រតនៈអូកាវ៉ា ស៊ូនឹងអច្ឆរិយាក.០០៥ បានឬទេ? ខែ វិច្ឆិកា 18, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងស៊ើបអង្កេត, អត្ថបទសាកល្បង.4 comments
រតនៈអូកាវ៉ា អាចប្រៀបមិនស្មើនឹងអច្ឆរិយាក.០០៥កំពូលបុរសចារកម្មរបស់លោកវង់ផឿងក៏ដោយចុះ តែបុរសខ្មែរកូនកាត់ជប៉ុនមួយនេះក៏មានសមត្ថភាពលើរឿងក្តីចារកម្មផ្សេងៗមិនធម្មតាដែរ។
រតនៈអូកាវ៉ា មានរាងខ្ពស់ស្គមស្ទើរតែលង់ទ្រនេសទៅហើយ ដូច្នេះមិនចាំបាច់មានដើមទ្រូងស្រាលតែត្រគាកធ្ងន់ៗដូចអច្ឆរិយាក៏បាន។
បើនិយាយពីសមត្ថភាពដៃឯក ភ្នែកឥន្ទ្រី ជើងរន្ទះ បេះដូងថ្ម និងគំនិតប្រតិកម្មវិញនោះ រតនៈអូកាវ៉ា អាចនឹងដាក់ពាក្យលើកទង់សសុំចុះចាញ់មុន ព្រោះសមត្ថភាពរបស់អច្ឆរិយាលឿននិងរហ័សដូចផ្លេកបន្ទោរ។
រតនៈអូកាវ៉ាសុខចិត្តប្រើជំហានគីង្គក់ ដំណើរអណ្តើក ជើងដង្កូវ និងភ្នែកមាន់ ក្នុងដំណើរការក្តីចារកម្មរបស់ខ្លួន តែសួរមកចុះបើរតនៈអូកាវ៉ាធ្លាប់ភ្លាត់ស្នៀតម្តង ព្រោះយុទ្ធវិធីទឹកត្រជាក់ត្រីកុំរបស់គេមានប្រយោជន៍ណាស់សម្រាប់គ្រប់រឿងក្តី។ នេះក៏ដោយសារគេជាចារបុរស ដែលមានបេះដូងជាទឹកកកព្រិលដែរ។
នរណាថាអច្ឆរិយាមិនធ្លាប់សុំទិដ្ឋាការ ឬលិខិតឆ្លងដែន ទៅលេងឋាននរកនោះ? នៅពេលនេះអច្ឆរិយាបានបាត់មុខពីពិភពចារកម្មទៅហើយ! ដូច្នេះនាទីនេះ ប្រហែលជាដល់ពេលដែលរតនៈអូកាវ៉ា ចារជនកូនកាត់ខ្មែរ-ជប៉ុនបញ្ចេញស្នាដៃ ឲ្យពិភពលោកបានស្គាល់ម្តងហើយ។
សូមបញ្ជាក់ថាអច្ឆរិយាក.០០៥ ចុះចាញ់និងគោរពបុគ្គលតែម្នាក់គត់ គឺនាងកាមទេព០៧៧ តែរតនៈអូកាវ៉ាសូម្បីតែទេពធីតាមកពីឋានព្រះឥន្ទ្រ ក៏មិនអាចធ្វើឲ្យចារបុរសម្នាក់នេះញ័រក្បាលជង្គង់បានដែរ ព្រោះនារីរាប់ភ្លេចទៅហើយដែលគេធ្លាប់ឆ្លងកាត់ គឺយ៉ាងច្រើនបានត្រឹមដើរកាត់មុខ!!!
សូមស្វែងរកអានរឿង «ប្រស្នាឃាតកម្ម» នៅទីនេះ ដើម្បីជ្រាបថា រតនៈអូកាវ៉ាមានសមត្ថភាពប៉ុណ្ណាក្នុងពិភពចារកម្ម!!
អានអត្ថបទទាក់ទង៖ អច្ឆរិយាក.០០៥ជានរណា?
ប្រស្នាឃាតកម្ម(៤) ខែ វិច្ឆិកា 16, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងស៊ើបអង្កេត.add a comment
វគ្គ២៖ ទេពធីតាមកប្រោស
សាកលវិទ្យាល័យនេះ មានបរិវេណធំទូលាយណាស់។ ការធ្វើដំណើរទៅរៀនតាមអគារសិក្សានីមួយៗត្រូវប្រើកង់ជាមធ្យោបាយចម្បង។ ដូច្នេះនៅតាមអគារសិក្សាផ្សេងៗ តែងតែមានទីលានតូចៗសម្រាប់ចតកង់នៅក្បែរៗនោះ។ ពេលនេះជាពេលដែលនិស្សិត ភាគច្រើននាំគ្នាចូលរៀន ទើបធ្វើឲ្យបរិយាកាសជុំវិញមហាវិទ្យាល័យ ហាក់ដូចជាស្ងប់ស្ងាត់បន្តិច តែក៏មាននិស្សិតខ្លះអង្គុយចាប់គ្នាជាក្រុមដើម្បីធ្វើកិច្ចការសាលា ឬទន្ទេញមេរៀនរង់ចាំចូលរៀននៅម៉ោងបន្ទាប់។
តាមផ្លូវដែលប៉ូលីសកំលោះ ដើរទៅកាន់អគាររបស់សាកលវិទ្យាធិការ គេក៏បានឆ្លៀតឱកាសត្រួតពិនិត្យមើល ជុំវិញមហាវិទ្យាល័យទៅផង។ តែដើរទៅដើរមក ហេតុអ្វីគេនៅតែមិនទាន់ទៅដល់ អគារសាកលវិទ្យាធិការ? ត្រូវហើយ! កំលោះកំពុងតែវង្វេងផ្លូវ… នេះថ្នាក់អ៊ំដែនគូរប្លង់ផែនទីឲ្យហើយ នៅវង្វេងទាល់តែបានទៀត!! យ៉ាប់ហើយកំលោះ!!… នេះសម្តែងឲ្យឃើញថា គេគ្មានទេពកោសល្យខាងនេះពិតមែន! ហើយស័ក្តិសមណាស់ដែលនរណាៗ ក៏មើលមកគេថាជាមនុស្សមិនឆ្លាត!!
«អគារសាកលវិទ្យាធិការនៅត្រង់ណាហ្ន៎?» ភ្នាក់ងារកំលោះរអ៊ូតិចៗ។
«កំពុងរកអគារសាកលវិទ្យាធិការឬលោក?»
«ប… បាទ… មែនហើយ!!» តបព្រមទាំងអេះក្បាលអៀនបណ្តើរ។
«មិនអីទេ! ចាំខ្ញុំជូនលោកទៅក៏បាន។» និយាយព្រមទាំងសើចខឹកៗ នៅពេលឃើញកាយវិការរបស់កំលោះ។
«ពិតមែនឬ?… អរ… អរគុណបាទ!!» ហេតុអ្វី នាងគួរឲ្យស្រឡាញ់បែបនេះហ្ន៎… បេះដូងរបស់កំលោះលោតលែងត្រូវចង្វាក់ហើយ!
«លោកមកដាក់ពាក្យ ធ្វើជាគ្រូបង្រៀននៅទីនេះឬ?» នាងក្រមុំបបួលនិយាយ ដើម្បីកុំឲ្យបរិយាកាសតានតឹងពេក ព្រោះបើចាំឲ្យភ្នាក់ងាររតនៈចាប់ផ្តើមបទសន្ទនាមុន គង់នឹងមិនបាននិយាយគ្នាទេ!
