ការយល់សប្តិឃើញមនុស្សដែលស្លាប់ហើយ ខែ វិច្ឆិកា 26, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទស្សនៈសង្គម, ពីនេះពីនោះ, រយពាន់យោបល់.2 comments
មិនចង់និយាយវែងឆ្ងាយទេ ចូលសាច់រឿងតែម្តងទៅ គឺថាខ្ញុំឆ្ងល់ដល់ហើយ ហេតុអ្វីគ្រប់ពេលដែលខ្ញុំយល់សប្តិឃើញមនុស្សដែលស្លាប់ទៅហើយ ខ្លួនខ្ញុំដែលនៅក្នុងយល់សប្តិនោះ មិនបានចាប់អារម្មណ៍ឬមិនបានចាប់ភ្លឹកថា អ្នកដែលខ្ញុំបានជួបនោះ គេបានស្លាប់ទៅហើយអ៊ីចឹង? បើនិយាយថាមិនបានចាប់អារម្មណ៍ឬ មិនបានចាប់ភ្លឹកក៏ដូចជាមិនត្រូវដែរ តែបើនិយាយថាមិនដឹងតែម្តងគឺត្រូវចំជាង។
មែន! គ្រប់ពេលដែលខ្ញុំយល់សប្តិឃើញពួកគេ(អ្នកដែលស្លាប់ទៅ) ខ្ញុំគ្មានដឹងខ្លួនបន្តិចសោះថាគេស្លាប់ទៅហើយ គឺទំនាក់ទំនងរបស់ខ្ញុំនិងគេដូចគ្នានឹងពេលនៅរស់អ៊ីចឹង គឺធម្មតាៗដូចគ្មានរឿងអីកើតឡើង។ ខ្ញុំគិតថាបើខ្លួនខ្ញុំនៅក្នុងយល់សប្តិដឹងថា មនុស្សដែលខ្ញុំជួបនៅក្នុងយល់សប្តិបានស្លាប់ទៅហើយ យ៉ាងហោចណាស់ក៏ខ្ញុំមានអារម្មណ៍គិតឬខ្លាចបន្តិចបន្តួចដែរ។ តែនេះអត់សោះ! ខ្ញុំអត់ដឹងខ្លួនបន្តិចសោះថាគេស្លាប់ គឺលុះត្រាតែពេលខ្ញុំភ្ញាក់ដឹងខ្លួនឡើងហើយគិតជាថ្មី ទើបដឹងថាមនុស្សដែលខ្លួនយល់សប្តិឃើញនោះ បានស្លាប់ទៅហើយ។ គិតឡើងកាន់តែឈឺក្បាលឡើង មិនដឹងថាខួរក្បាលផ្នែកណាមួយទទួលរ៉ាប់រងរឿងយល់សប្តិនេះ ហេតុអីបានជាមិនអាចចងចាំថា ពួកគេបានស្លាប់រួចហើយអ៊ីចឹង?
ទឹកភ្នែកអ្នកក្រ ខែ កញ្ញា 22, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទស្សនៈសង្គម, រយពាន់យោបល់.9 comments
បើតាមខ្ញុំស្មានមិនខុសទេ រយៈពេលនេះគឺជាពេលដែលសាកលវិទ្យាល័យនានា នៅភ្នំពេញកំពុងត្រៀមខ្លួនឬបានចាប់ផ្តើមចូលរៀនជាបណ្តើរៗហើយ។ រយៈពេលនេះគឺជារយៈពេលទឹកភ្នែករបស់អ្នកក្រ អ្នកក្រដែលជានិស្សិតតោកយ៉ាក មកពីតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំនៅចាំបានថា កាលខ្ញុំទៅចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យភ្នំពេញនៅថ្ងៃដំបូង ខ្ញុំបានជួបហេតុការណ៍ដ៏អាណោចអាធមនិងគួរឲ្យស្អប់ខ្ពើមមួយ ដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកជំនួសអ្នកដែលរងគ្រោះ។ នៅថ្ងៃនោះមាននិស្សិតម្នាក់មកពីខេត្តកំពត ដែលជាប់អាហារូបករណ៍នៅដេប៉ាតឺម៉ង់ទេសចរណ៍ បានទៅសុំការអនុគ្រោះពីគ្រូដែលទទួលបន្ទុកដើម្បីពន្យារពេលបង់ប្រាក់ ព្រោះនិស្សិតអាហារូបករណ៍ទេសចរណ៍ត្រូវបង់ប្រាក់បន្ថែម ប្រមាណជា៦០ដុល្លាក្នុងមួយឆ្នាំបើខ្ញុំចាំមិនខុស។
និស្សិតម្នាក់នោះមានរាងស្គមខ្ពស់សម្បុរខ្មៅ គឺជាកូនអ្នកស្រែសុទ្ធសាធ ដែលខិតខំពុះពារធ្វើដំណើរផ្សងព្រេងមកទីក្រុង ដើម្បីគ្រាន់តែចង់ស្វែងរកពន្លឺជីវិតថ្មីសម្រាប់ខ្លួនប៉ុណ្ណោះ។ គេនិយាយសម្តីសុភាពមួយៗ ទៅកាន់គ្រូទទួលបន្ទុកដើម្បីជួយពន្យារពេល ឲ្យដល់ខែក្រោយទើបគេមានលទ្ធភាពបង់។ ផ្ទុយស្រឡះពីសម្តីរបស់អ្នកមានការអប់រំខ្ពស់ គ្រូម្នាក់នោះប្រើសម្តីគ្រោតគ្រាតសម្លុតប្រមាថដូចនិយាយទៅកាន់ខ្ញុំកញ្ជះ។ គ្រូនោះថាហេតុអីទើបចាំខែក្រោយបានបង់? បើមិនបង់ក្នុងពេលនេះទេ អាហារូបករណ៍នឹងត្រូវកាត់ផ្តាច់!!! ចុះពេលនេះម៉េចក៏គ្មានលុយ??? ម៉េចចាំខែក្រោយបានមាន???
