jump to navigation

ពាក្យ​សន្យា(តចប់) ខែ តុលា 1, 2009

Posted by ផ្កាយ​Novels in រឿងខ្លី, រឿង​ខ្មោច, អាថ៌កំបាំង-អភិនិហារ.
5 comments

ខ្ញុំ​មិន​បាន​មក​រក​រតន៍​៤ថ្ងៃ​ពេញ ព្រោះ​នៅ​ខឹង​នឹង​នាង​ច្រើន​រឿង​ដែរ…។ នាង​ទៀត​ក៏​ចិត្ត​អាក្រក់​មិន​ព្រម​ទូរស័ព្ទ​មកលួង​ខ្ញុំ​សោះ។ ថ្ងៃ​នេះ​ ខ្ញុំ​ហាក់​ដូច​ជា​ស្ងប់ចិត្ត​បាន​ខ្លះ​ហើយ ទើប​គិត​ថា​នឹង​ទៅនិយាយ​ជាមួយ​នាង​ឲ្យ​ច្បាស់លាស់​ ឲ្យ​ដឹង​រឿងដឹង​​រ៉ាវ​​តែ​ម្តង​ទៅ​ល្អ​ជាង​។

នាង​មិន​លួង​ខ្ញុំ​ ខ្ញុំ​ទៅ​លួង​នាង​វិញ​ក៏​បាន។ ​ជា​សង្សារ​នឹង​គ្នា​ ខុស​ត្រូវ​ធ្ងន់​ស្រាល​​បន្តិច​បន្តួ​ចក៏​ត្រូវ​ចេះ​អធ្យាស្រ័យ​ចំពោះ​គ្នា  ហើយ​ដែល​សំខាន់​យើង​ក៏​កំពុង​ជិត​រៀប​ការ​នឹង​គ្នា​ផង​ ឲ្យ​មក​ធ្វើ​ដូច​កូន​ក្មេង​ម៉េច​នឹង​កើត ង​ចុះ​ង​ឡើង​ចប់​មួយ​អាទិត្យ​ដល់​មួយ​អាទិត្យ​ ច្បាស់​ជា​មិន​សក្តិ​សម​ណាស់​ទៅ​ហើយ។

ខ្ញុំ​ទៅ​រក​នាង​នៅ​បន្ទប់ ​ឃើញ​បន្ទប់​មិន​ចាក់​សោ ក៏​លួច​ចូល​ទៅ។ ថ្ងៃ​នេះ​ខ្ញុំ​ក៏​បាន​ទិញ​ផ្កាកុលាប​ជូន​នាង​ ដើម្បី​ឲ្យនាង​​ភ្ញាក់​ផ្អើល​ផង។ ខ្ញុំ​គិត​ថា​នឹង​យក្​ផ្កា​កុលាប​ទៅ​ដាក់​នៅ​ខាង​មុខ​រូប​ថត​របស់​យើង​លើ​តុ​​ក្បាល​ដំណេក​។ តែ… ដូច​ដើម នាង​យក​រូប​ទៅ​លាក់​ទុក​នៅ​ឯណា​ទៀត​ហើយ​ក៏​មិន​ដឹង? ចង់​លេង​លាក់​ពួន​ជាមួយ​ខ្ញុំ​ឬយ៉ាង​ម៉េច? ទោះ​លាក់​យ៉ាង​ណា​ក៏​ខ្ញុំ​រក​ទាល់​តែ​ឃើញ​ដដែល! ខ្ញុំ​យក​រូប​មក​ដាក់​តាំង​នៅ​កន្លែង​ដើម ហើយ​ក៏​យក​ផ្កាកុលាប​ដាក់​ខាង​មុខ​រូប។

ខ្ញុំ​​ដើរ​ចេញ​មកក្រៅ​បន្ទប់​គេង​ ឃើញ​នាង​កំពុងឈរ​លាង​ចាន​។ នាង​មើល​ទៅ​ហាក់​​ដូច​ជា​សោក​សៅ​យ៉ាង​ចម្លែក។ មាន​អ្វី​កើត​ឡើង​ឬរតន៍? អូន​មា​នរឿង​អ្វី​លាក់​នៅ​ក្នុង​ចិត្ត​មែន​ទេ?

នាង​នៅ​តែ​បន្ត​លាង​ចាន​ដូច​ដើម ធ្វើ​ជា​មើល​មិនឃើញ​ខ្ញុំ​និង​ស្តាប់​មិនឮ​ខ្ញុំ​សួរ។ ខ្ញុំ​សម្រេច​ចិត្ត​ឈរ​ចាំ​នាង។​ ណ្ហើយ! មិន​ឃើញ​ក៏​មិន​ឃើញ ចាំ​ឲ្យ​នាង​ទៅ​ឃើញផ្កា​កុលាប​ក្នុង​បន្ទប់​សិន​ អ្វីៗ​ក៏​ស្រេច​បាត់​ទៅ​ហើយ!! ភាព​រ៉ូមែន​ទិកបន្តិច​បន្តួច ដែល​ភ្ជាប់​មក​ជាមួយ​នឹង​ផ្កា​កុលាប​​ ក៏​ប្រហែល​ជា​អាច​ជួយ​អ្វីៗ​ឲ្យ​បាន​ប្រសើរ​​ឡើង​វិញ​ខ្លះ។

រំពេច​នោះ ​ក៏​មាន​មនុស្ស​មក​គោះ​ទ្វារ។ នាង​ប្រញាប់​ជូត​ដៃ​ ហើយ​ដើរ​កាត់​មុខ​ខ្ញុំ​ទៅបើក​ទ្វារ​យ៉ាង​ប្រញាប់​ប្រញាល់​ ដោយ​​ធ្វើ​ជា​មើល​មិន​ឃើញ​ខ្ញុំ​ដូចគ្រាៗ​មុន!

ទ្វារ​របើក​ក៏​លេច​រូប… កិត្តិគុណ​ចេញ​មក។

កិត្តិគុណ ​​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​​តែ​មួយ​ជាមួយរតន៍ ហើយ​វា​ក៏​ដឹង​យ៉ាង​ច្បាស់​ថា   រតន៍​​មាន​សង្សារ​រួច​ទៅ​ហើយ តែ​វា​ក៏​នៅ​តែ​មក​លេង​មិន​ស្វាង​ គឺ​ព្រោះ​វា​ចង់​ដណ្តើម​រតន៍​​ពី​ខ្ញុំ​នោះ​អី!!! ខ្ញុំ​ទ្រាំ​មិន​បាន​ក៏​ក្រោក​ឡើង ​ដើរ​សំដៅ​ទៅមាត់​ទ្វារ​ដែរ។

«ហ៊ើយ! មក​ធ្វើ​អីហ៎?»

ខ្ញុំ​ស្រែក​សួរ​អាគុណ តែ​វា​ធ្វើ​ជា​មិន​ចាប់​អារម្មណ៍​។

«​ត្រឡប់​ទៅ​វិញ​ទៅ ទីនេះ​គ្មាន​នរណា​ស្វាគមន៍​ឯង​ទេ!» ខ្ញុំ​គំហកដាក់​វា​ម្តង​ទៀត។

ខ្ញុំ​គិត​ថា​ ខ្ញុំ​ស្រែក​​ខ្លាំងអស់​ប៉ុណ្ណឹង​​ហើយ ព្រម​ទាំង​គំហក​ដាក់​វាដដែលៗទៀត តែ​អ្នក​ទាំង​ពីរ​​ធ្វើ​ជា​ព្រងើយៗ ដូច​ជា​គ្មា​ន​រូប​ខ្ញុំ​នៅ​ទីនោះ។ ពួក​គេ​ឈរ​និយាយ​គ្នា​ដូច​គ្មា​ន​ឮ​ខ្ញុំ​និយាយ​សោះសូម្បី​តែ​បន្តិច​។ នេះ​ស្អីហ្នឹង!!?​ ចង់​មក​តាម​បញ្ឈឺ​ចិត្ត​ខ្ញុំ​ ដល់​បន្ទប់រតន៍​បែប​នេះ​ហ៎​? អ៊ីចឹង​តើ! បាន​ជា​រតន៍​ប្រែ​ប្រួល​…

ខ្ញុំ​ទ្រាំ​មើល​តទៅ​ទៀត​មិន​បាន​ ទើប​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ដេក​ហើយ​ទាញ​ទ្វារ​បិទ​គ្រាំង!!!.. ទាំង​រតន៍​ទាំង​កិត្តិគុណ​ ភ្ញាក់​ព្រើត​លោះ​អស់​ព្រលឹង​ តែ​ខ្ញុំ​មិន​ខ្ចី​ខ្វល់​ទេ!!

ការ​ដែល​រតន៍​ប្រែ​ប្រួល​យ៉ាង​នេះ​ គឺ​ពិត​ជា​មក​ពី​អាម្នាក់​នេះ​ហើយ។ ថ្ងៃ​មួយ​នោះ​ដែល​ខ្ញុំ​បាន​លួច​ស្តាប់​ឮ លក្ខិណា​​និយាយ​ជាមួយ​រតន៍​ថា បើ​ខ្ញុំ​នៅ​តែ​តាម​វិល​វល់​​មិន​ព្រម​ទៅ​ណា​បែប​នេះ​ មិន​ខ្លាច​ខ្ញុំ​ទេហ៎? ក៏​ប្រហែល​ជា​ចង់​មាន​ន័យ​លើ​រឿង​នេះ​ហើយ។ រតន៍​អាច​នឹង​ផ្លាស់​ប្តូរ​ចិត្ត​ពី​ខ្ញុំ​ទៅ​​​ តែ​មិន​ហ៊ាន​ប្រាប់​ខ្ញុំព្រោះ​មួយ​ខែ​ទៀត​ក៏​ដល់​ថ្ងៃ​សំខាន់​របស់​យើង​។

តែ​រតន៍​មាន​ដឹង​ខ្លួន​ទេ?… ការ​ដែល​រតន៍​មិនព្រម​​ប្រាប់បង​ ហើយ​បណ្តោយឲ្យ​បង​មក​ឃើញ​ដោយ​ខ្លួន​ឯង​បែប​នេះ​ វា​ឈឺ​ចុក​ចាប់​ប៉ុណ្ណា? មិន​បាច់​ខ្លាច​បង​ទេរតន៍ បើ​អូន​មិន​ហ៊ាន​ហាមាត់ បង​នឹង​​ធ្វើ​ជា​អ្នក​សុំ​បែក​ក៏​បាន! បង​នឹង​ធ្វើ​ជា​អ្នក​បណ្តោយ​ឲ្យ​អូន​ទៅ ដោយ​ខ្លួន​ឯង​ ល្អ​ជាងការ​មក​ស៊ូ​ទ្រាំ​​ឃើញ​អូន​ ក្បត់​បង​នឹង​មុខ​ស្រស់ៗ​បែប​នេះ។

បន្តិច​មក ​ខ្ញុំ​ក៏​ឮរតន៍​និយាយ​ជាមួយ​អាម្នាក់​នោះ​៖

«ត្រឡប់​ទៅសិន​ទៅណ៎ាគុណ ខ្ញុំ​ត្រូវ​ការនិយាយ​ជាមួយ​បង​សិទ្ធិ។»

«រតន៍​មិន​ខ្លាច​ទេហ៎? ឲ្យ​ខ្ញុំ​នៅ​កំដរ​ទេ?»

អាឆ្លៀត​ឱកាស! ស្តាប់​វា​និយាយ​ចុះ!!

«បង​មិន​ធ្វើ​បាប​រតន៍​ទេ បង​ស្រឡាញ់​រតន៍ ​ច្រើន​​​ជាង​​វា​​ស្រឡាញ់​​ទៀត។»

ខ្ញុំ​មិន​បាន​ឮ​នាង​តប​ថា​យ៉ាង​ម៉េច​ ឮតែ​សំឡេង​ទ្វារបិទ នាង​ប្រហែល​ជា​ជូន​អានោះ​រៀប​រយ​ហើយ។ មួយ​សន្ទុះ​មក​នាង​ក៏​បើក​ទ្វារ​បន្ទប់​ចូល​មក​រក​ខ្ញុំ។ នាង​បើក​ទ្វារ​ចូល​មក​ហើយ ក៏​សម្លឹង​ទៅ​មើលលើ​តុ​ក្បាល​ដំណេកភ្លាមៗ។ នៅ​ពេល​ឃើញ​រូប​របស់​ពួក​យើង ​ត្រឡប់​មក​តាំង​នៅ​កន្លែង​ដើម​វិញ ហើយ​ថែម​ទាំង​មាន​ផ្កាកុលាបតាំង​លំអ​នៅ​ខាង​មុខ​រូប​ដូច្នោះ នាង​ក៏​ស្រែក​យំ​ភ្លាមៗ។

ហេតុ​អី​ក៏​យំ? រំជួល​ចិត្ត​នឹក​ដល់​​ស្នេហ៍​ចាស់ហ៎? ឬ​​ប្រហែល​ជា​ដឹងថា​ខ្លួនឯង​ធ្វើ​​ខុសច្រើន​ណាស់​មែន​ទេ​?… នាង​ចាប់​​រូប​របស់​យើង​មក​ឱប​សម្លឹងទៅ​ជុំ​វិញ​ខ្លួន ហាក់​ដូច​ជា​កំពុង​រក​អ្វី​ម្យ៉ាង។

«បង​សិទ្ធិ!… បង​នៅ​ក្នុង​បន្ទប់​នេះ​តើ​មែន​ទេ?» នាង​ស្រែក​ឡើង​ដោយ​សំឡេង​ខ្សឹកខ្សួល តែ​នាង​បែរ​ជា​បែរ​មុខ​ទៅ​រក​ ទិស​ផ្សេង​គ្នានឹង​ខ្ញុំ​ដែល​កំពុង​ឈរ។

«​មែន​ហើយ! បង​​នៅ​ត្រង់​នេះ​   នៅ​ខាង​ក្រោយ​រតន៍​នេះ​ឯង​  ម៉េច​មិនងាក​មក​មើល​!​!»​

ខ្ញុំ​និយាយ​ឡើងដោយ​សំឡេងស្អកស្អា។ មិន​ចាំ​បាច់​មក​សួរ​នាំ​អី​វែង​ឆ្ងាយទេ បើ​ចង់​​និយាយ​រឿង​អាម្នាក់​នោះ​ប្រាប់​បង​ ក៏​និយាយ​មក​ចុះ!!

«បង​សិទ្ធិ​! … អូន​ដឹង​ណ៎ា… ថា​បងកំពុង​នៅ​ជាមួយ​អូន» នាង​យំ​កាន់​តែ​ខ្លាំងឡើង «​អូន​​មិន​ដឹង​ថា បង​ដឹង​ឬអត់​… ថា​អូន​នៅ​តែ​ស្រឡាញ់​បង​ជានិច្ច! …​ស្រឡាញ់​តាំង​តែ​ថ្ងៃ​នោះ​មក​ តាំង​ពី​ថ្ងៃ​ដែល​យើង​ដើរ​បុក​ទង្គិច​គ្នា រហូតមក​ដល់​ថ្ងៃ​នេះ។»

និយាយ​អី​បែប​នេះរតន៍? បើ​អូន​ពិត​ជា​ស្រឡាញ់​បង​មែន អូន​មិន​មែន​ក្បត់​បង​យ៉ាង​នេះទេ!!!

