហេតុ​អី​ក៏​បង​ទីមុខ​ក្រហម​យ៉ាង​នេះ?»

«អ… អត់​អី​ផង! បង​សុំ​ទៅ​យក​របស់​នៅ​ក្នុង​ថ្នាក់​បន្តិច​ណ៎ា… នាំ​គ្នា​តាម​សប្បាយ​ចុះ។»

ខ្ញុំ​ក៏​ដើរ​ចេញ​មក បណ្តោយ​ឲ្យ​ពីរ​នាក់​នោះ​ មាន​ឱកាស​និយាយ​គ្នា។ ហេតុ​អ្វី​ ខ្ញុំ​មិន​ពេញ​ចិត្ត​គ្រប់​ពេល​ ដែល​សមុទ្រ​និយាយ​គ្នា​ជាមួយ​អ្នក​ផ្សេង? តែ​ខ្ញុំ​ក៏​ប្រហែល​ជា​មិន​អាច​ហាម​ឃាត់​វា​​បាន​ដែរ ព្រោះ​យ៉ាង​ណា​ក៏​វា​ទាក់​ទង​គ្នា​ពី​មុន​មក​ហើយ​។ ជួ​ន​កាល​ទំនាក់​ទំនង​រវាង​យើង​ទាំង​ពី​រ​អាច​នឹង​គ្មាន​អ្វី​ក៏​ថា​បាន ​វា​គ្រាន់​តែ​ជា​អារម្មណ៍​វិលវល់ស្មុគ​ស្មាញ​ម្តង​ម្កាលប៉ុណ្ណោះ​ក៏​មិន​ដឹង​។ ចុះ​ហេតុ​អ្វី ពេល​ដែល​ខ្ញុំ​គិត​ដល់​រឿង​នេះ​ពេល​ណា ខ្ញុំ​តែង​ទទួល​អារម្មណ៍​ឈឺ​ផ្សា​គ្រប់​ពេល? TwT

ពេល​គោរព​ទង់​ជាតិ​រួចមក​​អង្គុយ​ក្នុង​ថ្នាក់ ខ្ញុំ​ក៏​នៅ​ស្ងៀម​ស្ងាត់​មិន​បានមាត់​ក​ថា​អ្វី។ ជួន​កាល​ទំនាក់​ទំនង​​របស់​យើង​អាច​នឹង​ត្រូវ​បញ្ចប់ ព្រោះ​វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច។

«ទី! ឯង​​មាន​បញ្ហា​អី ឬ​អត់?»

«អត់​ទេ!»

«ឯង​មាន​រឿង​អី​ ក៏និយាយ​​ប្រាប់​យើង​មក​ចុះ…» មុន​នឹង​វា​និយាយ​ត​ថាម៉េច​ទៀត លោក​គ្រូ​ក៏​មក​ដល់។ ខ្ញុំ​ក៏​ស្ងាត់ ​វា​ក៏​មិន​មាត់​ក​ថា​អ្វីទៀត។

«​ប្អូន​ៗ​ទាំង​អស់​គ្នា! ថ្ងៃ​នេះ​លោក​គ្រូ​មាន​មិត្ត​ថ្មី​ មក​ណែ​នាំ​ឲ្យ​ប្អូនៗ​បាន​ស្គាល់។ គ្រួសារ​គេ​ទើប​​តែ​ផ្លាស់​​មក​រស់​នៅ​ទីនេះ ទើប​ត្រូវ​ដូរមក​រៀន​នៅ​​សាលា​​យើង​ក្រោយ​គេ​បែប​នេះ។​»

បន្ទាប់​ពី​នោះ សិស្ស​​ថ្មី​ក៏​ចូល​មក​ណែនាំ​ខ្លួន…

[ពេល​នេះ​ សមុទ្រ​ចាប់​ផ្តើម​មាន​គូ​ប្រជែង​បេះដូងហើយ យ៉ាង​ណា​ៗ​សូម​រង់​ចាំ​អាន​ត​នៅ​វគ្គ​ក្រោយ​ណ៎ា!​ ^^ ]