សិស្សនោះតបដោយសម្តីភ័យៗតតាក់តតុប ព្រោះតែការសម្លុតដោយសម្តីខ្លាំងៗរបស់គ្រូដែលមានការអប់រំខ្ពស់ម្នាក់នោះ។ គេតបថា ពុកម៉ែឈឺទើបតែចំណាយលុយព្យាបាលហើយ ទើបគ្មានលុយ។ គ្រូនោះសួរទៀតថា មានបងប្អូនប៉ុន្មាននាក់? មានអ្នកធ្វើការទេ? មិនដឹងប៉ុន្មាននាក់ខ្ញុំចាំមិនច្បាស់ គ្រាន់តែចាំថា គេមានបងប្រុសម្នាក់ធ្វើការ(នៅភ្នំពេញ?)។ គ្រូនោះក៏បន្តថា អ៊ីចឹងឲ្យបងប្រុសនោះរកលុយជួយសិនមក ព្រោះពេលនេះសាលាកំពុងបន្ទាន់?!!! ឬបើមិនអ៊ីចឹងឲ្យពុកម៉ែលក់គោក្របី លក់ដីលក់ស្រែយកលុយមកបង់សាលាសិនមក!!! ឬក៏ឲ្យពុកម៉ែទៅខ្ចីលុយបងប្អូនណាដែលមានលុយឲ្យសិនក៏បាន!!!
ស្តាប់មើលចុះសម្តីរបស់គ្រូដែលមានការអប់រំម្នាក់! គ្រាន់តែឮសម្តីនេះខ្ញុំស្រក់ទឹកភ្នែកប៉ាត់ៗជំនួសគេ។ ខ្ញុំឈរសម្លឹងហេតុការណ៍នេះមិនដាក់ភ្នែក ខ្ញុំខឹងខាំមាត់ក្តាប់ដៃជំនួសគេ ខ្ញុំស្ទើរតែទៅទះតុចង្អុលមុខស្តីឲ្យគ្រូនោះនៅមុខនិស្សិតទាំងអស់ភ្លាមៗ តែដោយខ្លាចភាពគ្មានសុជីវធម៌របស់ខ្ញុំ ធ្វើឲ្យអនាគតរបស់ខ្លួនត្រូវរលាយ ទើបខ្ញុំមិនខំប្រឹងយកពងមាន់ទៅជល់នឹងថ្មទេ។ គ្រូស្អីគ្មានវិចារណញ្ញាណសោះ!!! នេះដល់ថ្នាក់បង្គាប់ឲ្យនិស្សិតទៅប្រើម៉ែឪ ឲ្យលក់ដីលក់ស្រែនិងដើរខ្ចីបុលគេទៅវិញ??? មិនដឹងថាគ្រូបែបនេះ នៅស្រុកខ្មែរមានប៉ុន្មាននាក់ទេ???
ខ្ញុំក៏ជាកូនអ្នកក្រម្នាក់ដែរ ដូច្នេះខ្ញុំយល់ពីអារម្មណ៍របស់ជីវិតនិស្សិតក្រីក្រដូចគ្នា។ ឆ្នាំនេះខ្ញុំមានប្អូនម្នាក់ត្រូវមករៀននៅភ្នំពេញដូចគ្នា តែវាប្រឡងអាហារូបករណ៍មិនជាប់ទេ ព្រោះបានត្រឹមនិទ្ទេសDប៉ុណ្ណោះ។ រៀនបង់ប្រាក់ឬ? ពិតជាមិនអាចទៅរួចទេ! ម៉ែគ្មានសមត្ថភាពនឹងរកប្រាក់ឲ្យបង់សាលាបានទេ។ ត្រឹមម៉ារស់ពិបាកទៅហើយ ចុះទម្រាំត្រូវរកលុយមួយឆ្នាំ៤,៥រយដុល្លា សម្រាប់បង់សាលាទៀត?