«លក្ខិណា​​ប្រាប់​ថា​ អូន​ចាំ​បាច់​ត្រូវ​តែ​ប្រាប់​ឲ្យ​បង​ដឹង ថា​បង…» នាង​ព្យាយាមខាំ​មាត់​​សង្កត់​ចិត្ត​មិន​ឲ្យ​ខ្សឹក​ខ្សួល​​​ «​លក្ខិណា​គិត​ថា បង​ប្រហែល​ជា​មិន​ទាន់​ដឹងទេ ​ថា…»

មិន​ទាន់​ដឹង​ថា បង​ជា​របស់​ចាស់! រតន៍​ធុញទ្រាន់​នឹង​បង​ហើយ!! និង​កំពុង​បោះ​បង់​បង​ចោល​ ហើយ​ទៅ​រក​បុរសថ្មី​​ម្នាក់​នោះ​ មែន​ទេ??? ហេតុ​អី​រតន៍​ធ្វើ​ដាក់​បង​បែប​នេះ? បង​ខំ​រក្សា​សន្យា​របស់​បង​ជាមួយ​អូន​រហូត​មក… តែ​មើល​អ្វី​ដែល​អូន​​តប​ស្នងជាមួយ​​​បង​ចុះ​!?!

«ហេតុ​អី​រឿង​បែប​នេះ ត្រូវ​កើត​ឡើងចំពោះ​យើង​ ហ៎…​បង​សិទ្ធិ? យើង​កំពុង​តែ​​ជិត​រៀប​ការ​នឹង​គ្នា… ពេល​វេលា​ដែល​យើង​ទាំង​ពីរ​ ទន្ទឹង​រង់ចាំ​​មក​ជាយូរ រហូត​​មក​ដល់​ពេល​ដែល​កំពុង​នៅ​នឹងមុខ ចុះ​​ហេតុ​អ្វី… ហេតុ​អ្វី​ត្រូវ​មក​ក្លាយ​ជា​ដូច្នេះ???»

នាង​យំ​ខ្សឹក​ខ្សួលកាន់​តែ​ខ្លាំង។

«មួយ​អាទិត្យ​កន្លង​ទៅ​ហើយ​ ដែល​បង​ចាក​ចេញ​ពី​អូនទៅ។ អូន​ធ្វើ​ចិត្ត​មិន​បាន​ពិត​មែន ហេតុ​អី​បង​បោះ​បង់​អូន​ចោល​ ឲ្យ​នៅ​ម្នាក់​ឯងបែប​នេះ?»

កាន់​តែ​រៀប​រាប់​នាង​កាន់​តែខ្សឹក​ខ្សួល។ ខ្ញុំ​ឈរ​ភាន់​ភាំង​ រក​និយាយ​​អ្វី​មិន​ត្រូវ តើ​នាងកំពុង​និយាយ​រឿង​អ្វីនេះ ខ្ញុំ​មិន​យល់​សោះ!!???

«ឯណា​ដែល​បង​ថានឹងរក្សា​សន្យា​នោះ? សន្យា​ថា​នឹង​រស់​នៅ​ជាមួយ​គ្នា​រហូត​ទៅ!! តែ​បែរ​ជា​មក​ស្លាប់​ ឲ្យ​អូន​រស់​នៅ​ម្នាក់​ឯង​បែប​នេះទៅ​វិញ តើ​មាន​ន័យ​យ៉ាង​ម៉េចហ៎???»

នាង​ស្រែក​គំហក​ដាក់​ជញ្ជាំង​ ហើយ​ទម្លាក់​ខ្លួន​អង្គុយចុះ​ផ្ទាល់​នឹង​ព្រំ យំខ្សឹក​ខ្សួល​គួរ​ឲ្យ​សង្វេគ។

ខ្លួន​ខ្ញុំ​ញ័រ​រញ្ជួយ​គ្រប់​សរសៃ​វិញ្ញាណ… ស្អីគេ? នាង​និយាយ​ថា​ម៉េច? ខ្ញុំ​ស្លាប់​ហើយឬ???

រំពេច​នោះ ស្រាប់​តែ​លេច​ពន្លឺចាំង​ចិញ្ចែង​ចិញ្ចាច ជះ​ចូល​មក​ក្នុង​ក្បាល​របស់​ខ្ញុំ… ហើយ​ខ្ញុំ​ក៏​ចង​ចាំ​អ្វី​គ្រប់​យ៉ាងដែល​កើត​ឡើង…

យប់​នោះ​ ខ្ញុំ​ចេញ​ពី​ផ្ទះ​ជួល​​របស់​រតន៍​ នៅ​ម៉ោង​ប្រមាណ​១០យប់ ខ្ញុំ​ដើរ​ឆ្លង​កាត់​ថ្នល់ហើយ​ក៏… មាន​រថយន្ត​ដឹក​ទំនិញ​ធំមួយ… បើក​មក​ពី​ណា​ក៏​មិន​ដឹង​… បុក​ខ្ញុំ​ពេញ​មួយ​ទំហឹង​… រហូត​ខ្ញុំ​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​។

«បងសិទ្ធិ! ក្រែង​យើង​សន្យា​នឹង​គ្នា​ហើយ​មែនទេ? បើ​បង​សន្យា​ហើយ​ បង​នឹង​មិន​​ធ្វើ​ខុស​​សន្យា​ទេ មែនទេ? ចុះ​ហេតុ​អ្វី ហេតុ​អ្វី​ត្រូវ​ក្លាយ​ជា​បែប​នេះ? ក្រែង​យើង​បាន​សន្យា​នឹង​​គ្នា​ហើយ​តើ ថានឹង​រស់​នៅ​ជាមួយ​គ្នា​រហូត​ទៅ? បង​មិន​ធ្លាប់​ធ្វើ​ឲ្យ​អូន​ខក​បំណង​ឡើយ ចុះ​ហេតុ​អ្វី​ រឿង​របស់​យើងត្រូវ​មក​បញ្ចប់​បែបនេះ? ឯណា​ដែល​បង​ប្រាប់​ថា​យើង​ទាំង​ពីរ​នឹង​រស់​នៅ​ជាមួយគ្នា យ៉ាង​មាន​សេច​ក្តី​សុខ​ជា​រៀង​រហូត​ ដូច​ភាគបញ្ចប់​របស់​រឿង​​​និទាន​នោះ? ហេតុ​អី ក៏​បង​ទៅ​ចោល​អូន​បែប​​នេះ?» រតន៍​ស្រែកដង្ហោយ​យំពេញ​បន្ទប់ «​ឲ្យ​អូន​រស់​នៅ​ដោយ​របៀប​ណាបើ​គ្មាន​រូប​បង​?» នាង​ខ្សឹកខ្សួល​ខ្លាំង​ឡើងៗគួរ​ឲ្យ​អាសូរ។

ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច បាន​ត្រឹម​តែ​ឈរ​មើល​នាង​ស្រែក​ទួញយំ​ និង​ថ្ងួចថ្ងូរ​គំហក​ដាក់​ជញ្ជាំង​ ហើយ​ផ្តួល​ខ្លួន​ដេក​ននៀល​ឱប​រូប​ថតរបស់​យើង​ទាំង​ពីរ​យ៉ាងណែន​​។ នាង​យំ​ហើយ​យំ​ទៀត ​ហាក់​ដូច​ជា​នាងនឹងត្រូវ​ដាច់ខ្យល់​ស្លាប់​នៅ​នឹងកន្លែង​នោះ។

«បង​សិទ្ធិ! រតន៍​ចង់​ទៅ​នៅ​ជាមួយ​បង» នាង​សង្គ្រឺត​ធ្មេញ​ខាំ​មាត់​ស្រែក «យើង​នឹង​នៅ​ជាមួយ​គ្នា​ជា​រៀងរហូត»។

ខ្ញុំ​ចង់​និយាយ​ប្រាប់​នាង​ថា មិន​បាន​ទេ! រតន៍​នៅ​មាន​អនាគត ឱកាស​ និង​​​ក្តី​សង្ឃឹម​នៅ​មាន​ជានិច្ចសម្រាប់​រតន៍។ បង​បានស្លាប់​ទៅ​ហើយ តែ​រតន៍​នៅមាន​ជីវិត រតន៍​ត្រូវ​​រស់​តទៅ​ទៀត រស់​ជំនួស​បង! រស់​ដើម្បី​បង!

តែ…

រតន៍​ដឹង​ថា ខ្ញុំ​​ជា​មនុស្ស​ដែល​រក្សា​ពាក្យ​សន្យា​ជានិច្ច ដែល​នោះ​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​​មាន​មោទនភាព​ចំពោះ​ខ្លួនឯង។ ​

មុន​នឹង​ដង្ហើម​ចុង​ក្រោយ​របស់​នាង​ផុត​រលត់​ទៅ ផ្ទៃ​មុខ​ដ៏​ស្រស់​ផូរ​ផង់​របស់​នាង​ ដែល​ធ្លាប់​តែ​មាន​សាច់​មាន​ឈាម ពេល​នេះ​ត្រឡប់​ជា​សស្លេក​ស្លាំង​ដូច​ក្រដាស។ ខ្ញុំ​ដឹង​ថា​ រាជនីរបស់​ខ្ញុំ​នឹង​លង់​លក់​ទៅ​ដោយ​​សេចក្តី​សុខ នៅ​ក្នុង​រង្វង់​ដៃ​របស់​ខ្ញុំ​រហូត​ទៅ ព្រោះ​ពេល​នេះ​នាង​បានដឹង​ហើយ​ថា…

ខ្ញុំ​រក្សា​ពាក្យ​សន្យា​ជា​និច្ច៕

ពាក្យ​សន្យា ខែ កញ្ញា 29, 2009

Posted by ផ្កាយ​Novels in រឿងខ្លី, រឿង​ខ្មោច, អាថ៌កំបាំង-អភិនិហារ.
2 comments

ស្នេហា​ដែល​មិន​សម​តាម​ប្រាថ្នា… ពាក្យ​សន្យា​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​វិល​វល់… ទំនួល​ខុស​ត្រូវ​ដែល​នៅ​ជាប់​ស្ទះ​ក្នុង​ចិត្ត… មុន​នឹង​ខ្លួនត្រូវ​ស្លាប់…

 

ខ្ញុំ​ជា​មនុស្ស​ដែលស្រឡាញ់​ពាក្យ​សត្យ ហើយ​មិន​ដែល​ធ្វើ​ខុស​សន្យានឹង​នរណា​ម្នាក់​ឡើយ​ ដែលនោះ​គឺ​ជា​​​មោទនភាពរបស់​ខ្ញុំ។

          «ចាប់​តាំង​ពី​ពេល​នេះ​តទៅ យើង​នឹង​រស់​នៅ​ជាមួយ​គ្នា​រហូត។»

          នេះ​គឺ​ជា​អ្វី​ដែល​នាង​និយាយ​ជាមួយ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​សុំ​នាង​រៀប​ការ។ ផ្ទៃ​មុខ​របស់​នាង​ដិតដាម​ដោយ​ទឹក​ភ្នែកនៃ​សុភមង្គល។ នាង​ស្អាត​ណាស់ ស្អាត​ដូច​ព្រះរាជនី​ក្នុង​​​ទេវកថា។

          «​នឹក​ថា​​បង​នឹង​មិន​សុំអូន​​រៀប​ការ​ទេ ព្រោះអូន​​រង់​ចាំថ្ងៃ​នេះ​​​យូរ​ណាស់​ហើយ!» នាង​​​​តវ៉ា។

          «គ្មាន​ផ្លូវ​ទេ រតន៍ក៏​ដឹង​ថា បង​រក្សា​សន្យា​ជានិច្ច! មិន​អ៊ីចឹង​ហ៎?…»

          «ព្រោះ​តែ​ពាក្យ​សន្យា​នេះ​ ​ ទើប​ធ្វើ​ឲ្យ​បង​​មាន​មោទនភាព​ជានិច្ច!» រតន៍​និយាយ​កាត់​ខ្ញុំ​  បណ្តើរ​សើច​បណ្តើរ។

          «មិន​បាច់​មក​ត្រាប់​តាមសម្តីបង​​ទេ!»

          «ក៏ព្រោះ​​​បង​​ចូល​ចិត្ត​និយាយ​បែប​នេះ មិន​មែន​ឬ? តែ​ណ្ហើយ​ចុះ! ដ្បិត​​​បង​ជាមនុស្ស​​បែប​នេះ​ហើយ ទើប​អូន​ស្រឡាញ់បង។»

និយាយ​ចប់​ នាង​ក៏​ឱប​ខ្ញុំ​យ៉ាង​ណែនមិន​ព្រម​លែង​ ហើយ​ខ្សឹប​ថា៖

          «អរគុណបង​ខ្លាំង​ណាស់! បង​ត្រូវ​ដឹង​ថា អូន​ជឿចិត្ត​បង​ជានិច្ច។»

          ខ្ញុំ​មិន​បាន​និយាយ​អ្វី​ទាំង​អស់​ គ្រាន់​តែ​ញញឹម​ជំនួស​សម្តីតប។

          នេះ​គឺ​ជាពាក្យ​សន្យា ​របស់​យើង​ទាំង​ពីរ​នាក់។ យើង​នឹង​នៅ​ជាមួយ​គ្នាយ៉ាង​មាន​   សេច​ក្តីសុខរហូត​ទៅ។

…ខ្ញុំ​សន្យា…​

 

រឿង​ស្នេហា​ខ្ញុំ​និង​រតន៍ឬ? ជួន​កាល​អ្នក​ទាំងអស់​គ្នា​អាច​នឹង​នៅ​សង្ស័យ​ថា ស្នេហា​របស់​ពួក​យើង​ចាប់​ផ្តើម​យ៉ាង​ណា?…

          យើង​ស្គាល់​គ្នា​ពេល​ចូល​រៀន​នៅ​ឆ្នាំ​ទី១។ ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ចូល​រៀនដំបូង​ ខ្ញុំ​​​មក​រៀន​យឺត​ទើប​ប្រញាប់​ប្រញាល់​មិន​បានជា​មើល​ ក៏​​ដើរ​ប៉ះ​ទង្គិច​នារី​រូប​ស្រស់​ម្នាក់​ រហូត​ធ្វើ​ឲ្យ​សៀវភៅ​នាង​ជ្រុះ​រាយ​ពេញ​ដី។ នៅ​ពេល​ខ្ញុំ​ឱន​ទៅ​រើស​សៀវភៅ​ជូន​នាង​ ក្បាល​ខ្ញុំ​ក៏​ប៉ះ​ទង្គិច​នឹង​ក្បាល​នាង​​ម្តង​​ទៀត​ ព្រោះ​នាង​ក៏​ឱន​រើស​សៀវភៅ​​ដូច​គ្នា។ មែន​ហើយ​! នារី​ម្នាក់​នោះ​គឺ​រតន៍​របស់​ខ្ញុំ​។ ព្រហ្មលិខិត​បាន​កំណត់​ឲ្យ​យើង​ទាំង​ពីរ ​ដើរ​លើ​ខ្សែ​ស្រប​តែមួយ​ជាមួយ​គ្នា តាំង​ពី​ថ្ងៃ​នោះ​រហូត​មក​ដល់​ថ្ងៃ​នេះ។

          រតន៍​ជា​នារី​ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ ដូច្នេះ​គ្មាន​រឿង​អ្វី​ប្លែក​ទេ​ ដែល​មាន​ប្រុសៗ​ជា​ច្រើន​មក​តាម​សុំ​ស្នេហ៍​នាង​ ហើយ​ទម្រាំ​ខ្ញុំ​យក​ឈ្នះ​ចិត្ត​នាង​បាន​​ក៏​ពិបាក​ដូច​គ្នា។ នាង​ជ្រើស​រើ​ស​យក​ខ្ញុំ​ ព្រោះ​នាង​ពេញ​ចិត្ត​ខ្ញុំ​ ដែល​ជា​មនុស្ស​រក្សាសន្យា ហើយ​ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ ខ្ញុំ​ក៏​មិន​ដែល​ធ្វើ​ឲ្យ​នាង​ខក​ចិត្ត​​ម្តង​ណា​ឡើយ។

