ថិរវេលា(២ចប់) ខែ វិច្ឆិកា 4, 2009
Posted by ផ្កាយNovels in រឿងខ្លី, រឿងហ្គេហ៍.7 comments
យូរណាស់ហើយ… ពេលវេលាកន្លងទៅដូចទឹកហូរមិនត្រឡប់។ នៅពេលមកដល់វេលាដែលសមប្រកប បំណងប្រាថ្នាដែលនឹកប៉ងយូរមកហើយក៏ប្រាកដខ្លួនឡើង តែបែរជាមានសរសៃឆ្មារៗមកខណ្ឌជាឧបសគ្គរវាងគេនិងអ្នកដែលគេស្រឡាញ់។
[...]
ថ្ងៃនេះថិរាយុបានសុំច្បាប់ឈប់ វិស្សមកាលរដូវក្តៅប្រចាំឆ្នាំ ពីក្រុមហ៊ុនរបស់ខ្លួន។ កំលោះត្រៀមខ្លួនជាស្រេចថានឹងបើករថយន្ត ទៅជួបសុរាសីនៅឯខេត្តកោះកុង។ គេបានទូរស័ព្ទណាត់សុរាសីរួចរាល់ហើយ តែក៏មិនភ្លេចធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់ភ្ញាក់ផ្អើលដែរ គឺអ្វីដែលកំលោះបានរក្សាទុកក្រោយពេលជួបគ្នាក្នុងថ្ងៃដែលណាត់ជួបគ្រាដំបូង, ចិញ្ចៀនប្រាក់ដែលគេតាំងចិត្តនឹងប្រគល់ឲ្យអ្នកដែលខ្លួនស្រឡាញ់ និងមានមនោសញ្ចេតនាល្អៗជាមួយគ្នា។ ថិរាយុរៀបចំត្រៀមវ៉ាលីរួចរាល់ហើយ ក៏យកទៅដាក់នៅខាងក្រោយរថយន្ត ហើយកង់រថយន្តក៏ចាប់ផ្តើមវិល សំដៅទៅរកគោលដៅ។
សុរាសីក៏កំពុងភ្លេចខ្លួន នឹងការងារដែលគេកំពុងធ្វើដែរ។ ខ្លួនគេផ្ទាល់គ្មានសមាធិនឹងធ្វើអ្វីឡើយ ព្រោះគេសប្បាយចិត្តដែលមនុស្ស ដែលខ្លួនចង់ជួបកំពុងនឹងមករកគេ។ កំលោះក៏កំពុងតែរង់ចាំអ្វីដែលគេបានរង់ចាំយូរមកហើយដូចគ្នា។ នៅពេលរថយន្តរត់មកដល់ ព្រំប្រទល់ខេត្តកោះកុងហើយ ថិរាយុក៏ទូរស័ព្ទទៅសុរាសី ដើម្បីសួរថាពេលនេះនៅទីណា។
«នេះបងយុណ៎ា! មិនដល់២ម៉ោងទៀតទេ បងនឹងទៅដល់ហើយ។»
«បាទបង! ខ្ញុំរង់ចាំបងរហូតនៅលែងស្ងៀមហើយ ជ្រួលច្រាល់ចង់ជួបបងខ្លាំងណាស់។»
«បងយល់ចិត្តសីណ៎ា! បងនឹងទៅឲ្យទាន់ ឬសីទៅចាំបងនៅសណ្ឋាគារតែម្តងទៅ បងបានកក់បន្ទប់ទុករួចរាល់ហើយ នៅរង់ចាំខាងក្រោមសិនក៏បាន!»
នៅពេលសំឡេងសន្ទនាបញ្ចប់ទៅ ថិរាយុក៏ជាន់លេខបន្ថែមល្បឿន ដើម្បីសំដៅឆ្ពោះទៅរកអ្វីដែលគេបានរង់ចាំមកជាយូរហើយ។ ឬមួយនោះគឺជារបស់ចុងក្រោយដែលគេនឹងបានជួប??
ខណៈដែលថិរាយុកំពុងបើករថយន្ត លើដងផ្លូវដែលមានលក្ខណៈកោងចោត បត់បែនតាមជ្រលងភ្នំ កំលោះក៏នឹកទៅដល់រឿងរ៉ាវអតីតកាល ដែលគេបានជួបនឹងសុរាសីគ្រាដំបូងនៅបណ្ណាល័យ ថ្ងៃដែលបានទទួលទូរស័ព្ទពីគេ ថ្ងៃដែលពួកគេទាំងពីរណាត់ជួបគ្នា… នឹកឃើញរឿងនេះ ថិរាយុទទួលអារម្មណ៍ថាមានសេចក្តីសុខយ៉ាងខ្លាំង គេក៏លូកយកចិញ្ចៀនចេញពីហោប៉ៅអាវ ហើយគិតថារបស់នេះហើយ ដែលគេនឹងប្រគល់ជូនមនុស្សដែលខ្លួនស្រឡាញ់។
តែភ្លាមៗនោះឯង ព្រោះកំលោះរវល់តែសម្លឹងមើលចិញ្ចៀន ទើបមិនបានឃើញថានៅខាងមុខមានរថយន្តត្រង់សឺណ័រធំមួយកំពុងបត់ចូលមកតាមផ្លូវកោង… ថិរាយុភ័យស្លន់ស្លោជាន់ហ្វ្រាំងង៉ក់។
ងឺតតតតតតតតតត………… គ្រាំងងងងងងងងងង!!!!!!!!!!
លឿនហួសពីការស្មាន រថយន្តតូចមុជក្បាលមកបុកនឹងត្រង់សឺណឺកង់១០ ដែលកំពុងបើកក្នុងល្បឿនលឿនស្លេវ មុននឹងខ្ទាតទៅបុកបង្កាន់ដៃដែក ដែលដាក់សម្រាប់ការពារផ្លូវកោងម្តងទៀត រហូតធ្វើឲ្យរថយន្តតូចក្រឡាប់ពីរបីត្រឡប់ ហើយក៏រមៀលធ្លាក់ចេញពីលើទ្រូងថ្នល់។
ថិរាយុប្រញាប់ក្តោបចិញ្ចៀន ដែលគេទុកសម្រាប់ជូនមនុស្ស ដែលខ្លួនស្រឡាញ់យ៉ាងជាប់ ក្នុងខណៈដែលរថយន្តកំពុងក្រឡាប់ចុះឡើង។ ចុងក្រោយ រថយន្តក៏មកជាប់គាំងស្ងៀមនៅក្រៅថ្នល់ ហើយដៃរបស់គេក៏ស្រវាចេញមកខាងក្រៅរថយន្ត។ កំលោះគិតថាខ្លួនឯងនៅមានជីវិតរស់…
«សន្យាណា បងយុ… បងកុំបោះបង់ខ្ញុំចោលណ៎ា!» សំឡេងរបស់សុរាសី នៅលាន់រំពងក្នុងត្រចៀករបស់ថិរាយុ។
គេប្រឹងសង្កត់ចិត្តស៊ូទ្រាំនឹងការឈឺចាប់ ដើម្បីរង់ចាំអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនេះ នឹងអាលបានជួយសង្គ្រោះ តែអនិច្ចាកំលោះមិនអាចអត់ធន់នឹងស្នាមមុខរបួស ដែលមានសុះសាច់នោះបានទេ។ ថិរាយុក៏ផុតដង្ហើមទៅ ហើយដៃដែលគេក្តោបចិញ្ចៀនទុកក៏សន្សឹមៗរលាចេញ ចិញ្ចៀនក៏ជ្រុះទៅលើដី។
[...]