«អឺ… មកដាក់ពាក្យធ្វើគ្រូ… បាទ! ត្រូវហើយបាទ!!» ឲ្យគេប្រាប់យ៉ាងម៉េចថាមកធ្វើរឿងក្តីឃាតកម្ម.. ប្រាកដជាបែករឿងខ្ចរខ្ចាយផ្អើលនិស្សិតមិនខាន។
«អគារសាកលវិទ្យាធិការនៅមិនឆ្ងាយទេ ដើរពីនេះទៅប្រហេលជា៥០០ម៉ែត្រ ក៏ដល់ហើយ!» វង់ភក្រ្តនោះងាកមកញញឹមស្រស់ស្រាយ ធ្វើឲ្យបេះដូងរបស់កំលោះប៉ូលីសញ័ររញ្ជួយ។
ហេតុអ្វីក៏ញាប់ញ័រដល់ថ្នាក់នេះ ទាំងដែលយើងក៏ឆ្លងកាត់នារី រាប់រយនាក់មកហើយ តែគ្រាន់តែដើរឆ្លងកាត់ប៉ុណ្ណោះ! កុំគិតជ្រៅឲ្យសោះ… ហេតុអីជាមួយមនុស្សស្រីម្នាក់នេះ បេះដូងយើងលោតខុសចង្វាក់បែបនេះ?
«លោក!» សំឡេងរបស់តូចតន់ ដាស់កំលោះឲ្យភ្ញាក់ពីការគិត។
«បាទ!… ថាយ៉ាងម៉េចបាទ?» ប៉ូលីសរូបល្អងាកទៅមើលទឹកមុខដែលធ្វើភ្នែកភ្លឹះៗ។
«អម្បាញ់មិញខ្ញុំសួរលោកថា លោកឈ្មោះអី?»
«អ… អឺ… ខ្ញុំឈ្មោះ រតនៈ អូកាវ៉ា បាទ!»
«ឈ្មោះប្លែកម្ល៉េះ? លោកជាជនជាតិជប៉ុនឬ?» កែវភ្នែកបញ្ជាក់ប្រាប់ការចាប់អារម្មណ៍ប្រភពរបស់ឈ្មោះនោះ។
«បែបៗនេះឯង… គឺខ្ញុំជាកូនកាត់ លោកប៉ាខ្ញុំជាជនជាតិជប៉ុន ឯអ្នកម៉ាក់ជាជនជាតិខ្មែរ។»
«ល្អខ្លាំងណាស់! ភាគច្រើនក៏ឃើញមានតែកូនកាត់ចិនចាមយួន ដល់មានកូនកាត់ជប៉ុនខ្លះក៏ជារឿងល្អមួយដែរ។» នាងនិយាយចេញពីចិត្តឬអត់ហ្នឹង? ដែលនាងនិយាយថាល្អខ្លាំងណាស់ នាងប្រហែលជាកំពុងមានចិត្តមកលើយើងខ្លះហើយ! មនុស្សប្រុសភាគច្រើនគឺបែបនេះឯង ចូលចិត្តគិតចូលតែខាងខ្លួនឯង។
«ប..ប… បាទ!» អៀនទៀតហើយ! យកដៃជ្រោងអេះសក់ ស្ទើរតែក្បាលទំពែកអស់ហើយ!!
«អឺ… ចុះអ្នកនាងឈ្មោះអីដែរ?» ហ៊ែមមម… ចង់ស្គាល់ដែរហ៎? ព្រាននារីមិនធម្មតាដែរតើ!
«ច៎ាះ! ឈ្មោះហេរិកា។» ខាងស្រីណែនាំខ្លួនដោយកិរិយាអៀនតិចៗ។
«បាទ! អ្នកនាងហេរិកា!» កំលោះសាកល្បងហៅ ដើម្បីកុំឲ្យពេលខាងមុខរឹងមាត់ពិបាក និយាយ។
«មិនបាច់ហៅអ្នកនាងក៏បានដែរ… ស្តាប់មើលទៅប្លែកៗយ៉ាងម៉េចមិនដឹង!!?» និយាយបែបនេះ ច្បាស់ជាមានចិត្តលើយើងពិតមែនហើយ!!
អ្នកទាំងពីរ ដើរមកឈប់ត្រង់ខាងមុខអគារពណ៌ស ដែលជាអគារ៤ជាន់លើកគ្រឹះខ្ពស់មាន ជណ្តើរដើរឡើងចូលទៅក្នុងអគារ។ ខាងមុខជាទីធ្លាទូលាយមានកៅអីនិងតុថ្មដាក់តាំងជាហូរហែរនៅក្រោមម្លប់ឈើធំៗ ដើម្បីទុកឲ្យនិស្សិតអង្គុយអានសៀវភៅ។ បរិវេណនេះ ចាត់ទុកថាជាផ្នែកមួយទៀតរបស់សាកលវិទ្យាល័យដែលមានសភាពស្ងប់ស្ងាត់ល្អ។
«ដល់ហើយអគារសាកលវិទ្យាធិការ!» ស្រស់ស្រីចាប់ទាញដៃបុរស ឡើងតាមជណ្តើរចូលទៅក្នុងអគារ ឯកំលោះភ្ញាក់បន្តិចនឹងកាយវិការរបស់នាង ហើយក៏ដើរតាមទៅយ៉ាងស្រួល។
ទ្វារចូលអគារ ជាទ្វារដែលដើរដោយស្វ័យប្រវត្តិ រុញបើកទាញបិទដោយខ្លួនឯងពេលមានមនុស្សដើរចូលឬចេញ។ ចំហាយត្រជាក់ចេញពីម៉ាស៊ីនទំនើប ដែលបើកចោលក្នុងបន្ទប់ជះមកប៉ះនឹងរាងកាយរបស់កំលោះ ធ្វើឲ្យនាយទទួលអារម្មណ៍ត្រជាក់សប្បាយស្រស់ថ្លាចិត្តភ្លាមៗ។ សន្តិសុខដែលយាមកាមនៅមាត់ទ្វារលើកដៃគោរព។ ខាងក្នុងជាល្វែងធំទូលាយ ដែលមានប្រអប់ជណ្តើរយន្តតភ្ជាប់គ្នាសម្រាប់ឡើងទៅជាន់លើ។ នៅជ្រុងខាងស្តាំខាងមុខជណ្តើរយន្ត មានតុសួរព័ត៌មានព្រមជាមួយផ្លាកសរសេរថា«សូមអញ្ជើញប្តូរប័ណ្ណនៅទីនេះ!»។ កំលោះប៉ូលីសដើរសំដៅទៅដើម្បីនឹងប្តូរប័ណ្ណ តែខ្លួនរបស់គេត្រូវឈប់នឹងថ្កល់ នៅពេលមានដៃមួយមកចាប់គេត្រង់ដើមដៃជាប់។ បុរសងាកទៅមើលធ្វើមុខសង្ស័យ៖
«មិនបាច់ប្តូរប័ណ្ណទេ បើមកជាមួយខ្ញុំ!» នួននាងនិយាយ ដោយធ្វើទឹកមុខបង្កប់ការសង្ស័យ ហើយចុចប៊ូតុងរង់ចាំជើងជណ្តើរ។
«ម៉េចក៏មិនប្តូរប័ណ្ណអ៊ីចឹង? តិចបងប្រុសសន្តិសុខ មកចាប់ខ្ញុំគ្រវែងទៅក្រៅទៅ!!» និយាយព្រមទាំងងាកមើលឆ្វេងស្តាំដើម្បីការពារខ្លួន បើមានការសម្រុកមកចាប់ បែបមិនមានការត្រៀមខ្លួនណាមួយ។ អេ… ចុះហេតុអីក៏គ្មាននរណា ចាប់អារម្មណ៍នឹងយើងអ៊ីចឹង? ឬមួយក៏មិនចាំបាច់ប្តូរប័ណ្ណពិតមែន? ចុះម៉េចក៏សរសេរផ្លាកដាក់ថា ឲ្យប្តូរប័ណ្ណធ្វើអី???
