ភ្លៀងពិស ខែ តុលា 15, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, រឿងខ្លី.1 comment so far
ភ្លៀងធ្លាក់ទៀតហើយ!
ហេតុអ្វី គ្រប់ពេលដែលមានភ្លៀងធ្លាក់ម្តងៗ ខ្ញុំតែងទទួលអារម្មណ៍ឈឺពើតផ្សា អួលណែន ពេញដើមទ្រូងយ៉ាងនេះ?
ភ្លៀងធ្លាប់ជាទីសោមនស្សសម្រាប់ខ្ញុំ ធ្លាប់ជាទឹកមន្តសណ្តំហឫទ័យខ្ញុំឲ្យរីករាយ តែពេលនេះភ្លៀងគ្រប់តំណក់ត្រឡប់ក្លាយជាតំណក់ពិស ទន្ទ្រានជ្រួតជ្រាបចូលបំផ្លាញបេះដូងខ្ញុំ ឲ្យចុកចាប់រីងរៃស្ទើរស្លាប់ស្ទើររស់។
ភ្លៀងក្លាយជាចុងកាំបិតដ៏មុតស្រួចចាក់ទម្លុះបេះដូងខ្ញុំ។ តំណក់ភ្លៀងប្រៀបបាននឹងតំណក់ឈាម ដែលស្រក់ចេញពីស្នាមរបួសបេះដូង។ ភ្លៀងស្រក់កាន់តែខ្លាំងហើយយូរប៉ុណ្ណា បេះដូងខ្ញុំក៏កាន់តែឈឺផ្សានិងវេទនាប៉ុណ្ណោះ។
ក្ឌុង…!!!
សំឡេងផ្គរលាន់និងរន្ទះបាញ់លាន់សូរឆាំងៗ ធ្វើឲ្យញ័ររញ្ជួយកក្រើកបន្ទប់និងបន្តឮងឺងទ្រហឹងដល់ក្នុងត្រចៀក។ ខ្ញុំស្ទុះភ្ញាក់មមីងមមាំងកណ្តាលយប់ងងឹត ទ្រនិចភ្លើងហ្វានៅលើនាឡិកាដៃចង្អុលម៉ោង០២និង១៧នាទី…
វូ! វូ!… ព្យុះភ្លៀងកំពុងសម្តែងឫទ្ធិ ប្រយុទ្ធបោកបក់គម្រាមផែនពសុធា ឲ្យញ័ររញ្ជួយគ្រប់ទិសទី។ សន្ធឹកខ្យល់បោកកួចយកចំហាយត្រជាក់ មកសន្ធប់ដាក់សព្វសត្វឲ្យព្រឺរងាញ័រអស់អង្គប្រាណ។
គ្រែដេករបស់ខ្ញុំស្ថិតជាប់នឹងមាត់បង្អួច ដែលខ្ញុំមិនដែលបិទវាឡើយ ព្រោះទុកមើលមេឃមើលផ្កាយ មើលដួងខែនារាត្រីកាល មុនពេលចូលដេករៀងរាល់យប់។ តែយប់នេះមិនបិទមិនបានទេ ព្រោះលំអងភ្លៀងកំពុងសាចជះមកលើផ្ទៃមុខត្រជាក់ស្រេប ត្រូវតែប្រញាប់ស្រវាចាប់ទាញក្តារបង្អួចទាំងពីរមកបិទផ្ទប់គ្នាជាបន្ទាន់។
នៅពេលបង្អួចបិទជិតអស់ សំឡេងធម្មជាតិក៏ស្ងប់ស្ងាត់ចុះបន្តិច តែបេះដូងខ្ញុំត្រឡប់ជាញ័ររញ្ជួយនឹងភាពងងឹត ដែលមិនអាចមើលអ្វីឃើញនៅខាងក្រៅ។ ភាពងោកងុយក៏រសាត់បាត់ទៅមួយរំពេច តែចិត្តមួយត្រឡប់ជាឆ្ងល់នឹងខ្លួនឯងថា ហេតុអ្វីពេលនេះខ្ញុំមានអារម្មណ៍ខ្លាចភ្លៀង ខណៈដែលភ្លៀងធ្លាប់នាំភាពសុខក្សេមក្សាន្តមកឲ្យ?
ទេ!… ច្បាស់ក្នុងចិត្តហើយ ខ្ញុំមិនបានខ្លាចភ្លៀងទេ តែខ្ញុំខ្លាចការរើកន្លែងដេក រើភួយខ្នើយយកទៅហាលនៅថ្ងៃស្អែកទៅវិញតើ! ខ្ញុំសម្រេចចិត្តក្រោកមកឈរនៅមុខបង្អួច ត្រៀមដៃទាំងពីរបម្រុងនឹងរុញបន្ទះក្តារបង្អួចឲ្យបើកចំហជាថ្មី តែ… អឺ… កុំល្អជាង! នាំតែផ្តាសាយពិបាកកាន់តែខ្លាំងទេ។ គិតដូច្នេះហើយខ្ញុំក៏លោតឡើងលើគ្រែម្តងទៀត ហើយទាញភួយដែលនៅចុងជើងមកដណ្តប់ដេកសាជាថ្មី។
បិទភ្នែក១០វិនាទីកន្លងទៅ… ២០វិនាទី, ៣០វិនាទី ត្របកភ្នែកបិទជិតតែត្រចៀកនៅស្តាប់ឮសំឡេងភ្លៀងធ្លាក់និងខ្យល់បក់ ដែលគ្រប់វិនាទី វាហាក់ដូចជាកំពុងសម្តែងឫទ្ធិដ៏ឆ្កួតលីលា បង្កកំហឹងដាក់នរណាម្នាក់ឲ្យចេញទៅប្រឈមមុខតទល់នឹងវា ហើយ… ហើយនឹងមានអ្វីកើតឡើង?
មើលចុះ! គ្រាន់តែគិតអ៊ីចឹងភ្លាម ខ្ញុំក៏ក្រោកអង្គុយឆ្កុបឡើងក្នុងកាយវិការដើម ហើយយកដៃទាំងពីរទៅចាប់រុញបង្អួចឲ្យចំហជាថ្មី ដោយមិនចង់គិតពីផលល្អផលអាក្រក់ ដែលនាំឲ្យកើតអារម្មណ៍ភ័យខ្លាច។
គ្រាំង… !!! ខ្យល់បក់បង្អួចផ្ទប់ជញ្ជាំងយ៉ាងខ្លាំង ដៃខ្ញុំស្ថិតនៅក្នុងសភាពត្រៀមនឹងរុញបង្អួចចេញដដែល។ លំអងភ្លៀងជះសាចដាក់មុខព្រាកៗ រហូតខ្ញុំត្រូវបិទភ្នែកព្រឹមៗម្តងៗ…
តែហេតុអ្វីបេះដូងខ្ញុំហាក់ដូចជារីកមាឌឡើង ហើយរំភើបរីករាយនឹងការដែលបានធ្វើបែបនេះហ្ន៎… នៅមិនអស់ចិត្ត ខ្ញុំក៏ក្រោកឈរឡើង ហើយលោតចេញតាមបង្អួច ទៅឈរនៅរានហាលខាងក្រៅ។
ខ្ញុំទាញបង្អួចផ្ទប់ ហើយអង្គុយសណ្តូកជើងចុះកណ្តាលយ៉រានហាល ដោយមិនខ្វល់ថាខោអាវឬខ្លួនប្រាណនឹងជោគជាំយ៉ាងណា តែបែរជាខំព្យាយាមងើយក្បាលមើលទៅលើមេឃ។ ម៉េចក៏ពិបាកយ៉ាងនេះ? ហេតុអ្វីភ្លៀងត្រឡប់ក្លាយជាឧបសគ្គសម្រាប់ខ្ញុំ ក្នុងការសម្លឹងមើលលំហមេឃទៅវិញ ទាំងដែលវាគ្មានជីវិត វាគ្រាន់តែជាទឹក ជាតំណក់ទឹក… តែហេតុអ្វីខ្ញុំមិនអាចយកឈ្នះតំណក់ទឹកដែលមានរាប់រយលានតំណក់នេះបាន?
