jump to navigation

«បេះ​ដូង​ភ្នំ​ដង​រែក» ប្រលោម​លោក​ថ្មី​ស្តី​ពី​ព្រះ​វិហារ ខែ កក្កដា 11, 2008

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ប្រលោមលោក, ប្រវត្តិសាស្រ្ត, សៀវភៅល្អៗ.
add a comment

សៀវភៅ​ប្រលោមលោក​ក្រោម​ចំណងជើង​ថា “ បេះដូង​ភ្នំ​ដងរែក” ដែល​សរសេរ​ផ្អែក​តាម​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​ដំណើរ​រឿងក្តី​ប្រាសាទ​ ព្រះវិហារ​រវាង​ខ្មែរ​និង​ថៃ នៅ​ឯ​តុលាការ​ក្រុង​ឡាអេ​ក្នុង​ឆ្នាំ​១៩៦២ កំពុងតែ​ត្រូវ​បាន​បោះពុម្ព​និង​ចេញ​ផ្សាយ​នា​ពេល​ឆាប់ៗ​នេះ ។

Photo: RFA

គម្រប​សៀវភៅ​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ​រឿង​” បេះដូង​ភ្នំ​ដងរែក” ​ដែល​និពន្ធ​ដោយ​លោក តាំង រតនា ។

យុវជន តាំង រតនា អាយុ​២៦​ឆ្នាំ​ដែល​ជា​ម្ចាស់​ស្នាដៃ​បាន​ឲ្យ​ដឹង​អំពី​គោលបំណង​សំខាន់ ក្នុង​ការព្យាយាម​តាក់តែង​និពន្ធ​រឿង​នេះ​ឡើង ៖ «ខ្ញុំ​បាន​ស្រាវជ្រាវ​ ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​រឿងក្ដី​ប្រាសាទ​ព្រះវិហារ​ហ្នឹង គឺ​នៅ​ក្នុង​ឆ្នាំ​២០០១ ខ្ញុំ​ស្រាវជ្រាវ ហើយ​ខ្ញុំ​សិក្សា​មួយ​ឆ្នាំ ។ ដូច្នេះ​ខ្ញុំ​ចាប់ផ្ដើម​សរសេរ​រឿង​ហ្នឹង​នៅ​ឆ្នាំ​២០០២ ហើយ​ខ្ញុំ​បាន​បញ្ចប់​រឿង​ហ្នឹង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០០៤ ។ ចំណុច​សំខាន់​គឺ​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង បងប្អូន​ជន​រួម​ជាតិ ជាពិសេស​ក្មេង​ជំនាន់​ក្រោយ សិស្សានុសិស្ស​និង​ជា​និស្សិត ឲ្យ​បាន​យល់ ឲ្យ​បាន​ដឹង​ខ្លះៗ​អំពី​ដំណើរ​រឿងក្ដី​នេះ​វា​ដូម្ដេច​រហូត​បាន​ ព្រះរាជាណាចក្រ​កម្ពុជា​យើង​ឈ្នះ ក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ គឺ​សម្ដេច​តា នរោត្ដម សីហនុ នៃ​យើង​នេះ ។ ហើយ​ខ្ញុំ​លើកឡើង​អំពី​ប្រវត្តិ​ហ្នឹង​គឺ​អត់​មាន​កាន់​និន្នាការ​ណា​មួយ ឆ្លុះ​បញ្ចាំង​អំពី​ជម្លោះ​រវាង​ជាតិ​សាសន៍​អី​ទេ ។ ដូច្នេះ​ខ្ញុំ​បាន​ច្បិច​យក​បញ្ហា​ប្រវត្តិសាស្ត្រ​ពិតៗ​នៅ​ក្នុង​ចំណុច​ មួយចំនួន ដូច​ជា​ករណី​នៅ​ក្នុង​ដំណើរការ​ក្ដី ការតវ៉ា​គ្នា​ទៅ​តាម​ច្បាប់​លក្ខណៈ​អន្តរជាតិ​នេះ ដើម្បី​មក​ធ្វើ​ជា​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ»