«ទ្រូតតត!! ទ្រូតតត!!…»
សំឡេងទូរស័ព្ទរង់ចាំការឆ្លើយតបពីថិរាយុ ដែលសុរាសីតេមកជាង១០ដងទៅហើយ តែមិនឃើញមានការឆ្លើយតបសោះ។ សុរាសីចាប់ផ្តើមទទួលអារម្មណ៍មិនសូវល្អ ហើយនៅពេលដែលគេកំពុងរង់ចាំនោះ ដៃរបស់គេក៏វាសមកត្រូវកែវទឹកធ្លាក់បែកខ្ចាយ។ ដោយសេចក្តីភិតភ័យគេក៏ប្រញាប់រើសកំទេចកែវ ហើយកំទេចកែវនោះក៏មុតម្រាមដៃគេរហូតចេញឈាម។ ពេលនេះកំលោះមានប្រផ្នូលមិនសូវល្អហើយ តើមានរឿងអ្វីកើតឡើង…???
ធម្មជាតិបានផ្តល់ពេលវេលា សម្រាប់មនុស្សម្នាក់ៗដូចៗគ្នា តែសួរថាមាននរណាខ្លះដែលប្រើពេលវេលានោះ ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ខ្លះទៅ? អ្នកខ្លះអាចនឹងត្រូវមករងទុក្ខវេទនាដូចសុរាសីដែលត្រូវមករង់ចាំមនុស្សដែលខ្លួនស្រឡាញ់ ដោយមិនដឹងថាមានរឿងអ្វីកើតឡើង។ តែអ្នកខ្លះអាចនឹងបណ្តោយពេលវេលា ឲ្យមានសេចក្តីសុខតែជាមួយនឹងរឿងស៊ិច។ ជួនកាលធ្វើជីវិតបែបលេងសើច ឡេះឡោះ រហូតមិនដឹងថាជីវិតគ្មានអ្វីជាលំនឹង ជាទីពំនាក់។
ស្នេហារបស់ថិរាយុនិងសុរាសីគឺជាស្នេហាដែលបរិសុទ្ធ ជាស្នេហាដែលមិនយករឿងស៊ិចមកពាក់ព័ន្ធ។ គេក៏ចង់បានជីវិតដែលស្រស់ថ្លា ដូចក្នុងប្រលោមលោកដែរ។ បើអាចទាញពេលវេលាឲ្យ ត្រឡប់ក្រោយបាន គេក៏មិនចង់ឲ្យសេចក្តីស្លាប់មកបំបែកសេចក្តីស្នេហារបស់ពួកគេទាំងពីរដែរ ហើយសុរាសីក៏មិនចាំបាច់មកលំបាកវេទនារង់ចាំដោយមិនដឹងខ្លួនថា គេបានបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ទៅហើយ។
ចុះអ្នកវិញ បានធ្វើអ្វីជាមួយមនុស្ស ដែលអ្នកស្រឡាញ់ហើយឬនៅ?
សេចក្តីស្នេហាក៏ប្រៀបបាននឹងដើមឈើមួយដើមអ៊ីចឹង បើថែរក្សាបានល្អក៏នឹងរីកស្រស់បំព្រង តែវានឹងនៅស្ថិតស្ថេរបានយូរប៉ុណ្ណា??
សូមឲ្យដើមឈើរបស់អ្នកកុំដូចនឹងដើមឈើរបស់ថិរាយុនិងសុរាសី!!
បែកផ្លូវ ខែ តុលា 30, 2009
Posted by ផ្កាយNovels in មនោសញ្ចេតនា, រឿងខ្លី.1 comment so far
មានចាំទេ បងធ្លាប់និយាយប្រាប់អូនថាម៉េចខ្លះ? គ្មានថ្ងៃដែលបងឈប់ស្រឡាញ់អូនទេ ហើយក៏គ្មានវិនាទីណា ដែលបងមិននឹកដល់អូនដែរ… តែមានហេតុផលមួយដែលបងមិនអាចស្រឡាញ់អូនបាន។ កុំបាច់សួរថាហេតុផលនោះគឺជាអ្វី? គ្រាន់តែដឹងទៅថា យើងទាំងពីរមិនអាចស្រឡាញ់គ្នាបានទេ…
ខ្ញុំអង្គុយឱបក្បាលជង្គង់ម្នាក់ឯង។ អារម្មណ៍របស់ខ្ញុំពេលនោះហាក់ដូចជា លោកទាំងមូលគ្មាននរណាឡើយក្រៅពីរូបខ្ញុំ។ ពេលវេលារបស់ខ្ញុំហាក់ដូចជា រង់ចាំនរណាម្នាក់ដែលនឹងមករក… មិនមែនគេមកដើម្បីនឹងប្រាប់អ្វីម្យ៉ាងដល់ខ្ញុំនោះទេ តែគេគ្រាន់តែមកដើម្បីនឹងដើរចេញពីជីវិតខ្ញុំទៅ។
ទ្រីននននន…
សំឡេងរថយន្តរបស់គេមកដល់ហើយ ប្រហែលជាដល់ពេលហើយណា ដែលគេនឹងធ្វើអ្វីមួយ ដើម្បីយកជីវិតចេញពីខ្ញុំទៅ។ ល្មមចប់ហើយជីវិតរបស់យើង!! គេចូលមកមើលខ្ញុំហើយក៏ស្ងៀមទៅ។ ខ្ញុំទទួលអារម្មណ៍ថា គេក៏មិនចង់គិតដែរ ថាមនុស្សដូចខ្ញុំនឹងមានជីវិតនៅបែបនេះ។
[...]
ទ្រីននននន…
ខ្ញុំបញ្ឈប់រថយន្ត សម្លឹងមើលរូបភាពដែលនៅខាងមុខ នោះគឺជាកន្លែងដែលខ្ញុំធ្លាប់ប្រើជីវិតនៅជាមួយនារីម្នាក់។ ខ្ញុំធ្លាប់មានសេចក្តីសុខនៅពេលនៅជាមួយនាង តែពេលនេះខ្ញុំបែរជាអស់អារម្មណ៍ល្អៗជាមួយនាង។ ខ្ញុំឈានជើងឡើងលើជណ្តើរអគារ ដោយអារម្មណ៍ល្វើយ។ ខ្ញុំសួរខ្លួនឯងថា ជីវិតស្នេហារបស់មនុស្សយើងខោចខ្លីយ៉ាងនេះឬ?
ខ្ញុំបើកទ្វារដើរចូលទៅក្នុងបន្ទប់។ រូបភាពដំបូងដែលខ្ញុំឃើញ គឺនារីដែលខ្ញុំស្រឡាញ់កំពុងអង្គុយឱបក្បាលជង្គង់។ ទឹកមុខនាងហាក់ដូចជានាង កំពុងមានអារម្មណ៍មួយ ដែលមិនខុសប្លែកពីខ្ញុំនៅពេលនេះប៉ុន្មានទេ។ នាងសម្លឹងមកខ្ញុំតែមិននិយាយអ្វី ចំណែកខ្ញុំក៏មិនដឹងថាត្រូវប្រាប់អ្វីទៅនាង។ ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ ខ្ញុំក៏មិនចាំបាច់មកពន្យល់អ្វីដល់នាងទៀតដែរ។ យ៉ាងហោចណាស់ខ្ញុំក៏គិតរួចទៅហើយថា នាងប្រហែលជាបានសប្បាយចិត្ត នៅពេលដែលខ្ញុំចាកចេញពីជីវិតនាង។
[...]
ខ្ញុំក្រោកទៅតាមមើលគេនៅក្នុងបន្ទប់ ឃើញគេកំពុងរើសយកបន្ទះស៊ីឌីចម្រៀង ដែលគេចូល ចិត្តស្តាប់ដាក់ទៅក្នុងកេះ ជាចម្រៀងដែលគេចូលចិត្តស្តាប់ខ្លាំងណាស់ ខ្ញុំផ្ទាល់ក៏ធ្លាប់បានស្តាប់រឿយៗដែរ តែពេលនេះចម្រៀងទាំងនោះប្រហែលជាលែងពិរោះទៀតហើយ ព្រោះបើខ្ញុំបានស្តាប់ទៀត ទឹកភ្នែកខ្ញុំពិតជាហូរចេញមកមិនខាន… អតីតកាលរវាងខ្ញុំនិងគេ នឹងចូលមករុកទន្ទ្រានមនោសញ្ចេតនាខ្ញុំជាថ្មី។
សៀវភៅនៅតាមថ្នាក់នីមួយៗរបស់ទូ ត្រូវបានយកចេញម្តងមួយក្បាលៗ។ ខ្ញុំឈរសម្លឹងមើលទាំងបេះដូងកំពុងខ្ទេចខ្ទាំជាចម្រៀកៗ ទៅតាមចំនួនសៀវភៅដែលគេដកចេញមក។ បន្ទាប់ពីនោះគេក៏ចូលទៅយកសំលៀកបំពាក់ក្នុងទូខោអាវ ហើយក៏ដើរចេញមកកាត់មុខខ្ញុំ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
[...]