ខ្លួនខ្ញុំសើមជោគ អាការរងាញ័រក៏ចាប់ផ្តើមបញ្ចេញឫទ្ធិ។ ខ្ញុំទទួលអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងដែលគ្មានអ្នកណាមើលឃើញ ព្រោះអីពេលនេះគ្រប់គ្នាក៏ប្រហែលជាកំពុងដេកឃ្លុំភួយយ៉ាងមានសេចក្តីសុខជាមិនខាន តែប្រសិនបើមានអ្នកមើលឃើញ ម្នាក់នោះគួរឲ្យស្អប់ខ្លាំងណាស់ឬសមមុខហើយដែលមិនស្គាល់ដេកស្គាល់ពួន តែបែរជាចចេសមកអង្គុយហាលភ្លៀងឲ្យរងាញ័រថ្គាមលេងៗ។
ខ្វាប់ៗ… !!! ក្ឌាំង!!!… រាងកាយខ្ញុំកន្ត្រាក់ភ្ញាក់ព្រើតជាលើកទីពីរ។ រន្ទះបាញ់ផ្ទុះកំហឹងលាន់សូររញ្ជួយប្រថពី ព្រមជាមួយផ្លេកបន្ទោរជះពន្លឺឆ្វេចឆ្វាច បណ្តាលឲ្យឃើញរូបភាពដែលស៊ាំភ្នែករាល់ពេលរាល់ថ្ងៃបានមួយភ្លែត ហើយគ្រប់យ៉ាងក៏ងងឹតស្លុបវិញ។
ពេលនេះភាពរងាញ័រញាក់ កំពុងបន្ថែមឥទ្ធិពលទន្រ្ទានរាងកាយខ្ញុំកាន់តែខ្លាំង ដែលធ្វើឲ្យខ្ញុំដឹងថាទាំងដៃទាំងមុខមាត់ ប្រហែលជាឡើងពណ៌ស្វាយស្លាំងដូចខ្មោចឆៅទៅហើយ។ ខ្ញុំទទួលអារម្មណ៍ចាប់រងាត្រជាក់ស្រឺតៗ ជ្រាបចូលបន្តិចម្តងៗរហូតទៅដល់ជម្រៅបេះដូង។ ទាំងរងាទាំងញ័រញាក់រណ្តំថ្គាម… តែហេតុអ្វីក៏រាងកាយខ្ញុំគ្មានប្រតិកម្ម ដើម្បីត្រឡប់ចូលទៅក្នុងបន្ទប់វិញអ៊ីចឹង?
អារម្មណ៍នោះប្រៀបដូចនឹងមនុស្សញៀនថ្នាំ ដែលកំពុងត្រូវការគ្រឿងញៀនជាបន្ទាន់បំផុត តែត្រឡប់ជាក្រឡេកទៅខាងណាក៏គ្មានថ្នាំ គ្មានអ្វីទាំងអស់។ ខ្ញុំក្តាប់មាត់ខាំធ្មេញព្យាយាមទប់ខ្លួនក្រោកឈរឡើង ហើយយកដៃច្រត់បង្កាន់ដៃរានហាលរួចគិតថា…
«យប់នេះបើបើកភ្នែកមើលមេឃមិនឃើញ នឹងមិនចូលដេកដាច់ខាត!!!»
ខ្យល់នៅតែមានកម្លាំង បន្តបក់បោកវិលវល់ជុំវិញអន្ទេវាសិកដ្ឋាន ហាក់ដូចជាមិនចេះក្រែងចិត្តម្ចាស់លំនៅបន្តិចសោះ។ វាជ្រុលពេកទេដឹង!! (គិតនៅក្នុងចិត្ត)… ហើយមាត់ក៏ចាប់ផ្តើមញ័រទទ្រើកនិងរាលដាលទៅដល់ថ្គាម ធ្វើឲ្យឮសំឡេងធ្មេញប៉ះទង្គិចគ្នាលាន់សូរ «គឹកៗៗៗ…» រណ្តំនៅក្នុងត្រចៀក។
ហេតុអ្វីខ្ញុំហាមឃាត់មាត់មិនឲ្យញ័រមិនបាន? ម៉េចក៏ខ្ញុំបង្គាប់អ្វីមិនបានសោះអ៊ីចឹង ទាំងដែលនេះជារាងកាយរបស់ខ្ញុំសោះហ្នឹង? ឲ្យធ្វើយ៉ាងម៉េចទើបមិនរងា? មិនស្លាំង? មិនញ័រ? មិនកញ្ជ្រោលជ្រើមជ្រួល មកឈរបង្កជម្លោះជាមួយភ្លៀងផ្គរនៅត្រង់នេះ? តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ??? ចុះហេតុអ្វីក៏ខ្ញុំត្រូវមកឈរអ៊ីចឹង បើវាទាំងរងា ទាំងញ័រ ទាំងស្ពឹក? ខ្ញុំចាប់ផ្តើមមានអារម្មណ៍រារែកឡើងមួយរំពេច នៅពេលនឹកឃើញថា…
«ខ្ញុំមកឈរនៅត្រង់នេះធ្វើអី? ម៉េចក៏មិនចូលទៅដេកទៅ?»
«មែនហើយ! ចូលទៅដេកទៅ គ្រប់យ៉ាងនឹងល្អឡើងដោយខ្លួនឯង!!» តែ…
«បើត្រឡប់ទៅដេក នឹងមិនបាននៅហាលភ្លៀង! មិនបានរងា មិនបានញ័រ មិនបានស្ពឹក មិនបានស្លេកស្លាំង ទៅហើយទេ!!?»
អេ៎… នឹងសម្រេចចិត្តបែបណាល្អនៀក!!? អូ៎… គឺធ្វើតាមគំនិតដំបូងនោះហើយ ទើបមិនធ្វើឲ្យក្រោកយឺត! អឺមមម… តែបើធ្វើតាមគំនិតទីពីរបន្តទៅទៀតក៏ល្អហ្ន៎ះ ព្រោះនឹងបានដឹងថាខ្លួនឯងអាចស៊ូទ្រាំនឹងឧបសគ្គដែលខ្លួនកំពុងប្រឈមជាមួយបានយូរប៉ុណ្ណា?…
(«ឆ្កួតហើយ!») ហេតុអ្វីត្រូវធ្វើតាមគំនិតទីពីរ? មានប្រយោជន៍អីទៅ? តែនេះជាពេលវេលាមួយដែលខ្ញុំអាចផ្តិតយកទឹកភ្លៀងឲ្យជ្រួតជ្រាបចូលបេះដូង ក្នុងបរិយាកាសមួយដែលហាក់ដូចជាមានតែខ្លួនឯងម្នាក់នៅក្នុងលោកនេះ! មិនល្អឬ យប់ស្អែកនេះក៏មិនដឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបែបនេះឬក៏អត់ផង បើដូច្នេះពេលវាមានក៏គួរតែឆ្លៀតឱកាសឲ្យហើយទៅ… ហ៊ើយ! ចិត្តពីរចិត្តបីឈ្លោះទាស់ទែងគ្នា វង្វេងវង្វាន់អស់ហើយ!!! តើខ្ញុំត្រូវធ្វើយ៉ាងណាល្អហ្ន៎…???
[ចាំអានតណ៎ា! មិនដឹងថាខ្ញុំជិតឆ្កួតឬឡប់ទេ
នៅសុខៗក៏កើតអារម្មណ៍ផ្តេសផ្តាសនេះចេញមក? យ៉ាងណាៗចាំអានតណា ព្រោះអ្នកនិពន្ធវិកលចរិតមិនទាន់បាត់ផ្តាសាយ ដោយសារតែយប់ថ្ងៃនោះផងទេ...