យើង​ជា​សង្សារ​នឹង​គ្នា ​តាំង​ពី​ពេល​នោះ​មក។ យើង​និយាយ​ឆាប់​ចូល​គ្នា​ណាស់ ហើយ​ខ្ញុំ​ក៏​សន្យា​​ជាមួយ​នាងទៀត​​ថា ខ្ញុំ​នឹង​សុំ​រៀប​ការ​ជាមួយ​នាង ​នៅ​ថ្ងៃ​គម្រប់​ខួប​៧ឆ្នាំ​ដែល​យើង​ទាំង​ពីរ​បាន​ជួប​គ្នា។

រាល់ៗ​ល្ងាច ​ខ្ញុំ​តែង​តែ​ទៅផ្ទះ​​ជួល​របស់​នាង​។ យើង​តែង​តែ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ជានិច្ច។ នាង​ជា​អ្នក​ធ្វើ​ម្ហូប​ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជាមេផ្ទះ ដ៏​ល្អ​នៅ​អនាគត។ ចំណែក​ខ្ញុំ​​ដែល​ជា​មនុស្ស​ខ្ជិល​ច្រអូស ក៏​បានត្រឹម​​តែ​ជួយ​លាង​ចាន​នាង​ប៉ុណ្ណោះ។ គ្រប់​   វិនាទី​​ដែល​យើង​​នៅ​ជាមួយ​គ្នា ខ្ញុំ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់ ខ្ញុំ​ស្ទើរ​តែ​អត់​ទ្រាំ​រង់​ចាំ​ដល់​ថ្ងៃ​រៀប​ការ​មិន​បាន ខ្ញុំ​ចង់​តែ​រៀប​ការ​នៅ​ថ្ងៃ​ស្អែក​ៗនេះទេ! បាន​រៀប​ការ​ជាមួយ​រតន៍,​ នារី​ដែល​ខ្ញុំ​ស្រឡាញ់​ជាង​ជីវិត​ ប្រាកដ​​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​ គឺ​ជា​សេចក្តី​សុខ​ដែល​ធ្វើឲ្យ​ខ្ញុំ​​​​​ភ្លេចភ្លាំង​​ម្តង​ម្កាល​ទៅ​​​​​​​ថា ខ្លួន​ឯង​កំពុង​រស់​នៅ​លើ​ពិភព​លោក​មួយ​ ដែល​មាន​អ្នក​ដទៃ​ទៀត​រស់​នៅ​ជា​មួយ​​ដែរ។ ​​​

គ្រប់​យ៉ាង​មើល​ទៅ​គឺ​ដំណើរ​ការ​ល្អ​ធម្មតា រហូត​មក​ដល់​មួយ​ខែ​ មុនថ្ងៃ​រៀប​ការ​របស់​យើង​ រតន៍​ក៏​ប្រែ​ប្រួល​អស់…

រតន៍​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​នាង ​ដូច​ទម្លាប់​រាល់ៗល្ងាច តែ​នាង​មិន​ព្រម​និយាយ​ជាមួយ​​ខ្ញុំទេ។ ខ្ញុំ​ក៏​មិន​ដឹង​ថា​​ត្រូវ​ធ្វើ​យ៉ាង​ណាដែរ​ គឺ​បាន​តែ​ត្រឹម​អង្គុយ​ក្បែរ​នាង​ស្ងាត់ៗមើល​នាង​យំយែក។ ខ្ញុំ​អង្អែល​ដៃ​នាង​ថ្នមៗ នាង​សម្តែង​អាការភ្ញាក់រអារតិចៗ មុន​នឹង​គ្រញែង​ខ្លួន​​​​ដើរ​គេច​ចេញ​​ពី​ខ្ញុំ​ទៅ។

រតន៍​កើត​អីហ្ន៎? ខ្ញុំ​បាន​ត្រឹម​តែ​សួរ​ខ្លួន​ឯង​។ នាង​ព្រងើយ​កន្តើយ មិន​ចង់​និយាយ​ជាមួយ​ខ្ញុំ ប្រហែល​ជានាង​ខឹង​ព្រោះ​ជិត​ដល់​ថ្ងៃ​រៀប​ការ​ហើយ តែអ្វីៗ​គ្រប់​ច្រើន​យ៉ាង​នៅ​មិន​ទាន់​រៀប​រយ​ទេដឹង? ឬ​ក៏​នាង​រំភើប​ពេក ដែល​នឹង​​ក្លាយ​ជាកូន​ក្រមុំឆាប់ៗ​នេះ​ រហូត​កើត​ក្លាយ​ជាស្ត្រែស?

តែ​មិន​អី​ទេ… ខ្ញុំ​នឹង​អត់​ធន់ ​តាំង​ចិត្ត​តាំង​ជំហរ នៅ​ក្បែរៗ​នាងជានិច្ច។

កន្លង​ទៅ​៣ថ្ងៃ គ្រប់យ៉ាង​ក៏​នៅ​តែ​ខុស​​ប្រក្រតី​ដដែល។ នាង​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​អង្គុយ​ក្បែរៗ​នាង តែ​នាង​មិន​និយាយ​ជាមួយ​ខ្ញុំ​ ធ្វើ​ដូច​ខ្ញុំ​ហ្នឹង​គ្មាន​រូប​រាង គ្មាន​វិញ្ញាណ​សោះ​តែ​ម្តង។ តើ​នាង​កំពុង​ធ្វើអ្វី? នាង​ខឹង​ខ្ញុំ​ហ៎? ឬមួយ​ខ្ញុំធ្វើ​អ្វី​ខុស​ដែល​នាំ​ឲ្យ​នាង​មិន​ពេញ​ចិត្ត?​​

នៅ​ទីបំផុត​ខ្ញុំ​ក៏​សម្រេច​ចិត្ត​សួរ…

«រតន៍ អូន​កើត​អ…» ខ្ញុំ​មិន​ទាន់​នឹង​និយាយ​ចប់​ផង​ សំឡេង​គោះ​ទ្វារ​ក៏​លាន់​ឡើង​។ នាង​ងើប​ទៅ​បើក​ទ្វារ ក៏​លេច​រូប​លក្ខិណា​ មិត្ត​ជិតស្និទ្ធតែ​ម្នាក់​របស់​នាង​។

«គ្នា​ទិញ​ម្ហូប​មក សុំ​​ញ៉ាំ​បាយ​ជាមួយ​ម្នាក់​ដែរណ៎ា!»

លក្ខិណា​និយាយ​រាក់​ទាក់​នឹង​រតន៍​ដោយ​ញញឹម​ញញែម។

«អឺ… ចូល​មក។»

«សួស្តីលក្ខិណា!»

ខ្ញុំ​សួរ​រាក់​ទាក់​នាង​​ តែ​គេ​ទាំង​ពីរបែរ​ជាធ្វើ​ព្រងើយៗ ដូច​រូប​ខ្ញុំ​នេះ​គ្មាន​មុខ​នៅ​ទីនោះ។ ស្អីគេ!?? ដូច​ជាហួសហេតុ​ទេដឹង!!? មិន​ខ្លាច​គេ​ថា​គ្មាន​សុជីវធម៌​ទេហ៎ មើល​មក​ខ្ញុំ​នេះ​ថា​ជា​ស្អី​ទៅ??

ខ្ញុំ​ខ្វាយ​ខ្វល់​ពេក​ ក៏​គេច​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់​ដេក​ ហើយ​អ្វី​ម្យ៉ាង​នោះកាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វាយ​ខ្វល់​ទ្វេឡើង…

រតន៍​បានយក​រូប​ថត​របស់​យើង​ពី​រនាក់ ដែល​ធម្មតា​ដាក់​តាំង​នៅ​លើ​តុ​ក្បាល​ដំណេក​ ទៅ​ទុក​នៅ​ទី​ណា​ផ្សេង​ក៏​មិន​ដឹង។ ឃើញ​ដូច្នេះខ្ញុំ​កាន់​តែ​ពិបាកចិត្ត​ខ្លាំង​ឡើងៗ… ស្អីគេ ខ្ញុំ​មិន​ព្រម​ជាដាច់​ខាត!! ខ្ញុំ​មិន​ព្រម​ឲ្យ​រឿង​បែប​នេះ​កើត​ឡើង​ ដោយ​គ្មាន​ហេតុ​ផល​ទេ!!!

ខ្ញុំ​ក៏​ចាប់​ផ្តើម​រាវ​រក​យក​ស្លាប់​យករស់ តើ​រតន៍​យក​រូប​នោះ​ទៅ​លាក់ទុក​នៅឯណា? ទោះ​ជា​ត្រូវ​ឈ្លោះ​គ្នា​ព្រោះ​ខ្ញុំ​រុះរើ​បន្ទប់​នាង​ក៏​ដោយ​ចុះ នរណា​ឲ្យ​នាង​ធ្វើ​ហួស​ហេតុ​ដល់​ថ្នាក់​នេះ!!??

នៅ​ទីបំផុត ខ្ញុំ​ក៏​ឃើញ​ស៊ុម​រូប​ថត​នោះ នៅក្នុងថត​តុមួយ។ នាង​ផ្កាប់​រូប​នោះ​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុងថត​។ ខ្ញុំ​ទាញ​វា​ចេញ​មក​ ហើយ​យក​ទៅ​ដាក់​តាំង​នៅ​កន្លែង​ដើម។ រួច​រាល់​ហើយ ក៏​ប្រញាប់​ប្រញាល់ចេញ​ពី​បន្ទប់ ​ដោយ​សេចក្តីក្រោធខឹង។ ខ្ញុំ​ទាញ​ទ្វារ​បន្ទប់​បិទ​លាន់​សូរ​គ្រាំង!!!

 លក្ខិណា​ភ័យស្លន់​ស្លោ​​ស្រែក​ភ្លាត់​សំឡេង…

«បើ​គេនៅ​តែវិល​វល់ មិន​ទៅ​ណា​​បែប​នេះ តើ​ឯង​មិន​ខ្លាច​ទេ​ឬ​​ រតន៍​?»

«គេនៅតែ​អ៊ីចឹង​រហូត​មក​​ហើយ តាម​​ខ្ញុំ​ជាប់​រាល់ៗ​ថ្ងៃ ​មិន​ព្រម​ទៅ​ណា​ទេ។»     

រតន៍​​​តប​មួយៗហើយ​ក៏​ស្រវាឱប​លក្ខិណាយំ​ខ្សឹកខ្សួល ។

នេះ​ស្អីគេ មា​នរឿង​អី​កើត​ឡើង???

សូម​រង់​ចាំ​អាន​វគ្គ​បញ្ចប់!

សន្ទនា​ខ្មោច(តចប់) ខែ កញ្ញា 28, 2009

Posted by ផ្កាយ​Novels in រឿងខ្លី, រឿង​ខ្មោច.
5 comments

ស្អីគេហ៎ះ? សង្ស័យ​ស្រវឹង​មែន​ទែន​ហើយ! និយាយ​មើល​តែវាហ្នឹង​ ជា​​ខ្មោច​នៅ​យាម​​បន្ទប់​ទឹក។ ចាំ​មើល​ខ្ញុំ​នឹង​រំខាន​វាម្តង! ប៉ុណ្ណេះ​ហើយ ខ្ញុំ​មិន​ខ្លាច​ទៀតទេ!!!

 

«អូ៎… លោក​គឺ​ជា​អ្នក​សំអាត​​បន្ទប់​ទឹក​នៅ​ទី​នេះ​មែន​ទេ ទើបបាន​ជា​​​មកនៅ​​យូរ​ណាស់​ហើយ?»

«ហ៊ឹះ!​ ហ៊ឹះ! ហ៊ឹះ!…» វា​សើច​ទៀត​ហើយ ធ្វើ​ឫក​គួរ​ឲ្យ​ចង់​ដាល់​មែន​ទែន! «​លោក​លែង​​ខ្លាច​ខ្ញុំ​ទៀត​ហើយ​ឬ ទើប​ហ៊ាន​តមាត់​ត​សម្តី​?»

មើល​វា! មើល​វា!… នេះ​ខ្ញុំ​កាន់​តែ​ត្រូវ​វា​ឡក​ឡឺយ​ឲ្យ​ខ្លាំង​ឡើង​ៗ ​គ្រប់​ពេល​តែ​ម្តង​ហើយ។

«​ខ្ញុំ​មិន​ធ្លាប់​ខ្លាច​លោក​ទេ!»

«​ល្អ​ហើយ​អ៊ីចឹង ខ្ញុំ​នឹងបាន​និយាយ​​សប្បាយចិត្ត​​ខ្លះ​ ព្រោះអី​​គ្មាន​នរណា​ហ៊ាន​និយាយ​ជាមួយ​ខ្ញុំ​បាន​យូរ​ៗ​បែបនេះទេ កន្លង​មក។»

«ពិត​មែន​ហ៎?… លោក​ចូល​ចិត្ត​បបួល​អ្នក ​ដែល​កំពុង​ចូល​បន្ទប់​ទឹក​ជជែក​គ្នា​លេង​ណាស់​​ឬ? ធ្វើ​ការ​បែប​នេះ​ ប្រហែល​ជា​អផ្សុក​ស្លាប់​ហើយ ព្រោះ​មួយ​ថ្ងៃៗ​មិន​សូវ​បាន​និយាយ​ជាមួយ​អ្នក​ណា​ផង!» ខ្ញុំ​​តមាត់​តសម្តី​នឹង​វា។

«បាទ! អផ្សុក​ណាស់… ខ្ញុំ​ក៏​ព្យាយាម​បបួលគេ​ឯង ដែល​ចូល​មក​ប្រើ​បន្ទប់​ទឹក​នេះ​ ជជែក​ជានិច្ច តែ​ភាគ​ច្រើន… មិន​មែនទេ! ត្រូវ​និយាយ​ថា​ទាំង​អស់គ្នា គ្មាន​នរណា​ហ៊ាន​និយាយ​ជាមួយ​ខ្ញុំ​ឡើយ យ៉ាង​ច្រើន​​ណាស់ ក៏​មាន​ត្រឹមតែ​តប​សំណួរពីរបី​ម៉ាត់ ហើយ​ក៏​ស្ងាត់​ៗ​ទៅ។ ពួកគេ​ច្រើន​តែ​ស្លន់​ស្លោ​ ហើយ​ដោះ​ទុក្ខ​បាន​ខ្លះៗ ក៏​ខំ​ទ្រាំ​ទប់រួច​​ប្រញាប់​ទៅ​ចូល​កន្លែង​ផ្សេង… ខ្លាច​នោះខ្លាច​មែន​ទែន គឺ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ ជា​មនុស្ស​ដំបូង​ដែល​ហៅ​ថា បាន​និយាយ​គ្នា​ពិតៗ!!!»

«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» ​ខ្ញុំ​ត្រាប់​តាម​សំឡេង​សើច​របស់​វា «ក៏​ព្រោះ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​សភាពទាល់​ច្រកនេះ​ណា… ចង់​រត់​ទៅណា​ក៏​មិន​កើត! តែ​ក៏​មិន​ប្លែក​អី​ដែរ ដែល​អ្នក​ដទៃ​ទៀត​ មិន​ព្រម​ជជែក​​ជាមួយ​លោក ព្រោះ​អី​​បន្ទប់​ទឹកងងឹត​គួរ​ឲ្យ​ខ្លាច​បែប​នេះ នរណាៗ​ក៏​​គេ​គិត​ថា លោក​​ជា​ខ្មោច​ដែរ! …លោក​ត្រូវ​វេន​សំអាត​ពេល​យប់​ឬ?»