ទិងងង…
ទ្វារជណ្តើរយន្តរបើកចេញ អ្នកទាំងពីរឈានជើង ចូលទៅក្នុងបន្ទប់យន្តព្រមគ្នា។ ស្រស់ស្រីចុចប៊ូតុងជាន់ទី៤ ហើយទ្វារក៏ទាញបិទវិញមុននឹងរំកិលឡើងទៅលើ។ បន្ទាប់ពីនោះគ្រប់យ៉ាងក៏ស្ងាត់ច្រៀប មានតែសំឡេងដកដង្ហើម របស់មនុស្សពីរនាក់ប៉ុណ្ណោះនៅក្នុងទូ។ ហេតុអ្វីត្រឹមតែជាន់ទី៤សោះម្តេចក៏យូរយ៉ាងនេះ!! កាលបើបាននៅជាមួយមនុស្សភេទផ្ទុយគ្នា ពីរនាក់តទល់ក្នុងបន្ទប់ដែលចង្អៀតៗបែបនេះ វាធ្វើឲ្យទទួលអារម្មណ៍តឹងតែងយ៉ាងចម្លែក ហើយស្ទើរតែស្ទះថប់ៗក្នុងដើមទ្រូងម្តងៗ។
សូមរង់ចាំអានវគ្គបន្ត!
ប្រស្នាឃាតកម្ម(៣) ខែ វិច្ឆិកា 11, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងស៊ើបអង្កេត.1 comment so far
បន្ទប់របស់ភិរម្យ ខុសប្លែកពីបន្ទប់របស់កុលបុត្រឆ្ងាយណាស់ ខោអាវដាក់គរលើគ្នាជាពំនូកនៅលើកម្រាលឥដ្ឋ សៀវភៅដាក់អារាត់អារាយពាសពេញតុ ប្រអប់បាយនិងថង់នំចំណីផ្សេងៗដែលស៊ីរួចនៅរាយខ្ចាត់ខ្ចាយគ្រប់កន្លែង។
នាយភិរម្យអង្គុយនៅខាងចុងគ្រែ យកដៃទាំងពីរក្តោបក្បាលឈ្ងោកមុខជ្រប់។ បើពិនិត្យមើលឲ្យច្បាស់បន្តិចនឹងឃើញថា គេកំពុងតែយំសោកស្តាយ នឹងការឃ្លាតទៅរបស់មិត្តភក្តិ ឬប្រហែលជានៅមិនទាន់បាត់ភិតភ័យនឹងហេតុការណ៍ ដែលខ្លួនបានជួបប្រទះពីព្រឹកមិញនេះផង។ ប៉ូលីសកំលោះដើរចូលទៅយកដៃខាងស្តាំច្របាច់ស្មាភិរម្យតិចៗ ដើម្បីលួងលោមចិត្តនិងធ្វើឲ្យក្មេងកំលោះទុកចិត្តគេខ្លាំងឡើង។
«កុលបុត្រគេទៅបានសុខហើយ ភិរម្យកុំខូចចិត្តអីណ៎ា!» ប៉ូលីសកំលោះលួងលោម។
«លោកជាអ្នកណា?» ក្មេងកំលោះងើបមុខឡើងសួរដោយការសង្ស័យ។
«ខ្ញុំភ្នាក់ងាររតនៈ ជាម្ចាស់រឿងក្តីនេះ!» ប៉ូលីសចារកម្មណែនាំខ្លួន។
«លោកប៉ូលីសត្រូវតែជួយមិត្តខ្ញុំផង… ត្រូវតែចាប់ឃាតករឲ្យបាន!!» ភិរម្យស្រែកឡើងស្ទើរតែបាត់ស្មារតី ទឹកភ្នែកស្រក់ជោគថ្ពាល់ទាំងសងខាង។ ភ្នែកទាំងគូចាប់ផ្តើមហើមដោយសារយំខ្លាំងពេកក្នុងរយៈពេលយូរ។
«បាទ! ខ្ញុំនឹងចាប់ជនពាលឲ្យបាន តែប្អូនត្រូវតែរួមដៃជាមួយខ្ញុំដែរ។»
«បាទបាន! ខ្ញុំនឹងជួយលោកពេញទំហឹងតែម្តង ឲ្យខ្ញុំធ្វើអ្វីខ្ញុំធ្វើបានទាំងអស់ សុំតែម្យ៉ាងគឺចាប់មនុស្សអាក្រក់មកដាក់ទោសឲ្យបាន!!» ទឹកមុខសម្តែងការតាំងចិត្តយ៉ាងមុះមុត។
«មិនដឹងថា ពេលនេះប្អូនត្រៀមខ្លួនគ្រប់គ្រាន់ហើយឬនៅ ក្នុងការផ្តល់ចម្លើយដល់បង?» ប៉ូលីសកំលោះចាប់ផ្តើមចូលសាច់រឿង។
«បាទ! ខ្ញុំត្រៀមខ្លួនរួចហើយ។» ប៉ូលីសចារកម្មដើរទៅបិទទ្វារបន្ទប់ ហើយដើរត្រឡប់មកកន្លែងដើមវិញ ព្រមទាំងលូកយកសៀវភៅកំណត់ត្រានិងប៊ិចពីក្នុងអាវក្រៅមកសរសេរ។
«សុំឈ្មោះ នាមត្រកូល និងប្រវត្តិត្រួសៗផង..។» សួរបណ្តើរ សរសេរព័ត៌មានចូលសៀវភៅ បណ្តើរ។
«ខ្ញុំឈ្មោះ បុល ភិរម្យ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម។»
«ប្អូននិងអ្នកស្លាប់ ស្គាល់គ្នាយូរប៉ុណ្ណាហើយ?»
«យើងស្គាល់គ្នាពេលមករៀននៅទីនេះ រៀនផ្នែកស្ថាបត្យកម្មដូចគ្នា ស្គាល់គ្នាប្រហែលជា៣ឆ្នាំមកហើយ។»
«មិនដឹងថា ប្អូនទៅឃើញសាកសព ដោយរបៀបណា?»
«តាមធម្មតារៀងរាល់ម៉ោង៧ព្រឹក បុត្រតែងតែមកដាស់ខ្ញុំដើម្បីទៅរៀនជាមួយគ្នា។ តែព្រឹកនេះប្លែកណាស់… ខ្ញុំភ្ញាក់ដឹងខ្លួនឡើងនៅម៉ោង៨ គឺយឺតណាស់ទៅហើយ តែហេតុអ្វីនៅមិនឃើញបុត្រមកទៀត ឬមួយគេមិនស្រួលខ្លួនខ្លាំង? ព្រោះពីល្ងាចគេរអ៊ូប្រាប់ខ្ញុំថា ឈឺក្បាលណាស់ គិតថាញ៉ាំថ្នាំហើយនឹងចូលគេងឆាប់បន្តិច។ ខ្ញុំក៏គិតថាបុត្រប្រហែលជាមិនស្រួលខ្លួនទើបធ្វើឲ្យគេក្រោកយឺត។» កំលោះភិរម្យរៀបរាប់ពីហេតុការណ៍យ៉ាងល្អិតល្អន់។
«បន្ទាប់ពីនោះ ប្អូនក៏ទៅរកគេនៅបន្ទប់ មែនទេ?»