ចំណែក​លោក យូ បូ ស្ថាបនិក​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ដែល​បាន​ដំណើរការ​ជា​ថ្មី​ឡើងវិញ ចាប់ពី​ឆ្នាំ​១៩៩៣​មក​នោះ បាន​បង្ហាញ​អំពី​ការចាប់អារម្មណ៍​និង​វាយតម្លៃ​ចំពោះ​ស្នាដៃ​និពន្ធ​រឿង “ បេះដូង​ភ្នំ​ដងរែក” នេះ ថា​ជា​វណ្ណកម្ម​មួយ​ដ៏​កម្រ​ជួប​ប្រទះ​ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ ក្រោយ​នេះ ។

លោក យូ បូ បាន​មាន​ប្រសាសន៍​ថា ៖ «ក្នុង​ចំណោម​អ្នក​និពន្ធ​ខ្មែរ​ពី​ ឆ្នាំ​៧៩​មក​នេះ​គឺ​ជា​ប្រលោមលោក​ធម្មតា មិន​មាន​អត្ថន័យ​ខ្លឹមសារ​ជ្រៅជ្រះ​ដូច​ប្រលោមលោក​នេះ​ទេ ។ ប្រលោមលោក​នេះ​ជា​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ សាច់​រឿង​គេ​មាន​តម្លៃ​ខ្ពស់​ណាស់​សម្រាប់​ជាតិ​តែម្ដង ។ ហើយ​ខ្ញុំ​កម្រ​ឃើញ​អ្នកនិពន្ធ​ក្មេង​ខ្ចី​ណាស់​ក្នុង​វ័យ​១៩​ឆ្នាំ​ដែល​ ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ។ ជា​ស្នាដៃ​មួយ​ល្អ​ណាស់»

យុវជន តាំង រតនា ដែល​បច្ចុប្ប​ជា​មន្ត្រី​បម្រើការ​នៅ​អគ្គ​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ឲ្យ​ដឹង​ថា​ការបោះពុម្ព​ផ្សាយ​លើក​ទី​មួយ​នេះ​មាន​ចំនួន​១​ពាន់​ច្បាប់ ដែល​ភាគ​ច្រើន​នឹង​យក​ទៅ​តម្កល់ទុក​ជា​ឯកសារ​នៅ​តាម​បណ្ណាល័យ សាលារៀន និង​ស្ថាប័ន​នានា ទូទាំង​ប្រទេស ។

ចំណែក​ថវិកា​ក្នុង​ការបោះពុម្ព​ដែល​មាន​ចំនួន​២ពាន់​ដុល្លារ​គឺ​បាន​មកពី ​ជំនួយ​រួម​គ្នា​របស់​មិត្តភ័ក្តិ និង​សប្បុរសជន​មួយចំនួន ដែល​ចង់​ឃើញ​សៀរវភៅ​រឿង “ បេះដូង​ភ្នំ​ដងរែក” នេះ បាន​ចេញ​ផ្សាយ​ឆាប់ៗ​ជា​ការអបអរ​សាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត ដែល​អង្គការ​យូនេស្កូ​បាន​ទទួល​បញ្ជូល​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ជា​ បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃ​ច័ន្ទ ទី​៧ កក្កដា​នេះ ៕

ប្រភព៖ វិទ្យុ​អាស៊ី​សេរី

កម្ពុជា​ច្រាន​ចោល​ការចោទ​របស់​ថៃ​ជុំវិញ​រឿង​ផែនទី​ប្រាសាទ​ព្រះវិហារ ខែ មិថុនា 13, 2008

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ប្រវត្តិសាស្រ្ត.
add a comment

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​របស់​មន្ត្រី​យោធា​ថៃ ដែល​ថា​ផែនទី​ថ្មី​នៃ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ បាន​រំលោភ​ចូល​ក្នុង​ដែនដី​ថៃ​ក្នុង​ខេត្ត​ស៊ីសាកេត​នោះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ផែនទី​នៃ​ការដាក់ស្នើ​ប្រាសាទ​ព្រះវិហារ​ទៅ​អង្គការ​យូណេស្កូ គឺ​ជា​ផែនទី​រដ្ឋបាល មិនមែន​ជា​ផែនទី​នៃ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ទេ ។