សម្រាប់ខ្ញុំអាចជួយគេបានបន្តិចបន្តួចប៉ុណ្ណោះ ហើយមិត្តភក្តិនិងសង្សាររបស់គេអាចជួយបានបន្តិចបន្តួចទៀត ដូច្នេះឆ្នាំទី១គេអាចឆ្លងទៅផុត។ តែឆ្នាំបន្តបន្ទាប់គេធានាថានឹងរ៉ាប់រងដោយខ្លួនឯង ព្រោះគេនឹងរកការងារធ្វើ(?)។
ខ្ញុំនៅចាំបានថា កាលសម័យខ្ញុំនៅរៀន ខ្ញុំជានិស្សិតអាហារូបករណ៍រស់នៅផ្ទះបងប្អូន ហើយមិនត្រូវការលុយបង់សាលាផង គឺគ្រាន់តែត្រូវការលុយបន្តិចបន្តួចដើម្បីទិញឯកសាររៀន និងបាយទឹកហូបចុក។ គ្រាន់តែប៉ុណ្ណឹង ម៉ែក៏មិនអាចរកលុយជួយផ្គត់ផ្គង់ខ្ញុំបានផង សង្ឃឹមអីនំបញ្ចុកមួយកញ្ជ្រែងតូច លក់មួយថ្ងៃបានប៉ុន្មាន? ព្រោះតែខ្លាចម៉ែជំពាក់បំណុលគេ ខ្លាចម៉ែដើរខ្ចីលុយគេឲ្យកូនរៀន ទើបខ្ញុំសម្រេចចិត្តមករៀននៅប្រទេសលាវទាំងបង្ខំចិត្ត។
ថ្ងៃកំណើតដ៏សោកសៅ ខែ កក្កដា 15, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទស្សនៈសង្គម, មិត្តគឺខ្ញុំ, រយពាន់យោបល់.19 comments
សុជាតិគឺជាមិត្តរបស់ខ្ញុំ ហើយក៏ជាសង្សាររបស់សារី មិត្តដ៏ជិតស្និទ្ធម្នាក់របស់ខ្ញុំដែរ។ ពួកយើងទាំងបីជាមិត្តល្អនឹងគ្នា ហើយស្និទ្ធស្នាលនឹងគ្នាខ្លាំងបំផុត ជាងនិស្សិតខ្មែរដទៃៗទៀត ដែលមករៀននៅលាវនេះ។ មានអ្វីប្លែកពិសេសញ៉ាំ ពួកយើងមិនដែលរំលងគ្នាទេ។ ថ្ងៃនេះថ្ងៃ១៥កក្កដា គឺជាថ្ងៃខួបកំណើតរបស់សុជាតិ។
កាលពីព្រឹកសារីប្រាប់ខ្ញុំថា ល្ងាចនេះនឹងទៅញ៉ាំអីជាមួយគ្នានៅខាងក្រៅ ខ្ញុំក៏ងក់ក្បាលយល់ព្រម។ លុះពេលល្ងាចមកដល់ សុជាតិក៏គោះទ្វារបន្ទប់ចូលមករកខ្ញុំ។ នាងសួរខ្ញុំថា ល្ងាចនេះរវល់ទេ? ខណៈនោះខ្ញុំកំពុងអង្គុយរៀនហ្វូតូសបដោយខ្លួនឯង ហើយឆ្លើយតបដោយមិនងាកមើលថា ម៉េចគេ? ខ្ញុំធ្វើជាសោះអង្គើយបែបនេះ ព្រោះខ្ញុំបានឮមិត្តដទៃទៀតបបួលគ្នាទៅញ៉ាំអីនៅហាងខាងក្រៅ ហើយក៏បានបបួលនាងទៅដែរ។ តែនាងក៏បានប្រាប់ថា ជាប់ទៅហាងផ្សេងជាមួយខ្ញុំនិងសារីហើយ។
«ម៉េច! បងឯងរវល់ទេ ទៅញ៉ាំអីជាមួយគ្នានៅខាងក្រៅហ៊ី?»
ខ្ញុំដាក់ដៃចុះពីកុំព្យូទ័រហើយងាកទៅមើលនាង។ នាងទើបតែងូតទឹកហើយ និងស្លៀកពាក់យ៉ាងស្អាតបាតរួចជាស្រេច។ ងាកមកមើលខ្ញុំ ខ្លួនឡើងស្រមកដោយសារញើសដែលអង្គុយតាំងពីព្រឹកមិនទាន់បានសម្រាក។
«ចុះម៉េចមិនទៅជាមួយគេ?» ខ្ញុំសួរនាងបញ្ជាក់។
«ចាំទៅជាមួយបងនោះអី! តែបើបងរវល់ក៏មិនអីដែរ ខ្ញុំទៅជាមួយគេក៏បាន!»
«ទៅជាមួយគេចុះ! ទៅជាមួយបងអត់សប្បាយទេ ព្រោះបងមិនសូវចូលចិត្តភាពអ៊ូអរផង!»
«បងឯងនិយាយឲ្យស្រួលមើល! រវល់ឬអត់?»
ខ្ញុំមិនឆ្លើយ បានតែញញឹម ហើយរៀបចំបិទកុំព្យូទ័រ និងទាញកន្សែងថាប្រុងចូលងូតទឹក។
«ចុះពួកគេទៅហាងណា?» មុននឹងចូលបន្ទប់ទឹក ខ្ញុំងាកសួរ។
«ខ្ញុំក៏អត់ដឹងដែរ! ចាំសួរបងសារីសិន!»
ស្របពេលនោះ សារីក៏ដើរចូលមកដល់ល្មម៖
«បើថានេះ ទៅជាមួយគេទាំងអស់គ្នាតែម្តងទៅ ក៏សប្បាយដែរ!»
ខ្ញុំទាញទ្វារបន្ទប់ទឹកបិទគ្រឹប ទាំងឆ្លើយថា៖
«ខ្ញុំរវល់! ទៅជាមួយគេចុះ!»
