បែកផ្លូវ ខែ តុលា 30, 2009
Posted by ផ្កាយNovels in មនោសញ្ចេតនា, រឿងខ្លី.1 comment so far
មានចាំទេ បងធ្លាប់និយាយប្រាប់អូនថាម៉េចខ្លះ? គ្មានថ្ងៃដែលបងឈប់ស្រឡាញ់អូនទេ ហើយក៏គ្មានវិនាទីណា ដែលបងមិននឹកដល់អូនដែរ… តែមានហេតុផលមួយដែលបងមិនអាចស្រឡាញ់អូនបាន។ កុំបាច់សួរថាហេតុផលនោះគឺជាអ្វី? គ្រាន់តែដឹងទៅថា យើងទាំងពីរមិនអាចស្រឡាញ់គ្នាបានទេ…
ខ្ញុំអង្គុយឱបក្បាលជង្គង់ម្នាក់ឯង។ អារម្មណ៍របស់ខ្ញុំពេលនោះហាក់ដូចជា លោកទាំងមូលគ្មាននរណាឡើយក្រៅពីរូបខ្ញុំ។ ពេលវេលារបស់ខ្ញុំហាក់ដូចជា រង់ចាំនរណាម្នាក់ដែលនឹងមករក… មិនមែនគេមកដើម្បីនឹងប្រាប់អ្វីម្យ៉ាងដល់ខ្ញុំនោះទេ តែគេគ្រាន់តែមកដើម្បីនឹងដើរចេញពីជីវិតខ្ញុំទៅ។
ទ្រីននននន…
សំឡេងរថយន្តរបស់គេមកដល់ហើយ ប្រហែលជាដល់ពេលហើយណា ដែលគេនឹងធ្វើអ្វីមួយ ដើម្បីយកជីវិតចេញពីខ្ញុំទៅ។ ល្មមចប់ហើយជីវិតរបស់យើង!! គេចូលមកមើលខ្ញុំហើយក៏ស្ងៀមទៅ។ ខ្ញុំទទួលអារម្មណ៍ថា គេក៏មិនចង់គិតដែរ ថាមនុស្សដូចខ្ញុំនឹងមានជីវិតនៅបែបនេះ។
[...]
ទ្រីននននន…
ខ្ញុំបញ្ឈប់រថយន្ត សម្លឹងមើលរូបភាពដែលនៅខាងមុខ នោះគឺជាកន្លែងដែលខ្ញុំធ្លាប់ប្រើជីវិតនៅជាមួយនារីម្នាក់។ ខ្ញុំធ្លាប់មានសេចក្តីសុខនៅពេលនៅជាមួយនាង តែពេលនេះខ្ញុំបែរជាអស់អារម្មណ៍ល្អៗជាមួយនាង។ ខ្ញុំឈានជើងឡើងលើជណ្តើរអគារ ដោយអារម្មណ៍ល្វើយ។ ខ្ញុំសួរខ្លួនឯងថា ជីវិតស្នេហារបស់មនុស្សយើងខោចខ្លីយ៉ាងនេះឬ?
ខ្ញុំបើកទ្វារដើរចូលទៅក្នុងបន្ទប់។ រូបភាពដំបូងដែលខ្ញុំឃើញ គឺនារីដែលខ្ញុំស្រឡាញ់កំពុងអង្គុយឱបក្បាលជង្គង់។ ទឹកមុខនាងហាក់ដូចជានាង កំពុងមានអារម្មណ៍មួយ ដែលមិនខុសប្លែកពីខ្ញុំនៅពេលនេះប៉ុន្មានទេ។ នាងសម្លឹងមកខ្ញុំតែមិននិយាយអ្វី ចំណែកខ្ញុំក៏មិនដឹងថាត្រូវប្រាប់អ្វីទៅនាង។ ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ ខ្ញុំក៏មិនចាំបាច់មកពន្យល់អ្វីដល់នាងទៀតដែរ។ យ៉ាងហោចណាស់ខ្ញុំក៏គិតរួចទៅហើយថា នាងប្រហែលជាបានសប្បាយចិត្ត នៅពេលដែលខ្ញុំចាកចេញពីជីវិតនាង។
[...]