]
វិបត្តិស្នេហ៍ ខែ តុលា 12, 2009
Posted by ផ្កាយNovels in មនោសញ្ចេតនា, រឿងខ្លី.4 comments
ជំនោរត្រជាក់បក់ទងស្មៅដែលដុះខ្ពស់ៗឲ្យរេរាំកម្រើកតិចៗ…
ទីនេះគឺជាវាលដ៏ស្ងាត់ជ្រងំលាតសន្ធឹងយ៉ាងល្វឹងល្វើយ តរុណីខ្វះបទពិសោធន៍រឿងស្នេហាម្នាក់កំពុងអង្គុយអណ្តែតអណ្តូង ដោយមានទឹកថ្លាៗហូរចេញមកពីភ្នែក «ទៀតហើយ! ហេតុអ្វីក៏បែបនេះទៀតហើយ?» នាងនិយាយជាមួយខ្លួនឯង។
គ្រប់ពេលដែលនាងមានវិបត្តិស្នេហ៍ នាងតែងតែមកអង្គុយនៅទីនេះ។ អារម្មណ៍នាងទទួលដឹងថា ទីនេះអាចជួយលួងលោមចិត្តនាងបាន «ប៉ុន្មានដងដែលត្រូវខូចចិត្តនឹងរឿងស្នេហា!» «ប៉ុន្មានដងដែលត្រូវមកអង្គុយយ៉ាងកណ្តោចកណ្តែងនៅទីនេះ!» ព្រោះមុខមាត់មិនស្រស់បំព្រង របស់នាងនោះឬ? នាងគិត។
នាងនឹករំឭករឿងរ៉ាវនៅក្នុងអតីត… បើនិយាយទៅ មនុស្សដែលនាងលួចស្រឡាញ់ សុទ្ធតែមានមុខមាត់ស្រស់សង្ហាដូចគ្នា។ គ្រប់ៗរូបសុទ្ធតែជាទីប៉ងប្រាថ្នារបស់នារីៗទាំងអស់ ដែលនេះជាហេតុផលមួយនាំឲ្យស្នេហារបស់នាង មិនធ្លាប់សម្រេចតាមបំណងម្តងណាសោះ។
នៅពេលដែលនាងស្រឡាញ់នរណាម្នាក់ នាងមិនអាចលាក់អារម្មណ៍ទុកនៅក្នុងទ្រូងម្នាក់ឯងបានទេ នាងតែងតែសាស័ព្ទប្រាប់មិត្តជិតស្និទ្ធរបស់ខ្លួនរាល់លើក រាប់តាំងពីស្នេហ៍គ្រាដំបូង គ្រាទី២ គ្រាទី៣ និងគ្រានេះ។ គ្រប់គ្នាអាចនឹងគិតថានាងចិត្តងាយ ដែលស្រឡាញ់មនុស្សច្រើនគ្នាក្នុងរយៈពេលមិនដល់ប៉ុន្មានឆ្នាំ។ តែការពិតនោះ ជីវិតរបស់នាងមិនអាចខ្វះសេចក្តីសុខបានទេ ព្រោះនាងទទួលអារម្មណ៍ថា «នៅពេលដែលបានលួចស្រឡាញ់នរណាម្នាក់ ជារយៈពេលដែលមានសេចក្តីសុខបំផុត ទោះបីជាដឹងថានឹងត្រូវឈឺផ្សានៅពេលក្រោយក៏ដោយ។»
ខណៈនេះនាងកំពុងលង់នៅក្នុងភាពរវើរវាយ…«ទីនេះជាកន្លែងអី?ហើយលោកជានរណា?» មានបុរសម្នាក់ប្រាកដខ្លួននៅចំពោះមុខនាង… រូបរាងខ្ពស់សង្ហា បបូរមាត់ស្តើងពណ៌ស៊ីជម្ពូស្រស់។ កំលោះហើបមាត់វាចាដោយសម្តីទន់ភ្លន់ «ខ្ញុំនឹងនាំអ្នកនាងដើរមើលទីនេះដោយខ្លួនឯង។» ទោះបីជានាងនៅនឹកសង្ស័យ តែនាងក៏ដើរតាមបុរសនោះទៅយ៉ាងងាយស្រួល។ គេនាំនាងដើរលេងគ្រប់ទីកន្លែងក្នុងស្រុកនោះ សួនផ្កាចម្រុះពណ៌ ឧទ្យានកំសាន្ត ហាងអាហារតូចធំ និង គ្រប់យ៉ាងដែលមាននៅទីនេះ ។ នាងគិតថា ទីនេះត្រូវតែស្ថិតនៅផ្នែកណាមួយ របស់ពិភពលោកជាមិនខាន។
គេនិងនាងក៏ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នា… ស្នាមញញឹមនៅលើផ្ទៃមុខរបស់ក្រមុំតូច ក៏ចាប់ផ្តើមលេចឡើងយ៉ាងច្បាស់។ នៅសុខៗគ្រប់យ៉ាងក៏ប្រែជាងងឹតស្លុប គ្របដណ្តប់ដោយផ្សែងអ័ព្ទនិងដុំពពកខ្មៅ។ បុរសនោះលែងដៃពីនាង «ថ្ងៃណាមួយយើងនឹងបានជួបគ្នាយ៉ាងពិតប្រាកដ…» គេពោលឡើង។ តូចតន់ភ្ញាក់ដឹងខ្លួនឡើង ដៃត្រជាក់ស្រេប «ខ្ញុំយល់សប្តិតើ!»
នាងក្រមុំគិតឃើញហើយ! នាងនឹងមិនតាមស្វែងរក សេចក្តីស្នេហាទៀតទេចាប់តាំងពីពេលនេះទៅ តែនាងនឹងរង់ចាំពេលវេលាដែលនឹងបានជួបបុរសនោះ បុរសដែលប្រាប់ថានឹងបានជួបគ្នានៅថ្ងៃណាមួយ។ ពេលនេះនាងត្រៀមខ្លួនបានគ្រប់គ្រាន់ ល្មមនឹងត្រឡប់ទៅផ្ទះយ៉ាងមានសេចក្តីសុខហើយ «ទុកឲ្យរឿងរ៉ាវចាស់ៗ ក្លាយត្រឹមជាការហ្វឹកហាត់ចិត្តឲ្យរឹងមាំទៅចុះប្រសើរជាង!»
ពាក្យសន្យា(តចប់) ខែ តុលា 1, 2009
Posted by ផ្កាយNovels in រឿងខ្លី, រឿងខ្មោច, អាថ៌កំបាំង-អភិនិហារ.5 comments
ខ្ញុំមិនបានមករករតន៍៤ថ្ងៃពេញ ព្រោះនៅខឹងនឹងនាងច្រើនរឿងដែរ…។ នាងទៀតក៏ចិត្តអាក្រក់មិនព្រមទូរស័ព្ទមកលួងខ្ញុំសោះ។ ថ្ងៃនេះ ខ្ញុំហាក់ដូចជាស្ងប់ចិត្តបានខ្លះហើយ ទើបគិតថានឹងទៅនិយាយជាមួយនាងឲ្យច្បាស់លាស់ ឲ្យដឹងរឿងដឹងរ៉ាវតែម្តងទៅល្អជាង។
នាងមិនលួងខ្ញុំ ខ្ញុំទៅលួងនាងវិញក៏បាន។ ជាសង្សារនឹងគ្នា ខុសត្រូវធ្ងន់ស្រាលបន្តិចបន្តួចក៏ត្រូវចេះអធ្យាស្រ័យចំពោះគ្នា ហើយដែលសំខាន់យើងក៏កំពុងជិតរៀបការនឹងគ្នាផង ឲ្យមកធ្វើដូចកូនក្មេងម៉េចនឹងកើត ងចុះងឡើងចប់មួយអាទិត្យដល់មួយអាទិត្យ ច្បាស់ជាមិនសក្តិសមណាស់ទៅហើយ។
ខ្ញុំទៅរកនាងនៅបន្ទប់ ឃើញបន្ទប់មិនចាក់សោ ក៏លួចចូលទៅ។ ថ្ងៃនេះខ្ញុំក៏បានទិញផ្កាកុលាបជូននាង ដើម្បីឲ្យនាងភ្ញាក់ផ្អើលផង។ ខ្ញុំគិតថានឹងយក្ផ្កាកុលាបទៅដាក់នៅខាងមុខរូបថតរបស់យើងលើតុក្បាលដំណេក។ តែ… ដូចដើម នាងយករូបទៅលាក់ទុកនៅឯណាទៀតហើយក៏មិនដឹង? ចង់លេងលាក់ពួនជាមួយខ្ញុំឬយ៉ាងម៉េច? ទោះលាក់យ៉ាងណាក៏ខ្ញុំរកទាល់តែឃើញដដែល! ខ្ញុំយករូបមកដាក់តាំងនៅកន្លែងដើម ហើយក៏យកផ្កាកុលាបដាក់ខាងមុខរូប។
ខ្ញុំដើរចេញមកក្រៅបន្ទប់គេង ឃើញនាងកំពុងឈរលាងចាន។ នាងមើលទៅហាក់ដូចជាសោកសៅយ៉ាងចម្លែក។ មានអ្វីកើតឡើងឬរតន៍? អូនមានរឿងអ្វីលាក់នៅក្នុងចិត្តមែនទេ?
នាងនៅតែបន្តលាងចានដូចដើម ធ្វើជាមើលមិនឃើញខ្ញុំនិងស្តាប់មិនឮខ្ញុំសួរ។ ខ្ញុំសម្រេចចិត្តឈរចាំនាង។ ណ្ហើយ! មិនឃើញក៏មិនឃើញ ចាំឲ្យនាងទៅឃើញផ្កាកុលាបក្នុងបន្ទប់សិន អ្វីៗក៏ស្រេចបាត់ទៅហើយ!! ភាពរ៉ូមែនទិកបន្តិចបន្តួច ដែលភ្ជាប់មកជាមួយនឹងផ្កាកុលាប ក៏ប្រហែលជាអាចជួយអ្វីៗឲ្យបានប្រសើរឡើងវិញខ្លះ។
រំពេចនោះ ក៏មានមនុស្សមកគោះទ្វារ។ នាងប្រញាប់ជូតដៃ ហើយដើរកាត់មុខខ្ញុំទៅបើកទ្វារយ៉ាងប្រញាប់ប្រញាល់ ដោយធ្វើជាមើលមិនឃើញខ្ញុំដូចគ្រាៗមុន!
ទ្វាររបើកក៏លេចរូប… កិត្តិគុណចេញមក។
កិត្តិគុណ ធ្វើការក្នុងក្រុមហ៊ុនតែមួយជាមួយរតន៍ ហើយវាក៏ដឹងយ៉ាងច្បាស់ថា រតន៍មានសង្សាររួចទៅហើយ តែវាក៏នៅតែមកលេងមិនស្វាង គឺព្រោះវាចង់ដណ្តើមរតន៍ពីខ្ញុំនោះអី!!! ខ្ញុំទ្រាំមិនបានក៏ក្រោកឡើង ដើរសំដៅទៅមាត់ទ្វារដែរ។
«ហ៊ើយ! មកធ្វើអីហ៎?»
