សេណារីយោរឿង«អាត់បី»សេកង់ទី៧ ខែ ឧសភា 2, 2008
Posted by អាចម៍ផ្កាយ in រៀនធ្វើកុន, សេណារីយោ(នាដកថា).7 comments
សេកង់ទី៧
ពេលវេលាៈ យប់ដដែល
ទីកន្លែងៈ ផ្ទះលីឡា
តួសម្តែងៈ ពិសិដ្ឋ, លីឡា
សម្លៀកបំពាក់ៈ ពិសិដ្ឋខោអាវកំប្លេដំណេក, លីឡាអាវរ៉ូបដំណេក
-យប់ដដែល នៅក្នុងបន្ទប់ដំណេកនៃភូមិគ្រឹះដ៏ទំនើបមួយ លោកសិដ្ឋស្លៀកពាក់ខោអាវដំណេក អង្គុយផ្អែកខ្នងនឹងក្បាលគ្រែដាក់ខ្នើយឱបលើភ្លៅ កំពុងចុចប្រដាប់បញ្ជាប្តូរបុស្ត៍ទូរទស្សន៍មើល។
-នារី ក្មេង ស្អាត ឆើត ឆាយ ម្នាក់ ពាក់ អាវ ដំណេក ចេញ ពីបន្ទប់ ទឹក កំពុង ដោះ ប្រដាប់ ក្តោប សក់ កុំ ឲ្យ ទទឹក ដាក់ នៅ លើ ទូ សម្អាង រួច រលាស់ សក់ ចូល មក អង្គុយ ប្រកៀក លោក សិដ្ឋ ញញឹម ម្ញ៉ិក ម្ញ៉ក់
លីឡាៈ បងមកនៅជាមួយអូនរាល់យប់បែបនេះ លោកស្រីផ្ទះធំមិនខឹងទេអ្ហេះ?
-សិដ្ឋញញឹមស្ងួតងាកមកឱបថើបលីឡា
សិដ្ឋៈ មនុស្សមានកំហុសរាប់មិនអស់ដូចគេនោះ មានសិទ្ធិស្អីមកហួងហែងបង? បងសុខចិត្តរស់នៅ បិទបាំងមុខមាត់រៀងខ្លួនជាង២០ឆ្នាំ ចាត់ទុកថាបងល្អបំផុតហើយ!
-លីឡាផ្តេកក្បាលលើទ្រូងពិសិដ្ឋ
លីឡាៈ បើបងគិតរឿងមុខមាត់យ៉ាងនេះ ពេលណាទើបអូនបានធ្វើជាភរិយាពេញមុខរបស់បងនោះ?
-សិដ្ឋកៀកចង្កេះលីឡា
សិដ្ឋៈ ពេញមុខឬមិនពេញមុខ វាមិនសំខាន់ទេ សំខាន់ត្រង់ថាបេះដូងបងនៅ ជាមួយអ្នកណា?
-លីឡាញញឹមស្រស់ គេឱបគ្នាយ៉ាងណែន សិដ្ឋបបោសអង្អែលលីឡាដោយភាពថ្នាក់ថ្នមរមៀលពេញគ្រែ
-លោកស្រីផានីអង្គុយសិតសក់បង្អូសក្រាសមួយៗសម្លឹងខ្លួនឯងក្នុងកញ្ចក់ទូសម្អាងមុខស្រពោន
-ឃើញរូបភាពភ្លឹបភ្លែត ម្តងឃើញរូបសិដ្ឋកំពុងប្រលែងប្រពន្ធក្មេង ម្តងឃើញផានីអង្គុយចុះយឺតៗលើគ្រែ លូកដៃអង្អែលខ្នើយមួយគូថ្នមៗ ទឹកមុខឈឺចាប់ក្រៀមក្រំ
-ឃើញសិដ្ឋឱបថើបលីឡា ឃើញផានីប្រាសខ្លួនដេកស្រវាទាញខ្នើយឱបមកលើទ្រូង ទឹកភ្នែកហូរស្រក់យឺតៗពីរង្វង់ភ្នែក
សេណារីយោ«រឿងអាត់បី»សេកង់ទី២-៦ ខែ មីនា 27, 2008
Posted by អាចម៍ផ្កាយ in រៀនធ្វើកុន, សេណារីយោ(នាដកថា).4 comments
សេកង់ទី២
ពេលវេលាៈ ពេលយប់
ទីកន្លែងៈ ភោជនីយដ្ឋាន, ផ្ទះណារ៉ា
តួសម្តែងៈ លោកពិសិដ្ឋ លោកស្រីផានី ភូមិន្ទ បូ្រព្រឹក្ស អ្នកបម្រើតុ ភ្ញៀវក្នុងហាងច្រើននាក់
សំលៀកបំពាក់ៈ ពិសិដ្ឋ ភូមិន្ទ ខោអាវដៃវែង, បូព្រឹក្សខោជើងវែង អាវយឺតដៃវែង, លោកស្រីផានីអាវសាច់សូត្រកំប្លេ
-ពេលយប់
-នៅភោជនីយដ្ឋានរាត្រីមួយ នៅម្តុំព្រែកលាបដែលមានវង់តន្ត្រី និងអ្នកចម្រៀងច្រៀងកំដរ
-បូព្រឹក្សស្លៀកខោចាស់ ពាក់អាវយឺត ពាក់ខ្សែចងប្រអប់ជ័រដាក់កាសែត និងវីស៊ីឌីចម្រៀងនៅនឹងក ដើរលក់តាមតុភ្ញៀវដែលមកបរិភោគអាហារ
បូព្រឹក្សៈ លោកប្រុសៗជួយទិញវីស៊ីឌីចេញថ្មីទៅ សុទ្ធតែបទពិរោះៗ
-ប្រុសៗកំពុងនាំគ្នាក្លែមផឹកប៊ីយៀ ជល់កែវគ្នាងាកមកញាក់មុខដាក់បូព្រឹក្សរបៀបខិល
ភ្ញៀវៈ ជួយទិញក៏បាន តែដាក់មួយបទសិនមកអាស្រី!