«អឺ… ក៏​បែបៗនេះឯង!» វា​ស្ងៀម​ស្ងាត់​បន្តិច​ទើប​ឆ្លើយ។

«លោក! ភ្លើង​ក្នុងបន្ទប់​ទឹក​ខូច​ហើយ​ណា ម្តង​ភ្លឺ​ម្តង​រលត់​ភ្លឹប​ភ្លែតៗ​​បែប​នេះ​ គួរ​ឲ្យ​រំខាន​ស្ទើរ​ឆ្កួត​ទៅ​ហើយ! ម្យ៉ាង​ទៀត​ក៏​គួរ​ឲ្យ​ខ្លាច​ផង​ ទើប​អ្នក​ដែល​ចូល​បង្គន់​កាន់​តែ​មិន​ហ៊ាន​និយាយ​ជាមួយ​លោក ព្រោះ​បរិយាកាស​បែប​នេះ​ ធ្វើ​ឲ្យ​​គេ​គិត​ថា​នឹង​​មាន​ខ្មោច​​ចេញ​​មកលង។ ប្តូរ​អំពូល​ភ្លើង​ចេញ​ទៅ​ណា នឹង​មាន​មនុស្សហ៊ាន​​និយាយ​​ជាមួយ​លោក​​កាន់​តែ​ច្រើន​ឡើង។»

«អ៊ីចឹង​ឬ?… ពិត​ជា​បាន​ផល​មែន​ហ៎?» វា​ធ្វើ​សំឡេង​យ៉ាង​ចាប់​អារម្មណ៍។

«បាន​មែនណ៎ា! បរិយាកាស​ក៏​សំខាន់ ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ចង់​ជជែក​គ្នា។»

«តែ​នៅ​ក្នុង​បារ​ក៏​ងងឹត​ដូច​គ្នា!» នៅ​មកតវ៉ា​ទៀត ត្រូវ​ឥឡូវ​ហើយ!!

«​តែ​នោះ​នៅ​ក្នុង​បារណាលោក មិន​មែន​នៅ​ក្នុងបង្គន់​សាធារណៈ​កណ្តាល​ផ្លូវ​បែប​​នេះ​ទេ! ហើយ​នៅ​ក្នុង​បារ​ក៏​មិន​មែនភ្លើងដាច់​ៗភ្លឺៗ ដូច​ក្នុង​កុន​ខ្មោចបែប​នេះ​​ដែរ!!!»

«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» វា​សើច​ទៀត​ហើយ! ឮ​វា​សើច​ពេល​ណា ខូច​អារម្មណ៍​គ្រប់​ពេល មិន​ដឹង​អង្កាល់​ទើប​រួច​ធុរៈ​ហ្ន៎!!! «​លោក​នេះ កំប្លែង​ដល់​ហើយ!» នេះ​វា​សរសើរ​ខ្ញុំ​តើ!​«បាន​តើ​លោក! ខ្ញុំ​ជឿ​លោក ខ្ញុំ​នឹង​ប្រាប់​អ្នក​សំអាត​វេន​ថ្ងៃ​ឲ្យ​ដូរ ហើយ​នឹង​ចាំ​មើល​ថា តើ​​នឹង​មាន​មនុស្ស​ហ៊ាន​និយាយ​ជាមួយ​ខ្ញុំ​ច្រើន​ជាង​មុន​ ដូច​លោក​ប្រាប់​ទេ?»

«អ្ហ៎ាវ!… ខ្ញុំ​មិន​បាន​ប្រាប់​ថា ប្តូរ​អំពូល​ហើយ នឹង​មាន​មនុស្ស​ហ៊ាន​និយាយ​ជាមួយ​លោកកាន់​តែ​ច្រើន​​នោះ​ទេ បើ​មិន​បាន​ផល​ លោក​មិន​យក​ទោស​ពៃរ៍​ខ្ញុំ​ស្លាប់​ហើយ​ឬ?»

«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!… ខ្ញុំ​មិន​យក​ទោស​លោក​ទេ!» មើល​វា​សើច​ចុះ រំខាន​អារម្មណ៍​ពិត​មែន!

«ចុះ​ហេតុ​អី​ លោក​មិន​ប្តូរ​ដោយ​ខ្លួន​ឯង គ្រាន់​តែ​ប្តូរ​អំពូល​ហ្នឹង?» ខ្ញុំ​សួរ​ព្រោះ​មិន​ចង់​ឲ្យ​វា​ប្រជែង​សួរ​រឿង​របស់​ខ្ញុំបាន​មុន។

«ចុះលោក​ជួយ​ប្តូរឲ្យ​ខ្ញុំ​ផង​បាន​ទេ អ៊ី​ចឹង?»

«…» មើល​វា… មើល​វា​ចុះ! អាព្រហើន! នៅ​មិន​នៅ​​មក​ឲ្យ​អតិថិ​ជន​​ ជួយ​ប្តូរ​អំពូល​​​ឲ្យ​វា!

«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» ​នៅ​ហ៊ាន​មក​សើច​ទៀត! «សុំ​ទោស! ខ្ញុំ​និយាយ​លេង​ទេ…​ហ៊ឹះ​! ហ៊ឹះ! ហ៊ឹះ!…»

«…»

«ពុទ្ធោអើយ! លោក​មិន​ឃើញ​ទេអ្ហេ៎… ក៏​ព្រោះ​ភ្លើង​ក្នុង​បន្ទប់​ទឹកដាច់ភ្លឺៗ​យ៉ាង​នេះ តើ​ឲ្យ​ខ្ញុំទៅ​មើលអី​ឃើញ? ហើយ​បើ​ចង់​ប្តូរ​អំពូល ក៏​ត្រូវ​បិទ​ភ្លើង​សិន​ដែរ បើ​បើក​ភ្លើង​ចោល​​បែប​នេះ​ មិន​ឆក់​ស្លាប់​ទៅ​ហើយ​ទេអ្ហេះ! តែ​នេះ​ក៏​យប់​ជ្រៅ​ទៅ​ហើយទៀត បើ​បិទ​ភ្លើង​ធ្វើ​ ក៏​មើល​អ្វី​មិន​ឃើញ​ទាំង​អស់​ហ្នឹង គឺ​មាន​​តែ​ចាំ​ធ្វើ​នៅ​ពេល​ថ្ងៃ​នេះទេ ទើប​មើល​​​ឃើញ។»

«អឺៗ… ខ្ញុំ​ភ្លេច​ទៅ សុំ​ទោស!»

«​មិន​ចាំ​បាច់​សុំ​ទោស​ទេ គ្រាន់​តែ​លោក​ចិត្ត​ល្អជជែក​ជាមួយ​ខ្ញុំ ក៏​ខ្ញុំ​សប្បាយ​ចិត្ត​​ស្ទើរ​ស្លាប់​ទៅ​ហើយ!»

អើ… ល្អ​ហើយ​ដែល​ដឹង​ខ្លួន​ទាន់!

«​លោក​ធ្វើ​ការ​នៅ​ទីនេះ​ មក​យូរ​ហើយ​មែន​ទេ?» ខ្ញុំ​សួរ​ត ព្រោះ​នៅ​ខ្លាច​ថា បើ​ខ្ញុំ​​ស្ងាត់ទៅ​ វា​នឹង​ជជីក​សួរ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។

«​បើ​និយាយ​ថា​ធ្វើ​ការ ​ក៏​មិន​សូវ​ត្រូវ​ប៉ុន្មាន​ណាលោក! តែ​បើ​និយាយ​ថា​ មក​នៅ​ទី​នេះ​យូរ​ហើយ ទើប​ត្រូវ​ជាង​​​​! តាម​គិត​មើល​ទៅ ខ្ញុំ​មក​នៅ​ទី​នេះ​​ក៏​ដូច​ជា​មិន​យូរ​ប៉ុន្មាន​ដែរ គឺ​​ប្រហែល​ជា​មួយ​​ឆ្នាំ​ជាង​ប៉ុណ្ណោះ!»

«​អឺ… លោក! ខ្ញុំ​ស្រេច​ធុរៈ​ហើយ… យ៉ាង​ណាៗ​ក៏​សុំ​​លា​ទៅ​សិន​ហើយ ព្រោះ​នៅ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៀត!»

«អ៊ី​ចឹងឬ… តើ​ខ្ញុំ​អាច​សុំ​តាមទៅ​​ជជែក​គ្នា​ត​បាន​ទេ? បាន​និយាយ​ជាមួយ​លោក​​​ ខ្ញុំ​មាន​​សេច​ក្តី​សុខ​ណាស់!»

ហ៊ើយ! អាឆ្កួត​នេះ វា​យ៉ាង​ម៉េចវាហ្ន៎!!?

«​មិន​ល្អ​ទេ​ដឹង​លោក?»

«​អ៊ីចឹង​ហ៎… ទៅ​ជាមួយ​មិន​បាន​ទេហ្ន៎!» វា​ធ្វើ​សំឡេង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ស្តាប់​ហើយ​គួរ​ឲ្យ​អាណិត​ជាង​គួរ​ឲ្យ​ខ្លាច។

«​ម្យ៉ាង​​លោក​ក៏​កំពុង​ជាប់​វេន​សំអាត​បន្ទប់​ទឹកទៀត មិន​អ៊ី​ចឹង​ឬ?… បើ​ចេញ​ទៅ ពេល​​នេះ ​មិនខ្លាច​​ត្រូវ​ចៅហ្វាយស្តីបន្ទោសទេហ៎?»

«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» សំឡេង​សើច​របស់​វា​គ្រា​នេះ ធ្វើ​ឲ្យ​ខ្ញុំ​បះ​រោម​គ្រប់​កន្លែង «​មិន​អី​ទេ កុំ​ទៅខ្វាយ​ខ្វល់​ច្រើន​​អី ព្រោះ​ទោះ​បី​ជា​ខ្ញុំ​ចង់​ទៅ​ខ្លាំង​ប៉ុណ្ណា ក៏​ទៅមិន​បាន​ស្រាប់​ទៅ​ហើយ! បើ​មិន​អ៊ី​ចឹង មិន​មែនខ្ញុំ​មកទ្រាំ​​នៅ​ជាប់​ខ្នោះ​បែប​នេះ​ទេ…»

«ហេតុ​អី​ក៏​និយាយ​បែប​នេះ? បើ​លោក​ធុញ​ទ្រាន់​ ម៉េច​មិន​រក​ការ​ងារ​ថ្មី​ធ្វើ​ទៅ?»

«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» វា​សើចយ៉ាង​ត្រជាក់​ស្រឹប​ម្តង​ទៀត តែ​លើក​នេះ​​មាន​ន័យ​​ចំអក​បង្កប់​នៅ​ក្នុង​សំឡេង​ ហើយ​មើល​​ទៅ​ហាក់​ដូច​ជា ​​វា​ចង់​សើច​ចំអក​ឲ្យ​ខ្លួន​ឯង​ច្រើន​ជាង «មិន​ងាយ​ស្រួល​ដូច​លោក​ថា​នោះ​ទេ! បើ​ងាយ​ស្រួល​យ៉ាងនេះ ខ្ញុំ​ទៅ​តាំង​ពី​យូរ​មក​ហើយ មិន​មែន​មក​​ស៊ូ​​ទ្រាំនៅ​​កណ្តោច​កណ្តែង​ម្នាក់​ឯង​បែប​នេះ​ឡើយ។»

«…»

អ៊ី​ចឹងហ៎… ខ្ញុំ​មិន​ដឹង​ជា​ត្រូវ​ជួយ​អាហ្គេហ៍នេះ​យ៉ាង​ម៉េច​ល្អទេ​ នេះ​ដល់​ថ្នាក់​សុំ​តាម​ខ្ញុំ​ទៅ​ជាមួយផង!! កាយ​វិការ​ទំនង​មិនសូវ​​ស្រួលសោះ… ខ្ញុំ​ប្រញាប់​រួស​រាន់​ចេញ​ទៅ​ល្អ​ជាង!!!

«លោក​ទៅ​ចុះ! ហើយ​សុំ​ទោស​ផង​ដែល​ខ្ញុំ​និយាយ​អ្វី​ប្លែកៗ ធ្វើ​ឲ្យ​លោក​មិន​សូវ​ស្រួល​អារម្មណ៍។ អរគុណ​ខ្លាំង​ណាស់ ដែល​​ករុណា​និយាយ​ជាមួយ​ខ្ញុំ! ​បើក​រថយន្ត​      ត្រឡប់​ទៅ​ផ្ទះ​ឲ្យ​ស្រួល​បួល​ណ៎ា ត្រូវ​មានសតិ​ក្នុង​ការ​បើក​បរ កុំ​ដេក​លក់​ឲ្យ​សោះ។»

​មើល​វាប្រដែប្រដៅ​ខ្ញុំចុះ! ខ្ញុំ​ស្ទើរ​តែ​ទ្រាំ​មិន​បាន តែ​វា​ព្រម​ដោះ​លែង​ខ្ញុំ​ទៅ​ដោយ​  ងាយៗ​បែប​នេះ​ក៏​ល្អ​ហើយ!

«បាទ! អរគុណ… សុខ​សប្បាយ​ណ៎ា!»

ខ្ញុំ​បើក​ទ្វារ​បង្គន់​ចេញ​មក ដោយអារម្មណ៍​ធូរ​ស្រាល ទុក្ខ​ធុរៈ​ក៏​ស្រេច​បាច់​រៀប​រយ​ ហើយ​ក៏​នឹង​បាន​ចេញ​ពី​បន្ទប់​ទឹកស្អុយៗ និង​​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពីមនុស្ស​ប្លែក​មុខ​ ដែល​ធ្វើ​ខ្លួន​ចម្លែកៗ​ដូច​មិន​គ្រប់​ដប់។

តែ​ភ្លាម​នោះ​ ខ្ញុំ​ក៏​បាន​ឮ​សំឡេង​​ចុង​ក្រោយ​របស់​វា​ មុន​នឹង​ខ្ញុំ​បើក​ទ្វារ​បន្ទប់​ទឹក​ដើរ​ចេញ​មក…

«លោក! …កុំ​ភ្លេច​ជួយ​ដាក់​បាត្រ​ឲ្យ​ខ្ញុំ​ផងណ៎ា!»​​

«អុ៎ញ!!!»

ខ្ញុំ​បើក​ទ្វារ​បន្ទប់​ទឹក​ចេញ​មកភាំងៗបន្តិចនឹង​សម្តី​សុំ​ចុង​ក្រោយ​របស់​វា ហើយ​ខ្ញុំ​ក៏​ដៀង​ភ្នែក​មើល​ទៅ​បង្គន់​បន្ទប់​ដំបូង… ព្រោះ​ប្រភព​សំឡេង​ ចេញ​មក​ពី​បន្ទប់​នៅ​ក្បែរៗ​ខ្ញុំ។

នៅ​ខាងក្នុង​… ទទេស្អាត!!!

ទ្វារ​បន្ទប់បង្គន់​នោះបើក​ចំហ​ចោល នៅ​ខាង​ក្នុង​គ្មាន​​នរណា​ទេ​ក្រៅ​ពី​ភាព​ទទេ​ ស្អាត។

ខ្ញុំ​ភ័យ​យ៉ាង​ខ្លាំង ស្ទើរ​​តែ​ក្អួត​ចង្អោរ។ ជើង​ទាំង​គូ​ញ័រ​ទទ្រើក​ស្ទើរ​តែ​ឈរ​មិន​ជាប់។ ខ្ញុំ​ងាក​ទៅ​មើល​ជុំ​វិញ​បន្ទប់​ទឹក អំពូល​នៅ​តែញាក់​ភ្លឹប​ភ្លែតៗ ភ្លឺ​ដាច់ៗដូច​ដើម។ នៅ​ក្នុង​បន្ទប់​ទឹក​គ្មាន​អ្នក​ណា​នៅ​ទេក្រៅ​ពី​ខ្ញុំ​ គឺ​ខ្ញុំ​តែ​ម្នាក់ប៉ុណ្ណោះ!!!