ខ្ញុំស្រែកសួរអាគុណ តែវាធ្វើជាមិនចាប់អារម្មណ៍។
«ត្រឡប់ទៅវិញទៅ ទីនេះគ្មាននរណាស្វាគមន៍ឯងទេ!» ខ្ញុំគំហកដាក់វាម្តងទៀត។
ខ្ញុំគិតថា ខ្ញុំស្រែកខ្លាំងអស់ប៉ុណ្ណឹងហើយ ព្រមទាំងគំហកដាក់វាដដែលៗទៀត តែអ្នកទាំងពីរធ្វើជាព្រងើយៗ ដូចជាគ្មានរូបខ្ញុំនៅទីនោះ។ ពួកគេឈរនិយាយគ្នាដូចគ្មានឮខ្ញុំនិយាយសោះសូម្បីតែបន្តិច។ នេះស្អីហ្នឹង!!? ចង់មកតាមបញ្ឈឺចិត្តខ្ញុំ ដល់បន្ទប់រតន៍បែបនេះហ៎? អ៊ីចឹងតើ! បានជារតន៍ប្រែប្រួល…
ខ្ញុំទ្រាំមើលតទៅទៀតមិនបាន ទើបដើរចូលទៅក្នុងបន្ទប់ដេកហើយទាញទ្វារបិទគ្រាំង!!!.. ទាំងរតន៍ទាំងកិត្តិគុណ ភ្ញាក់ព្រើតលោះអស់ព្រលឹង តែខ្ញុំមិនខ្ចីខ្វល់ទេ!!
ការដែលរតន៍ប្រែប្រួលយ៉ាងនេះ គឺពិតជាមកពីអាម្នាក់នេះហើយ។ ថ្ងៃមួយនោះដែលខ្ញុំបានលួចស្តាប់ឮ លក្ខិណានិយាយជាមួយរតន៍ថា បើខ្ញុំនៅតែតាមវិលវល់មិនព្រមទៅណាបែបនេះ មិនខ្លាចខ្ញុំទេហ៎? ក៏ប្រហែលជាចង់មានន័យលើរឿងនេះហើយ។ រតន៍អាចនឹងផ្លាស់ប្តូរចិត្តពីខ្ញុំទៅ តែមិនហ៊ានប្រាប់ខ្ញុំព្រោះមួយខែទៀតក៏ដល់ថ្ងៃសំខាន់របស់យើង។
តែរតន៍មានដឹងខ្លួនទេ?… ការដែលរតន៍មិនព្រមប្រាប់បង ហើយបណ្តោយឲ្យបងមកឃើញដោយខ្លួនឯងបែបនេះ វាឈឺចុកចាប់ប៉ុណ្ណា? មិនបាច់ខ្លាចបងទេរតន៍ បើអូនមិនហ៊ានហាមាត់ បងនឹងធ្វើជាអ្នកសុំបែកក៏បាន! បងនឹងធ្វើជាអ្នកបណ្តោយឲ្យអូនទៅ ដោយខ្លួនឯង ល្អជាងការមកស៊ូទ្រាំឃើញអូន ក្បត់បងនឹងមុខស្រស់ៗបែបនេះ។
បន្តិចមក ខ្ញុំក៏ឮរតន៍និយាយជាមួយអាម្នាក់នោះ៖
«ត្រឡប់ទៅសិនទៅណ៎ាគុណ ខ្ញុំត្រូវការនិយាយជាមួយបងសិទ្ធិ។»
«រតន៍មិនខ្លាចទេហ៎? ឲ្យខ្ញុំនៅកំដរទេ?»
អាឆ្លៀតឱកាស! ស្តាប់វានិយាយចុះ!!
«បងមិនធ្វើបាបរតន៍ទេ បងស្រឡាញ់រតន៍ ច្រើនជាងវាស្រឡាញ់ទៀត។»
ខ្ញុំមិនបានឮនាងតបថាយ៉ាងម៉េច ឮតែសំឡេងទ្វារបិទ នាងប្រហែលជាជូនអានោះរៀបរយហើយ។ មួយសន្ទុះមកនាងក៏បើកទ្វារបន្ទប់ចូលមករកខ្ញុំ។ នាងបើកទ្វារចូលមកហើយ ក៏សម្លឹងទៅមើលលើតុក្បាលដំណេកភ្លាមៗ។ នៅពេលឃើញរូបរបស់ពួកយើង ត្រឡប់មកតាំងនៅកន្លែងដើមវិញ ហើយថែមទាំងមានផ្កាកុលាបតាំងលំអនៅខាងមុខរូបដូច្នោះ នាងក៏ស្រែកយំភ្លាមៗ។
ហេតុអីក៏យំ? រំជួលចិត្តនឹកដល់ស្នេហ៍ចាស់ហ៎? ឬប្រហែលជាដឹងថាខ្លួនឯងធ្វើខុសច្រើនណាស់មែនទេ?… នាងចាប់រូបរបស់យើងមកឱបសម្លឹងទៅជុំវិញខ្លួន ហាក់ដូចជាកំពុងរកអ្វីម្យ៉ាង។
«បងសិទ្ធិ!… បងនៅក្នុងបន្ទប់នេះតើមែនទេ?» នាងស្រែកឡើងដោយសំឡេងខ្សឹកខ្សួល តែនាងបែរជាបែរមុខទៅរក ទិសផ្សេងគ្នានឹងខ្ញុំដែលកំពុងឈរ។
«មែនហើយ! បងនៅត្រង់នេះ នៅខាងក្រោយរតន៍នេះឯង ម៉េចមិនងាកមកមើល!!»
ខ្ញុំនិយាយឡើងដោយសំឡេងស្អកស្អា។ មិនចាំបាច់មកសួរនាំអីវែងឆ្ងាយទេ បើចង់និយាយរឿងអាម្នាក់នោះប្រាប់បង ក៏និយាយមកចុះ!!
«បងសិទ្ធិ! … អូនដឹងណ៎ា… ថាបងកំពុងនៅជាមួយអូន» នាងយំកាន់តែខ្លាំងឡើង «អូនមិនដឹងថា បងដឹងឬអត់… ថាអូននៅតែស្រឡាញ់បងជានិច្ច! …ស្រឡាញ់តាំងតែថ្ងៃនោះមក តាំងពីថ្ងៃដែលយើងដើរបុកទង្គិចគ្នា រហូតមកដល់ថ្ងៃនេះ។»
និយាយអីបែបនេះរតន៍? បើអូនពិតជាស្រឡាញ់បងមែន អូនមិនមែនក្បត់បងយ៉ាងនេះទេ!!!
«លក្ខិណាប្រាប់ថា អូនចាំបាច់ត្រូវតែប្រាប់ឲ្យបងដឹង ថាបង…» នាងព្យាយាមខាំមាត់សង្កត់ចិត្តមិនឲ្យខ្សឹកខ្សួល «លក្ខិណាគិតថា បងប្រហែលជាមិនទាន់ដឹងទេ ថា…»
មិនទាន់ដឹងថា បងជារបស់ចាស់! រតន៍ធុញទ្រាន់នឹងបងហើយ!! និងកំពុងបោះបង់បងចោល ហើយទៅរកបុរសថ្មីម្នាក់នោះ មែនទេ??? ហេតុអីរតន៍ធ្វើដាក់បងបែបនេះ? បងខំរក្សាសន្យារបស់បងជាមួយអូនរហូតមក… តែមើលអ្វីដែលអូនតបស្នងជាមួយបងចុះ!?!
«ហេតុអីរឿងបែបនេះ ត្រូវកើតឡើងចំពោះយើង ហ៎…បងសិទ្ធិ? យើងកំពុងតែជិតរៀបការនឹងគ្នា… ពេលវេលាដែលយើងទាំងពីរ ទន្ទឹងរង់ចាំមកជាយូរ រហូតមកដល់ពេលដែលកំពុងនៅនឹងមុខ ចុះហេតុអ្វី… ហេតុអ្វីត្រូវមកក្លាយជាដូច្នេះ???»
នាងយំខ្សឹកខ្សួលកាន់តែខ្លាំង។
«មួយអាទិត្យកន្លងទៅហើយ ដែលបងចាកចេញពីអូនទៅ។ អូនធ្វើចិត្តមិនបានពិតមែន ហេតុអីបងបោះបង់អូនចោល ឲ្យនៅម្នាក់ឯងបែបនេះ?»
កាន់តែរៀបរាប់នាងកាន់តែខ្សឹកខ្សួល។ ខ្ញុំឈរភាន់ភាំង រកនិយាយអ្វីមិនត្រូវ តើនាងកំពុងនិយាយរឿងអ្វីនេះ ខ្ញុំមិនយល់សោះ!!???
«ឯណាដែលបងថានឹងរក្សាសន្យានោះ? សន្យាថានឹងរស់នៅជាមួយគ្នារហូតទៅ!! តែបែរជាមកស្លាប់ ឲ្យអូនរស់នៅម្នាក់ឯងបែបនេះទៅវិញ តើមានន័យយ៉ាងម៉េចហ៎???»
នាងស្រែកគំហកដាក់ជញ្ជាំង ហើយទម្លាក់ខ្លួនអង្គុយចុះផ្ទាល់នឹងព្រំ យំខ្សឹកខ្សួលគួរឲ្យសង្វេគ។
ខ្លួនខ្ញុំញ័ររញ្ជួយគ្រប់សរសៃវិញ្ញាណ… ស្អីគេ? នាងនិយាយថាម៉េច? ខ្ញុំស្លាប់ហើយឬ???