តាមពិតខ្ញុំគ្មានរវល់អីទេ បើថារវល់គឺរវល់ទៅញ៉ាំអី ជាមួយពួកគេពីរនាក់នេះហើយ។ ក្រោយពីងូតទឹករួចរាល់ហើយ ខ្ញុំឃើញពួកគេទាំងពីរចុះទៅដល់ក្រោមជាស្រេច និងបម្រុងទាញម៉ូតូជិះទៅក្រៅ។ សារីក្រឡេកឃើញខ្ញុំ គេហៅខ្ញុំតែខ្ញុំដើរចូលក្នុងវិញធ្វើមិនឮ។ ក្រោយពីពួកគេទៅបាត់ ខ្ញុំសោកសៅយ៉ាងខ្លាំង។ ដៃខ្ញុំកំពុងកាន់កែវតែក្លិនម្លិះក្រអូបឈ្ងុយ តែខ្ញុំបែរជាមិនបានរំភើបនឹងក្លិននោះទៅវិញ។ ខ្ញុំចាប់ច្របាច់កែវកាន់តែណែនទៅៗ ហើយលើកបោកភុសទៅលើឥដ្ឋ។
ខ្ញុំជាមនុស្សពូកែតូចចិត្តខ្លាំងណាស់! នេះខ្ញុំកំពុងតែតូចចិត្តនឹងពួកគេ ដែលចាត់ទុកខ្ញុំមិនសំខាន់ស្មើនឹងមិត្តដទៃទៀត។ ពួកគេមិនដឹងថា ខ្ញុំបានទិញនំខេក សម្រាប់ថ្ងៃកំណើតគេរួចរាល់ហើយនោះទេ។ ខ្ញុំអន់ចិត្តយ៉ាងខ្លាំង! ខ្ញុំសម្លឹងទៅមើលមេឃយ៉ាងស្រងេះស្រងោច… ម៉ោង៧ទៅហើយ តែមេឃនៅក្រហមច្រាល ដោយរស្មីព្រះអាទិត្យរៀបអស្តង្គត។ ពិភពលោកនេះ ហាក់ដូចជាបោះបង់ខ្ញុំចោលឲ្យនៅតែម្នាក់ឯង…
ខ្ញុំបើកទូទឹកកកយកនំខេក ដែលរៀបទុកដាក់យ៉ាងត្រឹមត្រូវ ក្នុងប្រអប់ក្រដាស មកលាមើល ហើយសរសេរពាក្យជូនពរពីរបីម៉ាត់ មុននឹងយកទៅព្យួរចោលនៅមុខបន្ទប់របស់សុជាតិ។ រួចរាល់ហើយ ខ្ញុំក៏ចាក់សោបន្ទប់ ហើយដើរមកខាងក្រៅអន្ទេរតែម្នាក់ឯង។ ខ្ញុំទទួលអារម្មណ៍ថាសោកសៅយ៉ាងខ្លាំង មិនដឹងថាគួរទៅណាល្អ… ចុងក្រោយក៏សម្រេចចិត្តចូលមកហាងអ៊ីនធើណេត ហើយចាប់ផ្តើមសរសេរអារម្មណ៍នេះចេញមក។
ពេលដែលត្រូវបែក… ខែ កក្កដា 10, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទស្សនៈសង្គម, មិត្តគឺខ្ញុំ, រយពាន់យោបល់.5 comments
ខ្ញុំមិនដឹងថា ជីវិតខ្ញុំកើតមកសម្រាប់តែការបែកគ្នាឬយ៉ាងណានោះទេ តែខ្ញុំទទួលអារម្មណ៍ដឹងថា តាំងពីខ្ញុំស្គាល់អ្វីដែលហៅថាមិត្តភាពមក ខ្ញុំតែងតែទទួលការឈឺចាប់ កើតទុក្ខរាល់លើក នៅពេលមកដល់ថ្ងៃដែលយើងត្រូវបែកគ្នា។
ឈិន សុភា! បើខ្ញុំចាំមិនខុសទេ នាងឈ្មោះឈិន សុភា! …កាលនោះយើងរៀននៅថ្នាក់ទី៨ រៀនបានប្រមាណ១ឆមាស នាងក៏មកនិយាយពាក្យលា ជាមួយមិត្តភក្តិទាំងអស់គ្នា។ នាងត្រូវឪពុកម្តាយឲ្យឈប់រៀន ព្រោះគ្មាននរណានៅដាំបាយជូនយាយគេពិសារ នៅពេលឪពុកម្តាយទៅធ្វើការអស់។ មិត្តភក្តិទាំងអស់សោកស្តាយជំនួសនាងយ៉ាងខ្លាំង ព្រោះនាងជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ ហើយក៏ជាគូប្រជែងជើងខ្លាំងម្នាក់របស់ខ្ញុំដែរ។ ថ្វីបើយើងទាំងពីរគឺជាគូរប្រជែងនឹងគ្នា តែការរាប់អានរបស់យើងមិនដែលថ្នាំងថ្នាក់នឹងគ្នាទេ យ៉ាងច្រើនមានតែសម្តីផ្លែផ្កាឡកឡឺយដាក់គ្នាលេងប៉ុណ្ណោះ។ ថ្ងៃដែលនាងលាខ្ញុំទៅ នាងនិយាយទាំងញញឹមលាយទឹកភ្នែក បែបលេងសើចថា «កុំគិតថាខ្ញុំចាញ់ឲ្យសោះ! ថ្វីបើ១ឆមាសនេះ ខ្ញុំមិនដែលដណ្តើមលេខ១ពីអ្នកឯងបាន តែខ្ញុំមិនព្រមចាញ់ទេ ព្រោះខ្ញុំមិនធ្លាប់ចាញ់នរណា តាំងពីខ្ញុំចូលរៀនមក!» បន្តិចមកគេក៏សើច តែខ្ញុំដឹងថាគេសើចទាំងឈឺចុកចាប់៖«សប្បាយចិត្តណាស់មែនទេ… ពេលនេះខ្ញុំព្រមចាញ់ហើយ! ចាញ់! ចាញ់ដោយគ្មានថ្ងៃនឹងឈ្នះ!»