ខ្ញុំ​ប្រញាប់​ឈាន​ជើង​ថយ​ក្រោយ ​ហើយ​ទាត់​​ទ្វារ​បង្គន់​បន្ទប់​ទី៣ ដែល​នៅ​ម្ខាង​ទៀត​យ៉ាង​​​ខ្លាំង។ បើ​ត្រចៀក​ខ្ញុំ​ស្តាប់​ខុស​ដោយ​ខ្លួន​ឯងមែន​ ដែល​ថា​សំឡេងអាថ៌​កំបាំង​​នោះ​ឮ​​ចេញ​​មក​ពី​បង្គន់​បន្ទប់​ដំបូង តែ​ការ​ពិត​ចេញ​មក​ពី​បន្ទប់​ទី៣វិញ​ នោះ​ខ្ញុំ​សង្ឃឹម​ឲ្យ​ហើយ​ទៅ​ថា​ នឹង​ត្រូវ​បុរស​នោះ​ស្រែក​ជេរ​ខ្ញុំ​ជា​មិន​ខាន​ ​ថា​ហេតុ​អី​បាន​ជា​ខ្ញុំ​ទាត់​ទ្វារ​បន្ទប់​​នោះ…​​

តែ… បន្ទប់​នោះក៏… ទទេ​ស្អាត… គឺ​​ទទេ​ស្អាត​ដូច​បន្ទប់​ទី១ និង​បន្ទប់​ដែល​នៅ​ក្បែរៗ​នោះ។

ក្នុង​បន្ទប់​ទឹក​ទាំង​មូល​ មាន​តែ​ខ្ញុំ​ម្នាក់​ឯង​គត់​ ដែល​កំពុង​ឈរ​នៅ​ទីនោះ!!!

ចុះ​ខ្ញុំ​និយាយ​ជា​មួយ​នរណាម្នាក់​ឯង​ តាំង​ពី​យូរ​សែន​យូរមក​ហើយ​នោះ??!!! និយាយ​​​ម្នាក់​ឯង​ជាប់ឲ្យ​រដឹក តាម​វគ្គ​តាម​រឿង​ស្ទើរ​តែ​រក​កន្លែង​ចប់​គ្មាន​ផង! តែ​ពេល​មក​នឹក​ឃើញ​ថា មាន​សំឡេង​អាថ៌​កំបាំង​ឮ​ឡើង​នៅ​ក្នុង​បន្ទប់​ទឹក​ងងឹតៗ ក្នុង​ពេល​ពាក់​កណ្តាល​អធ្រាត្រ​ដូច្នេះ ខ្ញុំ​ក៏​បះ​រោម​ច្រាង​តែ​ម្តង។

ខ្ញុំ​ភ្ញាក់​ស្មារតីឡើង​ ប្រញាប់​ដាក់​លេខមួលហ្គែរ​ឆ្កែ​ដេញ រត់​ចេញ​ពី​បន្ទប់​ទឹក​ជា​    បន្ទាន់។ ម្តង​នេះ​ខ្ញុំ​ត្រូវ​គេ​(គេណា?​O,,O?)បោក​បញ្ឆោត​ពេញ​ទី!!!

រឿង​ដែល​​គេ​ធ្លាប់​និយាយ​លេង​សើច​តៗ​គ្នា​ថា ចូល​បន្ទប់​ទឹក​តាម​ស្ថានីយ៍​ប្រេង​ឥន្ទធនៈ​តាម​ផ្លូវ​ពេល​យប់​អធ្រាត្រ ប្រយ័ត្ន​ជួប​រឿង​លោះ​ព្រលឹង​នោះ​​ មិន​មែន​គ្រាន់​តែ​​ជា​រឿង​កំប្លែង​ទៀត​ទេ៕

​​​​​

សន្ទនាខ្មោច ខែ កញ្ញា 25, 2009

Posted by ផ្កាយ​Novels in រឿងខ្លី, រឿង​ខ្មោច.
6 comments

នេះ​ជា​លើក​ទី​១​ហើយ​ ដែល​ខ្ញុំ​សរសេរ​រឿង​ខ្មោច​បែប​កំប្លែង​ៗ​ បែប​​​នេះ។ ខ្ញុំ​ធ្លាប់​តែ​អាន​រឿង​ខ្មោច​របស់​ចាន់​ផល​ អាន​ពេល​ណា​​​ក៏​​ហៀរ​ទឹក​ភ្នែកដែរ​ មិន​មែន​ហៀរ​ទឹក​ភ្នែក​ព្រោះ​ភ័យ​រហូត​យំ​នោះ​ទេ តែ​ហៀរ​ព្រោះ​អស់​សំណើច​​​ខ្លាំង​ពេក។ :lol:

រឿង​នេះ​ខ្ញុំ​ចង់​ដាក់​ផ្សាយ​ តាំង​ពី​ថ្ងៃ​បិណ្ឌ​ភ្ជុំ​ម្ល៉េះ តែ​ដោយ​ពេល​នោះ​ខ្ញុំ​មាន​រឿង​មិន​សូវ​សប្បាយ​ចិត្ត​ ទើប​​មិន​បាន​មក​លេង​អ៊ីន​ធើណេត​ ព្រោះ​ពេល​មាន​ទុក្ខ​​​ខ្ញុំ​ចូល​ចិត្ត​​នៅ​ម្នាក់​ឯង…

សន្ទនាខ្មោច

ដោយ៖ យមបាល

 

ខ្ញុំ​ធ្វើ​ការ​ជា​វិស្វករ​ ឲ្យ​ក្រុម​ហ៊ុន​សំណង់​មួយ​នៅ​ភ្នំពេញ។ ប៉ុន្តែ​សំណង់​ភាគ​​ច្រើន​ដែល​ខ្ញុំ​ត្រូវ​ទទួលរ៉ាប់​រង​​ បែរ​ជា​​ស្ថិត​នៅ​តាម​ខេត្តទៅវិញ។ ដូច្នេះ​ជារឿយៗ​ខ្ញុំ​តែង​​បើក​     រថយន្ត​​ទាំង​កណ្តាលៗ​យប់​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ទាំង​នោះ ឬ​ធ្វើ​ដំណើរ​ត្រឡប់​មក​ភ្នំ​ពេញ​វិញ។

តាម​ផ្លូវ​ទាំង​នោះ​ តែង​តែ​មាន​ស្ថានីយ៍​ប្រេង​ឥន្ទធនៈ ដែល​បើកបម្រើ​សេវាកម្ម​២៤​ម៉ោង​​ បណ្តាក់​គ្នា​ជាហូរហែ។ ក្រៅ​ពីឈប់​ចត​ដើម្បី​ចាក់​សាំង​ ឬទិញ​ទឹក​ទិញ​នំចំណី​ញ៉ាំ ខ្ញុំ​មិន​ដែល​ចូល​ទៅ​ប្រើ​បន្ទប់​ទឹក​សាធារណៈ ក្នុង​កន្លែង​ទាំង​នោះ​ម្តង​ណាឡើយ។

រហូត​មក​ដល់​ថ្ងៃ​មួយ…

«អូ៎យ!… ហើយ​វា​កើត​ស្អី​វា​នេះ… ម៉េច​ក៏​មក​ឈឺ​អី​ពេល​នេះ​ទៅ​វិញ? ឈឺ​ពេល​ណា​មិន​ឈឺ​មក​ឈឺ​កណ្តាល​ផ្លូវ​… វេនកម្មមែន!!! ហើយ​ឲ្យ​ទៅ​យក​ចេញ​នៅ​ឯណានេះ???»

ខ្ញុំ​រអ៊ូ​ដាក់​ខ្លួន​ឯង​ខណៈ​ដែល​កំពុង​បើក​រថយន្ត​។ សំឡេង​តន្រ្តី​តាមវិទ្យុ​លាន់​រហ៊ឹម ម៉ាស៊ីន​ត្រជាក់ជះខ្យល់​ភាយៗ​ល្មម​ត្រជាក់​ស្រួល… តែ​បែរ​ជា​មិន​អាច​ជួយ​អ្វី​ខ្ញុំ​បាន​ទៅ​វិញ ព្រោះឈ្លើយ​សឹក​កំពុង​បុក​រុក​ខ្ញុំ​ពេញ​ទី។

ឈឺ​ពោះ​ខ្លាំង​ណាស់!!!… ខ្លាំងមែនទែន ស្ទើរ​តែ​លេច​ចេញ​មក​ហើយ!!! បើ​គ្រាន់​តែ​លេច​នោម​ធម្មតា មិន​ជា​បញ្ហា​ទេ​ព្រោះ​អាច​ឈប់​រថយន្ត​ ដោះ​ទុក្ខធុរៈ​ក្បែរ​ផ្លូវ​បាន តែ​នេះ​វា​ហួស​ពី​ការ​នោម​ណ៎ា!!!

ភ្លាមៗ​នោះ​ឯង​ ខ្ញុំ​ហាក់​ដូច​ជា​បាន​ជួប​ផ្លាក​សញ្ញា​ប្រាប់​ផ្លូវ​​​ទៅកាន់​ឋានសួគ៌… ផ្លាក​នោះ​សរសេរ​ថា៖

«ស្ថានីយ៍​ប្រេង​ឥន្ទធនៈ ៥គីឡូម៉ែត្រ»

ខ្ញុំ​ប្រញាប់​បង្កើន​ល្បឿន​ ដើម្បី​ទៅដល់​ស្ថានីយ៍​នោះឲ្យ​បាន​លឿន​បំផុត ព្រោះ​ខ្លាច​​​តែទៅ​មិន​ទាន់ អាសន្ន​ធំ​នឹង​មក​ដល់!!!​

ទន្ទឹម​នឹង​បញ្ហា​នេះ​ ខ្ញុំ​ក៏​នឹក​ដល់​រឿងកំប្លែង​មួយ ដែល​និយាយ​ពីបន្ទប់​ទឹក​នៅ​តាម​ស្ថានីយ៍​ប្រេង​ឥន្ទធនៈ​។

រឿង​នោះ​​និយាយ​ថា…

ចូល​បន្ទប់​ទឹក​តាម​ស្ថានីយ៍​ប្រេង​ឥន្ទធនៈកណ្តាល​​ផ្លូវ​ពេល​យប់ៗ ប្រយ័ត្ន​ជួប​រឿង​បះសក់។ …កណ្តាល​រាត្រី​ដ៏​ស្ងាត់​ជ្រងំ​មួយ បុរស​ម្នាក់បាន​ឈប់​រថយន្ត​ ដើម្បី​ចូល​ទៅ​ប្រើ​បន្ទប់​ទឹក​ នៅ​ខាង​ក្រោយ​ស្ថានីយ៍​ប្រេង​ឥន្ទធនៈ។

«អូ៎យ!… ទ្រាំ​លែង​បានហើយ!!!»

គេ​ប្រញាប់​រត់​សំដៅ​ចូល​បន្ទប់ទឹកយ៉ាង​ទាន់ហន់។ ភ្លើង​នៅ​ក្នុង​បន្ទប់​ទឹក​ញញាក់​ញញ័រ បើក​​បិទ​ភ្លឹបភ្លែតៗ ដែល​កាន់​តែ​ធ្វើ​​ឲ្យ​បរិយាកាស​នៅ​ក្នុង​បន្ទប់​ទឹក មើល​ទៅ​គួរ​ឲ្យ​ភ័យ​ខ្លាច​ទ្វេ​ឡើង​។ …តែ​នោះ​ជា​​ដំណាក់​កាល​ចុង​ក្រោយ​ហើយ គេ​ពិត​ជា​មិន​អាច​នៅ​រេរា​​បាន​ទៀត​ទេ។

«លោក​អើយ!… ទ្រាំ​លែង​បាន​ហើយ!!!»

បុរស​នោះត្បោល​ក្បាល​ចូលក្នុង​បង្គន់បន្ទប់​ទី២ ដើម្បី​បណ្តោះ​ទុក្ខទាំង​អស់ដែល​គេ​មាន​ដោយ​មិន​បាន​សង្កេត​ថា ក្នុង​បង្គន់​បន្ទប់​ផ្សេង​ៗ​ទៀត មាន​មនុស្ស​ចូល​ឬ​ក៏​អត់។

ភ្លាមៗ​នោះឯង…

«សួស្តីបាទ! យ៉ាង​ម៉េច​ហើយ​ឥឡូវ​នេះ?»

សំឡេង​អាថ៌កំបាំង ​របស់​បុរស​ម្នាក់​លាន់ឡើង។ សំឡេង​នោះ ឮខ្សាវៗស្រាល​ត្រជាក់ ធ្វើ​ឲ្យ​ព្រឺ​អស់​ប្រាណ​ហើយ​រោម​ក៏​បះ​គ្រប់​កន្លែង។ គេ​នឹកអង្វរ​​នៅ​ក្នុង​ចិត្ត​ថា កុំ​ទាន់​វ៉ើយ! ចាំ​គ្នា​រួច​រាល់​សិន… តែ​ដោយ​ខ្លាច​ថា ខ្លួន​ឯង​ធ្វើ​ឲ្យ​សំឡេង​អាថ៌​កំបាំង​នោះ មិន​ពេញ​ចិត្ត​ ហើយ​ម្ចាស់​សំឡេង​អាច​នឹង​ខឹង​ និង​មកចាប់គេកាច់​បំបាក់ក ទើប​ខំទប់​ចិត្ត​ទប់​អារម្មណ៍ ទ្រាំ​តប​តាម​សំណួរ៖​

«អឺ… បាន​ស្រួល​ខ្លួន​ខ្លះ​ហើយ!»

សំឡេង​អាថ៌កំបាំង​សួរ​ត​៖

«នឹងទៅណាហ៎?»

បុរស​នោះ​ ខ្លាច​ស្ទើរ​តែស្លាប់​នៅ​នឹង​កន្លែង​ទៅ​ហើយ តែ​ក៏​ខំ​ទប់​ចិត្តទ្រាំ​តប​ទៅ​ទៀត៖

«នឹង​ទៅ​ខេត្តនៅជិតៗនេះឯង…»

«ចុះ​ហេតុ​អី​ក៏​មិន​ទាន់​ដេក​ទៀត យប់​ជ្រៅ​ហើយ​ណ៎ា!??»

«ព្រោះ​កំពុង​ធ្វើដំណើ​រ​តាម​ផ្លូវ​ ដេក​មិន​ទាន់​បានទេ…»

​ទី​បំផុត សំឡេង​អាថ៌កំបាំង​នោះ ក៏​និយាយ​ចេញ​មក ដោយ​អត់​ទ្រាំ​ទៀត​លែង​​បាន៖

«​ខ្លួន​ឯង ប៉ុណ្ណឹង​សិន​ចុះណ៎ា! ចាំបន្តិច​ទៀត​នឹងទូរស័ព្ទ​ទៅ​ជា​ថ្មី។ បន្ទប់​ជិតៗ​ហ្នឹង​ កើត​ស្អី​វាក៏​មិន​ដឹង គេ​និយាយ​ជាមួយ​ខ្លួន​ឯង សួរ​ស្អី​ក៏​វា​តប​ទាំង​អស់ បែប​ចង់​ឆ្កួត​ហើយ!»

