ពាក្យសន្យា(តចប់) ខែ តុលា 1, 2009
Posted by ផ្កាយNovels in រឿងខ្លី, រឿងខ្មោច, អាថ៌កំបាំង-អភិនិហារ.5 comments
ខ្ញុំមិនបានមករករតន៍៤ថ្ងៃពេញ ព្រោះនៅខឹងនឹងនាងច្រើនរឿងដែរ…។ នាងទៀតក៏ចិត្តអាក្រក់មិនព្រមទូរស័ព្ទមកលួងខ្ញុំសោះ។ ថ្ងៃនេះ ខ្ញុំហាក់ដូចជាស្ងប់ចិត្តបានខ្លះហើយ ទើបគិតថានឹងទៅនិយាយជាមួយនាងឲ្យច្បាស់លាស់ ឲ្យដឹងរឿងដឹងរ៉ាវតែម្តងទៅល្អជាង។
នាងមិនលួងខ្ញុំ ខ្ញុំទៅលួងនាងវិញក៏បាន។ ជាសង្សារនឹងគ្នា ខុសត្រូវធ្ងន់ស្រាលបន្តិចបន្តួចក៏ត្រូវចេះអធ្យាស្រ័យចំពោះគ្នា ហើយដែលសំខាន់យើងក៏កំពុងជិតរៀបការនឹងគ្នាផង ឲ្យមកធ្វើដូចកូនក្មេងម៉េចនឹងកើត ងចុះងឡើងចប់មួយអាទិត្យដល់មួយអាទិត្យ ច្បាស់ជាមិនសក្តិសមណាស់ទៅហើយ។
ខ្ញុំទៅរកនាងនៅបន្ទប់ ឃើញបន្ទប់មិនចាក់សោ ក៏លួចចូលទៅ។ ថ្ងៃនេះខ្ញុំក៏បានទិញផ្កាកុលាបជូននាង ដើម្បីឲ្យនាងភ្ញាក់ផ្អើលផង។ ខ្ញុំគិតថានឹងយក្ផ្កាកុលាបទៅដាក់នៅខាងមុខរូបថតរបស់យើងលើតុក្បាលដំណេក។ តែ… ដូចដើម នាងយករូបទៅលាក់ទុកនៅឯណាទៀតហើយក៏មិនដឹង? ចង់លេងលាក់ពួនជាមួយខ្ញុំឬយ៉ាងម៉េច? ទោះលាក់យ៉ាងណាក៏ខ្ញុំរកទាល់តែឃើញដដែល! ខ្ញុំយករូបមកដាក់តាំងនៅកន្លែងដើម ហើយក៏យកផ្កាកុលាបដាក់ខាងមុខរូប។
ខ្ញុំដើរចេញមកក្រៅបន្ទប់គេង ឃើញនាងកំពុងឈរលាងចាន។ នាងមើលទៅហាក់ដូចជាសោកសៅយ៉ាងចម្លែក។ មានអ្វីកើតឡើងឬរតន៍? អូនមានរឿងអ្វីលាក់នៅក្នុងចិត្តមែនទេ?
នាងនៅតែបន្តលាងចានដូចដើម ធ្វើជាមើលមិនឃើញខ្ញុំនិងស្តាប់មិនឮខ្ញុំសួរ។ ខ្ញុំសម្រេចចិត្តឈរចាំនាង។ ណ្ហើយ! មិនឃើញក៏មិនឃើញ ចាំឲ្យនាងទៅឃើញផ្កាកុលាបក្នុងបន្ទប់សិន អ្វីៗក៏ស្រេចបាត់ទៅហើយ!! ភាពរ៉ូមែនទិកបន្តិចបន្តួច ដែលភ្ជាប់មកជាមួយនឹងផ្កាកុលាប ក៏ប្រហែលជាអាចជួយអ្វីៗឲ្យបានប្រសើរឡើងវិញខ្លះ។
រំពេចនោះ ក៏មានមនុស្សមកគោះទ្វារ។ នាងប្រញាប់ជូតដៃ ហើយដើរកាត់មុខខ្ញុំទៅបើកទ្វារយ៉ាងប្រញាប់ប្រញាល់ ដោយធ្វើជាមើលមិនឃើញខ្ញុំដូចគ្រាៗមុន!
ទ្វាររបើកក៏លេចរូប… កិត្តិគុណចេញមក។
កិត្តិគុណ ធ្វើការក្នុងក្រុមហ៊ុនតែមួយជាមួយរតន៍ ហើយវាក៏ដឹងយ៉ាងច្បាស់ថា រតន៍មានសង្សាររួចទៅហើយ តែវាក៏នៅតែមកលេងមិនស្វាង គឺព្រោះវាចង់ដណ្តើមរតន៍ពីខ្ញុំនោះអី!!! ខ្ញុំទ្រាំមិនបានក៏ក្រោកឡើង ដើរសំដៅទៅមាត់ទ្វារដែរ។
«ហ៊ើយ! មកធ្វើអីហ៎?»
ខ្ញុំស្រែកសួរអាគុណ តែវាធ្វើជាមិនចាប់អារម្មណ៍។
«ត្រឡប់ទៅវិញទៅ ទីនេះគ្មាននរណាស្វាគមន៍ឯងទេ!» ខ្ញុំគំហកដាក់វាម្តងទៀត។
ខ្ញុំគិតថា ខ្ញុំស្រែកខ្លាំងអស់ប៉ុណ្ណឹងហើយ ព្រមទាំងគំហកដាក់វាដដែលៗទៀត តែអ្នកទាំងពីរធ្វើជាព្រងើយៗ ដូចជាគ្មានរូបខ្ញុំនៅទីនោះ។ ពួកគេឈរនិយាយគ្នាដូចគ្មានឮខ្ញុំនិយាយសោះសូម្បីតែបន្តិច។ នេះស្អីហ្នឹង!!? ចង់មកតាមបញ្ឈឺចិត្តខ្ញុំ ដល់បន្ទប់រតន៍បែបនេះហ៎? អ៊ីចឹងតើ! បានជារតន៍ប្រែប្រួល…
ខ្ញុំទ្រាំមើលតទៅទៀតមិនបាន ទើបដើរចូលទៅក្នុងបន្ទប់ដេកហើយទាញទ្វារបិទគ្រាំង!!!.. ទាំងរតន៍ទាំងកិត្តិគុណ ភ្ញាក់ព្រើតលោះអស់ព្រលឹង តែខ្ញុំមិនខ្ចីខ្វល់ទេ!!
ការដែលរតន៍ប្រែប្រួលយ៉ាងនេះ គឺពិតជាមកពីអាម្នាក់នេះហើយ។ ថ្ងៃមួយនោះដែលខ្ញុំបានលួចស្តាប់ឮ លក្ខិណានិយាយជាមួយរតន៍ថា បើខ្ញុំនៅតែតាមវិលវល់មិនព្រមទៅណាបែបនេះ មិនខ្លាចខ្ញុំទេហ៎? ក៏ប្រហែលជាចង់មានន័យលើរឿងនេះហើយ។ រតន៍អាចនឹងផ្លាស់ប្តូរចិត្តពីខ្ញុំទៅ តែមិនហ៊ានប្រាប់ខ្ញុំព្រោះមួយខែទៀតក៏ដល់ថ្ងៃសំខាន់របស់យើង។
តែរតន៍មានដឹងខ្លួនទេ?… ការដែលរតន៍មិនព្រមប្រាប់បង ហើយបណ្តោយឲ្យបងមកឃើញដោយខ្លួនឯងបែបនេះ វាឈឺចុកចាប់ប៉ុណ្ណា? មិនបាច់ខ្លាចបងទេរតន៍ បើអូនមិនហ៊ានហាមាត់ បងនឹងធ្វើជាអ្នកសុំបែកក៏បាន! បងនឹងធ្វើជាអ្នកបណ្តោយឲ្យអូនទៅ ដោយខ្លួនឯង ល្អជាងការមកស៊ូទ្រាំឃើញអូន ក្បត់បងនឹងមុខស្រស់ៗបែបនេះ។
បន្តិចមក ខ្ញុំក៏ឮរតន៍និយាយជាមួយអាម្នាក់នោះ៖
«ត្រឡប់ទៅសិនទៅណ៎ាគុណ ខ្ញុំត្រូវការនិយាយជាមួយបងសិទ្ធិ។»
«រតន៍មិនខ្លាចទេហ៎? ឲ្យខ្ញុំនៅកំដរទេ?»
អាឆ្លៀតឱកាស! ស្តាប់វានិយាយចុះ!!
«បងមិនធ្វើបាបរតន៍ទេ បងស្រឡាញ់រតន៍ ច្រើនជាងវាស្រឡាញ់ទៀត។»
ខ្ញុំមិនបានឮនាងតបថាយ៉ាងម៉េច ឮតែសំឡេងទ្វារបិទ នាងប្រហែលជាជូនអានោះរៀបរយហើយ។ មួយសន្ទុះមកនាងក៏បើកទ្វារបន្ទប់ចូលមករកខ្ញុំ។ នាងបើកទ្វារចូលមកហើយ ក៏សម្លឹងទៅមើលលើតុក្បាលដំណេកភ្លាមៗ។ នៅពេលឃើញរូបរបស់ពួកយើង ត្រឡប់មកតាំងនៅកន្លែងដើមវិញ ហើយថែមទាំងមានផ្កាកុលាបតាំងលំអនៅខាងមុខរូបដូច្នោះ នាងក៏ស្រែកយំភ្លាមៗ។
ហេតុអីក៏យំ? រំជួលចិត្តនឹកដល់ស្នេហ៍ចាស់ហ៎? ឬប្រហែលជាដឹងថាខ្លួនឯងធ្វើខុសច្រើនណាស់មែនទេ?… នាងចាប់រូបរបស់យើងមកឱបសម្លឹងទៅជុំវិញខ្លួន ហាក់ដូចជាកំពុងរកអ្វីម្យ៉ាង។
«បងសិទ្ធិ!… បងនៅក្នុងបន្ទប់នេះតើមែនទេ?» នាងស្រែកឡើងដោយសំឡេងខ្សឹកខ្សួល តែនាងបែរជាបែរមុខទៅរក ទិសផ្សេងគ្នានឹងខ្ញុំដែលកំពុងឈរ។
«មែនហើយ! បងនៅត្រង់នេះ នៅខាងក្រោយរតន៍នេះឯង ម៉េចមិនងាកមកមើល!!»