។ ពេលនោះខ្ញុំស្រក់ទឹកភ្នែកប៉ាត់ៗអាណិតគេ… ព្រោះតែភាពក្រ គេត្រូវចុះចាញ់នឹងជីវិត! ហើយខ្ញុំនឹងចងចាំគេទុក គឺចងចាំមិត្តម្នាក់ដែលចេះតស៊ូនឹងជីវិត តែការតស៊ូក៏គង់នៅចាញ់កម្លាំងទឹកប្រាក់។
បន្ទាប់ពីឈិន សុភាចេញទៅផុត គង់ ស៊ាងលី សិស្សស្រីល្បីឈ្មោះខាងពូកែសួរនោះ ក៏ចេញទៅដែរយ៉ាងស្ងៀមស្ងាត់។ នាងមិនបានមកលាមិត្តភក្តិទេ គឺយើងដឹងថានាងឈប់រៀន ក្រោយពីការបាត់ខ្លួនរបស់នាង២អាទិត្យ។ ភាពក្រទៀតហើយ ដែលជាមូលហេតុនៃការឈប់រៀនរបស់នាង។ នាងអាចចាត់ទុកថាជាមិត្តភក្តិស្រីដំបូងរបស់ខ្ញុំ ដែលទាំងសុភាព ចិត្តល្អ និងចេះជួយយកអាសារអ្នកដទៃ ពិសេសនាងចូលចិត្តឈឺឆ្អាលរឿងរបស់ខ្ញុំណាស់។ នៅពេលនាងមានបញ្ហាក្នុងគ្រួសារ នាងចូលចិត្តយកមកនិយាយប្រាប់ខ្ញុំ… សៀវភៅកំណត់ហេតុរបស់នាង ក៏យកមកឲ្យខ្ញុំមើលដែរ ព្រោះនាងជឿជាក់និងទុកចិត្តខ្ញុំ។ តាមពិតខ្ញុំស្គាល់នាងតាំងពីររៀននៅថ្នាក់ទី២ម្ល៉េះ! គឺថ្ងៃមួយនោះ គ្រូថ្នាក់ខ្ញុំមិនបានមកបង្រៀន ហើយនាយកសាលាក៏នាំពួកខ្ញុំឲ្យចូលរៀនជាមួយថ្នាក់នាង។ កាលនោះនាងជាសិស្សដែលឆ្លាតនិងពូកែជាងគេនៅក្នុងថ្នាក់។ ខ្ញុំឃើញនាងលើកដៃឡើងអាន និងតបមេរៀនគ្រប់ពេល ហើយខ្ញុំតែងនឹកស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងធ្វើខ្លួនឲ្យពូកែដូចនាង។ សូមបញ្ជាក់ថា នៅថ្នាក់ទី២ខ្ញុំជាសិស្សដែលកំជិលបំផុត អន់បំផុតគឺប៊ិះតែនឹងធ្លាក់ទៀតផង ហើយខ្ញុំចាប់ផ្តើមក្លាយជាសិស្សម្នាក់ដែលពូកែនៅថ្នាក់ទី៣ គឺក្រោយពីបានទទួលការលត់ដំអស់ជាច្រើនខ្សែតីគោ ក្នុងពេលឈប់សម្រាកវ៉ាកងធំមក
។ ខ្ញុំចងចាំនាងតាំងពីពេលនោះមក ហើយយើងក៏មិនដែលរៀនជាមួយគ្នាទៀតដែរ រហូតមកដល់ថ្នាក់ទី៨ទើបបានជួបគ្នាម្តងទៀត ហើយពេលនោះខ្ញុំក៏ដឹងថា សមត្ថភាពនាងធ្លាក់ចុះយ៉ាងខ្លាំង គឺមិនអាចមកប្រៀបធៀបនឹងខ្ញុំបានទេ។ ខ្ញុំដឹងថា សមត្ថភាពនាងធ្លាក់ចុះព្រោះបញ្ហាជីវភាព ត្បិតអីកាលរៀននៅបឋមសិក្សា ខ្ញុំឃើញនាងស្លៀកពាក់ស្អាតបាត សំពត់អាវថ្មីៗ លុះចូលមកដល់វិទ្យាល័យ នាងប្រើតែសំលៀកបំពាក់ចាស់ៗ មិនដែលមានថ្មីម្តងណាឡើយ គឺគ្រួសារនាងធ្លាក់ខ្លួនក្រ។ យើងជិតស្និទ្ធនឹងគ្នាបែបនេះហើយ តែនាងបែរជាមិនបាននឹកឃើញខ្ញុំ នៅពេលដែលនាងចូលរោងការ… តែត្រូវដឹងណា! ខ្ញុំមិនដែលភ្លេចនាងទេ។