ខ្ញុំដើរទៅយកស៊ីឌី សៀវភៅ សំលៀកបំពាក់ ដាក់ក្នុងកេះ។ ខ្ញុំឃើញនាងកំពុងតាមសម្លឹងខ្ញុំ… ការពិតខ្ញុំក៏ចង់និយាយអ្វីជាមួយនាងដែរ តែខ្ញុំមិនហ៊ាននិយាយពាក្យនោះចេញមកទៀតទេ ខ្ញុំត្រូវតែអត់ធ្មត់ព្រោះមិនយូរទៀតខ្ញុំនឹងចាកចេញពីជីវិតនាងទៅ។
ខ្ញុំសម្លឹងមើលជុំវិញបន្ទប់គេង ដៃខ្ញុំស្ទាបអង្អែលពូកយ៉ាងថ្នមៗនិងស្រាលដៃបំផុត តែវាក៏ធ្វើឲ្យបេះដូងខ្ញុំរំជួលញ័រពេញដើមទ្រូង។ ភ្នែកខ្ញុំប្រទាក់នឹងស៊ុមរូបថត ដែលខ្ញុំនិងនាងធ្លាប់ថតជាមួយគ្នា។ ខ្ញុំចង់យករូបថតនោះមករក្សាទុកតែក៏មិនហ៊ាន ព្រោះបើខ្ញុំយកទុកខ្ញុំនឹងគិតថាខ្លួនខ្ញុំទៅវិញទេ ដែលមិនព្រមបំភ្លេចនាង។ ខ្ញុំឃើញនាងសម្លឹងមកខ្ញុំទៀត តែខ្ញុំមិនចាប់អារម្មណ៍អ្វីទាំងអស់ ព្រោះខ្ញុំគិតថា ខ្លួនឯងក៏គ្មានតម្លៃគ្រប់គ្រាន់សម្រាប់នាងដែរ។
[...]
ខ្ញុំឈរសម្លឹងគេនៅមុខបន្ទប់ទឹក គេលូកយកច្រាសដុសធ្មេញពណ៌លឿង ដែលជាពណ៌ដែលគេចូលចិត្តបំផុត។ ប្រដាប់កោរពុកមាត់ក៏ត្រូវគេយកចេញ តែមើលទៅគេហាក់ដូចជាធ្មឹងៗដូចគ្មានវិញ្ញាណ គេប្រហែលជាមិនដឹងថាមានភ្នែកមួយគូ កំពុងតាមសម្លឹងមើលសកម្មភាពរបស់គេនោះទេ។ នៅពេលគេដើរកាត់មុខខ្ញុំ ភាពព្រងើយកន្តើយរបស់គេកាន់តែ ធ្វើឲ្យខ្ញុំស្ទើរតែក្អួតឈាមនៅនឹងកន្លែង ខ្ញុំចង់តែស្រែកយំចេញមកឲ្យខ្លាំងៗ តែអាទឹកភ្នែកចង្រៃហេតុអ្វីមិនព្រមហូរចេញមកសោះ??
[...]
ខ្ញុំដើរទៅផ្ទះបាយមើលក្រដាសNote ដែលបិទជាប់នឹងទូទឹកកក ខ្ញុំមើលម្តងទៀតហើយក៏បកយកចេញពីទូ។ ខ្ញុំចាប់យកកែវទឹកមួយក្នុងចំណោមកែវទឹកពីរ ដែលមានរូបបេះដូងជាគូគ្នាមកទុក។ កែវទឹកមួយគូនេះយើងទិញរួមគ្នាក្នុងខួបលើកទី២នៃការជួបគ្នារបស់យើង តែពេលនេះវាគង់នឹងគ្មានន័យអ្វីទៀតទេ។ ខ្ញុំប្រមូលរបស់អស់ទាំងនោះ មកដាក់ក្នុងកេះទាំងអស់។ ឯនាងនៅតាមសម្លឹងមើលខ្ញុំដដែល តែខ្ញុំក៏មិនចង់និយាយអ្វី ព្រោះគិតថាពេលវេលាកាន់តែខើចខ្លីទៅហើយ។
[...]
ខ្ញុំអង្គុយឱបក្បាលជង្គង់នៅលើសាឡុង ត្រីក្រឹមឈ្មោលមួយក្បាល ត្រូវបានគេយកចេញពីកែវចិញ្ចឹម ខ្ញុំរំជួលចិត្តនឹកអាណិតខ្លួនឯង ដែលមានជីវិតដូចគ្នានឹងត្រីក្រឹមញីក្នុងកែវ ដែលត្រូវឃ្លាតពីអ្នកដែលវាស្រឡាញ់ទៅ។ កូនឈើក្នុងថូត្រូវគេលើកយកទៅដាក់ក្នុងកេះទៀត ខ្ញុំទទួលអារម្មណ៍ដឹង ភ្លាមៗថា អ្វីៗគ្រប់យ៉ាងត្រូវបញ្ចប់ហើយ តែមើលទៅគេធ្វើដូចជាគ្មានអ្វីកើតឡើងសោះ។ ទីបំផុតគេក៏លើកកេះរបស់អស់ទាំងនោះចាកចេញពីបន្ទប់ទៅ។ ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរស្រក់មកយឺតៗ ខ្ញុំមិនខ្មាសអៀនអ្វីទាំងអស់បើគ្រាន់តែយំបែបនេះ… ជីវិតស្នេហារបស់យើងប្រហែលជាត្រូវចប់ហើយណា…
[...]
ខ្ញុំឈានជើងចុះជណ្តើរ សំដៅទៅកាន់រថយន្ត រួចរៀបចំយកកេះសម្ភារៈ ទៅដាក់នៅខាង ក្រោយ។ នៅពេលខ្ញុំសម្លឹងឃើញចង្កូតរថយន្ត ទឹកភ្នែកខ្ញុំក៏ចាប់ផ្តើមហូរស្រក់ចុះមក។ ការពិតខ្ញុំចង់យំតាំងពីពេលដំបូងម្ល៉េះ តែមនុស្សប្រុសដូចខ្ញុំនឹងមិនសម្តែងភាពទន់ជ្រាយ ឲ្យនាងឃើញជាដាច់ខាត។ ខ្ញុំដឹងច្បាស់ណាស់ ថានាងទទួលអារម្មណ៍យ៉ាងណា តែខ្ញុំផ្ទាល់ក៏ដឹងថាខ្លួនឯងក៏«ឈឺ»មិនខុសពីនាងដែរ។
«អរគុណពេលវេលា អរគុណចម្ងាយផ្លូវ អរគុណមនោសញ្ចេតនាល្អៗ ទោះបីជាចុងក្រោយត្រូវប្តូរដោយទឹកភ្នែកក៏ដោយ ខ្ញុំផ្ទាល់ក៏សុំទោសដែរ… លាហើយ៕»
Memory isn’t come back…
ថិរវេលា(១) ខែ តុលា 29, 2009
Posted by ផ្កាយNovels in រឿងខ្លី, រឿងហ្គេហ៍.2 comments
ងឺតតតតតតតតតត………… គ្រាំងងងងងងងងងង!!!!!!!!!!
លឿនហួសពីការស្មាន រថយន្តតូចមួយមុជក្បាលមកបុកនឹងកុងទឺនឺកង់១០ ដែលកំពុងបើកក្នុងល្បឿនលឿនស្លេវមុននឹងខ្ទាតទៅបុកបង្កាន់ដៃដែកដែលដាក់សម្រាប់ការពារផ្លូវកោងម្តងទៀត រហូតធ្វើឲ្យរថយន្តតូចនោះក្រឡាប់ពីរបីត្រឡប់ហើយរមៀលធ្លាក់ចេញពីលើទ្រូងថ្នល់។
គ្រូកកកកកកកកកក…………… ភ្លុងងងងងងងងងង!!!!!!!!!!