-បូព្រឹក្សច្រៀងគោកមួយវគ្គភ្លាម
-ពួកភ្ញៀវនាំគ្នាទះដៃបន្ទរ
-អ្នកបម្រើតុ លើកម្ហូបមកទើសនឹងបូព្រឹក្សក៏ស្តីឲ្យនាង
អ្នកបម្រើៈ នែ៎នាង! ចង់លក់ចង់ដុរទៅឲ្យផុតៗពីផ្លូវបន្តិចបានទេ? តិចខានបានមកលក់នៅទីនេះទៀត!
-បូព្រឹក្សងក់ក្បាលឱនលំទោន
បូព្រឹក្សៈ សុំទោសបង! សុំទោស…
-នៅតុមួយនៅកន្លែងពិសេស លោកពិសិដ្ឋ លោកស្រីផានី និងកូនប្រុសភូមិន្ទកំពុងនាំគ្នាបរិភោគអាហារ លោកពិសិដ្ឋលូកដួសម្ហូបដាក់ឲ្យភរិយា ញញឹមបន្តិច
ពិសិដ្ឋៈ សាកញ៉ាំជើងទាបន្តិចទៅអូន ឆ្ងាញ់ណាស់!
-លោកស្រីញញឹមដាក់ប្តី
ផានីៈ ច៎ាសអរគុណ!
-ភូមិន្ទកំពុងកាន់កែវភេសជ្ជៈ ដៀងភ្នែកមើលទៅឪពុកម្តាយ ដោយមុខស្ងួតរួចលើកកែវផឹកយឺតៗ
-នៅតុក្បែរនោះមានគ្រួសារមួយមានគ្នា៤,៥នាក់ កំពុងបរិភោគដែរ
-ភរិយាកេះស្វាមី បូញមាត់ទៅតុលោកសិដ្ឋ និយាយតិចៗប្រាប់ប្តី
ភរិយាៈ នោះហ្ន៎បង! លោកពិសិដ្ឋអ្នកជំនួញធំល្បីឈ្មោះ នាំភរិយានិងកូនមកទីនេះដែរ! មើលទៅគ្រួសារគាត់មានសេចក្តីសុខមែនទែន!
-ប្តីញញឹមឆ្លើយ
ប្តីៈ ខាងប្រពន្ធអ្នកមានជាន់ចាស់! ខាងប្តីអ្នកជំនួញលំដាប់ខ្ពស់ទៀត ត្រូវតែមានសេចក្តីសុខ! មានទុក្ខយ៉ាងម៉េចកើតនោះ?
-ផានីប្រឹងស្តាប់ប្តីប្រពន្ធតុជិតនោះនិយាយបន្តិច មុខគាត់ស្ងប់រួចឈ្ងោកដួសបាយ បរិភោគយ៉ាងស្ងៀមស្ងាត់
-បូព្រឹក្សដើរចូលមកពីក្រោយខ្នងលោកស្រីផានី នាងឱនលំទោនដោយគោរព
បូព្រឹក្សៈ លោកស្រីជួយទិញវីស៊ីឌីខ្ញុំទៅ សុទ្ធតែចម្រៀងចេញថ្មីទាំងអស់!
-លោកស្រីផានីងាកមុខមក(ស្កុបយឺតៗ)
-បូព្រឹក្សធ្វើភ្នែកស្លឺធ្លាក់ទឹកមុខ បបូរមាត់នាងញ័រ ដៃដែលកំពុងកាន់វីស៊ីឌីក៏ញ័រ
-ជើងនាងឈានថយក្រោយយ៉ាងលឿន
-ភ្នែកផានីមើលទៅចំប្រជ្រុយនៅចុងភ្នែកខាងស្តាំរបស់បូព្រឹក្ស លោកស្រីប្រែទឹកមុខដូចជាភាំងបន្តិច
ផានីៈ នាង… មានវ៉ុលណាខ្លះ?