«បាទ! មែនហើយ… ខ្ញុំព្យាយាមគោះទ្វារហៅច្រើនដង តែមិនឃើញមានសំឡេងឆ្លើយតបសោះ ខ្ញុំក៏សាកល្បងមួលគន្លឹះទ្វារមើល តែទ្វារជាប់គន្លឹះខាងក្នុងដូចប្រក្រតី។ ពេលនោះខ្ញុំក៏គិតថាបុត្រប្រហែលជាដេកមិនទាន់ក្រោកទេ ទើបខ្ញុំស្រែកហៅគេម្តងទៀត តែនៅតែគ្មានសំឡេងឆ្លើយតប។ ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងចិត្ត បុត្រប្រហែលជាមិនស្រួលខ្លួនខ្លាំងហើយ… ដោយក្តីបារម្ភខ្ញុំក៏ចុះទៅជាន់ក្រោម ទៅរកអ៊ំដែនអ្នកមើលការខុសត្រូវអន្តេវាសិក ដើម្បីយកកូនសោចម្លងមកបើកទ្វារ។ តែនៅពេលចាក់សោបានហើយ ក៏មិនអាចចូលបន្ទប់បានដដែល ព្រោះបុត្រដាក់គន្លឹះនៅខាងក្នុងមួយជាន់ទៀត ។» ភិរម្យអង្គុយសម្លឹងជញ្ជាំងយ៉ាងភ្លឹកភ្លាំង ដើម្បីរកនឹកហេតុការណ៍ដែលកន្លងមក។
«ហើយប្អូនក៏គាស់ទ្វារទម្លុះចូលទៅមែនទេ?» ប៉ូលីសកំលោះសួរត នៅពេលនឹកដល់ទ្វារដែលត្រូវទម្លាយខ្ទេចខ្ទី។
«បាទមែនហើយ! ខ្ញុំនិងអ៊ំដែនទៅយកពូថៅ នៅត្រង់ទូដាក់ឧបករណ៍ពន្លត់អគ្គិភ័យ មកទម្លុះទ្វារចូល។»
«ចុះនៅពេលនោះមាននរណាឃើញហេតុការណ៍ខ្លះឬទេ ព្រោះសំឡេងខ្លាំងបែបនេះប្រហែលជាគ្មាននរណាដេកលក់ទេ?»
«គ្មាននរណាឃើញទេ មានតែខ្ញុំនិងអ៊ំដែនប៉ុណ្ណោះ។» ក្មេងកំលោះព្យាយាមនឹកទៅដល់ហេតុការណ៍កាលពីព្រឹក។
«ពេលដែលប្អូនចូលទៅដល់ខាងក្នុង.. បន្ទប់មានសភាពបែបណាខ្លះ?»
«សភាពក្នុងបន្ទប់គ្មានអ្វីប្លែកទេ ព្រោះបុត្រជាមនុស្សមានសណ្តាប់ធ្នាប់ល្អ គេតែងតែរៀបចំយ៉ាងមានរបៀបរៀបរយ។» ភិរម្យនិយាយដល់និស្ស័យរបស់ម្ចាស់បន្ទប់។ «ខ្ញុំដើរទៅដាស់បុត្រព្រោះគិតថាគេនៅដេកលក់។»
«ហេតុអ្វីទើបប្អូនគិតដូច្នោះ?» ប៉ូលីសសួរ ព្រមទាំងយកចុងប៊ិចមកខាំយ៉ាងសង្ស័យ។
«ព្រោះគេដេកផ្អៀងបែរខ្នង ខ្ញុំក៏ដើរទៅអង្រួនខ្លួនគេ ពេលខ្ញុំទាញខ្លួនគេមកទើបខ្ញុំដឹងថាគេបានស្លាប់ទៅហើយ…» ភិរម្យនិយាយសំឡេងក្ងួរញ័រៗ។
«ប្អូនដឹងភ្លាមៗតែម្តងឬ ថាគេស្លាប់ហើយ?»
«បាទដឹងតើ! លោកប៉ូលីសទៅមើលសពគេមកហើយមែនទេ? សភាពរបស់បុត្រដែលខ្ញុំឃើញ គឺភ្នែកបើកធំគ្រលូង មុខមាត់ខ្មូរជ្រីវជ្រួញដោយការឈឺចុកចាប់។ រឿងបែបនេះ លោកគិតថាខ្ញុំអាចបំភ្លេចរូបភាពនោះបានងាយៗឬ?» ក្មេងកំលោះស្រែកគំហកដោយភាពតឹងតែងក្នុងអារម្មណ៍។
«អូឃេប៉ុណ្ណឹងសិនចុះ! ចម្លើយរបស់ប្អូន មានប្រយោជន៍សម្រាប់យើងខ្លាំងណាស់… អរគុណណាភិរម្យ!» ភ្នាក់ងារស៊ើបអង្កេតក្រោកឡើង ព្រមទាំងយកដៃមកចាប់ស្មាក្មេងកំលោះម្តងទៀត មុននឹងដើរចេញពីបន្ទប់។ ក្រោយពីទាញទ្វារបន្ទប់ភិរម្យបិទហើយ កំលោះរអ៊ូតិចៗជាមួយខ្លួនឯងថា «រឿងក្តីនេះពិតជាមិនធម្មតាមែន! … ហើយបន្ទប់ដែលកើតហេតុ ជាបន្ទប់ដែលខ្ទាស់សម្លាប់ទៀត!!»
សូមរង់ចាំអានវគ្គបន្ត!
ប្រស្នាឃាតកម្ម(២) ខែ វិច្ឆិកា 6, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងស៊ើបអង្កេត.1 comment so far
អ្នកមើលការខុសត្រូវអន្តេវាសិកដ្ឋាន ជាបុរសចំណាស់អាយុចន្លោះពី៦០ឆ្នាំទៅ៧០ឆ្នាំ ពាក់វ៉ែនតាដងខ្មៅរាងបួនជ្រុងទ្រវែង។ កាយវិការគាត់ទំនងជាមនុស្សមាត់អាក្រក់ ព្រោះអាចមើលឃើញតាមរយៈទឹកមុខដែលចងចិញ្ចើមជានិច្ច ហាក់បញ្ជាក់ប្រាប់ថា គាត់មិនសូវជារាប់មិត្តជាមួយនរណាប៉ុន្មានទេ។ ប៉ូលីសកំលោះកំពុងរង់ចាំមើលថា តើពេលណាបុរសចំណាស់នេះ នឹងបើកឱកាសឲ្យគេ បានណែនាំខ្លួន ព្រោះមើលទៅឫកពាគ្មានផ្លូវដែលគាត់នឹងងើយមុខមកចាប់អារម្មណ៍នឹងនាយកំលោះឡើយ តែបែរជាខំព្យាយាមឈ្ងោកមុខដាក់ភ្នែកចុះធ្វើអ្វីម្យ៉ាងដូចជាខ្លួនឯងកំពុងមានភារកិច្ចធំដុំត្រូវធ្វើ រហូតគ្មានពេលមកចាប់អារម្មណ៍នឹងអ្វីផ្សេង។
«អ… អឺ… ជម្រាបសួរបាទ ខ្ញុំភ្នាក់ងាររតនៈ!» ប៉ូលីសកំលោះឈ្ងោកមុខចូលទៅក្នុងបន្ទប់តាមប្រឡោះកញ្ចក់ ព្រមទាំងណែនាំខ្លួនដោយកាយវិការម៉ឺងម៉ាត់។
«ជម្រាបសួរ! ជាប៉ូលីសហ៎? មើលដំណើរគ្មានដូចអីសោះ!!» បុរសចំណាស់ងើយមុខមើលដូចមិនជឿភ្នែកខ្លួនឯងថា រូបរាងខ្ពស់ស្រឡះស្គមលង់ទ្រនេសបែបនេះ ជាប៉ូលីសដែលត្រូវធ្វើការ បង្ក្រាបជនពាល។ នៅក្នុងផ្នត់គំនិតរបស់មនុស្សទូទៅ ប៉ូលីសត្រូវតែមានរាងកាយមាំមួន មាឌធំក្រអាញសមជាបុរសពេញអង្គ ដូចតួឯកកុនក្នុងសម័យសង្គមចាស់។