រំពេចនោះ ស្រាប់តែលេចពន្លឺចាំងចិញ្ចែងចិញ្ចាច ជះចូលមកក្នុងក្បាលរបស់ខ្ញុំ… ហើយខ្ញុំក៏ចងចាំអ្វីគ្រប់យ៉ាងដែលកើតឡើង…
យប់នោះ ខ្ញុំចេញពីផ្ទះជួលរបស់រតន៍ នៅម៉ោងប្រមាណ១០យប់ ខ្ញុំដើរឆ្លងកាត់ថ្នល់ហើយក៏… មានរថយន្តដឹកទំនិញធំមួយ… បើកមកពីណាក៏មិនដឹង… បុកខ្ញុំពេញមួយទំហឹង… រហូតខ្ញុំស្លាប់ភ្លាមៗនៅនឹងកន្លែង។
«បងសិទ្ធិ! ក្រែងយើងសន្យានឹងគ្នាហើយមែនទេ? បើបងសន្យាហើយ បងនឹងមិនធ្វើខុសសន្យាទេ មែនទេ? ចុះហេតុអ្វី ហេតុអ្វីត្រូវក្លាយជាបែបនេះ? ក្រែងយើងបានសន្យានឹងគ្នាហើយតើ ថានឹងរស់នៅជាមួយគ្នារហូតទៅ? បងមិនធ្លាប់ធ្វើឲ្យអូនខកបំណងឡើយ ចុះហេតុអ្វី រឿងរបស់យើងត្រូវមកបញ្ចប់បែបនេះ? ឯណាដែលបងប្រាប់ថាយើងទាំងពីរនឹងរស់នៅជាមួយគ្នា យ៉ាងមានសេចក្តីសុខជារៀងរហូត ដូចភាគបញ្ចប់របស់រឿងនិទាននោះ? ហេតុអី ក៏បងទៅចោលអូនបែបនេះ?» រតន៍ស្រែកដង្ហោយយំពេញបន្ទប់ «ឲ្យអូនរស់នៅដោយរបៀបណាបើគ្មានរូបបង?» នាងខ្សឹកខ្សួលខ្លាំងឡើងៗគួរឲ្យអាសូរ។
ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េច បានត្រឹមតែឈរមើលនាងស្រែកទួញយំ និងថ្ងួចថ្ងូរគំហកដាក់ជញ្ជាំង ហើយផ្តួលខ្លួនដេកននៀលឱបរូបថតរបស់យើងទាំងពីរយ៉ាងណែន។ នាងយំហើយយំទៀត ហាក់ដូចជានាងនឹងត្រូវដាច់ខ្យល់ស្លាប់នៅនឹងកន្លែងនោះ។
«បងសិទ្ធិ! រតន៍ចង់ទៅនៅជាមួយបង» នាងសង្គ្រឺតធ្មេញខាំមាត់ស្រែក «យើងនឹងនៅជាមួយគ្នាជារៀងរហូត»។
ខ្ញុំចង់និយាយប្រាប់នាងថា មិនបានទេ! រតន៍នៅមានអនាគត ឱកាស និងក្តីសង្ឃឹមនៅមានជានិច្ចសម្រាប់រតន៍។ បងបានស្លាប់ទៅហើយ តែរតន៍នៅមានជីវិត រតន៍ត្រូវរស់តទៅទៀត រស់ជំនួសបង! រស់ដើម្បីបង!
តែ…
រតន៍ដឹងថា ខ្ញុំជាមនុស្សដែលរក្សាពាក្យសន្យាជានិច្ច ដែលនោះតែងតែធ្វើឲ្យខ្ញុំមានមោទនភាពចំពោះខ្លួនឯង។
មុននឹងដង្ហើមចុងក្រោយរបស់នាងផុតរលត់ទៅ ផ្ទៃមុខដ៏ស្រស់ផូរផង់របស់នាង ដែលធ្លាប់តែមានសាច់មានឈាម ពេលនេះត្រឡប់ជាសស្លេកស្លាំងដូចក្រដាស។ ខ្ញុំដឹងថា រាជនីរបស់ខ្ញុំនឹងលង់លក់ទៅដោយសេចក្តីសុខ នៅក្នុងរង្វង់ដៃរបស់ខ្ញុំរហូតទៅ ព្រោះពេលនេះនាងបានដឹងហើយថា…
ខ្ញុំរក្សាពាក្យសន្យាជានិច្ច៕
ពាក្យសន្យា ខែ កញ្ញា 29, 2009
Posted by ផ្កាយNovels in រឿងខ្លី, រឿងខ្មោច, អាថ៌កំបាំង-អភិនិហារ.2 comments
ស្នេហាដែលមិនសមតាមប្រាថ្នា… ពាក្យសន្យាដែលធ្វើឲ្យអារម្មណ៍វិលវល់… ទំនួលខុសត្រូវដែលនៅជាប់ស្ទះក្នុងចិត្ត… មុននឹងខ្លួនត្រូវស្លាប់…
ខ្ញុំជាមនុស្សដែលស្រឡាញ់ពាក្យសត្យ ហើយមិនដែលធ្វើខុសសន្យានឹងនរណាម្នាក់ឡើយ ដែលនោះគឺជាមោទនភាពរបស់ខ្ញុំ។
«ចាប់តាំងពីពេលនេះតទៅ យើងនឹងរស់នៅជាមួយគ្នារហូត។»
នេះគឺជាអ្វីដែលនាងនិយាយជាមួយខ្ញុំ នៅពេលដែលខ្ញុំសុំនាងរៀបការ។ ផ្ទៃមុខរបស់នាងដិតដាមដោយទឹកភ្នែកនៃសុភមង្គល។ នាងស្អាតណាស់ ស្អាតដូចព្រះរាជនីក្នុងទេវកថា។
«នឹកថាបងនឹងមិនសុំអូនរៀបការទេ ព្រោះអូនរង់ចាំថ្ងៃនេះយូរណាស់ហើយ!» នាងតវ៉ា។
«គ្មានផ្លូវទេ រតន៍ក៏ដឹងថា បងរក្សាសន្យាជានិច្ច! មិនអ៊ីចឹងហ៎?…»
«ព្រោះតែពាក្យសន្យានេះ ទើបធ្វើឲ្យបងមានមោទនភាពជានិច្ច!» រតន៍និយាយកាត់ខ្ញុំ បណ្តើរសើចបណ្តើរ។
«មិនបាច់មកត្រាប់តាមសម្តីបងទេ!»
«ក៏ព្រោះបងចូលចិត្តនិយាយបែបនេះ មិនមែនឬ? តែណ្ហើយចុះ! ដ្បិតបងជាមនុស្សបែបនេះហើយ ទើបអូនស្រឡាញ់បង។»
និយាយចប់ នាងក៏ឱបខ្ញុំយ៉ាងណែនមិនព្រមលែង ហើយខ្សឹបថា៖
«អរគុណបងខ្លាំងណាស់! បងត្រូវដឹងថា អូនជឿចិត្តបងជានិច្ច។»
ខ្ញុំមិនបាននិយាយអ្វីទាំងអស់ គ្រាន់តែញញឹមជំនួសសម្តីតប។
នេះគឺជាពាក្យសន្យា របស់យើងទាំងពីរនាក់។ យើងនឹងនៅជាមួយគ្នាយ៉ាងមាន សេចក្តីសុខរហូតទៅ។
…ខ្ញុំសន្យា…
រឿងស្នេហាខ្ញុំនិងរតន៍ឬ? ជួនកាលអ្នកទាំងអស់គ្នាអាចនឹងនៅសង្ស័យថា ស្នេហារបស់ពួកយើងចាប់ផ្តើមយ៉ាងណា?…
យើងស្គាល់គ្នាពេលចូលរៀននៅឆ្នាំទី១។ ថ្ងៃនោះគឺជាថ្ងៃចូលរៀនដំបូង ខ្ញុំមករៀនយឺតទើបប្រញាប់ប្រញាល់មិនបានជាមើល ក៏ដើរប៉ះទង្គិចនារីរូបស្រស់ម្នាក់ រហូតធ្វើឲ្យសៀវភៅនាងជ្រុះរាយពេញដី។ នៅពេលខ្ញុំឱនទៅរើសសៀវភៅជូននាង ក្បាលខ្ញុំក៏ប៉ះទង្គិចនឹងក្បាលនាងម្តងទៀត ព្រោះនាងក៏ឱនរើសសៀវភៅដូចគ្នា។ មែនហើយ! នារីម្នាក់នោះគឺរតន៍របស់ខ្ញុំ។ ព្រហ្មលិខិតបានកំណត់ឲ្យយើងទាំងពីរ ដើរលើខ្សែស្របតែមួយជាមួយគ្នា តាំងពីថ្ងៃនោះរហូតមកដល់ថ្ងៃនេះ។