-បូព្រឹក្សដើរចេញយ៉ាងលឿនមិនឆ្លើយ។
-លោកសិដ្ឋជ្រួញចិញ្ចើមបន្តិច
ពិសិដ្ឋៈ ក្មេងស្រីនេះខួរក្បាលមិនល្អទេដឹង?
-ភូមិន្ទតាមមើលបូព្រឹក្ស ដែលចេញផុតពីហាងទៅក្រៅតែម្តង
-ផានីមើលទៅបូព្រឹក្សភាំង ទឹកមុខប្រែប្រួល ដូចជាត្រេកអរបន្តិច ស្រងូតស្រងាត់បន្តិច
សេកង់ទី៣
ពេលវេលាៈ យប់ដដែល
ទីកន្លែងៈ មុខភោជនីយដ្ឋាន
តួសម្តែងៈ ណារ៉ា, បូព្រឹក្ស
សម្លៀកបំពាក់ៈ ណារ៉ាខោជើងវែងអាវយឺត, បូព្រឹក្សដូចសេកង់ទី២
-ណារ៉ាអង្គុយចាំប្អូននៅក្រោមសរសរដងគោមមុខហាង ឃើញប្អូនស្រីចេញមកកំពុងគ្រវាសដៃជូតទឹកភ្នែកផង ណារ៉ាបើកភ្នែកធំៗស្ទុះទៅចាប់ស្មាបូព្រឹក្ស
ណារ៉ាៈ មានពួកស្រវឹងលុកលាន់អូនមែនទេ? ប្រាប់មកបងនឹងទៅប្រដៅពួកវា!
-បូព្រឹក្សចាប់ដៃបងជាប់ ទឹកភ្នែករលីងរលោង
បូព្រឹក្សៈ គ្មានអ្នកណាធ្វើអ្វីខ្ញុំទេបង! ខ្ញុំចង់ទៅផ្ទះមិនលក់ទៀតទេ!
-ណារ៉ាមើលមុខបូព្រឹក្សទ្រង់ឆ្ងល់ រួចងក់ក្បាល
សេកង់ទី៤
ពេលវេលាៈ យប់ដដែល
ទីកន្លែងៈ ផ្ទះណារ៉ា
តួសម្តែងៈ ណារ៉ា,បូព្រឹក្ស
សម្លៀកបំពាក់ៈ ដដែលដូចសេកង់៣
-យប់ដដែល បូព្រឹក្សអង្គុយសំកុកនៅលើបង់ថ្មក្រោមដើមឈើធំមុខផ្ទះ ងើបមុខសម្លឹងដួងច័ន្ទមួយចំណិតតូចត្រូវពពកបាំងបិទ រួចបន្ធូរដង្ហើមធំ ដៃកាន់រូបថតកាណាន ផានីនិងកូនៗនៅពីតូចមើល
-ណារ៉ាដើរចូលទៅបន្ទប់ឪពុក ឃើញឪពុកដេកលក់ក៏លាតភួយថ្មមៗដណ្ដប់ឲ្យ រួចដើរចេញមកមុខផ្ទះឃើញបូព្រឹក្សអង្គុយសំកុកមុខស្រពោន
-ណារ៉ាដើរមកច្រត់ដៃលើកៅអីក្រោយខ្នងបូព្រឹក្ស ឈ្ងោកមើលមុខប្អូន
ណារ៉ាៈ មានរឿងអ្វីមិនសប្បាយចិត្ត អូនគួរតែប្រាប់បង! ព្រោះយើងមានតែពីរនាក់បងប្អូនប៉ុណ្ណោះ!
-បូព្រឹក្សងាកមកខ្ទប់ក្បាលនឹងខ្លួនណារ៉ា ទឹកភ្នែករមៀលធ្លាក់ចុះយឺតៗ នាងខាំមាត់លេបទឹកមាត់ទាំងអួលបំពង់ក
បូព្រឹក្សៈ អូនបានជួប… ជួប… នឹងមនុស្សដែលមិនចង់ជួប! គ្រួសារពួកគេមានសុភមង្គលណាស់… ផ្ទុយស្រលះពីយើង… ខ្ញុំនៅចំនាំមុខគាត់នៅក្នុងរូបថតបាន!
-ណារ៉ាក្រសោបស្មាប្អូនយ៉ាងណែនញញឹមស្ងួត ញញឹមរបៀបឈឺចាប់
ណារ៉ាៈ មានប្រាក់មិនប្រាកដថាមានសុភមង្គលទេ អូនជឿបងចុះ!
សេកង់ទី៥
ពេលវេលាៈ យប់ដដែល
ទីកន្លែងៈ មុខផ្ទះផានី
តួសម្តែងៈ ពិសិដ្ឋ ផានី ភូមិន្ទ សូហ្វ័រឡ