ភ្នាក់ងាររតនៈមានអាយុប្រហែល២៧ឆ្នាំ រូបរាងសង្ហាខ្ពស់ស្រឡះ មុខមាត់មើលទៅនៅក្មេងល្វក់ ហើយថែមទាំងឈរខ្នងកំពឹសតាមលក្ខណៈមនុស្សខ្ពស់ ដែលកាន់តែមើលទៅឃើញថា គេគ្មាន លក្ខណៈអង់អាចសមជាប៉ូលីសបន្តិចសោះ។ រតនៈជាកូនកាត់ខ្មែរ-ជប៉ុន។ ឪពុកជនជាតិជប៉ុនរបស់គេធ្លាប់ធ្វើជាអ្នកចាត់ការរបស់ធនាគារ។ តែកាលពី២០ឆ្នាំមុនមានការប្លន់ធនាគារកើតឡើង ហើយឪពុករបស់គេក៏ត្រូវចោរបាញ់សម្លាប់នៅនឹងកន្លែង។ ដោយសារហេតុការណ៍ថ្ងៃនោះ ទើបធ្វើឲ្យកុមាររតនៈ អូកាវ៉ា មានការប្តេជ្ញាចិត្តថា នៅពេលគេធំឡើងគេត្រូវតែធ្វើជាប៉ូលីស ដើម្បីបង្ក្រាបពួកជនពាលឲ្យអស់ពីសង្គម ព្រោះមិនចង់ឲ្យគ្រួសារណា ត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ដូចជារូបគេទៀត។
«នេះបាទ! ប័ណ្ណសម្គាល់ខ្លួន!» កំលោះធ្វើខ្លួនបែបម៉ឺងម៉ាត់ជាងមុន ដើម្បីឲ្យមើលទៅគួរជឿទុកចិត្ត។
«ជឿតាំងពីដំបូងម្ល៉េះថាជាប៉ូលីស មិនបាច់បង្ហាញប័ណ្ណក៏បានដែរ។ មិនដឹងថាខំធ្វើឫកក្រអឺតទៅដល់ណាអាពួកប៉ូលីសនេះ ស្អប់ដល់ហើយ!!» តាចំណាស់កាន់តែផ្គឺនខ្លាំងឡើង។ មនុស្សស្អីក៏មិនដឹង ពិបាកយកចិត្តដល់ហើយ! ក្មេងៗនៅអន្ទេវាសិកនេះទ្រាំបានយ៉ាងម៉េចហ្ន៎… បើអ្នកគ្រប់គ្រងអន្ទេជាមនុស្សរអ៊ូរទាំក្រញែក្រញូវថ្នាក់នេះ។
«មិនដឹងថា បន្ទប់កើតហេតុនៅជាន់ណា ហើយបន្ទប់លេខប៉ុន្មាន?» ចារជនរតនៈចាប់ផ្តើមចូលសាច់រឿង ឲ្យត្រូវនឹងបំណងដែលខ្លួនមកដល់ទីនេះ។
«តក់ក្រហល់មែនទែន! បើប៉ូលីសគ្រប់គ្នាដូចរូបលោក ស្រុកទេសនឹងឆាប់ចម្រើនរុងរឿងមិនខាន។» តាចាស់ម្នាក់នេះកើតស្អីគាត់! ស្អប់ប៉ូលីសតាំងពីជាតិណាមកក៏មិនដឹង បានជានិយាយផ្គឺនមិនឈប់សោះអ៊ីចឹង!!?
«ចាំមួយភ្លែតខ្ញុំនឹងនាំទៅដោយខ្លួនឯង បើបណ្តោយឲ្យលោកទៅម្នាក់ឯង មិនដឹងជាបានសាច់ការឬអត់ ព្រោះមើលទៅមុខមាត់មិនទំនងជាឆ្លាតសោះ។» អៃយ៉ា! តាចាស់នេះមាត់ស្អុយម្ល៉ឹងៗមិនសមមានអាយុដល់ប៉ុណ្ណឹងសោះ ។
«មិនអីទេ ខ្ញុំក្រែងចិត្តលោកអ៊ំណាស់ អ៊ំគ្រាន់តែប្រាប់ផ្លូវដល់ខ្ញុំមកល្អជាង ខ្ញុំអាចឡើងទៅដោយខ្លួនឯងបាន។» កំលោះនិយាយដោយកិរិយាឱនលំទោន។
«មិនអីទេ ចាំខ្ញុំនាំលោកឡើងទៅ! មើលតាមមុខមាត់មិនឆ្លាតរបស់លោក បើឡើងទៅវង្វេងផ្លូវនាំតែខាតពេលឥតប្រយោជន៍។» បុរសចំណាស់ក្រោកឈរឡើងសន្សឹមៗ មុននឹងដើរចេញមកក្រៅបន្ទប់ ដើម្បីនាំផ្លូវប៉ូលីសកំលោះដែលឈរធ្វើមុខជូរដូចក្រូចសើច តែមិនអាចនិយាយអ្វីតបតនឹងតាចាស់នោះបានព្រោះគិតថាជាចាស់ទុំ។
ពេលសម្លឹងឆ្ពោះទៅផ្នែកខាងក្នុងបំផុតរបស់ល្វែងអន្ទេវាសិក គឺជាបន្ទប់ជណ្តើរយន្តពីរទូដែល មានបែងចែកជាជាន់លេខគូនិងជាន់លេខសេស។ តាចំណាស់ដើរនាំផ្លូវប៉ូលីសកំលោះ ដោយអាកប្បកិរិយាធុញទ្រាន់ ព្រោះកើតហេតុនៅជាន់ទី៤។ នៅពេលចេញពីប្រអប់យន្ត ហើយបទស្តាំគឺជាល្វែងផ្លូវដើរទៅកាន់បន្ទប់ផ្សេងៗ។ បន្ទប់កើតហេតុជាបន្ទប់លេខ៤១៧ ដែលជាបន្ទប់ចុងក្រោយជាប់នឹង ជណ្តើររត់គេចពីអគ្គិភ័យ។ នៅពេលដើរមកដល់បន្ទប់កើតហេតុ ម្នាក់ៗក៏ភ្ញាក់នឹងសភាពទ្វារដែលត្រូវរបស់អ្វីម្យ៉ាងដំបំបាក់រហូតរនុកទ្វារក្លាយជាប្រហោងគ្រហូ។ ទ្វារដ៏រឹងមាំតែបែរជាប្រែសភាពទៅជាបែបនេះ អាចមកពីនរណាម្នាក់ចង់ចូលទៅខាងក្នុងតែចូលមិនបាន ព្រោះទ្វារត្រូវបានគេដាក់គន្លឹះជាប់ពីខាងក្នុង។
បន្ទប់កើតហេតុជាបន្ទប់ធំទូលាយ ពេលបើកទ្វារចូលទៅគេនឹងឃើញធ្នើរដាក់សៀវភៅធំមួយនៅផ្នែកខាងឆ្វេង ឯខាងស្តាំដៃមានទូដាក់ខោអាវ បន្ទាប់មកជាតុអានសៀវភៅ ជាប់នឹងខាងលើតុជា បង្អួចកញ្ចក់ដែលអាចមើលឃើញ តារាងបាល់ទាត់របស់សាកលវិទ្យាល័យបាន។ នៅជ្រុងកៀនជញ្ជាំងរបស់បន្ទប់នេះជាគ្រែដេកខ្នាត៥ហ្វុត ហើយនៅផ្នែកខាងក្រៅមានរានហាលនិងបន្ទប់ទឹក។
អ្នកស្លាប់ជានិស្សិតប្រុសមានអាយុប្រមាណ២០ឆ្នាំ រាងកាយផ្នែកខាងលើមានតែខ្លួនទទេស្អាតឯផ្នែកខាងក្រោមស្លៀកតែខោខ្លីប៉ុណ្ណោះសម្រាប់បិទបាំងកាយ។ សភាពរបស់សាកសពគឺមានស្លាកស្នាមម្រាមដៃខៀវជាំដិតជាប់ឡើងក្រឡៅនៅជុំវិញក មុខមាត់រមួលខ្មូរបញ្ជាក់ប្រាប់ពីការឈឺចាប់ និងភ័យខ្លាចមុនពេលដែលព្រលឹងចាកចេញពីរាងកាយ។ ភ្នែកបើកធំៗ មានសរសៃឈាមលេចអណ្តែតតាមគ្រាប់ភ្នែកដោយសារតែគ្មានខ្យល់ដកដង្ហើម។ កម្រាលពូកក្រញិកក្រញុក កើតឡើងដោយសារការប្រតាយប្រតប់គ្នាមុននឹងស្លាប់។ មើលតាមសភាពទូទៅរបស់បន្ទប់ គ្មានស្លាកស្នាមនៃការរុះរើគាស់កកាយអ្វីទេ គ្រប់យ៉ាងឃើញថាមានរបៀបរៀបរយ ធ្វើឲ្យគេដឹងថាអ្នកស្លាប់គឺជាមនុស្សមានសណ្តាប់ធ្នាប់ល្អ និងស្រឡាញ់ភាពស្អាតខ្លាំងណាស់។
អ៊ំប្រុសអ្នកមើលការខុសត្រូវអន្តេវាសិក ឈរមើលពីខាងក្រៅបែបលឹបលខ្លាចៗ។ យ៉ស! ពេលមកឃើញសាកសពរញីរញ័រភ្លាម មិនឃើញមាត់ពូកែដូចមុនទៀតទៅ!!