ខ្ញុំនិយាយឡើងដោយសំឡេងស្អកស្អា។ មិនចាំបាច់មកសួរនាំអីវែងឆ្ងាយទេ បើចង់និយាយរឿងអាម្នាក់នោះប្រាប់បង ក៏និយាយមកចុះ!!
«បងសិទ្ធិ! … អូនដឹងណ៎ា… ថាបងកំពុងនៅជាមួយអូន» នាងយំកាន់តែខ្លាំងឡើង «អូនមិនដឹងថា បងដឹងឬអត់… ថាអូននៅតែស្រឡាញ់បងជានិច្ច! …ស្រឡាញ់តាំងតែថ្ងៃនោះមក តាំងពីថ្ងៃដែលយើងដើរបុកទង្គិចគ្នា រហូតមកដល់ថ្ងៃនេះ។»
និយាយអីបែបនេះរតន៍? បើអូនពិតជាស្រឡាញ់បងមែន អូនមិនមែនក្បត់បងយ៉ាងនេះទេ!!!
«លក្ខិណាប្រាប់ថា អូនចាំបាច់ត្រូវតែប្រាប់ឲ្យបងដឹង ថាបង…» នាងព្យាយាមខាំមាត់សង្កត់ចិត្តមិនឲ្យខ្សឹកខ្សួល «លក្ខិណាគិតថា បងប្រហែលជាមិនទាន់ដឹងទេ ថា…»
មិនទាន់ដឹងថា បងជារបស់ចាស់! រតន៍ធុញទ្រាន់នឹងបងហើយ!! និងកំពុងបោះបង់បងចោល ហើយទៅរកបុរសថ្មីម្នាក់នោះ មែនទេ??? ហេតុអីរតន៍ធ្វើដាក់បងបែបនេះ? បងខំរក្សាសន្យារបស់បងជាមួយអូនរហូតមក… តែមើលអ្វីដែលអូនតបស្នងជាមួយបងចុះ!?!
«ហេតុអីរឿងបែបនេះ ត្រូវកើតឡើងចំពោះយើង ហ៎…បងសិទ្ធិ? យើងកំពុងតែជិតរៀបការនឹងគ្នា… ពេលវេលាដែលយើងទាំងពីរ ទន្ទឹងរង់ចាំមកជាយូរ រហូតមកដល់ពេលដែលកំពុងនៅនឹងមុខ ចុះហេតុអ្វី… ហេតុអ្វីត្រូវមកក្លាយជាដូច្នេះ???»
នាងយំខ្សឹកខ្សួលកាន់តែខ្លាំង។
«មួយអាទិត្យកន្លងទៅហើយ ដែលបងចាកចេញពីអូនទៅ។ អូនធ្វើចិត្តមិនបានពិតមែន ហេតុអីបងបោះបង់អូនចោល ឲ្យនៅម្នាក់ឯងបែបនេះ?»
កាន់តែរៀបរាប់នាងកាន់តែខ្សឹកខ្សួល។ ខ្ញុំឈរភាន់ភាំង រកនិយាយអ្វីមិនត្រូវ តើនាងកំពុងនិយាយរឿងអ្វីនេះ ខ្ញុំមិនយល់សោះ!!???
«ឯណាដែលបងថានឹងរក្សាសន្យានោះ? សន្យាថានឹងរស់នៅជាមួយគ្នារហូតទៅ!! តែបែរជាមកស្លាប់ ឲ្យអូនរស់នៅម្នាក់ឯងបែបនេះទៅវិញ តើមានន័យយ៉ាងម៉េចហ៎???»
នាងស្រែកគំហកដាក់ជញ្ជាំង ហើយទម្លាក់ខ្លួនអង្គុយចុះផ្ទាល់នឹងព្រំ យំខ្សឹកខ្សួលគួរឲ្យសង្វេគ។
ខ្លួនខ្ញុំញ័ររញ្ជួយគ្រប់សរសៃវិញ្ញាណ… ស្អីគេ? នាងនិយាយថាម៉េច? ខ្ញុំស្លាប់ហើយឬ???