ខ្ញុំក្រោកទៅតាមមើលគេនៅក្នុងបន្ទប់ ឃើញគេកំពុងរើសយកបន្ទះស៊ីឌីចម្រៀង ដែលគេចូល ចិត្តស្តាប់ដាក់ទៅក្នុងកេះ ជាចម្រៀងដែលគេចូលចិត្តស្តាប់ខ្លាំងណាស់ ខ្ញុំផ្ទាល់ក៏ធ្លាប់បានស្តាប់រឿយៗដែរ តែពេលនេះចម្រៀងទាំងនោះប្រហែលជាលែងពិរោះទៀតហើយ ព្រោះបើខ្ញុំបានស្តាប់ទៀត ទឹកភ្នែកខ្ញុំពិតជាហូរចេញមកមិនខាន… អតីតកាលរវាងខ្ញុំនិងគេ នឹងចូលមករុកទន្ទ្រានមនោសញ្ចេតនាខ្ញុំជាថ្មី។
សៀវភៅនៅតាមថ្នាក់នីមួយៗរបស់ទូ ត្រូវបានយកចេញម្តងមួយក្បាលៗ។ ខ្ញុំឈរសម្លឹងមើលទាំងបេះដូងកំពុងខ្ទេចខ្ទាំជាចម្រៀកៗ ទៅតាមចំនួនសៀវភៅដែលគេដកចេញមក។ បន្ទាប់ពីនោះគេក៏ចូលទៅយកសំលៀកបំពាក់ក្នុងទូខោអាវ ហើយក៏ដើរចេញមកកាត់មុខខ្ញុំ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
[...]
ខ្ញុំដើរទៅយកស៊ីឌី សៀវភៅ សំលៀកបំពាក់ ដាក់ក្នុងកេះ។ ខ្ញុំឃើញនាងកំពុងតាមសម្លឹងខ្ញុំ… ការពិតខ្ញុំក៏ចង់និយាយអ្វីជាមួយនាងដែរ តែខ្ញុំមិនហ៊ាននិយាយពាក្យនោះចេញមកទៀតទេ ខ្ញុំត្រូវតែអត់ធ្មត់ព្រោះមិនយូរទៀតខ្ញុំនឹងចាកចេញពីជីវិតនាងទៅ។
ខ្ញុំសម្លឹងមើលជុំវិញបន្ទប់គេង ដៃខ្ញុំស្ទាបអង្អែលពូកយ៉ាងថ្នមៗនិងស្រាលដៃបំផុត តែវាក៏ធ្វើឲ្យបេះដូងខ្ញុំរំជួលញ័រពេញដើមទ្រូង។ ភ្នែកខ្ញុំប្រទាក់នឹងស៊ុមរូបថត ដែលខ្ញុំនិងនាងធ្លាប់ថតជាមួយគ្នា។ ខ្ញុំចង់យករូបថតនោះមករក្សាទុកតែក៏មិនហ៊ាន ព្រោះបើខ្ញុំយកទុកខ្ញុំនឹងគិតថាខ្លួនខ្ញុំទៅវិញទេ ដែលមិនព្រមបំភ្លេចនាង។ ខ្ញុំឃើញនាងសម្លឹងមកខ្ញុំទៀត តែខ្ញុំមិនចាប់អារម្មណ៍អ្វីទាំងអស់ ព្រោះខ្ញុំគិតថា ខ្លួនឯងក៏គ្មានតម្លៃគ្រប់គ្រាន់សម្រាប់នាងដែរ។
[...]
ខ្ញុំឈរសម្លឹងគេនៅមុខបន្ទប់ទឹក គេលូកយកច្រាសដុសធ្មេញពណ៌លឿង ដែលជាពណ៌ដែលគេចូលចិត្តបំផុត។ ប្រដាប់កោរពុកមាត់ក៏ត្រូវគេយកចេញ តែមើលទៅគេហាក់ដូចជាធ្មឹងៗដូចគ្មានវិញ្ញាណ គេប្រហែលជាមិនដឹងថាមានភ្នែកមួយគូ កំពុងតាមសម្លឹងមើលសកម្មភាពរបស់គេនោះទេ។ នៅពេលគេដើរកាត់មុខខ្ញុំ ភាពព្រងើយកន្តើយរបស់គេកាន់តែ ធ្វើឲ្យខ្ញុំស្ទើរតែក្អួតឈាមនៅនឹងកន្លែង ខ្ញុំចង់តែស្រែកយំចេញមកឲ្យខ្លាំងៗ តែអាទឹកភ្នែកចង្រៃហេតុអ្វីមិនព្រមហូរចេញមកសោះ??