រឿង​ក៏​ចប់​នៅត្រង់​នេះ គឺ​វាបែរ​ជា​​ក្លាយ​ទៅ​ជា​រឿង​កំប្លែង​ទៅវិញ​។ ខ្ញុំ​នឹក​ដល់​រឿង​កំប្លែង​នេះ ហើយ​ញញឹមលួច​សរសើរអ្នក​និពន្ធ​ក្នុង​ចិត្ត​​តែ​ម្នាក់​ឯង ថា​ពូកែតែង​រឿង​បាន​ល្អមែន​ទែន ផ្តើម​រឿង​ដោយ​ភាព​ភ័យ​រន្ធត់ តែ​បញ្ចប់​ដោយ​ភាព​កំប្លែង។

គំនិត​ដែលអណ្តែត​អណ្តូង​នេះ ជួយ​សម្រាលការ​ឈឺ​ពោះ​របស់​ខ្ញុំ​បាន​មួយ​គ្រា។ តែ​បន្តិច… បន្តិច​មក​ វា​ក៏​ត្រឡប់​ជាឈឺ​ឡើង​វិញ​ ខ្ញុំ​ប្រញាប់​បង្កើន​ល្បឿន​រថយន្ត​ឲ្យ​កាន់​តែ​លឿន​ថែមទៀត ហើយ​ទី​បំផុត​ក៏​មើល​ឃើញ​ស្ថានីយ៍​ប្រេងឥន្ទធនៈ​នោះ។

ខ្ញុំ​ប្រញាប់​បត់រថយន្ត​ចូល​ទៅចត​នៅ​ខាង​មុខ​ទីនោះ ហើយ​ក៏​ប្រញាប់​លោត​ចុះ​ពី​លើ​រថយន្ត​ភ្លាមៗ រួច​រត់​ចូល​ទៅ​ក្នុង​បន្ទប់​ទឹកយ៉ាង​លឿន​បំផុត ​តាម​ដែល​អាច​ធ្វើ​បាន។

តែ… នៅ​ពេល​ខ្ញុំ​រត់​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ទឹក… ខ្ញុំ​ទច់​ដំណើរ​បន្តិច​នៅ​ពេល​ឃើញ​ថា… នៅ​ក្នុង​បន្ទប់​ទឹក​នោះ​ងងឹត​ខ្លាំង​ណាស់ ហើយ​ភ្លើង​ក៏​ញាក់​បើក​បិទ​ភ្លឹប​ភ្លែត​ៗ​​ទៀត តែ​ខ្ញុំ​ក៏​គ្មាន​ពេល​នៅ​ស្ទាក់​ស្ទើរ​ទៀត​ដែរ ខ្ញុំ​ប្រញាប់​មុជក្បាល​ចូល​ទៅ​ក្នុង​បង្គន់​បន្ទប់​ទី២ ហើយ​ស្រាត​ខោ​ចេញ​ខ្វាក​ ដើម្បី​ដោះ​ទុក្ខ​ជា​បន្ទាន់។

នៅ​ពេល​បាន​ស្រួល​ខ្លួន​បន្តិច​ហើយ ខ្ញុំ​ក៏​ចាប់​ផ្តើម​នឹក​ត្រឡប់​ក្រោយមក​វិញ​ ​ដោយ​អារម្មណ៍​​​ល្អ​ថា ចេះ​ឆ្កួ​ត​ទៅកើត! នៅ​សុខៗ​ក៏​នឹក​ខ្លាចដែរ គ្រាន់​តែ​ភ្លើង​បន្ទប់​ទឹក​ញាក់​ញ័រ​ បើកបិទៗ​ប៉ុណ្ណឹង ហើយ​ថែម​ទាំង​ចូល​បង្គន់​បន្ទប់​ទី២​ ដូចបុរស​នៅ​ក្នុងរឿង​ទៀត! អឺ… ថា​ទៅ​ខ្ញុំ​ក៏​ភ្លេច​មើល​ មិន​ដឹង​ជា​មាន​អ្នក​ដទៃ​ទៀត ចូល​បង្គន់បន្ទប់​​ក្បែរ​ខាង​នេះ​ ឬក៏​អត់     ផង។

ហើយ​ភ្លាមៗ​នោះ​ឯង…

«​សួស្តី​បាទ! យ៉ាង​ម៉េច​ហើយ​ឥឡូវ​នេះ?»

សំឡេងធំគ្រលរ​អាថ៌កំបាំង​មួយ លាន់​ឮ​ឡើង​ចេញ​ពី​បន្ទប់ក្បែរៗ​នោះ។

ខ្ញុំ​ទទួល​អារម្មណ៍​ថា អស់​សំណើច​ពិត​មែន! ចូល​បង្គន់​ហើយ ​នៅ​និយាយ​ទូរស័ព្ទ​ទៀត!!! ល្អ​ហើយ​នេះ ដែល​ខ្ញុំ​មាន​បទ​ពិសោធន៍ បាន​ដឹង​រឿង​មនុស្ស​និយាយ​ទូរស័ព្ទ​នៅ​ក្នុង​បង្គន់​បន្ទប់​ក្បែរៗ​គ្នា ដែល​ស្តាប់​ទៅ​ដូច​ជា​និយាយ​ជាមួយ​យើង​ រួច​មក​ហើយ​នោះ​ ទើប​ខ្ញុំ​គ្មាន​អារម្មណ៍​ភ័យខ្លាច​​អ្វីសោះ។ នេះ​បើ​មិន​ធ្លាប់​ដឹង​មក​ពីមុន​ទេ ប្រហែល​ជាលោះ​ព្រលឹង​ស្លាប់​ហើយ!!!

តែ​​ខ្ញុំសប្បាយ​ចិត្ត​ បាន​​ត្រឹម​តែ​មួយ​គ្រា​ប៉ុណ្ណោះ។

«អេ៎… លោក! ខ្ញុំ​និយាយ​ជាមួយលោកណ៎ា!»

ខ្ញុំ​ស្រឡាំងកាំង រោម​បះ​ច្រាង ហើយ​ចាប់​ផ្តើមនឹក​​ខ្លាច​​តិចៗ​។ ស្អីគេអ៊ីចែស! នៅ​  សុខៗ​​ក៏​មក​បបួល​មនុស្ស​ប្លែក​មុខ​ ដែល​កំពុង​ធ្វើ​ធុរៈ​ក្នុង​បង្គន់​បន្ទប់​ក្បែរគ្នា ជជែក​ទៅ​​វិញ!!?

តែ​ចាំ​មើល​បន្តិច​សិន​! គេ​អាច​នឹង​កំពុង​និយាយ​ទូរស័ព្ទ​ពិត​មែន​ក៏ថាបាន ព្រោះ​នៅ​​ខាង​ចុង​ខ្សែ​ម្ខាង​ទៀត​អាច​នឹង​សួរ​គេ​ថា តេ​មកចង់​​និយាយ​ជាមួយ​អ្នក​ណា?​ ទើប​គេ​និយាយ​ប្រយោគ​ខាង​លើនោះ​​ចេញ​មក។ គិត​ឃើញ​ដូច្នេះ​ ទើប​ខ្ញុំ​សម្ងំ​ស្ងៀម​តទៅ​ទៀត ហើយ​ចេះ​តែ​គិត​សុទិដ្ឋិនិយម​រហូត​ ថា​គេ​ប្រាកដ​ជា​មិន​និយាយនឹងខ្លួន​​ឯង​ទេ។

«នែ៎លោក! លោក​ដែល​ចូល​បង្គន់​ក្នុង​បន្ទប់ក្បែរៗ​ខ្ញុំ​នេះ ខ្ញុំ​និយាយ​ជាមួយ​លោក​​ណ៎ា!»

អ្ហ៎ា…? ស៊យ​ហើយ​ខ្ញុំ! គេ​និយាយ​ជាមួយខ្ញុំ​ពិត​មែនតើ… វេន​កម្ម​មែន! វា​ជា​នរណា​ហ្ន៎? អាបន្ទប់​ខាង​ៗ​នេះចម្លែក​មែន សូម្បី​តែ​ចូល​បង្គន់​ក៏​វា​បបួល​គេ​ជជែក​ដែរ។

ខ្ញុំ​ចាប់​ផ្តើម​ខ្លាចដិត​ជាប់​ក្នុង​អារម្មណ៍។ សម្តី​របស់​គេ​​នោះ​ទោះ​ជាសុភាព តែ​សំឡេង​លាន់​ឮ​គ្រលរ ហើយ​ស្តាប់មើល​ទៅ​កាច​សាហាវ​ណាស់ ច្បាស់​ជា​សំឡេង​របស់​មនុស្ស​ប្រុស​​ ដែល​មាន​មាឌ​ធំក្រអាញហើយ!! បើ​ខ្ញុំ​មិន​និយាយ​ជាមួយ​គេ​ គេ​នឹង​ចាំ​ស្ទាក់​ខ្ញុំ​ពេល​ចេញ​ពី​បន្ទប់​ទឹក ហើយ​ធ្វើ​ការ​ប្រដៅ​ណែនាំ​​ខ្ញុំ ដោយ​ការ​ស្អប់​ខ្ពើម​និង​​ក្រេវ​ក្រោធ​​ដែល​ខ្ញុំ​មិន​ព្រម​និយាយ​ជាមួយ ឬ​បើ​មិន​ដូច្នោះ​គេ​អាច​ជា​ចោរ​ ដែល​បញ្ឆោត​ធ្វើ​ជា​សួរ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ហើយ​រង់​ចាំ​ភ្ជង់​ប្លន់​ខ្ញុំ​ពេល​ខ្ញុំ​ចេញ​ពី​បន្ទប់​ទឹក​ក៏​ថា​បាន។

​ខ្ញុំ​គ្រវី​ក្បាល​ដាក់​ខ្លួន​ឯង… មិន​មែនទេ! គេ​ពិត​ជា​មិន​មែន​ជា​ចោរ​ដែល​​ចាំ​ស្ទាក់​ប្លន់​ខ្ញុំ​ទេ… បើ​មិន​អ៊ីចឹង​ មិន​មែន​គេ​មក​បបួល​ខ្ញុំ​ជជែក​​ឡើយ!! ចោរ​ត្រូវ​តែ​​ពួន​សម្ងំ​​ស្ងាត់ៗ​ មិន​មែន​ឡូឡា​ដូច្នេះ​ទេ ឬ​មួយ​ក៏​គេ​ស្រវឹង? អូ៎! មែន​ហើយ​ គេ​ពិត​ជា​ស្រវឹង​ប្រាកដ​ណាស់ ព្រោះ​បើ​មិន​អ៊ី​ចឹង​ មិន​មែន​គេ​មក​បបួល​ខ្ញុំ​ ដែល​ចូល​បង្គន់​ក្នុង​បន្ទប់​ក្បែរ​គ្នា​​​ជជែក​នោះ​ទេ។ មនុស្ស​ស្រវឹង​កាន់​តែ​គ្មាន​ហេតុ​ផល​ទៅ​ទៀត​ហើយ បើ​ខ្ញុំ​​មិន​តប​នឹង​វា​ ពេល​ខ្ញុំ​ធ្វើ​ធុរៈ​ស្រេច ច្បាស់​ជា​ត្រូវ​វា​ស្ទាក់​ដាល់​មិន​ខាន​។

«លោក!… លោក​ខ្យល់​គ​ទេ​ដឹង?»

សំឡេង​អាថ៌​កំបាំង​នោះ លាន់​ឮ​ម្តង​ទៀតបង្ខំ​​ឲ្យ​ខ្ញុំ​តប​សំណួរ​។​ ខ្ញុំ​ភ្ញាក់​ព្រើត​ដូច​គេ​កន្ត្រាក់! …​ធ្វើ​យ៉ាង​ម៉េច​ល្អ​ហ្ន៎? ខ្ញុំ​ភ័យ​ស្ទើរ​តែ​រួញ​ខ្លួន​អស់ទៅ​ហើយ តែ​នៅ​ដោះ​ទុក្ខជាមួយ​​ម្ចាស់​កម្ម​ មិន​ទាន់​រួច​រាល់​​សោះ។​

«លោក​! បាន​ស្រួល​ខ្លួន​ហើយឬ​នៅ​ ពេល​នេះ?»

នុ៎ះ! កាន់​តែ​ខ្លាំង​ហើយ​តើ​ខ្ញុំ!!! ណ្ហើយ… ខ្ញុំ​សម្រេច​ចិត្ត​តប​ទៅចុះ ព្រោះ​ខ្លាច​ពេល​ដោះ​ទុក្ខ​រួច​រាល់​ហើយ​ ត្រូវ​មក​រង​កណ្តាប់​ដៃ​មនុស្ស​ស្រវឹង​ទៀត ខ្ញុំ​ច្បាស់​ជា​ស្លាប់​ហើយ។ កណ្តាល​យប់​តាម​ផ្លូវ​ស្ងាត់​បែប​នេះ បើ​កើត​រឿង​អាសន្នបន្ទាន់​យ៉ាង​ណា ក៏​ប្រហែល​ជា​គ្មាន​នរណា​អាច​មក​ជួយខ្ញុំ​បាន​ទាន់​ពេល​វេលា​ដែរ ឲ្យ​ដេក​រង​របួស​នៅ​ក្នុង​​​​បន្ទប់​ទឹក​នេះ​ពេញ​មួយ​យប់​ ខ្ញុំ​​ពិត​ជា​មិន​រស់​យ៉ាង​ប្រាកដ។

«អឺ… បាន​ស្រួល​ខ្លួន​បន្តិច​ហើយ…​បាទ!» សំឡេង​ខ្ញុំ​ឮញ័រ​តិចៗ។

«ហ៊ឹះ!​ ហ៊ឹះ! ហ៊ឹះ!…» ម្ចាស់​សំឡេង​អាថ៌កំបាំង​សើច «ខ្លាចឬ? កុំ​ខ្លាច​ខ្ញុំ​អី! ខ្ញុំ​មក​ល្អ​ជា​ទេ គ្រាន់​តែ​ចង់​បបួល​គ្នាជជែក​​លេង​ប៉ុណ្ណោះ។ ខ្ញុំ​នៅ​ទីនេះ​យូរ​មក​ហើយ ដូច្នេះ​ទើប​ទទួល​អារម្មណ៍​ថា អផ្សុក​និង​ឯកោ​ខ្លាំង​ណាស់។»

«ហ៊ើយ! វា​និយាយ​រឿងស្អីរបស់​វាហ៎ះ? ចូល​បន្ទប់​ទឹក​មក​យូរ​ហើយ? និង​មាន​អារម្មណ៍​ថា​ឯកោ​ទៀត? ឬមួយ​វា​ជាហ្គេហ៍!!!»

ម្ចាស់​សំឡេង​អាថ៌កំបាំង​នោះ នៅ​និយាយ​រង៉ូវ​មិន​ព្រម​ឈប់៖

«ខ្ញុំ​សួរ​ហើយ​មិន​ឃើញ​លោក​តប នៅ​ស្ងាត់​ៗ​មិន​ព្រម​មាត់​ក​ដូច្នេះ​ ខ្ញុំ​ខ្លាច​ក្រែង​លោក​​កើត​ជា​ខ្យល់​គ​ ព្រោះ​ទោះ​បី​ជា​បន្ទប់​ទឹក​នេះ​មិន​សូវ​ស្អុយ​ខ្លាំង​ តែ​ក៏​គ្មាន​អនាម័យ​ប៉ុន្មាន​ដែរ ធុំ​ក្លិន​ស្អុយតិចៗ មែន​ទេ​លោក?»

អេ៎… តើ​ខ្ញុំ​ត្រូវ​តប​យ៉ាង​ម៉េច​ល្អ?…

«អឺ… បាទ… មែន​ហើយ!»