រំពេចនោះ ស្រាប់តែលេចពន្លឺចាំងចិញ្ចែងចិញ្ចាច ជះចូលមកក្នុងក្បាលរបស់ខ្ញុំ… ហើយខ្ញុំក៏ចងចាំអ្វីគ្រប់យ៉ាងដែលកើតឡើង…
យប់នោះ ខ្ញុំចេញពីផ្ទះជួលរបស់រតន៍ នៅម៉ោងប្រមាណ១០យប់ ខ្ញុំដើរឆ្លងកាត់ថ្នល់ហើយក៏… មានរថយន្តដឹកទំនិញធំមួយ… បើកមកពីណាក៏មិនដឹង… បុកខ្ញុំពេញមួយទំហឹង… រហូតខ្ញុំស្លាប់ភ្លាមៗនៅនឹងកន្លែង។
«បងសិទ្ធិ! ក្រែងយើងសន្យានឹងគ្នាហើយមែនទេ? បើបងសន្យាហើយ បងនឹងមិនធ្វើខុសសន្យាទេ មែនទេ? ចុះហេតុអ្វី ហេតុអ្វីត្រូវក្លាយជាបែបនេះ? ក្រែងយើងបានសន្យានឹងគ្នាហើយតើ ថានឹងរស់នៅជាមួយគ្នារហូតទៅ? បងមិនធ្លាប់ធ្វើឲ្យអូនខកបំណងឡើយ ចុះហេតុអ្វី រឿងរបស់យើងត្រូវមកបញ្ចប់បែបនេះ? ឯណាដែលបងប្រាប់ថាយើងទាំងពីរនឹងរស់នៅជាមួយគ្នា យ៉ាងមានសេចក្តីសុខជារៀងរហូត ដូចភាគបញ្ចប់របស់រឿងនិទាននោះ? ហេតុអី ក៏បងទៅចោលអូនបែបនេះ?» រតន៍ស្រែកដង្ហោយយំពេញបន្ទប់ «ឲ្យអូនរស់នៅដោយរបៀបណាបើគ្មានរូបបង?» នាងខ្សឹកខ្សួលខ្លាំងឡើងៗគួរឲ្យអាសូរ។
ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េច បានត្រឹមតែឈរមើលនាងស្រែកទួញយំ និងថ្ងួចថ្ងូរគំហកដាក់ជញ្ជាំង ហើយផ្តួលខ្លួនដេកននៀលឱបរូបថតរបស់យើងទាំងពីរយ៉ាងណែន។ នាងយំហើយយំទៀត ហាក់ដូចជានាងនឹងត្រូវដាច់ខ្យល់ស្លាប់នៅនឹងកន្លែងនោះ។
«បងសិទ្ធិ! រតន៍ចង់ទៅនៅជាមួយបង» នាងសង្គ្រឺតធ្មេញខាំមាត់ស្រែក «យើងនឹងនៅជាមួយគ្នាជារៀងរហូត»។
ខ្ញុំចង់និយាយប្រាប់នាងថា មិនបានទេ! រតន៍នៅមានអនាគត ឱកាស និងក្តីសង្ឃឹមនៅមានជានិច្ចសម្រាប់រតន៍។ បងបានស្លាប់ទៅហើយ តែរតន៍នៅមានជីវិត រតន៍ត្រូវរស់តទៅទៀត រស់ជំនួសបង! រស់ដើម្បីបង!