រតន៍ជានារីដែលមានរូបសម្ផស្សស្រស់ស្អាតគួរឲ្យស្រឡាញ់ ដូច្នេះគ្មានរឿងអ្វីប្លែកទេ ដែលមានប្រុសៗជាច្រើនមកតាមសុំស្នេហ៍នាង ហើយទម្រាំខ្ញុំយកឈ្នះចិត្តនាងបានក៏ពិបាកដូចគ្នា។ នាងជ្រើសរើសយកខ្ញុំ ព្រោះនាងពេញចិត្តខ្ញុំ ដែលជាមនុស្សរក្សាសន្យា ហើយទោះជាមានរឿងអ្វីកើតឡើង ខ្ញុំក៏មិនដែលធ្វើឲ្យនាងខកចិត្តម្តងណាឡើយ។
យើងជាសង្សារនឹងគ្នា តាំងពីពេលនោះមក។ យើងនិយាយឆាប់ចូលគ្នាណាស់ ហើយខ្ញុំក៏សន្យាជាមួយនាងទៀតថា ខ្ញុំនឹងសុំរៀបការជាមួយនាង នៅថ្ងៃគម្រប់ខួប៧ឆ្នាំដែលយើងទាំងពីរបានជួបគ្នា។
រាល់ៗល្ងាច ខ្ញុំតែងតែទៅផ្ទះជួលរបស់នាង។ យើងតែងតែញ៉ាំអាហារពេលល្ងាចជាមួយគ្នាជានិច្ច។ នាងជាអ្នកធ្វើម្ហូប ដើម្បីត្រៀមខ្លួនធ្វើជាមេផ្ទះ ដ៏ល្អនៅអនាគត។ ចំណែកខ្ញុំដែលជាមនុស្សខ្ជិលច្រអូស ក៏បានត្រឹមតែជួយលាងចាននាងប៉ុណ្ណោះ។ គ្រប់ វិនាទីដែលយើងនៅជាមួយគ្នា ខ្ញុំមានសេចក្តីសុខខ្លាំងណាស់ ខ្ញុំស្ទើរតែអត់ទ្រាំរង់ចាំដល់ថ្ងៃរៀបការមិនបាន ខ្ញុំចង់តែរៀបការនៅថ្ងៃស្អែកៗនេះទេ! បានរៀបការជាមួយរតន៍, នារីដែលខ្ញុំស្រឡាញ់ជាងជីវិត ប្រាកដជាធ្វើឲ្យខ្ញុំមានសេចក្តីសុខខ្លាំងណាស់ គឺជាសេចក្តីសុខដែលធ្វើឲ្យខ្ញុំភ្លេចភ្លាំងម្តងម្កាលទៅថា ខ្លួនឯងកំពុងរស់នៅលើពិភពលោកមួយ ដែលមានអ្នកដទៃទៀតរស់នៅជាមួយដែរ។
គ្រប់យ៉ាងមើលទៅគឺដំណើរការល្អធម្មតា រហូតមកដល់មួយខែ មុនថ្ងៃរៀបការរបស់យើង រតន៍ក៏ប្រែប្រួលអស់…
រតន៍ឲ្យខ្ញុំចូលទៅក្នុងបន្ទប់នាង ដូចទម្លាប់រាល់ៗល្ងាច តែនាងមិនព្រមនិយាយជាមួយខ្ញុំទេ។ ខ្ញុំក៏មិនដឹងថាត្រូវធ្វើយ៉ាងណាដែរ គឺបានតែត្រឹមអង្គុយក្បែរនាងស្ងាត់ៗមើលនាងយំយែក។ ខ្ញុំអង្អែលដៃនាងថ្នមៗ នាងសម្តែងអាការភ្ញាក់រអារតិចៗ មុននឹងគ្រញែងខ្លួនដើរគេចចេញពីខ្ញុំទៅ។
រតន៍កើតអីហ្ន៎? ខ្ញុំបានត្រឹមតែសួរខ្លួនឯង។ នាងព្រងើយកន្តើយ មិនចង់និយាយជាមួយខ្ញុំ ប្រហែលជានាងខឹងព្រោះជិតដល់ថ្ងៃរៀបការហើយ តែអ្វីៗគ្រប់ច្រើនយ៉ាងនៅមិនទាន់រៀបរយទេដឹង? ឬក៏នាងរំភើបពេក ដែលនឹងក្លាយជាកូនក្រមុំឆាប់ៗនេះ រហូតកើតក្លាយជាស្ត្រែស?
តែមិនអីទេ… ខ្ញុំនឹងអត់ធន់ តាំងចិត្តតាំងជំហរ នៅក្បែរៗនាងជានិច្ច។
កន្លងទៅ៣ថ្ងៃ គ្រប់យ៉ាងក៏នៅតែខុសប្រក្រតីដដែល។ នាងឲ្យខ្ញុំចូលទៅក្នុងបន្ទប់អង្គុយក្បែរៗនាង តែនាងមិននិយាយជាមួយខ្ញុំ ធ្វើដូចខ្ញុំហ្នឹងគ្មានរូបរាង គ្មានវិញ្ញាណសោះតែម្តង។ តើនាងកំពុងធ្វើអ្វី? នាងខឹងខ្ញុំហ៎? ឬមួយខ្ញុំធ្វើអ្វីខុសដែលនាំឲ្យនាងមិនពេញចិត្ត?
នៅទីបំផុតខ្ញុំក៏សម្រេចចិត្តសួរ…
«រតន៍ អូនកើតអ…» ខ្ញុំមិនទាន់នឹងនិយាយចប់ផង សំឡេងគោះទ្វារក៏លាន់ឡើង។ នាងងើបទៅបើកទ្វារ ក៏លេចរូបលក្ខិណា មិត្តជិតស្និទ្ធតែម្នាក់របស់នាង។
«គ្នាទិញម្ហូបមក សុំញ៉ាំបាយជាមួយម្នាក់ដែរណ៎ា!»
លក្ខិណានិយាយរាក់ទាក់នឹងរតន៍ដោយញញឹមញញែម។
«អឺ… ចូលមក។»
«សួស្តីលក្ខិណា!»
ខ្ញុំសួររាក់ទាក់នាង តែគេទាំងពីរបែរជាធ្វើព្រងើយៗ ដូចរូបខ្ញុំនេះគ្មានមុខនៅទីនោះ។ ស្អីគេ!?? ដូចជាហួសហេតុទេដឹង!!? មិនខ្លាចគេថាគ្មានសុជីវធម៌ទេហ៎ មើលមកខ្ញុំនេះថាជាស្អីទៅ??
ខ្ញុំខ្វាយខ្វល់ពេក ក៏គេចចូលទៅសម្ងំក្នុងបន្ទប់ដេក ហើយអ្វីម្យ៉ាងនោះកាន់តែធ្វើឲ្យខ្ញុំខ្វាយខ្វល់ទ្វេឡើង…
រតន៍បានយករូបថតរបស់យើងពីរនាក់ ដែលធម្មតាដាក់តាំងនៅលើតុក្បាលដំណេក ទៅទុកនៅទីណាផ្សេងក៏មិនដឹង។ ឃើញដូច្នេះខ្ញុំកាន់តែពិបាកចិត្តខ្លាំងឡើងៗ… ស្អីគេ ខ្ញុំមិនព្រមជាដាច់ខាត!! ខ្ញុំមិនព្រមឲ្យរឿងបែបនេះកើតឡើង ដោយគ្មានហេតុផលទេ!!!
ខ្ញុំក៏ចាប់ផ្តើមរាវរកយកស្លាប់យករស់ តើរតន៍យករូបនោះទៅលាក់ទុកនៅឯណា? ទោះជាត្រូវឈ្លោះគ្នាព្រោះខ្ញុំរុះរើបន្ទប់នាងក៏ដោយចុះ នរណាឲ្យនាងធ្វើហួសហេតុដល់ថ្នាក់នេះ!!??
នៅទីបំផុត ខ្ញុំក៏ឃើញស៊ុមរូបថតនោះ នៅក្នុងថតតុមួយ។ នាងផ្កាប់រូបនោះចូលយ៉ាងជ្រៅទៅក្នុងថត។ ខ្ញុំទាញវាចេញមក ហើយយកទៅដាក់តាំងនៅកន្លែងដើម។ រួចរាល់ហើយ ក៏ប្រញាប់ប្រញាល់ចេញពីបន្ទប់ ដោយសេចក្តីក្រោធខឹង។ ខ្ញុំទាញទ្វារបន្ទប់បិទលាន់សូរគ្រាំង!!!
លក្ខិណាភ័យស្លន់ស្លោស្រែកភ្លាត់សំឡេង…
«បើគេនៅតែវិលវល់ មិនទៅណាបែបនេះ តើឯងមិនខ្លាចទេឬ រតន៍?»
«គេនៅតែអ៊ីចឹងរហូតមកហើយ តាមខ្ញុំជាប់រាល់ៗថ្ងៃ មិនព្រមទៅណាទេ។»
រតន៍តបមួយៗហើយក៏ស្រវាឱបលក្ខិណាយំខ្សឹកខ្សួល ។
នេះស្អីគេ មានរឿងអីកើតឡើង???
សូមរង់ចាំអានវគ្គបញ្ចប់!
សន្ទនាខ្មោច(តចប់) ខែ កញ្ញា 28, 2009
Posted by ផ្កាយNovels in រឿងខ្លី, រឿងខ្មោច.5 comments
ស្អីគេហ៎ះ? សង្ស័យស្រវឹងមែនទែនហើយ! និយាយមើលតែវាហ្នឹង ជាខ្មោចនៅយាមបន្ទប់ទឹក។ ចាំមើលខ្ញុំនឹងរំខានវាម្តង! ប៉ុណ្ណេះហើយ ខ្ញុំមិនខ្លាចទៀតទេ!!!