«ហេតុអី​ ពេល​ដំបូង​លោក​មិន​និយាយ​ជាមួយខ្ញុំ? លោក​ខ្លាចឬ?»

កម្មមែន! វាប្រុង​យក​ចម្លើយ​ពី​ខ្ញុំ​ទាល់​តែ​បាន…

«មិន​មែន​អ៊ីចឹងទេ! ដំបូង​ខ្ញុំ​គិត​ថាលោក​កំពុង​និយាយ​ទូរស័ព្ទ… លោក​មិន​ធ្លាប់​ឮ​ទេ​ឬ?… រឿង​កំប្លែង​មួយ ដែល​មាន​អ្នក​ចូល​បង្គន់​​និយាយ​ទូរស័ព្ទ ហើយ​​ម្នាក់​ទៀត​​ដែល​នៅ​បន្ទប់​ក្បែរ​គ្នាឮ​ ក៏​ឆ្លើយ​តប​ទៅយ៉ាង​ព្រងើយ​ ព្រោះ​គិត​ថាអ្នក​នៅ​ក្នុង​បន្ទប់​ក្បែរៗ​នោះ​ និយាយ​ជាមួយ​ខ្លួន… ខ្ញុំ​មិន​ចង់​​ឲ្យ​ខ្លួន​ឯង​ត្រូវ​ខ្មាស​គេ​ ព្រោះ​ភាព​ឆ្គាំឆ្គង​បែប​នោះទេ ទើប​ខំ​​សម្ងំ​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​សិនថា លោក​ពិត​ជា​និយាយ​ជាមួយ​ខ្ញុំ​មែន។»

«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» វា​សើច​ទៀត​ហើយ។ សំឡេង​សើច​របស់​វា​ ធ្វើ​ឲ្យ​រោម​ខ្ញុំបះ​រាល់​លើក!!! «រឿង​ហ្នឹងហ៎… ខ្ញុំ​ក៏​ធ្លាប់​ឮ​ដូច​គ្នា ពិត​ជា​កំប្លែង​មែន! លោក​គិត​ត្រូវ​ណាស់ គឺ​យើង​ត្រូវ​ស្ងាត់​ចាំ​មើល​សភាព​ការណ៍​សិន ពេល​ច្បាស់​ហើយ​ចាំ​តប​ក៏​មិន​ទាន់​ហួស​ពេល​ដែរ បើ​មិន​ដូច្នោះ​ពិត​ជា​ត្រូវ​លក់​មុខ​មិន​ខាន​ឡើយ។ តែ​មិន​ចាំ​បាច់​បារម្ភ​ជាមួយ​ខ្ញុំ​ទេ ធ្វើ​ចិត្ត​ឲ្យ​សប្បាយៗ​ចុះ ព្រោះ​​ខ្ញុំ​កំពុង​និយាយ​ជាមួយ​លោក​ពិត​មែន។»

«បាទ!» ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​តប​យ៉ាង​ម៉េច។

«លោក​កំពុង​ធ្វើ​ដំណើរ​ទៅណាឬ?»

«បាទ! ត្រឡប់​ទៅផ្ទះ។»

«ហ៎ះ?… ទើប​តែ​មក​ពីណា បាន​ជាយប់​ម្ល៉េះ?»

នែ៎!… កំពុង​ជជីក​សួរ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ហើយ​តើ!! កម្មក្រាស់មែន!!! តែ​ខ្ញុំ​ក៏​ត្រូវ​បង្ខំ​ចិត្ត​តប។

«បាទ! មក​ពី​ធ្វើ​ការ។»

ខ្ញុំ​នឹក​ស្តាយ​ក្រោយ​ថា ថ្ងៃ​នេះ​​​មិន​ដឹង​ជា​ទៅ​ញ៉ាំ​ស្អី​មក​កាល​ពី​ល្ងាច​មិញ​ បានជា​ត្រូវ​​មក​ដោះ​​ទុក្ខ​ធ្ងន់​ធ្ងរ​យ៉ាង​នេះ មិន​ឃើញ​រួច​រាល់​ដោយ​ងាយ​ៗ​សោះ!! ធុញ​ផង​ខ្លាច​ផង​ដែល​ត្រូវ​មក​និយាយ​ជាមួយ​អាកម្ម​ក្រាស់​នេះ។

«ដោះ​ទុក្ខ​ពិបាក​ណាស់​ឬ? យូរ​ណាស់​ហើយ​ មិន​ឃើញ​រួចរាល់​អ៊ីចឹង? ល្ងាច​មិញ​ ទៅញ៉ាំ​ស្អី​មក​ពី​ណា​ បាន​ជា​ធ្ងន់​ធ្ងរ​យ៉ាងនេះ?»

នុ៎ះ! នុ៎ះ! វា​មើល​ចិត្ត​ខ្ញុំ​ធ្លុះ​ទៀត!!! ស្អី​គេ… សួរ​តែ​រឿង​ផ្ទាល់​ខ្លួន​សោះ​អ៊ីចឹង!!!

«​មិន​ដឹង​ដែរ… ភ្លេច​បាត់​ទៅ​ហើយ!!! ចុះ​លោក​វិញ ម៉េច​ក៏​យូរ​ដូច​គ្នា​អ៊ី​ចឹង?»

«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» វា​សើច​ទៀត​ហើយ សំឡេង​វាគួរ​ឲ្យ​រំខាន​ពិត​មែន។

«​មិន​ដឹង​ដូច​គ្នា ព្រោះ​យូរ​ណាស់​ហើយ ខ្ញុំ​ចាំ​មិន​បាន​ទេ!» វាតប «ខ្ញុំ​មក​នៅ​បែប​នេះ​​យូរ​ហើយ!»

ស្អីគេហ៎ះ? សង្ស័យ​ស្រវឹង​មែន​ទែន​ហើយ! និយាយ​មើល​តែវាហ្នឹង​ ជា​​ខ្មោច​នៅ​យាម​​បន្ទប់​ទឹក។ ចាំ​មើល​ខ្ញុំ​នឹង​រំខាន​វាម្តង! ប៉ុណ្ណេះ​ហើយ ខ្ញុំ​មិន​ខ្លាច​ទៀតទេ!!!

សូម​រង់​ចាំ​អាន​វគ្គ​បញ្ចប់!

ខ្មោច​ក្រោយ​សាលារៀន ខែ កក្កដា 28, 2008

Posted by ផ្កាយ​Novels in រឿង​ខ្មោច.
8 comments

ខ្មោចក្រោយ​សាលារៀន

ដោយ៖ យមបាល

បើនរណា មិន ធ្លាប់ ជឿថា មាន រឿង រ៉ាវអាថ៌កំបាំង ជា ច្រើ នៅលើ ភព ផែន ដី យើង នេះ ក៏សុំ ឲ្យ ជ្រាប ចុះ ថា នៅ មាន ខ្ញុំ ម្នាក់ ដែរ ដែល ជឿ លើ រឿង រ៉ាវ អាថ៌ កំបាំង ទាំង នោះ ព្រោះ ជា មួយ នឹង អ្វី ដែល ធ្លាប់កើត ឡើង និងអ្វី ដែល ខ្ញុំ ធ្លាប់ ជួប ពេល ខ្ញុំ រៀន ថ្នាក់ ទី ១០នោះ បាន នៅ ដក់ ជាប់ នៅក្នុង អារម្មណ៍ ខ្ញុំ ជានិច្ច ហើយ ខ្ញុំ មិន អាច នឹង លុប បំបាត់ បំភ្លេច ហេតុការណ៍នោះ ឲ្យ ជ្រះ ស្រលះ បានឡើយ។ រឿង រ៉ាវ ទាំង នោះធ្លាប់ មានគេ និយាយ តៗ គ្នាយូរ មក ហើយ តែ ខ្ញុំ មិន សូវ ជា ចាប់ អារម្មណ៍ ចំពោះរឿង អត់ ប្រយោជន៍ ទាំង នោះឡើយ។ រឿង ដែល ល្បី​ពី​មាត់​មួយ​ទៅ​មាត់​មួយ នោះ គឺ នៅ ក្រោយ សាលារៀ មាន បន្សល់ ផ្ទះបារាំង មួយ ខ្នង តាំង ពីសម័យ អាណានិគម មកម្ល៉េះ។ នៅម្តុំ នោះ តែ គេ ហៅ ថា សុពណ៌លីង ! សុពណ៌លីង!… ខ្ញុំ ក៏ មិន ដឹង ថា ហេតុ អី បានជា គេ ហៅ ឈ្មោះដូច្នោះដែរ ស្តាប់ មើល ទៅ ឈ្មោះ នេះ ក៏ដូចជា ចម្លែកៗ យ៉ាង ម៉េច មិនដឹង ទេ។ ប៉ុន្មានឆ្នាំមុន មុន ពេល ដែល ខ្ញុំ មក រៀន នៅ វិទ្យាល័យ នេះ នៅ ផ្ទះ បារាំង នោះ ធ្លាប់ មាន សិស្ស ស្រី ម្នាក់ បានធ្វើ អត្តឃាត ចង សម្លាប់ ខ្លួនឯង យ៉ាង វេទនា។

រឿង ដែល ធ្លាប់ មាន ពាក្យ និយាយតៗ គ្នានោះ គឺ ថានាង ចូល ចិត្ត មក លង បន្លាច ពញ្ញាក់ អារម្មណ៍ឲ្យ អ្នកដែល ទៅលេង ជិតៗនោះ ភ័យ បះ សក់ ជាញឹកញយ។ មូលហេតុ នៃ ការ សម្លាប់ ខ្លួន របស់នាង គឺ មក ពីខកចិត្តនឹង រឿង រ៉ាវ ស្នេហា ដែល សង្សារ ខ្លួន គេច មុខ មិន ព្រម ស្តាប់ ការ ពន្យល់ របស់នាង ទើប នាង បញ្ឈឺចិត្តសង្សារ ដោយ ការ ចងកសម្លាប់ ខ្លួន ឯង អ្នក ខ្លះ ក៏ និយាយថា នាង ស្រឡាញ់សង្សារ របស់ នាង ខ្លាំង ណាស់ ព្រោះ ពេល ប៉ូលីស មក ត្រួត ពិនិត្យ កន្លែង កើត ហេតុ ក៏ ប្រទះ ឃើញ សៀវ ភៅ កំណត់ ត្រា តូច មួយ ដែល សរសេរ អំ ពីអារម្មណ៍ របស់ នាង ចំពោះ សង្សារ យ៉ាង ពិស្តារ ហើយ មុន ពេល នឹង នាង ស្លាប់ នាង បាន សរសេរ សំបុត្រ ទុក ចោល ថា «អូន សុំទោស ចំពោះ អ្វី ដែល អូន បាន ធ្វើ នៅ ថ្ងៃ នេះ ហើយ អូន សង្ឃឹម ថា នៅជាតិ ក្រោយ អូន នឹង បាន ជួប ស្នេហា ដែល សម បំណង …»

ទោះជា មាន គេ និយាយថា ធ្លាប់ ជួប ខ្មោច លង ច្រើន លើក ច្រើន គ្រាមក ហើយក៏ដោយ ក៏ ខ្ញុំ និង មិត្ត ភក្តិជិត ដិត នៅ មិន ទាន់ ជឿ និង មិន ធ្លាប់ បាន ជួប នៅឡើយ ព្រោះ មិត្ត នៅ ក្នុង ថ្នាក់ ទាំង អស់ មិន ទាន់ មាន នរណា ធ្លាប់ ជួប ធ្លាប់ ឃើញ ហើយ យក មក និយាយ ឲ្យ ស្តាប់ នោះ ទេ។ តែ មាន ថ្ងៃ មួយ មិត្ត ជិតដិត របស់ ខ្ញុំ ម្នាក់ បាន មក និយាយឲ្យ ស្តាប់ថា មានមិត្ត នៅ បន្ទប់ ជាប់ នេះ ត្រូវ បាន វិញ្ញាណ ខ្មោច សម្តែង ឬទ្ធិឲ្យ ឃើញ រឿង រ៉ាវ កើត ឡើង ដោយ សារ គេ ហើយ នឹង មិត្ត ប្រុសៗ ជា ច្រើន ទៀត នាំ គ្នា លេង ទាត់ បាល់ ហើយ ត្រឡប់ ទៅ ផ្ទះ ល្ងាច ជ្រុល គឺ ពេល កំ ពុង លេង នោះ ស្រាប់ តែ គេ បាន ឃើញ មនុស្ស ស្រីម្នាក់ ឈរ នៅ ខាង មុខ ផ្ទះ បាក់ បែក នោះ ហើយ កំ ពុង បើក ភ្នែក សម្លឹង ចំ មក រក គេ។ ដំបូង គេ មិន បាន ចាប់ អារម្មណ៍ អ្វី ច្រើន ទេ ព្រោះ គិត ត្រឹម ថាមាន មនុស្ស ម្នាក់ កំពុង សម្លឹង គេ ដូច ថ្ងៃ ធម្មតា ប៉ុណ្ណោះ។ តែ មួយ សន្ទុះ ក្រោយ មក គេ ក៏នឹក ឃើញ ភ្លាម ថា ផ្ទះ បាក់ បែក នោះ គ្មាន នរណា ហ៊ាន ទៅក្បែរ ទេ ហើយ ថ្មើរ នេះ ហើយ ក៏ មិន សម មាន សិស្ស ស្រី នៅ ក្នុង សាលា ទៀត ដែរ។ ទន្ទឹម នឹង នឹក ឃើញ ដូច្នេះ គេ ក៏ ឈប់ ឈរ ទ្រឹង មួយ រំពេច ហើយដើម្បី ជា ការ ពិសោធន៍ ម្តង ទៀត មិត្ត ម្នាក់ នោះ ក៏ ងើយ មុខ ឡើង ហើយងាក ទៅ មើល ជា លើក ទី ស្រាប់ តែ បាត់ សិស្ស ស្រីម្នាក់ នោះ មិន ដឹង ទៅ ណា ឃើញ តែ វាល ល្ហល្ហេវ នៅពី មុខ ផ្ទះ ជួប រឿង ចម្លែក បែប នេះ មិត្ត នោះ ក៏ បះ រោម ច្រាង រក កល នឹង ប្រាប់ មិត្ត ដទៃ ទៀត តែ នៅ ពេល គ្រវាស ភ្នែក ទៅ ម្តង ទៀត គេ ក៏ ប្ឬ ទះ ឃើញ ខ្មោច ស្រីចង កទីង ណោង លៀន អណ្តាត ថ្លិលៗមួយ ចំអាម ដៃ គ្រាប់ ភ្នែក ធំៗ ២ប៉ុន ពង មាន់ លៀន ត្លែរ កំពុង សម្លឹង មក គេ ដោយ កែវ ភ្នែក យ៉ាង មុត ឃើញ ដូច្នោះ មិត្ត នោះ ក៏ ស្រែ ឡើង យ៉ាង រន្ធត់ ចិត្ត។

«ហ៊ើយ!… ជួយផង ! »

មិត្ត ភក្តិ ដទៃ ទៀត ដែល កំពុង រត់ បណ្តើរ បាល់ ក៏ ភ្ញាក់ ផ្អើល យ៉ាង ខ្លាំង នឹង សំឡេង ស្រែ នោះ។

«អ្ហា៎!… មាន រឿង អី កើត ឡើង? ឯង កើត អី

« ខ្ញុំ ត្រឡប់ ទៅ ផ្ទះ ហើយ!… អឺម៉េចៗ នាំ គ្នា ទៅផ្ទះ ឆាប់ៗណា៎ ក៏ទៅ ជា មួយ គ្នា តែ ម្តង ទៅក៏ បាន