តែ…
រតន៍ដឹងថា ខ្ញុំជាមនុស្សដែលរក្សាពាក្យសន្យាជានិច្ច ដែលនោះតែងតែធ្វើឲ្យខ្ញុំមានមោទនភាពចំពោះខ្លួនឯង។
មុននឹងដង្ហើមចុងក្រោយរបស់នាងផុតរលត់ទៅ ផ្ទៃមុខដ៏ស្រស់ផូរផង់របស់នាង ដែលធ្លាប់តែមានសាច់មានឈាម ពេលនេះត្រឡប់ជាសស្លេកស្លាំងដូចក្រដាស។ ខ្ញុំដឹងថា រាជនីរបស់ខ្ញុំនឹងលង់លក់ទៅដោយសេចក្តីសុខ នៅក្នុងរង្វង់ដៃរបស់ខ្ញុំរហូតទៅ ព្រោះពេលនេះនាងបានដឹងហើយថា…
ខ្ញុំរក្សាពាក្យសន្យាជានិច្ច៕
ពាក្យសន្យា ខែ កញ្ញា 29, 2009
Posted by ផ្កាយNovels in រឿងខ្លី, រឿងខ្មោច, អាថ៌កំបាំង-អភិនិហារ.2 comments
ស្នេហាដែលមិនសមតាមប្រាថ្នា… ពាក្យសន្យាដែលធ្វើឲ្យអារម្មណ៍វិលវល់… ទំនួលខុសត្រូវដែលនៅជាប់ស្ទះក្នុងចិត្ត… មុននឹងខ្លួនត្រូវស្លាប់…
ខ្ញុំជាមនុស្សដែលស្រឡាញ់ពាក្យសត្យ ហើយមិនដែលធ្វើខុសសន្យានឹងនរណាម្នាក់ឡើយ ដែលនោះគឺជាមោទនភាពរបស់ខ្ញុំ។
«ចាប់តាំងពីពេលនេះតទៅ យើងនឹងរស់នៅជាមួយគ្នារហូត។»
នេះគឺជាអ្វីដែលនាងនិយាយជាមួយខ្ញុំ នៅពេលដែលខ្ញុំសុំនាងរៀបការ។ ផ្ទៃមុខរបស់នាងដិតដាមដោយទឹកភ្នែកនៃសុភមង្គល។ នាងស្អាតណាស់ ស្អាតដូចព្រះរាជនីក្នុងទេវកថា។
«នឹកថាបងនឹងមិនសុំអូនរៀបការទេ ព្រោះអូនរង់ចាំថ្ងៃនេះយូរណាស់ហើយ!» នាងតវ៉ា។
«គ្មានផ្លូវទេ រតន៍ក៏ដឹងថា បងរក្សាសន្យាជានិច្ច! មិនអ៊ីចឹងហ៎?…»
«ព្រោះតែពាក្យសន្យានេះ ទើបធ្វើឲ្យបងមានមោទនភាពជានិច្ច!» រតន៍និយាយកាត់ខ្ញុំ បណ្តើរសើចបណ្តើរ។
«មិនបាច់មកត្រាប់តាមសម្តីបងទេ!»
«ក៏ព្រោះបងចូលចិត្តនិយាយបែបនេះ មិនមែនឬ? តែណ្ហើយចុះ! ដ្បិតបងជាមនុស្សបែបនេះហើយ ទើបអូនស្រឡាញ់បង។»
និយាយចប់ នាងក៏ឱបខ្ញុំយ៉ាងណែនមិនព្រមលែង ហើយខ្សឹបថា៖
«អរគុណបងខ្លាំងណាស់! បងត្រូវដឹងថា អូនជឿចិត្តបងជានិច្ច។»
ខ្ញុំមិនបាននិយាយអ្វីទាំងអស់ គ្រាន់តែញញឹមជំនួសសម្តីតប។
នេះគឺជាពាក្យសន្យា របស់យើងទាំងពីរនាក់។ យើងនឹងនៅជាមួយគ្នាយ៉ាងមាន សេចក្តីសុខរហូតទៅ។
…ខ្ញុំសន្យា…
រឿងស្នេហាខ្ញុំនិងរតន៍ឬ? ជួនកាលអ្នកទាំងអស់គ្នាអាចនឹងនៅសង្ស័យថា ស្នេហារបស់ពួកយើងចាប់ផ្តើមយ៉ាងណា?…
យើងស្គាល់គ្នាពេលចូលរៀននៅឆ្នាំទី១។ ថ្ងៃនោះគឺជាថ្ងៃចូលរៀនដំបូង ខ្ញុំមករៀនយឺតទើបប្រញាប់ប្រញាល់មិនបានជាមើល ក៏ដើរប៉ះទង្គិចនារីរូបស្រស់ម្នាក់ រហូតធ្វើឲ្យសៀវភៅនាងជ្រុះរាយពេញដី។ នៅពេលខ្ញុំឱនទៅរើសសៀវភៅជូននាង ក្បាលខ្ញុំក៏ប៉ះទង្គិចនឹងក្បាលនាងម្តងទៀត ព្រោះនាងក៏ឱនរើសសៀវភៅដូចគ្នា។ មែនហើយ! នារីម្នាក់នោះគឺរតន៍របស់ខ្ញុំ។ ព្រហ្មលិខិតបានកំណត់ឲ្យយើងទាំងពីរ ដើរលើខ្សែស្របតែមួយជាមួយគ្នា តាំងពីថ្ងៃនោះរហូតមកដល់ថ្ងៃនេះ។