[...]
ខ្ញុំដើរទៅផ្ទះបាយមើលក្រដាសNote ដែលបិទជាប់នឹងទូទឹកកក ខ្ញុំមើលម្តងទៀតហើយក៏បកយកចេញពីទូ។ ខ្ញុំចាប់យកកែវទឹកមួយក្នុងចំណោមកែវទឹកពីរ ដែលមានរូបបេះដូងជាគូគ្នាមកទុក។ កែវទឹកមួយគូនេះយើងទិញរួមគ្នាក្នុងខួបលើកទី២នៃការជួបគ្នារបស់យើង តែពេលនេះវាគង់នឹងគ្មានន័យអ្វីទៀតទេ។ ខ្ញុំប្រមូលរបស់អស់ទាំងនោះ មកដាក់ក្នុងកេះទាំងអស់។ ឯនាងនៅតាមសម្លឹងមើលខ្ញុំដដែល តែខ្ញុំក៏មិនចង់និយាយអ្វី ព្រោះគិតថាពេលវេលាកាន់តែខើចខ្លីទៅហើយ។
[...]
ខ្ញុំអង្គុយឱបក្បាលជង្គង់នៅលើសាឡុង ត្រីក្រឹមឈ្មោលមួយក្បាល ត្រូវបានគេយកចេញពីកែវចិញ្ចឹម ខ្ញុំរំជួលចិត្តនឹកអាណិតខ្លួនឯង ដែលមានជីវិតដូចគ្នានឹងត្រីក្រឹមញីក្នុងកែវ ដែលត្រូវឃ្លាតពីអ្នកដែលវាស្រឡាញ់ទៅ។ កូនឈើក្នុងថូត្រូវគេលើកយកទៅដាក់ក្នុងកេះទៀត ខ្ញុំទទួលអារម្មណ៍ដឹង ភ្លាមៗថា អ្វីៗគ្រប់យ៉ាងត្រូវបញ្ចប់ហើយ តែមើលទៅគេធ្វើដូចជាគ្មានអ្វីកើតឡើងសោះ។ ទីបំផុតគេក៏លើកកេះរបស់អស់ទាំងនោះចាកចេញពីបន្ទប់ទៅ។ ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរស្រក់មកយឺតៗ ខ្ញុំមិនខ្មាសអៀនអ្វីទាំងអស់បើគ្រាន់តែយំបែបនេះ… ជីវិតស្នេហារបស់យើងប្រហែលជាត្រូវចប់ហើយណា…
[...]
ខ្ញុំឈានជើងចុះជណ្តើរ សំដៅទៅកាន់រថយន្ត រួចរៀបចំយកកេះសម្ភារៈ ទៅដាក់នៅខាង ក្រោយ។ នៅពេលខ្ញុំសម្លឹងឃើញចង្កូតរថយន្ត ទឹកភ្នែកខ្ញុំក៏ចាប់ផ្តើមហូរស្រក់ចុះមក។ ការពិតខ្ញុំចង់យំតាំងពីពេលដំបូងម្ល៉េះ តែមនុស្សប្រុសដូចខ្ញុំនឹងមិនសម្តែងភាពទន់ជ្រាយ ឲ្យនាងឃើញជាដាច់ខាត។ ខ្ញុំដឹងច្បាស់ណាស់ ថានាងទទួលអារម្មណ៍យ៉ាងណា តែខ្ញុំផ្ទាល់ក៏ដឹងថាខ្លួនឯងក៏«ឈឺ»មិនខុសពីនាងដែរ។
«អរគុណពេលវេលា អរគុណចម្ងាយផ្លូវ អរគុណមនោសញ្ចេតនាល្អៗ ទោះបីជាចុងក្រោយត្រូវប្តូរដោយទឹកភ្នែកក៏ដោយ ខ្ញុំផ្ទាល់ក៏សុំទោសដែរ… លាហើយ៕»
Memory isn’t come back…
វិបត្តិស្នេហ៍ ខែ តុលា 12, 2009