ឃើញ កិរិយា ភិត ភ័យ របស់ គេ មិត្តភក្តិ ដទៃ ទៀត នាំ គ្នា ឆ្ងល់ សម្បើម ណាស់។ លុះ មក ដល់ ព្រឹក ស្អែក ឡើង មុន នឹង ចូលថ្នាក់ រៀន គ្រប់ គ្នា ក៏ បាន ដឹង ការ ពិត ថា មិត្ត ម្នាក់ នោះ ត្រូវ ខ្មោច លង បន្លាច នៅ ផ្ទះ បារាំង ក្រោយ សាលារៀន រឿង នេះ បាន ខ្ចរ ខ្ចាយ យ៉ាង ឆាប់ រហ័ស ពេញ សាលារៀន ហើយ ប៉ុន្មាន ថ្ងៃ តម កក៏ គ្មាន រឿង អ្វី និយាយគ្នា ក្រៅ ពីរឿង ព្រឺ រន្ធត់ មួយ នេះ ដែរ។ មួយរយៈ នោះ គេ សង្កេត ឃើញ ថា សិស្ស សាលា គ្រប់ៗ គ្នា តែង ប្រញាប់ ប្រញាល់ នាំ គ្នា ត្រឡប់ ទៅ ផ្ទះ តាំង ពី ក្បាលៗ ល្ងាច។ ក្មេង ដែល ធ្លាប់ លេង កី ឡា រាល់ៗ ល្ងាច ក៏ នាំ គ្នាខ្លាច មិន ហ៊ាន នៅ លេង ទៀត ពិសេសកន្លែង ដែល មិត្ត ម្នាក់ នោះ បានជួប ខ្មោច លង កាលពីថ្ងៃ មុន។ ឯអ្នក ខ្លះ ទៀត យក រឿង នេះ ទៅ គិត រវើ រវាយ ច្រើន ពេក រហូត ដេក មិន លក់ ក៏ មាន។

ពេល នេះ គ្រប់ គ្នាហាក់ ដូច ជា ប្រយ័ត្ន ប្រយែង គ្រប់ ជំហាន ទាំង អស់ ចំនែក ខ្ញុំ និង មិត្ត សម្លាញ់ ដ៏ជិត ដិត ម្នាក់នោះ ក៏ នាំគ្នាប្រយ័ត្ន ប្រយែង ទៅតាម គេ ឯង ដែរ។ មានគ្រា មួយ ខណៈ ដែល ខ្ញុំ កំពុង រៀន នៅក្នុង ថ្នាក់ … ពេល​នោះ​ជា​ម៉ោង​សម្រាក​ គ្រប់​គ្នា​នៅ​ក្នុង​បន្ទប់​ក៏​ជជែក​គ្នាលេង​តាម​ទម្លាប់​ តែ​ខ្ញុំ​បែរ​ជា​ដេក​លក់​ទៅមួយ​​ស្រឡេត​ ដូច​ត្រូវ​សណ្តំ​ ហើយ​ស្រាប់​តែ​យល់​សូង​ឃើញ​ថា​ ខ្ញុំ​កំពុង​ដើរ​លេង​នៅ​វាល​ទាត់​បាល់​ ហាក់​ដូច​កំពុង​ដើរ​ទៅរក​អ្វី​ម្យ៉ាង​ ហើយ​ផ្លូវ​ខាង​មុខ​ក៏​មើល​ទៅឃើញ​ព្រាលៗ​ ហ៊ុំ​ព៍ទ្ធ​ដោយ​ផ្សែង​អ័ព្ទ។ ព្រលឹង​ខ្ញុំ​ចេះ​តែ​ដើរ​ទៅមុខ​យឺតៗ រហូត​ខ្ញុំ​បាន​ឃើញ​នារី​ម្នាក់​ កំពុ​ង​ឈរញញឹម​ដាក់​ខ្ញុំ​ តែ​ខ្ញុំ​មិន​បាន​ញញឹម​តប​ទៅ​វិញ​ទេ ព្រោះ​កំ​ពុង​គិត​ថា តើ​ខ្ញុំ​ធ្លាប់​ស្គាល់​នារី​នោះ​​ពី​មុ​ន​មក​ឬទេ?… រំ​ពេចនោះ​ស្រាប់​តែ​ មាន​ដៃ​មួយ​មក​កន្រ្ទាក់​ទាញខ្ញុំ​ខ្លាំង​ៗ ហើយ​កាន់​តែ​ខ្លាំង​ឡើង​ៗ…

«គ្រូ​មក​ហើយ!… ភ្ញាក់!!! ភ្ញាក់​ឡើង​! គ្រូ​ថា​ឲ្យ​ឥឡូវ​ហើយ… លឿន​ឡើង​! ភ្ញាក់​បាន​ហើយ!»

តាម​ពិត​គឺ​ជា​សំឡេង​របស់​មិត្ត​ខ្ញុំ​ ដាស់​ខ្ញុំឲ្យ​​ចេញ​ពី​អារម្មណ៍រវើ​រវាយ។

«​ចេះ​ដេក​លក់​ទៅ​កើត​នៀក! ឯង​មិន​ធ្លាប់​អ៊ីចឹង​សោះ​​ពី​មុន​មក​ ចុះថ្ងៃ​នេះ​ម៉េច​ក៏​ចម្លែក​ម្ល៉េះ​!?» មិត្ត​ខ្ញុំ​រអ៊ូ​តិចៗ។

«កំពុងតែ​ឆ្ងល់​ដូច​គ្នា! គ្នា​ក៏​មិន​គិត​ថា​ គ្នា​នឹង​មក​អង្គុ​យ​លក់​អ៊ីចឹង​ដែរ ហើយ​កាល​ពី​យប់​មិញ​ ក៏​ចូល​ដេក​ពី​ក្បាល​ព្រលប់​ទៀត​ ម៉េច​ក៏​ទៅ​ជា​អ៊ីចឹង!?…. តែ…អំបាញ់​មិញ​ហ្នឹង​ ខ្ញុំ​ថែម​ទាំង​បានយល់​សប្តិ​ទៀត​ហ្ន៎!…»

«ស្អីគេ!???…» មិត្ត​ខ្ញុំ​ភ្ញាក់​ស្រែក​ភ្លាត់សំឡេងខ្លាំង​ៗ រហូត​ឮ​ដល់​គ្រូ។ ក្រោយ​ពី​សម្រួល​ឥរិយាបថ​ឡើង​វិញ​ គេ​ក៏​ខ្សឹបសួរ​ខ្ញុំ​តិចៗ​បន្ត។​ «មួយ​ភាំង​អំបាញ់​មិញ​ហ្នឹង​ ក៏​ឯង​ចេះ​យល់​សប្តិ​ដែរ​? កាន់​តែ​យ៉ាប់​ហើយ​ឯង​នេះ​!!!»។ ខ្ញុំ​ឱន​ខ្សឹប​ទៅ​គេ​វិញ៖

«​មែនណា៎! គឺ​ខ្ញុំ​យល់​សប្តិ​ឃើញ​ថា ​បានជួប​នារីម្នាក់…»

«នារីម្នាក់!!!???…» មិត្ត​ខ្ញុំ​ផ្ទួន​ពាក្យ​ ដោយ​ភ្ញាក់​ផ្អើល​ម្តង​ទៀត​ ហើយ​ខ្ញុំ​ក៏​រៀប​រាប់​ពី​បរិយាកាស និង​អារម្មណ៍ដែល​ខ្ញុំ​មាន​ក្នុង​សុបិន​ឲ្យ​មិត្ត​ភក្តិ​ស្តាប់។

ពេល​ស្តាប់​រឿង​រ៉ាវ​សុបិន​របស់​ខ្ញុំ​ចប់​ មិត្ត​ម្នាក់ៗ​ក៏​សម្តែង​ការ​យល់​ឃើញ​ដូចៗ​គ្នា តែ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្វី​ៗ​ដូច​ដែល​មិត្ត​ភក្តិ​និយាយ​ទេ ព្រោះ​ខ្ញុំ​មិន​សូវ​ចង់​ស្គាល់​នារី​នោះ​ ឲ្យ​ច្រន​ជាង​នេះ​ឡើយ​។ ពេល​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ ជិត​ស្ងប់​ស្ងាត់​ទៅ​វិញ​ខ្លះ​ៗ​ហើយ​ តែ​ហេតុ ត ​សម្លាញ់​ម្នាក់នោះ​ បែរ​ជា​ទទួល​អារម្មណ៍​ថា មាន​វិញ្ញាណ​វិល​វល់​នៅ​ក្បែរ​ៗ​ខ្លួន​ មិន​ខុស​ពី​រឿង​ដែល​យើង​ធ្លាប់​ឮ និង​ធ្លាប់​បាន​ជួប​នៅ​ក្នុង​សុបិន​នៅ​ថ្ងៃ​នោះ​ទៅ​វិញ​?… ហើយ​ថ្ងៃ​ដែល​ខ្ញុំ​និង​មិត្ត​ជំនិត​ត្រូវ​លោះ​ព្រលឹង​ ក៏​មកដល់។

ថ្ងៃ ​នោះ​ក្រោយ​ពី​បញ្ចប់​​ម៉ោង​រៀន​ យើង​ទាំងពីរ​នាក់​កំពុង​រៀប​ចំ​សៀវ​ភៅ​ប៊ិច​ ដាក់​ក្នុង​កាតាប​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​។ ថ្ងៃ​នោះ​យើង​ត្រូវ​ត្រឡប់​ទៅ ផ្ទះ​យឺត​ជាង​រាល់​ដង​ ព្រោះត្រូវ​វេន​សម្អាត​ថ្នាក់។ ពេល​ដែល​ខ្ញុំ​ប្រមូល​សំរាម​ជិត​អស់​ទៅហើយ ស្រាប់​តែ​មាន​ខ្យល់​បក់​ចូល​មក​ក្នុង​បន្ទប់​ ដោយ​បោក​ទង្គិច​​បង្អួច​យ៉ាង​ខ្លាំង ទោះ​បើយើង​បាន​បិទ​បង្អួច​ជិត​អស់​មុន​នេះ​ទៅ​ហើយ​ក្តី។ យើង​ទាំង​ពីរ​នាក់​ក៏​សម្លឹង​មុខ​គ្នា ហើយ​គិត​ថាថ្ងៃ​នេះ ប្រហែល​នឹង​ត្រូវ​ទទឹក​ភ្លៀង​ ពេល​ត្រឡប់​ទៅ ផ្ទះ​ជា​មិន​ខាន។​ ប៉ុន្តែ​​ពេល​យើង​ចេញ​ទៅ​មើល​ខាង​ក្រៅ ស្រាប់​តែ​ឃើញ​ផ្ទៃ​មេឃ ​ពណ៌ខៀវ​ទឹក​សមុទ្រ ស្រលះ​ល្វឹង​ល្វើយគ្មាន​ពពក​បន្តិច​ ខ្យល់​ក៏​ស្ងប់​មិន​ឃើញ​មាន​តម្រុយ​ថា នឹង​មាន​ភ្លៀង​សោះសូម្បី តែ​បន្តិច​។ យើង​ទាំង​ពីរ​នាក់​នឹក​ប្លែក​ចិត្តយ៉ាង​ខ្លាំង តែ​ដោយ​សារ​យើង​ចង់​ត្រឡប់​ទៅ​ផ្ទះ​ពេក ទើប​នាំ​គ្នាចាកចេញ ពី​បន្ទប់​រៀន​យ៉ាង​ប្រញាប់​ប្រញាល់។ ពេល​ពួក​យើង​ដើរ​ចេញ​មក​​​មិន​បាន​ប៉ុន្មាន​ជំហាន​ផង​ ក៏​ស្រាប់​តែ​ឮសំឡេងដូច​មាន​នរណា​ដើរ​តាម​មក​ដែរ​។ តាម​ផ្ទៀង​ស្តាប់​សំឡេង​នោះ គឺ​ដូច​មនុស្ស​ធម្មតា​កំពុង​ដើរ​ យ៉ាង​ពិត​ប្រាកដ តែ​ពេល​ខ្ញុំ​ក្រឡេក​ទៅ ក្រោយ​ ក៏​មិន​ឃើញ​មាន​នរណា។ លុះ​ពេល​ដើរ​តទៅទៀត​ សំឡេង​ចង្វាក់​ជើង​ដើរ​ ក៏ដូច​ជា​ធ្ងន់​ និង​ខ្លាំង​ឡើង​ៗ​ជា​លំដាប់។ ពេល​នេះ​យើង​ទាំង​ពីរ​នាក់​ ក៏ងាក​មើល​មុខគ្នា ហើយ​ប្រញាប់​បោះ ជំហាន​វែងៗ រត់យ៉ាង​លឿន​ចេញពី​ ចង្វាក់​ជើងដើរ​ដែល​ស្តាប់​មើល​ទៅ ​គួរ​ឲ្យ​ខ្លាច​។

អី ខ្ញុំ​និង​មិត្

សំឡេង​ដែល​តាម​មក​ក៏​បាត់​ទៅ ទើប​ពួក​យើង​ឈប់​ និង​សន្សឹមៗងាក​មើល​ក្រោយ​ ហើយ​រូប​ភាព​ដែល​យើង​ទាំង​ពីរ​នាក់​បាន​ឃើញ​ គឺនារីម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​សិស្ស ឈរ​ញញឹម​​មកពី​ឆ្ងាយ។​​​ ពេល​ឃើញ​បែប​នេះ​ យើង​ទាំង​ពីរ​នាក់​ក៏​ស្ទុះ​រត់​វឹង​ ព្រោះ​សេច​ក្តីភ័យ​ខ្លាច។ លុះ​ត្រឡប់​ទៅដល់​ផ្ទះ រឿង​រ៉ាវ​គ្រប់​យ៉ាង​ក៏​បាន​ផ្សព្វ​ផ្សា​យឲ្យ​ មនុស្ស​នៅក្នុង​គ្រួសារ​បានដឹង។ ម្នាក់ៗ​នាំ​គ្នា​បារម្ភ ព្រោះខ្លាច​ក្រែង​ខ្ញុំ​ភ័យ​ពេក រហូត​ដេក​គ្រុន​ឈឺជ្រុះ​សក់។

ពេល​ស្អែក​ឡើង​មកដល់​ថ្នាក់​រៀន​ រឿង​រ៉ាវ​ទាំង​នោះ​ក៏​កាន់​តែ​ធ្វើ​ឲ្យមិត្តភក្តិ​នៅក្នុង​ថ្នាក់​​​ ព្រឺ​រោម​បះ​សក់គ្រប់ៗ​គ្នា។ គ្រូប្រចាំថ្នាក់​ពេល​បាន​ជ្រាប​ហេតុការណ៍​នេះ​ ក៏​ប្រាប់​ឲ្យ​យើង​ទាំង​ពីរ​នាក់ កុំ​យក​រឿង​នេះ​ទៅគិតច្រើន​ពេក ផ្លូវ​ដែល​ល្អគឺ​ ត្រូវ​ទៅធ្វើ​បុណ្យ​ដាក់​បាត្រ ឲ្យ​នារី ម្នាក់​នោះ​ ដើម្បី​កុំ​ឲ្យ​នាង​មក​លង​បន្លាច​ទៀត។

នេះ​គឺ​ជា​រឿង​រ៉ាវ​របស់​ខ្មោច​ឬវិញ្ញាណ ជារឿង​មួយ​ដែល​យើង​ទាំង​ពីរ​នាក់​ ក៏​ដឹង​ច្បាស់​ថា ជា​រឿង​ដែល​មាន​ពិត​ និង​ប្រហែល​ជា​មិន​អាច​ធ្វើឲ្យ​យើង​បំភ្លេច​ ការ​លង​បន្លាច​នេះ​បាន​ឡើយ។