រតន៍ជានារីដែលមានរូបសម្ផស្សស្រស់ស្អាតគួរឲ្យស្រឡាញ់ ដូច្នេះគ្មានរឿងអ្វីប្លែកទេ ដែលមានប្រុសៗជាច្រើនមកតាមសុំស្នេហ៍នាង ហើយទម្រាំខ្ញុំយកឈ្នះចិត្តនាងបានក៏ពិបាកដូចគ្នា។ នាងជ្រើសរើសយកខ្ញុំ ព្រោះនាងពេញចិត្តខ្ញុំ ដែលជាមនុស្សរក្សាសន្យា ហើយទោះជាមានរឿងអ្វីកើតឡើង ខ្ញុំក៏មិនដែលធ្វើឲ្យនាងខកចិត្តម្តងណាឡើយ។
យើងជាសង្សារនឹងគ្នា តាំងពីពេលនោះមក។ យើងនិយាយឆាប់ចូលគ្នាណាស់ ហើយខ្ញុំក៏សន្យាជាមួយនាងទៀតថា ខ្ញុំនឹងសុំរៀបការជាមួយនាង នៅថ្ងៃគម្រប់ខួប៧ឆ្នាំដែលយើងទាំងពីរបានជួបគ្នា។
រាល់ៗល្ងាច ខ្ញុំតែងតែទៅផ្ទះជួលរបស់នាង។ យើងតែងតែញ៉ាំអាហារពេលល្ងាចជាមួយគ្នាជានិច្ច។ នាងជាអ្នកធ្វើម្ហូប ដើម្បីត្រៀមខ្លួនធ្វើជាមេផ្ទះ ដ៏ល្អនៅអនាគត។ ចំណែកខ្ញុំដែលជាមនុស្សខ្ជិលច្រអូស ក៏បានត្រឹមតែជួយលាងចាននាងប៉ុណ្ណោះ។ គ្រប់ វិនាទីដែលយើងនៅជាមួយគ្នា ខ្ញុំមានសេចក្តីសុខខ្លាំងណាស់ ខ្ញុំស្ទើរតែអត់ទ្រាំរង់ចាំដល់ថ្ងៃរៀបការមិនបាន ខ្ញុំចង់តែរៀបការនៅថ្ងៃស្អែកៗនេះទេ! បានរៀបការជាមួយរតន៍, នារីដែលខ្ញុំស្រឡាញ់ជាងជីវិត ប្រាកដជាធ្វើឲ្យខ្ញុំមានសេចក្តីសុខខ្លាំងណាស់ គឺជាសេចក្តីសុខដែលធ្វើឲ្យខ្ញុំភ្លេចភ្លាំងម្តងម្កាលទៅថា ខ្លួនឯងកំពុងរស់នៅលើពិភពលោកមួយ ដែលមានអ្នកដទៃទៀតរស់នៅជាមួយដែរ។
គ្រប់យ៉ាងមើលទៅគឺដំណើរការល្អធម្មតា រហូតមកដល់មួយខែ មុនថ្ងៃរៀបការរបស់យើង រតន៍ក៏ប្រែប្រួលអស់…
រតន៍ឲ្យខ្ញុំចូលទៅក្នុងបន្ទប់នាង ដូចទម្លាប់រាល់ៗល្ងាច តែនាងមិនព្រមនិយាយជាមួយខ្ញុំទេ។ ខ្ញុំក៏មិនដឹងថាត្រូវធ្វើយ៉ាងណាដែរ គឺបានតែត្រឹមអង្គុយក្បែរនាងស្ងាត់ៗមើលនាងយំយែក។ ខ្ញុំអង្អែលដៃនាងថ្នមៗ នាងសម្តែងអាការភ្ញាក់រអារតិចៗ មុននឹងគ្រញែងខ្លួនដើរគេចចេញពីខ្ញុំទៅ។
រតន៍កើតអីហ្ន៎? ខ្ញុំបានត្រឹមតែសួរខ្លួនឯង។ នាងព្រងើយកន្តើយ មិនចង់និយាយជាមួយខ្ញុំ ប្រហែលជានាងខឹងព្រោះជិតដល់ថ្ងៃរៀបការហើយ តែអ្វីៗគ្រប់ច្រើនយ៉ាងនៅមិនទាន់រៀបរយទេដឹង? ឬក៏នាងរំភើបពេក ដែលនឹងក្លាយជាកូនក្រមុំឆាប់ៗនេះ រហូតកើតក្លាយជាស្ត្រែស?
តែមិនអីទេ… ខ្ញុំនឹងអត់ធន់ តាំងចិត្តតាំងជំហរ នៅក្បែរៗនាងជានិច្ច។
កន្លងទៅ៣ថ្ងៃ គ្រប់យ៉ាងក៏នៅតែខុសប្រក្រតីដដែល។ នាងឲ្យខ្ញុំចូលទៅក្នុងបន្ទប់អង្គុយក្បែរៗនាង តែនាងមិននិយាយជាមួយខ្ញុំ ធ្វើដូចខ្ញុំហ្នឹងគ្មានរូបរាង គ្មានវិញ្ញាណសោះតែម្តង។ តើនាងកំពុងធ្វើអ្វី? នាងខឹងខ្ញុំហ៎? ឬមួយខ្ញុំធ្វើអ្វីខុសដែលនាំឲ្យនាងមិនពេញចិត្ត?