ប្រស្នាឃាតកម្ម(៤) ខែ វិច្ឆិកា 16, 2009

Posted by ផ្កាយ​Novels in ប្រលោមលោក, រឿង​ស៊ើប​អង្កេត.
1 comment so far

អាន​វគ្គ៣

វគ្គ២៖ ទេពធីតាមកប្រោស

សាកល​វិទ្យាល័យ​នេះ​ មាន​បរិវេណ​ធំ​ទូលាយ​ណាស់។ ការ​ធ្វើ​ដំណើរ​ទៅ​រៀន​តាម​អគារ​សិក្សា​នីមួយៗ​​ត្រូវ​ប្រើ​កង់​​ជា​មធ្យោបាយ​​​ចម្បង។ ដូច្នេះ​នៅ​​តាម​​អគារ​សិក្សា​ផ្សេងៗ ​តែង​​តែ​មាន​ទីលាន​តូចៗ​សម្រាប់​ចតកង់​នៅ​ក្បែរ​ៗ​នោះ។ ពេល​នេះ​​ជា​​​ពេល​ដែល​និស្សិត​ ភាគ​ច្រើន​នាំ​គ្នា​ចូល​រៀន​ ទើប​ធ្វើ​ឲ្យ​បរិយាកាស​​ជុំវិញ​មហាវិទ្យាល័យ​ ហាក់​ដូចជា​ស្ងប់​ស្ងាត់​បន្តិច​ តែ​​​ក៏​មាន​​និស្សិត​ខ្លះ​អង្គុយ​ចាប់​គ្នា​​​ជា​ក្រុម​ដើម្បី​ធ្វើ​កិច្ចការ​សាលា ឬ​ទន្ទេញ​មេរៀន​​​រង់​ចាំ​ចូល​រៀន​នៅ​ម៉ោង​បន្ទាប់។

តាម​ផ្លូវ​ដែល​ប៉ូលីស​កំលោះ ​ដើរ​ទៅ​កាន់​អគារ​របស់​សាកល​វិទ្យាធិការ គេ​ក៏​បាន​ឆ្លៀត​ឱកាស​ត្រួត​ពិនិត្យ​មើល ​ជុំ​​វិញ​មហាវិទ្យាល័យ​ទៅ​​ផង។​ តែ​ដើរ​ទៅដើរ​មក ​​ហេតុ​អ្វី​គេ​នៅ​តែ​មិន​ទាន់​ទៅ​ដល់ ​អគារ​​សាកល​វិទ្យាធិការ?  ត្រូវ​ហើយ! កំលោះ​កំពុង​​តែ​វង្វេង​ផ្លូវ​… នេះ​ថ្នាក់​អ៊ំ​ដែន​គូរ​ប្លង់​ផែន​ទី​ឲ្យ​ហើយ​ នៅ​វង្វេង​ទាល់​តែ​បាន​ទៀត!! យ៉ាប់​ហើយ​កំលោះ!!… នេះ​សម្តែង​ឲ្យ​ឃើញ​ថា​ គេ​គ្មាន​ទេព​កោសល្យ​ខាង​នេះ​ពិត​មែន! ហើយ​ស័ក្តិ​សម​ណាស់​​ដែល​នរណា​ៗ​ ក៏​មើល​មក​គេ​​ថា​ជា​មនុស្ស​មិន​ឆ្លាត!!

«​អគារ​សាកល​វិទ្យា​ធិការ​​នៅ​ត្រង់​ណាហ្ន៎?» ភ្នាក់​ងារកំលោះ​រអ៊ូ​តិចៗ។

«កំពុង​រក​អគារ​សាកល​វិទ្យាធិការ​ឬលោក?»

«ប… បាទ… មែន​ហើយ!!» តប​ព្រមទាំង​អេះក្បាល​អៀន​បណ្តើរ។

«​មិន​អី​ទេ​! ចាំ​ខ្ញុំ​​ជូន​លោក​ទៅ​ក៏​បាន។» និយាយ​ព្រមទាំង​​សើចខឹក​ៗ​ នៅ​ពេល​ឃើញ​កាយ​វិការរបស់​កំលោះ។

«ពិត​មែន​ឬ?… អរ… អរគុណ​បាទ!!» ហេតុ​អ្វី ​នាង​គួរ​ឲ្យ​ស្រឡាញ់​បែប​នេះ​ហ្ន៎… បេះ​ដូង​របស់​​កំលោះ​លោត​​លែង​ត្រូវ​ចង្វាក់​ហើយ!