លោក វ៉ា គឹមហុង ថ្លែង​ដូច្នេះ​ថា ៖ «គេ​ចុះ​ក្នុង​បាងកក​ប៉ុស្តិ៍ ប៉ុន្តែ​គេ​ថា​អី​ថា​ទៅ ព្រោះ​អ្វី​ដែល​យើង​ធ្វើ​គឺ​ជា​ផែនទី​រដ្ឋបាល​ដើម្បី​បញ្ចូល​ប្រាសាទ​ ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តែ​ប៉ុណ្ណោះ ។ គេ​លើក​ឡើង ១០​ម៉ែត្រ ២០​ម៉ែត្រ​អ៊ីចឹង លុះត្រា​តែ​វា​មាន​ព្រំដែន គេ​ជជែក​ជាមួយ​ខាង​ព្រំដែន ។ បើ​អត់​ជជែក​ជាមួយ​ព្រំដែន​ផង និយាយ​ថា​បាត់ ១០​ម៉ែត្រ ឬ​២​ម៉ែត្រ ម្ដេច​កើត? ក្នុង​ឱកាស​បែបនេះ គេ​មិន​ត្រូវ​និយាយ​រឿង​នេះ​សោះ»

ប្រតិកម្ម​នេះ​ធ្វើឡើង​ភ្លាម​ៗ​បន្ទាប់ពី​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ ដោយ​ស្រង់​សម្ដី​ប្រភព​មន្រ្តី​យោធា​ថៃ ក្នុង​លេខ​ចេញ​ផ្សាយ​របស់​ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផែនទី​ថ្មី​នៃ​ប្រាសាទ​ព្រះវិហារ​ដែល​គូរ​ឡើង​វិញ ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​ទន្រ្ទាន​លើ​ទឹកដី​ថៃ ២ កន្លែង​សំខាន់​ៗ ។

ប្រភព​មន្ត្រី​យោធា​ថៃ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ផែនទី​ដែល​នឹង​ត្រូវដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ត្រង់​ផ្លូវ​ចូល​ពី​ខាង​ទឹក​ដី​ថៃ​ទៅ​ប្រាសាទ​កម្ពុជា​នោះ បាន​គូរ​ផែនទី​លយ​ចូល​ទឹកដី​ថៃ​ប្រវែង ១០​ម៉ែត្រ ។

ប្រភព​បន្ត​ថា ផែនទី​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​ត្រង់​ជណ្តើរ​ឡើង​កំពូល​ប្រាសាទ ត្រូវ​បាន​ភាគី​កម្ពុជា គូរ​ឲ្យ​លយ​ចូល​ក្នុង​ទឹកដី​ថៃ​ប្រវែង ២ម៉ែត្រ ។

ទោះជា​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក ថារិត ចារុងវ៉ាត់ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ផែនទី​ថ្មី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ហាក់​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន និង​ថា នៅមាន​ចំណុច​ខ្លះ​ត្រូវ​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំងពីរ នៅមុន​ការដាក់​បញ្ចូល​ប្រាសាទ​នេះ ជា​មរតក​ពិភពលោក​ដោយ​កម្ពុជា ។

ផែនទី​ថ្មី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​គូរ​ឡើង​វិញ​ដោយ​កម្ពុជា ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​ទី​៥ មិថុនា គឺ​នៅ​បន្ទាប់​ពី​មាន​ការឯកភាព​គ្នា នៅ​ក្នុង​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​ប៉ារីស ដែល​សម្របសម្រួល​ដោយ​តំណាង​អង្គការ​យូណេស្កូ កាលពី​ខែ​ឧសភា កន្លង​ទៅ ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​បញ្ជាក់​ថា ពិតជា​មាន​ការពិភាក្សា​គ្នា​រវាង​ភាគី​ថៃ​និង​កម្ពុជា​ខ្លះ​មែន ប៉ុន្តែ​ថា កម្ពុជា​នឹង​នៅតែ​រក្សា​ផែនការ​របស់​ខ្លួន​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ចប្រជុំ​លើក​ក្រោយ​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​កេបិច ប្រទេស​កាណាដា នា​ដើម​ខែ​កក្កដា ឆ្នាំ​២០០៨ នេះ ៕

ប្រភពៈ វិទ្យុអាស៊ីសេរី