Posted by ផ្កាយNovels in មនោសញ្ចេតនា, រឿងខ្លី.4 comments
ជំនោរត្រជាក់បក់ទងស្មៅដែលដុះខ្ពស់ៗឲ្យរេរាំកម្រើកតិចៗ…
ទីនេះគឺជាវាលដ៏ស្ងាត់ជ្រងំលាតសន្ធឹងយ៉ាងល្វឹងល្វើយ តរុណីខ្វះបទពិសោធន៍រឿងស្នេហាម្នាក់កំពុងអង្គុយអណ្តែតអណ្តូង ដោយមានទឹកថ្លាៗហូរចេញមកពីភ្នែក «ទៀតហើយ! ហេតុអ្វីក៏បែបនេះទៀតហើយ?» នាងនិយាយជាមួយខ្លួនឯង។
គ្រប់ពេលដែលនាងមានវិបត្តិស្នេហ៍ នាងតែងតែមកអង្គុយនៅទីនេះ។ អារម្មណ៍នាងទទួលដឹងថា ទីនេះអាចជួយលួងលោមចិត្តនាងបាន «ប៉ុន្មានដងដែលត្រូវខូចចិត្តនឹងរឿងស្នេហា!» «ប៉ុន្មានដងដែលត្រូវមកអង្គុយយ៉ាងកណ្តោចកណ្តែងនៅទីនេះ!» ព្រោះមុខមាត់មិនស្រស់បំព្រង របស់នាងនោះឬ? នាងគិត។
នាងនឹករំឭករឿងរ៉ាវនៅក្នុងអតីត… បើនិយាយទៅ មនុស្សដែលនាងលួចស្រឡាញ់ សុទ្ធតែមានមុខមាត់ស្រស់សង្ហាដូចគ្នា។ គ្រប់ៗរូបសុទ្ធតែជាទីប៉ងប្រាថ្នារបស់នារីៗទាំងអស់ ដែលនេះជាហេតុផលមួយនាំឲ្យស្នេហារបស់នាង មិនធ្លាប់សម្រេចតាមបំណងម្តងណាសោះ។
នៅពេលដែលនាងស្រឡាញ់នរណាម្នាក់ នាងមិនអាចលាក់អារម្មណ៍ទុកនៅក្នុងទ្រូងម្នាក់ឯងបានទេ នាងតែងតែសាស័ព្ទប្រាប់មិត្តជិតស្និទ្ធរបស់ខ្លួនរាល់លើក រាប់តាំងពីស្នេហ៍គ្រាដំបូង គ្រាទី២ គ្រាទី៣ និងគ្រានេះ។ គ្រប់គ្នាអាចនឹងគិតថានាងចិត្តងាយ ដែលស្រឡាញ់មនុស្សច្រើនគ្នាក្នុងរយៈពេលមិនដល់ប៉ុន្មានឆ្នាំ។ តែការពិតនោះ ជីវិតរបស់នាងមិនអាចខ្វះសេចក្តីសុខបានទេ ព្រោះនាងទទួលអារម្មណ៍ថា «នៅពេលដែលបានលួចស្រឡាញ់នរណាម្នាក់ ជារយៈពេលដែលមានសេចក្តីសុខបំផុត ទោះបីជាដឹងថានឹងត្រូវឈឺផ្សានៅពេលក្រោយក៏ដោយ។»
ខណៈនេះនាងកំពុងលង់នៅក្នុងភាពរវើរវាយ…«ទីនេះជាកន្លែងអី?ហើយលោកជានរណា?» មានបុរសម្នាក់ប្រាកដខ្លួននៅចំពោះមុខនាង… រូបរាងខ្ពស់សង្ហា បបូរមាត់ស្តើងពណ៌ស៊ីជម្ពូស្រស់។ កំលោះហើបមាត់វាចាដោយសម្តីទន់ភ្លន់ «ខ្ញុំនឹងនាំអ្នកនាងដើរមើលទីនេះដោយខ្លួនឯង។» ទោះបីជានាងនៅនឹកសង្ស័យ តែនាងក៏ដើរតាមបុរសនោះទៅយ៉ាងងាយស្រួល។ គេនាំនាងដើរលេងគ្រប់ទីកន្លែងក្នុងស្រុកនោះ សួនផ្កាចម្រុះពណ៌ ឧទ្យានកំសាន្ត ហាងអាហារតូចធំ និង គ្រប់យ៉ាងដែលមាននៅទីនេះ ។ នាងគិតថា ទីនេះត្រូវតែស្ថិតនៅផ្នែកណាមួយ របស់ពិភពលោកជាមិនខាន។