សំឡេងរថវិទ្យាសាស្ត្របានបញ្ចប់ទៅ។ រូបភាពនៅខាងមុខ គឺជាអ្វីដែលយើងធ្លាប់ហៅថាយានជំនិះ តែពេលនេះត្រឡប់ក្លាយជាសំណល់ដែកអស់ឫទ្ធិទៅហើយ។ កញ្ចក់បែកខ្ទេចខ្ទីរាយពាសពេញថ្នល់ ដៃរបស់បុរសម្នាក់ស្រវាបោះចេញមកក្រៅ ហាក់ដូចជាមានកាន់របស់អ្វីម្យ៉ាងនៅក្នុងដៃ តែដោយមិនអាចស៊ូទ្រាំនឹងស្នាមរបួសដ៏ធ្ងន់ធ្ងរនោះបាន គេក៏ផុតដង្ហើមនៅលើរថយន្តគូជីវិត… ដៃដែលក្តោបអ្វីម្យ៉ាងនោះក៏រលាចេញសន្សឹមៗ ទីបំផុតរបស់នោះក៏រមៀលធ្លាក់ចេញពីដៃ។
គេមិនមានឱកាសនឹងប្រគល់របស់សំខាន់នោះ ដល់មនុស្សដែលខ្លួនស្រឡាញ់ទៀតឡើយ…
[...]
បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ
ថិរាយុ បុរសធម្មតាម្នាក់ ដែលមានដំណើរជីវិតគោចរតាមទ្រនិចនាឡិកា កំពុងស្វែងរកសៀវភៅមួយក្បាល ដើម្បីជាឯកសារពិគ្រោះសម្រាប់ការងាររបស់ខ្លួន។ ការពិតថិរាយុជាមនុស្សដែលមានការងារបែបសប្បាយៗ គ្រាន់តែទៅការិយាល័យត្រួតពិនិត្យការងារក៏អស់អ្វីធ្វើ។ តែដោយជីវិតចាត់ចែងពេលវេលាសម្រាប់គេបែបនេះ ថិរាយុក៏ទទួលអារម្មណ៍មួយធុញទ្រាន់ ហើយក៏សុំច្បាប់ឈប់ដើម្បីសម្រាកខួរក្បាល។ ថ្ងៃនេះគេមិនដឹងថាត្រូវធ្វើអ្វី ក៏មករកសៀវភៅអាន។ ខណៈដែលថិរាយុកំពុងរកមើលសៀវភៅ…
«អុ៎ះ!… សុំទោសបាទ!»
សំឡេងបុរសម្នាក់ ពោលនិយាយសុំទោសថិរាយុ ហើយក៏ឱនមុខរើសសៀវភៅដែលជ្រុះ។ មើលទៅ ដូចជាកេកកាកសម្បើមណាស់។ ភ្លាមៗនោះដែរ ថិរាយុក៏យកអាសាជួយរើសសៀវភៅឲ្យគេ។
«មិនអីទេ ខ្ញុំរើសខ្លួនឯងក៏បានដែរ។ សុំទោស! ដែលខ្ញុំដើរមិនមើលមុខមិនមើលក្រោយ។»
«មិនអីទេ! កុំយកទៅគិតច្រើនអី។» ថិរាយុតបទៅបុរសម្នាក់នោះ យ៉ាងទន់ភ្លន់បង្កប់ដោយមេត្រីភាព។
ក្រោយពីជួយរើសសៀវភៅរួចរាល់ហើយ ថិរាយុក៏យកសៀវភៅខ្លួនទៅអាននៅនឹងតុ។ ជាមួយគ្នានោះដែរ គេក៏បានចោលភ្នែកទៅមើលបុរសដដែលនោះ ប៉ុន្តែអ្វីដែលកំលោះទទួលបានមកវិញ គឺហាក់ដូចជាបុរសនោះគេចមុខចេញ ហើយនិយាយស្តីឲ្យតិចៗថា៖
«នៅមើលស្អីទៀត!??» ថិរាយុធ្វើជាមិនចាប់អារម្មណ៍ ហើយក៏បន្តអានសៀវភៅរឿយៗទៅ។
[...]
សុរាសី និស្សិតសាកលវិទ្យាល័យឯកជនមួយកន្លែង កំពុងសិក្សាវិជ្ជាគរុកោសល្យដើម្បីបញ្ចប់បរិញ្ញាបត្រនៅឆ្នាំខាងមុខ។ ថ្ងៃនេះគេបានយកក្រដាសឯកសារ និងសៀវភៅមួយចំនួនមកសរសេរ អត្ថបទស្រាវជ្រាវជូនគ្រូ។ សុរាសីជ្រើសរើសយកបណ្ណាល័យមួយនេះ ក្នុងការស្វែងរកទិន្នន័យនិង ព័ត៌មានចាំបាច់សម្រាប់សារណារបស់ខ្លួន។
នៅពេលនិស្សិតរូបនេះ កំពុងយកសៀវភៅដែលមិនត្រូវការ រៀបចំទុកដាក់តាមជាន់ថ្នាក់ដើមវិញ គេក៏ដើរទង្គិចនឹងបុរសម្នាក់ដោយមិនបានប្រយ័ត្នប្រយែង។
«អុ៎ះ!… សុំទោសបាទ!» ភ្លាមៗនោះសៀវភៅដែលគេបម្រុងរៀបដាក់តាមជាន់ថ្នាក់ក៏ជ្រុះរាយ មកក្រោម ហើយសុរាសីក៏ឱនរើសសៀវភៅទាំងនោះដោយអាការស្លន់ស្លោ។
«ឲ្យខ្ញុំជួយទេលោក??» បុរសម្នាក់នោះស្នើខ្លួនសុំជួយយកអាសា តែត្រូវសុរាសីបដិសេធ។
«មិនអីទេ ខ្ញុំរើសខ្លួនឯងក៏បានដែរ។ សុំទោស! ដែលខ្ញុំដើរមិនមើលមុខមិនមើលក្រោយ។»
«មិនអីទេ! កុំយកទៅគិតច្រើនអី។» បុរសនោះញញឹមដាក់សុរាសី ហាក់ដូចជាស្នាមញញឹមនេះ មានន័យថាគេកំពុងគិតអ្វីម្យ៉ាងជាមួយសុរាសី?? តែរាសីក៏មិនចាប់អារម្មណ៍ ហើយប្រញាប់ទៅរកមើលសៀវភៅថ្មីទៀត។ ក្រោយពីរកសៀវភៅបានហើយ សុរាសីក៏ឱបសៀវភៅទៅសរសេរសារណានៅនឹងតុអាន។ ខ្សែភ្នែកគេក្រឡេកទៅឃើញបុរសខាងដើម ដែលជួបគ្នានៅជាន់ដាក់សៀវភៅ ហើយបុរសនោះក៏ញញឹមមក។
«នៅមើលស្អីទៀត!??» ភ្លាមៗនោះ សុរាសីក៏គេចមុខចេញពីបុរសនោះ។
តើបុរសម្នាក់នោះជានរណា?… ហេតុអ្វីមានអារម្មណ៍ប្លែកៗជាមួយគេបែបនេះ?
[...]