នៅទីបំផុតខ្ញុំក៏សម្រេចចិត្តសួរ…
«រតន៍ អូនកើតអ…» ខ្ញុំមិនទាន់នឹងនិយាយចប់ផង សំឡេងគោះទ្វារក៏លាន់ឡើង។ នាងងើបទៅបើកទ្វារ ក៏លេចរូបលក្ខិណា មិត្តជិតស្និទ្ធតែម្នាក់របស់នាង។
«គ្នាទិញម្ហូបមក សុំញ៉ាំបាយជាមួយម្នាក់ដែរណ៎ា!»
លក្ខិណានិយាយរាក់ទាក់នឹងរតន៍ដោយញញឹមញញែម។
«អឺ… ចូលមក។»
«សួស្តីលក្ខិណា!»
ខ្ញុំសួររាក់ទាក់នាង តែគេទាំងពីរបែរជាធ្វើព្រងើយៗ ដូចរូបខ្ញុំនេះគ្មានមុខនៅទីនោះ។ ស្អីគេ!?? ដូចជាហួសហេតុទេដឹង!!? មិនខ្លាចគេថាគ្មានសុជីវធម៌ទេហ៎ មើលមកខ្ញុំនេះថាជាស្អីទៅ??
ខ្ញុំខ្វាយខ្វល់ពេក ក៏គេចចូលទៅសម្ងំក្នុងបន្ទប់ដេក ហើយអ្វីម្យ៉ាងនោះកាន់តែធ្វើឲ្យខ្ញុំខ្វាយខ្វល់ទ្វេឡើង…
រតន៍បានយករូបថតរបស់យើងពីរនាក់ ដែលធម្មតាដាក់តាំងនៅលើតុក្បាលដំណេក ទៅទុកនៅទីណាផ្សេងក៏មិនដឹង។ ឃើញដូច្នេះខ្ញុំកាន់តែពិបាកចិត្តខ្លាំងឡើងៗ… ស្អីគេ ខ្ញុំមិនព្រមជាដាច់ខាត!! ខ្ញុំមិនព្រមឲ្យរឿងបែបនេះកើតឡើង ដោយគ្មានហេតុផលទេ!!!
ខ្ញុំក៏ចាប់ផ្តើមរាវរកយកស្លាប់យករស់ តើរតន៍យករូបនោះទៅលាក់ទុកនៅឯណា? ទោះជាត្រូវឈ្លោះគ្នាព្រោះខ្ញុំរុះរើបន្ទប់នាងក៏ដោយចុះ នរណាឲ្យនាងធ្វើហួសហេតុដល់ថ្នាក់នេះ!!??
នៅទីបំផុត ខ្ញុំក៏ឃើញស៊ុមរូបថតនោះ នៅក្នុងថតតុមួយ។ នាងផ្កាប់រូបនោះចូលយ៉ាងជ្រៅទៅក្នុងថត។ ខ្ញុំទាញវាចេញមក ហើយយកទៅដាក់តាំងនៅកន្លែងដើម។ រួចរាល់ហើយ ក៏ប្រញាប់ប្រញាល់ចេញពីបន្ទប់ ដោយសេចក្តីក្រោធខឹង។ ខ្ញុំទាញទ្វារបន្ទប់បិទលាន់សូរគ្រាំង!!!
លក្ខិណាភ័យស្លន់ស្លោស្រែកភ្លាត់សំឡេង…
«បើគេនៅតែវិលវល់ មិនទៅណាបែបនេះ តើឯងមិនខ្លាចទេឬ រតន៍?»
«គេនៅតែអ៊ីចឹងរហូតមកហើយ តាមខ្ញុំជាប់រាល់ៗថ្ងៃ មិនព្រមទៅណាទេ។»
រតន៍តបមួយៗហើយក៏ស្រវាឱបលក្ខិណាយំខ្សឹកខ្សួល ។
នេះស្អីគេ មានរឿងអីកើតឡើង???
សូមរង់ចាំអានវគ្គបញ្ចប់!
ទូរស័ព្ទនិម្មិត(វគ្គ៥ចប់) ខែ មិថុនា 22, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងខ្លី, អាថ៌កំបាំង-អភិនិហារ.17 comments
ក្នុងវគ្គ៥នេះ ដែលជាវគ្គបញ្ចប់ លោកអ្នកនឹងជ្រួតជ្រាបពីអាថ៌កំបាំងទាំងឡាយ ដែលរឿងទាំងមូលបានលាក់ទុក តាំងពីផ្តើមរឿង…
មាននៅចាំទេ ថាចិន្តនាទទួលការហៅចូលរបស់ចេតសិកដំបូង នៅម៉ោងប៉ុន្មាន? [???]ចុះឧប្បត្តិហេតុ ដែលធ្វើឲ្យចេតសិកស្លាប់ កើតឡើងនៅម៉ោងប៉ុន្មានដែរ? នៅក្នុងវគ្គនេះ អ្នកនឹងដឹងថា លេខសម្ងាត់[450] ដែលចេតសិកប្រាប់ចិន្តនា មុននឹងដង្ហើមគេលែងដក មានអត្ថន័យយ៉ាងណា?