«​លោក​មក​ដាក់​ពាក្យ​ ធ្វើ​ជា​គ្រូ​​បង្រៀន​នៅ​ទី​នេះ​ឬ?» នាង​ក្រមុំ​បបួល​និយាយ​ ដើម្បី​កុំ​ឲ្យ​បរិយាកាស​​តាន​តឹង​ពេក ព្រោះ​បើ​ចាំ​ឲ្យ​ភ្នាក់​ងារ​រតនៈ​ចាប់​ផ្តើម​បទ​សន្ទនា​មុន​ គង់​នឹង​មិន​បាន​និយាយ​គ្នា​ទេ!

«អឺ… មក​​ដាក់​​ពាក្យ​ធ្វើ​គ្រូ… បាទ! ត្រូវ​ហើយ​បាទ!!» ឲ្យ​គេ​ប្រាប់​យ៉ាងម៉េច​ថា​មក​ធ្វើ​រឿង​ក្តី​ឃាតកម្ម.. ប្រាកដ​ជា​បែក​រឿង​ខ្ចរខ្ចាយ​ផ្អើល​និស្សិត​មិន​ខាន។

«​អគារ​សាកល​វិទ្យាធិការ​នៅ​មិន​ឆ្ងាយ​ទេ ដើរ​ពី​នេះ​ទៅប្រហេល​ជា​​៥០០​ម៉ែត្រ​ ក៏ដល់​ហើយ!» វង់​ភក្រ្ត​នោះ​ងាក​មក​​ញញឹម​ស្រស់​ស្រាយ​ ធ្វើ​ឲ្យ​បេះ​ដូង​របស់​កំលោះ​ប៉ូលីស​ញ័រ​រញ្ជួយ។

ហេតុ​អ្វី​ក៏​ញាប់​ញ័រ​ដល់​ថ្នាក់​នេះ​ ទាំង​ដែល​យើង​ក៏​ឆ្លង​កាត់​នារី​​ រាប់​រយ​នាក់​មក​ហើយ តែ​គ្រាន់​​តែ​ដើរ​ឆ្លង​កាត់​ប៉ុណ្ណោះ! កុំ​គិត​ជ្រៅ​ឲ្យ​សោះ… ហេតុ​អី​ជាមួយ​​មនុស្ស​ស្រី​ម្នាក់​នេះ បេះ​ដូង​យើង​លោត​ខុស​ចង្វាក់​បែប​នេះ?

«លោក!» សំឡេង​របស់​តូច​តន់ ដាស់​កំលោះ​ឲ្យ​ភ្ញាក់​ពី​ការគិត។

«​បាទ!… ថា​យ៉ាង​ម៉េច​បាទ?» ប៉ូលីស​រូប​ល្អ​ងាក​ទៅ​មើល​ទឹក​មុខ​​​ដែល​​ធ្វើ​ភ្នែក​ភ្លឹះៗ។

«​អម្បាញ់​មិញ​ខ្ញុំ​សួរ​លោកថា លោក​ឈ្មោះ​អី?»

«អ… អឺ… ខ្ញុំ​ឈ្មោះ ​រតនៈ អូសាគិ ​បាទ!»

«​ឈ្មោះ​ប្លែក​ម្ល៉េះ? លោក​ជា​ជនជាតិ​ជប៉ុន​ឬ?» កែវ​ភ្នែក​បញ្ជាក់​ប្រាប់​ការចាប់​អារម្មណ៍​ប្រភព​របស់​ឈ្មោះនោះ។

«​បែប​ៗ​នេះ​ឯង… គឺ​​ខ្ញុំ​ជា​កូន​កាត់ លោក​ប៉ា​ខ្ញុំ​ជា​ជនជាតិ​ជប៉ុន ឯ​អ្នក​ម៉ាក់​ជាជន​ជាតិ​ខ្មែរ។»

«​ល្អ​ខ្លាំង​ណាស់! ភាគ​ច្រើន​ក៏​ឃើញ​មាន​តែ​កូន​កាត់​ចិន​ចាម​យួន ដល់​មាន​កូន​កាត់​ជប៉ុន​ខ្លះ​ក៏​ជា​រឿង​ល្អមួយ​​ដែរ។» នាង​និយាយ​ចេញ​​ពី​ចិត្ត​ឬ​អត់​ហ្នឹង? ដែល​​នាង​និយាយ​ថា​ល្អ​ខ្លាំង​ណាស់​ ​នាង​ប្រហែល​ជា​កំពុង​មា​ន​ចិត្ត​មក​លើ​យើង​ខ្លះ​ហើយ! មនុស្ស​ប្រុស​ភាគ​ច្រើន​គឺ​​បែប​នេះ​ឯង ចូលចិត្ត​គិត​ចូល​តែ​ខាង​ខ្លួន​ឯង។​​​

«ប..ប… បាទ!» អៀន​ទៀត​ហើយ! យក​ដៃ​ជ្រោង​អេះ​សក់​ ស្ទើរ​​តែ​ក្បាល​ទំពែក​អស់​ហើយ!!