កន្លងទៅមួយរយៈ ខណៈដែលសុរាសីកំពុងសរសេរអត្ថបទស្រាវជ្រាវនោះ ស្រាប់តែគេចាប់ ផ្តើមឈឺពោះជាបន្ទាន់ឡើងភ្លាមៗ។ ដោយមិនចាប់អារម្មណ៍អ្វីច្រើន សុរាសីក៏ផ្កាប់ឯកសារនិងសៀវភៅសរសេរចោលនៅលើតុ ហើយរត់ចេញទៅបន្ទប់ទឹក។ នៅពេលដោះទុក្ខធុរៈរួចរាល់ហើយ គេក៏ចេញមកអង្គុយនៅតុដើមវិញ ហើយចាប់បើកសៀវភៅផ្ងារឡើង។ សុរាសីប្លែកចិត្តយ៉ាងខ្លាំងនៅពេលឃើញក្រដាសnoteតូចមួយ បិទភ្ជាប់នឹងសៀវភៅដោយមានសរសេរថា៖
«សួស្តីបាទ! ខ្ញុំឈ្មោះថិរាយុ ជាអ្នកដែលលោកដើរបុក នៅជាន់ដាក់សៀវភៅនោះអី។ ខ្ញុំចង់ស្គាល់លោក មិនដឹងថាលោកមានឈ្មោះអីដែរ? បើមិនរំខានទេសូមទូរស័ព្ទមកលេខ០១២-XXXXXXរីករាយស្វាគមន៍ជានិច្ច!»
លុះសុរាសីអានសេចក្តីនៅក្នុងnoteចប់ គេក៏សម្លឹងរកមើលបុរសម្នាក់នោះ តែបែរជាមិនឃើញ។ កំលោះមិនចាប់អារម្មណ៍ច្រើន ក៏ឈ្ងោកមុខសរសេរកិច្ចការត។
[...]
ថិរាយុអានទៅអានមក ភ្នែកក៏លែងនៅនឹងសៀវភៅ។ គេសម្លឹងមើលទៅបុរសម្នាក់នៅខាងមុខដោយការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ហាក់ដូចជាបុរសនោះមានអ្វីពិសេស ដែលធ្វើឲ្យខ្លួនគេចង់ស្គាល់និងរាប់អាន។ លុះកន្លងទៅបានបន្តិច ថិរាយុគិតថាដល់ពេលល្មមត្រឡប់ទៅកន្លែងវិញហើយ តែភ្លាមៗនោះដែរ បុរសម្នាក់នោះក៏ក្រោកចេញពីកៅអីដើម្បីទៅបន្ទប់ទឹក។
ថិរាយុក៏ឆ្លៀតយកឱកាសនេះដើម្បីធ្វើការរាប់អានគ្នា ដោយចាប់យកក្រដាសnoteពណ៌លឿង មកសរសេរសេចក្តីមួយចំនួនហើយយកទៅបិទនៅក្នុងសៀវភៅ ដែលបុរសនោះផ្កាប់ចោលនៅលើតុ។ រួចរាល់ហើយ កំលោះក៏ចាកចេញពីបណ្ណាល័យ មុននឹងបុរសម្នាក់នោះមកប្រទះឃើញសេចក្តីនៅក្នុងក្រដាសnote។
[...]
មួយអាទិត្យកន្លងផុតទៅ…
ការងាររបស់ថិរាយុគរដូចភ្នំ ធ្វើឲ្យគេទទួលអារម្មណ៍ហត់នឿយយ៉ាងខ្លាំង នៅពេលមកដល់កន្លែងធ្វើការម្តងៗ។ កំលោះមិនដែលមានឱកាសបានទៅបណ្ណាល័យនោះជាថ្មីទៀតទេ តាំងពីថ្ងៃដែលបានជួបបុរសនោះមក។ ថិរាយុគិតថា នៅពេលបុរសនោះអានសេចក្តីក្នុងក្រដាសរួចរាល់ហើយ ប្រហែលជាគេហែកកំទេចចោលមិនខាន ព្រោះគេអាចនឹងមិនចាប់អារម្មណ៍ដោយហេតុផលថាគេជាMANពិតៗ។
ខណៈដែលថិរាយុ កំពុងចុះទៅរកផឹកកាហ្វេនៅហាងក្បែរៗនោះ ទូរស័ព្ទដៃគេក៏លាន់ឡើង។ ថិរាយុនឹកប្លែកចិត្តនៅពេលមើលអេក្រង់ទូរស័ព្ទឃើញលេខដែលមិនធ្លាប់ស្គាល់សោះ។ កំលោះក៏ចុចទទួល៖
«ជម្រាបសួរបាទ!»
«ជម្រាបសួរ! ខ្ញុំឈ្មោះសុរាសី ឬហៅថាសីៗទទេក៏បានដែរ។ ខ្ញុំឃើញលោកឲ្យលេខទូរស័ព្ទមកខ្ញុំកាលពីសប្តាហ៍មុន ហើយក៏នឹកចង់តេមកលេង។»
«អូ! គឺលោកទេ?!! ខ្ញុំសប្បាយចិត្តណាស់ដែលលោកតេមក ហៅខ្ញុំថាយុៗក៏បានណ៎ា!»
ហើយទំនាក់ទំនងរវាងពួកគេទាំងពីរ ក៏ចាប់ផ្តើមដុះពន្លកចេញមក។
[...]
«ហេតុអីក៏កិច្ចការច្រើនយ៉ាងនេះ?? សារណាក៏ត្រូវកែឡើងវិញទាំងអស់ទៀត! ឲ្យខ្ញុំធ្វើយ៉ាងម៉េចល្អទៅ???»
សុរាសីកំពុងរអ៊ូដាក់ខ្លួនឯង នៅថ្ងៃដែលគេបានជួបគ្រូប្រចាំផ្នែករបស់ខ្លួន ដែលក្រោយពេល ពិនិត្យអត្ថបទស្រាវជ្រាវរបស់គេហើយប្រាប់ថា អត្ថន័យនៅមិនទាន់ពេញលេញត្រូវសរសេរឡើងវិញជាថ្មី។ ដូច្នេះសុរាសីត្រូវតែកែសម្រួលសារណារបស់ខ្លួនជាថ្មីម្តងទៀត ហើយនៅពេលនេះគេក៏គ្មានអារម្មណ៍នឹងនិយាយលេងជាមួយមិត្តណាម្នាក់ដែរ ក្រៅពីមិត្តទាំងនោះយករស់តែខ្លួនឯងក៏មិនចង់រួចដែរ។
«ចាក់សាំងឬប្រើហ្គាស ជាជម្រើសល្អរបស់លោកអ្នក?» សុរាសី រករឿងឈ្លោះនឹងផ្ទាំងឃោសនាផ្សេងៗដែលរំខានអារម្មណ៍។ ដោយសារតែតប់ប្រមល់ខ្លាំងពេក មិនដឹងជាជជែកជាមួយអ្នកណា សុរាសីក៏នឹកឃើញក្រដាសnoteដែលបុរសនោះសរសេរទុកឲ្យ ក៏រាវរកមើលលេខហើយចុចទៅរកភ្លាម៖
«ជម្រាបសួរបាទ!»
សំឡេងដែលគេធ្លាប់ឮ ពេលនេះបានឮម្តងទៀតហើយ លោកទាំងមូលហាក់ដូចជាស្រឡះល្វឹងល្វើយ គ្មានអ្វីគួរឲ្យខ្វាយខ្វល់ចិត្តសោះ។
[...]
តាំងពីថ្ងៃនោះមកសុរាសីនិងថិរាយុ តែងតែទូរស័ព្ទរកគ្នាគ្រប់ពេលវេលា។ ពេលខ្លះដែលមានរឿងចង់បានការប្រឹក្សា ឬរឿងមិនសប្បាយចិត្តចង់បន្ធូរអារម្មណ៍ ពួកគេទាំងពីរក៏មិនភ្លេចនឹកដល់គ្នាដែរ ហាក់ដូចជាមនោសញ្ចេតនានោះ ចាប់ផ្តើមរលាយខ្លួនម្តងបន្តិចៗ ចូលមកដោយមិនដឹងខ្លួន។
ថ្ងៃមួយ ខណៈដែលសុរាសីកំពុងអានសៀវភៅនៅក្នុងបន្ទប់ សំឡេងទូរស័ព្ទក៏លាន់ឡើង៖
«សួស្តី! គឺបងយុណ៎ា… ថ្ងៃនេះទំនេរទេ?»
«បាទ! ទំនេរ។ មានរឿងអីហ៎?»