ចុះលោកអ្នកភ្លេចចេតនា ហើយឬនៅ? ចេតនា នារីម្នាក់ដែលមានពេលវេលាដើរលឿនជាងចិន្តនា២ឬ៣ថ្ងៃ… តែមកដល់វគ្គនេះ អ្នកនឹងដឹងថា ពេលវេលានោះមិនមែន២ឬ៣ថ្ងៃទេ តែ២ឬ៣ឆ្នាំទៅវិញ!
បើពេលវេលាអ្នកទាំងពីរ មានភាពខុសគ្នាដល់ទៅ២ឬ៣ឆ្នាំ តើមានអ្វីប្លែក? មាននៅចាំទេ ថាចិន្តនាធ្លាប់ឮសំឡេង របស់ចេតនាពីមុនមក? ចេតនាជឿជាក់ថា ចេតសិកនឹងតេមករកចិន្តនាម្តងទៀតនៅពេលក្រោយ? ចេតនាចូលចិត្តអានប្រលោមលោកដូចចិន្តនា? ចេតនាធ្លាប់មានបុរសនៅក្នុងបេះដូង? ចេតនាដឹងរឿងថា នឹងមានអ្វីកើតឡើង នៅពេលដែលចិន្តនានិងចេតសិកណាត់ជួបគ្នា?
លោកអ្នកមានធ្លាប់ចាប់អារម្មណ៍ ពីអាយុរបស់អ្នកទាំងពីរទេ? ចិន្តនាមានអាយុ១៧ឆ្នាំ ហើយចេតនាមានអាយុ២០ឆ្នាំ…
អានវគ្គ៥នៅទីនេះ លោកអ្នកនឹងដឹងការពិត!
អរគុណសម្រាប់ការតាមដានអានតាំងពីដើមរហូតដល់ចប់!
ទូរស័ព្ទនិម្មិត(វគ្គ២) ខែ ឧសភា 28, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងខ្លី, អាថ៌កំបាំង-អភិនិហារ.4 comments
នៅក្នុងវគ្គនេះ ចិន្តនាបានទទួលទូរស័ព្ទពីបុរសម្នាក់ ដែលនាងក៏មិនច្បាស់ក្នុងចិត្តថា តើបុរសនោះមានរូបរាងពិតប្រាកដ ឬគ្រាន់តែជាមនុស្សនៅក្នុងការស្រមើស្រមៃរបស់នាង?នាងអាចប្រឌិតបុរសម្នាក់នោះមកដោយខ្លួនឯងក៏ថាបាន ដើម្បីតបស្នងភាពឯកោរបស់ខ្លួន ដែលគ្មានមិត្តភក្តិនៅជុំវិញសូម្បីតែម្នាក់។ អ្វីដែលចម្លែកជាងនេះទៅទៀតនោះគឺ ពេលវេលានៅខាងបុរសនោះដើរយឺតជាងនាងមួយម៉ោង បានន័យថា បុរសនោះស្ថិតនៅក្នុងអតីតកាលរបស់នាង។
ក្នុងពេលជាមួយគ្នានេះ ចិន្តនាក៏បានទូរស័ព្ទចូលទៅក្នុងប្រព័ន្ធមនោមយិទ្ធិ របស់នារីម្នាក់ទៀត។ នាងក៏នៅតែមិនច្បាស់ក្នុងចិត្តដូចគ្នា ថាតើនារីនេះគឺជាម្នាក់ទៀត ដែលនាងប្រឌិតឡើងឬ? នៅពេលបាននិយាយជាមួយនារីម្នាក់នេះ បញ្ហាមន្ទិលក្នុងចិត្តជាច្រើនក៏បានត្រូវដោះស្រាយ។ នារីម្នាក់នោះក៏ស្ថិតនៅក្នុងពេលវេលាមួយដែលខុសគ្នានឹងនាងដែរ។ តាមការសន្និដ្ឋានដំបូងរបស់ចិន្តនា នាងគិតថា នារីម្នាក់នោះស្ថិតនៅក្នុងពេលវេលាមួយ ដែលដើរលឿនជាងនាង២ឬ៣ថ្ងៃ បានន័យថានារីម្នាក់នោះស្ថិតនៅក្នុងអនាគតកាល។ ហេតុអ្វីក៏រឿងចម្លែកបែបនេះអាចកើតឡើងបាន
នៅក្នុងវគ្គបន្ត អ្នកទាំងបីអាចនឹងរកវិធីដើម្បីជួបគ្នា តើការជួបគ្នារបស់ពួកគេអាចទៅរួចទេ បើម្នាក់ៗស្ថិតនៅក្នុងពេលវេលាខុសគ្នាយ៉ាងនេះ?
អានវគ្គទី២នៅទីនេះ!
សូមរង់ចាំអានវគ្គ៣!