«សុំទោសអ៊ំ! មិនដឹងថានរណាជាអ្នកឃើញសាកសពមុនគេ?» ប៉ូលីសកំលោះបង្ហើបមាត់សួរ តែក៏អត់អស់សំណើចនឹងកិរិយារបស់អ៊ំចំណាស់មិនបាន បានត្រឹមលួចញញឹមតិចៗដើម្បីកុំឲ្យគេថាគ្មានសុជីវធម៌។
«អ៎… គឺនាយភិរម្យ មិត្តភក្តិរបស់កុលបុត្រ ដែលជាអ្នកស្លាប់។» តាចំណាស់និយាយឡើងដោយមិនងើយមុខមើល ព្រោះខ្លាចឃើញរូបភាពស្លុតរន្ធត់ដែលនៅចំពោះមុខ។
«មិនដឹងថា អ្នកស្លាប់មានឈ្មោះពេញដូចម្តេច ហើយអាយុប៉ុន្មានឆ្នាំហើយ?» ដៃស្តាំកត់ត្រាព័ត៌មានទុកនៅក្នុងសៀវភៅកំណត់តូចមួយ។
«អ្នកស្លាប់ឈ្មោះ វីរៈ កុលបុត្រ អាយុប្រហែលជា២០ឆ្នាំអស់ហើយ លោកប៉ូលីស។» ទឹកមុខរបស់បុរសចំណាស់ប្រែជាស្លេកស្លាំង នៅពេលងាកមកឃើញរូបភាពរបស់អ្នកស្លាប់នៅចំពោះមុខ ដៃទាំងពីរចាក់ស្រេះចូលគ្នាយ៉ាងណែន រហូតទទួលអារម្មណ៍ថាថប់ៗនៅក្នុងទ្រូង។
«ហើយមិនដឹងថា ពេលនេះនាយភិរម្យនៅទីណា?» ទឹកសំឡេងកាន់តែម៉ត់ចត់ឡើង មើលទៅឃើញជាការជាងារ ដែលធ្វើឲ្យប៉ូលីសកំលោះគួរឲ្យជឿទុកចិត្តខ្លាំងឡើង នៅក្នុងខ្សែភ្នែករបស់បុរសចំណាស់។
«អឺ… គេនៅបន្ទប់លេខ៤០៨។» និយាយព្រមទាំងចង្អុលទៅបន្ទប់នោះ។ សង្កេតតាមកាយវិការរបស់តាចាស់ ឃើញថាគាត់ចាប់ផ្តើមមានអារម្មណ៍ល្អជាមួយលោកប៉ូលីសហើយ។
«ចាំបន្តិចទៀតលោកអ៊ំជួយនាំខ្ញុំទៅជួបគេផង!» បុរសចំណាស់ងក់ក្បាលទទួលពាក្យ។ មិនដល់ប៉ុន្មាននាទីបន្ទាប់មក ជំនាញការធ្វើកោសល្យវិច្ច័យក៏មកដល់កន្លែងកើតហេតុ។
«សួស្តីភ្នាក់ងាររតនៈ! ការងារមកដល់ទាំងព្រឹកតែម្តងហើយហ្ន៎!» អ្នកធ្វើកោសល្យវិច្ច័យពោលរាក់ទាក់ជាមួយប៉ូលីសចារកម្មយ៉ាងស្និទ្ធស្នាល។ កាតាបដែលស្ពាយមក ត្រូវបានដាក់ចុះនៅលើកម្រាលឥដ្ឋ ហើយគេក៏លុតជង្គង់ចុះចាប់យកឧបករណ៍ផ្សេងៗ ចេញមកយ៉ាងរហ័សរហួនតាមលំដាប់លំដោយ។
«មែនហើយ! មើលទៅដូចជាមិនមែនរឿងឃាតកម្មធម្មតានោះទេ… លោកមើលទៅទ្វារចុះ ត្រូវចោះប្រហោងដល់ថ្នាក់នេះ!!» អ្នកស្តាប់បែរទៅមើលតាមការបង្ហាញប្រាប់របស់ប៉ូលីសកំលោះ។
«អូ… ប្រហែលជាធ្វើឲ្យ អ្នកជួបសពដំបូងបះសក់មិនស្ទើរទេហ្ន៎!» គេនិយាយដោយមិនងើយមុខ ដៃខាងស្តាំបន្តធ្វើការងាររហូត។ ម្សៅខ្មៅសម្រាប់ពិនិត្យរកមើលស្នាមក្រយៅដៃ ត្រូវបានរោយពាសពេញបន្ទប់។
«បែបអ៊ីចឹងមែនហើយ!»
«សុំទោសលោកភ្នាក់ងារ ខ្ញុំសុំផ្លូវចូលក្នុងបន្ទប់ម្នាក់ផងបានទេ?» ពេទ្យសង្កេតសពនិយាយកាត់ឡើង នៅពេលមកដល់ឃើញលោកប៉ូលីសឈរបាំងមាត់ទ្វារ។
«ឱះ…! សុំទោសលោកគ្រូពេទ្យ!» រាងខ្ពស់គេចខ្លួនចេញយ៉ាងរហ័ស បើកផ្លូវឲ្យអ្នកដែលទើបមកដល់ថ្មីចូលទៅធ្វើការ។
«អូហូ… ហេតុអីមនុស្សសម័យនេះកាចសាហាវម្ល៉ឹងៗ ច្របាច់កសម្លាប់គ្នាដោយបាតដៃឯងតែម្តង!!» ពេទ្យពិសោធន៍សពស្រែកឡើងនៅពេលឃើញសភាពអ្នកស្លាប់ បន្ទាប់ពីនោះក៏ឈ្ងោកមុខឈ្ងោកមាត់ត្រួតពិនិត្យការស្លាប់យ៉ាងល្អិតល្អន់។ មិនយូរប៉ុន្មាន លទ្ធផលនៃការសង្កេតសពក៏ចេញ មក។
«មូលហេតុនៃការស្លាប់ កើតឡើងដោយសារគ្មានខ្យល់ដកដង្ហើម ព្រោះកត្រូវឃាតករច្របាច់យ៉ាងខ្លាំង។ ឯពេលវេលានៃការស្លាប់អាចសន្និដ្ឋានបានថា អ្នកស្លាប់បានបាត់បង់ជីវិតប្រមាណជា៦ម៉ោងមកហើយ ដូច្នេះហេតុការណ៍អាចនឹងកើតឡើងនៅម៉ោង៣ទៀបភ្លឺ។ តាមដងខ្លួនមិនឃើញមានស្លាកស្នាមអ្វីផ្សេងទៀតក្រៅពីនៅត្រង់ប្រឡោះកនោះទេ។» ពេទ្យវិភាគសាកសព រាយការណ៍យ៉ាងស្ទាត់ជំនាញ។
«លោកអ៊ំ ជួយនាំខ្ញុំទៅជួបនាយភិរម្យបន្តិច!» ប៉ូលីសកំលោះងាកមករកបុរសចំណាស់ ដែលកំពុងឈរច្របាច់ដៃខ្លួនឯងនៅមុខបន្ទប់។ «វិជ័យ! ផ្ញើជួយត្រួតពិនិត្យមើលបន្ទប់នេះ ឲ្យបានល្អិតល្អន់ផងណ៎ា!» ភ្នាក់ងាររតនៈ និយាយប្រាប់ទៅអ្នកធ្វើកោសល្យវិច្ច័យ មុននឹងដើរតាមតាចាស់ទៅបន្ទប់របស់នាយភិរម្យ។
«ប្រាកដណាស់ហើយ មិនបាច់បារម្ភទេ!»។
សូមរង់ចាំអានវគ្គបន្ត!