គេនិងនាងក៏ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នា… ស្នាមញញឹមនៅលើផ្ទៃមុខរបស់ក្រមុំតូច ក៏ចាប់ផ្តើមលេចឡើងយ៉ាងច្បាស់។ នៅសុខៗគ្រប់យ៉ាងក៏ប្រែជាងងឹតស្លុប គ្របដណ្តប់ដោយផ្សែងអ័ព្ទនិងដុំពពកខ្មៅ។ បុរសនោះលែងដៃពីនាង «ថ្ងៃណាមួយយើងនឹងបានជួបគ្នាយ៉ាងពិតប្រាកដ…» គេពោលឡើង។ តូចតន់ភ្ញាក់ដឹងខ្លួនឡើង ដៃត្រជាក់ស្រេប «ខ្ញុំយល់សប្តិតើ!»
នាងក្រមុំគិតឃើញហើយ! នាងនឹងមិនតាមស្វែងរក សេចក្តីស្នេហាទៀតទេចាប់តាំងពីពេលនេះទៅ តែនាងនឹងរង់ចាំពេលវេលាដែលនឹងបានជួបបុរសនោះ បុរសដែលប្រាប់ថានឹងបានជួបគ្នានៅថ្ងៃណាមួយ។ ពេលនេះនាងត្រៀមខ្លួនបានគ្រប់គ្រាន់ ល្មមនឹងត្រឡប់ទៅផ្ទះយ៉ាងមានសេចក្តីសុខហើយ «ទុកឲ្យរឿងរ៉ាវចាស់ៗ ក្លាយត្រឹមជាការហ្វឹកហាត់ចិត្តឲ្យរឹងមាំទៅចុះប្រសើរជាង!»
ស្នេហ៍ដែលគេបោះបង់ចោល(១) ខែ កក្កដា 1, 2009
Posted by ផ្កាយNovels in ប្រលោមលោក, មនោសញ្ចេតនា, រឿងខ្លី.11 comments
ស្នេហ៍ដែលគេបោះបង់
ដោយ៖ មនុស្សម្នាក់ដែលគេបោះបង់ចោល
ទិដ្ឋភាពនៅក្នុងផ្សារស្ទឹងមានជ័យ មានសភាពអ៊ូអរខុសប្លែកពីធម្មតា ព្រោះថ្ងៃនេះជាថ្ងៃដែលកម្មកររោងចក្រកាត់ដេរបើកប្រាក់ខែរបស់ពួកគេ។
ដាវីជាកម្មការិនីមួយរូប ដែលបម្រើការក្នុងរោងចក្រកាត់ដេរមួយ ឈ្មោះថា«ខិននឺតិច»។ ដាវីនិងមិត្តសម្លាញ់របស់នាងម្នាក់ឈ្មោះរដ្ឋា កំពុងតែមានវត្តមាននៅក្នុងតូបលក់ខោអាវមួយ។ ដាវីលើករ៉ូបមួយយកមកដាក់លើដងខ្លួនរបស់នាង រួចចោទសួរទៅកាន់មិត្តរបស់នាង។
«រដ្ឋា! ឯងមើលរ៉ូបនេះមើល តើសមនឹងរូបរាងរបស់គ្នាដែរទេ?»
រដ្ឋាពិនិត្យមើលបន្តិច ទើបឆ្លើយតបទាំងទឹកមុខញញឹម៖
«ឯងស្អាតស្រាប់ទៅហើយ! ទោះជាស្លៀកពាក់អ្វីក៏សមតែទាំងអស់ហ្នឹង!»