«អឺ… ចុះ​អ្នក​នាង​ឈ្មោះ​អី​ដែរ?» ហ៊ែមមម… ចង់​ស្គាល់​ដែរហ៎? ព្រាន​នារី​មិន​ធម្មតា​ដែរ​តើ!

«ច៎ាះ! ឈ្មោះ​ហេរិកា។» ខាង​ស្រី​ណែ​នាំ​ខ្លួន​ដោយ​កិរិយាអៀន​តិចៗ។

«បាទ​! អ្នក​នាង​ហេរិកា!» កំលោះ​សាក​ល្បង​ហៅ ដើម្បី​កុំ​ឲ្យ​ពេល​ខាង​មុខ​​រឹង​មាត់​​ពិបាក​  និយាយ។

«​មិន​បាច់ហៅ​អ្នក​នាង​ក៏​បាន​ដែរ… ស្តាប់​មើល​ទៅ​ប្លែកៗ​យ៉ាង​ម៉េច​មិន​ដឹង!!?» និយាយ​បែប​នេះ​ ច្បាស់​ជា​មាន​ចិត្ត​លើ​យើង​ពិត​មែន​ហើយ!!

អ្នក​ទាំង​ពីរ​ ដើរមក​ឈប់​ត្រង់​ខាង​មុខ​អគារ​ពណ៌​ស ដែល​ជា​អគារ​៤ជាន់​លើ​ក​គ្រឹះ​ខ្ពស់​មាន​​   ជណ្តើរ​ដើរ​​ឡើងចូល​ទៅ​ក្នុង​អគារ។ ខាង​មុខ​ជា​ទី​ធ្លាទូលាយ​មាន​កៅ​អី​និង​តុ​ថ្ម​ដាក់​តាំង​ជា​ហូរ​ហែរ​នៅ​ក្រោម​ម្លប់​ឈើ​ធំៗ​​ ដើម្បី​ទុក​ឲ្យ​និស្សិត​អង្គុយ​អាន​សៀវភៅ​។ បរិវេណ​នេះ​ ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ទៀត​របស់​​សាកល​វិទ្យាល័យ​ដែល​មាន​សភាព​ស្ងប់​ស្ងាត់​ល្អ។

«ដល់​ហើយ​អគារ​សាកល​វិទ្យាធិការ!» ស្រស់​ស្រី​ចាប់​ទាញ​ដៃ​បុរស ​ឡើង​តាម​ជណ្តើរចូល​​ទៅ​ក្នុង​​អគារ ឯកំលោះ​ភ្ញាក់​បន្តិច​នឹង​កាយវិការ​របស់​នាង ហើយ​ក៏​ដើរ​តាម​ទៅយ៉ាងស្រួល។