«បងចង់ជួបសី… យើងនិយាយគ្នាតាមទូរស័ព្ទយូរហើយ មិនដែលមានឱកាសបានជួបគ្នាសោះ។ សីមកជួបបងបន្តិចមក៍! យើងអាចទៅញ៉ាំបាយ ឬទៅមើលកុនជាមួយគ្នាក៏បាន។»
នៅពេលសុរាសីស្តាប់ចប់ហើយ គេក៏ឆ្លើយយល់ព្រម។
[...]
សួនច្បារចតុមុខ
ថិរាយុ អង្គុយរង់ចាំលើកៅអីថ្មក្បែរទឹកបាញ់ មិនយូរប៉ុន្មានបុរសម្នាក់មានលក្ខណៈរៀបរយតែស្ថិតក្នុងយុវភាពក៏បក់ដៃរាក់ទាក់។
«បងយុ.. សួស្តី! ចាំយូរទេ? សុំទោសដែលមកយឺត។»
«មិនអីទេសី! តើយើងគួរទៅណាល្អ?»
«ស្រេចតែបងទេ! ខ្ញុំមិនដឹងថាគួរចាប់ផ្តើមពីត្រង់ណាមុនផង ម៉េចៗចាត់ទុកថាថ្ងៃនេះជាថ្ងៃរបស់បងចុះ។»
លុះនិយាយចប់ សុរាសីក៏ចាប់ដៃថិរាយុយ៉ាងស្និទ្ធស្នាល តែថិរាយុវិញត្រឡប់ជាទទួលអារម្មណ៍មួយរកប្រាប់មិនត្រូវ។ អារម្មណ៍នោះហាក់ដូចជាប្រាប់គេថា អ្វីដែលខ្លួនធ្លាប់ខ្វះខាតនៅក្នុងជីវិត អ្នកដែលនៅចំពោះមុខនោះ គឺជាគ្រឿងបំពេញបន្ថែម។
ថ្ងៃនេះពេញមួយថ្ងៃ កំលោះទាំងពីរនាំគ្នាទៅដើរលេង មើលកុន ទទួលទានអាហារ ហើយក៏អង្គុយជជែកគ្នាលេង ហាក់ដូចជាពួកគេចង់ធ្វើការស្គាល់គ្នាឲ្យបានច្រើនជាងនេះ។ ថ្ងៃនេះបុរសទាំងទ្វេទទួលអារម្មណ៍ល្អៗរវាងគ្នាទៅវិញទៅមក ជាអារម្មណ៍មួយយ៉ាងជ្រាលជ្រៅ ដោយមិនត្រូវការរឿងស៊ិចចូលមកពាក់ព័ន្ធ។
ខណៈដែលពួកគេកំពុងដើរក្នុងហាងលក់ទំនិញ ថិរាយុក្រឡេកទៅឃើញចិញ្ចៀនប្រាក់មួយវង់មានទឹកល្អហើយគិតថាស័ក្តិសមនឹងរាសី ក៏លួចទិញដោយមិនបាននិយាយអ្វី។ ក្រោយពីនោះបន្ទាប់ពីពួកគេទាំងពីរត្រឡប់មកពីដើរលេងជាមួយគ្នា ថិរាយុនិងសុរាសីក៏នាំគ្នាមកអង្គុយនៅលើកៅអីថ្មកន្លែងដើម។
«បងយុ! បងមើលស្អីនេះ?»
ក្រឹប! សំឡេងឮមកពីខាងមុខ ជាមួយនឹងពន្លឺភ្លើងចេញពីបន្ទះស្តើងមួយ ធ្វើឲ្យថិរាយុភ្ញាក់បើកភ្នែកធំៗ។
«ស្អីគេនេះ?!!»
សុរាសីមិននិយាយ នៅពេលយកទូរស័ព្ទមកពិនិត្យមើលលើអេក្រង់ ក៏ញញឹមខ្ជឹប។
«រូបបងយុ ពេលកំពុងភ្ញាក់ក៏មើលទៅគួរឲ្យស្រឡាញ់ណ៎ា!»
«ឆ្កួត! មិនសង្ហាទេ លុបចេញទៅ ចាំថតថ្មីវិញ!!»
«អត់ទេ! អាមួយហ្នឹងល្អហើយ!!» សុរាសីនិយាយចប់ ក៏យកទូស័ព្ទញាត់ហោប៉ៅទុក។
«តាមពិតទៅ នៅក្នុងខ្សែភ្នែករបស់ខ្ញុំ បងក៏គួរឲ្យស្រឡាញ់ណា៎… មិនដឹងទេថាកើតឡើងដោយរបៀបណា ខ្ញុំរកប្រាប់មិនត្រូវសោះ។»
សុរាសីនិយាយចប់ ក៏ដាក់ក្បាលទម្រេតលើស្មាថិរាយុ។ កែវភ្នែកគេភ្លឺថ្លាសម្លឹងទៅឆ្ងាយ ហាក់កំពុងបណ្តែតមនោសញ្ចេតនាឲ្យហោះហើរតាមកំសួលចិត្ត។
«យ៉ាងហោចណាស់ ខ្ញុំក៏ធ្លាប់មានមនុស្សម្នាក់នៅក្នុងបេះដូងណា… តែគេបានបោះបង់ខ្ញុំចោលទៅហើយ…»
«ហេតុអីទៅ?» ថិរាយុសួរ។
«ព្រោះគេមានអ្នកថ្មីនេះឯង! គេមានអីៗនឹងខ្ញុំហើយ គេក៏ចាកចេញទៅ…»
ចប់សំឡេងសុរាសី ថិរាយុក៏យកដៃខាងស្តាំមកឱបកំលោះយ៉ាងណែន ហើយឱនមុខមកចំពិតស្នាមថើបលើថ្ងាសយ៉ាងស្រាល។
«កុំគិតច្រើនអី! រឿងនោះបានកន្លងផុតទៅហើយ។ ចាំទុកណ៎ា! មិនថាមានអ្វីកើតឡើងទេ បងនឹងនៅក្បែរសីជានិច្ច។»
«សន្យាណា បងយុ… បងកុំបោះបង់ខ្ញុំចោលណ៎ា!»
«បងសន្យា!»
[...]
ល្ខោនលេងគង់មានថ្ងៃចប់ មិនលើកលែងតែពេលវេលារបស់ពួកគេទាំងពីរដែលមើលទៅហាក់ដូចជាខើចខ្លីខ្លាំងណាស់ ហើយការពិតនោះពួកគេចង់បញ្ឈប់ពេលវេលា ឲ្យឈប់ស្ងៀមនៅត្រង់នេះ តែទីបំផុតកំលោះទាំងទ្វេក៏មកដល់ពេលដែលត្រូវឃ្លាតចេញពីគ្នា។
«ខ្ញុំមានសេចក្តីសុខខ្លាំងណាស់បងយុ! អរគុណបងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អបែបនេះ។»
«បងក៏មានសេចក្តីសុខដូចគ្នា!»
លុះពួកគេចាប់ដៃលាគ្នារួចរាល់ហើយ ទាំងគូក៏បែកផ្លូវគ្នាដើម្បីទៅបំពេញភារកិច្ច តាមនាទី រៀងៗខ្លួន។ ខណៈនោះថិរាយុកំពុងលូកដៃស្ទាបហោប៉ៅខោ ក៏ឃើញថាចិញ្ចៀនដែលខ្លួនបានទិញនៅនឹងខ្លួនគេនៅឡើយ។ តាមពិតគេគួរណាស់តែឲ្យសុរាសីតាំងពីពេលនោះ តែបែរជាត្រូវភ្លេចទាល់តែ បាន។ កំលោះប្រហែលជាកំពុងគិតថា ថ្ងៃណាមួយគេនឹងយកចិញ្ចៀនមួយវង់នេះប្រគល់ជូនអ្នកដែលគេមានមនោសញ្ចេតនាល្អៗជាមួយមិនខាន។
[...]