ប្រស្នាឃាតកម្ម(១) ខែ តុលា 26, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងស៊ើបអង្កេត.1 comment so far
វគ្គ១៖ បើករឿងក្តី
សំឡេងមួលគន្លឹះទ្វារយ៉ាងស្រាលដៃ ទ្វារសន្សឹមៗបើកចំហយ៉ាងយឺតៗ… កណ្តាលភាពងងឹតនៅក្នុងបន្ទប់ មានតែពន្លឺភ្លើងព្រាលៗពីខាងក្រៅជះមកលើ រាងកាយមួយដែលកំពុងលបចូលមករហូតលេចស្រមោលខ្មៅធំលើសមាឌ រំកិលខ្លួនយ៉ាងស្រាលជើងចូលមកក្នុងបន្ទប់ដ៏ងងឹតសូន្យសុង។
នៅពេលស្រមោលដែលលួចចូលមកនោះ ដើរឆ្លងផុតទ្វារមិនបានប៉ុន្មានជំហានផង ស្រាប់តែប៉័ង!! សំឡេងទ្វារត្រូវបិទខ្ទប់យ៉ាងខ្លាំង ដោយសារកម្លាំងរុញច្រានរបស់នរណាម្នាក់ ដែលលាក់ខ្លួននៅក្នុងភាពងងឹត។ ម្នាក់នោះបានស្រវាដៃមកចាប់ឱបអ្នកដែលដើរចូលមកពីក្រោយយ៉ាងរហ័ស រហូតម្ចាស់ខ្លួននោះបាត់បង់ជំហរស្ទើរតែដួលទៅលើឥដ្ឋ តែសំណាងល្អដែលអ្នកនោះមានរាងធំខ្ពស់ជាងទើបមិនក្លាយជាបញ្ហា។ រាងកាយទាំងពីរប្រវាយប្រតប់ឱបរឹតគ្នារុញចុះឡើង រហូតដួលទាំងព្រមទៅលើគ្រែដេក។ អ្នកដែលលបចូលមកមានប្រៀបជាងខាងផ្នែកសរីរៈរាងកាយ ព្រោះមានមាឌធំនិងមាំទាំជាង ទើបធ្វើឲ្យបានប្រៀបរើបម្រះសង្កត់អ្នក ដែលមកឱបពីក្រោយវិញយ៉ាងងាយស្រួល។ ដៃទាំងពីររបស់អ្នកដែលលួចចូលមក កំពុងចាប់ច្របាច់កគូវិវាទយ៉ាងណែន។ ម្ចាស់បន្ទប់ព្យាយាមត្រដរខ្យល់បម្រះននៀលដើម្បីគេចឲ្យផុតពីក្រញាំមច្ចុរាជ។ ដៃទាំងសងខាងខំលើកប្រវេប្រវាប្រតប់ប្រតាយទៅមក សង្ឃឹមថានឹងបានគេចផុតពីខ្នោះដៃកំណាច។ គ្មានសូម្បីតែសំឡេងសុំការជួយសង្គ្រោះ ជើងទាំងពីរទធាក់ចុះឡើងជាមួយនឹងកន្លែងដេកដ៏ទន់ល្មើយ ដែលធ្លាប់ឲ្យគេដេកលក់យ៉ាងមានសេចក្តីសុខ តែពេលនេះត្រឡប់ក្លាយជារណ្តៅនរក ដែលអាចទាញគេឲ្យធ្លាក់ទៅជាមួយសេចក្តីស្លាប់ចំពោះមុខបានដោយគ្រាន់តែហុចដៃឲ្យ។
កម្លាំងច្របាច់បន្ថែមទ្វេឡើងជាលំដាប់ តស៊ូជាមួយនឹងរាងកាយដែលនៅខាងក្រោម។ រាងកាយនោះសន្សឹមៗស្ងប់ចុះ… ជើងទាំងពីររួញយឺតស្ទើរតែកប់ទៅក្នុងពូក ដៃដែលធ្លាប់ប្រវេប្រវាក៏រំកិលធ្លាក់យ៉ាងទន់ល្វក់ទៅលើកន្លែងដេក ទីបំផុតរាងកាយទាំងមូលក៏ដេកស្តូកស្តឹងលែងកម្រើក។
***
ហាវ!!… សំឡេងស្ងាបបង្អូសលាន់ឮយ៉ាងវែង ចេញពីតុខាងក្រោយបន្ទប់។ ប៉ូលីសជាច្រើននាក់កំពុងដើរខ្វាត់ខ្វែង វីវក់នឹងការងាររបស់ខ្លួន ដោយគ្មាននរណាទៅចាប់អារម្មណ៍នឹងអ្វីផ្សេងទៀត។ នរណាៗក៏ដឹងថាការងាររបស់ប៉ូលីស មមាញឹកពេញមួយថ្ងៃរកចន្លោះពេលសម្រាកគ្មានទេ តែប្រហែលជាមិនមែនប៉ុស្ត៍ប៉ូលីសមួយនេះទេ ព្រោះមាននាយប៉ូលីសម្នាក់ធ្វើការផ្នែកស៊ើបអង្កេត កំពុងអង្គុយស្ងាបវ៉មៗដូចគ្មានការងារធ្វើ ឬក៏គ្មានការងារធ្វើពិតមែន? ប្រហែលជាទៅមិនរួចទេ ព្រោះជា ប៉ូលីសត្រូវតែមានការងារធ្វើហូរហៀរស្រាប់ហើយ ទោះបីជាមេជាកើយជាអ្នកបង្គាប់បញ្ជាក៏ដោយចុះ។
«ហ៊ើយ!! …ហេតុអីក៏គួរឲ្យធុញទ្រាន់បែបនេះ!!!» ម្ចាស់សំឡេងស្ងាបមុននេះរអ៊ូឮខ្លាំងៗ តែគ្រប់គ្នាដែលនៅទីនោះធ្វើដូចជាមិនបានឮ គ្មានសំឡេងណាមួយឆ្លើយតបមកសោះ ដែលធ្វើឲ្យម្ចាស់សំឡេងខាងដើមកាន់តែបានចិត្តឡើង។
«ហេតុអីក៏គ្មានអ្វីបែបភ្ញាក់ផ្អើលរញ្ជួយចិត្ត ឲ្យនាយប៉ូលីសពូកែៗដូចជាយើងនេះធ្វើ? ឬមួយយើងពូកែហួសពេករហូតគ្មានការងារណា សមនឹងសមត្ថភាពរបស់យើង?» ពូកែរកពាក្យនិយាយធ្វើឲ្យខ្នាញ់ពិតមែន។ នរណាបណ្តោយឲ្យគេធ្វើខ្លួនបែបនេះមិនដឹង ចង់ជួបមុខដល់ហើយ!!