ដាវីញញឹមយ៉ាងស្រស់ ពេលនេះក្រសែអារម្មណ៍របស់នាង កំពុងតែអណ្តែតត្រសែតនឹកដល់រូបភាពមួយ គឺនាងស្លៀករ៉ូបនេះបណ្តើរគ្នាដើរលេងកំសាន្តក្នុងសួនច្បារ ដែលមានបុប្ផាចម្រុះពណ៌រីកស្គុះស្គាយជាមួយថាវ៉ាន់ ជាសង្សាររបស់នាងយ៉ាងសប្បាយត្រេកត្រអាលឃ្លាតចាកទុក្ខា។
រដ្ឋាបន្លឺសម្តីដាស់អារម្មណ៍ដាវី៖
«អាវី! ឯងកំពុងតែគិតអីហ្នឹង? ឈរញញឹមមើលតែមនុស្សឆ្កួតយ៉ាងអ៊ីចឹង?»
ដាវីភ្ញាក់រួចស្រដីទាំងទឹកមុខអៀនប្រៀន៖
«គ្នា! គ្មានគិតអីទេ!»
«អ៊ីចឹង ឯងទិញរ៉ូបនេះដែរទេ?»
«គ្នាមិនបានទិញទេ ព្រោះវាថ្លៃណាស់!»
«អាវី! គ្នាដឹងថាឯងមិនទិញ ព្រោះឯងសន្សំសំចៃប្រាក់ សម្រាប់សង្សាររបស់ឯងបានរៀនសូត្រ តែឯងគួរតែគិតពីខ្លួនឯងខ្លះទៅ! មើលចុះគ្នាឃើញឯងស្លៀកពាក់ខោអាវតែដដែលៗ គ្មានឃើញប្លែកសោះ!»
ដាវីញញឹមស្ងួត រួចវាចាបង្វែសាច់រឿង៖
«រដ្ឋា! គ្នាសុំទៅតូបខាងនោះមួយភ្លែត។»
ថារួច ដាវីក៏ចាកចេញទៅ។ រដ្ឋា នាងឈរគ្រវីក្បាលដកដង្ហើមធំ ក្នុងកែវភ្នែកបង្កប់នូវសេចក្តីអាណិតអាសូរចំពោះដាវីយ៉ាងខ្លាំង។
ម៉ោងប្រមាណជាជិតប្រាំមួយ ដាវីនិងរដ្ឋាក៏បានត្រឡប់មកដល់ផ្ទះជួល។ អ្នកទាំងពីររកចែកផ្លូវគ្នាទៅរកបន្ទប់រៀងៗខ្លួន។ ពេលដាវីបើកទ្វារបន្ទប់ ក៏លេចចេញកំលោះរូបរាងខ្ពស់ស្រស់សង្ហាម្នាក់ ឈរញញឹមពព្រាយទទួលរូបនាង។ អ្នកកំលោះចោទសំណួរ៖
«ថ្ងៃនេះអូនទិញអីឡើងសំពីងសំពោងខ្លាំងម្ល៉េះ?»
ដាវីដាក់ស្បោងឥវ៉ាន់ចុះទៅលើគ្រែ ទើបតបទៅសង្សារ៖
«បងទៅរកងូតទឹកសិនទៅ! អាលនឹងញ៉ាំបាយ! ថ្ងៃនេះអូនមានរបស់សម្រាប់បង។»
«ពិតមែនឬ អូនសម្លាញ់?»
ដាវីញញឹមស្រស់ជំនួសសម្តី។ ថាវ៉ាន់ក៏ចេញទៅងូតទឹក នៅអណ្តូងខាងក្រោយផ្ទះ។ ដាវីរៀបចំម្ហូបអាហារបាយទឹក នៅលើគ្រែតូចមួយ។ ថាវ៉ាន់ដើរចូលមក៖
«ថ្ងៃនេះបានអីញ៉ាំបាយ?»
«ត្រីអាំងជាមួយជ្រក់មមាញណាបង!»
«អូ! ឆ្ងាញ់មាត់ហើយថ្ងៃនេះ។»
អ្នកទាំងពីរចាប់ផ្តើមទទួលទានអាហារ ក្នុងបរិយាកាសសប្បាយរីករាយ។ ថាវ៉ាន់ស្រដីឡើង៖
«អាវី! ម៉េចក៏អូនញ៉ាំតែជ្រក់អ៊ីចឹង? ធ្វើម៉េចនឹងមានកំលាំងកំហែងទៅ? អូនស្គមច្រើនណាស់!»