ពេលវេលាកន្លងទៅ ឆាកជីវិតក៏មានរឿយៗទៅតាមទ្រនិចនាឡិកា តែអ្នកទាំងពីរចង់កាត់បន្ថយសេចក្តីសុខនោះឬទេ? ទេ! ពួកគេនៅតែទាក់ទងគ្នាជាប្រចាំ ទោះបីជាពេលខ្លះរវល់រហូតរកពេលជួបមុខគ្នាមិនបានក៏ដោយ។ រហូតមកដល់ថ្ងៃមួយ…
«បងយុ! ខ្ញុំមានរឿងមួយចង់ប្រាប់…»
«រឿងអីទៅ?»
«គឺខ្ញុំត្រូវផ្លាស់ទៅនៅខេត្តកោះកុងហើយ ដើម្បីត្រៀមចូលបង្រៀននៅទីនោះ។ ខ្ញុំអាចនឹងមិនបានជួបបងយូរណាស់ មិនដឹងជាត្រូវនឹករឭកយ៉ាងណាទេ…»
សម្តីរបស់សុរាសី និយាយហាក់មានប្រផ្នូល…
«ខ្ញុំអាចនឹងមិនបានជួបបងរហូតក៏ថាបាន…»
«មិនឃើញមានអីពិបាកផង! ទំនេរៗបងនឹងទៅលេង ត្រឹមកោះកុងសោះហ្នឹង ហើយបងនឹងបានសីឯងធ្វើជាហ្គាយដ៍នាំដើរលេងផង។»
«មែនឬ? សប្បាយចិត្តដល់ហើយ! ទៅពេលណាកុំភ្លេចប្រាប់ខ្ញុំផងណ៎ា!»
បន្ទាប់ពីនោះ អ្នកទាំងពីរនឹងត្រូវនៅឃ្លាតពីគ្នាកាន់តែឆ្ងាយ។
ស្ថានីយ៍រថយន្តក្រុងសូរិយា
ថិរាយុហុចសាក់កាដូឲ្យសុរាសី ហើយក៏និយាយលាគ្នា៖
«នែ៎! ទៅកោះកុងម៉េចៗកុំលង់ស្នេហ៍កំលោះដែនសមុទ្រណា៎! បងប្រចណ្ឌខ្លាំងណាស់ ដឹងទេ?»
ពេលថិរាយុនិយាយចប់ សុរាសីក៏និយាយស៊កឲ្យវិញ៖
«កុំថាតែគេ! បើខ្ញុំដឹងខ្ញុំក៏នៅមិនស្ងៀមដូចគ្នា!!»
នៅពេលរថយន្តក្រុងបរបត់ចាកឆ្ងាយពីស្ថានីយ៍ ថិរាយុនៅឈរធ្មឹងរំពឹងគិតតែម្នាក់ឯងថាពេលវេលាហាក់ដូចជាមិនយុត្តិធម៌សម្រាប់គេសោះ ពួកគេទើបតែជួបគ្នាមិនបានប៉ុន្មានផង ពេលវេលាក៏ចូលខ្លួនមកបំបែកពួកគេ ឲ្យនៅឆ្ងាយពីគ្នាដូចមេឃឆ្ងាយដី។ ក្រោយពីនោះគេក៏ត្រឡប់ទៅកន្លែងធ្វើការ ទាំងដំណើររសេះរសោះ។
[...]
សូមរង់ចាំអានវគ្គបញ្ចប់!
អានរឿងហ្គេហ៍ថ្មី៖ «ថិរវេលា» ខែ តុលា 21, 2009
Posted by ផ្កាយNovels in រឿងខ្លី, រឿងហ្គេហ៍.3 comments
ខ្ញុំធ្លាប់សន្យានឹងខ្លួនឯងថា នឹងឈប់សរសេររឿងហ្គេហ៍ទៀតហើយ តែការសន្យាដែលគ្មានសាក្សីឬគ្មានអ្នកទី២មកចូលរួម ខ្ញុំចូលចិត្តក្បត់សន្យានោះជានិច្ច។ មូលហេតុដែលធ្វើឲ្យខ្ញុំមិនចង់សរសេររឿងហ្គេហ៍ គឺដោយសារតែខ្ញុំមិនអាចទទួលយកបាននូវមតិមិត្តអ្នកអានមួយចំនួន ជាពិសេសមិត្តជិតស្និទ្ធរបស់ខ្ញុំ ហើយកាន់តែពិសេសទៀតគឺមនុស្សដែលខ្ញុំស្រឡាញ់។
ក្រោយពីគិតជាថ្មីថា អ្នកនិពន្ធមិនមែនដើរងាប់តែមួយក្រឡានោះទេ អ្នកនិពន្ធត្រូវចេះដើរឲ្យបានគ្រប់ក្រឡា គឺរសជាតិជីវិតមានប៉ុន្មានត្រូវភក្សឲ្យអស់។ ហេតុផលមួយទៀត គឺមានប្រិយមិត្តមួយចំនួនបានផ្ញើអ៊ីមែលមកខ្ញុំឲ្យសរសេររឿងហ្គេហ៍ឲ្យបានច្រើន ព្រោះគេចូលចិត្តប្រភេទរឿងហ្គេហ៍ដែលខ្ញុំសរសេរ(រកអានបានរឿង«សង្សារប្រុស»នៅទីនេះ)។ ម្យ៉ាងទៀត ខ្ញុំមានមិត្តម្នាក់ដែលចូលចិត្តសរសេររឿងហ្គេហ៍ផ្ញើមកឲ្យខ្ញុំជួយកែសម្រួលឲ្យ តែដប់ទាំងដប់ រឿងរបស់គេសុទ្ធតែរឿងព្រឺសម្បុរ ដូច្នេះខ្ញុំចង់ឲ្យគេរៀនសរសេររឿង ប្រភេទមនោសញ្ចេតនាធម្មតាៗដូចខ្ញុំម្តង។
រឿងហ្គេហ៍ថ្មីនេះ គឺជារឿងមួយដែលខ្ញុំប្រើសិល្ប៍វិធីនិពន្ធថ្មីសុទ្ធសាធ ហើយជាសិល្ប៍វិធីដែលខ្ញុំរកឃើញដោយខ្លួនឯង។ ខ្ញុំបានដាក់ឈ្មោះឲ្យសិល្ប៍វិធីថ្មីនេះថា «2 in 1» ជាសិល្ប៍វិធីមួយដែលប្រើអារម្មណ៍២ក្នុងរឿងតែមួយ។ ខ្ញុំមិនដឹងថា ខ្ញុំនឹកឃើញប្រើសិល្ប៍វិធីនេះដោយរបៀបណាទេ តែអាចដោយសារខ្ញុំមើលកុនបរទេសច្រើន ក៏ថាបាន។ នៅពេលលោកអ្នកអានរឿងនេះ លោកអ្នកនឹងដឹងថា សិល្ប៍វិធី«2 in 1» វាយ៉ាងម៉េច។
សូមរង់ចាំអានក្នុងពេលឆាប់ៗនេះ!!
ភ្លៀងពិស(តចប់) ខែ តុលា 20, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, រឿងខ្លី.add a comment
នរណាថាខ្ញុំស្អប់ភ្លៀង?
គឺជារឿងកុហកខ្លួនឯងប៉ុណ្ណោះ!
នរណាថាខ្ញុំមិននឹកដល់គេ នៅពេលមានភ្លៀងធ្លាក់?
គឺជារឿងបោកប្រាស់សុទ្ធសាធ!
នរណាថាខ្ញុំបំភ្លេចគេបាន?
មាត់ខ្ញុំនេះឯងជាអ្នកថា តែបេះដូងបដិសេធជានិច្ច!
ខ្វាប់! ខ្វាប់!… ឆាំងងងងង!!! ហ៊ើយ! អៃយ៉ា…
ភ្លឺចែសដូចថ្ងៃ ហើយរូបភាពដែលឃើញ គឺជាទិដ្ឋភាពចាស់ៗដែលធ្លាប់ឃើញដូចរាល់ថ្ងៃ។
ហ៎ា!!……… នឹកឃើញហើយ ថាហេតុអីបានជាត្រូវមកឈរធ្វើឆ្កួតនៅត្រង់នេះ? ភ្នំ ព្រៃឫស្សី វាលស្មៅ ផ្ទះដែលឃើញរៀងរាល់ថ្ងៃ ព្រោះវាប្រព្រឹត្តទៅតាមវដ្តចក្ករបស់ថ្ងៃយប់នោះឯង។ តែយប់នេះជាយប់ពិសេសនិងអច្ឆរិយៈបំផុត ដែលខ្ញុំអាចមើលឃើញទិដ្ឋភាពគ្រប់បែបយ៉ាង ទោះបីជាកណ្តាលយប់អធ្រាត្រក៏ដោយ ថ្វីបើឃើញតែមួយភ្លែតៗតែនោះហើយគឺគំហើញ!!! យេៗៗ!!!