«អូ៎… លោកគឺជាអ្នកសំអាតបន្ទប់ទឹកនៅទីនេះមែនទេ ទើបបានជាមកនៅយូរណាស់ហើយ?»
«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» វាសើចទៀតហើយ ធ្វើឫកគួរឲ្យចង់ដាល់មែនទែន! «លោកលែងខ្លាចខ្ញុំទៀតហើយឬ ទើបហ៊ានតមាត់តសម្តី?»
មើលវា! មើលវា!… នេះខ្ញុំកាន់តែត្រូវវាឡកឡឺយឲ្យខ្លាំងឡើងៗ គ្រប់ពេលតែម្តងហើយ។
«ខ្ញុំមិនធ្លាប់ខ្លាចលោកទេ!»
«ល្អហើយអ៊ីចឹង ខ្ញុំនឹងបាននិយាយសប្បាយចិត្តខ្លះ ព្រោះអីគ្មាននរណាហ៊ាននិយាយជាមួយខ្ញុំបានយូរៗបែបនេះទេ កន្លងមក។»
«ពិតមែនហ៎?… លោកចូលចិត្តបបួលអ្នក ដែលកំពុងចូលបន្ទប់ទឹកជជែកគ្នាលេងណាស់ឬ? ធ្វើការបែបនេះ ប្រហែលជាអផ្សុកស្លាប់ហើយ ព្រោះមួយថ្ងៃៗមិនសូវបាននិយាយជាមួយអ្នកណាផង!» ខ្ញុំតមាត់តសម្តីនឹងវា។
«បាទ! អផ្សុកណាស់… ខ្ញុំក៏ព្យាយាមបបួលគេឯង ដែលចូលមកប្រើបន្ទប់ទឹកនេះ ជជែកជានិច្ច តែភាគច្រើន… មិនមែនទេ! ត្រូវនិយាយថាទាំងអស់គ្នា គ្មាននរណាហ៊ាននិយាយជាមួយខ្ញុំឡើយ យ៉ាងច្រើនណាស់ ក៏មានត្រឹមតែតបសំណួរពីរបីម៉ាត់ ហើយក៏ស្ងាត់ៗទៅ។ ពួកគេច្រើនតែស្លន់ស្លោ ហើយដោះទុក្ខបានខ្លះៗ ក៏ខំទ្រាំទប់រួចប្រញាប់ទៅចូលកន្លែងផ្សេង… ខ្លាចនោះខ្លាចមែនទែន គឺមានតែលោកម្នាក់ប៉ុណ្ណោះ ជាមនុស្សដំបូងដែលហៅថា បាននិយាយគ្នាពិតៗ!!!»
«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» ខ្ញុំត្រាប់តាមសំឡេងសើចរបស់វា «ក៏ព្រោះខ្ញុំស្ថិតនៅក្នុងសភាពទាល់ច្រកនេះណា… ចង់រត់ទៅណាក៏មិនកើត! តែក៏មិនប្លែកអីដែរ ដែលអ្នកដទៃទៀត មិនព្រមជជែកជាមួយលោក ព្រោះអីបន្ទប់ទឹកងងឹតគួរឲ្យខ្លាចបែបនេះ នរណាៗក៏គេគិតថា លោកជាខ្មោចដែរ! …លោកត្រូវវេនសំអាតពេលយប់ឬ?»
«អឺ… ក៏បែបៗនេះឯង!» វាស្ងៀមស្ងាត់បន្តិចទើបឆ្លើយ។
«លោក! ភ្លើងក្នុងបន្ទប់ទឹកខូចហើយណា ម្តងភ្លឺម្តងរលត់ភ្លឹបភ្លែតៗបែបនេះ គួរឲ្យរំខានស្ទើរឆ្កួតទៅហើយ! ម្យ៉ាងទៀតក៏គួរឲ្យខ្លាចផង ទើបអ្នកដែលចូលបង្គន់កាន់តែមិនហ៊ាននិយាយជាមួយលោក ព្រោះបរិយាកាសបែបនេះ ធ្វើឲ្យគេគិតថានឹងមានខ្មោចចេញមកលង។ ប្តូរអំពូលភ្លើងចេញទៅណា នឹងមានមនុស្សហ៊ាននិយាយជាមួយលោកកាន់តែច្រើនឡើង។»
«អ៊ីចឹងឬ?… ពិតជាបានផលមែនហ៎?» វាធ្វើសំឡេងយ៉ាងចាប់អារម្មណ៍។
«បានមែនណ៎ា! បរិយាកាសក៏សំខាន់ ក្នុងការធ្វើឲ្យមនុស្សចង់ជជែកគ្នា។»
«តែនៅក្នុងបារក៏ងងឹតដូចគ្នា!» នៅមកតវ៉ាទៀត ត្រូវឥឡូវហើយ!!
«តែនោះនៅក្នុងបារណាលោក មិនមែននៅក្នុងបង្គន់សាធារណៈកណ្តាលផ្លូវបែបនេះទេ! ហើយនៅក្នុងបារក៏មិនមែនភ្លើងដាច់ៗភ្លឺៗ ដូចក្នុងកុនខ្មោចបែបនេះដែរ!!!»
«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» វាសើចទៀតហើយ! ឮវាសើចពេលណា ខូចអារម្មណ៍គ្រប់ពេល មិនដឹងអង្កាល់ទើបរួចធុរៈហ្ន៎!!! «លោកនេះ កំប្លែងដល់ហើយ!» នេះវាសរសើរខ្ញុំតើ!«បានតើលោក! ខ្ញុំជឿលោក ខ្ញុំនឹងប្រាប់អ្នកសំអាតវេនថ្ងៃឲ្យដូរ ហើយនឹងចាំមើលថា តើនឹងមានមនុស្សហ៊ាននិយាយជាមួយខ្ញុំច្រើនជាងមុន ដូចលោកប្រាប់ទេ?»
«អ្ហ៎ាវ!… ខ្ញុំមិនបានប្រាប់ថា ប្តូរអំពូលហើយ នឹងមានមនុស្សហ៊ាននិយាយជាមួយលោកកាន់តែច្រើននោះទេ បើមិនបានផល លោកមិនយកទោសពៃរ៍ខ្ញុំស្លាប់ហើយឬ?»
«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!… ខ្ញុំមិនយកទោសលោកទេ!» មើលវាសើចចុះ រំខានអារម្មណ៍ពិតមែន!
«ចុះហេតុអី លោកមិនប្តូរដោយខ្លួនឯង គ្រាន់តែប្តូរអំពូលហ្នឹង?» ខ្ញុំសួរព្រោះមិនចង់ឲ្យវាប្រជែងសួររឿងរបស់ខ្ញុំបានមុន។
«ចុះលោកជួយប្តូរឲ្យខ្ញុំផងបានទេ អ៊ីចឹង?»
«…» មើលវា… មើលវាចុះ! អាព្រហើន! នៅមិននៅមកឲ្យអតិថិជន ជួយប្តូរអំពូលឲ្យវា!
«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» នៅហ៊ានមកសើចទៀត! «សុំទោស! ខ្ញុំនិយាយលេងទេ…ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…»
«…»
«ពុទ្ធោអើយ! លោកមិនឃើញទេអ្ហេ៎… ក៏ព្រោះភ្លើងក្នុងបន្ទប់ទឹកដាច់ភ្លឺៗយ៉ាងនេះ តើឲ្យខ្ញុំទៅមើលអីឃើញ? ហើយបើចង់ប្តូរអំពូល ក៏ត្រូវបិទភ្លើងសិនដែរ បើបើកភ្លើងចោលបែបនេះ មិនឆក់ស្លាប់ទៅហើយទេអ្ហេះ! តែនេះក៏យប់ជ្រៅទៅហើយទៀត បើបិទភ្លើងធ្វើ ក៏មើលអ្វីមិនឃើញទាំងអស់ហ្នឹង គឺមានតែចាំធ្វើនៅពេលថ្ងៃនេះទេ ទើបមើលឃើញ។»
«អឺៗ… ខ្ញុំភ្លេចទៅ សុំទោស!»
«មិនចាំបាច់សុំទោសទេ គ្រាន់តែលោកចិត្តល្អជជែកជាមួយខ្ញុំ ក៏ខ្ញុំសប្បាយចិត្តស្ទើរស្លាប់ទៅហើយ!»
អើ… ល្អហើយដែលដឹងខ្លួនទាន់!
«លោកធ្វើការនៅទីនេះ មកយូរហើយមែនទេ?» ខ្ញុំសួរត ព្រោះនៅខ្លាចថា បើខ្ញុំស្ងាត់ទៅ វានឹងជជីកសួររឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។
«បើនិយាយថាធ្វើការ ក៏មិនសូវត្រូវប៉ុន្មានណាលោក! តែបើនិយាយថា មកនៅទីនេះយូរហើយ ទើបត្រូវជាង! តាមគិតមើលទៅ ខ្ញុំមកនៅទីនេះក៏ដូចជាមិនយូរប៉ុន្មានដែរ គឺប្រហែលជាមួយឆ្នាំជាងប៉ុណ្ណោះ!»