ឡៃ ចាន់ណារ៉ា! ពេលវេលានៃការស្គាល់គ្នារបស់យើងទាំងពីរខ្លីណាស់ គឺត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះដែលយើងនៅជាមួយគ្នា ក្នុងពេលប្រឡងសិស្សពូកែនៅខេត្តសៀមរាប។ អាចថាជានិស្ស័យក៏ថាបាន! ព្រោះសម្ព័ន្ធភាពយើងដែលមានចំពោះគ្នា គឺដូចមិត្តភក្តិដែលស្គាល់គ្នារាប់រយឆ្នាំហើយចឹង។ ថ្ងៃនោះក៏ជាការចៃដន្យ ព្រោះក្រោយពីសិស្សដទៃចាប់បន្ទប់អស់ហើយ គឺនៅតែយើងពីរនាក់ដែលមិនទាន់បានរើសបន្ទប់ស្នាក់នៅ ដូច្នេះយើងក៏ត្រូវដេកក្នុងបន្ទប់ជាមួយគ្នា ទាំងដែលយើងមិនធ្លាប់ស្គាល់គ្នាសោះពីមុនមក។ ណារ៉ារៀននៅវិទ្យាល័យសម្តេចជួនណាត ឯខ្ញុំរៀននៅវិទ្យាល័យសម្តេចម៉ែ។ គេប្រឡងសិស្សពូកែទូទាំងខេត្តបានលេខ៦ ឯខ្ញុំបានលេខ២លើមុខវិជ្ជាអក្សរសាស្រ្តខ្មែរដូចគ្នា។ យើងនិយាយឆាប់ត្រូវគ្នាណាស់ ហើយចំណេះវិជ្ជាយើងទាំងពីរត្រដុំត្រសងគ្នា គ្មាននរណាលើសនរណាទេ។ ទីបំផុតខ្ញុំប្រឡងជាប់លេខ២ទូទាំងប្រទេស ហើយណារ៉ាហក់លោតមកយកដល់លេខ១ឯនោះ។ កាលនោះខេត្តកំពង់ចាមល្បីមែនទែន ព្រោះលេខ១,២,៣ខាងអក្សរសាស្រ្តខ្មែរ ត្រូវបានខេត្តកំពង់ចាមវាត់ផ្តាច់ទាំងអស់។ ថ្ងៃសប្បាយកន្លងផុត ថ្ងៃទុក្ខក៏ចូលមកដល់… យើងម្នាក់ៗត្រូវស្រក់ទឹកភ្នែកនៅថ្ងៃដែលយើងបែកគ្នាទៅសាលារៀងៗខ្លួន។ ក្រោយៗមកដោយសារភាពនឹករឭកគ្នា ខ្ញុំក៏ទៅលេងផ្ទះគេ ហើយគេក៏មកលេងផ្ទះខ្ញុំ ទោះបីផ្ទះយើងទាំងពីរនៅឆ្ងាយៗពីគ្នាក៏ដោយ។ ថ្ងៃដែលខ្ញុំអាណិតគេមែនទែនគឺថ្ងៃដែលយើងប្រឡងសិស្សពូកែថ្នាក់ទី១២ គឺពេលនោះខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ ហើយគេបែរជាគ្មានចំណាត់ថ្នាក់ទៅវិញ។ នេះមកពីគេសម្រេចចិត្តខុស! ខ្ញុំស្រក់ទឹកភ្នែក នៅពេលទទួលមេដាយពីគណៈអធិបតី… ព្រោះខ្ញុំនឹកឃើញថ្ងៃដែលយើងទទួលមេដាយជាមួយគ្នា កាលពីបីឆ្នាំមុន។បន្ទាប់ពីនោះមកយើងក៏មិនបានជួបគ្នារហូត ព្រោះខ្ញុំត្រូវឡើងមករៀននៅភ្នំពេញ ហើយឮដំណឹងថា គេទៅរៀននៅសាកលវិទ្យាល័យខេត្តស្វាយរៀងឯនោះ។
ឃិន ពិសី! ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ ដូច្នេះខ្ញុំមិនដែលបានទទួលការថ្នាក់ថ្នម ឬភាពកក់ក្តៅពីបងម្តងណាឡើយ។ នៅថ្ងៃដែលខ្ញុំមកប្រឡងសិស្សពូកែនៅថ្នាក់ទី៩ បងពិសីដែលជាសិស្សពូកែថ្នាក់ទី១២ តែងយកចិត្តទុកដាក់មើលការខុសត្រូវចំពោះខ្ញុំជានិច្ច ព្រោះមានតែយើងពីរនាក់តែប៉ុណ្ណោះ ដែលចាកចេញពីវិទ្យាល័យតែមួយជាមួយគ្នា។ នៅពេលជិះឡានក្រុងធ្វើដំណើរទៅខេត្តសៀមរាបជាមួយសិស្សៗដទៃទៀត គាត់បានដូរកៅអីមុខឲ្យខ្ញុំអង្គុយ ហើយគាត់ខ្លួនឯងទៅអង្គុយនៅខាងក្រោយ ព្រោះខ្ញុំធ្លាប់ប្រាប់គាត់ថា ខ្ញុំជាមនុស្សពុលឡានណាស់! ពេលនោះខ្ញុំស្ទើរតែស្រក់ទឹកភ្នែក ព្រោះស្ញប់ស្ញែងនឹងអំពើល្អនេះពេក។ បន្តិចមក គាត់ក៏យកស្ករកៅស៊ូមកឲ្យខ្ញុំទំពារ ដើម្បីកាត់បន្ថយអាការពុលឡាន តែទោះយ៉ាងណាខ្ញុំនៅតែគេចពីការពុលមិនបាន។ ខ្ញុំចាប់ផ្តើមក្អួតវ៉កៗដាក់ថង់! គាត់រត់មកគក់ខ្នងឲ្យខ្ញុំ ហើយយកប្រេងកូឡាលាបតាមថ្ងាសនិងចិញ្ចើមរបស់ខ្ញុំ។ ហេតុអីក៏គាត់ល្អជាមួយខ្ញុំយ៉ាងនេះ? ខ្ញុំនិងគាត់មិនដែលស្គាល់គ្នាសោះ គឺទើបតែមកស្គាល់នៅពេលត្រៀមប្រឡងសិស្សពូកែជាមួយគ្នានេះឯង។ ពេលមកដល់សៀមរាប ខ្ញុំ គាត់ ណារ៉ា រួមនឹងបងម្នាក់ទៀត ក៏ដេកនៅក្នុងបន្ទប់ជាមួយគ្នា តែមានតែយើងបីនាក់ប៉ុណ្ណោះ ដែលត្រូវរ៉ូវគ្នាហើយចូលចិត្តទៅណាមកណាជាមួយគ្នា។ ខ្ញុំតែងចាត់ទុកគាត់ជាបងប្រុសដ៏ល្អម្នាក់របស់ខ្ញុំ … តែយើងក៏លែងបានជួបគ្នារហូត តាំងពីថ្ងៃដែលគាត់ប្រឡងជាប់បាក់ឌុបរួចមក។ មកដល់ថ្ងៃនេះ ខ្ញុំនៅតែមិនបានទទួលដំណឹងពីគាត់ដដែល…
មកដល់ថ្ងៃនេះ! ថ្ងៃ១០កក្កដា២០០៩ ខ្ញុំនៅតែគេចមិនផុតពីការបែកគ្នាដដែល… ព្រោះនេះជាក្រឹត្យក្រមរបស់ធម្មជាតិ មានជួបត្រូវតែមានបែក! ខ្ញុំនិងផនសាវ៉ាន់(ឈ្មោះចិនCui Zhi Hu) ស្គាល់គ្នាមួយឆ្នាំហើយ នាងជានិស្សិតចិនមកពីខេត្តគាន់មីង ហើយមករៀននៅលាវនេះតែមួយឆ្នាំប៉ុណ្ណោះ ព្រោះនាងរៀនភាសាលាវនៅប្រទេសចិន៣ឆ្នាំហើយ និងមកបន្តនៅទីនេះថែមមួយឆ្នាំទៀត។ ខ្ញុំស្គាល់នាងដំបូង គឺនៅពេលដែលខ្ញុំទ្រាំនឹងចម្ងល់ស្រួលៗរបស់នាងមិនបាន ហើយគ្រូលាវទៀតសោត គ្មានបច្ចេកទេសអីក្នុងការពន្យល់សោះ ខ្ញុំក៏ងើបឡើងជួយអធិប្បាយពន្យល់នាង ហើយនាងក៏យល់ យើងទាំងពីរក៏ស្គាល់គ្នាតាំងពីពេលនោះមក។ ជារឿងធម្មតាសម្រាប់ខ្ញុំ ដែលតែងទទួលការចាប់អារម្មណ៍ ពីនិស្សិតបរទេសដទៃៗទៀត មិនថាចិន ជប៉ុន កូរ៉េ ឬយួនលាវនោះទេ ព្រោះនរណាៗមើលមកខ្ញុំក៏ឃើញថា ជាសិស្សបរទេសម្នាក់ដែលឆ្នើមជាងគេក្នុងចំនោមនិស្សិតទាំងអស់។ ម្យ៉ាងខ្ញុំជានិស្សិតម្នាក់ដែលចូលចិត្តជួយយកអាសារអ្នកដទៃ ពិសេសអ្នកដែលមកដល់ប្រទេសលាវដំបូង ព្រោះខ្ញុំយល់ពីអារម្មណ៍របស់អ្នកទាំងនោះច្បាស់ណាស់ គឹពួកគេត្រូវការជំនួយនិងភាពកក់ក្តៅ។ មួយថ្ងៃទៅមួយថ្ងៃ ផនសាវ៉ាន់ចូលចិត្តធ្វើអំពើល្អផ្សេងៗតបមកខ្ញុំវិញ នាងចូលចិត្តទិញសៀវភៅ នំចំណី និងម្ហូបអាហារយកមកផ្ញើខ្ញុំជានិច្ច។ នាងជាមនុស្សមានចិត្តទូលំទូលាយណាស់ នរណាៗក៏ចូលចិត្តនាងដែរ(Friendly) គ្រប់ពេលដែលខ្ញុំមានបញ្ហា នាងគឺជាទីប្រឹក្សាដ៏ល្អ! មិនថាបញ្ហាមិត្តភក្តិ ឬបញ្ហាបេះដូងនោះទេ នាងមានគំនិតនិងយោបល់ល្អៗសម្រាប់ខ្ញុំជានិច្ច។ ថ្ងៃមួយដែលខ្ញុំមានបញ្ហាទាស់សម្តីគ្នាជាមួយសង្សារបណ្តូលចិត្ត
ខ្ញុំមិនបានទៅរៀនទេ ហើយខ្ញុំនៅសម្ងំតែក្នុងបន្ទប់ ថ្ងៃនោះខំអីផឹកស្រាឲ្យងាប់ខ្លួនហើយ ខំតែមានមេសេចគម្រាមមកពីស្រុកខ្មែរទេ
ហើយបានផនសាវ៉ាន់នេះហើយ មកនិយាយលួងលោមខ្ញុំ និងទិញបាយមកឲ្យខ្ញុំញ៉ាំ។ និយាយតាមត្រង់ គេជាមនុស្សតក្កនិយម ឯខ្ញុំជាមនុស្សមនោនិយម ចូលចិត្តប្រើមនោសញ្ចេតនានិងបញ្ហាផ្លូវចិត្តជាងអ្វីៗទាំងអស់។ គេពន្យល់ខ្ញុំច្រើនណាស់ ទើបខ្ញុំសម្រេចចិត្តដើរតាមផ្លូវរបស់គេ ហើយត្រឡប់មកសុំទោសម្ចាស់ជីវិត ដែលប៉ិនង៉ក់ងបំផុតនោះ។ ផនសាវ៉ាន់ជាមនុស្សស្រីដែលក្លាហាន គេហ៊ាននិយាយបញ្ហានៅក្នុងចិត្តប្រាប់ខ្ញុំ… នៅពេលគេប្រាប់ទើបខ្ញុំដឹងថា គេស្រឡាញ់ខ្ញុំ តែក៏ពេញចិត្តនៅពេលឃើញខ្ញុំមានសេចក្តីសុខជាមួយមនុស្សដែលខ្ញុំស្រឡាញ់។ គេមិនតូចចិត្តទេ តែគេស្តាយក្រោយ ដែលព្រហ្មលិខិតមិនបណ្តាលឲ្យគេមកជួបខ្ញុំ បានលឿនជាងនេះ។ ខ្ញុំពិតជាស្ញប់ស្ញែងនឹងទឹកចិត្តរបស់គេមែន… ហើយខ្ញុំនឹងមិនភ្លេចមិត្តល្អ ចិត្តទូលាយម្នាក់នេះទេ។