យប់នេះម៉ោង២រំលងអធ្រាត្រ ប្រហែលជាមានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលអាចមើលអ្វីៗឃើញដូចពេលថ្ងៃ ជយោ! ជយោ!!… ខ្ញុំសប្បាយចិត្តពេញប្រៀបរហូតហូរហៀរ លេចចេញជាស្នាមញញឹម នៅលើផ្ទៃមុខ ហើយគ្រប់យ៉ាងក៏ប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ។ ខ្ញុំញញឹមហើយងើយក្បាលមើលទៅលើមេឃ ខ្យល់នៅមិនទាន់បន្ធូរបន្ថយមហិទ្ធិឫទ្ធឹដ៏ឆ្កួតលីលានៅឡើយ ភ្លៀងក៏មើលទៅដូចជាធ្លាក់ខ្លាំងជាងពេលនៅក្នុងបន្ទប់ទៅទៀត តែ… ខ្ញុំអាចបើកភ្នែកមើលមេឃបាន ទោះបីជាមើលមិនឃើញក៏ដោយ ព្រោះវាងងឹតនិងដោយសារឥទ្ធិពលរបស់ព្យុះភ្លៀង តែក៏ធ្វើឲ្យខ្ញុំងើយក្បាលនិងបើកភ្នែកបាន ដោយទឹកគ្រប់តំណក់ដែលស្រក់មកប៉ះនឹងកែវភ្នែកនោះជាទឹកភ្លៀង តែទឹកដែលហូរចេញពីភ្នែកធ្លាក់មកលើផ្ទៃរានហាល គឺជា«ទឹកភ្នែក»របស់ខ្ញុំ។
នរណាដឹងថាខ្ញុំយំ បើខ្ញុំកំពុងយំនៅក្រោមតំណក់ភ្លៀង? គ្រាប់ភ្លៀងនេះឬដឹង? ទេ! តំណក់ភ្លៀងនេះហើយដែលជាមូលហេតុធ្វើឲ្យខ្ញុំយំ។ បើភ្លៀងមិនធ្លាក់ខ្ញុំក៏មិនយំដែរ បើផ្គរមិនលាន់បេះដូងខ្ញុំក៏មិនរញ្ជួយដែរ។ ទាំងឈឺទាំងផ្សាក្នុងគ្រាប់ភ្នែក ខ្ញុំត្រូវតែដាក់មុខចុះតាមធម្មតាវិញ តែស្នាមញញឹមនៅរក្សាដដែល។ ខ្ញុំបែរខ្នងឈរផ្អែកបង្កាន់ដៃរានហាល ហើយយកដៃឱបទ្រូងគិតក្នុងចិត្តថា៖
«តាមពិតទៅគ្មានរឿងអ្វីកើតឡើងទេ ខ្ញុំគ្រាន់តែធ្វើឆ្កួតលេងៗប៉ុណ្ណោះ ព្រោះនេះគឺជាឆាកមួយនៅក្នុងឆាកជីវិតរបស់ខ្ញុំ ដែលខ្ញុំត្រូវសម្តែងយ៉ាងអស់ពីសមត្ថភាព ក្រោមការដឹកនាំរឿងផ្ទាល់របស់ខ្លួន។ ហា៎ស! ហ៎ាៗៗ!! ហើយព្រឹកស្អែកនេះ ខ្ញុំនឹងយករឿងដែលខ្ញុំអាចមើលទេសភាពកណ្តាលយប់ឃើញដូចកណ្តាលថ្ងៃ ទៅបោកក្មេងៗលេងឲ្យពួកគេភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់ខ្ញុំ។
បើមានក្មេងណាចង់ធ្វើបានដូចខ្ញុំ ខ្ញុំនឹងប្រាប់ទៅគេថា បើថ្ងៃណាដឹងជាមុនថានឹងមានភ្លៀងធ្លាក់នៅកណ្តាលយប់ ត្រូវប្រាប់ប៉ាម៉ាក់ថា មកដេកជាមួយខ្ញុំមក៍! ហើយឯងនឹងឃើញអ្វីដែលខ្ញុំបានឃើញ ហើយជួនកាលយើងអាចនឹងបានឃើញអ្វីៗប្លែកៗជាមួយគ្នាទៀតផង ម៉េចល្អទេ?»
នៅពេលចប់គម្រោងការណ៍ និងការគិតផ្សេងៗអស់ត្រឹមនេះ ខ្ញុំក៏ចាត់ចែងលូកដៃទៅបើកទ្វារនៅមុខរានហាល។ ស្លាប់ហើយ!!! ខ្ញុំដាក់គន្លឹះជាប់នេះណ៎ា! នឹកឃើញភ្លាមបែបនេះ ខ្ញុំក៏រត់ទៅរកបង្អួច។ លុះពេលបើកបង្អួចឈានជើងម្ខាងចូលទៅ ក៏ទទួលអារម្មណ៍ថាជើងខ្ញុំកំពុងជាន់លើអ្វីទន់ៗ ដូចជាកន្លែងដេក… ហ៊ើយ! ខ្លួនសើមជោគយ៉ាងនេះចូលយ៉ាងម៉េចទៅ តិចសើមកន្លែងដេកអស់!!!
អូ៎យយយយយ!!! ល្ងីល្ងើមែន! ហេតុអីក៏ខ្ញុំក្លាយជាមនុស្សបែបនេះ? ច្រឡោះបោះ ឡេះឡោះ ធ្វើអីមិនគិតមុខគិតក្រោយសោះ!!! ឥឡូវធ្វើយ៉ាងម៉េចទៅ???
ខ្យល់ត្រជាក់បក់មកមួយភឹប ធ្វើឲ្យព្រឺរងាដល់ឆ្អឹងខ្នង មាត់ប្រហែលជាឡើងពណ៌ខៀវស្លាំងហើយ ដៃចាប់កាន់បង្អួចជាប់ ចិញ្ចើមជ្រួញចូលគ្នា ឱនមុខចុះបន្តិច ហើយគ្រប់យ៉ាងក៏ភ្លឺត្រចះឡើងនៅក្នុងខួរក្បាល។
«អឺ… យ៉ាងម៉េចក៏យ៉ាងម៉េចទៅ គ្មាននរណាឃើញទេ!»
ខ្ញុំស្រាតខោអាវចេញទាំងអស់ យកទៅដាក់ពាក់នៅលើបង្កាន់ដៃរានហាល ហើយឈានជើងចូលមកជាន់លើគ្រែដេក អឺ… មិនភ្លេចដើរង៉ុកៗឆ្លងកាត់ភាពងងឹត ទៅទាញយកកន្សែងពោះគោដែលព្យួរនៅម្ខាងទៀតនៃបន្ទប់មកជូតខ្លួនយ៉ាងប្រញាប់ ហើយក៏រុំសក់ក្បាលទុកការពារមិនឲ្យសើមខ្នើយ។
រួចរាល់ហើយប៉ុណ្ណេះ! ខ្ញុំក៏ត្បុលខ្លួនចូលទៅក្រោមភួយ ដូចអ្នកដទៃទៀតដែលកំពុងនាំគ្នាធ្វើនៅពេលនេះ។
«ស្អែកនេះនឹងបានសប្បាយហើយ!»
ហើយគ្រប់យ៉ាង ក៏ស្ងប់ស្ងាត់ទៅក្នុងភាពលង់លក់ នៃពេលវេលាដែលសេសសល់ ក្នុងយប់នោះ៕