«អូនទុកត្រីឲ្យបងញ៉ាំឲ្យបានច្រើន នឹងមានកំលាំង មានខួរក្បាលល្អ សម្រាប់បន្តការរៀនសូត្រ ចំពោះអូន សូមបងកុំគិត ទោះជាទឹកត្រី អំបិល ក៏អូនបាយឆ្ងាញ់ដែរ!»
ពេលញ៉ាំបាយរួច ដាវីក៏យកកញ្ចប់ឥវ៉ាន់ មកស្រាយយករបស់របរបង្ហាញថាវ៉ាន់។ ស្រស់ស្រីយកខោអាវមួយកំប្ល៉េមកត្រដាង ទាំងនិយាយ៖
«បងលខោអាវនេះមើល សមនឹងបងទេ? អូនទិញឲ្យបងពាក់ទៅមហាវិទ្យាល័យ ឲ្យសង្ហាលើសគេម្តង!»
នាយថាវ៉ាន់ក៏យកខោអាវទៅល។ ដាវីលាន់មាត់៖
«សង្ហាណាស់បង!»
«ចុះអូនមានទិញខោអាវសម្រាប់ខ្លួនឯងទេ?»
ដាវីញញឹមរាងស្រពោន៖
«អូនមិនបានទិញទេ ឲ្យតែបងបានគ្រប់គ្រាន់ អូនអរណាស់ទៅហើយ! អូនក៏ទិញទឹកដោះគោ និងទឹកផ្លែឈើ សម្រាប់បងផងដែរ។»
ថាវ៉ាន់សម្លឹងមុខដាវី រួចគេទាញនាងមកឱបទាំងស្រដី៖
«អាវី! អូនល្អនឹងបងខ្លាំងណាស់ បងជំពាក់គុណអូនច្រើនណាស់ បងដូចជាខ្មាសអូនឯងណាស់។»
ដាវីឃ្លាតចេញអំពីផែនទ្រូងអ្នកប្រុសស្នេហ៍ ទើបពោល៖
«អូន! សូមឲ្យបងយល់ពីចិត្តរបស់អូនឲ្យបានច្រើន ហើយបានជ្រៅជាងនេះថែមទៀត។ អូនសូមបងតែម្យ៉ាងគត់ ថ្ងៃមុខថ្ងៃក្រោយ សូមបងកុំបោះបង់អូនចោលណ៎ា! ជាតិនេះអូនមានក្តីសង្ឃឹមលើរូបបងតែម្នាក់គត់ បើគ្មានរូបបង ជីវិតរបស់អូនក៏គ្មានន័យនឹងរស់នៅតទៅទៀតដែរ ព្រោះលោកនេះគ្មានអ្វីជាទីពឹងសម្រាប់អូនទេ។»
ថាវ៉ាន់ទាញកាយដាវីមកឱប រួចលើកហត្ថផ្តិតទឹកនេត្រាកម្សត់ឲ្យសង្សារ ព្រមជាមួយវាចាលួងលោម៖
«អូនកុំគិតច្រើនពេក! បងមិនបោះបង់អូនចោលទេ ព្រោះយើងសុទ្ធតែជាក្មេងកំព្រាដូចគ្នា។»
ដាវីញញឹមទាំងទឹកភ្នែក៖
«សូមឲ្យសម្តីបងជាការពិតរៀងរហូតតទៅ! អូនផ្ញើសង្ខាលើរូបបងហើយ។»
គូសង្សារកម្សត់កម្រ ស្រវាឱបគ្នាកាន់តែខ្លាំង ដោយសេចក្តីរំភើបឥតឧបមា។ ដំណើររឿងតទៅយ៉ាងណាគ្មាននរណាម្នាក់ដឹងទេ… មានតែទុកឲ្យព្រហ្មលិខិតជាអ្នកកំណត់ជោគជតា របស់ពួកគេទៅ ចុះ។
សូមរង់ចាំអានវគ្គបន្ត