«អឺ… លោក! ខ្ញុំស្រេចធុរៈហើយ… យ៉ាងណាៗក៏សុំលាទៅសិនហើយ ព្រោះនៅធ្វើដំណើរផ្លូវឆ្ងាយទៀត!»
«អ៊ីចឹងឬ… តើខ្ញុំអាចសុំតាមទៅជជែកគ្នាតបានទេ? បាននិយាយជាមួយលោក ខ្ញុំមានសេចក្តីសុខណាស់!»
ហ៊ើយ! អាឆ្កួតនេះ វាយ៉ាងម៉េចវាហ្ន៎!!?
«មិនល្អទេដឹងលោក?»
«អ៊ីចឹងហ៎… ទៅជាមួយមិនបានទេហ្ន៎!» វាធ្វើសំឡេងអស់សង្ឃឹមយ៉ាងខ្លាំង ស្តាប់ហើយគួរឲ្យអាណិតជាងគួរឲ្យខ្លាច។
«ម្យ៉ាងលោកក៏កំពុងជាប់វេនសំអាតបន្ទប់ទឹកទៀត មិនអ៊ីចឹងឬ?… បើចេញទៅ ពេលនេះ មិនខ្លាចត្រូវចៅហ្វាយស្តីបន្ទោសទេហ៎?»
«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» សំឡេងសើចរបស់វាគ្រានេះ ធ្វើឲ្យខ្ញុំបះរោមគ្រប់កន្លែង «មិនអីទេ កុំទៅខ្វាយខ្វល់ច្រើនអី ព្រោះទោះបីជាខ្ញុំចង់ទៅខ្លាំងប៉ុណ្ណា ក៏ទៅមិនបានស្រាប់ទៅហើយ! បើមិនអ៊ីចឹង មិនមែនខ្ញុំមកទ្រាំនៅជាប់ខ្នោះបែបនេះទេ…»
«ហេតុអីក៏និយាយបែបនេះ? បើលោកធុញទ្រាន់ ម៉េចមិនរកការងារថ្មីធ្វើទៅ?»
«ហ៊ឹះ! ហ៊ឹះ! ហ៊ឹះ!…» វាសើចយ៉ាងត្រជាក់ស្រឹបម្តងទៀត តែលើកនេះមានន័យចំអកបង្កប់នៅក្នុងសំឡេង ហើយមើលទៅហាក់ដូចជា វាចង់សើចចំអកឲ្យខ្លួនឯងច្រើនជាង «មិនងាយស្រួលដូចលោកថានោះទេ! បើងាយស្រួលយ៉ាងនេះ ខ្ញុំទៅតាំងពីយូរមកហើយ មិនមែនមកស៊ូទ្រាំនៅកណ្តោចកណ្តែងម្នាក់ឯងបែបនេះឡើយ។»
«…»
អ៊ីចឹងហ៎… ខ្ញុំមិនដឹងជាត្រូវជួយអាហ្គេហ៍នេះយ៉ាងម៉េចល្អទេ នេះដល់ថ្នាក់សុំតាមខ្ញុំទៅជាមួយផង!! កាយវិការទំនងមិនសូវស្រួលសោះ… ខ្ញុំប្រញាប់រួសរាន់ចេញទៅល្អជាង!!!
«លោកទៅចុះ! ហើយសុំទោសផងដែលខ្ញុំនិយាយអ្វីប្លែកៗ ធ្វើឲ្យលោកមិនសូវស្រួលអារម្មណ៍។ អរគុណខ្លាំងណាស់ ដែលករុណានិយាយជាមួយខ្ញុំ! បើករថយន្ត ត្រឡប់ទៅផ្ទះឲ្យស្រួលបួលណ៎ា ត្រូវមានសតិក្នុងការបើកបរ កុំដេកលក់ឲ្យសោះ។»
មើលវាប្រដែប្រដៅខ្ញុំចុះ! ខ្ញុំស្ទើរតែទ្រាំមិនបាន តែវាព្រមដោះលែងខ្ញុំទៅដោយ ងាយៗបែបនេះក៏ល្អហើយ!
«បាទ! អរគុណ… សុខសប្បាយណ៎ា!»
ខ្ញុំបើកទ្វារបង្គន់ចេញមក ដោយអារម្មណ៍ធូរស្រាល ទុក្ខធុរៈក៏ស្រេចបាច់រៀបរយ ហើយក៏នឹងបានចេញពីបន្ទប់ទឹកស្អុយៗ និងគេចចេញឲ្យឆ្ងាយពីមនុស្សប្លែកមុខ ដែលធ្វើខ្លួនចម្លែកៗដូចមិនគ្រប់ដប់។
តែភ្លាមនោះ ខ្ញុំក៏បានឮសំឡេងចុងក្រោយរបស់វា មុននឹងខ្ញុំបើកទ្វារបន្ទប់ទឹកដើរចេញមក…
«លោក! …កុំភ្លេចជួយដាក់បាត្រឲ្យខ្ញុំផងណ៎ា!»
«អុ៎ញ!!!»
ខ្ញុំបើកទ្វារបន្ទប់ទឹកចេញមកភាំងៗបន្តិចនឹងសម្តីសុំចុងក្រោយរបស់វា ហើយខ្ញុំក៏ដៀងភ្នែកមើលទៅបង្គន់បន្ទប់ដំបូង… ព្រោះប្រភពសំឡេង ចេញមកពីបន្ទប់នៅក្បែរៗខ្ញុំ។
នៅខាងក្នុង… ទទេស្អាត!!!
ទ្វារបន្ទប់បង្គន់នោះបើកចំហចោល នៅខាងក្នុងគ្មាននរណាទេក្រៅពីភាពទទេ ស្អាត។
ខ្ញុំភ័យយ៉ាងខ្លាំង ស្ទើរតែក្អួតចង្អោរ។ ជើងទាំងគូញ័រទទ្រើកស្ទើរតែឈរមិនជាប់។ ខ្ញុំងាកទៅមើលជុំវិញបន្ទប់ទឹក អំពូលនៅតែញាក់ភ្លឹបភ្លែតៗ ភ្លឺដាច់ៗដូចដើម។ នៅក្នុងបន្ទប់ទឹកគ្មានអ្នកណានៅទេក្រៅពីខ្ញុំ គឺខ្ញុំតែម្នាក់ប៉ុណ្ណោះ!!!
ខ្ញុំប្រញាប់ឈានជើងថយក្រោយ ហើយទាត់ទ្វារបង្គន់បន្ទប់ទី៣ ដែលនៅម្ខាងទៀតយ៉ាងខ្លាំង។ បើត្រចៀកខ្ញុំស្តាប់ខុសដោយខ្លួនឯងមែន ដែលថាសំឡេងអាថ៌កំបាំងនោះឮចេញមកពីបង្គន់បន្ទប់ដំបូង តែការពិតចេញមកពីបន្ទប់ទី៣វិញ នោះខ្ញុំសង្ឃឹមឲ្យហើយទៅថា នឹងត្រូវបុរសនោះស្រែកជេរខ្ញុំជាមិនខាន ថាហេតុអីបានជាខ្ញុំទាត់ទ្វារបន្ទប់នោះ…
តែ… បន្ទប់នោះក៏… ទទេស្អាត… គឺទទេស្អាតដូចបន្ទប់ទី១ និងបន្ទប់ដែលនៅក្បែរៗនោះ។
ក្នុងបន្ទប់ទឹកទាំងមូល មានតែខ្ញុំម្នាក់ឯងគត់ ដែលកំពុងឈរនៅទីនោះ!!!
ចុះខ្ញុំនិយាយជាមួយនរណាម្នាក់ឯង តាំងពីយូរសែនយូរមកហើយនោះ??!!! និយាយម្នាក់ឯងជាប់ឲ្យរដឹក តាមវគ្គតាមរឿងស្ទើរតែរកកន្លែងចប់គ្មានផង! តែពេលមកនឹកឃើញថា មានសំឡេងអាថ៌កំបាំងឮឡើងនៅក្នុងបន្ទប់ទឹកងងឹតៗ ក្នុងពេលពាក់កណ្តាលអធ្រាត្រដូច្នេះ ខ្ញុំក៏បះរោមច្រាងតែម្តង។
ខ្ញុំភ្ញាក់ស្មារតីឡើង ប្រញាប់ដាក់លេខមួលហ្គែរឆ្កែដេញ រត់ចេញពីបន្ទប់ទឹកជា បន្ទាន់។ ម្តងនេះខ្ញុំត្រូវគេ(គេណា?O,,O?)បោកបញ្ឆោតពេញទី!!!
រឿងដែលគេធ្លាប់និយាយលេងសើចតៗគ្នាថា ចូលបន្ទប់ទឹកតាមស្ថានីយ៍ប្រេងឥន្ទធនៈតាមផ្លូវពេលយប់អធ្រាត្រ ប្រយ័ត្នជួបរឿងលោះព្រលឹងនោះ មិនមែនគ្រាន់តែជារឿងកំប្លែងទៀតទេ៕