ទ្វារ​ចូល​អគារ ​ជា​​​ទ្វារ​ដែល​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​ រុញ​បើក​ទាញ​បិទ​ដោយ​ខ្លួន​ឯង​ពេល​មាន​មនុស្ស​​ដើរ​ចូល​ឬ​ចេញ។ ចំហាយ​ត្រជាក់​ចេញ​​ពី​​ម៉ាស៊ីន​​ទំនើប​ ដែល​បើក​ចោល​ក្នុង​បន្ទប់​ជះ​មក​ប៉ះ​នឹង​រាង​កាយ​របស់​កំលោះ​ ធ្វើ​ឲ្យ​នាយ​ទទួល​​អារម្មណ៍​ត្រជាក់​សប្បាយស្រស់​ថ្លា​ចិត្ត​ភ្លាមៗ។ សន្តិ​សុខ​​ដែល​​យាម​កាម​​នៅ​មាត់​ទ្វារ​លើក​ដៃ​គោរព។ ខាង​ក្នុង​ជា​ល្វែង​ធំទូលាយ​ ដែល​មាន​ប្រអប់​ជណ្តើរ​យន្ត​តភ្ជាប់​គ្នា​​សម្រាប់​​ឡើង​ទៅ​ជាន់​លើ។ នៅ​​ជ្រុង​ខាង​ស្តាំ​ខាង​​មុខ​​ជណ្តើរ​យន្ត ​មាន​​តុ​សួរ​ព័ត៌​មាន​​ព្រម​ជា​មួយ​​ផ្លាក​​សរសេរ​ថា​«សូមអញ្ជើញប្តូរប័ណ្ណនៅទីនេះ។ កំលោះ​ប៉ូលីស​ដើរ​សំដៅ​ទៅដើម្បី​នឹង​ប្តូរ​ប័ណ្ណ តែ​ខ្លួន​របស់​គេ​ត្រូវ​​ឈប់​នឹង​ថ្កល់​ នៅ​ពេល​​មាន​ដៃ​មួយ​មក​ចាប់​​គេ​ត្រង់​ដើម​​ដៃជាប់។ បុរស​ងាក​ទៅ​មើល​ធ្វើ​​​មុខ​សង្ស័យ៖

«​មិន​បាច់​ប្តូរ​ប័ណ្ណ​ទេ បើ​មក​ជាមួយ​ខ្ញុំ!» នួន​នាងនិយាយ​ ដោយ​ធ្វើ​ទឹក​មុខបង្កប់ការ​សង្ស័យ ហើយ​ចុចប៊ូតុង​រង់​ចាំ​ជើង​ជណ្តើរ។

«​ម៉េច​​ក៏​​​​មិន​ប្តូរ​ប័ណ្ណអ៊ីចឹង? តិច​បង​ប្រុស​សន្តិសុខ ​មក​ចាប់​ខ្ញុំ​គ្រវែង​ទៅក្រៅ​ទៅ!!» និយាយ​ព្រម​ទាំង​ងាក​មើល​ឆ្វេង​ស្តាំ​​ដើម្បីការពារ​ខ្លួន​ បើ​មាន​ការ​សម្រុក​មក​ចាប់ ​បែប​មិន​​មាន​ការ​ត្រៀម​ខ្លួនណាមួយ​។ អេ… ចុះ​ហេតុ​អី​ក៏​គ្មាន​នរណា​ ​ចាប់​អារម្មណ៍​នឹង​យើង​អ៊ីចឹង? ឬ​មួយ​ក៏​មិន​ចាំ​បាច់​ប្តូរ​ប័ណ្ណ​ពិតមែន? ចុះ​ម៉េច​ក៏​សរសេរ​ផ្លាក​ដាក់​ថា​ ឲ្យ​ប្តូរ​ប័ណ្ណ​ធ្វើ​អី???

ទិងងង…

ទ្វារ​ជណ្តើរ​យន្ត​របើក​ចេញ អ្នក​ទាំង​ពីរ​ឈាន​ជើង​ ចូល​ទៅក្នុង​បន្ទប់​យន្ត​ព្រម​គ្នា។ ស្រស់​ស្រី​ចុចប៊ូតុង​ជាន់​ទី​៤​ ហើយ​ទ្វារ​ក៏​ទាញ​បិទ​វិញ​មុន​នឹង​រំកិល​ឡើង​ទៅ​លើ។ បន្ទាប់​ពី​នោះ​​គ្រប់​យ៉ាង​ក៏​ស្ងាត់​ច្រៀប​ មាន​តែ​សំឡេង​ដកដង្ហើម ​របស់​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះនៅ​ក្នុង​ទូ។ ហេតុអ្វី​ត្រឹមតែ​​ជាន់​ទី៤​សោះ​ម្តេច​ក៏​យូរ​យ៉ាង​នេះ!! ​កាល​បើ​បាន​នៅ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ ពីរ​នាក់​តទល់​ក្នុង​បន្ទប់​ដែល​ចង្អៀត​ៗ​បែប​នេះ វា​ធ្វើ​ឲ្យទទួល​អារម្មណ៍​​តឹង​តែងយ៉ាង​ចម្លែក ​ហើយ​ស្ទើរ​តែ​ស្ទះថប់ៗ​ក្នុងដើម​ទ្រូង​ម្តង​ៗ​។​​

សូមរង់​ចាំ​អាន​វគ្គ​បន្ត!