ខ្ញុំនៅមានមិត្តល្អៗជាច្រើននាក់ទៀត ដែលនៅមិនទាន់រៀបរាប់អស់… ឱកាសក្រោយខ្ញុំនឹងនិយាយពីពួកគេប្រាប់បន្តទៀត។ ធ្វើល្អចំពោះអ្នកដទៃ គឺគ្មានថ្ងៃនឹងទទួលអំពើអាក្រក់ ពីគេមកវិញនោះទេ… តែបើអំពើល្អរបស់យើង ធ្វើឲ្យគេមិនសប្បាយចិត្ត គ្រាន់តែញញឹមទទួល ហើយដើរចេញទៅ អ្វីៗនឹងចប់ដោយងាយ។
នឹកមនុស្សម្នាក់ខុសដែរហ៎? ខែ មិថុនា 5, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទស្សនៈសង្គម, រយពាន់យោបល់.14 comments
ប្រាប់ខ្ញុំបានទេ… នរណាអាចហាមឃាត់ចិត្តដែលនឹកបាន? ការនឹករឮកពិតជាពិបាកធ្វើចិត្តណាស់ តើមែនទេ? ហាមឃាត់ចិត្តដែលកំពុងនឹកនរណាម្នាក់ គឺដូចជាធ្វើទារុណកម្មលើខ្លួនឯងអ៊ីចឹង! គឺវាចុកចាប់ណាស់ ហើយពិបាកទ្រាំបំផុត! ហាមចិត្តដែលនឹកគឺមិនខុសពីយកកាំបិតមកចាក់បេះដូងខ្លួនឯងទេ! នរណាមិនឈឺផ្សា??? នរណាមិនចុកចាប់!!!??? ហើយនរណាដែលមានបេះដូងដែក??? រូបអូនមែនទេ???
«នឹក!» ត្រឹមជាពាក្យខ្លីមួយម៉ាត់ពិតមែន តែធ្លាប់មាននរណាយកអ្វីមកវាស់វែងទំហំចិត្ត ដែលកំពុងនឹកនេះបានទេ? នឹកមានវិសាលភាពធំធេងណាស់! នឹកគ្មានទេព្រំដែនកំណត់!
កុំមកហាមចិត្តបងមិនឲ្យនឹក! កុំបង្ខំបេះដូងបងឲ្យឈប់ដើរ! បើអូនចង់ឃាត់បង អូនយកកាំបិតមកពុះទ្រូង ហើយកាត់ទងបេះដូងបងចេញទៅ នោះបងអាចនឹងឈប់នឹកបាន។ …តែថា រូបអូនផ្ទាល់ក៏នឹងត្រូវឈឺចុកចាប់ដែរ ព្រោះអ្វីដឹងទេ? ព្រោះនៅក្នុងបេះដូងបងមានរូបអូននៅក្នុងនោះ!
អូនមិនធ្លាប់នឹក អូនធ្វើម៉េចនឹងយល់? អូនធ្លាប់តែធ្វើឲ្យបងនឹកអូន តែអូនមិនធ្លាប់នឹកបងផង តើធ្វើម្តេចអូននឹងដឹងពីការឈឺចុកចាប់របស់បងបាន? អូនគិតថាងាយណាស់ហ៎ ក្នុងការបញ្ឈប់ចិត្តកុំឲ្យនឹកនរណាម្នាក់? …មិនងាយដូចអូនថានោះទេ ហើយក៏មិនស្រួលដូចអូនគិតនោះដែរ។ រឿងមនោសញ្ចេតនាមួយ នរណាអាចយកឈ្នះបាន? ចំពោះបង បងសុំដាក់ពាក្យចុះចាញ់ហើយ ព្រោះបើបងកាន់តែប្រយុទ្ធ ស្នាមរបួសរបស់បងនឹងកាន់តែរីកធំ!
នឹក ខុសដែរហ៎? បើគ្រាន់តែនឹកក៏ខុស ចុះអូនដែលធ្វើឲ្យបងនឹក មិនខុសទេអី?
នៅពេលអូនស្តាប់ចម្រៀងមួយបទនេះ អូននឹងយល់ ថាភាពឯកាដែលគ្មានអូននៅក្បែរ វាវេទនាប៉ុណ្ណា! អូននឹងបានឃើញរូបបងដើរកាត់ក្រោមតំណក់ទឹកភ្លៀងរបស់អូន …ព្រោះបងយល់ថាតំណក់ភ្លៀងជារូបអូនទើបបងមិនរកទីជ្រក។ អូននឹងឃើញបងនៅជាមួយ«ណាលី» ម៉ង់ៗតែពីរនាក់ ព្រោះមាន«ណាលី»នៅក្បែរទើបបងអាចរង់ចាំអូន ដល់ថ្ងៃមួយដែលយើងនឹងជួបគ្នា…
- ប្រាំពីរថ្ងៃដែលបងឯកា