«ភា្នក់ងាររតនៈ! លោកអធិការឲ្យចូលទៅជួប។» សំឡេងមួយលាន់ឡើង ដើម្បីដាស់គេឲ្យភ្ញាក់ពីគំនិតផ្តេសផ្តាស។
«អ្ហែម!! ការងារមកដល់ហើយ សប្បាយចិត្តខ្លាំងណាស់។ សង្ស័យតែមានការងារដែលស័ក្តិសមនឹងសមត្ថភាពរបស់យើងចូលមកហើយ!!» ស្ងាត់ដូចមុន! គ្មាននរណាយកចិត្តទុកដាក់នឹងសម្តីផ្តេសផ្តាសនោះសោះ គួរឲ្យអាណិតដល់ហើយ។ គេមានដឹងឬអត់ ថាអ្នកដទៃមានការងារធ្វើពេញដៃរហូតមិនអាចទទួលការងារផ្សេងទៀតបានទៅហើយ។
តុក! តុក! តុក!…
«ខ្ញុំភ្នាក់ងាររតនៈបាទ!» ភ្នាក់ងារកំលោះឈរខ្លួនត្រង់នៅមុខបន្ទប់អ្នកបង្គាប់បញ្ជាព្រមជាមួយសំឡេងម៉ឺងម៉ាត់។
«អញ្ជើញ!» សំឡេងស្វាហាប់បង្គាប់ឲ្យចូល។ ប៉ូលីសកំលោះដើរមក ធ្វើការគោរពចំពោះមុខមេកើយដោយទឹកមុខម៉ត់ចត់។
«អញ្ជើញអង្គុយ!» លោកអធិការនិរោធពោល ដោយមិនងើយមុខមើល។
«បាទ! អរគុណ។»
«ខ្ញុំមានរឿងក្តីមួយឲ្យលោកស៊ើប។ ព្រឹកមិញនេះមានគេចែងមកប្រាប់ថា មានរឿងឃាតកម្មមួយកើតឡើងនៅអន្តេវាសិកដ្ឋាននិស្សិតប្រុស របស់សាកលវិទ្យាល័យឯកជនល្បីឈ្មោះមួយ។ សភាពសាកសពគឺត្រូវច្របាច់ករហូតស្លាប់ ចំណែករឿងលំអិតផ្សេងៗទៀត សូមលោកទៅស៊ើបសួរនៅកន្លែងកើតហេតុចុះ។ រឿងមួយទៀតខាងសាកលវិទ្យាល័យត្រូវការបិទបាំងរឿងនេះជាការសម្ងាត់ ព្រោះបើមានព័ត៌មានលេចខ្ចរខ្ចាយទៅ នឹងធ្វើឲ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សាលាបាន។» អធិការនិរោធផ្អែកខ្នងនឹងភ្នាក់កៅអី យកដៃដែលចាក់ស្រែះចូលគ្នានៅលើតុ មកដាក់លើក្បាលពោះធំកំពីង ព្រមទាំងងក់ក្បាលជាសញ្ញាប្រាប់ថា ចាប់ផ្តើមការងារបានហើយ។
«បាទ!!» ភ្នាក់ងាររតនៈគំនាប់សង្កត់ពាក្យធ្ងន់ៗ ទទួលការងារយ៉ាងអង់អាច មិនដឹងថាព្រោះសប្បាយចិត្តដែលបានការងារធ្វើ ឬដើម្បីបង្ហាញពីឥទ្ធិពលរបស់ខ្លួនឲ្យប្រាកដ។ ខ្សែភ្នែកបញ្ជាក់ពីការប្តេជ្ញាចិត្តថា គេនឹងធ្វើការងារនេះឲ្យបានល្អជាទីបំផុត។
ក្រោយពីចាកចេញពីបន្ទប់របស់លោកអធិការ នាយប៉ូលីសកំលោះ ក៏រត់ចេញពីប៉ុស្តិ៍យ៉ាងលឿន ហើយប្រញាប់បញ្ឆេះរថយន្ត ដើម្បីឆ្ពោះមុខសំដៅទៅកន្លែងកើតហេតុជាបន្ទាន់។ សាកលវិទ្យាល័យឯកជនមួយនេះ រាប់ថាជាគ្រឹះស្ថានសិក្សាឯកជនលំដាប់ថ្នាក់ទី១របស់ប្រទេស ព្រោះមានការជ្រើសរើសនិស្សិតយ៉ាងតឹងរឹងបំផុត មិនមែនឲ្យតែមានលុយក៏ចូលរៀនបាននោះទេ ដែលខុសប្លែកពីសាកលវិទ្យាល័យឯកជនទូទៅ។ ម្យ៉ាងទៀត ដោយសារតែសាកលវិទ្យាល័យនេះ តាំងនៅជាយក្រុង ទើបធ្វើឲ្យមានផ្ទៃដីធំទូលាយ ការបង្រៀនការសិក្សាមានច្រើនមហាវិទ្យាល័យ។ នៅពេលឆ្លងផុតក្លោងទ្វារចូលសាកលវិទ្យាល័យ តាមសងខាងផ្លូវពោរពេញទៅដោយ ដើមស្រស់ធំខ្ពស់យ៉ាងច្រូងច្រាងរៀងស្របគ្នាជាពីរជួរចូលទៅផ្នែកខាងក្នុង។ ពេលជិះទៅផុតផ្លូវ ក៏ឃើញមានរង្វង់មូលអាងទឹកបាញ់ធំមួយ ដែលជាចំណុចតភ្ជាប់ផ្លូវចូលរបស់អគារនីមួយៗ នៅក្នុងសាកលវិទ្យាល័យទាំងមូល។
«ម៉េចក៏ធំមហិមាដ៏ថ្នាក់នេះហ្ន៎! មើលទៅដូចជាវិមានរបស់ មហាសេដ្ឋីលំដាប់ថ្នាក់ជាតិ… ទេ! លំដាប់ថ្នាក់អន្តរជាតិត្រូវជាង!!» ប៉ូលីសចារកម្មកំលោះចតរថយន្ត នៅក្បែរបរិវេណរង្វង់មូលទឹកបាញ់ ហើយអើតក្បាលចេញតាមបង្អួចរថយន្ត លួចគយគន់ស្ងើចសរសើរពីភាពស្រស់ស្អាត របស់សាកលវិទ្យាល័យ។ បន្ទាប់ពីនោះរថយន្តក៏រំកិលខ្លួនតាមស្តាំដៃទៅខាងមុខ ក្រោយពីបានសួរផ្លូវនៅប៉ុស្តិ៍យាមខាងមុខផ្លូវចូល។ រយៈចម្ងាយផ្លូវពីរង្វង់មូលទឹកបាញ់ ទៅដល់អន្តេវាសិកដ្ឋាននិស្សិតប្រុសមានចម្ងាយប្រមាណ១គីឡូម៉ែត្រ។ ទិដ្ឋភាពក្បែរៗនោះមានទាំងអគារសិក្សា និងសួនផ្កាខណ្ឌគ្នាតាមចន្លោះអគារ នីមួយៗ។ ភាពហ៊ីហារស្កឹមស្កៃរបស់សាកលវិទ្យាល័យ ស័ក្តិសមជាគ្រឹះស្ថានសិក្សាឯកជន ដែលមានឈ្មោះល្បីជាប់លំដាប់ថ្នាក់ទី១របស់ប្រទេសមែន។
សូមរង់ចាំអានវគ្គបន្ត!









